ប្រអប់សំណួរ
◼ ក្នុងកិច្ចផ្សព្វផ្សាយ តើយើងត្រូវប្រុងប្រយ័ត្នយ៉ាងណាស្តីអំពីមនុស្សភេទផ្ទុយ?
យើងជឿជាក់ថា បងប្អូនប្រុសស្រីយើងចង់ប្រព្រឹត្តតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់បំផុត។ ក៏ប៉ុន្តែ យើងរស់នៅក្នុងលោកីយ៍មួយដ៏ស្មោកគ្រោកដែលបណ្ដែតបណ្ដោយ និងមានសីលធម៌តិចតួច។ ទោះបីជាយើងអាចមានបំណងល្អបំផុតក្ដី យើងក៏ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចដើម្បីចៀសវាងបង្កឲ្យមានការតិះដៀលឬប្រព្រឹត្តអំពើមិនសមរម្យ។ ពេលយើងធ្វើកិច្ចបំរើផ្សាយ យើងក៏ត្រូវមានការប្រុងប្រយ័ត្នដែរ។
ក្នុងកិច្ចបំរើផ្សាយ ជារឿយៗយើងជួបមនុស្សភេទផ្ទុយដែលហាក់ដូចជាបង្ហាញចំណាប់អារម្មណ៍ដ៏ស្មោះចំពោះសេចក្ដីពិត។ បើយើងម្នាក់ឯងពេលយើងជួបគេហើយគ្មានអ្នកណាផ្សេងទៀតនៅក្នុងផ្ទះនោះសោះ ជាការល្អបំផុតឲ្យយើងធ្វើបន្ទាល់នៅមាត់ទ្វារជាជាងចូលទៅក្នុងផ្ទះ។ បើគេចាប់អារម្មណ៍ យើងអាចរៀបចំត្រឡប់ទៅជួប កាលណាមានអ្នកផ្សព្វផ្សាយម្នាក់ទៀតទៅជាមួយឬកាលណាមានមនុស្សឯទៀតនៅក្នុងផ្ទះនោះដែរ។ បើមិនអាចធ្វើដូច្នេះទេ ជាការល្អបើយើងផ្ទេរការត្រឡប់ទៅជួបទៅឲ្យអ្នកផ្សព្វផ្សាយណាម្នាក់ដែលមានភេទដូចម្ចាស់ផ្ទះវិញ។ យោបល់នេះគួរយកមកអនុវត្តដែរក្នុងការដឹកនាំការសិក្សាព្រះគម្ពីរជាមួយអ្នកដែលមានភេទផ្ទុយ។—ម៉ាថ. ១០:១៦
យើងត្រូវប្រុងប្រយ័ត្នកាលណាយើងជ្រើសរើសអ្នកណាម្នាក់ឲ្យផ្សព្វផ្សាយជាមួយយើង។ ទោះបីពេលខ្លះអ្នកផ្សាយដែលមានភេទផ្ទុយគ្នាអាចផ្សព្វផ្សាយជាមួយគ្នាក៏ពិតមែន តែជាការល្អកាលណាពួកគេផ្សព្វផ្សាយជាក្រុម។ តាមធម្មតា សូម្បីតែក្នុងកិច្ចបំរើផ្សាយក្ដី បើយើងចំណាយពេលនៅជាមួយមនុស្សភេទផ្ទុយដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់យើង នោះគឺមិនប្រកបដោយប្រាជ្ញាឡើយ។ ហេតុនេះ បងប្រុសដែលមានភារកិច្ចដឹកនាំក្រុមទៅផ្សព្វផ្សាយ គួរប្រើសមត្ថភាពរិះគិតឲ្យបានល្អពេលគាត់រៀបចំអ្នកផ្សាយឲ្យទៅផ្សព្វផ្សាយជាមួយគ្នា។ នេះក៏ត្រូវយកមកអនុវត្តពេលរៀបចំពួកយុវវ័យឲ្យផ្សព្វផ្សាយជាមួយគ្នាដែរ។
ដោយប្រើសមត្ថភាពរិះគិតឲ្យបានល្អជានិច្ច នោះយើងនឹងចៀសវាង‹មិនបង្អាក់បង្អន់ចិត្តដល់ខ្លួនយើងនិងអ្នកឯទៀតក្នុងកិច្ចការអ្វីឡើយ›។—២កូ. ៦:៣