បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៣ ទំ. ២១-២៧
  • ចូរយើងរួមគ្នាលើកព្រះនាមព្រះយេហូវ៉ាឡើង!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរយើងរួមគ្នាលើកព្រះនាមព្រះយេហូវ៉ាឡើង!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ដាវីឌ​រត់​គេច​ពី​សូល
  • រួច​ពី​ស្លាប់​ម្ដង​ទៀត
  • តើ​ការ​សរសើរ​ព្រះ​យេហូវ៉ា មាន​អាទិ​ភាព​ក្នុង​ជីវិត​អ្នក​ដូច​ដាវីឌ​ទេ?
  • កិច្ច​ប្រជុំ​រមែង​ពង្រឹង​ជំនឿ​យើង
  • ចូរ​ដឹង​គុណ​ព្រះ​ដែល​ចាត់​ទេវតា​មក​ជួយ
  • «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្ដតាមព្រះហឫទ័យទ្រង់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរពឹងលើវិញ្ញាណរបស់ព្រះពេលប្រឈមមុខនឹងការប្រែប្រួលក្នុងជីវិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ព្រះយេហូវ៉ា«ជាអ្នកប្រោស»រាស្ដ្រទ្រង់ឲ្យរួចនៅសម័យគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ជនជាតិអ៊ីស្រាអែលចង់មានស្តេច
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៣ ទំ. ២១-២៧

ចូរ​យើង​រួម​គ្នា​លើក​ព្រះ​នាម​ព្រះ​យេហូវ៉ា​ឡើង!

​«ចូរ​ដំ​កើង​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ! ចូរ​យើង​ព្រម​គ្នា​លើក​ព្រះ​នាម​ទ្រង់​ឡើង!»។—ទំនុកដំកើង ៣៤:៣

១​. ពេល​ព្រះ​យេស៊ូ​បាន​ធ្វើ​កិច្ច​បម្រើ​ផ្សាយ​របស់​ទ្រង់​នៅ​លើ​ផែនដី តើ​ទ្រង់​ទុក​គំរូ​ល្អ​អ្វី​សម្រាប់​យើង?

នៅ​ថ្ងៃ​ទី១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. រាត្រី​នោះ​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​របស់​ទ្រង់​បាន​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​ក្នុង​បន្ទប់​ជាន់​លើ​នៅ​ផ្ទះ​មួយ​នាទី​ក្រុង​យេរូសាឡិម។ (ម៉ាថាយ ២៦:៣០) ព្រះ​យេស៊ូ​បាន​សរសើរ​បិតា​ទ្រង់​ជានិច្ច ពោល​គឺ​តាំង​ពី​ទ្រង់​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​នៅ​លើ​ផែនដី​រហូត​ដល់​ទ្រង់​ទទួល​មរណភាព ហើយ​ទ្រង់​ក៏​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ស្គាល់​ព្រះ​នាម​បិតា​ទ្រង់​ដែរ។ ដូច្នេះ​ជា​ការ​គួរ​សម​ឲ្យ​ទ្រង់​បញ្ចប់​កិច្ច​ប្រជុំ​ដោយ​រួម​គ្នា​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ជា​លើក​ចុង​ក្រោយ​ជា​មួយ​ពួក​សាវ័ក។ (ម៉ាថាយ ៤:១០; ៦:៩; ២២:៣៧, ៣៨; យ៉ូហាន ១២:២៨; ១៧:៦) នេះ​គឺ​ហាក់​ដូច​ជា​ព្រះ​យេស៊ូ​បាន​ធ្វើ​តាម​ពាក្យ​របស់​អ្នក​តែង​បទ​ទំនុកដំកើង​ដែល​បាន​អញ្ជើញ​មនុស្ស​ទាំង​អស់​គ្នា​ថា​៖ «ចូរ​ដំកើង​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ! ចូរ​យើង​ព្រម​គ្នា​លើក​ព្រះ​នាម​ទ្រង់​ឡើង!»។ (ទំនុកដំកើង ៣៤:៣) នេះ​ពិត​ជា​គំរូ​ល្អ​ឲ្យ​យើង​ធ្វើ​តាម​មែន!

២, ៣​. (ក) ហេតុ​អ្វី​បាន​ជា​យើង​ដឹង​ថា បទ​ទំនុក​ទី៣​៤​មាន​ន័យ​ជា​ទំនាយ? (ខ) តើ​យើង​នឹង​ពិនិត្យ​មើល​ចំណុច​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់?

២ មិន​យូរ​ប៉ុន្មាន​ក្រោយ​សាវ័ក​យ៉ូហាន​បាន​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ជា​មួយ​ព្រះ​យេស៊ូ គាត់​ឃើញ​ព្រឹត្ដិការណ៍​ខុស​ប្លែក​ពី​នោះ​ទៅ​ទៀត។ យ៉ូហាន​បាន​ឃើញ​គេ​ធ្វើ​គុត​លោក​ម្ចាស់​របស់​គាត់​នៅ​លើ​បង្គោល​ទារុណកម្ម ទាំង​មាន​ឧក្រិដ្ឋ​ជន​ពីរ​នាក់​ជាប់​បង្គោល​ក្បែរ​ទ្រង់​ដែរ។ ក្រោយ​មក ទាហាន​សាសន៍​រ៉ូម​បាន​បំបាក់​ជើង​ឧក្រិដ្ឋ​ជន​ទាំង​ពីរ​នាក់​ឲ្យ​គេ​ផុត​ដង្ហើម​លឿន​ជាង។ ប៉ុន្តែ​យ៉ូហាន​បាន​រាយ​ការណ៍​ថា ទាហាន​នោះ​មិន​បាន​បំបាក់​ជើង​ព្រះ​យេស៊ូ​ទេ ដ្បិត​ទ្រង់​បាន​ផុត​ដង្ហើម​បាត់​ទៅ​ហើយ។ ពេល​យ៉ូហាន​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​របស់​គាត់ គាត់​ពន្យល់​ថា​ព្រឹត្ដិការណ៍​នោះ​ជា​ការ​សម្រេច​នៃ​បទ​ទំនាយ​មួយ​ទៀត​ក្នុង​បទ​ទំនុក​ទី៣​៤​ដែល​ថា​៖ «គ្មាន​ឆ្អឹង​ទ្រង់​ណា​មួយ​ត្រូវ​បាក់​សោះ»។—យ៉ូហាន ១៩:៣២​-​៣៦; ទំនុកដំកើង ៣៤:២០, សេបទូជីន

៣ ពួក​គ្រិស្ត​សា​សនិក​គួរ​កត់​សម្គាល់​ចំណុច​ឯ​ទៀត​ក្នុង​បទ​ទំនុកដំកើង​ទី​៣៤។ ដូច្នេះ យើង​នឹង​ពិនិត្យ​មើល​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់​ថា តើ​ដាវីឌ​បាន​សរសេរ​បទ​ទំនុក​មួយ​នេះ​ក្រោម​កាលៈទេសៈ​បែប​ណា? ហើយ​យើង​ក៏​នឹង​ពិនិត្យ​មើល​ចំណុច​ផ្សេងៗ​ក្នុង​បទ​ទំនុក​ទី៣​៤ ដែល​អាច​លើក​ទឹក​ចិត្ត​យើង។

ដាវីឌ​រត់​គេច​ពី​សូល

៤​. (ក) ហេតុ​អ្វី​បាន​ជា​គេ​តែងតាំង​ដាវីឌ​ជា​អ្នក​ស្នង​រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល? (ខ) ហេតុ​អ្វី​បាន​ជា​សូល‹គាប់​ព្រះ​ទ័យ›នឹង​ដាវីឌ?

៤ ពេល​ដាវីឌ​នៅ​ក្មេង សូល​ជា​ស្តេច​នៅ​ប្រទេស​អ៊ីស្រាអែល។ ប៉ុន្តែ ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​ចំពោះ​សូល​ពីព្រោះ​លោក​មិន​ស្ដាប់​បង្គាប់​ទ្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សាំយូអែល​ដែល​ជា​អ្នក​ថ្លែង​ទំនាយ​បាន​ប្រាប់​សូល​ថា​៖ «នៅ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​បាន​ផ្ដាច់​នគរ​អ៊ីស្រាអែល​ពី​ទ្រង់​ចេញ​ហើយ ក៏​បាន​ប្រទាន​ឲ្យ​ដល់​អ្នក​ជិត​ខាង​ដែល​ល្អ​ជាង​ទ្រង់​វិញ»។ (សាំយូអែលទី១ ១៥:២៨) ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​សាំយូអែល​ទៅ​ជួប​លោក​អ៊ី​សាយ និង​តែងតាំង​កូន​ពៅ​របស់​គាត់​ឈ្មោះ​ដាវីឌ​ជា​អ្នក​ស្នង​រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល។ ក្នុង​រវាង​ពេល​នោះ ស្តេច​សូល​ចេះ​តែ​មួម៉ៅ ដ្បិត​ទ្រង់​លែង​មាន​សកម្ម​ពល​របស់​ព្រះ​ទៀត។ ដោយសារ​ដាវីឌ​ពូកែ​លេង​ភ្លេង គេ​បាន​នាំ​គាត់​ទៅ​ទី​ក្រុង​គីបៀរ​ដើម្បី​បម្រើ​ស្តេច​សូល ហើយ​បទ​ភ្លេង​ដែល​គាត់​លេង​នោះ​បាន​ជួយ​ឲ្យ​សូល​មាន​អារម្មណ៍​ធូរ​ស្រាល​ដល់​ម្ល៉េះ​បាន​ជា​ដាវីឌ​ក្លាយ​ជា​«ទី​គាប់​ដល់​ព្រះ​ទ័យ​ទ្រង់​ណាស់»។—សាំយូអែលទី១ ១៦:​១១, ១៣, ២១, ២៣

៥​. ហេតុ​អ្វី​បាន​ជា​សូល​មាន​ទស្សនៈ​ខុស​ពី​មុន​ចំពោះ​ដាវីឌ? តើ​នេះ​ជំរុញ​ឲ្យ​ដាវីឌ​ធ្វើ​អ្វី?

៥ ពេល​វេលា​បាន​កន្លង​ទៅ​ស​ឲ្យ​ឃើញ​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​គាំទ្រ​ដាវីឌ។ ព្រះ​យេហូវ៉ា​បាន​ជួយ​ដាវីឌ​យក​ឈ្នះ​លើ​បុរស​ជន​ជាតិ​ភីលីស្ទីន​ម្នាក់​ឈ្មោះ​កូលីយ៉ាត​ដែល​មាន​មាឌ​ធំ​សម្បើម ហើយ​ព្រះ​យេហូវ៉ា​ក៏​បាន​គាំទ្រ​ដាវីឌ​ពេល​ពួក​អ៊ីស្រាអែល​បាន​លើក​កិត្ដិយស​គាត់​ជា​អ្នក​ពូកែ​ធ្វើ​សឹក​សង្គ្រាម។ ក៏​ប៉ុន្តែ សូល​មាន​ចិត្ត​ច្រណែន​ចំពោះ​ដាវីឌ​ដោយសារ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​លើ​គាត់។ ជា​លទ្ធផល សូល​ចាប់​ផ្ដើម​ស្អប់​ដាវីឌ។ ពីរ​ដង​សូល​បាន​គប់​លំពែង​ប៉ុនប៉ង​សម្លាប់​ដាវីឌ​ពេល​គាត់​កំពុង​តែ​ដេញ​ពិណ​នៅ​មុខ​ទ្រង់។ ទាំង​ពីរ​ដង​នោះ ដាវីឌ​បាន​គេច​ផុត​ពី​លំពែង។ ប៉ុន្តែ ពេល​សូល​រក​សម្លាប់​ដាវីឌ​ជា​លើក​ទី​បី​នោះ ដាវីឌ​ដឹង​ថា​គាត់​ត្រូវ​រត់​ភ្លាម​ដើម្បី​រួច​រស់​ជីវិត។ ដោយសារ​សូល​រក​ចាប់​ដាវីឌ​ដោយ​ឥត​ស្បើយ​ក្នុង​បំណង​សម្លាប់​គាត់ នៅ​ទីបំផុត​ដាវីឌ​សម្រេច​ចិត្ត​រត់​ទៅ​នៅ​ក្រៅ​តំបន់​អ៊ីស្រាអែល។—សាំយូអែលទី១ ១៨:១១; ១៩:៩, ១០

៦​. ហេតុ​អ្វី​បាន​ជា​សូល​បង្គាប់​ឲ្យ​គេ​សម្លាប់​មនុស្ស​ទាំង​អស់​នៅ​ក្រុង​ណូប?

៦ ពេល​ដាវីឌ​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទល់​ដែន​ស្រុក​អ៊ីស្រាអែល គាត់​បាន​ឈប់​នៅ​ក្រុង​ណូប​ដែល​ជា​ទី​តាំង​រោង​ឧបោសថ​របស់​ព្រះ​យេហូវ៉ា។ តាម​មើល​ទៅ បុរស​មួយ​ចំនួន​បាន​រត់​ចេញ​ពី​ស្រុក​អ៊ីស្រាអែល​ជា​មួយ​ដាវីឌ ដូច្នេះ​គាត់​ឈប់​សម្រាក​ដើម្បី​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​បាន​បរិភោគ​អាហារ។ ក្រោយ​មក សូល​ជ្រាប​ថា​សម្ដេច​សង្ឃ​បាន​ឲ្យ​អាហារ​ដល់​ដាវីឌ​និង​ពួក​គ្នីគ្នា​របស់​គាត់ ព្រម​ទាំង​ឲ្យ​ដាវ​ដែល​ដាវីឌ​បាន​យក​ពី​កូលីយ៉ាត​ដែល​គាត់​សម្លាប់​ពី​មុន។ ដូច្នេះ ដោយសារ​សូល​ខឹង​យ៉ាង​ខ្លាំង​នោះ លោក​បង្គាប់​ឲ្យ​គេ​សម្លាប់​មនុស្ស​ទាំង​អស់​ក្នុង​ក្រុង​ណូប រួម​ទាំង​សង្ឃ​៨៥​នាក់​ដែរ។—សាំយូអែលទី១ ២១:១, ២; ២២:​១២, ១៣, ១៨, ១៩; ម៉ាថាយ ១២:៣, ៤

រួច​ពី​ស្លាប់​ម្ដង​ទៀត

៧​. ហេតុ​អ្វី​បាន​ជា​ដាវីឌ​មិន​មាន​សុវត្ថិភាព​ពេល​ពួន​នៅ​ក្រុង​កាថ?

៧ ដាវីឌ​បាន​ចេញ​ពី​ក្រុង​ណូប​ហើយ​រត់​ប្រមាណ​៤០​គីឡូម៉ែត្រ​ទៅ​ខាង​លិច​ដែល​នៅ​ទី​នោះ​ជា​ទឹក​ដី​របស់​សាសន៍​ភីលីស្ទីន។ ដាវីឌ​បាន​ពួន​នៅ​ក្រុង​កាថ​ដែល​ជា​ស្រុក​កំណើត​របស់​កូលីយ៉ាត ហើយ​អ័គីស​ជា​ស្តេច​នៅ​ក្រុង​នោះ។ ប្រហែល​ជា​ដាវីឌ​គិត​ថា​សូល​នឹង​មិន​ស្មាន​ថា​គាត់​ហ៊ាន​ទៅ​ពួន​នៅ​ក្រុង​កាថ​ទេ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួក​អ្នក​បម្រើ​ស្តេច​ក្នុង​ក្រុង​កាថ​នោះ​បាន​ចំណាំ​មុខ​ដាវីឌ។ ពេល​ដាវីឌ​ឮ​សូរ​ថា​គេ​ស្គាល់​គាត់​ហើយ នោះ​គាត់​មាន‹សេចក្ដី​ភ័យ​ជា​ខ្លាំង​ដោយ​ព្រោះ​អ័គីស​ជា​ស្តេច​ក្រុង​កាថ›។—សាំយូអែលទី១ ២១:១០​-​១២

៨​. (ក) តើ​បទ​ទំនុក​ទី៥​៦​រៀប​រាប់​អំពី​បទ​ពិសោធន៍​អ្វី​ខ្លះ​របស់​ដាវីឌ​នៅ​ក្រុង​កាថ? (ខ) តើ​ដាវីឌ​បាន​រួច​ពី​ស្លាប់​នៅ​ក្រុង​កាថ​ដោយ​របៀប​ណា?

៨ ក្រោយ​មក ពួក​សាសន៍​ភីលីស្ទីន​បាន​ចាប់​ដាវីឌ។ គឺ​ប្រហែល​ជា​គ្រា​នោះ​ហើយ​ដែល​ដាវីឌ​បាន​តែង​បទ​ទំនុកដំកើង​ដែល​បញ្ជាក់​ពី​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​របស់​គាត់ ដោយ​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ «សូម​ទ្រង់​ដាក់​អស់​ទាំង​ទឹក​ភ្នែក​របស់​ទូល​បង្គំ​ទុក​នៅ​ក្នុង​ដប​នៃ​ទ្រង់»។ (ទំនុកដំកើង ៥៦:៨ និង​ពាក្យ​ផ្ដើម​របស់​បទ​នោះ) ក្នុង​បទ​នោះ​ដាវីឌ​បង្ហាញ​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​មិន​បំភ្លេច​ទុក្ខ​សោក​របស់​គាត់ តែ​ទ្រង់​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ហើយ​ថែរក្សា​គាត់​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ការពារ​គាត់​ផង។ ដាវីឌ​ក៏​មាន​ផែនការ​មួយ​ដើម្បី​បំភាន់​ស្តេច​សាសន៍​ភីលីស្ទីន​នោះ ដោយ​ក្លែង​ធ្វើ​ជា​មនុស្ស​ឆ្កួត។ ពេល​ស្តេច​អ័គីស​ឃើញ​អាកប្បកិរិយា​របស់​ដាវីឌ លោក​ស្តី​ឲ្យ​អ្នក​បម្រើ​ដែល​បាន​នាំ​មនុស្ស​«ឆ្កួត»​នោះ​ទៅ​ជួប​លោក។ គឺ​ច្បាស់​ហើយ​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​ឲ្យ​ផែនការ​របស់​ដាវីឌ​បាន​ជោគជ័យ។ ពួក​ភីលីស្ទីន​បាន​ដេញ​ដាវីឌ​ចេញ​ពី​ក្រុង​នោះ ដូច្នេះ​គាត់​បាន​រួច​ពី​ស្លាប់​ម្ដង​ទៀត។—សាំយូអែលទី១ ២១:១៣​-​១៥

៩, ១០​. តើ​អ្វី​ជំរុញ​ដាវីឌ​ឲ្យ​តែង​បទ​ទំនុក​ទី៣​៤? តើ​ដាវីឌ​ប្រហែល​ជា​បាន​គិត​អំពី​អ្នក​ណា​ពេល​គាត់​តែង​បទ​ទំនុក​ទី៣​៤?

៩ ព្រះ​គម្ពីរ​មិន​ប្រាប់​ឲ្យ​យើង​ដឹង​ទេ ថា​ពួក​គ្នីគ្នា​របស់​ដាវីឌ​បាន​ចូល​ទី​ក្រុង​កាថ​ជា​មួយ​គាត់ ឬ​គ្រាន់​តែ​បាន​ចាំ​ក្នុង​ភូមិ​ផ្សេងៗ​ក្បែរ​ទី​ក្រុង​នោះ។ យ៉ាង​ណា​ក៏​ដោយ ពេល​ដាវីឌ​បាន​ជួប​ជា​មួយ​ពួក​គេ​ម្ដង​ទៀត ព្រម​ទាំង​រៀប​រាប់​ពី​របៀប​ព្រះ​យេហូវ៉ា​បាន​ប្រោស​គាត់​ឲ្យ​រួច នោះ​ពួក​គេ​ច្បាស់​ជា​បាន​ជួយ​ត្រេកអរ​គាត់។ ការ​ជួប​ជា​មួយ​ពួក​គេ​ម្ដង​ទៀត​នោះ ផ្ដល់​ហេតុ​ឲ្យ​ដាវីឌ​សរសេរ​បទ​ទំនុក​ទី៣​៤ ដូច​បាន​បញ្ជាក់​ក្នុង​ពាក្យ​ផ្ដើម​បទ​នោះ។ ក្នុង​ខ​១​ដល់​៧​នៃ​បទ​ទំនុក​ទី៣​៤​នោះ ដាវីឌ​បាន​សរសើរ​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ប្រោស​គាត់​ឲ្យ​រួច ហើយ​គាត់​ក៏​អញ្ជើញ​ពួក​អ្នក​ដែល​គាំទ្រ​គាត់​ឲ្យ​រួម​គ្នា​លើក​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ជួយ​រាស្ត្រ​ទ្រង់​ឲ្យ​រួច។—ទំនុកដំកើង ៣៤:៣, ៤, ៧

១០ ដាវីឌ​និង​បុរស​ទាំង​ឡាយ​ជា​មួយ​គាត់​បាន​ទៅ​ពួន​ក្នុង​រអាង​អាឌូឡាម​ដែល​ជា​រូង​ភ្នំ​មួយ​នៅ​ក្បែរ​ទី​ក្រុង​អាឌូឡាម​ដែល​ស្ថិត​ក្នុង​តំបន់​ភ្នំ ប្រហែល​ជា​១៥​គីឡូម៉ែត្រ​ខាង​កើត​ទី​ក្រុង​កាថ។ ប្រជាជន​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ស្ថានភាព​ក្នុង​ស្រុក​អ៊ីស្រាអែល​ក្រោម​ការ​គ្រប់គ្រង​របស់​ស្តេច​សូល បាន​ចូល​ខាង​ដាវីឌ​ដោយ​ជួប​គាត់​នៅ​ឯ​រូង​ភ្នំ​នោះ។ (សាំយូអែលទី១ ២២:១, ២) ពេល​ដាវីឌ​តែង​ពាក្យ​ក្នុង​បទ​ទំនុក​ទី៣​៤:៨​-​២២ គាត់​ប្រហែល​ជា​កំពុង​តែ​គិត​ពី​អ្នក​ទាំង​នោះ​ដែល​នៅ​ជា​មួយ​នឹង​គាត់។ អ្វី​ដែល​គាត់​រំលឹក​ដល់​ពួក​គេ​គឺ​សំខាន់​សម្រាប់​យើង​រាល់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ដូច្នេះ​យើង​ច្បាស់​ជា​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​នូវ​បទ​ទំនុក​ទី៣​៤។

តើ​ការ​សរសើរ​ព្រះ​យេហូវ៉ា មាន​អាទិ​ភាព​ក្នុង​ជីវិត​អ្នក​ដូច​ដាវីឌ​ទេ?

១១, ១២​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ឲ្យ​យើង​សរសើរ​ព្រះ​យេហូវ៉ា​ជានិច្ច?

១១ «ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះ​យេហូវ៉ា​គ្រប់​ពេល​វេលា សេចក្ដី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច»។ (ទំនុកដំកើង ៣៤:១) ដោយសារ​ដាវីឌ​ត្រូវ​រត់​ទៅ​រស់​នៅ​លើ​ភ្នំ មិន​ជា​ការ​សង្ស័យ​អ្វី​ឡើយ​ថា គាត់​បាន​ខ្វល់ខ្វាយ​អំពី​ការ​ចិញ្ចឹម​ជីវិត។ យ៉ាង​ណា​ក៏​ដោយ ពាក្យ​ដែល​ដាវីឌ​តែង​នោះ​បង្ហាញ​ថា គាត់​មិន​អនុញ្ញាត​ឲ្យ​កង្វល់​នៃ​ជីវិត​នាំ​ឲ្យ​គាត់​រសាយ​ចិត្ត​ក្នុង​ការ​សរសើរ​ព្រះ​យេហូវ៉ា​ទេ។ នេះ​ពិត​ជា​គំរូ​ល្អ​សម្រាប់​យើង ពេល​យើង​មាន​ទុក្ខ​លំបាក​ដែរ! មិន​ថា​យើង​នៅ​សាលា​រៀន នៅ​កន្លែង​ធ្វើ​ការ នៅ​ជា​មួយ​គ្រិស្ត​សា​សនិក​ឯ​ទៀត​ឬ​កំពុង​តែ​ធ្វើ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ក៏​ដោយ ការ​សរសើរ​ព្រះ​យេហូវ៉ា​គួរ​មាន​អាទិ​ភាព​ក្នុង​ជីវិត​យើង។ សូម​គិត​អំពី​មូលហេតុ​ជា​ច្រើន​ឥត​គណនា​ដែល​យើង​គួរ​សរសើរ​ព្រះ​យេហូវ៉ា! ជា​ឧទាហរណ៍ យើង​មិន​អាច​រៀន​ឲ្យ​ស្គាល់​អ្វីៗ​ទាំង​អស់​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​មក​ទេ។ ហើយ​សូម​គិត​អំពី​អ្វី​ដែល​ទ្រង់​បាន​សម្រេច​ដោយសារ​អង្គការ​របស់​ទ្រង់​នៅ​លើ​ផែនដី។ នៅ​សម័យ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រើ​មនុស្ស​ស្មោះ​ត្រង់​តាម​របៀប​អស្ចារ្យ​ណាស់​ទោះ​ជា​ពួក​គេ​មាន​ភាព​មិន​គ្រប់​លក្ខណ៍​ក៏​ដោយ។ បើ​ប្រៀបធៀប​ស្នា​ដៃ​របស់​បញ្ញវន្ត​ក្នុង​ពិភព​លោក​នេះ​ជា​មួយ​នឹង​ការ​សម្រេច​របស់​ព្រះ​យេហូវ៉ា តើ​អ្នក​ឃើញ​លក្ខណៈ​ខុស​គ្នា​យ៉ាង​ណា? អ្នក​ច្បាស់​ជា​មាន​ទស្សនៈ​ដូច​ដាវីឌ​ដែល​បាន​សរសេរ​ថា​៖ «ឱ​ព្រះ​អម្ចាស់​អើយ! នៅ​ក្នុង​អស់​ទាំង​ពួក​ព្រះ គ្មាន​ណា​មួយ​ឲ្យ​ដូច​ជា​ទ្រង់​ឡើយ ក៏​គ្មាន​ការ​អ្វី​ឲ្យ​ដូច​ជា​ការ​របស់​ទ្រង់​ដែរ»។—ទំនុកដំកើង ៨៦:៨

១២ យើង​ក៏​មាន​អារម្មណ៍​ដូច​ដាវីឌ ដ្បិត​យើង​មាន​ចិត្ត​ជំរុញ​ឲ្យ​សរសើរ​ព្រះ​យេហូវ៉ា​ជានិច្ច​ដោយសារ​កិច្ចការ​របស់​ទ្រង់​ដែល​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន​ឡើយ។ ម្យ៉ាង​ទៀត យើង​ដឹង​ថា​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​ជា​អ្នក​ស្នង​រាជ្យ​ពី​ស្តេច​ដាវីឌ ទ្រង់​កំពុង​តែ​គ្រប់គ្រង​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ហើយ​គ្មាន​អ្នក​ណា​នឹង​ស្នង​រាជ្យ​ជំនួស​ទ្រង់​ទេ ដូច្នេះ​យើង​មាន​ចិត្ត​រំភើប​ណាស់! (វិវរណៈ ១១:១៥) នេះ​មាន​ន័យ​ថា ទី​បញ្ចប់​នៃ​សម័យ​នេះ​គឺ​ជិត​ដល់​ហើយ។ ដូច្នេះ​ជា​ការ​សំខាន់​ជាង​មុនៗ​ទៅ​ទៀត​ឲ្យ​មនុស្ស​ជាង​៦​ពាន់​លាន​នាក់​ដឹង​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​អ្វី​ដែល​ព្រះ​រាជាណាចក្រ​នោះ​នឹង​ធ្វើ​សម្រាប់​មនុស្ស​ជាតិ។ ជីវិត​ស្លាប់​រស់​របស់​ពួក​គេ គឺ​ស្រេច​នឹង​យើង​ជួយ​ឲ្យ​ពួក​គេ​សរសើរ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​យើង។ គឺ​ច្បាស់​ហើយ​ថា ការ​ឆ្លៀត​គ្រប់​ឱកាស​ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​តាម​«ដំណឹង​ល្អ»​នេះ​មុន​ហួស​ពេល គួរ​មាន​អាទិ​ភាព​ក្នុង​ជីវិត​យើង​មែន!—ម៉ាថាយ ២៤:១៤

១៣​. (ក) តើ​ដាវីឌ​បាន​អួត​ពី​អ្នក​ណា? ជា​លទ្ធផល តើ​មនុស្ស​បែប​ណា​បាន​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា? (ខ) នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្វី​ទាក់ទាញ​ចិត្ត​មនុស្ស​សុភាព​ឲ្យ​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ​នៃ​ពួក​គ្រិស្ត​សា​សនិក?

១៣ «ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះ​យេហូវ៉ា មនុស្ស​រាប​ទាប​នឹង​ឮ​ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ»។ (ទំនុកដំកើង ៣៤:២) ក្នុង​ខ​នេះ ដាវីឌ​មិន​បាន​អួត​ពី​សមិទ្ធ​ផល​របស់​គាត់​ទេ។ ជា​ឧទាហរណ៍ ដាវីឌ​មិន​បាន​អួត​ពី​របៀប​គាត់​បំភាន់​ស្តេច​ក្រុង​កាថ។ ដ្បិត​ដាវីឌ​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​បាន​ការ​ពារ​គាត់​ពេល​នៅ​ទី​ក្រុង​កាថ ហើយ​ថា​គាត់​បាន​រួច​រស់​ជីវិត​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (សុភាសិត ២១:​១) អាស្រ័យ​ហេតុ​នេះ ដាវីឌ​បាន​អួត​ពី​ព្រះ​យេហូវ៉ា មិន​មែន​ខ្លួន​គាត់។ ជា​លទ្ធផល នេះ​បាន​ទាក់ទាញ​ចិត្ត​មនុស្ស​សុភាព​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ ដូច​គ្នា​ដែរ ព្រះ​យេស៊ូ​បាន​លើក​តម្កើង​ព្រះ​នាម​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ទាក់ទាញ​ចិត្ត​មនុស្ស​រាប​ទាប​ឲ្យ​រៀន​អំពី​ទ្រង់។ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​សុភាព​ពី​គ្រប់​ទាំង​សាសន៍​បាន​ត្រូវ​ទាក់ទាញ​ឲ្យ​ចូល​រួម​ជា​មួយ​ពួក​ជំនុំ​គ្រិស្ត​សា​សនិក​ទូទាំង​ពិភព​លោក​ដែល​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌។ ហើយ​ព្រះ​យេស៊ូ​ជា​សិរសា​ឬ​អ្នក​នាំ​មុខ​ពួក​ជំនុំ​នោះ។ (កូល៉ុស ១:១៨) ពេល​មនុស្ស​សុភាព​ឮ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​សរសើរ​ព្រះ​នាម​ទ្រង់​ដោយ​ចិត្ត​រាប​ទាប នោះ​ជំរុញ​ពួក​គេ​ឲ្យ​សរសើរ​ទ្រង់​ដែរ។ បន្ថែម​ទៅ​ទៀត ដោយសារ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ជួយ​ពួក​គេ​យល់​សារ​ក្នុង​ព្រះ​គម្ពីរ នេះ​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ពួក​គេ។—យ៉ូហាន ៦:៤៤; កិច្ចការ ១៦:១៤

កិច្ច​ប្រជុំ​រមែង​ពង្រឹង​ជំនឿ​យើង

១៤​. (ក) តើ​ដាវីឌ​គាប់​ចិត្ត​សរសើរ​ព្រះ​យេហូវ៉ា​ពេល​នៅ​តែ​ឯង​ប៉ុណ្ណោះ​ឬ? (ខ) ពេល​ព្រះ​យេស៊ូ​ចូល​រួម​ក្នុង​កម្មវិធី​ថ្វាយ​បង្គំ​ព្រះ តើ​ទ្រង់​តាំង​គំរូ​ល្អ​អ្វី​សម្រាប់​យើង?

១៤ «ចូរ​ដំកើង​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ខ្ញុំ​ចុះ! ចូរ​យើង​ព្រម​គ្នា​លើក​ព្រះ​នាម​ទ្រង់​ឡើង!»។ (ទំនុកដំកើង ៣៤:៣) ដាវីឌ​គាប់​ចិត្ត​សរសើរ​ព្រះ​យេហូវ៉ា មិន​គ្រាន់​តែ​ពេល​នៅ​តែ​ឯង​ទេ។ ដាវីឌ​បាន​ស្វាគមន៍​ពួក​គ្នីគ្នា​របស់​គាត់​ឲ្យ​រួម​គ្នា​លើក​ព្រះ​នាម​ព្រះ​យេហូវ៉ា​ឡើង​ដែរ។ ហើយ​ដោយ​សារ​ដាវីឌ​តំណាង​ព្រះ​យេស៊ូ​គ្រិស្ត នោះ​ព្រះ​យេស៊ូ​ក៏​បាន​សរសើរ​ព្រះ​យេហូវ៉ា​នៅ​មុខ​បណ្ដា​ជន​ទាំង​ឡាយ​ដែរ គឺ​នៅ​ក្នុង​សាលា​ប្រជុំ​ប្រចាំ​ភូមិ​នានា ពេល​ចូល​ធ្វើ​បុណ្យ​ផ្សេងៗ​នៅ​ឯ​ព្រះ​វិហារ​របស់​ព្រះ​នៅ​ទី​ក្រុង​យេរូសាឡិម ហើយ​ពេល​ព្រះ​យេស៊ូ​នៅ​ជា​មួយ​ពួក​អ្នក​ដែល​កាន់​តាម​ទ្រង់។ (លូកា ២:៤៩; ៤:១៦​-​១៩; ១០:​២១; យ៉ូហាន ១៨:២០) យើង​មាន​អំណរ​ផង​ដែរ ពេល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ដោយ​សរសើរ​ព្រះ​យេហូវ៉ា​ជា​មួយ​អ្នក​ជឿ​គ្នីគ្នា​នៅ​គ្រប់​ពេល​ដែល​មាន​ឱកាស​ហុច​ឲ្យ ជា​ពិសេស​ពេល​យើង​«ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ»!—ហេព្រើរ ១០:២៤, ២៥

១៥​. (ក) តើ​បទពិសោធន៍​របស់​ដាវីឌ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ពួក​គ្នីគ្នា​របស់​គាត់? (ខ) តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​កម្មវិធី​ប្រជុំ?

១៥ «ខ្ញុំ​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា​ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ [ទ្រង់]​ក៏​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អស់​ទាំង​សេចក្ដី​ភិតភ័យ​របស់​ខ្ញុំ»។ (ទំនុកដំកើង ៣៤:៤) ដាវីឌ​បាន​ចាត់​ទុក​បទពិសោធន៍​នេះ​ជា​មេ​រៀន​ដ៏​ល្អ។ ដូច្នេះ គាត់​មាន​ប្រសាសន៍​ទៀត​ថា​៖ «ខ្ញុំ​ជា​មនុស្ស​វេទនា​នេះ​បាន​អំពាវនាវ​ទៅ នោះ​ព្រះ​យេហូវ៉ា​ទ្រង់​បាន​ស្ដាប់​តាម​ហើយ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន»។ (ទំនុកដំកើង ៣៤:៦) ពេល​យើង​ជួប​ជា​មួយ​បងប្អូន​រួម​ជំនឿ យើង​ក៏​មាន​ឱកាស​រៀប​រាប់​បទពិសោធន៍​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​អំពី​របៀប​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​ស៊ូទ្រាំ​ការ​ពិបាក​ផ្សេងៗ។ នេះ​អាច​ពង្រឹង​ជំនឿ​របស់​បងប្អូន​យើង ដូច​ពំនោល​របស់​ដាវីឌ​បាន​ពង្រឹង​កម្លាំង​របស់​អស់​អ្នក​ដែល​គាំទ្រ​គាត់។ ក្នុង​ករណី​ដាវីឌ ពួក​គូកន​របស់​គាត់​បាន​«ពឹង​ដល់[ព្រះ​យេហូវ៉ា] នោះ​ក៏​មាន​សេចក្ដី​អំណរ​ដ៏​ព្រោង​ព្រាយ ហើយ​មុខ​គេ​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ»។ (ទំនុកដំកើង ៣៤:៥) ទោះ​ជា​ពួក​អ្នក​ទាំង​នោះ​កំពុង​តែ​រត់​គេច​ពី​ស្តេច​សូល​ក៏​ដោយ ពួក​គេ​មិន​ខ្មាស​អ្វី​ឡើយ។ ពួក​គេ​បាន​ទុក​ចិត្ត​ថា ព្រះ​របស់​ពួក​គេ​កំពុង​តែ​គាំទ្រ​ដាវីឌ ហើយ​នេះ​នាំ​ឲ្យ​ពួក​គេ​មាន​ទឹក​មុខ​រីករាយ។ ស្រ​ដៀង​គ្នា​ដែរ មិន​ថា​យើង​ជា​មនុស្ស​ដែល​ទើប​តែ​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ ឬ​ជា​គ្រិស្ត​សា​សនិក​យូរ​ឆ្នាំ​មក​ហើយ​ក៏​ដោយ យើង​ទាំង​អស់​គ្នា​ក៏​ពឹង​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ដែរ។ ពេល​ព្រះ​យេហូវ៉ា​ជួយ​យើង នោះ​យើង​ក៏​មាន​ទឹក​មុខ​រីករាយ​ដែល​បង្ហាញ​ពី​ការ​តាំង​ចិត្ត​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​ជានិច្ច។

ចូរ​ដឹង​គុណ​ព្រះ​ដែល​ចាត់​ទេវតា​មក​ជួយ

១៦​. តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​ទេវតា​របស់​ទ្រង់​យ៉ាង​ណា​ក្នុង​ការ​ជួយ​យើង​ឲ្យ​រួច?

១៦ «ទេវតា​នៃ​ព្រះ​យេហូវ៉ា​ចោម​រោម​នៅ​ជុំវិញ​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច»។ (ទំនុកដំកើង ៣៤:៧) ដាវីឌ​មិន​ដែល​គិត​ទេ​ថា ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​បាន​រួច​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​តែងតាំង​ដាវីឌ​ឲ្យ​គ្រប់គ្រង​លើ​ពួក​អ៊ីស្រាអែល​ក្រោយៗ​មក​ក៏​ពិត​មែន ដាវីឌ​នៅ​តែ​ជ្រាប​ថា ព្រះ​យេហូវ៉ា​ប្រើ​ទេវតា​ទាំង​ឡាយ​របស់​ទ្រង់​ដើម្បី​ជួយ​មើល​ថែរក្សា​អ្នក​បម្រើ​ស្មោះ​ត្រង់​ទាំង​អស់​របស់​ទ្រង់ មិន​ថា​អ្នក​ទាំង​នោះ​មាន​ភារកិច្ច​ច្រើន​ឬ​តិច​ក្ដី​ក្នុង​អង្គការ​របស់​ទ្រង់។ នៅ​សម័យ​ទំនើប​នេះ ព្រះ​យេហូវ៉ា​កំពុង​តែ​ការពារ​អ្នក​ថ្វាយ​បង្គំ​ពិត​របស់​ទ្រង់​ដែរ ដ្បិត​នៅ​ប្រទេស​អាឡឺម៉ង់​នា​សម័យ​ពួក​ណាត្ស៊ី ព្រម​ទាំង​នៅ​ប្រទេស​អង់​កូ​ឡា ម៉ាឡាវី​និង​ម៉ូ​សាំ​ប៊ិច​ជា​ដើម ពួក​រាជការ​បាន​ព្យាយាម​បំផ្លាញ​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​អស់​ចោល។ យ៉ាង​ណា​ក៏​ដោយ ការ​ប្រឹងប្រែង​របស់​ពួក​គេ​គ្មាន​ប្រយោជន៍​នោះ​ទេ។ ជា​លទ្ធផល អ្នក​បម្រើ​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ទាំង​នោះ​បន្ត​រួម​គ្នា​លើក​ព្រះ​នាម​ទ្រង់​ឡើង។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​នៅ​តែ​មាន​គ្នា​ច្រើន​ម្ល៉េះ? នេះ​គឺ​ពីព្រោះ​ព្រះ​យេហូវ៉ា​ប្រើ​ទេវតា​បរិសុទ្ធ​របស់​ទ្រង់​ដើម្បី​ការពារ​ហើយ​ដឹក​នាំ​រាស្ត្រ​ទ្រង់។—ហេព្រើរ ១:១៤

១៧​. តើ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ជួយ​យើង​ដោយ​របៀប​ណា?

១៧ បន្ថែម​ទៅ​ទៀត ទេវតា​របស់​ព្រះ​យេហូវ៉ា​អាច​ចាត់​វិធានការ​បាន ដើម្បី​បណ្ដេញ​អស់​អ្នក​ដែល​នាំ​ឲ្យ​បងប្អូន​រវាត​ចិត្ត​ឬ​បាក់​ទឹក​ចិត្ត​ឲ្យ​ចេញ​ពី​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ១៣:៤១; ១៨:៦, ១០) ហើយ​ជួន​កាល​ទោះ​ជា​យើង​មិន​ឃើញ​ក្ដី ពួក​ទេវតា​ប្រហែល​ជា​កំពុង​តែ​ជួយ​រៀប​ផ្លូវ​កុំ​ឲ្យ​មាន​អ្វី​បង្អាក់​កិច្ច​បម្រើ​របស់​យើង ហើយ​ពួក​ទេវតា​ប្រហែល​ជា​ជួយ​ការពារ​យើង​ពី​អ្វី​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​សំខាន់​បំផុត ពួក​ទេវតា​ជួយ​ដឹក​នាំ​យើង​ក្នុង​ការ​ប្រកាស​«ដំណឹង​ល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច»​ដល់​មនុស្ស​ជាតិ​ទាំង​ឡាយ ដែល​រួម​បញ្ចូល​ប្រទេស​ដែល​បងប្អូន​យើង​សុខ​ចិត្ត​ប្រថុយ​ជីវិត​ដើម្បី​ផ្សាយ​ដំណឹង​នោះ។ (វិវរណៈ ១៤:៦) សៀវភៅ​ដែល​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​បទពិសោធន៍​ច្រើន​ដែល​ផ្ដល់​ទី​សំ​អាង​អំពី​របៀប​ពួក​ទេវតា​បាន​ជួយ​បងប្អូន​យើង។a ដោយសារ​មាន​បទពិសោធន៍​ជា​ច្រើន​នោះ គ្មាន​អ្នក​ណា​អាច​សង្ស័យ​ថា​នេះ​ជា​រឿង​ចៃដន្យ​ទេ។

១៨​. (ក) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជំនួយ​ពី​ពួក​ទេវតា? (ខ) តើ​អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

១៨ បើ​យើង​ចង់​ឲ្យ​ពួក​ទេវតា​ជួយ​ការពារ​និង​ដឹក​នាំ​យើង​ត​ទៅ​ទៀត នោះ​យើង​ត្រូវ​លើក​ព្រះ​នាម​ព្រះ​យេហូវ៉ា​ឡើង​ជានិច្ច សូម្បី​តែ​ពេល​មាន​ការ​ប្រឆាំង​ក៏​ដោយ។ ចូរ​ចាំ​ថា ទេវតា​របស់​ព្រះ​យេហូវ៉ា​ចោម​រោម​នៅ​ជុំវិញ​តែ‹អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា›ប៉ុណ្ណោះ។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? តើ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ? តើ​យើង​អាច​រៀន​ឲ្យ​ចេះ​កោត​ខ្លាច​ទ្រង់​ដោយ​របៀប​ណា? ហើយ​ដោយ​សារ​ព្រះ​យេហូវ៉ា​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ ហេតុ​អ្វី​បាន​ជា​ទ្រង់​តម្រូវ​ឲ្យ​យើង​ខ្លាច​ទ្រង់? អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ។

[កំណត់​សម្គាល់]

a សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០០០ ទំព័រ​៥​-​៦ និង​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០០០ ទំព័រ​១៥​-​១៨។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ដាវីឌ​បាន​ស៊ូទ្រាំ​នឹង​អ្វី​ខ្លះ?

• ដូច​ដាវីឌ តើ​អ្វី​មាន​អាទិ​ភាព​ក្នុង​ជីវិត​យើង?

• តើ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កិច្ច​ប្រជុំ​របស់​ពួក​គ្រិស្ត​សា​សនិក?

• តើ​ព្រះ​យេហូវ៉ា​ប្រើ​ទេវតា​របស់​ទ្រង់​ដើម្បី​ជួយ​យើង​យ៉ាង​ណា?

[ផែនទី​/​រូបភាព​នៅ​ទំព័រ​២៥]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ក្រុង​រ៉ាម៉ា

ក្រុង​កាថ

ក្រុង​ស៊ីកឡាក់

ក្រុង​គីបៀរ

ក្រុង​ណូប

ទី​ក្រុង​យេរូសាឡិម

ភូមិ​បេថ្លេហិម

ក្រុង​អាឌូឡាម

ក្រុង​កៃឡា

ក្រុង​ហេប្រុន

ក្រុង​ស៊ីភ

ព្រៃ​ហូរ៉េស

ភ្នំ​កើមែល

ទី​ក្រុង​ម៉ាអូន

ក្រុង​អេនកេឌី

សមុទ្រ​អំបិល

[អ្នក​ផ្ដល់​សិទ្ធិ]

Map: Based on maps copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel

[រូបភាព​នៅ​ទំព័រ​២១]

សូម្បី​តែ​ពេល​ដាវីឌ​ត្រូវ​រត់​គេច​ក្ដី គាត់​នៅ​តែ​បាន​លើក​ព្រះ​នាម​ព្រះ​យេហូវ៉ា​ឡើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក