ចូរបង្កើនអំណររបស់អ្នកក្នុងកិច្ចផ្សព្វផ្សាយ
១ តើអ្នកទទួលអំណរពីការផ្សាយដំណឹងល្អឬទេ? បើយើងមិនប្រយ័ត្ន របបលោកីយ៍ដ៏អាក្រក់នេះអាចធ្វើឲ្យយើងអាម៉ាស់មុខមិនចង់ផ្សព្វផ្សាយទេ ដែលនេះជាហេតុធ្វើឲ្យយើងបាត់បង់អំណរ។ ការផ្សព្វផ្សាយក្នុងតំបន់ដែលមិនបង្កើតផលក៏អាចពង្រីងអំណររបស់យើងផងដែរ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីបង្កើនអំណរដែលយើងទទួលពីការផ្សព្វផ្សាយនោះ?
២ គិតឲ្យបានវិជ្ជមាន: ការគិតពីអ្វីដែលវិជ្ជមានជានិច្ចអាចជួយយើងបានច្រើន។ វិធីមួយដែលយើងអាចធ្វើដូច្នេះ គឺដោយរំពឹងគិតអំពីឯកសិទ្ធិដ៏ល្អឯកដែលយើងមាន ពោលគឺការ«ធ្វើការជាមួយនឹងព្រះ»។ (១កូ. ៣:៩) ព្រះយេស៊ូក៏ចូលរួមជាមួយយើងដែរក្នុងកិច្ចការនេះ។ (ម៉ាថ. ២៨:២០) ហើយទ្រង់ជួយគាំទ្រយើងដោយកងទេវតាជាច្រើន។ (ម៉ាថ. ១៣:៤១, ៤៩) ហេតុនេះហើយ យើងអាចជឿជាក់ថា ការព្យាយាមរបស់យើងត្រូវណែនាំដោយព្រះយ៉ាងប្រាកដ។ (វិវរ. ១៤:៦, ៧) ដូច្នេះ ទោះជាមនុស្សឆ្លើយតបដោយវិជ្ជមានឬអវិជ្ជមាននឹងការផ្សព្វផ្សាយរបស់យើងយ៉ាងណាក៏ដោយ នៅស្ថានសួគ៌វិញ មានការអរសប្បាយក្រៃលែង!
៣ រៀបចំឲ្យបានល្អ: ការរៀបចំឲ្យបានល្អក៏ចំរើនអំណររបស់យើងផងដែរ។ ការរៀបចំសំរាប់កិច្ចផ្សព្វផ្សាយមិនត្រូវការពេលច្រើនទេ។ ត្រូវការតែពីរបីនាទីដើម្បីពិចារណាចំណុចមួយដែលយើងអាចពិគ្រោះជាមួយគេបានពីទស្សនាវដ្ដីថ្មីៗឬក៏ឧបករណ៍ផ្សាយសំរាប់ខែនោះ។ អ្នកអាចជ្រើសរើសពាក្យផ្សព្វផ្សាយពីប្រអប់«អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង»ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង។ មើលក្នុងកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ដើម្បីរកពាក្យផ្ដើមដែលមានប្រសិទ្ធិភាព។ បើអ្នកទាល់គំនិតដោយសារការជំទាស់មួយដែលម្ចាស់ផ្ទះច្រើនតែលើកឡើងនោះ ចូររៀបចំពាក្យតបឆ្លើយដែលបង្ហាញថាយើងបានស្ដាប់ជំទាស់របស់គេ ហើយដែលបំបែរអារម្មណ៍គេទៅលើចំណុចណាមួយដែលគួរឲ្យចាប់អារម្មណ៍។ កូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ អាចជួយបានច្រើនក្នុងរឿងនេះ។ ការប្រើនូវជំនួយទាំងនេះនឹងផ្ដល់ទំនុកចិត្តឲ្យយើងផ្សព្វផ្សាយដោយអំណរ។
៤ អធិស្ឋានអស់ពីចិត្ត: សេចក្ដីអធិស្ឋានគឺជាអ្វីដ៏ចាំបាច់ដើម្បីមានអំណរជារៀងរហូត។ ដោយព្រោះយើងកំពុងតែធ្វើកិច្ចការរបស់ព្រះយេហូវ៉ា នោះយើងត្រូវតែទូលអង្វរទ្រង់ឲ្យបានវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដែលមានអំណរជាផលផ្លែមួយ។ (កា. ៥:២២) ព្រះយេហូវ៉ានឹងផ្ដល់កម្លាំងចិត្តឲ្យយើងបន្តផ្សព្វផ្សាយ។ (ភី. ៤:១៣) ការអធិស្ឋានអំពីកិច្ចផ្សព្វផ្សាយរបស់យើងអាចជួយយើងមានទស្សនៈត្រឹមត្រូវពេលយើងធ្លាប់មានការពិសោធន៍មិនល្អ។ (កិច្ច. ១៣:៥២; ១ពេ. ៤:១៣, ១៤) បើយើងមានអារម្មណ៍ភ័យ នោះសេចក្ដីអធិស្ឋានអាចជួយយើងបន្តផ្សព្វផ្សាយដោយចិត្តមោះមុតនិងចិត្តសប្បាយ។—កិច្ច. ៤:៣១
៥ ចូរបង្កើតឱកាសផ្សព្វផ្សាយ: កិច្ចផ្សព្វផ្សាយពិតជាសប្បាយជាង ពេលយើងជួបមនុស្សនិងផ្សព្វផ្សាយដល់គេ។ ការផ្លាស់ប្ដូរកម្មវិធីរបស់យើងដើម្បីផ្សព្វផ្សាយនៅម៉ោងផ្សេងទៀត ប្រហែលពេលល្ងាច អាចមានលទ្ធផលល្អជាង។ អ្នកជួបមនុស្សពេលអ្នកដើរតាមផ្លូវថ្នល់ ទៅផ្សារ ជិះឡានក្រុង ឬទៅដើរលេង។ អ្នកអាចរៀបចំពាក្យផ្ដើមយ៉ាងខ្លីដើម្បីចាប់ផ្ដើមការសន្ទនាជាមួយអ្នកដែលមើលទៅដូចជារាក់ទាក់។ មួយទៀត បើអ្នករកស៊ីឬរៀននៅសាលារដ្ឋ អ្នកប្រហែលជាសន្ទនាជាមួយអ្នកដទៃជារៀងរាល់ថ្ងៃ។ អ្នកប្រហែលជានឹងមានឱកាសផ្សព្វផ្សាយដោយគ្រាន់តែលើកឡើងរឿងមួយពីព្រះគម្ពីរដែលធ្វើឲ្យគេចាប់អារម្មណ៍។ ការព្យាយាមបែបនេះអាចជួយយើងបានអំណរច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយរបស់យើង។
៦ ដោយព្រោះអំណរជួយយើងស៊ូទ្រាំនោះ ការរក្សាឲ្យអំណររបស់យើងបានគង់វង្សគឺសំខាន់ណាស់! ដោយធ្វើយ៉ាងនេះ យើងនឹងបានរង្វាន់ដ៏ធំពេលកិច្ចការនេះចប់ ដោយមិនត្រូវធ្វើទៀតក្នុងប្រវត្ដិសាស្ត្រ។ សេចក្ដីសង្ឃឹមនោះឯងអាចបង្កើនអំណររបស់យើងក្នុងកិច្ចផ្សព្វផ្សាយ។—ម៉ាថ. ២៥:២១