អធិស្ឋានឲ្យបានជំនួយពីព្រះយេហូវ៉ា
១ ព្រះយេស៊ូបានបញ្ជាក់ឲ្យសិស្សរបស់ទ្រង់យល់ភាពចាំបាច់ នៃពរពីព្រះយេហូវ៉ាលើកិច្ចបំរើរបស់គេ។ (ម៉ាថាយ ៩:៣៧, ៣៨) សេចក្ដីអធិស្ឋានដែលចេញពីដួងចិត្តរបស់យើង ដើម្បីសរសើរនិងអរព្រះគុណ ព្រមទាំងសំណូមពរនិងពាក្យទូលអង្វរដ៏ស្មោះត្រង់ នោះនឹងបង្ហាញនូវការពឹងពាក់ទាំងស្រុងរបស់យើង ទៅលើព្រះយេហូវ៉ាឲ្យបានជំនួយពីទ្រង់។ (ភីលីព ៤:៦, ៧) ព្រះគម្ពីរជំរុញយើងឲ្យអធិស្ឋានដោយ«សេចក្ដីអធិស្ឋាន នឹងសេចក្ដីទូលអង្វរគ្រប់យ៉ាង» ហើយនេះក៏ទាក់ទងនឹងសេចក្ដីអធិស្ឋានរបស់យើងចំពោះកិច្ចបំរើផងដែរ។—អេភេសូរ ៦:១៨
២ យើងសរសើរព្រះយេហូវ៉ាក្នុងសេចក្ដីអធិស្ឋាន ចំពោះគុណសម្បត្ដិដ៏មិនអាចផ្ទឹមបានរបស់ទ្រង់ និងចំពោះសមិទ្ធិផលរបស់ទ្រង់។ យើងក៏សរសើរទ្រង់ជាអ្នកដែលប្រទានដំណឹងល្អនោះដែលយើងផ្សព្វផ្សាយ។ ទ្រង់គឺគួរនឹងទទួលសេចក្ដីសរសើររបស់យើង ពីព្រោះគឺទ្រង់តែមួយអង្គដែលធ្វើឲ្យកិច្ចបំរើរបស់យើងប្រកបដោយជោគជ័យ។—ទំនុកដំកើង ១២៧:១
៣ សេចក្ដីអធិស្ឋានរបស់យើងដើម្បីអរព្រះគុណនោះ សម្ដែងការអបអរនឹងការយល់ដឹងដែលព្រះយេហូវ៉ាបានប្រទានចំពោះយើង អំពីព្រះហឫទ័យនិងគោលបំណងរបស់ទ្រង់។ ការផ្សាយសេចក្ដីពិតពីព្រះរាជាណាចក្រដល់អ្នកដទៃទៀត នោះជាឯកសិទ្ធិពិសេសមួយមែនទេ? យើងគួរអរព្រះគុណព្រះយេហូវ៉ាចំពោះអ្វីទាំងអស់ដែលយើងសម្រេចក្នុងកិច្ចបំរើ។—ទំនុកដំកើង ១០៧:៨; អេភេសូរ ៥:២០
៤ គឺជាសមគួរ ដែលយើងសូមជំនួយពីព្រះយេហូវ៉ាក្នុងការស្វែងរកមនុស្សដែលនឹងព្រមទទួលសេចក្ដីស្នើរបស់យើងឲ្យសិក្សាព្រះគម្ពីរ ហើយយើងក៏សូមជំនួយក្នុងការជំរុញចិត្តគេតាមរយៈសេចក្ដីពិត។ តាមរយៈសំណូមពរបែបនេះយើងបង្ហាញថាដែលយើងទទួលស្គាល់ថា មានតែព្រះដែលអាចធ្វើឲ្យកិច្ចការរបស់យើងបង្កើតផលក្នុងកិច្ចបំរើ។—កូរិនថូសទី១ ៣:៥-៧
៥ បងស្រីម្នាក់បានគិតស្មានថា ស្ត្រីម្នាក់ក្នុងផ្លូវចែកផ្សាយទស្សនាវដ្ដី នោះមិនបានអានទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! ដោយមិនចង់ធ្វើឲ្យខាតដល់ទស្សនាវដ្ដីទាំងនេះដ៏មានតម្លៃវិសេស នោះគាត់បានអធិស្ឋានទូលព្រះយេហូវ៉ាថា បើសិនជាស្ត្រីនេះមិនអានទស្សនាវដ្ដីទាំងនោះ សូមឲ្យនាងនឹងបដិសេធមិនយកទស្សនាវដ្ដីតទៅទៀត។ ពេលដែលបងស្រីនោះបានទៅផ្ទះរបស់ស្ត្រីនេះម្ដងទៀត នោះប្ដីរបស់ស្ត្រីនេះនិយាយថា៖ «ខ្ញុំអរគុណអ្នក ដែលជូនទស្សនាវដ្ដីមកជាទៀងទាត់នោះ។ ខ្ញុំកំពុងតែអានទស្សនាវដ្ដីទាំងនោះហើយខ្ញុំក៏ចូលចិត្តវាមែនទែន»។
៦ ដោយការអង្វរដ៏រាបទាបនិងស្មោះត្រង់ នោះយើងអាចអង្វរព្រះយេហូវ៉ា សូមទ្រង់ជួយយើងអត់ទ្រាំនឹងភាពកន្តើយនៃសាធារណជននិងការសើចចំអក ហើយជួយយើងឈ្នះលើការខ្លាចមនុស្ស ដើម្បីបន្តផ្សព្វផ្សាយយ៉ាងក្លាហានដល់អ្នកដទៃ។ (កិច្ចការ ៤:៣១) បើសិនជាយើងបន្តអធិស្ឋានដោយ«សេចក្ដីអធិស្ឋាន នឹងសេចក្ដីទូលអង្វរគ្រប់យ៉ាង» ពេលយើងបន្តកិច្ចបំរើដ៏បរិសុទ្ធរបស់យើងដោយស្ដាប់បង្គាប់ទ្រង់ នោះយើងអាចជឿជាក់ថា យើងមានជំនួយពីព្រះយេហូវ៉ាជាមិនខាន។—យ៉ូហានទី១ ៣:២២