ចូរជួយអ្នកឯទៀតឲ្យប្រើសមត្ថភាពទាំងអស់របស់ពួកគាត់
«អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់»។—ទំនុក. ៣២:៨
១, ២. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអ្នកបម្រើម្នាក់ៗរបស់លោក?
ពេលឪពុកម្ដាយសង្កេតមើលកូនតូចៗរបស់ពួកគេលេង ពួកគេច្រើនតែនឹកអស្ចារ្យក្នុងចិត្តអំពីសមត្ថភាពដែលកូនរបស់ពួកគេមាន។ អ្នកប្រហែលជាបានឃើញដូច្នេះដែរ។ កូនម្នាក់ប្រហែលជាពូកែលេងកីឡា រីឯកូនម្នាក់ទៀតចូលចិត្តគូរ ឬធ្វើរបស់ផ្សេងៗ។ ទោះជាពួកគេមានសមត្ថភាពណាក៏ដោយ ឪពុកម្ដាយសប្បាយនឹងជួយកូនៗឲ្យប្រើសមត្ថភាពទាំងអស់ ឬឲ្យខំអស់ពីសមត្ថភាពរបស់ពួកគេ។
២ ក្នុងនាមជាឪពុកម្នាក់ដែលមានសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះអ្នកបម្រើរបស់លោក។ ពួកគាត់ជា«ទីគាប់ចិត្ត»របស់លោក ជាពិសេសដោយសារពួកគាត់ស្មោះត្រង់ ហើយមានភក្ដីភាពចំពោះលោក។ (ហាក. ២:៧) ប៉ុន្តែ អ្នកប្រហែលជាបានកត់សម្គាល់ថា បងប្អូនរបស់អ្នកក៏មានការប៉ិនប្រសប់និងសមត្ថភាពផ្សេងពីគ្នាដែរ។ ជាឧទាហរណ៍ បងប្រុសខ្លះពូកែថ្លែងសុន្ទរកថា រីឯបងប្រុសឯទៀតពូកែចាត់ចែងកិច្ចការ។ បងស្រីជាច្រើននាក់ពូកែរៀនភាសាបរទេស ហើយប្រើភាសានោះក្នុងកិច្ចបម្រើផ្សាយ។ បងស្រីខ្លះទៀតពូកែថែទាំអ្នកដែលឈឺ ឬផ្ដល់ការលើកទឹកចិត្តដល់ពួកអ្នកដែលធ្លាក់ទឹកចិត្ត។ (រ៉ូម ១៦:១, ១២) យើងមានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅដោយសារយើងនៅក្នុងក្រុមជំនុំជាមួយនឹងបងប្អូនប្រុសស្រីដូចនេះ។
៣. តើយើងនឹងពិភាក្សាសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
៣ គ្រិស្តសាសនិកខ្លះ ជាពិសេសប្អូនប្រុសវ័យក្មេង ឬបងប្អូនប្រុសដែលទើបនឹងទទួលការជ្រមុជទឹក ប្រហែលជាមានអារម្មណ៍ថាពួកគាត់មិនទាន់មានតួនាទីនៅក្នុងក្រុមជំនុំនៅឡើយទេ។ តើតាមរបៀបណាយើងអាចជួយពួកគាត់ឲ្យប្រើសមត្ថភាពទាំងអស់របស់ពួកគាត់? ហេតុអ្វីយើងគួរព្យាយាមយកតម្រាប់ព្រះយេហូវ៉ា ដោយរកមើលគុណសម្បត្ដិរបស់បងប្អូនយើង?
ព្រះយេហូវ៉ាឃើញចំណុចល្អរបស់យើង
៤, ៥. តើព្រះយេហូវ៉ាបានឃើញចំណុចល្អណាខ្លះរបស់គេឌាន? តើយើងអាចរៀនអ្វីខ្លះពីគំរូរបស់ព្រះយេហូវ៉ា?
៤ គម្ពីរបង្ហាញថាព្រះយេហូវ៉ាមិនគ្រាន់តែឃើញគុណសម្បត្ដិរបស់អ្នកបម្រើលោកប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ឃើញសមត្ថភាពរបស់ពួកគេដែរ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានជ្រើសរើសគេឌានឲ្យរំដោះជនជាតិអ៊ីស្រាអែលពីជនជាតិម៉ាឌានដែលជាសត្រូវរបស់ពួកគេ។ គេឌានបានគិតថាខ្លួនមិនសំខាន់ទេ។ ដូច្នេះគាត់ច្បាស់ជាភ្ញាក់ផ្អើលពេលទេវតាមួយរូបបានប្រាប់គាត់ថា៖ «អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង»។ គេឌានមិនបានគិតថាខ្លួនគាត់«ពូកែក្លាហាន»ទាល់តែសោះ ហើយគាត់បានគិតថាគាត់មិនអាចសង្គ្រោះរាស្ត្ររបស់ព្រះបានឡើយ។ ប៉ុន្តែព្រះយេហូវ៉ាមានទស្សនៈខុសពីគាត់។ លោកដឹងអ្វីដែលគេឌានអាចធ្វើបាន ហើយដឹងថាលោកអាចប្រើគេឌានឲ្យសង្គ្រោះអ៊ីស្រាអែល។—សូមអាន ពួកចៅហ្វាយ ៦:១១-១៦
៥ ព្រះយេហូវ៉ាមានទំនុកចិត្តឥតសង្ស័យសោះលើគេឌាន ដោយសារលោកបានស្គាល់សមត្ថភាពរបស់គាត់។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានឃើញពេលគេឌានបោកស្រូវសាលី គាត់បានធ្វើអស់ពីកម្លាំងរបស់គាត់។ ម្យ៉ាងទៀត ធម្មតាកសិករធ្វើការនៅខាងក្រៅ ប៉ុន្តែ គេឌានបោកស្រូវសាលីនៅក្នុងកន្លែងសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា ដើម្បីកុំឲ្យជនជាតិម៉ាឌានឃើញស្រូវរបស់គាត់ ហើយលួច។ ព្រះយេហូវ៉ាបានឃើញថាគេឌានមិនគ្រាន់តែជាអ្នកខំប្រឹងធ្វើការប៉ុណ្ណោះទេ។ គាត់ជាមនុស្សឆ្លាត ដែលចេះយល់ស្ថានភាពណាមួយ ហើយធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដើម្បីជៀសផុតពីគ្រោះថ្នាក់។ មែនហើយ ព្រះយេហូវ៉ាបានឃើញសមត្ថភាពរបស់គេឌាន ហើយបានបង្ហាត់បង្រៀនគាត់។
៦, ៧. (ក) តើទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអេម៉ុស ខុសគ្នាយ៉ាងណាពីជនជាតិអ៊ីស្រាអែលខ្លះ? (ខ) ហេតុអ្វីយើងដឹងថាការជ្រើសរើសអេម៉ុសគឺជាការសម្រេចចិត្តដ៏ល្អ?
៦ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាបានឃើញថាអ្នកប្រកាសទំនាយអេម៉ុសមានសមត្ថភាព។ ចំពោះមនុស្សជាច្រើន គាត់ហាក់ដូចជាមនុស្សមិនសូវមាត់ក ហើយជាមនុស្សមិនសំខាន់ទេ។ គាត់បានធ្វើការងារដ៏សាមញ្ញ ជាគង្វាលនិងជាអ្នកធ្វើការនៅចម្ការ។ ប៉ុន្តែ ព្រះយេហូវ៉ាបានចាត់អេម៉ុសឲ្យទៅកែតម្រង់កុលសម្ព័ន្ធទាំងដប់នៃអ៊ីស្រាអែលដែលលែងគោរពប្រណិប័តន៍លោក។ ជនជាតិអ៊ីស្រាអែលខ្លះប្រហែលជាគិតថាការជ្រើសរើសអេម៉ុសគឺជាការសម្រេចចិត្តមិនល្អ។ ហេតុអ្វី?—សូមអាន អេម៉ុស ៧:១៤, ១៥
៧ អេម៉ុសមកពីភូមិដាច់ស្រយាលមួយ។ ប៉ុន្តែគាត់បានដឹងច្រើនអំពីទំនៀមទម្លាប់ និងអំពីអ្នកគ្រប់គ្រងដែលនៅជិតគាត់ ប្រហែលជាតាមរយៈអ្នកជួញដូរដែលបានធ្វើដំណើរកាត់ភូមិគាត់។ ជាឧទាហរណ៍ អេម៉ុសបានដឹងច្រើនអំពីប្រជាជាតិនានាដែលនៅជិតខាង និងស្ថានភាពអាក្រក់នៅអ៊ីស្រាអែល។ (អេម. ១:៦, ៩, ១១, ១៣; ២:៨; ៦:៤-៦) ម្យ៉ាងទៀត អេម៉ុសគឺជាអ្នកនិពន្ធដ៏ពូកែម្នាក់។ គាត់ចេះប្រើពាក្យសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ។ គាត់មិនខ្លាចផ្ដន្ទាទោសសង្ឃពុករលួយអ័ម៉ាស៊ាឡើយ។ ពិតមែន ព្រះយេហូវ៉ាបានជ្រើសរើសមនុស្សត្រូវ ដើម្បីនាំពាក្យរបស់លោក។ លោកបានឃើញថាអេម៉ុសមានសមត្ថភាពដែលមនុស្សឯទៀតប្រហែលជាមិនបានឃើញទេ។—អេម. ៧:១២, ១៣, ១៦, ១៧
៨. (ក) តើព្រះយេហូវ៉ាបានសន្យាថាលោកនឹងធ្វើអ្វីសម្រាប់ដាវីឌ? (ខ) ហេតុអ្វីទំនុកតម្កើង ៣២:៨លើកទឹកចិត្តពួកអ្នកដែលមិនមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគាត់?
៨ ព្រះយេហូវ៉ាកត់សម្គាល់សមត្ថភាពនៃអ្នកបម្រើទាំងអស់របស់លោក ហើយលោកចង់ជួយយើងម្នាក់ៗឲ្យខំអស់ពីសមត្ថភាពរបស់យើង។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានសន្យាថាលោកនឹងណែនាំដាវីឌ ហើយផ្ដល់ឱវាទដែលគាត់ត្រូវការ។ (សូមអាន ទំនុកតម្កើង ៣២:៨) ហេតុអ្វីនេះលើកទឹកចិត្តយើង? ទោះជាយើងប្រហែលជាមិនមានទំនុកចិត្តលើខ្លួនយើងក៏ដោយ ព្រះយេហូវ៉ាអាចជួយយើងឲ្យធ្វើច្រើនជាងយើងបានគិតស្មានទៅទៀត។ ដូចគ្រូដ៏ល្អម្នាក់ផ្ដល់ការណែនាំជានិច្ចដល់សិស្សម្នាក់ដែលគ្មានបទពិសោធន៍ នោះព្រះយេហូវ៉ាណែនាំយើងដើម្បីឲ្យយើងអាចប្រើសមត្ថភាពទាំងអស់របស់យើង។ លោកប្រហែលជានឹងប្រើបងប្អូនយើងឲ្យជួយយើងធ្វើដូច្នោះ។ តើតាមរបៀបណា?
ចូររកមើលចំណុចល្អរបស់អ្នកឯទៀត
៩. តើតាមរបៀបណាយើងអាច«យកចិត្តទុកដាក់»ចំពោះប្រយោជន៍របស់បងប្អូនយើង?
៩ ប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកទាំងអស់ឲ្យ«យកចិត្តទុកដាក់»ចំពោះប្រយោជន៍របស់បងប្អូនពួកគាត់។ (សូមអាន ភីលីព ២:៣, ៤) តើឱវាទនេះរួមបញ្ចូលអ្វីខ្លះ? គឺយើងគួរកត់សម្គាល់សមត្ថភាពរបស់បងប្អូនយើង ហើយប្រាប់ពួកគាត់អំពីសមត្ថភាពទាំងនោះ។ តើអ្នកមានអារម្មណ៍យ៉ាងណាពេលបុគ្គលណាម្នាក់កត់សម្គាល់គុណសម្បត្ដិរបស់អ្នក? អ្នកចង់ជឿនទៅមុខថែមទៀត។ នេះដូចគ្នាដែរចំពោះបងប្អូនយើង។ បើយើងចំណាយពេលកត់សម្គាល់ការខំព្យាយាមរបស់បងប្អូន នោះពួកគាត់នឹងមានចិត្តចង់ជឿនទៅមុខ ហើយមានជោគជ័យក្នុងកិច្ចបម្រើព្រះយេហូវ៉ា។
១០. ជាពិសេស តើអ្នកណាត្រូវការការយកចិត្តទុកដាក់ពីយើង?
១០ ជួនកាល យើងទាំងអស់គ្នាត្រូវការការយកចិត្តទុកដាក់ពីអ្នកឯទៀត។ ប៉ុន្តែ ជាពិសេសប្អូនប្រុសវ័យក្មេង ឬបងប្អូនប្រុសដែលទើបនឹងទទួលការជ្រមុជទឹក ត្រូវមានអារម្មណ៍ថាពួកគាត់រួមចំណែកក្នុងក្រុមជំនុំ។ នេះនឹងជួយពួកគាត់ឲ្យយល់ថាពួកគាត់មានប្រយោជន៍ចំពោះរាស្ត្ររបស់ព្រះយេហូវ៉ា។ គម្ពីរលើកទឹកចិត្តបងប្អូនប្រុសទាំងនេះឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចថែមទៀត។ (១ធី. ៣:១) ប៉ុន្តែបើពួកគាត់មិនមានអារម្មណ៍ថាយើងឲ្យតម្លៃចំពោះកិច្ចការដែលពួកគាត់ធ្វើ នេះប្រហែលជាធ្វើឲ្យពួកគាត់លែងចង់បម្រើព្រះយេហូវ៉ាឲ្យបានច្រើនជាងទៀត។
១១. (ក) តើតាមរបៀបណាអ្នកចាស់ទុំម្នាក់បានជួយប្អូនប្រុសវ័យក្មេងម្នាក់ឲ្យជឿនទៅមុខ? (ខ) តើអ្នករៀនអ្វីពីបទពិសោធន៍របស់ប្អូនស៊ូលីយាង?
១១ អ្នកចាស់ទុំម្នាក់ឈ្មោះលូដូវីកនិយាយថា ពេលយើងបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះចំពោះបងប្អូនប្រុសណាម្នាក់ គាត់ជឿនទៅមុខយ៉ាងឆាប់រហ័សជាង។ ប្អូនប្រុសម្នាក់ដូចនោះ គឺស៊ូលីយាង។ បងលូដូវីកបានកត់សម្គាល់ថាប្អូនស៊ូលីយាងអៀនខ្មាស ហើយពេលប្អូនស៊ូលីយាងបានព្យាយាមជួយធ្វើកិច្ចការក្នុងក្រុមជំនុំឲ្យបានច្រើនជាង នោះគាត់ខ្វះទំនុកចិត្តលើខ្លួនគាត់ ហើយបានប្រព្រឹត្តខុសពីធម្មតា។ បងលូដូវីកនិយាយថា៖ «ប៉ុន្តែខ្ញុំអាចឃើញថាគាត់មានចិត្តសប្បុរសខ្លាំងណាស់ ហើយពិតជាចង់ជួយអ្នកឯទៀត»។ ដូច្នេះ ជាជាងរិះគន់ប្អូនស៊ូលីយាង បងលូដូវីកបានផ្ដោតអារម្មណ៍ទៅលើគុណសម្បត្ដិរបស់គាត់ ហើយបានលើកទឹកចិត្តគាត់។ ជាលទ្ធផល ប្អូនស៊ូលីយាងអាចមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីធ្វើជាជំនួយការខាងកិច្ចបម្រើ ហើយក្រោយមកគាត់ធ្វើជាអ្នកត្រួសត្រាយពេញពេល។
ចូរជួយពួកគាត់ឲ្យប្រើសមត្ថភាពទាំងអស់
១២. តើយើងត្រូវធ្វើអ្វីដើម្បីជួយបងប្អូនប្រុសរបស់យើង? សូមលើកឧទាហរណ៍មួយ។
១២ បើយើងចង់ជួយបងប្អូនប្រុសរបស់យើងឲ្យប្រើសមត្ថភាពទាំងអស់របស់ពួកគាត់ យើងមិនត្រូវមើលឃើញតែភាពទន់ខ្សោយរបស់ពួកគាត់ប៉ុណ្ណោះទេ។ យើងត្រូវរកមើលគុណសម្បត្ដិនិងសមត្ថភាពរបស់ពួកគាត់។ លោកយេស៊ូបានធ្វើដូច្នេះចំពោះសាវ័កពេត្រុស។ ជួនកាល ពេត្រុសមើលទៅដូចជាមនុស្សដែលងាករេ មិនអាចពឹងពាក់បានទេ។ ប៉ុន្តែ លោកយេស៊ូបានឃើញគុណសម្បត្ដិដែលគាត់មាន ហើយបានដាក់ឈ្មោះគាត់ថាពេត្រុសដែលមានន័យថា«ថ្ម»។ ដូច្នេះ លោកយេស៊ូបានមានប្រសាសន៍ថាគាត់នឹងទៅជាដូចថ្ម គឺគាត់រឹងមាំ មិនប្រែចុះប្រែឡើងឡើយ។—យ៉ូន. ១:៤២
១៣, ១៤. (ក) តើបាណាបាសមានទស្សនៈយ៉ាងណាចំពោះម៉ាកុស? (ខ) តើបងអាឡិចសង់ដ្រឺបានទទួលប្រយោជន៍យ៉ាងដូចម្ដេចពីជំនួយរបស់អ្នកចាស់ទុំម្នាក់? (សូមមើលរូបភាពនៅដើមអត្ថបទ)។
១៣ សូមយើងពិនិត្យមើលគំរូរបស់បាណាបាសនិងម៉ាកុស។ (សកម្ម. ១២:២៥) ម៉ាកុសគួរជួយបំពេញសេចក្ដីត្រូវការរបស់ប៉ូលនិងបាណាបាសក្នុងអំឡុងដំណើរលើកទី១របស់ពួកគាត់ជាសាសនទូត។ ប៉ុន្តែ ពេលពួកគាត់ទៅដល់តំបន់ប៉ាមភីលា ស្រាប់តែម៉ាកុសបានបោះបង់ចោលប៉ូលនិងបាណាបាសឲ្យធ្វើដំណើរតែពីរនាក់កាត់តំបន់ដែលមានគ្រោះថ្នាក់។ (សកម្ម. ១៣:៥, ១៣) តើបាណាបាសបានធ្វើអ្វី? តាមមើលទៅគាត់បានផ្ដោតអារម្មណ៍ទៅលើគុណសម្បត្ដិរបស់ម៉ាកុស មិនមែនទៅលើភាពទន់ខ្សោយរបស់គាត់ទេ។ គាត់មិនបានមានទស្សនៈថាម៉ាកុសជាមនុស្សមិនអាចពឹងពាក់បាននោះទេ។ ផ្ទុយទៅវិញ នៅពេលក្រោយមកបាណាបាសបានបង្ហាត់បង្រៀនម៉ាកុស ហើយជាលទ្ធផល គាត់បានទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ (សកម្ម. ១៥:៣៧-៣៩) ច្រើនឆ្នាំក្រោយមក ម៉ាកុសបាននៅក្រុងរ៉ូមដើម្បីជួយប៉ូល ដែលជាប់គុក។ ពេលប៉ូលសរសេរសំបុត្រទៅគ្រិស្តសាសនិកនៅក្រុងកូឡុស គាត់បាននិយាយល្អអំពីម៉ាកុស។ (កូឡ. ៤:១០) តើអ្នកអាចស្រមៃគិតថាបាណាបាសច្បាស់ជាសប្បាយចិត្តយ៉ាងណា ពេលប៉ូលបានសុំជំនួយពីម៉ាកុស?—២ធី. ៤:១១
១៤ អ្នកចាស់ទុំម្នាក់ឈ្មោះអាឡិចសង់ដ្រឺនឹកចាំអំពីរបៀបដែលបងប្រុសម្នាក់បានជួយគាត់ ហើយបាននិយាយថា៖ «ពេលខ្ញុំនៅក្មេង ការអធិដ្ឋានជាតំណាងបងប្អូនឯទៀតពិតជាពិបាកសម្រាប់ខ្ញុំ។ អ្នកចាស់ទុំម្នាក់បានបង្ហាញខ្ញុំអំពីរបៀបប្រុងប្រៀបខ្លួន និងរបៀបជួយខ្ញុំឲ្យមានចិត្តស្ងប់។ ជាជាងឈប់សុំខ្ញុំអធិដ្ឋាន គាត់បានបើកឱកាសឲ្យខ្ញុំអធិដ្ឋានជាទៀងទាត់នៅកិច្ចប្រជុំសម្រាប់ផ្សព្វផ្សាយ។ ក្រោយមក ខ្ញុំមានទំនុកចិត្តច្រើនជាង»។
១៥. តើតាមរបៀបណាប៉ូលបានបង្ហាញថាគាត់បានឲ្យតម្លៃបងប្អូនរបស់គាត់?
១៥ តើអ្នកធ្វើអ្វីពេលអ្នកឃើញគុណសម្បត្ដិរបស់គ្រិស្តសាសនិកឯទៀត? តើអ្នកសរសើរពួកគាត់ឬទេ? នៅរ៉ូមជំពូកទី១៦ ប៉ូលបានទទួលស្គាល់បងប្អូនប្រុសស្រីជាង២០នាក់ចំពោះគុណសម្បត្ដិដែលគាត់បានចាត់ទុកថាមានតម្លៃ។ (រ៉ូម ១៦:៣-៧, ១៣) ជាឧទាហរណ៍ ប៉ូលបានសរសើរអាន់ត្រូនីកនិងយូនាស ដោយសារពួកគាត់បានបម្រើគ្រិស្តយូរជាងគាត់និងដោយសារការស៊ូទ្រាំរបស់ពួកគាត់។ ប៉ូលក៏បានសរសេរដែរអំពីម្ដាយរបស់រូហ្វូសដែលបានថែរក្សាគាត់ដោយសេចក្ដីស្រឡាញ់។
១៦. ពេលយើងសរសើរមនុស្សវ័យក្មេង តើអាចមានលទ្ធផលអ្វី?
១៦ យើងក៏អាចមានលទ្ធផលល្អដែរ ពេលយើងសរសើរអ្នកឯទៀត។ សូមពិចារណាគំរូរបស់ប្អូនរីកូដែលជាក្មេងប្រុសម្នាក់នៅប្រទេសបារាំង ដែលមានឪពុកមិនបម្រើព្រះយេហូវ៉ាទេ។ ប្អូនរីកូបានធ្លាក់ទឹកចិត្តជាខ្លាំងដោយសារឪពុកគាត់មិនចង់ឲ្យគាត់ទទួលការជ្រមុជទឹក។ គាត់បារម្ភថាគាត់នឹងត្រូវចាំរហូតដល់គាត់ទៅជាមនុស្សពេញវ័យទើបទទួលការជ្រមុជទឹក។ ប្អូនរីកូក៏ពិបាកចិត្តដែរពីព្រោះក្មេងៗនៅសាលាចំអកឲ្យគាត់ដោយសារជំនឿរបស់គាត់។ ប៉ុន្តែអ្នកចាស់ទុំម្នាក់ឈ្មោះហ្វ្រេដេរិកបានសរសើរប្អូនរីកូ ហើយបានប្រាប់គាត់ថាការប្រឆាំងដែលគាត់បានប្រឈមមុខបង្ហាញថាគាត់បានផ្សព្វផ្សាយដោយចិត្តក្លាហាន។ ដោយសារពាក្យសម្ដីដ៏សប្បុរសទាំងនេះ ប្អូនរីកូបានតាំងចិត្តបន្តជឿនទៅមុខ ហើយគាត់បានធ្វើឲ្យទំនាក់ទំនងរវាងគាត់និងឪពុកគាត់ប្រសើរឡើង។ ប្អូនរីកូបានទទួលការជ្រមុជទឹក ពេលគាត់មានអាយុ១២ឆ្នាំ។
១៧. (ក) តើតាមរបៀបណាយើងអាចជួយបងប្អូនប្រុសរបស់យើងឲ្យបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព? (ខ) តើសាសនទូតម្នាក់បានជួយប្អូនប្រុសៗវ័យក្មេងយ៉ាងដូចម្ដេច? តើមានលទ្ធផលយ៉ាងណា?
១៧ រាល់លើកដែលយើងសរសើរបងប្អូនប្រុសរបស់យើងចំពោះអ្វីមួយដែលគាត់បានធ្វើយ៉ាងល្អ ពួកគាត់នឹងកាន់តែមានចិត្តជំរុញឲ្យបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព។ បងស្រីស៊ីលវីaដែលបានបម្រើនៅបេតអែលប្រទេសបារាំងអស់ជាច្រើនឆ្នាំ និយាយថាបងប្អូនស្រីក៏អាចសរសើរបងប្អូនប្រុសដែរ។ គាត់ថែមទាំងមានអារម្មណ៍ថាការធ្វើដូច្នោះ គឺជាភារកិច្ចរបស់គាត់ទៀតផង។ (សុភ. ៣:២៧) ជាច្រើនដង បងប្អូនស្រីកត់សម្គាល់អ្វីដែលបងប្អូនប្រុសប្រហែលជាមិនបានកត់សម្គាល់។ ហេតុនេះ ពេលបងប្អូនស្រីសរសើរបងប្អូនប្រុសចំពោះការខំព្យាយាមរបស់ពួកគាត់ នេះអាចបន្ថែមលើអ្វីដែលបងប្អូនប្រុសដែលមានបទពិសោធន៍និយាយទៅពួកគាត់។ បងប្រុសហ្សេរ៉ូម ជាសាសនទូតម្នាក់នៅប្រទេសគ្វីយ៉ាណារបស់បារាំង បានជួយប្អូនប្រុសវ័យក្មេងជាច្រើននាក់ឲ្យកំណត់គោលដៅធ្វើជាសាសនទូត។ គាត់និយាយថា ពេលគាត់សរសើរប្អូនប្រុសវ័យក្មេងយ៉ាងជាក់លាក់ចំពោះអ្វីដែលពួកគាត់បានធ្វើក្នុងកិច្ចបម្រើផ្សាយ ឬចំពោះចម្លើយដ៏ល្អរបស់ពួកគាត់ នោះពួកគាត់កាន់តែមានទំនុកចិត្ត ហើយពួកគាត់បង្កើនសមត្ថភាពរបស់ខ្លួន។
១៨. ហេតុអ្វីជាការល្អបើយើងធ្វើអ្វីមួយជាមួយនឹងប្អូនប្រុសវ័យក្មេង?
១៨ យើងក៏អាចលើកទឹកចិត្តគ្រិស្តសាសនិកឯទៀតឲ្យជឿនទៅមុខតាមរយៈការបង្ហាត់បង្រៀនដោយឲ្យភារកិច្ច ហើយធ្វើអ្វីមួយជាមួយនឹងពួកគាត់។ ជាឧទាហរណ៍ អ្នកចាស់ទុំម្នាក់ប្រហែលជាសុំប្អូនប្រុសវ័យក្មេងម្នាក់បោះពុម្ពព័ត៌មានពីគេហទំព័រ jw.org ដែលនឹងជួយបងប្អូនវ័យចាស់ដែលគ្មានកុំព្យូទ័រ ឬអ្នកប្រហែលជាសុំប្អូនប្រុសវ័យក្មេងម្នាក់ជួយអ្នកសម្អាត ឬជួយជួសជុលសាលប្រជុំ។ ពេលអ្នកព្យាយាមធ្វើអ្វីមួយជាមួយនឹងប្អូនៗវ័យក្មេង អ្នកនឹងមានឱកាសដើម្បីកត់សម្គាល់នូវសមត្ថភាពរបស់ពួកគាត់ សរសើរពួកគាត់និងឃើញជំនឿនរបស់ពួកគាត់។—សុភ. ១៥:២៣
ចូររៀបចំសម្រាប់អនាគត
១៩, ២០. ហេតុអ្វីយើងគួរជួយអ្នកឯទៀតឲ្យជឿនទៅមុខ?
១៩ ព្រះយេហូវ៉ាបានជ្រើសរើសយ៉ូស្វេឲ្យនាំមុខជនជាតិអ៊ីស្រាអែល។ នៅពេលនោះ ព្រះបានបង្គាប់ម៉ូសេឲ្យបង្ហាត់បង្រៀន «កំឡាចិត្ត»ឬលើកទឹកចិត្ត និង«ចំរើនកំឡាំង»យ៉ូស្វេ។ (សូមអាន ចោទិយកថា ៣:២៨) សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ យើងត្រូវការបងប្អូនប្រុសដែលមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីនាំមុខក្នុងអង្គការយើង។ ហេតុនេះ សមាជិកទាំងអស់ក្នុងក្រុមជំនុំត្រូវជួយប្អូនប្រុសវ័យក្មេង ឬបងប្អូនប្រុសដែលទើបនឹងទទួលការជ្រមុជទឹកឲ្យប្រើសមត្ថភាពទាំងអស់របស់ពួកគាត់។ ជាលទ្ធផល បងប្អូនកាន់តែច្រើននឹងចូលរួមក្នុងកិច្ចបម្រើពេញពេល ហើយបងប្អូនប្រុសកាន់តែច្រើននឹង«មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបង្រៀន»។—២ធី. ២:២
២០ ទោះជាក្រុមជំនុំយើងធំ ហើយមានបងប្អូនប្រុសដែលមានបទពិសោធន៍ច្រើន ឬយើងនៅក្នុងក្រុមតូចក្ដី យើងអាចជួយបំពេញសេចក្ដីត្រូវការរបស់អង្គការនៅអនាគត។ ដើម្បីធ្វើដូច្នេះ យើងត្រូវយកតម្រាប់ព្រះយេហូវ៉ា ហើយរកមើលចំណុចល្អរបស់អ្នកឯទៀត។
a ឈ្មោះបានត្រូវផ្លាស់ប្ដូរ