«ចូរគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ»ចុះ!
១ សាវ័កប៉ុលបានសរសេរថា«ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង»។ (ភី. ៤:៤) ឯកសិទ្ធិផ្សព្វផ្សាយប្រាប់ដំណឹងល្អហើយជួយមនុស្សដែលមានលក្ខណៈដូចចៀមឲ្យថ្វាយបង្គំព្រះយេហូវ៉ា ជាប្រភពនៃអំណរជាខ្លាំង។ (លូ. ១០:១៧; កិច្ច. ១៥:៣; ១ថែ. ២:១៩) ក៏ប៉ុន្តែបើមានគ្រាខ្លះដែលយើងអត់សូវមានអំណរក្នុងកិច្ចបំរើ តើយើងអាចធ្វើអ្វី?
២ កិច្ចការដែលព្រះបានកំណត់ឲ្យធ្វើ: សូមនឹកចាំថា កិច្ចផ្សព្វផ្សាយដែលបានបង្គាប់ឲ្យយើងបំពេញនោះគឺមកពីព្រះយេហូវ៉ា។ យើងមានកិត្ដិយសជា«អ្នកធ្វើការជាមួយនឹងព្រះ» ក្នុងការប្រកាសប្រាប់សារនៃព្រះរាជាណាចក្រឲ្យមានសិស្ស! (១កូ. ៣:៩) ព្រះយេស៊ូគ្រីស្ទគង់នៅជាមួយយើងក្នុងកិច្ចការនេះដែលមិនត្រូវមានទៀតក្នុងប្រវត្ដិសាស្ត្រ។ (ម៉ាថ. ២៨:១៨-២០) ពួកទេវតាក៏បានចូលរួមយ៉ាងសកម្មជាមួយនឹងយើងក្នុងចំរូតខាងវិញ្ញាណដ៏ឧត្តម ដែលកំពុងតែសម្រេចនៅពេលបច្ចុប្បន្ននេះ។ (កិច្ច. ៨:២៦; វិវរ. ១៤:៦) នៅក្នុងបទគម្ពីរថែមទាំងបទពិសោធន៍របស់រាស្ត្រព្រះយេហូវ៉ា ផ្ដល់នូវភស្តុតាងជាក់ច្បាស់ថាព្រះយេហូវ៉ាកំពុងតែគាំទ្រកិច្ចការនេះ។ ដូច្នេះ នៅពេលដែលយើងទៅផ្សព្វផ្សាយ យើងទៅ«ក្នុងនាមព្រះ...នៅចំពោះព្រះភ័ក្ដ្រព្រះ...និងនៅក្នុងអង្គព្រះគ្រីស្ទ»។ (២ករ. [២កូ.] ២:១៧, ខ.ស.) នេះច្បាស់ជាហេតុឲ្យយើងត្រេកអរខ្លាំងមែន!
៣ ការអធិស្ឋានគឺចាំបាច់បើយើងចង់មានអំណរក្នុងកិច្ចបំរើចំពោះព្រះយេហូវ៉ា។ (កា. ៥:២២) ដោយព្រោះយើងអាចធ្វើកិច្ចការរបស់ព្រះតាមតែឥទ្ធិឫទ្ធិពីទ្រង់ យើងត្រូវអង្វរព្រះឲ្យប្រទានវិញ្ញាណរបស់ទ្រង់ដោយសទ្ធាមកលើអស់អ្នកដែលសូម។ (លូ. ១១:១៣; ២កូ. ៤:១, ៧; អេភ. ៦:១៨-២០) ការអធិស្ឋានអំពីកិច្ចបំរើរបស់យើង នឹងជួយយើងរក្សាឲ្យមានទស្សនៈត្រឹមត្រូវពេលយើងជួបមនុស្សដែលនិយាយមិនល្អនោះ។ ការអធិស្ឋាននឹងជួយយើងបន្តផ្សព្វផ្សាយដោយមានចិត្តក្លាហានហើយអំណរទៀត។—កិច្ច. ៤:២៩-៣១; ៥:៤០-៤២; ១៣:៥០-៥២
៤ រៀបចំឲ្យបានល្អ: របៀបមួយដែលយើងអាចបង្កើននូវអំណរក្នុងកិច្ចបំរើ គឺដោយរៀបចំឲ្យបានល្អ។ (១ពេ. ៣:១៥) ការរៀបចំឲ្យបានល្អ មិនត្រូវចំណាយពេលច្រើននោះទេ។ ក្នុងតែប៉ុន្មាននាទី អ្នកអាចមើលសាឡើងវិញនូវយោបល់ពីរបៀបនិយាយពេលផ្ដល់ទស្សនាវដ្ដីឬពាក្យសំដីសមនឹងឧបករណ៍ផ្សាយដែលអ្នកបំរុងផ្ដល់នោះ។ ដើម្បីរកពាក្យផ្ដើមដ៏ល្អគួរសម អ្នកអាចមើលកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ឬកិច្ចបំរើព្រះរាជាណាចក្រយើងពីខែមុនៗ។ អ្នកខ្លះដែលផ្សាយពីព្រះរាជាណាចក្រ មានគំនិតថាបើគាត់កត់ពាក្យផ្សាយខ្លះលើក្រដាសតូចមួយគឺជាជំនួយដ៏ល្អដែរ។ យូរៗម្ដង គាត់ក្រឡេកមើលក្រដាសនោះដើម្បីរំឭកខ្លួន។ ការឆែកមើលក្រដាសក៏ធ្វើឲ្យបងប្អូនខ្លះលែងមានអារម្មណ៍ភិតភ័យក្នុងចិត្ត ថែមទាំងមានទំនុកចិត្តផ្សព្វផ្សាយដោយចិត្តក្លាហាន។
៥ អំណរនាំឲ្យយើងមានផលប្រយោជន៍ជាច្រើន។ ទឹកមុខដែលសម្ដែងអំណរទាញចិត្តគេឲ្យចង់ស្ដាប់សាររបស់យើង។ អំណរពង្រឹងយើងឲ្យចេះស៊ូទ្រាំ។ (នេ. ៨:១០; ហេ. ១២:២) សំខាន់បំផុត សូមឲ្យកិច្ចបំរើរបស់យើងធ្វើឡើងដោយចិត្តអំណរនិងលើកកិត្ដិយសចំពោះព្រះយេហូវ៉ា។ ដូច្នេះ ចូរឲ្យយើង«គោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ»។—ទំនុក. ១០០:២
[Study Questions]
១. តើអ្នកបំរើព្រះយេហូវ៉ាអាចទទួលអំណរជាខ្លាំងពីណាមក?
២. តើតាមរបៀបណាដែលការនឹកគិតពីប្រភពនៃការបង្គាប់ឲ្យយើងបំពេញកិច្ចការនោះ អាចផ្ដល់ឲ្យយើងមានអំណរ?
៣. តើការអធិស្ឋានមានតួនាទីអ្វី ចំពោះការជួយយើងរក្សាឲ្យមានអំណរក្នុងកិច្ចបំរើ?
៤. តើមានការរៀបចំឲ្យបានល្អអ្វីដើម្បីជួយយើងបន្ថែមអំណរក្នុងកិច្ចផ្សព្វផ្សាយ ហើយតើយើងអាចធ្វើតាមវិធីដែលមានប្រយោជន៍ណាខ្លះដើម្បីរៀបចំ?
៥. តើអំណរធ្វើឲ្យយើងហើយអ្នកឯទៀតទទួលប្រយោជន៍យ៉ាងណា?