អត្ថបទអំពីក្របទស្សនាវដ្ដី | ហេតុអ្វីគួរប្រព្រឹត្តទៀងត្រង់?
តើភាពមិនទៀងត្រង់នាំឲ្យលោកអ្នកមានផលវិបាកអ្វីខ្លះ?
«តែងតែមានបញ្ហាខ្លះដែលអាចដោះស្រាយបាន បើសុខចិត្តប្រព្រឹត្តមិនទៀងត្រង់បន្ដិចបន្តួច» (ពីសឺមែនថឺនៅប្រទេសអាហ្វ្រិកខាងត្បូង)។
តើលោកអ្នកយល់ស្របនឹងគំនិតខាងលើនេះឬទេ? ដូចសឺមែនថឺដែរ នៅពេលខ្លះយើងទាំងអស់គ្នាជួបនឹងស្ថានភាពពិបាក។ ជាទូទៅយើងចង់ប្រព្រឹត្តទៀងត្រង់ ប៉ុន្តែស្ថានភាពខ្លះនាំឲ្យយើងចង់ប្រព្រឹត្តមិនទៀងត្រង់។ ម្ល៉ោះហើយ ការប្រព្រឹត្តរបស់យើងនៅពេលនោះ សឲ្យឃើញនូវចិត្តគំនិតរបស់យើង។ ជាឧទាហរណ៍ បើយើងខ្លាចបាក់មុខ យើងទំនងជាចាត់ទុកការប្រព្រឹត្តមិនទៀងត្រង់ជាវិធីមួយដើម្បីជួយយើងឲ្យយករួចខ្លួន។ ប៉ុន្តែពេលអ្នកឯទៀតដឹងការពិត ទង្វើមិនទៀងត្រង់ច្រើនតែនាំឲ្យទទួលលទ្ធផលអាក្រក់ជាង។ សូមពិចារណាអំពីលទ្ធផលដូចតទៅ។
ការប្រព្រឹត្តមិនទៀងត្រង់ធ្វើឲ្យលែងមានការទុកចិត្ត
ចំណងមិត្តភាពផ្ដើមឡើងពីការទុកចិត្តគ្នា។ ពេលមនុស្សពីរនាក់ទុកចិត្តគ្នា ពួកគេមានអារម្មណ៍សុខសាន្តនិងមានសុវត្ថិភាព។ ប៉ុន្តែ ការទុកចិត្តមិនអាចមានភ្លាមៗបានឡើយ។ មនុស្សកាន់តែទុកចិត្តគ្នា ពេលដែលពួកគេចំណាយពេលជាមួយគ្នា និយាយគ្នាដោយឥតលាក់លៀម និងប្រព្រឹត្តដោយមិនគិតតែពីប្រយោជន៍ខ្លួន។ ប៉ុន្តែ ការទុកចិត្តទាំងប៉ុន្មានដែលពួកគេធ្លាប់មាននឹងរលាយបាត់ បើម្នាក់ទៀតប្រព្រឹត្តមិនទៀងត្រង់សូម្បីតែម្ដងក៏ដោយ។ បន្ថែមទៅទៀត បើលែងមានការទុកចិត្តគ្នាហើយ គឺពិបាកឲ្យមានការទុកចិត្តគ្នាឡើងវិញណាស់។
តើធ្លាប់មានបុគ្គលណាម្នាក់ដែលលោកអ្នកចាត់ទុកជាមិត្តល្អ តែក្រោយមកបោកបញ្ឆោតលោកអ្នកឬទេ? បើធ្លាប់មែន តើលោកអ្នកមានអារម្មណ៍យ៉ាងណានៅពេលនោះ? លោកអ្នកទំនងជាឈឺចិត្តណាស់ ហើយមានអារម្មណ៍ថាត្រូវគេក្បត់ទៀតផង។ ជាការធម្មតាដែលមានអារម្មណ៍បែបនេះ។ ដូច្នេះ នេះបញ្ជាក់ថាការប្រព្រឹត្តមិនទៀងត្រង់អាចបំផ្លាញចំណងមិត្តភាពដ៏មានតម្លៃ។
ការប្រព្រឹត្តមិនទៀងត្រង់គឺប្រៀបដូចជាជំងឺឆ្លង
នៅសកលវិទ្យាល័យនៅរដ្ឋកាលីហ្វ័រញ៉ា សាស្ដ្រាចារ្យផ្នែកសេដ្ឋកិច្ចឈ្មោះរ៉ូបឺត អ៊ីនណេស បានសិក្សាស្រាវជ្រាវឃើញថា«ការប្រព្រឹត្តមិនទៀងត្រង់គឺប្រៀបដូចជាជំងឺឆ្លងមែន»។ ហេតុនេះ ការប្រព្រឹត្តមិនទៀងត្រង់អាចប្រដូចទៅនឹងមេរោគ។ បើលោកអ្នកកាន់តែជិតស្និទ្ធជាមួយនឹងមនុស្សដែលមិនទៀងត្រង់ លោកអ្នកនឹងងាយ«ឆ្លង»ឬប្រព្រឹត្តមិនទៀងត្រង់ដូចពួកគេដែរ។
តើលោកអ្នកអាចការពារខ្លួនយ៉ាងណា ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការប្រព្រឹត្តមិនទៀងត្រង់? គម្ពីរអាចជួយលោកអ្នកបាន។ សូមពិចារណាគោលការណ៍គម្ពីរមួយចំនួន។