បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/២ ទំ. ១៨-២២
  • ចូរផ្សាយព្រះបន្ទូលដោយចិត្ដក្លាហាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរផ្សាយព្រះបន្ទូលដោយចិត្ដក្លាហាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹ចូរ​ទៅ​ទាយ​ចុះ!›
  • ច្បាប់​ព្រះ​ត្រូវ​បាន​បំពាន
  • របៀប​ដែល​យើង​អាច​យក​តម្រាប់​តាម​អេម៉ុស
  • ប្រឈម​មុខ​ការ​ប្រឆាំង​ដូច​លោក​អេម៉ុស
  • ពួក​អ្នក​ប្រឆាំង​ពុំ​អាច​បញ្ឈប់​កិច្ចការ​ផ្សាយ​របស់​យើង
  • ចូរយកតម្រាប់តាមអេម៉ុសជាអ្នកប្រកាសទំនាយ
    ២០១៣ កិច្ចបម្រើព្រះ
  • ព្រះជំនុំជំរះនិងកាត់ទោសមនុស្សទុច្ចរិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • គោលសំខាន់ៗពីសៀវភៅយ៉ូអែលនិងអេម៉ុស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូរស្វែងរកព្រះយេហូវ៉ា ជាព្រះដែលពិនិត្យមើលចិត្ដមនុស្ស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/២ ទំ. ១៨-២២

ចូរ​ផ្សាយ​ព្រះ​បន្ទូល​ដោយ​ចិត្ត​ក្លាហាន

«ចូរ​ទៅ​ទាយ​ដល់ . . . រាស្ត្រ​អញ​ចុះ!»។—អេម៉ុស ៧:១៥

១, ២​. តើ​អេម៉ុស​ជា​អ្នក​ណា? តើ​ព្រះ​គម្ពីរ​ប្រាប់​យើង​យ៉ាង​ណា​អំពី​គាត់?

ពេល​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ម្នាក់​កំពុង​ផ្សព្វផ្សាយ​នោះ មាន​សង្ឃ​ម្នាក់​ចេញ​មក​និយាយ​តទល់​នឹង​គាត់។ សង្ឃ​នោះ​ស្រែក​ថា៖ ‹ឈប់​ផ្សព្វផ្សាយ​ភ្លាម! ចេញ​ពី​កន្លែង​នេះ​ភ្លាម​ទៅ!›។ តើ​អ្នក​ផ្សាយ​ម្នាក់​នេះ​បាន​ធ្វើ​អ្វី? តើ​គាត់​ចុះ​ញ៉ម​ស្ដាប់​តាម​ទេ? ឬ​ក៏​តើ​គាត់​បាន​បន្ត​ផ្សាយ​ព្រះ​បន្ទូល​ដោយ​ចិត្ត​ក្លាហាន? យើង​អាច​ដឹង​នូវ​ប្រតិកម្ម​គាត់​បាន ពីព្រោះ​អ្នក​ផ្សាយ​ម្នាក់​នោះ​បាន​កត់​សរសេរ​បទ​ពិសោធន៍​របស់​គាត់​ផ្ទាល់​ក្នុង​សៀវភៅ​ព្រះ​គម្ពីរ​ដែល​មាន​ឈ្មោះ​គាត់​ជា​ចំណង​ជើង គឺ​សៀវភៅ​អេម៉ុស។ មុន​នឹង​យើង​រៀន​ថែម​ទៀត​អំពី​ពេល​អេម៉ុស​ជួប​សង្ឃ​នោះ សូម​យើង​ពិនិត្យ​មើល​នូវ​សាវតារ​របស់​គាត់។

២ តើ​អេម៉ុស​ជា​អ្នក​ណា? តើ​គាត់​រស់​នៅ​កន្លែង​ណា? តើ​គាត់​រស់​នៅ​សម័យ​ណា? យើង​អាច​រក​ឃើញ​ចម្លើយ​ចំពោះ​សំនួរ​ទាំង​នោះ​នៅ​អេម៉ុស ១:១៖ «នេះ​ជា​ពាក្យ​របស់​អេម៉ុស​ជា​ម្នាក់​ក្នុង​ពួក​គង្វាល​នៅ​ត្កូអា . . . នៅ​ក្នុង​រាជ្យ​នៃ​អូសៀស​ជា​ស្តេច​យូដា ហើយ​ក្នុង​រាជ្យ​នៃ​យេរ៉ូបោម​ជា​បុត្រ​យ៉ូអាស ស្តេច​អ៊ីស្រាអែល»។ អេម៉ុស​រស់​នៅ​ស្រុក​កំណើត​របស់​គាត់ គឺ​ភូមិ​ត្កូអា​នៅ​ស្រុក​យូដា​ដែល​មាន​ចម្ងាយ​ប្រមាណ​១៦​គីឡូម៉ែត្រ​ខាង​ត្បូង​ទី​ក្រុង​យេរូសាឡិម។ គាត់​រស់​នៅ​មុន​ដំណាច់​សតវត្សរ៍​ទី៩​មុនស.យ. ពេល​ដែល​ស្តេច​អូសៀស​គ្រប់គ្រង​នៅ​ស្រុក​យូដា និង​ស្តេច​យេរ៉ូបោម​ទី២​បាន​គ្រប់គ្រង​នៅ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​ដប់។ អេម៉ុស​មាន​មុខ​របរ​ជា​អ្នក​ចិញ្ចឹម​សត្វ​ចៀម។ ការ​ពិត អេម៉ុស ៧:១៤ ចែង​ថា​អេម៉ុស​មិន​ត្រឹម​តែ​ជា«អ្នក​គង្វាល​សត្វ»ប៉ុណ្ណោះ តែ​ក៏​ជា«អ្នក​បេះ​ផ្លែ​ឧទុម្ពរ»ដែរ។ ដូច្នេះ អស់​ប៉ុន្មាន​ខែ​ជា​រៀង​រាល់​ឆ្នាំ​គាត់​ធ្វើ​ការ​នៅ​ចំការ។ គាត់​បេះ​ឬ​ចោះ​ប្រហោង​ផ្លែ​ឧទុម្ពរ ហើយ​ការ​ធ្វើ​ដូច​នេះ​ជួយ​ឲ្យ​ផ្លែ​ឧទុម្ពរ​ឆាប់​ទុំ។ នេះ​ជា​កិច្ចការ​នឿយ​ហត់​ណាស់។

‹ចូរ​ទៅ​ទាយ​ចុះ!›

៣​. បើ​យើង​មាន​អារម្មណ៍​ថា ខ្លួន​គ្មាន​សមត្ថភាព​ផ្សាយ​ព្រះ​បន្ទូល តើ​ការ​រៀន​អំពី​អេម៉ុស​ជួយ​យើង​យ៉ាង​ណា?

៣ អេម៉ុស​ប្រាប់​យ៉ាង​ត្រង់ៗថា៖ «ខ្ញុំ​ពីដើម​មិន​មែន​ជា​ហោរា​ទេ ក៏​មិន​មែន​ជា​កូន​របស់​ហោរា​ដែរ»។ (អេម៉ុស ៧:១៤) គាត់​មិន​មែន​ជា​កូន​ហោរា​ឬ​ព្យាការី​ម្នាក់​ទេ ក៏​មិន​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ធ្វើ​ជា​ព្យាការី​ដែរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស​អេម៉ុស​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ពី​ចំណោម​ជនជាតិ​យូដា​ទាំង​អស់។ នៅ​គ្រា​នោះ ព្រះ​មិន​បាន​រើស​យក​ស្តេច​ដ៏​អង់អាច​មួយ​អង្គ ឬ​សង្ឃ​ម្នាក់​ដែល​ជា​អ្នក​ចេះ​ដឹង ឬ​ក៏​មេ​កុលសម្ព័ន្ធ​ដែល​ជា​អ្នក​មាន​ស្តុកស្តម្ភ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់​នោះ​ទេ។ នេះ​ជា​មេ​រៀន​មួយ​ដែល​លើក​ទឹក​ចិត្ត​យើង​ណាស់។ យើង​ក៏​ប្រហែល​ជា​គ្មាន​ឋានៈ​ឬ​កំរិត​វប្បធម៌​ខ្ពង់​ខ្ពស់​ទេ។ ប៉ុន្តែ តើ​នោះ​គួរ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ខ្លួន​គ្មាន​សមត្ថភាព​ផ្សាយ​ព្រះ​បន្ទូល​ទេ? គឺ​មិន​គួរ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ដូច្នេះ​សោះ​ឡើយ! ព្រះ​យេហូវ៉ា​អាច​ពង្រឹង​សមត្ថភាព​របស់​យើង​ឲ្យ​ប្រកាស​សារ​របស់​ទ្រង់ ទោះ​ជា​ស្ថិត​ក្នុង​តំបន់​ពិបាក​ផ្សព្វផ្សាយ​ក៏​ដោយ។ ដោយសារ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​សំរាប់​អេម៉ុស នោះ​អស់​អ្នក​ណា​ដែល​ចង់​ផ្សាយ​ព្រះ​បន្ទូល​ដោយ​ចិត្ត​ក្លាហាន​អាច​ទាញ​យក​មេ​រៀន​បាន​ដោយ​ពិចារណា​យ៉ាង​ល្អិតល្អន់​នូវ​គំរូ​របស់​ព្យាការី​ដ៏​ក្លាហាន​នោះ។

៤​. ហេតុ​អ្វី​ក៏​ការ​ទាយ​នៅ​ស្រុក​អ៊ីស្រាអែល ជា​ការ​ពិបាក​ចំពោះ​អេម៉ុស?

៤ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អេម៉ុស​ថា៖ «ចូរ​ទៅ​ទាយ​ដល់​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ​ចុះ!»។ (អេម៉ុស ៧:១៥) កិច្ចការ​នោះ​ពិបាក​ណាស់ ដ្បិត​នៅ​ពេល​នោះ​ព្រះ​រាជាណាចក្រ​ដែល​មាន​កុលសម្ព័ន្ធ​ទាំង​ដប់​នៃ​សាសន៍​អ៊ីស្រាអែល​កំពុង​មាន​សេចក្ដី​សុខសាន្ត ហើយ​ប្រជាជន​មាន​ទ្រព្យ​សម្បត្ដិ​ស្តុកស្តម្ភ។ ពួក​គេ​ជា​ច្រើន​មាន«ផ្ទះ​សំរាប់​រដូវ​រងា» ព្រម​ទាំង«ផ្ទះ​សំរាប់​រដូវ​ក្ដៅ» ដែល​មិន​មែន​ធ្វើ​ពី​ដីឥដ្ឋ​ធម្មតា​នោះ​ទេ តែ​ធ្វើ​ពី«ថ្ម​ដាប់»ថ្លៃៗ។ ពួក​គេ​ខ្លះ​មាន​គ្រឿង​តុ​ទូ​ល្អ​វិចិត្រ​មាន​ក្បាច់​ធ្វើ​ពី​ភ្លុក​ហើយ​ក៏​ដាំ«ចំការ​ទំពាំង​បាយ​ជូរ​ដ៏​គាប់​ចិត្ត»ដើម្បី​ធ្វើ​ស្រា។ (អេម៉ុស ៣:១៥; ៥:១១) ហេតុ​នេះ​ហើយ​ប្រជាជន​ភាគ​ច្រើន​ជា​មនុស្ស​រស់​នៅ​ដោយ​ឥត​ខ្វល់ខ្វាយ​អ្វី​ឡើយ។ ពិត​ណាស់​ថា តំបន់​ផ្សាយ​របស់​អេម៉ុស​ស្ដាប់​ទៅ​ស្រដៀង​គ្នា​នឹង​តំបន់​ផ្សាយ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​មែន។

៥​. តើ​ពួក​អ៊ីស្រាអែល​ខ្លះ​បាន​ប្រព្រឹត្ត​អំពើ​អយុត្ដិធម៌​អ្វី​ខ្លះ?

៥ កាល​ដែល​ជនជាតិ​អ៊ីស្រាអែល​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន នោះ​មិន​មែន​ជា​ការ​ខុស​ទេ។ ក៏​ប៉ុន្តែ ពួក​អ៊ីស្រាអែល​ខ្លះ​ប្រមែប្រមូល​ទ្រព្យ​សម្បត្ដិ​នោះ​តាម​វិធី​ទុច្ចរិត។ ពួក​អ្នក​មាន«សង្កត់​សង្កិន​ពួក​ក្រីក្រ»ទាំង«ជាន់ឈ្លី​ពួក​កំសត់​ទុគ៌ត»ទៀត​ផង។ (អេម៉ុស ៤:១) ពួក​ឈ្មួញ ពួក​ចៅក្រម និង​ពួក​សង្ឃ​ដែល​មាន​ឋានៈ​ធំដុំ​ចេះ​តែ​ឃុបឃិត​គ្នា​ប្រវ័ញ្ច​យក​លុយ​ពី​ជន​ក្រីក្រ។ ឥឡូវ សូម​ស្រមៃ​គិត​ក្នុង​ចិត្ត​ថា យើង​កំពុង​តែ​ដើរ​ជា​មួយ​នឹង​អេម៉ុស​ពេល​គាត់​សង្កេត​មើល​អ្វីៗដែល​បុរស​ទាំង​នេះ​កំពុង​ធ្វើ។

ច្បាប់​ព្រះ​ត្រូវ​បាន​បំពាន

៦​. តើ​ពួក​ឈ្មួញ​ជនជាតិ​អ៊ីស្រាអែល​ជញ្ជក់​ផល​ប្រយោជន៍​ពី​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

៦ មុន​ដំបូង យើង​ដើរ​ជា​មួយ​អេម៉ុស​ទៅ​ផ្សារ។ ពួក​ឈ្មួញ​ជួញ​ដូរ«បង្រួម​រង្វាល់»ហើយ«ដំ​ឡើង​ថ្លៃ» ព្រម​ទាំង​លក់«សំដី​ស្រូវ»ឬ​ថា​លក់​អង្កាម​ជា​ស្រូវ​វិញ។ (អេម៉ុស ៨:៥, ៦) ពិត​មែន​ថា ពួក​ឈ្មួញ​កំពុង​តែ​បោកប្រាស់​អតិថិ​ជន​តាម​វិធី​ជា​ច្រើន​យ៉ាង គឺ​ពួក​គេ​ស៊ី​បំបាត់​អ្នក​ទិញ ក៏​លក់​ក្នុង​តម្លៃ​ថ្លៃ ហើយ​របស់​មាន​គុណភាព​អន់។ មិន​តែ​ប៉ុណ្ណោះ ពួក​ឈ្មួញ​បាន​ជញ្ជក់​ផល​ប្រយោជន៍​ពី​អ្នក​ក្រ​រហូត​ដល់​អស់​លុយ​រលីង នោះ​ជន​ក្រីក្រ​ត្រូវ​លក់​ខ្លួន​ធ្វើ​ជា​ខ្ញុំ​កញ្ជះ។ បន្ទាប់​មក ពួក​ឈ្មួញ​នឹង​ទិញ​អ្នក​ក្រ​ក្នុង​តម្លៃ​ស្មើ​នឹង«ស្បែក​ជើង​១​សំរាប់»។ (អេម៉ុស ៨:៦) សូម​គិត​ទៅ​មើល! ពួក​ឈ្មួញ​ចាត់​ទុក​ជនជាតិ​អ៊ីស្រាអែល​ដូច​គ្នា​ជា​មនុស្ស​មាន​តម្លៃ​ស្មើ​នឹង​ស្បែក​ជើង​មួយ​សំរាប់​ប៉ុណ្ណោះ! នេះ​ជា​ការ​ជាន់ឈ្លី​បន្ទាបបន្ថោក​អ្នក​ក្រ​ខ្សត់​ខ្លាំង​ណាស់! ហើយ​ក៏​ជា​ការ​បំពាន​ច្បាប់​ព្រះ​យ៉ាង​ធ្ងន់ធ្ងរ! ប៉ុន្តែ ពួក​ឈ្មួញ​ទាំង​នេះ​ក៏​កាន់​តាម«ថ្ងៃ​ឈប់​សំរាក»ដែរ។ (អេម៉ុស ៨:៥) ពិត​មែន​ដែល​ថា ពួក​គេ​គោរព​សាសនា ប៉ុន្តែ​ពួក​គេ​គោរព​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ។

៧​. ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​ឈ្មួញ​អាច​បំពាន​ច្បាប់​របស់​ព្រះ​បាន?

៧ ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​ឈ្មួញ​ទាំង​នេះ​អាច​បំពាន​ច្បាប់​ព្រះ​ហើយ​រួច​ខ្លួន​ដោយ​ស្រួល​ដូច្នេះ? ច្បាប់​របស់​ព្រះ​ចែង​ថា៖ «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួន​ឯង​វិញ»។ (លេវីវិន័យ ១៩:១៨) ពួក​ឈ្មួញ​ទាំង​នេះ​អាច​រួច​ខ្លួន​ដោយសារ​ពួក​ចៅក្រម​ដែល​មាន​ភារកិច្ច​បង្ខំ​ពួក​គេ​ឲ្យ​កាន់​តាម​ច្បាប់ គឺ​ជា​ដៃ​គូ​របស់​ពួក​គេ​ក្នុង​បទ​ល្មើស​ទាំង​នោះ។ នៅ​ឯ​ទ្វារ​កំផែង​ទី​ក្រុង​ជា​ទី​ជំនុំជំរះ​ក្ដី ពួក​ចៅក្រម​បែរ​ជា«ស៊ីសំណូក ព្រម​ទាំង​បង្វែរ​មនុស្ស​កំសត់​ទុគ៌ត​មិន​ឲ្យ​បាន​សំរេច​តាម​អំណាច​ច្បាប់»។ ជាជាង​ការពារ​អ្នក​ក្រីក្រ ពួក​ចៅក្រម​ទទួល​សំណូក​ហើយ​ក្បត់​អ្នក​ក្រ​ទៅ​វិញ។ (អេម៉ុស ៥:១០, ១២) ដូច្នេះ ពួក​ចៅក្រម​ក៏​មិន​អើពើ​នឹង​ច្បាប់​របស់​ព្រះ​ដែរ។

៨​. តើ​ពួក​សង្ឃ​អាក្រក់​ទាំង​នោះ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ការ​ប្រព្រឹត្ត​អ្វី?

៨ ចន្លោះ​ពេល​នេះ តើ​ពួក​សង្ឃ​នៅ​អ៊ីស្រាអែល​កំពុង​ធ្វើ​អ្វី? ដើម្បី​ដឹង សូម​ស្រមៃ​ក្នុង​ចិត្ត​ថា យើង​ធ្វើ​ដំណើរ​ជា​មួយ​នឹង​អេម៉ុស​ទៅ​កន្លែង​ផ្សេង​ទៀត។ ចូរ​កត់​សម្គាល់​នូវ​ការ​ប្រព្រឹត្ត​អំពើ​បាប​អ្វី​ខ្លះ​ដែល​ពួក​សង្ឃ​អនុញ្ញាត​ឲ្យ​មាន«នៅ​ក្នុង​វិហារ​របស់​ព្រះ​នៃ​គេ»។ ព្រះ​បាន​មាន​បន្ទូល​តាម​រយៈ​អេម៉ុស​ថា៖ «កូន​និង​ឪពុក​រួម​ដំណេក​ជា​មួយ​ស្រី​តែ​ម្នាក់ ពួក​គេ​ធ្វើ​ដូច្នេះ​ប្រមាថ​នាម​ដ៏​វិសុទ្ធ​របស់​យើង»។ (អេម៉ុស ២:៧, ៨, ខ.ស.) សូម​គិត​ទៅ​មើល! ឪពុក​និង​កូន​ប្រុស​ធ្វើ​អំពើ​អសីលធម៌​ជា​មួយ​ស្រី​សំផឹង​តែ​ម្នាក់​នៅ​ឯ​ព្រះ​វិហារ។ ហើយ​ពួក​សង្ឃ​អាក្រក់​ទាំង​នោះ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​អំពើ​អសីលធម៌​ដែល​គេ​បាន​ប្រព្រឹត្ត!—លេវីវិន័យ ១៩:២៩; ចោទិយកថា ៥:១៨; ២៣:១៧

៩, ១០​. តើ​ពួក​អ៊ីស្រាអែល​មាន​កំហុស​យ៉ាង​ណា​ចំពោះ​ការ​បំពាន​ច្បាប់​របស់​ព្រះ? តើ​មាន​ភាព​ស្រដៀង​គ្នា​អ្វី​នឹង​សម័យ​យើង​នេះ?

៩ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​ការ​ប្រព្រឹត្ត​អំពើ​បាប​ផ្សេង​ទៀត​ដោយ​ថា៖ «គេ​ក្រាល​សំលៀកបំពាក់​ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា ហើយ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នៃ​គេ នោះ​គេ​ផឹកស្រា​ទំពាំង​បាយ​ជូរ​របស់​ពួក​អ្នក​ដែល​ខ្លួន​បាន​ពិន័យ​លក់​ហើយ​ដែរ»។ (អេម៉ុស ២:៨) មែន​ហើយ ពួក​សង្ឃ​និង​មនុស្ស​ភាគ​ច្រើន​ក៏​មិន​អើពើ​ចំពោះ​ច្បាប់​ដែល​កត់​ទុក​នៅ​និក្ខមនំ ២២:២៦, ២៧ ដែល​ថា​សំលៀកបំពាក់​ណា​ដែល​ជា​របស់​បញ្ចាំ​ត្រូវ​ឲ្យ​វិញ​មុន​ពេល​យប់។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ក្រាល​សំលៀកបំពាក់​នោះ​ដូច​កន្ទេល​សំរាប់​អង្គុយ​លេង​ពេល​ដែល​ស៊ី​ផឹក​ជប់លៀង​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​មិន​ពិត។ ហើយ​ប្រាក់​ពិន័យ​ដែល​បាន​ជំរឹត​ពី​អ្នក​ក្រ ពួក​គេ​ក៏​យក​មក​ទិញ​ស្រា​ផឹក​នៅ​ឯ​បុណ្យ​សាសនា​មិន​ពិត។ ពួក​គេ​បាន​បែរ​ចេញ​យ៉ាង​ឆ្ងាយ​ពី​ការ​ថ្វាយ​បង្គំ​ពិត!

១០ ជនជាតិ​អ៊ីស្រាអែល​កំពុង​តែ​បំពាន​ដោយ​ឥត​លាក់​លៀម​ទៅ​លើ​ច្បាប់​ពីរ​ដ៏​សំខាន់​បំផុត គឺ​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ត្រូវ​ស្រឡាញ់​មនុស្ស​ឯ​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ចាត់​អេម៉ុស​ឲ្យ​ទៅ​ផ្ដន្ទា​ទោស​ពួក​គេ​ដោយសារ​ភាព​ឥត​ស្មោះ​ភក្ដី​ចំពោះ​ទ្រង់។ សព្វ​ថ្ងៃ​នេះ ប្រទេស​ទាំង​ឡាយ​ក្នុង​ពិភពលោក​ដែល​កាន់​គ្រីស្ទ​សាសនា​និង​ប្រទេស​ផ្សេងៗទៀត​ក៏​ពុក​រលួយ​ដូច​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ដែរ។ មនុស្ស​ខ្លះ​សំបូរ​សប្បាយ រីឯ​អ្នក​ឯ​ទៀត​ហិន​ហោច​ខាង​លុយ​កាក់​និង​មាន​ការ​ឈឺចាប់​ខាង​ផ្លូវ​ចិត្ត​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​អសីលធម៌​របស់​ចាងហ្វាង​ក្រុម​ហ៊ុន​ធំៗ ហើយ​អ្នក​ដឹក​នាំ​ខាង​នយោបាយ​និង​សាសនា​មិន​ពិត​ដែល​មិន​ទៀងត្រង់។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​យក​ព្រះទ័យ​ទុក​ដាក់​នឹង​អស់​អ្នក​ដែល​កំពុង​រង​ទុក្ខ​លំបាក​និង​ចង់​ស្វែង​រក​ទ្រង់។ ដូច្នេះ ទ្រង់​បាន​ចាត់​អ្នក​បំរើ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ​ឲ្យ​ធ្វើ​កិច្ចការ​ដូច​អេម៉ុស គឺ​ការ​ផ្សាយ​ព្រះ​បន្ទូល​ដោយ​ចិត្ត​ក្លាហាន។

១១​. តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​អេម៉ុស?

១១ ដោយ​ព្រោះ​កិច្ច​ផ្សព្វផ្សាយ​របស់​អេម៉ុស​និង​កិច្ច​ផ្សព្វផ្សាយ​របស់​យើង​គឺ​ស្រដៀង​គ្នា​នោះ យើង​នឹង​ទទួល​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ពិចារណា​នូវ​គំរូ​របស់​គាត់។ ការ​ពិត អេម៉ុស​បង្ហាញ​យើង​អំពី (១) សារ​ដែល​យើង​ត្រូវ​ផ្សាយ (២) របៀប​ដែល​យើង​គួរ​ផ្សាយ​សារ​នោះ ហើយ (៣) មូលហេតុ​ដែល​អ្នក​ប្រឆាំង​មិន​អាច​ទប់​ស្កាត់​កិច្ចការ​ផ្សាយ​របស់​យើង។ សូម​យើង​ពិចារណា​ចំណុច​ទាំង​នេះ​ម្ដង​មួយៗ។

របៀប​ដែល​យើង​អាច​យក​តម្រាប់​តាម​អេម៉ុស

១២, ១៣​. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ពួក​អ៊ីស្រាអែល​យ៉ាង​ដូច​ម្ដេច? តើ​ពួក​គេ​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា?

១២ ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា កិច្ចបំរើ​ផ្សាយ​របស់​យើង​ដៅ​បញ្ជាក់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​និង​ការ​បង្កើត​ឲ្យ​មាន​សិស្ស។ (ម៉ាថាយ ២៨:១៩, ២០; ម៉ាកុស ១៣:១០) យ៉ាង​ណា​ក្ដី យើង​ក៏​ត្រូវ​ផ្សាយ​ពី​ការ​ព្រមាន​របស់​ព្រះ​ដែរ ដូច​ជា​អេម៉ុស​បាន​ប្រកាស​ថា ព្រះ​យេហូវ៉ា​នឹង​ជំនុំជំរះ​មនុស្ស​អាក្រក់​ជួជាតិ។ ជា​ឧទាហរណ៍ អេម៉ុស ៤:៦​-​១១ បង្ហាញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​ពួក​អ៊ីស្រាអែល​ទេ។ ទ្រង់​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល«ខ្វះ​ខាត​អាហារ»និង​ក៏«បិទ​ទប់​មិន​បង្អុរ​ភ្លៀង​ដល់​[ពួក​គេ]រាល់​គ្នា» ហើយ​បាន​វាយ​ផ្ចាល​ពួក​គេ​ដោយ​ធ្វើ​ឲ្យ​«ស្រូវ​ស្កក» ព្រម​ទាំង​បាន​ប្រើ«អាសន្ន​រោគ»ឲ្យ​មក​រាតត្បាត​ក្នុង​ចំណោម​ពួក​គេ។ តើ​ព្រឹត្ដិការណ៍​ទាំង​នេះ​បាន​ជំរុញ​ប្រជាជន​អ៊ីស្រាអែល​ឲ្យ​ប្រែ​ចិត្ត​ទេ? ព្រះ​បាន​មាន​បន្ទូល​ថា៖ «ឯង​មិន​បាន​វិល​ត្រឡប់​មក​ឯ​អញ»ទេ។ ពិត​មែន​ថា​ប្រជាជន​អ៊ីស្រាអែល​បាន​បដិសេធ​ព្រះ​យេហូវ៉ា​ម្ដង​ហើយ​ម្ដង​ទៀត។

១៣ ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ពួក​អ៊ីស្រាអែល​ដែល​មិន​បាន​ប្រែ​ចិត្ត​នោះ។ ក៏​ប៉ុន្តែ មុន​ដំបូង ពួក​គេ​នឹង​ទទួល​ការ​ព្រមាន​ជា​មុន​សិន​តាម​រយៈ​ទំនាយ។ សម​ស្រប​តាម​ចំណុច​នេះ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​តែ​ទ្រង់​សំដែង​ឲ្យ​ពួក​ហោរា​ជា​អ្នក​បំរើ​ទ្រង់ ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់​ផង»។ (អេម៉ុស ៣:៧) ព្រះ​យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ណូអេ​ដឹង​អំពី​ទឹក​ជំនន់ និង​មាន​បន្ទូល​ប្រាប់​គាត់​ឲ្យ​ទៅ​ប្រកាស​ព្រមាន​អ្នក​ដទៃ។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អេម៉ុស​ឲ្យ​ព្រមាន​សាសន៍​អ៊ីស្រាអែល​ជា​លើក​ចុង​ក្រោយ។ គួរ​ឲ្យ​ស្ដាយ​មែន សាសន៍​នេះ​មិន​បាន​អើពើ​នឹង​សារ​របស់​ព្រះ ក៏​មិន​បាន​ប្រព្រឹត្ត​តាម​សារ​នោះ​ដែរ។

១៤​. តើ​សម័យ​លោក​អេម៉ុស​និង​សម័យ​យើង​មាន​លក្ខណៈ​អ្វី​ខ្លះ​ដែល​ស្រដៀង​គ្នា?

១៤ អ្នក​ច្បាស់​ជា​យល់​ស្រប​ថា សម័យ​លោក​អេម៉ុស​និង​សម័យ​យើង​មាន​លក្ខណៈ​ខ្លះ​ដែល​ស្រដៀង​គ្នា​គួរ​ឲ្យ​កត់​សម្គាល់។ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ទាយ​អំពី​អន្តរាយ​ផ្សេងៗដែល​នឹង​មាន​នៅ​គ្រា​ចុង​បញ្ចប់​នេះ។ ទ្រង់​ក៏​បាន​ទាយ​ថា នឹង​មាន​ការ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក។ (ម៉ាថាយ ២៤:៣​-​១៤) ដូច​នៅ​សម័យ​លោក​អេម៉ុស សព្វ​ថ្ងៃ​នេះ​មនុស្ស​ភាគ​ច្រើន​មិន​អើពើ​នឹង​ទី​សម្គាល់​នៃ​សម័យ​នេះ​ព្រម​ទាំង​សារ​ព្រះ​រាជាណាចក្រ​នោះ​ទេ។ ចំពោះ​មនុស្ស​បែប​នេះ អ្វី​ដែល​បាន​កើត​ឡើង​ដល់​សាសន៍​អ៊ីស្រាអែល​ដែល​មិន​ព្រម​ប្រែ​ចិត្ត ក៏​នឹង​កើត​ឡើង​ដល់​ពួក​គេ​ដែរ។ ព្រះ​យេហូវ៉ា​បាន​ព្រមាន​ពួក​គេ​ថា៖ «ចូរ​រៀបចំ ដើម្បី​ជួប​នឹង​ព្រះ​នៃ​ខ្លួន​ចុះ!»។ (អេម៉ុស ៤:១២) សាសន៍​អ៊ីស្រាអែល​បាន​ជួប​នឹង​ព្រះ​របស់​ខ្លួន​ក្នុង​ន័យ​ថា ពួក​គេ​ទទួល​ទោស​ពី​ទ្រង់​ពេល​សាសន៍​អាសស៊ើរ​សម្រុក​ចូល​ដណ្ដើម​យក​ស្រុក។ របបលោកីយ៍​សព្វ​ថ្ងៃ​នេះ​នឹង‹ជួប​ព្រះ›នៅ​ក្នុង​សង្គ្រាម​អើម៉ាគេដូន។ (វិវរណៈ ១៦:១៤, ១៦) ប៉ុន្តែ ដរាប​ណា​ដែល​ព្រះ​យេហូវ៉ា​បន្ត​មាន​ព្រះទ័យ​អត់ធ្មត់ នោះ​យើង​ដាស់​តឿន​មនុស្ស​ច្រើន​បំផុត​ឲ្យ​«ស្វែង​រក​ព្រះ​យេហូវ៉ា​វិញ នោះ[ពួក​គេ]រាល់​គ្នា​នឹង​រស់​នៅ»។—អេម៉ុស ៥:៦

ប្រឈម​មុខ​ការ​ប្រឆាំង​ដូច​លោក​អេម៉ុស

១៥​-​១៧​. (ក) តើ​អ័ម៉ាស៊ា​ជា​អ្នក​ណា? តើ​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា​នឹង​ការ​ផ្សព្វផ្សាយ​របស់​អេម៉ុស? (ខ) តើ​អ័ម៉ាស៊ា​បាន​ចោទ​ប្រកាន់​អេម៉ុស​អ្វី​ខ្លះ?

១៥ យើង​អាច​យក​តម្រាប់​តាម​អេម៉ុស មិន​គ្រាន់​តែ​ពី​អ្វី​ដែល​យើង​ត្រូវ​ផ្សាយ​ទេ តែ​ពី​របៀប​យើង​ត្រូវ​ផ្សាយ​ដែរ។ ជំពូក​ទី៧​បញ្ជាក់​ឲ្យ​ដឹង​អំពី​រឿង​នេះ​ដែល​បាន​ចែង​អំពី​សង្ឃ​ម្នាក់​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ សង្ឃ​នោះ​គឺ«អ័ម៉ាស៊ា​ជា​សង្ឃ​នៅ​ត្រង់​បេតអែល»។ (អេម៉ុស ៧:១០) បេតអែល​ជា​មណ្ឌល​សាសនា​របស់​ពួក​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ ដែល​រួម​បញ្ចូល​ការ​ថ្វាយ​បង្គំ​រូប​កូន​គោ។ ដូច្នេះ អ័ម៉ាស៊ា​ជា​សង្ឃ​សាសនា​ក្នុង​ប្រទេស​នោះ។ តើ​គាត់​មាន​ប្រតិកម្ម​តប​នឹង​ការ​ប្រកាស​ដ៏​ក្លាហាន​របស់​អេម៉ុស​យ៉ាង​ដូច​ម្ដេច?

១៦ អ័ម៉ាស៊ា​ប្រាប់​អេម៉ុស​ថា៖ «ឱ​អ្នក​មើល​ឆុត​អើយ! ចូរ​រត់​ទៅ​ឯ​ស្រុក​យូដា ហើយ​រក​ស៊ី​ដោយ​ទាយ​នៅ​ស្រុក​នោះ​វិញ​ចុះ! កុំ​ឲ្យ​ទាយ​នៅ​ត្រង់​បេតអែល​ទៀត​ឡើយ ដ្បិត​នេះ​ជា​ទី​គោរព​របស់​ស្តេច ហើយ​ជា​ដំណាក់​ហ្លួង​ផង»។ (អេម៉ុស ៧:១២, ១៣) ដូច្នេះ អ័ម៉ាស៊ា​ចង់​និយាយ​ថា៖ ‹ទៅ​ផ្ទះ​វិញ​ចុះ! យើង​មាន​សាសនា​ហើយ›។ អ័ម៉ាស៊ា​ក៏​បាន​ព្យាយាម​ញុះញង់​ឲ្យ​អ្នក​គ្រប់គ្រង​ដាក់​បំរាម​ទៅ​លើ​ការ​ផ្សាយ​របស់​អេម៉ុស។ អ័ម៉ាស៊ា​ទូល​ប្រាប់​ស្តេច​យេរ៉ូបោម​ទី២​ថា៖ «អេម៉ុស​កំពុង​បង្កើត​ការ​ក្បត់​ចំពោះ​ទ្រង់ នៅ​កណ្ដាល​ពួក​វង្ស​អ៊ីស្រាអែល»។ (អេម៉ុស ៧:១០) អ័ម៉ាស៊ា​ចោទ​ប្រកាន់​អេម៉ុស​ពី​បទ​ក្បត់​ជាតិ! គាត់​ទូល​ស្តេច​ថា៖ «ដ្បិត​វា​និយាយ​ដូច្នេះ​ថា ‹យេរ៉ូបោម​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ ហើយ​សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​ដឹក​នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ​ជា​មិន​ខាន›»។—អេម៉ុស ៧:១១

១៧ ក្នុង​ឃ្លា​តែ​មួយ​នេះ អ័ម៉ាស៊ា​បាន​ចោទ​ប្រកាន់​៣​ករណី​ដែល​នាំ​ឲ្យ​យល់​ច្រឡំ។ គាត់​ប្រាប់​ថា៖ «វា[អេម៉ុស]និយាយ​ដូច្នេះ​ថា»។ ប៉ុន្តែ អេម៉ុស​មិន​ដែល​ទាយ​ដោយ​អាង​ខ្លួន​គាត់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អេម៉ុស​តែង​ប្រាប់​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា»។ (អេម៉ុស ១:៣) អ័ម៉ាស៊ា​ក៏​ចោទ​អេម៉ុស​ថា៖ «យេរ៉ូបោម​នឹង​ត្រូវស្លាប់​ដោយ​ដាវ»។ ប៉ុន្តែ ដូច​បាន​កត់​ទុក​នៅ​អេម៉ុស ៧:៩ អេម៉ុស​បាន​ទាយ​ថា៖ «អញ[ព្រះ​យេហូវ៉ា]ក៏​នឹង​ក្រោក​ឡើង ទាស់​នឹង​ពួក​វង្ស​យេរ៉ូបោម​ដោយ​ដាវ»។ ព្រះ​បាន​ទាយ​ថា​នឹង​មាន​អន្តរាយ​ដល់​«វង្ស»ដែល​ជា​កូន​ចៅ​របស់​ស្តេច​យេរ៉ូបោម។ ម្យ៉ាង​ទៀត អ័ម៉ាស៊ា​បាន​អះអាង​ថា អេម៉ុស​ទាយ​ថា៖ ‹អ៊ីស្រាអែល​នឹង​ត្រូវ​ដឹក​នាំ​ចេញ​ជា​ឈ្លើយ​ជា​មិន​ខាន›។ ប៉ុន្តែ អេម៉ុស​ក៏​បាន​ទាយ​ថា ប្រជាជន​អ៊ីស្រាអែល​ណា​ដែល​វិល​ត្រឡប់​មក​ព្រះ​វិញ​នឹង​ទទួល​ពរ។ គឺ​ច្បាស់​ណាស់ អ័ម៉ាស៊ា​បាន​បំភ្លៃ​ការ​ពិត​ក្នុង​បំណង​បណ្ដាល​ឲ្យ​គេ​ដាក់​បំរាម​ជា​ផ្លូវការ​ទៅ​លើ​កិច្ច​ផ្សាយ​របស់​អេម៉ុស។

១៨​. តើ​មាន​ភាព​ស្រដៀង​គ្នា​អ្វី​រវាង​វិធី​ដែល​អ័ម៉ាស៊ា​ប្រើ និង​វិធី​ដែល​ពួក​បព្វជិត​ប្រើ​សព្វ​ថ្ងៃ​នេះ?

១៨ តើ​អ្នក​បាន​កត់​សម្គាល់​ភាព​ស្រដៀង​គ្នា​រវាង​វិធី​ដែល​អ័ម៉ាស៊ា​ប្រើ និង​វិធី​ដែល​អ្នក​ប្រឆាំង​រាស្ត្រ​ព្រះ​យេហូវ៉ា​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ​ឬ​ទេ? ដូច​អ័ម៉ាស៊ា​ដែល​មាន​អំណាច​ខំ​បំបិទ​មាត់​អេម៉ុស នោះ​ពួក​សង្ឃ ពួក​បព្វជិត និង​មេ​គ្រួសារ​ខំ​រារាំង​កិច្ច​ផ្សព្វផ្សាយ​របស់​អ្នក​បំរើ​ព្រះ​សព្វ​ថ្ងៃ​នេះ​ដែរ។ អ័ម៉ាស៊ា​បាន​ចោទ​ប្រកាន់​អេម៉ុស​ដោយ​មិន​ពិត​ថា គាត់​ក្បត់​ជាតិ។ សព្វ​ថ្ងៃ​នេះ បព្វជិត​ខ្លះ​ក៏​ចោទ​ប្រកាន់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដោយ​មិន​ពិត​ដែរ​ថា ពួក​គេ​បង្ក​ការ​គំរាម​កំហែង​ដល់​សន្ដិសុខ​ក្នុង​ប្រទេស។ ហើយ​ដូច​អ័ម៉ាស៊ា​បាន​ពឹង​ស្តេច​ឲ្យ​ជួយ​ដើម្បី​ប្រឆាំង​អេម៉ុស នោះ​ពួក​បព្វជិត​ក៏​ពឹង​គ្នា​របស់​គេ​គឺ​ផ្នែក​ខាង​នយោបាយ ដើម្បី​បៀតបៀន​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា។

ពួក​អ្នក​ប្រឆាំង​ពុំ​អាច​បញ្ឈប់​កិច្ចការ​ផ្សាយ​របស់​យើង

១៩, ២០​. តើ​អេម៉ុស​មាន​ប្រតិកម្ម​តប​យ៉ាង​ណា​នឹង​ការ​ប្រឆាំង​របស់​អ័ម៉ាស៊ា?

១៩ តើ​អេម៉ុស​មាន​ប្រតិកម្ម​តប​យ៉ាង​ណា​នឹង​ការ​ប្រឆាំង​ពី​អ័ម៉ាស៊ា? មុន​ដំបូង អេម៉ុស​បាន​សួរ​សង្ឃ​នោះ​ថា៖ តើ«លោក​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ទាយ​ទាស់​នឹង​អ៊ីស្រាអែល​ឲ្យ​សោះ»ឬ? ដោយ​មិន​រួញ​រា អេម៉ុស​បាន​បន្ត​ប្រកាស​ប្រាប់​ពាក្យ​នោះ​ឯង​ដែល​អ័ម៉ាស៊ា​ពិត​ជា​មិន​ចង់​ឮ។ (អេម៉ុស ៧:១៦, ១៧) អេម៉ុស​មិន​ខ្លាច​ទេ។ នេះ​ជា​គំរូ​ដ៏​ប្រសើរ​ណាស់​សំរាប់​យើង! ចំណែក​ការ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល យើង​មិន​ជ្រើសរើស​យក​ការ​មិន​ស្ដាប់​បង្គាប់​ព្រះ​និង​ឈប់​ប្រកាស​ទេ សូម្បី​តែ​នៅ​ប្រទេស​ណា​ដែល​មាន​មនុស្ស​ដូច​អ័ម៉ាស៊ា​កំពុង​អុជ​អាល​ឲ្យ​មាន​ការ​បៀតបៀន​យ៉ាង​ឃោរឃៅ​ក៏​ដោយ។ ដូច​អេម៉ុស​ដែរ យើង​នឹង​បន្ត​ប្រកាស​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា»។ ពួក​អ្នក​ប្រឆាំង​ពុំ​អាច​បញ្ឈប់​កិច្ចការ​ផ្សព្វផ្សាយ​របស់​យើង​ទេ ពីព្រោះ«ព្រះ​ហស្ត​ព្រះ​អម្ចាស់​ក៏​នៅ​ជា​មួយ»នឹង​យើង។—កិច្ចការ ១១:១៩​-​២១

២០ អ័ម៉ាស៊ា​គួរ​តែ​ដឹង​ជា​មុន​ថា ការ​គំរាម​កំហែង​របស់​គាត់​នឹង​គ្មាន​ប្រយោជន៍​ទេ។ អេម៉ុស​ពន្យល់​រួច​ហើយ​នូវ​មូលហេតុ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​នៅ​លើ​ផែនដី​អាច​បំបិទ​មាត់​គាត់ ហើយ​នេះ​ជា​ចំណុច​ទី​បី​ដែល​យើង​នឹង​ពិចារណា។ យោង​ទៅ​តាម​អេម៉ុស ៣:៣​-​៨ អេម៉ុស​សួរ​សំនួរ​ខ្លះៗនិង​ប្រើ​ឧទាហរណ៍​ដើម្បី​បង្ហាញ​ថា គ្មាន​អ្វី​កើត​ឡើង​ដោយ​គ្មាន​ហេតុ​នោះ​ទេ។ រួច​មក គាត់​បកស្រាយ​អត្ថន័យ​ថា៖ «សិង្ហ​បាន​ស្រែក​គ្រហឹម​ហើយ តើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ខ្លាច? ព្រះ​អម្ចាស់​យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ តើ​មាន​អ្នក​ណា​នឹង​ទប់​មិន​ទាយ​បាន​ឬ?»។ និយាយ​រួម អេម៉ុស​ចង់​ប្រាប់​អ្នក​ស្ដាប់​ថា៖ ‹ពេល​អ្នក​ឮ​សិង្ហ​គ្រហឹម​អ្នក​មុខ​ជា​ខ្លាច នេះ​ក៏​ដូច​គ្នា​ដែរ ពេល​ព្រះ​យេហូវ៉ា​បង្គាប់​ខ្ញុំ​ឲ្យ​ផ្សាយ​ព្រះ​បន្ទូល ខ្ញុំ​ត្រូវ​ប្រកាស មិន​អាច​ខាន​ទេ›។ ការ​កោត​ខ្លាច​ព្រះ​ឬ​ក៏​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា​បាន​ជំរុញ​អេម៉ុស​ឲ្យ​ផ្សាយ​ដោយ​មាន​ចិត្ត​ក្លាហាន។

២១​. តើ​យើង​ប្រព្រឹត្ត​តប​នឹង​សេចក្ដី​បង្គាប់​របស់​ព្រះ​ឲ្យ​យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច?

២១ យើង​ក៏​ឮ​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​យើង​ផ្សព្វផ្សាយ​ដែរ។ តើ​យើង​នឹង​ប្រព្រឹត្ត​តប​យ៉ាង​ដូច​ម្ដេច? ដូច​អេម៉ុស​និង​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នៅ​ពីដើម យើង​នឹង​ផ្សាយ​ព្រះ​បន្ទូល​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន។ (កិច្ចការ ៤:២៣​-​៣១) មិន​ថា​អ្នក​ប្រឆាំង​បៀតបៀន​យើង​ក្ដី ឬ​អ្នក​ដែល​យើង​ជួប​ជា​មនុស្ស​ឥត​ខ្វល់ខ្វាយ​អ្វី​ក្ដី នោះ​នឹង​មិន​បំបិទ​មាត់​យើង​ទេ។ ដោយ​បង្ហាញ​ចិត្ត​ខ្នះខ្នែង​ដូច​អេម៉ុស ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ជុំវិញ​ពិភពលោក​បាន​ជំរុញ​ឲ្យ​បន្ត​ប្រកាស​ដំណឹង​ល្អ​ដោយ​ចិត្ត​ក្លាហាន។ យើង​មាន​ភារកិច្ច​ព្រមាន​មនុស្ស​អំពី​ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​ដែល​កំពុង​ឆ្ពោះ​មក​ជិត​នោះ។ តើ​ការ​ជំនុំជំរះ​នោះ​រួម​បញ្ចូល​អ្វី? យើង​នឹង​ឆ្លើយ​សំនួរ​នោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​អេម៉ុស​បំពេញ​កិច្ចការ​ដែល​ព្រះ​ចាត់​ឲ្យ​ធ្វើ​ក្នុង​ស្ថានការណ៍​បែប​ណា?

• ដូច​អេម៉ុស តើ​យើង​គួរ​ផ្សព្វផ្សាយ​អំពី​អ្វី?

• តើ​យើង​គួរ​ធ្វើ​កិច្ចការ​ផ្សាយ​របស់​យើង​ដោយ​មាន​ចិត្ត​បែប​ណា?

• ហេតុ​អ្វី​បាន​ជា​អ្នក​ប្រឆាំង​ពុំ​អាច​បញ្ឈប់​ការ​ធ្វើ​បន្ទាល់​របស់​យើង?

[រូបភាព​នៅ​ទំព័រ​២១]

ដូច​អេម៉ុស តើ​អ្នក​កំពុង​តែ​ផ្សព្វផ្សាយ​សារ​របស់​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន​ឬ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក