ប្រអប់សំណួរ
◼ ហេតុអ្វីជាការសមរម្យដែលយើងប្រើពាក្យ«បង»និង«ប្អូន»?
តាមធម្មតា យើងប្រើពាក្យ«បង»និង«ប្អូន» គឺសំដៅទៅលើក្រុមគ្រួសារដែលមានឪពុកម្ដាយដូចគ្នា។ ពេលយើងឮពាក្យទាំងនេះ យើងច្រើនតែគិតទៅដល់ភាពស្និទ្ធស្នាលយ៉ាងកក់ក្ដៅដែលសមាជិកគ្រួសារមានចំពោះគ្នា។ ហើយពួកគាត់កាន់តែស្និទ្ធស្នាលថែមទៀត ពេលពួកគាត់ប្រាស្រ័យទាក់ទងគ្នា និងប្រាប់អារម្មណ៍ដល់គ្នាទៅវិញទៅមក។
លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមឲ្យហៅព្រះយេហូវ៉ាថា«បិតារបស់យើង»ក្នុងសេចក្ដីអធិដ្ឋាន។ ការប្រើពាក្យនេះបង្កប់អត្ថន័យថាយើងដែលជាគ្រិស្តសាសនិក ជាក្រុមគ្រួសារតែមួយ។ លោកយេស៊ូក៏បានបញ្ជាក់ថែមទៀតអំពីនេះ ពេលលោកប្រាប់ពួកអ្នកកាន់តាមលោកថា៖«អ្នករាល់គ្នាជាបងប្អូននឹងគ្នា»។—ម៉ាថ. ៦:៩; ២៣:៨
ដោយសារក្នុងក្រុមគ្រួសាររបស់ព្រះ មានភាពជិតស្និទ្ធគ្នា នោះនៅក្នុងក្រុមជំនុំ យើងច្រើនតែហៅគ្នាទៅវិញទៅមកថា«បង»ឬ«ប្អូន»។ នៅកិច្ចប្រជុំ បងប្រុសដែលដឹកនាំផ្នែកណាមួយហៅបងប្អូនដែលទទួលការជ្រមុជទឹកថា«បង»ឬ«ប្អូន»ខាងមុខឈ្មោះរបស់គាត់។
ចុះបើបុគ្គលម្នាក់ដែលមិនទាន់ទទួលការជ្រមុជទឹកចង់ឆ្លើយនៅកិច្ចប្រជុំ តើអ្នកដឹកនាំអាចហៅគាត់ថា«បង»ឬ«ប្អូន»បានទេ? ក្រោយពីគាត់ចូលរួមជាមួយរាស្ត្ររបស់ព្រះអស់មួយរយៈ ហើយរីកចម្រើនឈានដល់ប្រគល់ខ្លួនជូនព្រះ ហើយចាត់ទុកខ្លួនគាត់ជាសាក្សីព្រះយេហូវ៉ា គឺមិនខុសទេបើហៅគាត់ថា«បង»ឬ«ប្អូន»ខាងមុខឈ្មោះគាត់។ ជាពិសេស បើក្នុងករណីគាត់ជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។
ចុះយ៉ាងណាអ្នកចាប់អារម្មណ៍ដែលទើបតែចូលរួមកិច្ចប្រជុំ ហើយមិនទាន់រីកចម្រើនរហូតដល់អាចសម្គាល់ថាជាក្រុមគ្រួសាររបស់ព្រះ? យើងមិនហៅពួកគាត់ថា«បង»ឬ«ប្អូន»នៅខាងមុខឈ្មោះគាត់ទេ ព្រោះពួកគាត់មិនទាន់មានចំណងមិត្តភាពស្និទ្ធស្នាលនោះទេ។ ដូច្នេះ ក្នុងអំឡុងកិច្ចប្រជុំ យើងនឹងហៅពួកគាត់ជាផ្លូវការ ដោយប្រើឋានៈដូចជា«លោកឬលោកស្រី»ខាងមុខឈ្មោះរបស់គាត់។
ការប្រើពាក្យ«បង»និង«ប្អូន»នៅកិច្ចប្រជុំរបស់យើង គឺធ្វើឲ្យមានភាពស្និទ្ធស្នាលជាងការប្រើតែឈ្មោះផ្ទាល់ប៉ុណ្ណោះ។ នេះរំលឹកយើងនូវពរដ៏វិសេសដែលយើងមានក្នុងក្រុមគ្រួសាររបស់ព្រះយេហូវ៉ាព្រោះមានលោកជាបិតារបស់យើង។ បន្ថែមទៅទៀត នោះក៏រំលឹកយើងថាយើងមានសេចក្ដីស្រឡាញ់និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមកដែរ។—អេភ. ២:១៩; ១ពេ. ៣:៨