តើអ្នកនឹងនិយាយយ៉ាងណាទៅអ្នកកាន់ព្រះពុទ្ធសាសនា?
១ នៅប្រទេសខ្លះ ក្នុងចំណោមពួកអ្នកដែលទទួលបុណ្យជ្រមុជទឹក នោះជាងពាក់កណ្ដាលមកពីសាវតារដែលកាន់ព្រះពុទ្ធសាសនា។ តើអ្វីទៅដែលទាក់ទាញចិត្តរបស់ពួកទាំងនេះមកឯសេចក្ដីពិតនោះ? តើតាមរបៀបណាដែលអ្នកអាចផ្សាយដំណឹងល្អដល់អ្នកកាន់ព្រះពុទ្ធសាសនាម្នាក់?
២ បង្ហាញនូវការយកចិត្តទុកដាក់ដ៏ស្មោះ: អតីតពួកអ្នកកាន់ព្រះពុទ្ធសាសនាជាច្រើននាក់បានមានប្រសាសន៍ថា គឺមិនមែនការវែកញែកដ៏ជ្រាលជ្រៅនោះទេ ដែលបានទាក់ទាញចិត្តរបស់គេមកខាងសេចក្ដីពិតនោះ។ ផ្ទុយទៅវិញ ពួកគេបានត្រូវទាក់ទាញចិត្តដោយការយកចិត្តទុកដាក់ដ៏ស្មោះ ដែលបានសម្ដែងឲ្យគេឃើញនោះ។ ស្ត្រីជនជាតិអាស៊ីម្នាក់ដែលបានរស់នៅសហរដ្ឋអាមេរិក បានមានចិត្តស្ងើចដល់ម្ល៉េះ ដោយភាពរាក់ទាក់របស់បងស្រីម្នាក់ដែលបានមកជួបនាង ដែលនាងបានសុខចិត្តសិក្សានោះ។ នាងមិនចេះនិយាយភាសាអង់គ្លេសបានល្អទេ ក៏ប៉ុន្តែបងស្រីនេះមានចិត្តអត់ធ្មត់។ នៅពេលដែលស្ត្រីនេះបានអស់កម្លាំងឬមិនអាចសិក្សា នោះបងស្រីនេះនឹងគ្រាន់តែទៅលេងសួរសុខទុក្ខ ហើយរៀបចំសំរាប់ការសិក្សានៅពេលក្រោយ។ នៅទីបំផុត ស្ត្រីនេះហើយកូនប្រុសពីរនាក់របស់នាង និងម្ដាយរបស់គាត់ដែលមានវ័យចាស់ ក៏បានទទួលបុណ្យជ្រមុជទឹកដែរ។ នាងបានត្រឡប់ទៅស្រុកកំណើតរបស់នាងវិញ ហើយបានជួយមនុស្សជាច្រើនទៀតឲ្យរៀនអំពីសេចក្ដីពិតដែរ។ កូនប្រុសម្នាក់របស់គាត់ ឥឡូវបំរើនៅឯការិយាល័យសាខា។ គឺមានពរណាស់ហ្ន៎ ពីការសម្ដែង‹សេចក្ដីសប្បុរសនិងសេចក្ដីស្រឡាញ់ដល់មនុស្ស› ដូចជាព្រះយេហូវ៉ាសម្ដែងដែរ!—ទីតុស ៣:៤
៣ របៀបគិតរបស់អ្នកកាន់ព្រះពុទ្ធសាសនា: ពួកអ្នកកាន់ព្រះពុទ្ធសាសនា ជាធម្មតានោះយោគយល់នឹងគំនិតរបស់អ្នកដទៃ ក៏ប៉ុន្តែពួកគេមិនចាត់ទុកថាជាការចាំបាច់ក្នុងការកាន់តាមលទ្ធិជាក់លាក់ណាមួយនោះទេ។ ដូច្នេះជំនឿរបស់បុគ្គលនិមួយៗគឺមានខុសគ្នារៀងៗខ្លួន។ ចំណែកមួយនៃការបង្រៀនរបស់ព្រះពុទ្ធសាសនា ក៏មានសាច់រឿងតែមួយគឺថា ជីវិតគឺពេញដោយសេចក្ដីវេទនា ប៉ុន្តែដោយបានទទួលការបំភ្លឺ នោះបុគ្គលម្នាក់អាចបញ្ឈប់នូវការអន្ទោលនេះជាវាលវដ្ដសង្សារវិលកើតវិលស្លាប់ មានជីវិតសុទ្ធតែមិនស្កប់ស្កល់ចិត្ត។ ពួកគេនិយាយថា ដើម្បីឲ្យបានរំដោះចេញពីអន្ទោលនេះ បុគ្គលម្នាក់ត្រូវតែចូលនិព្វាន ដែលជាសភាពមិនអាចរៀបរាប់បាន ពីព្រោះនេះគឺមិនមែនជាកន្លែងឬព្រឹត្ដិការណ៍ណាមួយ ក៏ប៉ុន្តែគឺជាទីចំហដែលឥតមានការឈឺចាប់ឬអំពើអាក្រក់។ (សូមមើលសៀវភៅស្តើង តើអ្វីកើតឡើងដល់យើងនៅពេលដែលយើងស្លាប់ទៅ? ទំព័រ ៩-១០) (ភាសាអង់គ្លេស) តើនេះប្រាប់យើងយ៉ាងណា? គឺថានឹងឥតមានផលប្រយោជន៍ទេ ក្នុងការនិយាយជាមួយមនុស្សដោយពិភាក្សាអំពីទស្សនវិជ្ជានៃព្រះពុទ្ធសាសនានោះ។ ផ្ទុយទៅវិញ សូមពិគ្រោះអំពីបញ្ហាទូទៅ ដែលជាកង្វល់នៃមនុស្សទាំងអស់។
៤ ដៅបញ្ជាក់ពីចំណាប់អារម្មណ៍ដែលយើងមានដូចនឹងគ្នា: ដោយព្រោះពួកអ្នកកាន់ព្រះពុទ្ធសាសនា តាមធម្មតាប្រៀបផ្ទឹមជីវិតលើផែនដីជាមួយនឹងការរងទុក្ខវេទនា នោះគំនិតអំពីជីវិតដ៏អស់កល្បជានិច្ចនៅលើផែនដី ប្រហែលជារឿងគួរឲ្យអស់សំណើច។ ក៏ប៉ុន្តែ យើងគ្រប់គ្នាប្រាថ្នាចង់បានជីវភាពគ្រួសារដ៏សប្បាយ គឺចង់ឃើញការរងទុក្ខវេទនាបានបំបាត់ចោលទៅ ហើយឲ្យដឹងអំពីអត្ថន័យនៃជីវិត។ ចូរកត់សម្គាល់នូវរបៀបដែលសេចក្ដីដែលយើងត្រូវការដូចនឹងគ្នានោះ អាចត្រូវសម្ដែងឡើងបាន។
៥ អ្នកប្រហែលជាអាចសាកការផ្ដើមវាចាមួយនេះ:
▪ «សព្វថ្ងៃនេះ យើងរស់នៅក្នុងលោកីយ៍ ដែលមានមនុស្សគ្មានទោសជាច្រើននាក់រងទុក្ខវេទនា។ តើអ្នកជឿថា ការឈឺចាប់និងទុគ៌តភាពនៃមនុស្សគ្រប់គ្នានឹងមកទីបញ្ចប់ឬទេ? [ចាំឲ្យឆ្លើយ] គឺមានសេចក្ដីសន្យាមួយពីបុរាណ ដែលធ្វើឲ្យខ្ញុំសម្រាលទុក្ខណាស់។ [អាន វិវរណៈ ២១:៤] ប្រាកដហើយ គ្រានោះមិនទាន់មកដល់នៅឡើយ ក៏ប៉ុន្តែលុះកាលពេលនោះមកដល់ នោះយើងនឹងចង់ឃើញណាស់ មែនទេ»? រួចមក ស្នើផ្ដល់ប្រកាសនវត្ថុមួយ ដែលពន្យល់នូវរបៀបដែលសេចក្ដីទុក្ខវេទនានឹងត្រូវមកទីបញ្ចប់។
៦ ចំពោះមនុស្សចាស់ម្នាក់ នោះអ្នកអាចនិយាយថា:
▪ «ប្រហែលជាអ្នកបានខ្វល់ខ្វាយដូចខ្ញុំដែរ អំពីគំនិតដ៏ថោកទាបដែលមានយ៉ាងសន្ធឹកថ្មីៗនេះ ហើយអានុភាពដែលរបស់ទាំងនេះមានលើកូនចៅរបស់យើង។ ហេតុអ្វីក៏មានអំពើឥតសីលធម៌កាន់តែច្រើនឡើងក្នុងចំណោមពួកក្មេងៗអ៊ីចឹង? [ចាំឲ្យឆ្លើយ] តើអ្នកដឹងទេ ថារឿងនេះបានត្រូវទាយប្រាប់ក្នុងសៀវភៅមួយ ដែលបានចាប់ផ្ដើមសរសេរជាយូរយារមុននឹងកំណើតសាសនាអ៊ីស្លាម គ្រីស្ទាន និងសាសនាហិណ្ឌូឬទេ? [អានធីម៉ូថេទី២ ៣:១-៣] សូមកត់សម្គាល់ថាស្ថានភាពទាំងនេះនឹងនៅមាន ទោះជាចំរើននូវការចេះដឹងជានិច្ចក៏ដោយ។ [អាន ខ ៧] ប្រកាសនវត្ថុនេះបានជួយឲ្យខ្ញុំយល់អំពីសេចក្ដីពិត ដែលមនុស្សភាគច្រើនមិនដែលរៀនសោះ។ តើអ្នកចង់អានឬទេ»? សូមស្នើផ្ដល់សៀវភៅឬសៀវភៅស្តើងមួយដែលសមគួរ។
៧ តាមធម្មតាពួកអ្នកកាន់ព្រះពុទ្ធសាសនាចេះគោរពព្រះគម្ពីរ ជាឯកសារដ៏ពិសិដ្ឋមួយ។ ដូច្នេះសូមអានពីព្រះគម្ពីរឲ្យចំៗទៅ។ (ហេព្រើរ ៤:១២) ប្រសិនបើបុគ្គលម្នាក់មានអារម្មណ៍មិនស្រួលអំពីឥទ្ធិពលពីវប្បធម៌នៃបស្ចិមប្រទេស នោះសូមនិយាយប្រាប់គាត់ថា ពួកអ្នកសរសេរទាំងអស់របស់ព្រះគម្ពីរគឺជនជាតិអាស៊ីទេ។
៨ តើប្រកាសនវត្ថុណាខ្លះដែលមានប្រសិទ្ធិភាពច្រើនជាងគេ? ខិត្តប័ណ្ណ តើការរងទុក្ខវេទនានឹងមានទីបញ្ចប់ឬទេ? ដែលបានបោះពុម្ពជាពិសេសសំរាប់ពួកអ្នកកាន់ព្រះពុទ្ធសាសនា នោះបានត្រូវបោះពុម្ពជាអក្សរចិន ជប៉ុន ស៊ិនហាលីស និងថៃ។ បន្ថែមទៅទៀត ពួកអ្នកផ្សាយជាច្រើនបានប្រើដោយជោគជ័យនូវប្រកាសនវត្ថុ ដែលមានដូចតទៅ: សៀវភៅ កូនសោឲ្យបានសុភមង្គលក្នុងក្រុមគ្រួសារ និង មនុស្សលោកស្វែងរកព្រះ ហើយ សំនួរយុវជនសួរ—ចម្លើយដែលមានប្រសិទ្ធិភាព; សៀវភៅស្តើង «មើល! អញធ្វើទាំងអស់ជាថ្មី» និង តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ហើយប្រសិនបើនៅមាន គឺសារដំណឹងព្រះរាជាណាចក្រលេខ៣៥ តើមនុស្សគ្រប់គ្នានឹងស្រឡាញ់គ្នាទៅវិញមកឬទេ? ពួកពុទ្ធបរិស័ទភាគច្រើនដែលឥឡូវកំពុងរៀនសេចក្ដីពិត គឺមុនដំបូងសិក្សាសៀវភៅស្តើងតម្រូវ ហើយបន្ទាប់មក សៀវភៅចំណេះ។
៩ ទោះជាសាសនទូតខាងព្រះពុទ្ធសាសនាបានត្រូវមកដល់ទីក្រុងអាថែនជិត៤០០ឆ្នាំ មុនសាវ័កប៉ុលបានផ្សាយនៅទីនោះក៏ដោយ គឺឥតដឹងប្រាកដទេថាគាត់បានជួបមនុស្សណាម្នាក់ ដែលរបៀបគិតរបស់ព្រះពុទ្ធសាសនានោះធ្លាប់មានឥទ្ធិពលលើ។ ក៏ប៉ុន្តែ យើងដឹងថាប៉ុលមានអារម្មណ៍យ៉ាងណា ក្នុងការធ្វើបន្ទាល់ដល់មនុស្សគ្រប់ប្រភេទនោះ។ គាត់បានធ្វើខ្លួនគាត់ជា«អ្នកបំរើដល់មនុស្សទាំងអស់» ដើម្បីឲ្យគាត់អាច«សង្គ្រោះដល់អ្នកខ្លះ»។ (កូរិនថូសទី១ ៩:១៩-២៣) យើងក៏អាចធ្វើដូច្នេះដែរ ដោយបង្ហាញការចាប់អារម្មណ៍ផ្ទាល់ខ្លួននឹងមនុស្សទាំងឡាយ ហើយដោយបញ្ជាក់ពីសេចក្ដីសង្ឃឹមដែលយើងមានដូចនឹងគ្នា កាលដែលយើងធ្វើបន្ទាល់ដល់មនុស្សគ្រប់គ្នាដែលយើងជួបនោះ។