បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/២ ទំ. ២៣-២៧
  • ព្រះជំនុំជំរះនិងកាត់ទោសមនុស្សទុច្ចរិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះជំនុំជំរះនិងកាត់ទោសមនុស្សទុច្ចរិត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ជំនុំជំរះ​របស់​ព្រះ​តែង​តែ​សក្ដិ​សម
  • មនុស្ស​ទុច្ចរិត​ពុំ​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​របស់​ព្រះ
  • «ចូរ​រៀបចំ ដើម្បី​ជួប​នឹង​ព្រះ​នៃ​ខ្លួន​ចុះ!»
  • ព្រះ​ជំនុំជំរះ​ចំពោះ​មនុស្ស​ដែល​សម​តែ​ទទួល
  • ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់!
  • សេចក្ដី​សង្ឃឹម​ចំពោះ​មនុស្ស​ទៀងត្រង់
  • ចូរផ្សាយព្រះបន្ទូលដោយចិត្ដក្លាហាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចូរយកតម្រាប់តាមអេម៉ុសជាអ្នកប្រកាសទំនាយ
    ២០១៣ កិច្ចបម្រើព្រះ
  • គោលសំខាន់ៗពីសៀវភៅយ៉ូអែលនិងអេម៉ុស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូរស្វែងរកព្រះយេហូវ៉ា ជាព្រះដែលពិនិត្យមើលចិត្ដមនុស្ស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/២ ទំ. ២៣-២៧

ព្រះ​ជំនុំជំរះ​និង​កាត់​ទោស​មនុស្ស​ទុច្ចរិត

«ចូរ​រៀបចំ ដើម្បី​ជួប​នឹង​ព្រះ​នៃ​ខ្លួន​ចុះ!»។—អេម៉ុស ៤:១២

១, ២​. ហេតុ​អ្វី​យើង​អាច​ជឿជាក់​ថា​ព្រះ​នឹង​បំបាត់​ចោល​អំពើ​ទុច្ចរិត?

តើ​ព្រះ​យេហូវ៉ា​នឹង​បំបាត់​អំពើ​ទុច្ចរិត​និង​ការ​ឈឺចាប់​ចេញ​ពី​ផែនដី​ឬ​ទេ? ឥឡូវ​នេះ​ជា​ដើម​សតវត្សរ៍​ទី២១ នេះ​ធ្វើ​ឲ្យ​មាន​ហេតុ​ច្រើន​ជាង​មុន​ទៅ​ទៀត​ឲ្យ​សួរ​សំនួរ​នេះ។ មិន​ថា​យើង​មើល​កន្លែង​ណា​ក៏​ដោយ ឃើញ​តែ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​ទៅ​លើ​មនុស្ស​ឯ​ទៀត។ លោកីយ៍​មួយ​ដែល​គ្មាន​អំពើ​ឃោរឃៅ ភេរវកម្ម និង​អំពើ​ពុក​រលួយ​ជា​អ្វី​ដែល​យើង​ចង់​បាន​ណាស់!

២ ប៉ុន្តែ មាន​ដំណឹង​ល្អ​មួយ​ដែល​យើង​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​អំពើ​ទុច្ចរិត​មែន។ គុណសម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់​ជា​ទី​សំអាង​ឲ្យ​ដឹង​ថា ទ្រង់​នឹង​ចាត់​វិធានការ​ដាក់​ទោស​លើ​មនុស្ស​អាក្រក់។ ព្រះ​យេហូវ៉ា​ជា​ព្រះ​មួយ​អង្គ​សុចរិត​និង​ធ្វើ​អ្វី​ទាំង​អស់​ដោយ​យុត្ដិធម៌។ នៅ​ទំនុកដំកើង ៣៣:៥ ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា៖ «ទ្រង់​ស្រឡាញ់​សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្ដិធម៌»។ ហើយ​ទំនុក​មួយ​ទៀត​ក៏​ចែង​ថា៖ «[ព្រះ​យេហូវ៉ា]មាន​ព្រះ​ហឫទ័យ​ស្អប់​ដល់ . . . ពួក​អ្នក​ដែល​ចូល​ចិត្ត​ខាង​សេចក្ដី​ច្រឡោត»។ (ទំនុកដំកើង ១១:៥) ព្រះ​យេហូវ៉ា​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា​ថែម​ទាំង​ស្រឡាញ់​សេចក្ដី​សុចរិត​ហើយ​យុត្ដិធម៌​នឹង​មិន​ត្រាប្រណី​ជានិច្ច​នូវ​អ្វី​ដែល​ទ្រង់​ស្អប់​នោះ​ឡើយ មែន​ទេ?

៣​. តើ​ការ​ពិចារណា​ថែម​ទៀត​នូវ​ទំនាយ​អេម៉ុស​បញ្ជាក់​ឲ្យ​យើង​ដឹង​អ្វី​ខ្លះ?

៣ ចូរ​ពិនិត្យ​មើល​ហេតុ​មួយ​ទៀត​ដែល​យើង​អាច​ដឹង​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​អំពើ​ទុច្ចរិត។ អ្វី​ដែល​ទ្រង់​ធ្លាប់​ធ្វើ​នៅ​អតីតកាល​ជា​ទី​សំអាង​ថា ទ្រង់​នឹង​បំបាត់​ចោល​មែន។ ក្នុង​ព្រះ​គម្ពីរ​នៅ​សៀវភៅ​អេម៉ុស​មាន​ឧទាហរណ៍​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ដែល​បង្ហាញ​ពី​របៀប​ព្រះ​យេហូវ៉ា​តែង​តែ​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ទុច្ចរិត។ ការ​ពិចារណា​ថែម​ទៀត​នូវ​ទំនាយ​អេម៉ុស​នឹង​បញ្ជាក់​នូវ​ចំណុច​បី​យ៉ាង​ទាក់ទង​នឹង​ការ​ជំនុំជំរះ​របស់​ព្រះ។ ទី​មួយ ការ​ជំនុំជំរះ​របស់​ព្រះ​តែង​តែ​សក្ដិ​សម។ ទីពីរ មនុស្ស​ទុច្ចរិត​ពុំ​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​របស់​ព្រះ។ ហើយ​ទី​បី ព្រះ​ជំនុំជំរះ​ចំពោះ​មនុស្ស​ដែល​សម​តែ​ទទួល គឺ​ថា​ទ្រង់​ជំនុំជំរះ​តែ​មនុស្ស​ទុច្ចរិត និង​បង្ហាញ​នូវ​ក្ដី​មេត្ដាករុណា​ដល់​មនុស្ស​ប្រែ​ចិត្ត​និង​មនុស្ស​ដែល​សម​ទទួល​ជីវិត​ជា​រៀង​រហូត។—រ៉ូម ៩:១៧​-​២៦

ការ​ជំនុំជំរះ​របស់​ព្រះ​តែង​តែ​សក្ដិ​សម

៤​. តើ​ព្រះ​យេហូវ៉ា​បាន​ចាត់​អេម៉ុស​ឲ្យ​ទៅ​ទីណា? ហើយ​ដោយ​មាន​បំណង​អ្វី?

៤ នៅ​សម័យ​អេម៉ុស សាសន៍​អ៊ីស្រាអែល​បាន​បែក​ជា​ព្រះ​រាជាណាចក្រ​ពីរ​ហើយ។ ខាង​ត្បូង​គឺ​ព្រះ​រាជាណាចក្រ​យូដា​ដែល​មាន​កុលសម្ព័ន្ធ​ពីរ ហើយ​ខាង​ជើង​គឺ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​ដប់។ ព្រះ​យេហូវ៉ា​បាន​ចាត់​អេម៉ុស​ឲ្យ​គាត់​បំរើ​ជា​ព្យាការី​ម្នាក់ ដោយ​ចាត់​គាត់​ឲ្យ​ចេញ​ពី​ស្រុក​កំណើត​នៅ​ស្រុក​យូដា​ទៅ​ស្រុក​អ៊ីស្រាអែល។ ព្រះ​នឹង​ប្រើ​អេម៉ុស​ឲ្យ​ប្រកាស​ពី​ការ​ជំនុំជំរះ​របស់​ទ្រង់​នៅ​ទី​នោះ។

៥​. មុន​ដំបូង តើ​អេម៉ុស​ប្រកាស​ពី​ការ​ជំនុំជំរះ​ទៅ​លើ​សាសន៍​ណា? តើ​អ្វី​ជា​មូលហេតុ​មួយ​ដែល​សាសន៍​ទាំង​នោះ​សម​ទទួល​ការ​ជំនុំជំរះ?

៥ អេម៉ុស​មិន​បាន​ចាប់​ផ្ដើម​ប្រកាស​ថា ព្រះ​យេហូវ៉ា​បាន​ជំនុំជំរះ​និង​កាត់​ទោស​ប្រជាជន​មាន​ចិត្ត​វៀចវេរ​ដែល​រស់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ចាប់​ផ្ដើម​ដោយ​ប្រកាស​ពី​ការ​ជំនុំជំរះ​ទៅ​លើ​សាសន៍​ទាំង​ប្រាំ​មួយ​ដែល​នៅ​ជុំវិញ​ព្រះ​រាជាណាចក្រ​ខាង​ជើង ពោល​គឺ​សាសន៍​ស៊ីរី ភីលីស្ទីន ទី​រ៉ុស អេដំម អាំម៉ូន និង​ម៉ូអាប់។ ប៉ុន្តែ តើ​សាសន៍​ទាំង​នេះ​ពិត​ជា​សម​ទទួល​ការ​ជំនុំជំរះ​និង​ការ​កាត់​ទោស​ពី​ព្រះ​ឬ? ពិត​ជា​សម​នឹង​ទទួល​ការ​កាត់​ទោស​មែន! មូលហេតុ​មួយ​គឺ​ដោយសារ​ពួក​គេ​បាន​ចង​ចិត្ត​ធ្វើ​ជា​សត្រូវ​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។

៦​. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​ហៀប​នឹង​ធ្វើ​ឲ្យ​សាសន៍​ស៊ីរី ភីលីស្ទីន និង​ទី​រ៉ុស​ជួប​ក្ដី​អន្តរាយ?

៦ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​ផ្ដន្ទា​ទោស​សាសន៍​ស៊ីរី«ពីព្រោះ​គេ​បាន​បញ្ជាន់​ស្រុក​កាឡាត»។ (អេម៉ុស ១:៣) សាសន៍​ស៊ីរី​បាន​ដណ្ដើម​យក​ទឹក​ដី​ពី​ស្រុក​កាឡាត ដែល​ជា​តំបន់​មួយ​ប៉ែក​ខាង​កើត​ទន្លេ​យ័រដាន់​ក្នុង​ស្រុក​អ៊ីស្រាអែល ហើយ​នៅ​ទី​នោះ​ពួក​សាសន៍​ស៊ីរី​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ព្រះ​រង​របួស​យ៉ាង​ដំណំ។ ចុះ​សាសន៍​ភីលីស្ទីន​និង​សាសន៍​ទី​រ៉ុស​វិញ? សាសន៍​ភីលីស្ទីន​មាន​ទោស​ដោយសារ​បាន​ចាប់​សាសន៍​អ៊ីស្រាអែល​ជា​ឈ្លើយ ឬ​និរទេស​ពួក​គេ ហើយ​លក់​ពួក​គេ​ទៅ​ឲ្យ​ពួក​សាសន៍​អេដំម។ មិន​តែ​ប៉ុណ្ណោះ​ពួក​អ៊ីស្រាអែល​ខ្លះ​នៅ​ក្នុង​កណ្ដាប់​ដៃពួក​ឈ្មួញ​ពី​ក្រុង​ទី​រ៉ុស។ (អេម៉ុស ១:៦, ៩) សូម​គិត​ទៅ​មើល! ពួក​គេ​ហ៊ាន​លក់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ទៅ​ជា​ខ្ញុំ​កញ្ជះ! គ្មាន​អ្វី​ប្លែក​ទេ ដែល​ព្រះ​យេហូវ៉ា​ហៀប​នឹង​ធ្វើ​ឲ្យ​សាសន៍​ស៊ីរី ភីលីស្ទីន និង​ទី​រ៉ុស​ជួប​ក្ដី​អន្តរាយ​នោះ។

៧​. តើ​សាសន៍​អេដំម អាំម៉ូន និង​ម៉ូអាប់​មាន​លក្ខណៈ​មួយ​ដូច​គ្នា​នឹង​សាសន៍​អ៊ីស្រាអែល​យ៉ាង​ណា? ប៉ុន្តែ តើ​សាសន៍​ទាំង​នេះ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​លើ​ពួក​អ៊ីស្រាអែល?

៧ សាសន៍​អេដំម អាំម៉ូន និង​ម៉ូអាប់​មាន​លក្ខណៈ​មួយ​ដូច​គ្នា ហើយ​ក៏​ដូច​គ្នា​នឹង​សាសន៍​អ៊ីស្រាអែល​ដែរ។ សាសន៍​ទាំង​បី​ជា​សាច់​ញាតិ​សាសន៍​អ៊ីស្រាអែល។ សាសន៍​អេដំម​ជា​កូន​ចៅ​អ័ប្រាហាំ​កើត​ចេញ​ពី​តំណ​អេសាវ​ដែល​ជា​បង​ប្រុស​ភ្លោះ​របស់​យ៉ាកុប។ ដូច្នេះ​អាច​និយាយ​ថា សាសន៍​អេដំម​ជា​បងប្អូន​របស់​សាសន៍​អ៊ីស្រាអែល។ សាសន៍​អាំម៉ូន​និង​សាសន៍​ម៉ូអាប់​ជា​កូន​ចៅ​របស់​ក្មួយ​ប្រុស​អ័ប្រាហាំ​ឈ្មោះ​ឡុត។ ប៉ុន្តែ តើ​ពួក​សាសន៍​អេដំម អាំម៉ូន និង​ម៉ូអាប់​បាន​រាប់​អាន​ពួក​អ៊ីស្រាអែល​ដូច​ជា​បងប្អូន​ឬ​ទេ? មិន​រាប់​អាន​បន្ដិច​សោះ! ពួក​សាសន៍​អេដំម​បាន​ប្រើ​ដាវ​កាប់​ចាក់«បងប្អូន​ខ្លួន»ដោយ​គ្មាន​មេត្ដា ហើយ​សាសន៍​អាំម៉ូន​ចូល​ចិត្ត​ប្រព្រឹត្ត​យ៉ាង​សាហាវ​ព្រៃផ្សៃ​ទៅ​លើ​ជនជាតិ​អ៊ីស្រាអែល​ណា​ដែល​ពួក​គេ​ចាប់​បាន។ (អេម៉ុស ១:១១, ១៣) ទោះ​ជា​អេម៉ុស​មិន​បញ្ជាក់​ចំៗអំពី​របៀប​សាសន៍​ម៉ូអាប់​ធ្វើ​បាប​រាស្ត្រ​របស់​ព្រះ​ក៏​ដោយ តែ​សាសន៍​ម៉ូអាប់​បាន​ប្រឆាំង​នឹង​សាសន៍​អ៊ីស្រាអែល​តាំង​ពី​យូរ​មក​ហើយ។ សាសន៍​ទាំង​បី​នេះ​ដែល​ជាប់​សាច់​ញាតិ​ជា​មួយ​សាសន៍​អ៊ីស្រាអែល​នឹង​ទទួល​ទោស​យ៉ាង​ធ្ងន់។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា ទ្រង់​នឹង​បំផ្លិច​បំផ្លាញ​ពួក​គេ​ឲ្យ​អស់​ទៅ​ដូច​ជា​ចាត់​ប្រើ​ភ្លើង​ឲ្យ​ឆេះ​សុស។

មនុស្ស​ទុច្ចរិត​ពុំ​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​របស់​ព្រះ

៨​. ហេតុ​អ្វី​បាន​ជា​សាសន៍​ប្រាំ​មួយ​នោះ​ដែល​នៅ​ជិត​សាសន៍​អ៊ីស្រាអែល មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​និង​ការ​កាត់​ទោស​ពី​ព្រះ?

៨ គ្មាន​ការ​សង្ស័យ​ទេ សាសន៍​ទាំង​ប្រាំ​មួយ​នៅ​ជុំវិញ​សាសន៍​អ៊ីស្រាអែល សម​ទទួល​ការ​ជំនុំជំរះ​ពី​ព្រះ ដូច​ដែល​មាន​នៅ​ដើម​ទំនាយ​របស់​អេម៉ុស​បាន​បញ្ជាក់​នោះ។ ម្យ៉ាង​ទៀត ពួក​គេ​ពុំ​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​នេះ​ទេ។ ចាប់​ផ្ដើម​ជំពូក​ទី១ ខ​៣ រហូត​ដល់​ជំពូក​ទី២ ខ​១ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាំ​មួយ​ដង​ថា៖ «អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ»។ ទ្រង់​បាន​ប្រព្រឹត្ត​តាម​បន្ទូល​ទ្រង់​និង​មិន​បាន​បង្អង់​ព្រះ​ហស្ត​ដាក់​ទោស​ចំពោះ​សាសន៍​នោះ​ទេ។ សេចក្ដី​រាយ​ការណ៍​អំពី​ប្រវត្ដិសាស្ត្រ​បង្ហាញ​ភស្តុតាង​ថា សាសន៍​និមួយៗនោះ​បាន​ទទួល​ក្ដី​អន្តរាយ​ក្រោយ​មក។ ការ​ពិត មាន​សាសន៍​បួន​ក្នុង​ចំណោម​ពួក​គេ​ដែល​លែង​មាន​ត​ទៅ​ទៀត គឺ​សាសន៍​ភីលីស្ទីន ម៉ូអាប់ អាំម៉ូន និង​អេដំម!

៩​. តើ​ប្រជាជន​នៅ​ស្រុក​យូដា​សម​ទទួល​អ្វី? ហើយ​ហេតុ​អ្វី?

៩ ទំនាយ​អេម៉ុស​ក្រោយ​មក​ផ្ដោត​អារម្មណ៍​លើ​សាសន៍​ទី​ប្រាំ​ពីរ គឺ​ស្រុក​យូដា​ដែល​ជា​ស្រុក​កំណើត​របស់​គាត់។ អ្នក​ស្ដាប់​អេម៉ុស​នៅ​ព្រះ​រាជាណាចក្រ​ខាង​ជើង​ប្រហែល​ជា​ភ្ញាក់ផ្អើល​ពេល​ឮ​អេម៉ុស​ប្រកាស​ពី​ការ​ជំនុំជំរះ​លើ​ព្រះ​រាជាណាចក្រ​នៃ​ស្រុក​យូដា។ ហេតុ​អ្វី​បាន​ជា​ប្រជាជន​នៅ​ស្រុក​យូដា​សម​នឹង​ទទួល​ការ​ជំនុំជំរះ​និង​ការ​កាត់​ទោស? អេម៉ុស ២:៤ ចែង​ថា៖ «ពីព្រោះ​គេ​បាន​បោះបង់​ចោល​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា»។ ចំពោះ​ព្រះ​យេហូវ៉ា ការ​រំលង​ច្បាប់​ទ្រង់​ដោយ​ចេតនា​មិន​មែន​ជា​រឿង​ស្រាល​នោះ​ទេ។ យោង​ទៅ​តាម​អេម៉ុស ២:៥ អេម៉ុស​ទាយ​ថា៖ «អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ពួក​យូដា ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​នៅ​ក្រុង​យេរូសាឡិម​អស់​ទៅ»។

១០​. ហេតុ​អ្វី​ក៏​សាសន៍​យូដា​មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​របស់​ព្រះ?

១០ ប្រជាជន​យូដា​ដែល​គ្មាន​ចិត្ត​ស្មោះ​ភក្ដី ពុំ​អាច​គេច​ផុត​ពី​ក្ដី​អន្តរាយ​ដែល​នឹង​មាន​មក​លើ​ពួក​គេ​បាន​ឡើយ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ជា​លើក​ទី៧​ថា៖ «អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ»។ (អេម៉ុស ២:៤) សាសន៍​យូដា​បាន​ទទួល​ទោស​ដូច​ដែល​បាន​ទាយ​នោះ​នៅ​ឆ្នាំ​៦០៧​មុនស.យ. ពេល​ដែល​សាសន៍​បាប៊ីឡូន​បំផ្លាញ​ពួក​គេ​ចោល។ ម្ដង​នេះ​ទៀត យើង​ឃើញ​ថា មនុស្ស​ទុច្ចរិត​មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​របស់​ព្រះ​បាន​ឡើយ។

១១​-​១៣​. តើ​អេម៉ុស​ច្រើន​ទាយ​ប្រកាស​ពី​ការ​ជំនុំជំរះ​ទៅ​លើ​សាសន៍​មួយ​ណា? តើ​មាន​ការ​ជិះជាន់​បែប​ណា​នៅ​ក្នុង​ស្រុក​នោះ?

១១ ព្យាការី​អេម៉ុស​ទើប​តែ​ប្រកាស​នូវ​ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​ទៅ​លើ​សាសន៍​ទាំង​ប្រាំ​ពីរ​នោះ។ ប៉ុន្តែ មនុស្ស​ខ្លះ​ដែល​គិត​ថា​ទំនាយ​របស់​អេម៉ុស​ចប់​ត្រឹម​នោះ គឺ​ខុស​ស្រឡះ​ហើយ ពីព្រោះ​អេម៉ុស​មិន​ទាន់​ចប់​ទេ! អេម៉ុស​ត្រូវ​បាន​ចាត់​ឲ្យ​ប្រកាស​ពី​ការ​ជំនុំជំរះ​និង​ការ​កាត់​ទោស​យ៉ាង​ធ្ងន់​ទៅ​លើ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង។ ហើយ​សាសន៍​អ៊ីស្រាអែល​សម​នឹង​ទទួល​ការ​ជំនុំជំរះ​ពី​ព្រះ​មែន ពីព្រោះ​ភាព​សីលធម៌​និង​សាសនា​របស់​សាសន៍​នោះ​គឺ​អាប់ឱន​ទៅៗដោយ​នឹក​ស្មាន​មិន​ដល់។

១២ ទំនាយ​របស់​អេម៉ុស​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ការ​ជិះជាន់​ដែល​មាន​ទូទៅ​ក្នុង​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល។ ស្តី​អំពី​រឿង​នេះ អេម៉ុស ២:៦, ៧ ចែង​ថា៖ «ព្រះ​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ‹ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​អ៊ីស្រាអែល អើ! ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពីព្រោះ​គេ​បាន​លក់​មនុស្ស​សុចរិត​ឲ្យ​បាន​ប្រាក់ ហើយ​មនុស្ស​កំសត់​ទុគ៌ត​ផង ឲ្យ​បាន​ស្បែក​ជើង​១​សំរាប់ សូម្បី​តែ​ធូលីដី​ដែល​នៅ​លើ​ក្បាល​មនុស្ស​កំសត់​ទុគ៌ត​នោះ គេ​ក៏​ដង្ហក់​ចង់​បាន​ដែរ ហើយ​គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​រាប​ទាប›»។

១៣ ពួក​គេ​លក់​មនុស្ស​សុចរិត«ឲ្យ​បាន​ប្រាក់» នេះ​ប្រហែល​ជា​មាន​ន័យ​ថា ពួក​ចៅក្រម​ទទួល​ប្រាក់​សំណូក​រួច​កាត់​ទោស​មនុស្ស​ដែល​គ្មាន​ទោស។ ម្ចាស់​បំណុល​បាន​លក់​ជន​ក្រីក្រ​ឲ្យ​ទៅ​ជា​ខ្ញុំ​កញ្ជះ​ក្នុង​តម្លៃ​ស្មើ​នឹង«ស្បែក​ជើង​១​សំរាប់» គឺ​ថា​បំណុល​តិច​តួច​ស្មើ​នឹង​តម្លៃ​ស្បែក​ជើង។ ពួក​បុរស​ដែល​គ្មាន​មេត្ដា«ដង្ហក់»ឬ​ខំ​ប្រឹង​ជិះជាន់«មនុស្ស​កំសត់​ទុគ៌ត»រហូត​ដល់​ពួក​គេ​បាច​ធូលី​នៅ​លើ​ក្បាល​ខ្លួន ជា​កាយវិការ​បង្ហាញ​ថា ខ្លួន​កើត​ទុក្ខ មាន​ចិត្ត​សោក​សង្រេង ឬ​ត្រូវ​គេ​បន្ទាបបន្ថោក។ អំពើ​ពុក​រលួយ​មាន​ពាស​ពេញ រហូត​ដល់​«មនុស្ស​រាប​ទាប»មិន​សង្ឃឹម​ថា​ខ្លួន​នឹង​អាច​រក​យុត្ដិធម៌​បាន​ឡើយ។

១៤​. តើ​មនុស្ស​បែប​ណា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​ក្នុង​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល ដែល​មាន​កុលសម្ព័ន្ធ​ដប់?

១៤ សូម​កត់​សម្គាល់​មនុស្ស​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ។ ពួក​អ្នក​ស្រុក​នោះ​ជា​មនុស្ស​សុចរិត ជា​ជន​ក្រីក្រ​ទុគ៌ត​និង​មនុស្ស​រាប​ទាប។ កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​សាសន៍​អ៊ីស្រាអែល​បាន​តម្រូវ​ជា​ដាច់ខាត​ឲ្យ​គេ​បង្ហាញ​សេចក្ដី​មេត្ដាករុណា​ចំពោះ​អ្នក​ដែល​គ្មាន​ទីពឹង​និង​អ្នក​ខ្វះ​ខាត។ ចំពោះ​មនុស្ស​ទាំង​នេះ​ដែល​រស់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​ដប់ នោះ​ពួក​គេ​ពិត​ជា​វេទនា​ណាស់។

«ចូរ​រៀបចំ ដើម្បី​ជួប​នឹង​ព្រះ​នៃ​ខ្លួន​ចុះ!»

១៥, ១៦​. (ក) ហេតុ​អ្វី​ក៏​ពួក​អ៊ីស្រាអែល​ត្រូវ​ទទួល​ការ​ព្រមាន​ឲ្យ​«រៀបចំ ដើម្បី​ជួប​នឹង​ព្រះ​នៃ​ខ្លួន»? (ខ) តើ​អេម៉ុស ៩:១, ២ បង្ហាញ​ថា​មនុស្ស​ទុច្ចរិត​មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? (គ) តើ​មាន​អ្វី​កើត​ឡើង​ដល់​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​ដប់​នៅ​ឆ្នាំ​៧៤០​មុនស.យ.?

១៥ អំពើ​អសីលធម៌​និង​អំពើ​អាក្រក់​ផ្សេងៗមាន​ទូទាំង​ស្រុក​អ៊ីស្រាអែល ដូច្នេះ​ពិត​ជា​មាន​ហេតុ​ល្អ​ដែល​ព្យាការី​អេម៉ុស​ព្រមាន​សាសន៍​ដែល​បះបោរ​ទាំង​នេះ​ថា៖ «ចូរ​រៀបចំ ដើម្បី​ជួប​នឹង​ព្រះ​នៃ​ខ្លួន​ចុះ!»។ (អេម៉ុស ៤:១២) ប្រជាជន​អ៊ីស្រាអែល​ដែល​គ្មាន​ចិត្ត​ស្មោះ​ភក្ដី ពុំ​អាច​គេច​ផុត​ពី​ការ​កាត់​ទោស​ដែល​ពួក​គេ​ជិត​នឹង​ទទួល​ពី​ព្រះ​បាន​ឡើយ ពីព្រោះ​ព្រះ​យេហូវ៉ា​ប្រកាស​ជា​លើក​ទី៨​ថា៖ «អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ»។ (អេម៉ុស ២:៦) ស្តី​អំពី​មនុស្ស​ទុច្ចរិត​ដែល​ប្រហែល​ជា​ខំ​ពួន​សម្ងំ​មិន​ឲ្យ​ព្រះ​យេហូវ៉ា​រក​ឃើញ នោះ​ទ្រង់​មាន​បន្ទូល​ថា៖ «ឥត​មាន​អ្នក​ណា​១​ដែល​រត់​ទៅ​បាន ឬ​អ្នក​ណា​ដែល​នឹង​រួច​ឡើយ ទោះ​បើ​គេ​ជីក​ទំលុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​ដោយ គង់​តែ​ដៃ​អញ​នឹង​ចាប់​គេ​មក​ពី​ទី​នោះ​ដែរ ហើយ​ទោះ​បើ​គេ​ប្រឹង​ឡើង​ទៅ​ដល់​ស្ថានសួគ៌ គង់​តែ​អញ​នឹង​នាំ​គេ​ចុះ​ពី​នោះ​មក​វិញ»។—អេម៉ុស ៩:១, ២

១៦ មនុស្ស​ទុច្ចរិត​មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​ដោយ​ជីក«ទំលុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់»បាន​ទេ បើ​និយាយ​ជា​អត្ថបដិរូប​នេះ​សំដៅ​ទៅ​លើ​ការ​ខំ​ពួន​សម្ងំ​នៅ​ក្រោម​ដី​យ៉ាង​ជ្រៅ។ ពួក​គេ​ក៏​មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​របស់​ព្រះ​ដោយ​«ឡើង​ទៅ​ដល់​ស្ថានសួគ៌»ដែរ គឺ​ថា​ខំ​ពួន​នៅ​លើ​ភ្នំ​ខ្ពស់ៗនោះ។ ការ​ព្រមាន​របស់​ព្រះ​យេហូវ៉ា​គឺ​ច្បាស់​ណាស់​ថា គ្មាន​កន្លែង​ពួន​សម្ងំ​ណា​ដែល​ទ្រង់​ចាប់​គេ​ពុំ​បាន​នោះ​ទេ។ យុត្ដិធម៌​របស់​ព្រះ​តម្រូវ​ឲ្យ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ទុច្ចរិត​របស់​ពួក​គេ។ ពេល​ដែល​ពួក​គេ​ត្រូវ​ទទួល​ខុសត្រូវ​បាន​មក​ដល់​ហើយ។ នៅ​ឆ្នាំ​៧៤០​មុនស.យ. ប្រមាណ​៦០​ឆ្នាំ​ក្រោយ​អេម៉ុស​កត់​ទុក​នូវ​ទំនាយ​របស់​គាត់ ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ត្រូវ​សាសន៍​អាសស៊ើរ​វាយ​ដណ្ដើម​យក។

ព្រះ​ជំនុំជំរះ​ចំពោះ​មនុស្ស​ដែល​សម​តែ​ទទួល

១៧, ១៨​. តើ​អេម៉ុស​ជំពូក​ទី៩​បង្ហាញ​អ្វី​អំពី​សេចក្ដី​មេត្ដាករុណា​របស់​ព្រះ?

១៧ បទ​ទំនាយ​របស់​អេម៉ុស​បាន​ជួយ​យើង​ឲ្យ​ឃើញ​ថា ការ​ជំនុំជំរះ​របស់​ព្រះ​តែង​តែ​សក្ដិ​សម ហើយ​ជា​អ្វី​ដែល​មិន​អាច​គេច​ផុត​បាន​ទេ។ ប៉ុន្តែ សៀវភៅ​អេម៉ុស​ក៏​បញ្ជាក់​ថា​ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា គឺ​ទ្រង់​ជំនុំជំរះ​ចំពោះ​មនុស្ស​ដែល​សម​តែ​ទទួល។ ព្រះ​អាច​រក​ឃើញ​មនុស្ស​ទុច្ចរិត​និង​ជំនុំជំរះ​ពួក​គេ​មិន​ថា​ពួក​គេ​ពួន​សម្ងំ​នៅ​កន្លែង​ណា​ក៏​ដោយ។ ទ្រង់​ក៏​បាន​រក​ឃើញ​អ្នក​ទៀងត្រង់​ដែល​ប្រែ​ចិត្ត គឺ​ជា​អ្នក​ដែល​ទ្រង់​សម្រេច​ព្រះទ័យ​ថា​ពួក​គេ​សម​នឹង​ទទួល​សេចក្ដី​មេត្ដាករុណា។ មេ​រៀន​នេះ​បាន​រៀប​រាប់​យ៉ាង​ល្អ​នៅ​ជំពូក​ចុង​ក្រោយ​នៃ​សៀវភៅ​អេម៉ុស។

១៨ យោង​ទៅ​តាម​អេម៉ុស​ជំពូក​ទី៩ ខ​៨ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា៖ «អញ​នឹង​មិន​បំផ្លាញ​ពួក​វង្ស​យ៉ាកុប​អស់​រលីង​ទេ»។ យោង​ទៅ​តាម​ខ​១៣​ដល់​១៥ ព្រះ​យេហូវ៉ា​សន្យា​ថា នឹង​នាំ​រាស្ត្រ​ទ្រង់«ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​មក​វិញ»។ អ្នក​ទាំង​នេះ​នឹង​ទទួល​នូវ​សេចក្ដី​មេត្ដាករុណា ហើយ​មាន​សេចក្ដី​សុខ​និង​មាន​ភាព​សំបូរ​សប្បាយ។ ព្រះ​យេហូវ៉ា​សន្យា​ថា៖ «អ្នក​ភ្ជួររាស់​នឹង​ធ្វើ​ការ ដរាប​ដល់​ជួប​នឹង​អ្នក​ច្រូត​កាត់»។ សូម​គិត​ទៅ​មើល! ចំរូត​សំបូរ​ផល​រហូត​ដល់​ពេល​ចាប់​ផ្ដើម​ភ្ជួររាស់​និង​សាប​ព្រោះ​ម្ដង​ទៀត នៅ​តែ​មិន​ទាន់​ច្រូត​អស់!

១៩​. តើ​មាន​អ្វី​កើត​ឡើង​ដល់​សាសន៍​អ៊ីស្រាអែល​និង​សាសន៍​យូដា​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នោះ?

១៩ យើង​អាច​ដឹង​ថា ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​លើ​មនុស្ស​ទុច្ចរិត​នៅ​ស្រុក​យូដា​និង​ស្រុក​អ៊ីស្រាអែល​បង្ហាញ​ថា ទ្រង់​ជំនុំជំរះ​ចំពោះ​មនុស្ស​ដែល​សម​តែ​ទទួល។ ព្រម​ជា​មួយ​គ្នា​នេះ អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ត​ហើយ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​នឹង​ទទួល​សេចក្ដី​មេត្ដាករុណា។ ក្នុង​ការ​សម្រេច​ទំនាយ​នៃ​ការ​ស្ដារ​ឡើង​វិញ​ដែល​បាន​កត់​ទុក​នៅ​អេម៉ុស​ជំពូក​៩ នោះ​សាសន៍​អ៊ីស្រាអែល​និង​សាសន៍​យូដា​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​បាន​ត្រឡប់​មក​ពី​ការ​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន​នៅ​ឆ្នាំ​៥៣៧​មុនស.យ.។ ដោយ​បាន​ត្រឡប់​មក​នៅ​ស្រុក​កំណើត​ជា​ទី​ស្នេហា​ម្ដង​ទៀត នោះ​ពួក​គេ​បាន​ស្ថាបនា​ការ​ថ្វាយ​បង្គំ​ពិត​ឡើង​វិញ។ ពួក​គេ​ក៏​បាន​សង់​ផ្ទះ​ខ្លួន ហើយ​ដាំ​ទំពាំង​បាយ​ជូរ​និង​ធ្វើ​សួនច្បារ​ថែម​ទាំង​រស់​នៅ​យ៉ាង​សុខសាន្ត។

ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដល់!

២០​. តើ​ការ​ពិចារណា​នូវ​ការ​ព្រមាន​ស្តី​អំពី​ការ​ជំនុំជំរះ​របស់​ព្រះ​ដែល​អេម៉ុស​បាន​ប្រកាស​នោះ គួរ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​អំពី​អ្វី?

២០ ការ​ពិចារណា​នូវ​ការ​ព្រមាន​ស្តី​អំពី​ការ​ជំនុំជំរះ​របស់​ព្រះ​ដែល​អេម៉ុស​បាន​ប្រកាស​នោះ គួរ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​អំពើ​ទុច្ចរិត​នៅ​សម័យ​យើង​ផង​ដែរ។ ហេតុ​អ្វី​យើង​អាច​ជឿ​បាន? ទី​មួយ របៀប​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​អតីតកាល ក៏​បង្ហាញ​ឲ្យ​យើង​ដឹង​អំពី​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​នៅ​សម័យ​យើង​ដែរ។ ទីពីរ ការ​ជំនុំជំរះ​និង​ការ​កាត់​ទោស​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​ក្បត់​ជំនឿ​នោះ បញ្ជាក់​ថា​ព្រះ​នឹង​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​ចំពោះ​ពិភព​គ្រីស្ទ​សាសនា​ដែល​ជា​ផ្នែក​ធំ​បំផុត​នៃ«បាប៊ីឡូន​ដ៏​ធំ» ដែល​ជា​ចក្រភព​សាសនា​មិន​ពិត។—វិវរណៈ ១៨:២

២១​. ហេតុ​អ្វី​ក៏​ពិភព​គ្រីស្ទ​សាសនា​សម​នឹង​ទទួល​ការ​ជំនុំជំរះ​ពី​ព្រះ?

២១ គ្មាន​ការ​សង្ស័យ​ទេ ពិភព​គ្រីស្ទ​សាសនា​សម​នឹង​ទទួល​ការ​ជំនុំជំរះ​ពី​ព្រះ។ ភាព​អាក្រក់​ជួជាតិ​ខាង​សីលធម៌​និង​ខាង​សាសនា​របស់​ពិភព​គ្រីស្ទ​សាសនា​គឺ​ឃើញ​យ៉ាង​ជាក់​ស្តែង។ ការ​ជំនុំជំរះ​និង​ការ​កាត់​ទោស​ពី​ព្រះ​យេហូវ៉ា​ទៅ​លើ​ពិភព​គ្រីស្ទ​សាសនា​និង​របប​លោកីយ៍​របស់​សាតាំង នោះ​សម​នឹង​ទទួល​មែន។ ការ​ជំនុំជំរះ​នឹង​មក​ពិត​ប្រាកដ​ហើយ​គេច​ពុំ​បាន​ឡើយ ដ្បិត​នៅ​ពេល​ព្រះ​យេហូវ៉ា​សម្រេច​តាម​ការ​ជំនុំជំរះ នោះ​ពាក្យ​របស់​អេម៉ុស​នៅ​ជំពូក​ទី៩ ខ​១ នឹង​ជា​ការ​ពិត​ដែល​ថា៖ «ឥត​មាន​អ្នក​ណា​១​ដែល​រត់​ទៅ​បាន ឬ​អ្នក​ណា​ដែល​នឹង​រួច​ឡើយ»។ ពិត​ណាស់ មិន​ថា​ពួក​មនុស្ស​ទុច្ចរិត​ពួន​សម្ងំ​នៅ​កន្លែង​ណា​ក្ដី ក៏​ព្រះ​យេហូវ៉ា​នឹង​រក​ពួក​គេ​ឃើញ។

២២​. ចំពោះ​ការ​ជំនុំជំរះ​របស់​ព្រះ តើ​ថែស្សាឡូនីចទី២ ១:៦​-​៨ បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ចំណុច​ណា?

២២ ការ​ជំនុំជំរះ​របស់​ព្រះ​នោះ​តែង​តែ​សក្ដិ​សម និង​មនុស្ស​ទុច្ចរិត​ពុំ​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​បាន​ទេ ហើយ​ព្រះ​យេហូវ៉ា​ជំនុំជំរះ​ចំពោះ​មនុស្ស​ដែល​សម​តែ​ទទួល។ ពាក្យ​របស់​សាវ័ក​ប៉ុល​ក៏​បញ្ជាក់​ពី​នេះ​ដែល​ថា៖ «ដ្បិត​នេះ​ជា​សេចក្ដី​សុចរិត​នៅ​ចំពោះ​ព្រះ គឺ​នឹង​សង​សេចក្ដី​ទុក្ខ​លំបាក​ដល់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ដល់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​នោះ បាន​សំរាក​ជា​មួយ​នឹង​យើង​ខ្ញុំ​វិញ ក្នុង​កាល​ដែល​ព្រះ​អម្ចាស់​យេស៊ូវ ទ្រង់​លេច​មក​ពី​ស្ថានសួគ៌​ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ​ចេស្ដា​ទ្រង់ នៅ​ក្នុង​អណ្ដាត​ភ្លើង​ទាំង​សងសឹក​នឹង​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង»។ (ថែស្សាឡូនីចទី២ ១:៦​-​៨) «នេះ​ជា​សេចក្ដី​សុចរិត​នៅ​ចំពោះ​ព្រះ»ដែល​ព្រះ​នឹង​ជំនុំជំរះ​ពួក​អ្នក​ដែល​ធ្វើ​បាប​ពួក​អ្នក​ចាក់​ប្រេង​តាំង។ ពួក​គេ​នឹង​មិន​គេច​ផុត​ពី​ការ​ជំនុំជំរះ​នោះ​ឡើយ ពីព្រោះ​មនុស្ស​ទុច្ចរិត​នឹង​មិន​រួច​រស់​ជីវិត​ក្នុង​កាល​ដែល​‹ព្រះ​អម្ចាស់​យេស៊ូ​លេច​មក​ជា​មួយ​នឹង​ពួក​ទេវតា​នៃ​ព្រះ​ចេស្ដា​ទ្រង់​នៅ​ក្នុង​អណ្ដាត​ភ្លើង›។ ព្រះ​យេហូវ៉ា​ជំនុំជំរះ​ចំពោះ​មនុស្ស​ដែល​សម​តែ​ទទួល​ក្នុង​ន័យ​ថា ព្រះ​យេស៊ូ​នឹង​សងសឹក«ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ»។ ការ​ជំនុំជំរះ​របស់​ព្រះ​នឹង​សម្រាល​ទុក្ខ​ដល់​មនុស្ស​កោត​ខ្លាច​ព្រះ​ដែល​រង​ទុក្ខ​វេទនា។

សេចក្ដី​សង្ឃឹម​ចំពោះ​មនុស្ស​ទៀងត្រង់

២៣​. តើ​សៀវភៅ​អេម៉ុស​មាន​សារ​អ្វី​ដែល​សម្រាល​ទុក្ខ​និង​ផ្ដល់​សេចក្ដី​សង្ឃឹម?

២៣ ទំនាយ​របស់​អេម៉ុស​ក៏​មាន​សារ​ដែល​សម្រាល​ទុក្ខ​និង​ផ្ដល់​សេចក្ដី​សង្ឃឹម​ចំពោះ​អស់​អ្នក​ដែល​សម​នឹង​ទទួល​ដែរ។ ដូច​បាន​ទាយ​ក្នុង​សៀវភៅ​អេម៉ុស ព្រះ​យេហូវ៉ា​មិន​បំផ្លាញ​រាស្ត្រ​ទ្រង់​ឲ្យ​អស់​រលីង​នៅ​សម័យ​ពី​បុរាណ​ទេ។ នៅ​ទីបំផុត​ទ្រង់​បាន​នាំ​ពួក​ឈ្លើយ​សាសន៍​អ៊ីស្រាអែល​និង​សាសន៍​យូដា​ត្រឡប់​មក​ស្រុក​កំណើត​វិញ ហើយ​ប្រទាន​ពរ​ទៅ​លើ​ពួក​គេ​ឲ្យ​មាន​សេចក្ដី​សុខ​បរិបូរ​និង​មាន​ភាព​សំបូរ​សប្បាយ។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​សំរាប់​សម័យ​យើង​នេះ? យើង​អាច​ជឿជាក់​ថា ក្នុង​កំឡុង​ពេល​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា ទ្រង់​អាច​រក​ឃើញ​មនុស្ស​ទុច្ចរិត​ទោះ​ជា​ពួក​គេ​ពួន​កន្លែង​ណា​ក៏​ដោយ ហើយ​ទ្រង់​ក៏​អាច​រក​ឃើញ​អ្នក​ដែល​សម​នឹង​ទទួល​សេចក្ដី​មេត្ដាករុណា មិន​ថា​ពួក​គេ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ​នៅ​លើ​ផែនដី។

២៤​. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​នេះ​បាន​ទទួល​ពរ​អ្វី​ខ្លះ?

២៤ កាល​ដែល​យើង​រង់ចាំ​ពេល​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​លើ​ពួក​មនុស្ស​ទុច្ចរិត តើ​យើង​ជា​អ្នក​បំរើ​ស្មោះ​ភក្ដី​នឹង​ពិសោធ​អ្វី? ព្រះ​យេហូវ៉ា​ប្រទាន​ពរ​មក​លើ​យើង គឺ​ជា​ភាព​សំបូរ​សប្បាយ​លើស​លប់​ខាង​វិញ្ញាណ។ ការ​ថ្វាយ​បង្គំ​របស់​យើង​គ្មាន​ការ​បំភ្លៃ​សេចក្ដី​ពិត​ដោយ​សេចក្ដី​បង្រៀន​មិន​ពិត​របស់​ពិភព​គ្រីស្ទ​សាសនា​ទេ។ ព្រះ​យេហូវ៉ា​ក៏​បាន​ប្រទាន​ពរ​ឲ្យ​យើង​មាន​អាហារ​ខាង​វិញ្ញាណ​បរិបូរ។ ប៉ុន្តែ សូម​ចង​ចាំ​ថា ដោយ​បាន​ទទួល​ពរ​ជា​ច្រើន​យ៉ាង​នេះ​ពី​ព្រះ​យេហូវ៉ា យើង​ក៏​មាន​ភារកិច្ច​ធំ​ដែរ។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ព្រមាន​អ្នក​ឯ​ទៀត​អំពី​ការ​ជំនុំជំរះ​ដែល​កំពុង​តែ​មក​ដល់។ យើង​គួរ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ស្វែង​រក​ពួក​អ្នក​ដែល​«សម​ទទួល​ជីវិត​ជា​រៀង​រហូត»។ (កិច្ចការ ១៣:៤៨, ព.ថ.) ពិត​ណាស់​ថា យើង​ចង់​ជួយ​មនុស្ស​ច្រើន​បំផុត​ឲ្យ​ចូល​រួម​ជា​មួយ​យើង​ក្នុង​ភាព​សំបូរ​សប្បាយ​ខាង​វិញ្ញាណ ដែល​យើង​មាន​ឥឡូវ​នេះ។ ហើយ​យើង​ចង់​ឲ្យ​ពួក​គេ​រួច​រស់​ជីវិត​ពេល​ព្រះ​ជំនុំជំរះ​និង​កាត់​ទោស​មនុស្ស​ទុច្ចរិត​ខាង​មុខ​នេះ។ ពិត​មែន​ថា ដើម្បី​ទទួល​ពរ​ទាំង​នេះ​យើង​ត្រូវ​តែ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ នេះ​ក៏​ត្រូវ​បញ្ជាក់​ក្នុង​ទំនាយ​របស់​អេម៉ុស​ដែរ ដែល​យើង​នឹង​ពិនិត្យ​មើល​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

• តើ​ទំនាយ​របស់​អេម៉ុស​បង្ហាញ​យ៉ាង​ណា​ថា ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​សក្ដិ​សម?

• តើ​អេម៉ុស​បាន​ផ្ដល់​ភស្តុតាង​អ្វី​ដើម្បី​បង្ហាញ​ថា​ការ​ជំនុំជំរះ​របស់​ព្រះ​គឺ​មិន​អាច​គេច​ផុត​បាន?

• តើ​សៀវភៅ​អេម៉ុស​បង្ហាញ​ថា ព្រះ​ជំនុំជំរះ​ចំពោះ​មនុស្ស​ដែល​សម​តែ​ទទួល​យ៉ាង​ដូច​ម្ដេច?

[រូបភាព​នៅ​ទំព័រ​២៥]

ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជំរះ​របស់​ព្រះ​បាន​ទេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក