ចូរជួយអ្នកដែលមិនទាន់ត្រៀមខ្លួនឲ្យសិក្សាសៀវភៅព្រះគម្ពីរបង្រៀន
១. តើសៀវភៅព្រះគម្ពីរបង្រៀននឹងទាក់ទាញចិត្តមនុស្សទាំងអស់នៅលើកដំបូងទេ? សូមពន្យល់។
១ ដើម្បីឲ្យបុគ្គលម្នាក់ក្លាយទៅជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា គាត់ត្រូវរៀនអ្វីដែលគម្ពីរបង្រៀន។ ប៉ុន្តែ អ្នកខ្លះមិនកាន់សាសនាគ្រិស្តនិងមិនគិតថាគម្ពីរជាបណ្ដាំរបស់ព្រះទេ។ អ្នកខ្លះទៀតមិនជឿទៅលើព្រះសោះ ហើយក៏មិនឲ្យតម្លៃគម្ពីរដែរ។ សម្រាប់មនុស្សដែលដំបូងមិនចង់ទទួលសៀវភៅព្រះគម្ពីរបង្រៀន តើមានសៀវភៅមួយណាដែលមានប្រយោជន៍សម្រាប់ពួកគេ? យោបល់នៅខាងក្រោមនេះមានមូលដ្ឋានពីពាក្យសម្ដីរបស់អ្នកផ្សាយប្រមាណ២០ប្រទេស។
២. បើអ្នកណាម្នាក់ប្រាប់យើងថាគាត់មិនជឿលើព្រះទេ តើយើងគួរស្វែងយល់អំពីអ្វី ហើយហេតុអ្វី?
២ អ្នកដែលមិនជឿលើព្រះ: បើនរណាម្នាក់និយាយថាមិនជឿលើព្រះទេ ជាការល្អឲ្យយើងស្វែងរកមូលហេតុដែលគាត់មិនជឿ។ តើនេះដោយសារគាត់ជឿលើទ្រឹស្តីវិវត្តន៍ឬ? តើគាត់លែងមានជំនឿលើព្រះដោយសារតែភាពអយុត្តធម៌នៅក្នុងពិភពលោកនេះ ឬភាពលាក់ពុតរបស់សាសនាឬ? តើគាត់មកពីប្រទេសដែលគេបំបិទសិទ្ធិកុំឲ្យជឿលើព្រះឬ? ប្រហែលគាត់មិនបដិសេធដាច់ខាតថាមានព្រះ តែគាត់មានអារម្មណ៍ថាមិនចាំបាច់ជឿលើព្រះទេ។ អ្នកផ្សាយជាច្រើនឃើញថា ពេលសួរសំណួរ «តើអ្នកតែងតែមានអារម្មណ៍ដូចនោះទេ?» បានលើកទឹកចិត្តបុគ្គលនោះឲ្យពន្យល់ប្រាប់។ សូមស្ដាប់គាត់ហើយកុំនិយាយកាត់។ ពេលយើងយល់នូវមូលហេតុដែលបុគ្គលនោះមិនជឿលើព្រះ យើងនឹងដឹងនូវរបៀបតបឆ្លើយ ហើយដឹងថាគួរស្នើផ្ដល់សៀវភៅមួយណា។—សុភ. ១៨:១៣
៣. តើតាមរបៀបណាយើងអាចបង្ហាញថាយើងគោរពបុគ្គលនោះនិងជំនឿរបស់គាត់?
៣ ពេលតបឆ្លើយ សូមប្រយ័ត្នកុំធ្វើឲ្យបុគ្គលនោះមានអារម្មណ៍ថាអ្នកកំពុងនិយាយប្រឆាំងនឹងទស្សនៈរបស់គាត់។ យោបល់នេះមកពីបងប្អូននៅសហរដ្ឋអាម៉េរិកដែលថា៖ «ជាការសំខាន់ណាស់ឲ្យយើងគោរពសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗចំពោះអ្វីដែលពួកគេជឿ។ ជាជាងប្រកែកយកឈ្នះ ជាការប្រសើរបំផុតឲ្យយើងលើកសំណួរដើម្បីឲ្យគេគិតនិងសន្និដ្ឋានដោយខ្លួនគេផ្ទាល់»។ ក្រោយពីបានស្ដាប់ម្ចាស់ផ្ទះប្រាប់ពីទស្សនៈរបស់គាត់ មុននឹងឆ្លើយតប អ្នកធ្វើដំណើរត្រួតពិនិត្យម្នាក់ច្រើនតែសួរថា៖ «តើអ្នកធ្លាប់គិតពីចំណុចនេះទេ?»។
៤. តើយើងអាចជួយអ្នកកាន់សាសនាព្រះពុទ្ធយ៉ាងដូចម្ដេច?
៤ រឿងអំពីព្រះគឺចម្លែកសម្រាប់មនុស្សជាច្រើនដែលកាន់សាសនាព្រះពុទ្ធ។ ពេលផ្សព្វផ្សាយដល់ពួកគេ អ្នកផ្សាយខ្លះចូលចិត្តប្រើសៀវភៅដែលពន្យល់ថាពិតជាមានព្រះដែលជាអ្នកបង្កើតមែន ហើយក្រោយមកដូរទៅសៀវភៅព្រះគម្ពីរបង្រៀន។ ឧទាហរណ៍ អ្នកផ្សាយខ្លះនៅប្រទេសអង់គ្លេសចូលចិត្តប្រើពាក្យផ្ដើមក្នុងសៀវភៅស្តើង Lasting Peace and Happiness—How to Find Them (គ្មានជាភាសាខ្មែរ)។ ក្រោយមកពួកគាត់ពិគ្រោះផ្នែកមួយអំពី«តើពិតជាមានព្រះដែលជាអ្នកបង្កើតដ៏ខ្ពង់ខ្ពស់បំផុតទេ?»។ បន្ទាប់មកផ្នែកមួយទៀតអំពី«សៀវភៅណែនាំសម្រាប់ប្រយោជន៍ដល់មនុស្សជាតិ»។ ក្រោយមក ពួកគាត់ប្រហែលអាចនាំចូលទៅសៀវភៅព្រះគម្ពីរបង្រៀន ហើយប្រាប់ម្ចាស់ផ្ទះថា៖ «ទោះជាអ្នកមិនជឿលើព្រះក្ដី តែការរៀនគម្ពីរគឺមានប្រយោជន៍ ពីព្រោះគម្ពីរមានការណែនាំជាច្រើនដែលមានប្រយោជន៍»។ អ្នកត្រួសត្រាយម្នាក់នៅសហរដ្ឋអាម៉េរិកដែលកំពុងបម្រើក្នុងតំបន់ផ្សាយភាសាចិនបាននិយាយថា៖ «មនុស្សជាច្រើនក្នុងតំបន់ផ្សាយរបស់យើងចូលចិត្តអានណាស់។ ដូច្នេះ ពួកគេច្រើនតែអានចប់សៀវភៅទាំងមូលមុនពេលយើងត្រឡប់ទៅជួប។ ប៉ុន្តែ ពួកគេប្រហែលមិនយល់អំពីការសិក្សាគម្ពីរទេ។ ដូច្នេះ ខ្ញុំចូលចិត្តស្នើផ្ដល់សៀវភៅស្តើងដំណឹងល្អ នៅពេលជួបលើកដំបូង ដោយសារសៀវភៅនេះបានត្រូវសរសេរតាមរបៀបដែលលើកទឹកចិត្តឲ្យមានការពិគ្រោះ»។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលដែលបម្រើក្នុងមណ្ឌលភាសាចិននៅសហរដ្ឋអាម៉េរិករៀបរាប់ថា បងប្អូនអាចស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន នៅពេលជួបលើកដំបូង។ ប៉ុន្តែ ប្រហែលជាល្អជាងឲ្យយើងចាប់ផ្ដើមសិក្សាជាមួយគេនៅជំពូកទី២ ដែលពន្យល់អំពីគម្ពីរ ជាជាងនៅជំពូកទី១ ដែលពន្យល់អំពីព្រះ។
៥. ហេតុអ្វីចិត្តអត់ធ្មត់គឺសំខាន់?
៥ ដើម្បីឲ្យបុគ្គលម្នាក់បណ្ដុះជំនឿលើព្រះគឺត្រូវការពេលវេលា។ ដូច្នេះចិត្តអត់ធ្មត់គឺសំខាន់។ ការសន្ទនានៅលើកដំបូងប្រហែលមិនជំរុញចិត្តបុគ្គលម្នាក់ឲ្យយល់ស្របថាមានព្រះដែលជាអ្នកបង្កើតនោះទេ។ ប៉ុន្តែ ប្រហែលដល់ពេលមួយគាត់នឹងទទួលស្គាល់ថាប្រហែលជាអាចមានព្រះមែនក៏មិនដឹង ឬគាត់ប្រហែលជាយល់នូវមូលហេតុដែលពួកគេសន្និដ្ឋានយ៉ាងនេះ។
៦. ហេតុអ្វីអ្នកខ្លះប្រហែលជាមិនចាប់អារម្មណ៍នឹងគម្ពីរ?
៦ អ្នកដែលមិនចាប់អារម្មណ៍ឬមិនទុកចិត្តគម្ពីរ: ជារឿយៗ ទោះជាបុគ្គលម្នាក់ទទួលស្គាល់ថាប្រហែលជាមានព្រះក៏ដោយ តែគាត់មិនចាប់អារម្មណ៍ទៅលើអ្វីដែលគម្ពីរបង្រៀនទេ ដោយសារគាត់មិនជឿថាគម្ពីរជាបណ្ដាំរបស់ព្រះ។ ប្រហែលគាត់រស់នៅប្រទេសដែលមិនកាន់សាសនាគ្រិស្ត និងគិតថាគម្ពីរទាក់ទងនឹងពិភពគ្រិស្តសាសនាប៉ុណ្ណោះ ឬក៏គាត់ប្រហែលជារស់នៅប្រទេសជឿនលឿនមួយដែលអះអាងថាគ្រិស្តសាសនាជាសាសនារដ្ឋ ហើយគាត់ប្រហែលមិនគិតថាគម្ពីរមានប្រយោជន៍ចំពោះគាត់ដែរ។ តើតាមរបៀបណាយើងអាចជួយបុគ្គលបែបនោះឲ្យបណ្ដុះចំណាប់អារម្មណ៍ទៅលើគម្ពីរ និងនៅទីបំផុតព្រមសិក្សាសៀវភៅព្រះគម្ពីរបង្រៀន?
៧. តើអ្វីជាវិធីដ៏ល្អដែលច្រើនតែធ្វើឲ្យគេចាប់អារម្មណ៍គម្ពីរថែមទៀត?
៧ ការិយាល័យសាខានៅប្រទេសក្រិចបានសរសេរថា៖ «វិធីល្អបំផុតដើម្បីជួយអ្នកដែលមិនចាប់អារម្មណ៍គម្ពីរគឺគ្រាន់តែបើកគម្ពីរនិងបង្ហាញពួកគេអំពីអ្វីដែលមានក្នុងគម្ពីរ។ អ្នកផ្សាយជាច្រើនបានកត់សម្គាល់ថាព័ត៌មានក្នុងគម្ពីរមានឥទ្ធិពលទៅលើចិត្តបុគ្គលម្នាក់ខ្លាំងជាងអ្វីៗទាំងអស់ដែលពួកគេនិយាយទៅទៀត។ (ហេ. ៤:១២) ការឃើញនាមព្រះក្នុងគម្ពីរបានជួយមនុស្សជាច្រើនឲ្យមានចិត្តចង់ស្រាវជ្រាវគម្ពីរ»។ ការិយាល័យសាខានៅប្រទេសឥណ្ឌាបានសរសេរថា៖ «សេចក្ដីពិតអំពីជីវិតនិងសេចក្ដីស្លាប់ពិតជាទាក់ទាញចំណាប់អារម្មណ៍របស់អ្នកកាន់សាសនាហិណ្ឌូជាច្រើននាក់ ហើយសេចក្ដីសន្យាអំពីពិភពលោកដែលគ្មានការប្រកាន់វណ្ណៈក៏ធ្វើឲ្យពួកគេចាប់អារម្មណ៍ដែរ»។ ការលើកឡើងពីបញ្ហាដែលមនុស្សក្នុងតំបន់កំពុងខ្វល់ខ្វាយ ច្រើនតែធ្វើឲ្យអ្នកផ្សាយមានឱកាសបង្ហាញពីគម្ពីរដែលថា រាជាណាចក្ររបស់ព្រះនឹងសម្រេចដើម្បីកែប្រែបញ្ហាទាំងនោះ។
៨. ចំពោះអ្នកដែលមានទស្សនៈមិនត្រឹមត្រូវចំពោះគម្ពីរដោយសារពិភពគ្រិស្តសាសនា តើយើងអាចនិយាយអ្វីខ្លះទៅកាន់ពួកគេ?
៨ បើបុគ្គលម្នាក់មានទស្សនៈមិនត្រឹមត្រូវចំពោះគម្ពីរដោយសារពិភពគ្រិស្តសាសនា សូមជួយឲ្យគាត់ដឹងថាពិភពគ្រិស្តសាសនាធ្វើឲ្យមនុស្សយល់ខុសអំពីគម្ពីរនិងសេចក្ដីបង្រៀនក្នុងគម្ពីរ។ ការិយាល័យសាខានៅប្រទេសឥណ្ឌាបានសរសេរថា៖ «ពេលខ្លះ យើងត្រូវជួយបុគ្គលម្នាក់ៗឲ្យឃើញថាវិហារទាំងនោះមិនមែនជាអ្នកទទួលខុសត្រូវខាងគម្ពីរទេ»។ ពួកគេបានប្រាប់ថាអ្នកកាន់សាសនាហិណ្ឌូច្រើនតែភ្ញាក់ផ្អើលអំពីព័ត៌មានក្នុងផ្នែកទី៤ពីសៀវភៅស្តើងតើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច? ដែលពន្យល់អំពីរបៀបវិហារជាច្រើនបានព្យាយាមក្បត់និងបំផ្លាញគម្ពីរដែលជាបណ្ដាំរបស់ព្រះ។ អ្នកត្រួសត្រាយម្នាក់នៅប្រទេសប្រេស៊ីលបានប្រាប់មនុស្សថា៖ «សូមស្វែងយល់ថែមទៀតអំពីព័ត៌មានក្នុងគម្ពីរ។ មនុស្សជាច្រើនកំពុងធ្វើដូច្នេះដោយមានទស្សនៈទូលំទូលាយ និងដោយមិនចាំបាច់ចូលរួមសាសនាណាមួយទេ។ អ្នកប្រហែលជាភ្ញាក់ផ្អើលចំពោះអ្វីដែលអ្នករៀនជាមិនខាន»។
៩. ហេតុអ្វីយើងមិនគួររសាយចិត្ត បើពីដំបូងបុគ្គលម្នាក់មិនចាប់អារម្មណ៍ពីអ្វីដែលគម្ពីរបង្រៀន?
៩ ព្រះយេហូវ៉ាមើលចិត្តរបស់បុគ្គលម្នាក់ៗ។ (១សាំ. ១៦:៧; សុភ. ២១:២) លោកកំពុងទាញនាំអ្នកដែលមានចិត្តគំនិតត្រឹមត្រូវឲ្យចូលក្នុងការគោរពប្រណិប័តន៍ពិត។ (យ៉ូន. ៦:៤៤) មនុស្សជាច្រើនបែបនេះមិនដែលបានរៀនអំពីព្រះទេ ឬក៏អត់សូវមានឱកាសស្ដាប់អ្វីពីគម្ពីរដែរ។ កិច្ចបម្រើផ្សាយរបស់យើងផ្ដល់ឱកាសពួកគេ«ទទួលសេចក្ដីសង្គ្រោះ ហើយមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (១ធី. ២:៤) ដូច្នេះ បើអ្នកខ្លះមិនចាប់អារម្មណ៍អ្វីដែលគម្ពីរបង្រៀននៅលើកដំបូងទេ សូមកុំរសាយចិត្តឡើយ! សូមប្រើសៀវភៅណាមួយដែលមានក្នុងភាសារបស់អ្នកដើម្បីបង្កើនចំណាប់អារម្មណ៍របស់ពួកគេ។ នៅទីបំផុត អ្នកប្រហែលជាអាចប្ដូរពីការពិគ្រោះគម្ពីរទៅជាការបង្រៀនគម្ពីរដោយប្រើសៀវភៅដ៏សំខាន់គឺតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
[ប្រអប់នៅទំព័រ៤]
បើម្ចាស់ផ្ទះនិយាយថាគាត់មិនជឿលើព្រះទេ សូមសាកនិយាយដូចនេះ:
• ដើម្បីរកមូលហេតុ សូមសួរ «តើអ្នកតែងតែមានអារម្មណ៍ដូចនេះទេ?»។
• បើគាត់ជាអ្នកកាន់សាសនាព្រះពុទ្ធ សូមប្រើសៀវភៅស្តើងផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត ទំព័រ១៤-១៦។
• បើគាត់ជឿលើទ្រឹស្តីវិវត្តន៍ ឯកសារយោងទាំងនេះប្រហែលជាមានប្រយោជន៍:
សៀវភៅស្តើងរបៀបទទួលបានជីវិតដ៏គាប់ចិត្ត មេរៀនទី៤ និងសៀវភៅស្តើងតើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ?
• បើគាត់លែងមានជំនឿលើព្រះដោយសារភាពអយុត្ដិធម៌និងការរងទុក្ខវេទនា ឯកសារយោងទាំងនេះប្រហែលអាចជួយបាន:
សៀវភៅស្តើងតើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ? ភាគទី៦ និងសៀវភៅតើអ្វីជាគោលបំណងនៃជីវិត? មេរៀនទី៦
• សូមប្ដូរទៅសៀវភៅព្រះគម្ពីរបង្រៀនភ្លាមៗ បើម្ចាស់ផ្ទះចាប់ផ្ដើមគិតថាព្រះពិតជាមានមែន។ ប្រហែលជាការល្អឲ្យចាប់ផ្ដើមជំពូកទី២ឬប្រធានបទមួយផ្សេងទៀតដែលសមរម្យសម្រាប់គាត់។
[ប្រអប់នៅទំព័រ៥]
បើម្ចាស់ផ្ទះមិនជឿលើគម្ពីរទេ សូមសាកវិធីនេះ:
• សូមពិចារណាសៀវភៅស្តើងផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត ទំព័រ៨-១០។
• សូមពិគ្រោះអំពីប្រយោជន៍នៃគោលការណ៍គម្ពីរដូចខាងក្រោម។ សៀវភៅផ្សេងៗដែលអ្នកអាចប្រើដើម្បីបង្ហាញអ្នកណាម្នាក់អំពីប្រយោជន៍ដែលមកពីគម្ពីរ:
សៀវភៅស្តើងព្រះមានដំណឹងល្អសម្រាប់យើង! មេរៀនទី៩ និង១១ និងសៀវភៅស្តើងរបៀបទទួលបានជីវិតដ៏គាប់ចិត្ត មេរៀនទី២
សម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ សូមប្រើសៀវភៅស្តើងផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត ទំព័រ៣-៧។
បើអ្នកកំពុងផ្សព្វផ្សាយនៅកន្លែងដែលមានការប្រកាន់ចំពោះគម្ពីរ ប្រហែលជាការប្រសើរបំផុតដែលអ្នកមិនបញ្ជាក់ប្រាប់អំពីប្រភពនៃប្រាជ្ញានេះ តែចាំរហូតដល់អ្នកបានត្រឡប់ទៅជួបច្រើនដងសិន។
• សូមពន្យល់របៀបដែលទំនាយបានត្រូវសម្រេច។ សៀវភៅដែលអ្នកអាចប្រើមាន:
សៀវភៅស្តើងរបៀបទទួលបានជីវិតដ៏គាប់ចិត្ត ផ្នែកទី៣ វគ្គ៧-៨
• សូមប្ដូរទៅសៀវភៅព្រះគម្ពីរបង្រៀនភ្លាមៗ បើបុគ្គលនោះសួរអ្វីដែលគម្ពីរបង្រៀនស្តីអំពីប្រធានបទផ្សេងៗ។
[ប្រអប់នៅទំព័រ៦]
បើម្ចាស់ផ្ទះនិយាយថា៖ «ខ្ញុំមិនជឿលើព្រះទេ»។ អ្នកអាចនិយាយថា:
• «តើខ្ញុំអាចពន្យល់យ៉ាងខ្លីអំពីអ្វីដែលបានធ្វើឲ្យខ្ញុំជឿលើព្រះដែលជាអ្នកបង្កើតបានទេ?»។ សូមណាត់ពេលទៅជួបដើម្បីយកសៀវភៅមួយជូនគាត់ ជាសៀវភៅដែលអ្នកចូលចិត្តអាន។
• «ប៉ុន្តែ បើមានព្រះមែន តើអ្នកចង់ឲ្យលោកជាបុគ្គលបែបណា?»។ ម្ចាស់ផ្ទះភាគច្រើនឆ្លើយថា ពួកគេចង់ចូលទៅជិតព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ យុត្ដិធម៌ និងមេត្ដាករុណា ហើយជាព្រះដែលមិនរើសមុខ។ សូមបង្ហាញគាត់ពីគម្ពីរអំពីគុណសម្បត្ដិទាំងនេះរបស់ព្រះ។ (ប្រហែលអាចប្រើជំពូកទី១នៃសៀវភៅព្រះគម្ពីរបង្រៀន ដោយចាប់ផ្ដើមពីវគ្គ៦)។
បើម្ចាស់ផ្ទះនិយាយថា៖ «ខ្ញុំមិនជឿលើគម្ពីរទេ»។ អ្នកអាចនិយាយថា:
• «មនុស្សជាច្រើនមានទស្សនៈដូចនេះដែរ។ ពួកគេថាពាក្យខ្លះក្នុងគម្ពីរមិនស្របនឹងវិទ្យាសាស្ត្រ ឬថាខ្នាតតម្រាក្នុងគម្ពីរគឺគ្មានប្រយោជន៍។ សូមប្រាប់បានទេ តើអ្នកធ្លាប់អានគម្ពីរពីមុនទេ? [ទុកឲ្យគាត់ឆ្លើយ។ បន្ទាប់មកបង្ហាញឧទាហរណ៍ពីទំព័រ៦ឬ៩ក្នុងសៀវភៅស្តើងផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត ហើយស្នើផ្ដល់សៀវភៅស្តើងនោះ] ពេលក្រោយ ខ្ញុំចង់ពិគ្រោះឧទាហរណ៍មួយពីទំព័រ១០»។
• «មនុស្សជាច្រើនក៏មានទស្សនៈដូចអ្នកដែរ។ តើខ្ញុំអាចបង្ហាញអ្នកអ្វីមួយដែលធ្វើឲ្យខ្ញុំកោតស្ងើចអំពីគម្ពីរបានទេ? [សូមអាន យ៉ូប ២៦:៧; ឬអេសាយ ៤០:២២ ដែលថាគម្ពីរពិតជាត្រឹមត្រូវតាមវិទ្យាសាស្ត្រ] គម្ពីរក៏មានយោបល់ដ៏មានប្រាជ្ញាដើម្បីជួយក្រុមគ្រួសារដែរ។ ពេលក្រោយខ្ញុំចង់បង្ហាញអ្នកនូវឧទាហរណ៍មួយ»។
• «អរគុណដែលអ្នកបានប្រាប់ខ្ញុំអំពីនោះ។ បើព្រះបានសរសេរសៀវភៅមួយសម្រាប់មនុស្សជាតិ តើអ្នកគិតថានឹងមានព័ត៌មានអ្វីខ្លះក្នុងនោះ?»។ បន្ទាប់មកសូមបង្ហាញគាត់អ្វីមួយពីគម្ពីរដែលស្របនឹងចម្លើយរបស់គាត់។