ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅយ៉ូអែលនិងអេម៉ុស
លោកយ៉ូអែលមិនរៀបរាប់ច្រើនអំពីជីវប្រវត្ដិរបស់ខ្លួនគាត់ទេ លើកលែងតែថា គាត់«ជាកូនពេធូអែល»។ (យ៉ូអែល ១:១) ក្នុងសៀវភៅដែលយ៉ូអែលសរសេរនោះ គាត់មិនសូវរៀបរាប់ពីរឿងឯទៀតទេ ក្រៅពីសារដែលគាត់ត្រូវផ្សាយ។ ជាលទ្ធផល យើងត្រូវតែប៉ាន់ស្មានអំពីឆ្នាំដែលគាត់សរសេរទំនាយនោះ។ យើងយល់ថា យ៉ូអែលសរសេរសៀវភៅរបស់គាត់ប្រហែលជានៅឆ្នាំ៨២០ មុនគ.ស. គឺអស់៩ឆ្នាំក្រោយស្តេចអូសៀសបានចាប់ផ្ដើមគ្រប់គ្រងនៅរាជាណាចក្រយូដា។ ហេតុអ្វីបានជាយ៉ូអែលមិនសរសេរច្រើនអំពីខ្លួនគាត់? តាមមើលទៅ គាត់ចង់ដៅបញ្ជាក់ពីសារដែលគាត់ផ្សាយ មិនមែនពីអ្នកនាំសារទេ។
នៅសម័យរបស់ស្តេចអូសៀសនោះ ព្រះយេហូវ៉ាក៏បានតែងតាំងលោកអេម៉ុសឲ្យធ្វើជាអ្នកប្រកាសទំនាយរបស់ទ្រង់ដែរ។ អេម៉ុសជាអ្នកស្រុកយូដា ដែលជា«អ្នកគង្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរ»ឬផ្លែល្វាប្រភេទល្អ។ (អេម៉ុស ៧:១៤) យ៉ូអែលបានប្រកាសទំនាយរបស់ព្រះយេហូវ៉ាដល់បណ្ដាជនយូដា។ រីឯអេម៉ុសវិញ ព្រះយេហូវ៉ាចាត់គាត់ឲ្យទៅប្រកាសសារដល់បណ្ដាជនក្នុងរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០ ហើយស្ថិតនៅប៉ែកខាងជើងស្រុកយូដា។ អេម៉ុសបានសរសេរសៀវភៅរបស់គាត់ដោយប្រើពាក្យសាមញ្ញធម្មតា តែសាររបស់គាត់ក៏រស់រវើកផងដែរ។ អេម៉ុសសរសេរចប់សៀវភៅរបស់គាត់ប្រហែលជានៅឆ្នាំ៨០៤ មុនគ.ស. ក្រោយគាត់បានត្រឡប់ទៅស្រុកយូដាវិញ។
ម្ដេចក៏‹ថ្ងៃនោះវរហើយ›?
ព្រះយេហូវ៉ាឲ្យយ៉ូអែលស្រមៃឃើញក្រា កណ្ដូបនិងចង្រិតចូលពេញស្រុកយ៉ាងសន្ធឹកណាស់! ទ្រង់ក៏សំដៅទៅលើសត្វទាំងនោះជា«ជាតិ១ធំ» និង«មនុស្សខ្លាំងពូកែ»។ (យ៉ូអែល ១:៤; ២:២-៧) យ៉ូអែលស្រែកថ្ងូរថា៖ «វរហើយថ្ងៃនោះ! ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ។ ថ្ងៃនោះនឹងមកដូចជាការបំផ្លាញពីព្រះដ៏មានគ្រប់ព្រះចេស្ដា»។ (យ៉ូអែល ១:១៥) ព្រះយេហូវ៉ាទូន្មានពួកអ្នកនៅក្រុងស៊ីយ៉ូនថា៖ «ចូរឲ្យឯងរាល់គ្នាវិលមកឯអញឲ្យអស់អំពីចិត្ត»។ បើពួកគេវិលមកឯព្រះយេហូវ៉ាមែន ទ្រង់នឹងមានចិត្ត«អាណិតមេត្ដាដល់រាស្ត្រទ្រង់» និងកម្ចាត់«ពលទ័ពពីទិសខាងជើង»ឲ្យឆ្ងាយចេញ ដែលសំដៅទៅលើសត្វយ៉ាងសន្ធឹកដែលបានចូលស៊ីអ្វីៗទាំងអស់។ ប៉ុន្តែ មុនថ្ងៃដ៏ធំនៃព្រះយេហូវ៉ាមកដល់ ទ្រង់នឹង«ចាត់វិញ្ញាណរបស់[ទ្រង់]ទៅលើគ្រប់ទាំងមនុស្ស» ព្រមទាំង«សំដែងការអស្ចារ្យនៅលើមេឃហើយនៅផែនដីផង»។—យ៉ូអែល ២:១២, ១៨-២០, ២៨-៣១
ព្រះយេហូវ៉ាអញ្ជើញអស់ទាំងជនជាតិឲ្យត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម ដោយមានប្រសាសន៍ថា៖ «ចូរដំដែកផាលរបស់ឯងរាល់គ្នាធ្វើជាដាវ ហើយដង្កាវរបស់ឯងធ្វើជាលំពែងទៅ»។ ព្រះយេហូវ៉ាបង្គាប់ឲ្យពួកគេទៅ«ឯច្រកភ្នំយេហូសាផាត» ជាទីកន្លែងដែលទ្រង់នឹងជំនុំជម្រះហើយបំផ្លាញពួកគេចោល។ «ប៉ុន្តែ យូដានឹងស្ថិតស្ថេរនៅជាដរាប»វិញ។—យ៉ូអែល ៣:១០, ១២, ២០
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:១៥; ២:១, ១១, ៣១; ៣:១៤—តើ«ថ្ងៃនៃព្រះយេហូវ៉ា»សំដៅទៅលើអ្វី? ថ្ងៃនៃព្រះយេហូវ៉ាជាគ្រាដែលទ្រង់កាត់ទោសខ្មាំងសត្រូវទាំងឡាយ ដូច្នេះជាគ្រាដែលពួកគេវិនាសទៅ ហើយនាំឲ្យអ្នកថ្វាយបង្គំពិតទទួលសេចក្ដីសង្គ្រោះ។ ជាឧទាហរណ៍ ជនជាតិបាប៊ីឡូនពីបុរាណបានឆ្លងកាត់គ្រាបែបនោះនៅឆ្នាំ៥៣៩ មុនគ.ស. ពេលពួកមេឌីពើស៊ីបានដណ្ដើមយកទីក្រុងបាប៊ីឡូន។ (អេសាយ ១៣:១, ៦) នៅសម័យនេះ «ថ្ងៃ»មួយទៀត«នៃព្រះយេហូវ៉ា»បានមកជិតដែរ ពោលគឺ គ្រាដែលទ្រង់វិនិច្ឆ័យទោសលើ«បាប៊ីឡូនដ៏ជាធំ» ដែលសំដៅទៅលើសាសនាមិនពិតទាំងឡាយដែលប្រៀបដូចជាចក្រភពមួយ។—វិវរណៈ ១៨:១-៤, ២១
២:១-១០, ២៨—តើបទទំនាយអំពីក្រា កណ្ដូបនិងចង្រិតដែលចូលមកយ៉ាងសន្ធឹកនោះ បានសម្រេចយ៉ាងណា? ស្តីអំពីសត្វច្រើនសន្ធឹកដែលស៊ីដំណាំអស់នៅស្រុកយូដា គ្មានកំណត់ហេតុអ្វីសោះក្នុងគម្ពីរដែលបញ្ជាក់ថា អ្វីដែលពិពណ៌នាក្នុងសៀវភៅយ៉ូអែលនោះ ពិតជាបានកើតឡើងដល់ទំហំនោះឡើយ។ ដូច្នេះតាមមើលទៅ អ្វីដែលយ៉ូអែលសរសេរនោះ តំណាងព្រឹត្ដិការណ៍នៅឆ្នាំ៣៣ គ.ស. ពេលព្រះយេហូវ៉ាបានចាត់វិញ្ញាណឬប្រទានសកម្មពលរបស់ទ្រង់ទៅលើគ្រិស្តសាសនិកដំបូងនោះ ហើយពួកគេក៏ចាប់ផ្ដើមប្រកាសសារដែលធ្វើទុក្ខដល់ពួកមេដឹកនាំសាសនា។ (កិច្ចការ ២:១, ១៤-២១; ៥:២៧-៣៣) នៅសព្វថ្ងៃនេះ យើងក៏មានឯកសិទ្ធិធ្វើកិច្ចការដែលមានលក្ខណៈប្រហាក់ប្រហែលនឹងអ្វីដែលពួកគេបានធ្វើនៅគ្រានោះ។
២:៣២—តើការ«អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា»រួមបញ្ចូលអ្វីខ្លះ? ការអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាមានន័យថា យើងស្គាល់ឈ្មោះរបស់ទ្រង់ និងលើកកិត្ដិយសទ្រង់ផង ព្រមទាំងទុកចិត្តនិងពឹងផ្អែកទៅលើព្រះដែលមានឈ្មោះនោះ។—រ៉ូម ១០:១៣, ១៤
៣:១៤—តើ«ច្រកភ្នំនៃការសំរេចទោស»សំដៅទៅលើអ្វី? នេះបានសរសេរក្នុងន័យធៀប ហាក់ដូចជាព្រះយេហូវ៉ាមានកន្លែងមួយដែលទ្រង់វិនិច្ឆ័យទោស។ ឈ្មោះរបស់ស្តេចយ៉ូសាផាតនៃរាជាណាចក្រយូដា មានន័យថា «ព្រះយេហូវ៉ាជាចៅក្រម»។ ពេលពលទ័ពពីប្រទេសជិតខាងស្រុកយូដាបានពាធាលើពួកគេនៅសម័យយ៉ូសាផាតនោះ ព្រះយេហូវ៉ាបានប្រោសពួកយូដាឲ្យរួចដោយបំភាន់កងទ័ពរបស់ពួកសត្រូវ។ ហេតុនេះហើយបានជាច្រកភ្នំនៃការសម្រេចទោសបានហៅថា «ច្រកភ្នំយេហូសាផាត»ក៏បាន។ (យ៉ូអែល ៣:២, ១២) នៅសម័យនេះ ច្រកភ្នំនៃការសម្រេចទោសមិនមែនជាកន្លែងពិតប្រាកដទេ តែមានន័យធៀបហាក់ដូចជាព្រះយេស៊ូមានកន្លែងមួយដែលទ្រង់នឹងជាន់ប្រជាជាតិទាំងឡាយ ដូចអ្នកដែលជាន់ផ្លែទំពាំងបាយជូរក្នុងធុងឃ្នាប។—វិវរណៈ ១៩:១៥
មេរៀនសម្រាប់យើង:
១:១៣, ១៤: សេចក្ដីសង្គ្រោះផ្អែកទៅលើការប្រែចិត្តយ៉ាងស្មោះ និងការទទួលស្គាល់ព្រះយេហូវ៉ាជាព្រះពិត។
២:១២, ១៣: ការប្រែចិត្តយ៉ាងស្មោះតែងតែផុសចេញពីចិត្ត។ មនុស្សមិនគួរប្រែចិត្តតែសម្បកក្រៅ ហាក់ដូចជា«ហែកអាវខ្លួន»ទេ តែពួកគេគួរប្រែចិត្តយ៉ាងស្មោះហាក់ដូចជា«ហែកចិត្ត»ទៅវិញ។
២:២៨-៣២: មានតែ«អស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា[ដែល]នឹងបានប្រោសឲ្យរួច»នៅ«ថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ា»។ យើងគួរដឹងគុណចំពោះព្រះយេហូវ៉ាដែលចាត់វិញ្ញាណឬសកម្មពលរបស់ទ្រង់ទៅលើគ្រប់ទាំងមនុស្ស ដោយប្រទានឲ្យមនុស្សប្រុសនិងស្រី ចាស់និងក្មេងរួមចំណែកក្នុងកិច្ចការទាយឬកិច្ចការប្រកាសនូវ«ការអស្ចារ្យរបស់ព្រះ»។ (កិច្ចការ ២:១១) ដោយសារថ្ងៃនៃព្រះយេហូវ៉ាកៀកណាស់ហើយ យើងគួរមាន«កិរិយាបរិសុទ្ធ»និង«គោរពប្រតិបត្ដិ»ដល់ព្រះយេហូវ៉ាអស់ពីចិត្ត មែនទេ?—ពេត្រុសទី២ ៣:១០-១២
៣:៤-៨, ១៩: យ៉ូអែលបានទាយថា ព្រះយេហូវ៉ានឹងវិនិច្ឆ័យទោសលើប្រទេសជិតខាងស្រុកយូដា ដោយសារពួកគេបានធ្វើបាបដល់រាស្ត្រទ្រង់។ ទំនាយនោះបានសម្រេចពេលស្តេចនេប៊ូក្នេសា ជាជនជាតិបាប៊ីឡូន បានបំផ្លាញចោលទីក្រុងទីរ៉ុសដែលស្ថិតនៅលើដីគោក។ យូរឆ្នាំក្រោយមក ពេលពលទ័ពរបស់លោកអាឡិចសង់ដ៏ឧត្តមបានយកឈ្នះទីក្រុងទីរ៉ុសដែលស្ថិតនៅលើដីកោះ ពួកគេបានសម្លាប់ទាហាននិងអ្នកធំរាប់ពាន់នាក់នៅទីក្រុងនោះ ហើយបានយកបណ្ដាជន៣០.០០០នាក់ ទៅលក់ជាខ្ញុំបម្រើវិញ។ អាឡិចសង់និងអ្នកដែលស្នងរាជ្យពីគាត់ បានប្រព្រឹត្តយ៉ាងដូច្នោះចំពោះពួកភីលីស្ទីនដែរ ហើយជាង៣០០ឆ្នាំ មុនគ.ស. ស្រុកអេដំមបានទៅជាស្ងាត់ច្រៀបផង។ (ម៉ាឡាគី ១:៣) បទទំនាយទាំងនេះពង្រឹងជំនឿរបស់យើងទៅលើព្រះយេហូវ៉ា ជាព្រះដែលបំពេញតាមសេចក្ដីសន្យារបស់ទ្រង់។ ទំនាយទាំងនេះក៏បង្ហាញអំពីរបៀបដែលព្រះយេហូវ៉ានឹងប្រព្រឹត្តទៅលើជនជាតិទាំងឡាយដែលបៀតបៀនរាស្ត្ររបស់ទ្រង់នៅសព្វថ្ងៃនេះ។
៣:១៦-២១: «ផ្ទៃមេឃហើយផែនដីនឹងកក្រើករំពើក»មែន ហើយព្រះយេហូវ៉ានឹងវិនិច្ឆ័យទោសទៅលើជនជាតិទាំងឡាយ។ «តែព្រះយេហូវ៉ានឹងធ្វើជាទីពំនាក់ដល់រាស្ត្រទ្រង់» ហើយនឹងប្រទានជីវិតដល់ពួកគេក្នុងសួនមនោរម។ ដោយសារថ្ងៃដែលព្រះយេហូវ៉ានឹងកាត់ទោសលើពិភពលោកអាក្រក់នេះកៀកណាស់ហើយ គប្បីឲ្យយើងតាំងចិត្តរក្សាឲ្យមានភាពជិតស្និទ្ធជាមួយនឹងទ្រង់ មែនទេ?
«ចូររៀបចំដើម្បីជួបនឹងព្រះនៃខ្លួនចុះ!»
អេម៉ុសមានសារដែលគាត់ត្រូវប្រកាសដល់ជនជាតិទាំងឡាយ ដែលជាសត្រូវក្នុងប្រទេសជិតខាងពួកអ៊ីស្រាអែល ហើយគាត់ក៏មានសារមួយទៀតជូនចំពោះរាជាណាចក្រយូដានិងរាជាណាចក្រអ៊ីស្រាអែលដែរ។ អេម៉ុសប្រកាសថា ជនជាតិស៊ីរី ភីលីស្ទីន ទីរ៉ុស អេដំមនិងម៉ូអាប់នឹងវិនាសទៅ ពីព្រោះពួកគេបានប្រព្រឹត្តយ៉ាងសាហាវទៅលើរាស្ត្ររបស់ព្រះយេហូវ៉ា។ ពួកអ្នកនៅស្រុកយូដាក៏នឹងវិនាសទៅដែរ «ពីព្រោះគេបានបោះបង់ចោលក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»។ (អេម៉ុស ២:៤) ចុះយ៉ាងណាចំពោះរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០? បណ្ដាជនទាំងនោះបានប្រព្រឹត្តអំពើដែលប្រាសចាកសីលធម៌ ទាំងប្រព្រឹត្តមិនសមគួរទៅលើអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា ហើយបានបង្ហាញចិត្តលោភដោយសង្កត់សង្កិនជនក្រីក្រ។ អេម៉ុសព្រមានពួកគេថា ព្រះយេហូវ៉ានឹង«ធ្វើទោសដល់អាសនានៃបេតអែលទាំងប៉ុន្មាន» ក៏«នឹងវាយបំផ្លាញអស់ទាំងផ្ទះសំរាប់រដូវរងា នឹងផ្ទះសំរាប់រដូវក្ដៅផង»។—អេម៉ុស ៣:១៤, ១៥
ចំពោះជនជាតិអ៊ីស្រាអែលដែលថ្វាយបង្គំរូបព្រះវិញ ព្រះយេហូវ៉ាបានកាត់ទោសពួកគេដោយរបៀបផ្សេងៗរួចទៅហើយ តែពួកគេនៅរឹងរូសនៅឡើយ។ ដូច្នេះ អេម៉ុសប្រាប់ពួកគេថា៖ «ចូររៀបចំដើម្បីជួបនឹងព្រះនៃខ្លួនចុះ!»។ (អេម៉ុស ៤:១២) ពេលថ្ងៃនៃព្រះយេហូវ៉ាមកដល់នោះ ពួកអ៊ីស្រាអែល«ត្រូវទៅជាឈ្លើយខាងនាយក្រុងដាម៉ាស» គឺនៅស្រុកអាសស៊ើរ។ (អេម៉ុស ៥:២៧) ទោះជាសង្ឃម្នាក់ពីទីក្រុងបេតអែលបានបៀតបៀនអេម៉ុសយ៉ាងខ្លាំងក្ដី អេម៉ុសនៅតែមិនខ្លាច។ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់អេម៉ុសថា៖ «ចុងបំផុតបានមកដល់អ៊ីស្រាអែលជារាស្ត្រអញហើយ។ អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»។ (អេម៉ុស ៨:២) មិនថាពួកគេពួននៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ឬឡើងទៅឯកំពូលភ្នំក្ដី ពួកគេមិនអាចរួចខ្លួនពីទោសដែលព្រះយេហូវ៉ានឹងដាក់លើពួកគេឡើយ។ (អេម៉ុស ៩:២, ៣) ប៉ុន្តែ ព្រះយេហូវ៉ាក៏សន្យាថា ទ្រង់នឹងនាំរាស្ត្រទ្រង់ឲ្យមកស្រុកវិញដែរ។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អញនឹងនាំពួកអ៊ីស្រាអែល ជារាស្ត្រអញដែលជាប់ជាឈ្លើយឲ្យមកវិញ។ គេនឹងសង់អស់ទាំងទីក្រុងខូចបង់ឡើង ព្រមទាំងអាស្រ័យនៅផង។ គេនឹងដាំចំការទំពាំងបាយជូរ ក៏នឹងផឹកស្រាទំពាំងបាយជូរជាផលពីចំការនោះ។ គេនឹងដាំច្បារ ហើយស៊ីផលនោះដែរ»។—អេម៉ុស ៩:១៤
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៤:១—តើ«ពួកគោពីស្រុកបាសាន»តំណាងអ្នកណា? ស្រុកបាសានជាដីរាបស្មើនៅលើទីខ្ពស់ ហើយស្ថិតនៅប៉ែកខាងកើតសមុទ្រកាលីឡេ។ ស្រុកនោះល្បីថាមានសត្វដែលមានគុណភាពល្អប្រសើរ រួមទាំងសត្វគោផង។ មូលហេតុមួយ គឺដោយសារតំបន់នោះមានវាលដែលមានស្មៅខ្ចីល្អ។ អេម៉ុសប្រៀបធៀបពួកស្ត្រីនៅក្រុងសាម៉ារី ដែលចូលចិត្តរបៀបរស់នៅដ៏ហ៊ឺហានោះ ទៅនឹងសត្វគោនៅស្រុកបាសាន។ ស្ត្រីទាំងនោះទំនងជាបានបង្ខិតបង្ខំ«ចៅហ្វាយរបស់ខ្លួន» ដែលជាស្វាមីនាង ឲ្យសង្កត់សង្កិនពួកក្រីក្រដើម្បីឲ្យភរិយារបស់ខ្លួនមានទ្រព្យសម្បត្ដិកាន់តែច្រើនឡើង។
៤:៦—តើពាក្យ«ធ្មេញស្អាត»ក្នុងករណីនេះ មានន័យអ្វី? ដោយសារវគ្គមួយនេះក៏សំដៅទៅលើការ«ខ្វះខាតអាហារ»ដែរ «ធ្មេញស្អាត»នេះប្រហែលជាសំដៅទៅលើគ្រាដែលមានទុរភិក្ស ហើយបណ្ដាជនមានធ្មេញស្អាតរហូតពីព្រោះអត់មានម្ហូបអាហារ។
៥:៥—តើជនជាតិអ៊ីស្រាអែល‹មិនគួររកដល់បេតអែល›យ៉ាងដូចម្ដេច? ស្តេចយេរ៉ូបោមបានរៀបចំឲ្យមានកម្មវិធីថ្វាយបង្គំរូបកូនគោនៅឯទីក្រុងបេតអែល។ ចាប់ពីពេលនោះទៅ ទីក្រុងបេតអែលជាមជ្ឈមណ្ឌលនៃការថ្វាយបង្គំមិនពិត។ តាមមើលទៅ អ្នកក្បត់ជំនឿបានទៅថ្វាយបង្គំនៅទីក្រុងគីលកាលនិងក្រុងបៀរសេបាដែរ។ បើបណ្ដាជនអ៊ីស្រាអែលចង់រួចខ្លួនពីសេចក្ដីហិនវិនាសដែលបានទាយទុកជាមុននោះ ពួកគេមិនគួរធ្វើដំណើរទៅក្រុងទាំងនោះដើម្បីចូលរួមការថ្វាយបង្គំមិនពិតទៀតទេ តែពួកគេត្រូវតែស្វែងរកព្រះយេហូវ៉ាវិញ។
៧:១—តើ‹ស្មៅដែលបានច្រូតថ្វាយស្តេច›នោះ សំដៅទៅលើអ្វី? ស្មៅនោះទំនងជាសំដៅទៅលើពន្ធដារដែលស្តេចទារដើម្បីចិញ្ចឹមអស់អ្នកដែលជិះសេះក្នុងកិច្ចបម្រើស្តេច ហើយដើម្បីបំប៉នសត្វទាំងឡាយរបស់ស្តេចផង។ បណ្ដាជនត្រូវតែបង់ពន្ធដារនោះ«នៅវេលាដែលស្មៅកំពុងលាស់ឡើងជាថ្មី . . . ក្រោយដែលបានច្រូតម្ដង»ហើយ។ រួចមក បណ្ដាជនអាចច្រូតស្រែនិងប្រមូលផលរបស់ខ្លួន។ ប៉ុន្តែ មុនពួកគេធ្វើដូច្នេះបាន កណ្ដូបមួយហ្វូងបានហើរមកស៊ីផលដំណាំទាំងអស់របស់ពួកគេ។
៨:១, ២—តើ«កំប្រោងពេញដោយផ្លែរដូវក្ដៅ»តំណាងអ្វី? ពាក្យនោះបង្កប់អត្ថន័យថា ថ្ងៃនៃព្រះយេហូវ៉ាបានមកកាន់តែជិតហើយ។ ពួកអ៊ីស្រាអែលបានបេះផ្លែរដូវក្ដៅពេលបានប្រមូលផលចម្រូតជិតចប់ នៅជិតដំណាច់ឆ្នាំ។ ពេលព្រះយេហូវ៉ាឲ្យអេម៉ុសឃើញ«កំប្រោងពេញដោយផ្លែរដូវក្ដៅ»នោះ នេះមានន័យថា ទីបញ្ចប់ឬការហិនហោចរបស់ជនជាតិអ៊ីស្រាអែលបានមកកាន់តែជិត។ ដូច្នេះ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់អេម៉ុសថា៖ «ចុងបំផុតបានមកដល់អ៊ីស្រាអែលជារាស្ត្រអញហើយ។ អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»។
មេរៀនសម្រាប់យើង:
១:៣, ៦, ៩, ១១, ១៣; ២:១, ៤, ៦: ព្រះយេហូវ៉ាមានកំហឹងខ្លាំងចំពោះពួកអ៊ីស្រាអែល ពួកយូដានិងជនជាតិទាំង៦ដែលនៅជិតខាងស្រុកទាំងពីរនោះ ដូច្នេះទ្រង់មានប្រសាសន៍ថា៖ «អញនឹងមិនព្រមលើកទោសគេចោលឡើយ»។ ពេលព្រះយេហូវ៉ាវិនិច្ឆ័យទោស គ្មាននរណាអាចគេចរួចទេ។—អេម៉ុស ៩:២-៥
២:១២: យើងមិនគួរធ្វើឲ្យអ្នកត្រួសត្រាយ អ្នកធ្វើដំណើរត្រួតពិនិត្យ សាសនទូតនិងបងប្អូនដែលធ្វើការនៅការិយាល័យបេតអែលធ្លាក់ទឹកចិត្តឡើយ ដោយជំរុញចិត្តពួកគេឲ្យឈប់ធ្វើកិច្ចបម្រើពេញពេលនោះ ដើម្បីឲ្យមានរបៀបរស់នៅដូចមនុស្សភាគច្រើនក្នុងពិភពលោកនេះ។ ផ្ទុយទៅវិញ យើងគួរលើកទឹកចិត្តពួកគាត់ឲ្យធ្វើកិច្ចបម្រើល្អនោះជាបន្ត។
៣:៨: ពេលសិង្ហស្រែកគ្រហឹម មនុស្សចេះតែភ័យព្រួយ។ ដូចគ្នាដែរ ពេលព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់អេម៉ុសថា៖ «ចូរទៅទាយដល់អ៊ីស្រាអែលជារាស្ត្រអញចុះ!» គាត់បានទៅភ្លាម។ (អេម៉ុស ៧:១៥) បើយើងកោតខ្លាចព្រះយេហូវ៉ា នេះនឹងជំរុញយើងឲ្យផ្សព្វផ្សាយសាររាជាណាចក្ររបស់ទ្រង់ដោយចិត្តខ្នះខ្នែង។
៣:១៣-១៥; ៥:១១: ទោះជាអេម៉ុសជាអ្នកសាមញ្ញធម្មតាដែលឃ្វាលសត្វក្ដី ព្រះយេហូវ៉ាបានជួយគាត់ឲ្យ«ធ្វើបន្ទាល់»ឬផ្សព្វផ្សាយដល់មនុស្សដែលធ្វើព្រងើយកន្តើយនឹងសាររបស់គាត់ពីព្រោះពួកគេជាអ្នកមានស្តុកស្តម្ភ។ ដូចគ្នាដែរ ព្រះយេហូវ៉ាអាចប្រទានឲ្យយើងនូវសមត្ថភាពផ្សព្វផ្សាយសាររាជាណាចក្ររបស់ទ្រង់ សូម្បីតែនៅតំបន់ដែលមនុស្សភាគច្រើនមិនចង់ស្ដាប់យើងក៏ដោយ។
៤:៦-១១; ៥:៤, ៦, ១៤: ទោះជាពួកអ៊ីស្រាអែលមិនបាន«វិលមក»ឯព្រះយេហូវ៉ាក៏ដោយ ទ្រង់បានដាស់តឿនពួកគេម្ដងហើយម្ដងទៀតឲ្យ‹ស្វែងរកទ្រង់ ហើយរស់នៅ›តទៅទៀត។ ដរាបណាដែលព្រះយេហូវ៉ាបង្ហាញចិត្តអត់ធ្មត់ ហើយមិនបំផ្លាញពិភពលោកនេះ ដរាបនោះឯងដែលយើងគួរដាស់តឿនមនុស្សឲ្យថ្វាយបង្គំទ្រង់។
៥:១៨, ១៩: មានតែមនុស្សល្ងីល្ងើទេ ដែល«សង្វាតចង់បានថ្ងៃនៃព្រះយេហូវ៉ា»ទោះបើមិនទាន់ត្រៀមខ្លួនក្ដី។ មនុស្សបែបនោះ មានលក្ខណៈដូចជាមនុស្សដែលរត់ពីសត្វសិង្ហ តែប្រទះនឹងខ្លាឃ្មុំ ហើយរត់គេចពីខ្លាឃ្មុំ ទៅឲ្យពស់ចឹក។ យកល្អឲ្យយើង«ចាំយាម»ជានិច្ច ដោយរក្សាឲ្យមានភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា។—លូកា ២១:៣៦
៧:១២-១៧: យើងត្រូវតែមានចិត្តមោះមុត ហើយមិនគួរខ្លាចមនុស្សទេ ពេលប្រកាសសាររបស់ព្រះយេហូវ៉ា។
៩:៧-១០: ពួកអ៊ីស្រាអែលជាកូនចៅរបស់អ័ប្រាហាំ អ៊ីសាកនិងយ៉ាកុបដែលជាមនុស្សស្មោះត្រង់ ហើយពួកគេក៏ជាកូនចៅរបស់បណ្ដាជនទាំងឡាយដែលព្រះយេហូវ៉ាបានជ្រើសរើសទុកជារាស្ត្រទ្រង់ ព្រមទាំងប្រោសឲ្យរួចពីស្រុកអេស៊ីប។ ប៉ុន្តែ ទោះជាពួកអ៊ីស្រាអែលមានបុព្វបុរសល្អក៏ដោយ ពេលពួកគេមិនរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ទ្រង់ក៏លែងគាប់ចិត្តចំពោះពួកគេ ដូចជាទ្រង់មិនគាប់ចិត្តចំពោះជនជាតិអេធីយ៉ូពីពីបុរាណដែរ។ ព្រះយេហូវ៉ាជាព្រះដែលមិនរើសមុខទេ ដូច្នេះ យើងអាចផ្គាប់ចិត្តទ្រង់បាន មិនមែនដោយសារយើងជាកូនចៅរបស់នរណាទេ តែដោយ«កោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត»ផង។—កិច្ចការ ១០:៣៤, ៣៥
អ្វីដែលយើងគួរធ្វើ
គ្រាដែលព្រះយេហូវ៉ានឹងកាត់ទោសពិភពលោករបស់សាតាំងកៀកណាស់ហើយ។ ព្រះយេហូវ៉ាបានចាត់វិញ្ញាណឬសកម្មពលរបស់ទ្រង់ទៅលើអស់អ្នកដែលថ្វាយបង្គំទ្រង់ ហើយទ្រង់បានបន្ថែមកម្លាំងឲ្យពួកគេដើម្បីមានសមត្ថភាពព្រមានមនុស្សជាតិអំពីថ្ងៃនៃទ្រង់ដែលនឹងមកដល់។ បើដូច្នេះ យើងគួររួមចំណែកឲ្យអស់ពីសមត្ថភាពក្នុងការជួយមនុស្សដទៃឲ្យស្គាល់ព្រះយេហូវ៉ានិង‹អំពាវនាវដល់ព្រះនាមទ្រង់› មែនទេ?—យ៉ូអែល ២:៣១, ៣២
អេម៉ុសដាស់តឿនថា៖ «ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ។ ចូរតាំងឲ្យមានសេចក្ដីយុត្ដិធម៌នៅត្រង់ទ្វារក្រុងចុះ!»។ (អេម៉ុស ៥:១៥) កាលដែលថ្ងៃនៃព្រះយេហូវ៉ាមកកាន់តែជិតនោះ យកល្អឲ្យយើងចូលទៅជិតព្រះយេហូវ៉ា ហើយរក្សាខ្លួនដោយឡែកពីមនុស្សក្នុងពិភពលោកដ៏អាក្រក់នេះ ដែលអាចជះឥទ្ធិពលអាក្រក់មកលើយើង។ យ៉ាងនេះ សៀវភៅរបស់យ៉ូអែលនិងអេម៉ុសពិតជាមានមេរៀនល្អ ហើយចំពេលដែរ ដើម្បីឲ្យយើងសម្រេចគោលដៅនេះបាន!—ហេព្រើរ ៤:១២