ចូរធ្វើជាអ្នកប្រព្រឹត្តតាមដ៏សប្បាយ
១ ព្រះយេស៊ូបានមានបន្ទូលថា ក្នុងកំឡុងវត្តមានរបស់ទ្រង់ នោះមនុស្សភាគច្រើននឹង‹ឥតដឹងខ្លួនឡើយ› ដូចជានៅសម័យលោកណូអេដែរ។ (ម៉ាថាយ ២៤:៣៧-៣៩) អ៊ីចឹងហើយ យើងអាចយល់ថា នឹងមានមនុស្សជាច្រើនដែលនឹងមិនព្រមស្ដាប់សារដំណឹងល្អអំពីព្រះរាជាណាចក្រទេ។ តើអ្វីដែលអាចជួយយើងរក្សាឲ្យមានទឹកចិត្តសប្បាយ ពេលដែលយើងបំពេញកិច្ចបំរើរបស់យើងនោះ?—ទំនុកដំកើង ១០០:២
២ មុនបង្អស់ យើងត្រូវតែនឹកចាំថា សាររបស់យើងនិងបញ្ជាដែលយើងបានទទួលឲ្យផ្សព្វផ្សាយនោះ ក៏បានមកពីព្រះ។ បើសិនជាមនុស្សមិនប្រព្រឹត្តតបតាមកិច្ចផ្សព្វផ្សាយរបស់យើង ទោះបីយើងបានខិតខំអស់ពីសមត្ថភាពក៏ដោយ តាមការពិតនេះជាការបដិសេធព្រះយេហូវ៉ាវិញ។ បើសិនជាយើងនឹកចាំថា ទ្រង់សព្វព្រះហឫទ័យនឹងភាពស្មោះត្រង់របស់យើង នោះនឹងជួយយើងរក្សាឲ្យមានអំណរនិងសុភមង្គលជាអ្នកធ្វើតាមព្រះបន្ទូលរបស់ព្រះ។—យ៉ាកុប ១:២៥
៣ ទីពីរ គឺនៅតែមានមនុស្សខ្លះដែលនឹងព្រមទទួលសំវិធានការរបស់ព្រះយេហូវ៉ាចំពោះសេចក្ដីសង្គ្រោះ។ ទោះបីមនុស្សភាគច្រើនប្រហែលជាបង្ហាញភាពកន្តើយក៏ដោយ សូម្បីតែក្នុងពេលដ៏កៀកដល់គ្រាចុងបំផុតក៏ដោយ ក៏មានមនុស្សដែលមានលក្ខណៈដូចជាចៀមដែលគួរនឹងប្រមូលមក។ យើងត្រូវតែបន្តផ្សព្វផ្សាយ ទាំងទៅ«ក្រុងណា ឬភូមិណា»ក៏ដោយ ដើម្បី«សួររកអ្នកណាក្នុងទីនោះ ដែលគេគួរ»។—ម៉ាថាយ ១០:១១-១៣
៤ ចូររក្សានូវទស្សនៈដ៏វិជ្ជមាន: ប្រវត្ដិដ៏អាក្រក់របស់សាសនាក្លែងក្លាយបាននាំឲ្យមនុស្សជាច្រើនអស់សង្ឃឹម។ អ្នកឯទៀតក៏‹ល្វើយ ហើយបានត្រូវខ្ចាត់ខ្ចាយ›ដោយរបបលោកីយ៍នេះ។ (ម៉ាថាយ ៩:៣៦) មនុស្សជាច្រើនប្រហែលជាមានអារម្មណ៍ទ័លច្រកដោយសារខ្វះខាតនូវការងារធ្វើ គ្មានវិធីថែរក្សាសុខភាព និងអសន្ដិសុខ។ បើសិនជាយើងយល់ពីបញ្ហានេះ នោះនឹងជួយយើងតស៊ូក្នុងកិច្ចការរបស់យើង។ ចូរខិតខំចាប់ផ្ដើមការសន្ទនាដែលទាក់ទងនឹងរឿងដែលមនុស្សក្នុងតំបន់របស់យើងខ្វល់ខ្វាយជាងគេ។ ចូរជួយគេយល់ថា ព្រះរាជាណាចក្ររបស់ព្រះគឺជាដំណោះស្រាយតែមួយគត់។ ចូរប្រើបទគម្ពីរនិងចំណុចជាក់លាក់ក្នុងប្រកាសនវត្ថុ ដើម្បីឲ្យដំណឹងល្អមានឥទ្ធិពលទៅលើចិត្តរបស់គេ។—ហេព្រើរ ៤:១២
៥ ពួកអ្នកដែលធ្វើតាមព្រះបន្ទូលរបស់ព្រះដោយចិត្តសប្បាយ តែងតែនឹកចាំថា៖ «អំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃ[យើង]រាល់គ្នា»។ (នេហេមា ៨:១០) យើងមិនចាំបាច់បាត់បង់អំណររបស់យើងទេ។ «បើអ្នកផ្ទះនោះគេគួរ នោះចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានៅផ្ទះនោះចុះ តែបើមិនគួរទេ នោះត្រូវឲ្យសេចក្ដីសុខសាន្តត្រឡប់មកលើអ្នករាល់គ្នាវិញ»។ (ម៉ាថាយ ១០:១៣) ព្រះយេហូវ៉ាទ្រង់ជួយយើងឲ្យមានកម្លាំងនិងអំណរអរសារជាថ្មីវិញ ពេលដែលយើងតស៊ូដោយចិត្តអត់ធ្មត់ក្នុងកិច្ចបំរើដ៏ពិសិដ្ឋរបស់ទ្រង់ និងទ្រង់ថែមទាំងប្រទានពរមកលើចិត្តស្មោះត្រង់របស់យើងផងដែរ។