ប្រអប់សំនួរ
▪ តើអ្នកណាដែលគួរអធិស្ឋាននៅឯកិច្ចប្រជុំតាមក្រុមជំនុំ?
ការអធិស្ឋានតាមក្រុមជំនុំ ជាផ្នែកសំខាន់នៃការថ្វាយបង្គំរបស់យើង។ ការតំណាងអ្នកដទៃនៅចំពោះព្រះយេហូវ៉ា គឺជាឯកសិទ្ធិមួយដ៏វិសេស និងជាភារកិច្ចដ៏សំខាន់។ ដោយព្រោះសារៈសំខាន់នេះ នោះពួកអ្នកចាស់ទុំត្រូវតែប្រើការវិនិច្ឆ័យល្អ ក្នុងការសម្រេចថា បងប្អូនប្រុសណាដែលមានគុណវុឌ្ឍិដើម្បីអធិស្ឋាននៅឯកិច្ចប្រជុំ។ បងប្អូនប្រុសដែលបានទទួលបុណ្យជ្រមុជទឹកហើយដែលតំណាងក្រុមជំនុំ គួរតែជាអ្នកបំរើគ្រីស្ទានដ៏មានភាពចាស់ទុំ ដែលត្រូវគេស្គាល់ជាគំរូល្អហើយជាទីគោរពក្នុងក្រុមជំនុំ។ សេចក្ដីអធិស្ឋានរបស់គេដែលលើកកិត្ដិយសហើយបង្ហាញការគោរព គួរសម្ដែងទំនាក់ទំនងល្អជាមួយនឹងព្រះយេហូវ៉ា។ អត្ថបទ «ការអធិស្ឋានមុខអ្នកឯទៀតដោយចិត្តរាបសា» ដែលមានក្នុងទស្សនាវដ្ដីប៉មយាមពី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨៦ (ជាភាសាអង់គ្លេស) បញ្ជាក់នូវគោលការណ៍សំខាន់ៗដែលមានប្រយោជន៍ចំពោះអ្នក ដែលនេះជាការអធិស្ឋានជាសាធារណៈនិងជាការអធិស្ឋានដើម្បីក្រុមជំនុំ។
ពួកអ្នកចាស់ទុំនឹងមិនឲ្យបងប្អូនប្រុសណាអធិស្ឋាន ដែលត្រូវគេសង្ស័យទៅលើចរិយារបស់គាត់ ឬក៏ត្រូវសម្គាល់ជាមនុស្សរឡេះរឡោះឡើយ។ បងប្អូនប្រុសណាដែលច្រើនតែមានការអាក់អន់ចិត្តឬក៏មានភាពលំអៀងប្រើការអធិស្ឋានជាសាធារណៈដើម្បីប្រាប់ពីជំទាស់ដែលគាត់មានជាមួយអ្នកដទៃទៀត នឹងក៏មិនត្រូវជ្រើសរើសដែរ។ (ធីម៉ូថេទី១ ២:៨) ទោះបីប្រុសជំទង់ម្នាក់បានទទួលបុណ្យជ្រមុជទឹកក៏ដោយ ពួកអ្នកចាស់ទុំត្រូវតែសម្រេច ថាតើគាត់មានភាពចាស់ទុំខាងវិញ្ញាណគ្រប់គ្រាន់ដើម្បីអធិស្ឋានសំរាប់ក្រុមជំនុំបានទេ។—កិច្ចការ ១៦:១, ២
យូរៗម្ដងនៅឯប្រជុំសំរាប់កិច្ចផ្សាយបំរើ ប្រហែលជាចាំបាច់ដែលបងឬប្អូនស្រីម្នាក់ត្រូវតែអធិស្ឋាន បើសិនជាគ្មានបងឬប្អូនប្រុសណានៅទីនោះដែលមានគុណវុឌ្ឍិដើម្បីតំណាងក្រុមនោះ។ បងឬប្អូនស្រីនោះនឹងត្រូវពាក់អ្វីមួយដ៏សមរម្យលើក្បាល។ បើសិនជាទំនងដែលនឹងគ្មានបងឬប្អូនប្រុសណាដែលមានគុណវុឌ្ឍិនៅឯប្រជុំសំរាប់កិច្ចផ្សាយបំរើណាមួយ នោះពួកអ្នកចាស់ទុំគួរតម្រូវឲ្យបងប្អូនស្រីម្នាក់នាំមុខ។
គឺជាទម្លាប់ធម្មតា ដែលអ្នកបើកកម្មវិធីប្រជុំសាធារណៈនោះនឹងអធិស្ឋានដើម្បីចាប់ផ្ដើម។ ក៏ប៉ុន្តែ នៅឯកិច្ចប្រជុំក្រុមជំនុំផ្សេងទៀត ពេលដែលមានបងប្អូនប្រុសជាច្រើនដែលមានគុណវុឌ្ឍិ នោះនរណាម្នាក់ក្រៅពីបងប្អូនប្រុសដែលចាប់ផ្ដើមកិច្ចប្រជុំឬក៏អ្នកដែលមានចំណែកចុងក្រោយ អាចអធិស្ឋានផ្ដើមឬក៏បញ្ចប់។ យ៉ាងណាក៏ដោយ បងប្អូនប្រុសណាដែលត្រូវហៅអធិស្ឋាននៅឯកិច្ចប្រជុំក្រុមជំនុំ គួរត្រូវជំរាបទុកជាមុន ដើម្បីឲ្យគាត់មានពេលគិតអំពីអ្វីដែលគាត់នឹងនិយាយ។ អ៊ីចឹង គាត់នឹងអាចអធិស្ឋានតាមរបៀបស្រួលយល់និងស្មោះអស់អំពីចិត្ត ដែលសមនឹងកិច្ចប្រជុំមួយនោះ។
សេចក្ដីអធិស្ឋានបែបនេះមិនចាំបាច់យូរប៉ុន្មានទេ។ ពេលបងប្អូនប្រុសម្នាក់អធិស្ឋានជាសាធារណៈ ធម្មតាគាត់នឹងត្រូវបានគេយល់ច្បាស់ជាងបើសិនជាគាត់ក្រោកឈរ និយាយដោយបន្លឺសម្លេងខ្លាំងល្មម និងនិយាយមួយៗ។ នេះនឹងនាំឲ្យទាំងអស់គ្នាដែលបានជួបជុំគ្នាឮសេចក្ដីអធិស្ឋាននោះ និងពេលចប់និយាយចេញពីដួងចិត្តថា៖ «អាម៉ែន!»។—របាក្សត្រទី១ ១៦:៣៦; កូរិនថូសទី១ ១៤:១៦