បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៣ ទំ. ២៤-២៩
  • ‹ពួកអ្នកប្រព្រឹត្ដតាមបន្ទូល›ដ៏រីករាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ‹ពួកអ្នកប្រព្រឹត្ដតាមបន្ទូល›ដ៏រីករាយ
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​អត់​ទ្រាំ​ដោយ​អំណរ
  • ការ​ស្វែង​រក​ប្រាជ្ញា
  • ចូរ​ឲ្យ​ទៅ​ជា​«អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល»​ចុះ
  • ទោះជាមានសេចក្ដីទុក្ខលំបាក សូមកាន់ជាប់នឹងជំនឿរបស់អ្នក!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចូររៀនពីប្អូនប្រុសរបស់លោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • របៀបរក្សាអំណរពេលមានទុក្ខលំបាក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ជំនឿជំរុញយើងឲ្យមានសកម្មភាព!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៣ ទំ. ២៤-២៩

‹ពួក​អ្នក​ប្រព្រឹត្ត​តាម​បន្ទូល›ដ៏​រីករាយ

«ដ្បិត​ព្រះ​បន្ទូល​នោះ​អាច​នឹង​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា​បាន ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្ដាប់​ប៉ុណ្ណោះ»។—យ៉ាកុប ១:២១, ២២

១. តើ​យើង​ចាត់​ទុក​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​១៩៩៦របស់​យើង​ជា​យ៉ាង​ណា?

«ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ទៅ»។ ពាក្យ​ថ្លែង​ដ៏​ស្រួល​យល់​នេះ គឺ​មាន​សារ​ដ៏​សំខាន់​ណាស់។ ពាក្យ​នេះ​គឺ​ដក​ស្រង់​ចេញ​ពី​«សំបុត្រ​របស់​យ៉ាកុប»​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​នឹង​ដាក់​តាំង​នៅ​តាម​សាលព្រះរាជាណាចក្រ ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក្នុង​ឆ្នាំ​១៩៩៦។

២, ៣. ហេតុ​អ្វី​ក៏​ជា​ការ​ត្រឹម​ត្រូវ​ដែល​យ៉ាកុប ត្រូវ​សរសេរ​សំបុត្រ​ដែល​មាន​ឈ្មោះ​របស់​លោក​នោះ?

២ យ៉ាកុប​ជា​ប្អូន​ប្រុស​របស់​ព្រះ​គ្រីស្ទ ជា​បុគ្គល​ដ៏​ធំដុំ​ម្នាក់​នៅ​ក្នុង​ក្រុមជំនុំ​ជន​គ្រីស្ទាន​ពីដើម។ នៅ​គ្រា​មួយ ក្រោយ​ពី​ព្រះ​យេស៊ូ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ ព្រះ​អម្ចាស់​របស់​យើង​បាន​លេច​ឲ្យ​យ៉ាកុប​ឃើញ​ផ្ទាល់ រួច​មក​ក៏​ឲ្យ​ពួក​សាវ័ក​ទាំង​អស់​ឃើញ​ដែរ។ (កូរិនថូសទី១ ១៥:៧) ក្រោយ​មក នៅ​ពេល​ដែល​សាវ័ក​ពេត្រុស​បាន​ដោះ​ចេញ​ពី​គុក​ដោយ​អព្ភូតហេតុ​នោះ លោក​បាន​ប្រាប់​ក្រុម​គ្រីស្ទាន​ដែល​បាន​មក​ផ្ដុំ​គ្នា​នោះ​ថា​៖ «សូម​ប្រាប់​រឿង​នេះ​ដល់​យ៉ាកុប នឹង​ពួក​បងប្អូន​ឲ្យ​ដឹង​ផង»។ (កិច្ចការ ១២:១៧) ថ្វី​បើ​យ៉ាកុប​មិន​មែន​ជា​សាវ័ក​ក្ដី យើង​ឃើញ​ថា គាត់​បាន​ធ្វើ​ជា​ប្រធាន​ទៅ​លើ​កិច្ច​ប្រជុំ​គណៈ​អភិបាល​ក្នុង​ក្រុង​យេរូសាឡិម នៅ​ពេល​ដែល​ពួក​សាវ័ក​និង​ពួក​ចាស់​ទុំ​បាន​សម្រេច​ចិត្ត​ថា ពួក​ចូល​សាសនា​ដែល​ជា​សាសន៍​ដទៃ គឺ​មិន​ចាំ​កាត់​ស្បែក​ទេ។ យ៉ាកុប​បាន​សង្ខេប​រឿង​នេះ ហើយ​សេចក្ដី​សម្រេច​នេះ​បាន​គាំទ្រ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​បញ្ជូន​ទៅ​គ្រប់​ក្រុមជំនុំ​ទាំង​អស់។—កិច្ចការ ១៥:១​-​២៩

៣ យ៉ាង​ប្រាកដ​ណាស់ ការ​វែកញែក​ដ៏​មាន​គំនិត​ចាស់​ទុំ​របស់​យ៉ាកុប​គឺ​មាន​ទម្ងន់​ណាស់។ ប៉ុន្តែ គាត់​បាន​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា ខ្លួន​គាត់​គ្រាន់​តែ​ជា​«បាវ​បំរើ​របស់​ព្រះ ហើយ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ»។ (យ៉ាកុប ១:១) សំបុត្រ​របស់​គាត់​ដែល​ព្រះ​បណ្ដាល​ឲ្យ​តែង​មក​នោះ មាន​ឱវាទ​ដ៏​ល្អៗ​និង​ការ​លើក​ទឹក​ចិត្ត​ដល់​ជន​គ្រីស្ទាន​នៅ​សព្វ​ថ្ងៃ​នេះ។ សៀវភៅ​នេះ​ត្រូវ​បាន​សរសេរ​ចប់ បួន​ឆ្នាំ​មុន​នឹង​ពួក​រ៉ូម៉ាំង​បាន​ប្រយុទ្ធ​ជា​លើក​ទី​មួយ​ទៅ​លើ​ក្រុង​យេរូសាឡិម​ដោយ​លោក​សេស្ទីអើស ហ្គាឡឺស ក្រោយ​ពី​ដំណឹង​ល្អ​បាន​ផ្សាយ​ពាសពេញ​«ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ»​រួច​ទៅ​ហើយ។ (កូល៉ុស ១:២៣) នោះ​ជា​ពេល​ដ៏​ពិបាក​ណាស់ ហើយ​ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​បាន​ដឹង​យ៉ាង​ច្បាស់​ថា សេចក្ដី​ជំនុំជំរះ​របស់​ទ្រង់ ជិត​បាន​ប្រហារ​ទៅ​លើ​សាសន៍​យូដា​នោះ​ហើយ។

៤. តើ​អ្វី​ដែល​បង្ហាញ​ថា ពួក​គ្រីស្ទាន​ពី​សម័យ​ដើម​បាន​មាន​ការ​ទុក​ចិត្ត​ជា​ខ្លាំង​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​នោះ?

៤ ជន​គ្រីស្ទាន​ទាំង​នោះ​បាន​មាន​បទ​គម្ពីរ​ភាសា​ហេព្រើរ​ទាំង​មូល ហើយ​ក៏​មាន​បទ​គម្ពីរ​ភាសា​ក្រិក​ជា​ច្រើន​ដែរ។ ដោយ​បាន​ដក​ស្រង់​ជា​ច្រើន​ពី​ឯកសារ​ដើម នោះ​អ្នក​សរសេរ​ព្រះ​គម្ពីរ​គ្រីស្ទាន​ច្បាស់​ជា​មាន​ការ​ទុក​ចិត្ត​ទៅ​លើ​បន្ទូល​របស់​ព្រះ​ណាស់។ យ៉ាង​ដូច្នេះ​ដែរ នៅ​សព្វ​ថ្ងៃ​នេះ យើង​ត្រូវ​ការ​សិក្សា​បន្ទូល​របស់​ព្រះ​ឲ្យ​បាន​ខ្នះខ្នែង​ហើយ​អនុវត្ត​តាម​ក្នុង​ជីវិត​របស់​យើង​ដែរ។ ដើម្បី​អាច​ស៊ូទ្រាំ យើង​ត្រូវ​ការ​កម្លាំង​ខាង​វិញ្ញាណ​និង​សេចក្ដី​ក្លាហាន​ដែល​ព្រះ​គម្ពីរ​បរិសុទ្ធ​ផ្ដល់​ឲ្យ។—ទំនុកដំកើង ១១៩:៩៧; ធីម៉ូថេទី១ ៤:១៣

៥. ហេតុ​អ្វី​ក៏​យើង​ត្រូវ​ការ​ការ​ដឹក​នាំ​ដ៏​ពិសេស​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​តើ​យើង​អាច​រក​ឃើញ​ការ​នេះ​នៅ​ឯ​ណា?

៥ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​លោក​កំពុង​តែ​ឈរ​នៅ​គែម​នៃ​«សេចក្ដី​វេទនា​ជា​ខ្លាំង​ណាស់ ដល់​ម្ល៉េះ​បាន​ជា​តាំង​ពីដើម​កំណើត​លោកីយ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ»។ (ម៉ាថាយ ២៤:២១) ការ​សង្គ្រោះ​របស់​យើង​គឺ​ស្រេច​ទៅ​លើ​ការ​ដឹក​នាំ​ពី​ព្រះ។ តើ​យើង​អាច​រក​ឃើញ​ការ​នេះ​យ៉ាង​ណា​បាន? គឺ​ដោយ​បើក​ចិត្ត​របស់​យើង​តប​ឆ្លើយ​នឹង​សេចក្ដី​បង្រៀន​ពី​បន្ទូល​ដែល​វិញ្ញាណ​របស់​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង​មក។ នេះ​នឹង​បណ្ដាល​ឲ្យ​យើង​ទៅ​ជា​«អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល» ដូច​ជា​ពួក​អ្នក​បំរើ​ដ៏​ស្មោះ​របស់​ព្រះ​យេហូវ៉ា​នៅ​សម័យ​ដើម។ យើង​ត្រូវ​តែ​អាន​ហើយ​សិក្សា​បន្ទូល​របស់​ព្រះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​យក​ទៅ​ប្រើ​ដោយ​សរសើរ​ដល់​ព្រះ​យេហូវ៉ា។—ធីម៉ូថេ​ទី​២ ២:១៥; ៣:១៦, ១៧

ការ​អត់​ទ្រាំ​ដោយ​អំណរ

៦. ហេតុ​អ្វី​ក៏​យើង​មាន​អំណរ​ក្នុង​ការ​ប្រឈម​មុខ​នឹង​សេចក្ដី​ទុក្ខ​លំបាក?

៦ ក្នុង​ការ​ផ្ដើម​សរសេរ​សំបុត្រ​របស់​គាត់ យ៉ាកុប​បាន​និយាយ​អំពី​អំណរ ដែល​ជា​ផលផ្លែ​ទីពីរ​នៃ​វិញ្ញាណ​របស់​ព្រះ។ គាត់​បាន​សរសេរ​ថា​៖ «បងប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​លមើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់ខ្ជួន ចូរ​ទុក​ឲ្យ​សេចក្ដី​ខ្ជាប់ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សំរេច​ពេញលេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​ល​ក្ខណ៍ ហើយ​ពេញ​ខ្នាត ឥត​ខ្វះ​អ្វី​ឡើយ»។ (យ៉ាកុប ១:២​-​៤; កាឡាទី ៥:២២, ២៣) តើ​អាច​និយាយ​យ៉ាង​ណា​បាន ថា​ការ​ប្រឈម​មុខ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ជា​ច្រើន ជា​«សេចក្ដី​អំណរ​សព្វ​គ្រប់»? សូម្បីតែ​ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​នៅ​ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ​ថា​៖ «អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌»។ (ម៉ាថាយ ៥:១១, ១២) ជា​អំណរ​ដ៏​ស្កប់ស្កល់​ណាស់ ដោយ​ឃើញ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ដល់​ការ​ខំ​ប្រឹងប្រែង​របស់​យើង កាល​ដែល​យើង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច។—យ៉ូហាន ១៧:៣; ធីម៉ូថេ​ទី​២ ៤:៧, ៨; ហេព្រើរ ១១:៨​-​១០, ២៦, ៣៥

៧. (ក) តើ​តាម​របៀប​ណា​ដែល​ព្រះ​អាច​ជួយ​យើង​ឲ្យ​អត់​ទ្រាំ​បាន? (ខ) ដូច​លោក​យ៉ូប តើ​យើង​នឹង​ទទួល​បាន​រង្វាន់​ដោយ​យ៉ាងណា​ដែរ?

៧ ព្រះ​យេស៊ូ​អង្គ​ទ្រង់​បាន​អត់​ទ្រាំ​«ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់»។ (ហេព្រើរ ១២:១, ២) ការ​មើល​ទៅ​ឯ​គំរូ​ដ៏​ក្លាហាន​របស់​ព្រះ​យេស៊ូ ក៏​អាច​ជួយ​យើង​ឲ្យ​អត់​ទ្រាំ​បាន​ដែរ! ដូច​ជា​យ៉ាកុប​បាន​មាន​ប្រសាសន៍​នៅ​ចុង​បញ្ចប់​នៃ​សំបុត្រ​របស់​គាត់ ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​យ៉ាង​បរិបូរ​ដល់​ពួក​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍។ យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា​៖ «មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ពី​សេចក្ដី​អត់ធ្មត់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ[ព្រះ​យេហូវ៉ា]ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដាករុណា នឹង​សេចក្ដី​អាណិតអាសូរ​ពោរពេញ​ដែរ»។ (យ៉ាកុប ៥:១១) តើ​អ្នក​នៅ​ចាំទេ ពី​របៀប​ដែល​លោក​យ៉ូប​បាន​ទទួល​រង្វាន់​ដោយ​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​គាត់ នៅ​ពេល​ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​គាត់​មាន​សុខភាព​ដ៏​ល្អ​ឡើង​វិញ ហើយ​ទទួល​នូវ​ជីវិត​ដ៏​សប្បាយ​យ៉ាង​ពេញលេញ​ជាមួយ​បុគ្គល​ជា​ទី​ស្រឡាញ់​នោះ។ ការ​អត់​ទ្រាំ​ដោយ​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អំណរ​ដូច​នេះ​ដែរ នៅ​ក្នុង​សួន​មនោរម្យ​នៃ​ពិភពលោក​ថ្មី​របស់​ព្រះ​ដែល​បាន​សន្យា​មក កាល​ដែល​មាន​អំណរ​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​បំរើ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ។

ការ​ស្វែង​រក​ប្រាជ្ញា

៨. តើ​តាម​របៀប​ណា​ដែល​យើង​អាច​រក​ឃើញ​ប្រាជ្ញា​ពិត​ហើយ​មាន​ប្រយោជន៍ ហើយ​តើ​ការ​អធិស្ឋាន​មាន​មុខ​នាទី​យ៉ាង​ណា​ក្នុង​រឿង​នេះ?

៨ ការ​សិក្សា​បន្ទូល​របស់​ព្រះ​យ៉ាង​ប្រិតប្រៀន រួម​បញ្ចូល​នឹង​ការ​អនុវត្ត​តាម នោះ​យើង​នឹង​ទទួល​បាន​ប្រាជ្ញា​ពី​ព្រះ ដែល​នឹង​ជួយ​យើង​ឲ្យ​អត់​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក​នៅ​ក្នុង​របប​ដ៏​ពុក​រលួយ​របស់​សាតាំង​ដែល​កំពុង​តែ​ហិន​ហោច​ទៅ​នេះ។ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​ជា​ពិត​ប្រាកដ ក្នុង​ការ​រក​ឃើញ​ប្រាជ្ញា​បែប​នេះ? យ៉ាកុប​ប្រាប់​យើង​ថា​៖ «តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង»។ (យ៉ាកុប ១:៥, ៦) យើង​ត្រូវ​តែ​ខំ​ប្រឹង​អធិស្ឋាន ដោយ​មាន​ការ​ទុក​ចិត្ត​ដោយ​ឥត​រំ​ពើ​ចុះ​ឡើង ថា​ព្រះ​យេហូវ៉ា​នឹង​ឮ​សេចក្ដី​អង្វរ​របស់​យើង ហើយ​ថា​ទ្រង់​នឹង​តប​ឆ្លើយ​តាម​ពេល​វេលា​និង​តាម​ផ្លូវ​របស់​ទ្រង់។

៩. តើ​តាម​របៀប​ណា​ដែល​យ៉ាកុប​បាន​រៀប​រាប់​អំពី​ប្រាជ្ញា​របស់​ព្រះ និង​ការ​អនុវត្ត​តាម​នោះ?

៩ ប្រាជ្ញា​របស់​ព្រះ​គឺ​ជា​រង្វាន់​ពី​ព្រះ​យេហូវ៉ា។ ក្នុង​ការ​រៀប​រាប់​អំពី​រង្វាន់​បែប​នេះ យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា​៖ «គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​ល​ក្ខណ៍ នោះ​សុទ្ធតែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ​វរបិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បីតែ​ស្រមោល​នៃ​សេចក្ដី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ»។ ក្រោយ​មក​នៅ​ក្នុង​សំបុត្រ​របស់​គាត់ យ៉ាកុប​ពន្យល់​ពី​លទ្ធផល​នៃ​ការ​ទទួល​ប្រាជ្ញា​ពិត កាល​ដែល​គាត់​មាន​ប្រសាសន៍​ថា​៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា​នឹង​យោបល់ ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយសារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្ដី​សុភាព​នៃ​ប្រាជ្ញា​ចុះ . . . តែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្ដី​មេត្ដាករុណា នឹង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង»។—យ៉ាកុប ១:១៧; ៣:១៣​-​១៧

១០. តើ​សាសនា​ពិត​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​ខ្លះ​ពី​សាសនា​មិន​ពិត?

១០ នៅ​ក្នុង​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត មិន​ថា​នៅ​ក្នុង​ពិភព​គ្រីស្ទ​សាសនា​ឬ​នៅ​ប្រទេស​ផ្សេងៗ​ទៀត ជា​ទំនៀម​ទំលាប់​ដែល​ពួក​អ្នក​ថ្វាយ​បង្គំ​តែង​តែ​ច្រៀង ស្ដាប់​នូវ​ការ​អធិស្ឋាន​ដដែលៗ ហើយ​ប្រហែល​ជា​ស្ដាប់​ការ​ថ្លែង​សុន្ទរកថា។ គឺ​គ្មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ទៅ​ប្រកាស​សារ​នៃ​សេចក្ដី​សង្ឃឹម​ទេ ពីព្រោះ​សាសនា​សឹង​តែ​ទាំង​អស់​គឺ​គ្មាន​សង្ឃឹម​ដ៏​ល្អ​ចំពោះ​អនាគត​ឡើយ។ សូម្បីតែ​សេចក្ដី​សង្ឃឹម​ដ៏​រុងរឿង​នៃ​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​ក៏​មិន​ដែល​រៀប​រាប់​ឬ​យល់​យ៉ាង​ច្បាស់​លាស់​ឡើយ។ តាយ​រយៈ​ទំនាយ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​អំពី​ពួក​អ្នក​កាន់​នៃ​ពិភព​គ្រីស្ទ​សាសនា​ថា​៖ «ដ្បិត​រាស្ត្រ​អញ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​២​យ៉ាង គឺ​បាន​ទាំង​បោះបង់​ចោល​អញ ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង»។ (យេរេមា ២:១៣) ពួក​គេ​មិន​មាន​ទឹក​នៃ​សេចក្ដី​ពិត​ទេ។ គឺ​គ្មាន​ប្រាជ្ញា​ពី​សួគ៌ា​ឡើយ។

១១, ១២. (ក) តើ​ប្រាជ្ញា​របស់​ព្រះ​ធ្វើ​ឲ្យ​យើង​ចង់​ធ្វើ​អ្វី? (ខ) ប្រាជ្ញា​ព្រះ​ព្រមាន​ប្រាប់​យើង​អំពី​អ្វី?

១១ គឺ​មាន​សភាព​ខុស​គ្នា​ណាស់​ក្នុង​ចំណោម​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ! ដោយ​ព្រះ​បាន​ប្រទាន​កម្លាំង​ដ៏​ខ្លាំង​ក្លា ពួក​គេ​កំពុង​តែ​ផ្សាយ​ដំណឹង​ល្អ​ពាស​ពេញ​ផែនដី ប្រាប់​អំពី​ព្រះ​រាជាណាចក្រ​ដែល​នឹង​ត្រូវ​មក​ខាង​មុខ​នេះ។ ប្រាជ្ញា​ដែល​ពួក​គេ​និយាយ​នោះ គឺ​មាន​មូលដ្ឋាន​ពី​បន្ទូល​របស់​ព្រះ។ (ប្រៀបធៀប សុភាសិត ១:២០; អេសាយ ៤០:២៩​-​៣១) ប្រាកដ​ហើយ ពួក​គេ​អនុវត្ត​ចំណេះវិជ្ជា​និង​ការ​យល់​ពិត ក្នុង​ការ​ប្រកាស​គោល​បំណង​ដ៏​ល្អ​អស្ចារ្យ​របស់​ព្រះ​ជា​អ្នក​បង្កើត​យើង។ នេះ​គួរ​តែ​ជា​ចំណង់​របស់​យើង ដែល​មនុស្ស​គ្រប់ៗ​នៅ​ក្នុង​ក្រុមជំនុំ​«បាន​ស្គាល់​ព្រះ​ហឫទ័យ​ទ្រង់​សព្វ​គ្រប់ ដោយ​គ្រប់​ទាំង​ប្រាជ្ញា នឹង​ចំណេះ​ខាង​ឯ​វិញ្ញាណ»។ (កូល៉ុស ១:៩) ដោយ​មាន​មូលដ្ឋាន​បែប​នេះ ទាំង​ក្មេង​ទាំង​ចាស់​នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ទៅ​ជា​«ពួក​អ្នក​ប្រព្រឹត្ត​តាម​បន្ទូល»​ជានិច្ច។

១២ «ប្រាជ្ញា​ពី​ស្ថាន​លើ»​ព្រមាន​ប្រាប់​យើង​អំពី​បាប​ដែល​អាច​ធ្វើ​ឲ្យ​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ។ យ៉ាកុប​មាន​ប្រសាសន៍​ថា​៖ «ដូច្នេះ បងប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ ដ្បិត​សេចក្ដី​កំហឹង​របស់​មនុស្ស មិន​ដែល​សម្រេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ»។ ត្រូវ​ហើយ យើង​ត្រូវ​តែ​ឆាប់​នឹង​ស្ដាប់ ខំ​ខ្នះខ្នែង​នឹង​ស្ដាប់​តាម​ឱវាទ​ព្រះ​ហើយ​អនុវត្ត​តាម។ ប៉ុន្តែ យើង​ត្រូវ​តែ​ប្រយ័ត្ន​ពី​ការ​ប្រើ​ដ៏​មិន​ត្រឹម​ត្រូវ​នៃ​«អវយវៈ​១​យ៉ាង​តូច»​គឺ​អណ្ដាត​នោះ។ តាម​រយៈ​ការ​អួត ការ​និយាយ​ដើម​ដ៏​មិន​ប្រាជ្ញា ឬ​គិត​តែ​ពី​គំនិត​របស់​ខ្លួន អណ្ដាត​ប្រៀប​ដូច​ជា​អាច​ឆេះ‹ព្រៃ​ធំ›ទៅ​បាន។ ដូច្នេះ​ហើយ ក្នុង​ការ​ចូល​រួម​ជា​មួយ​គ្នីគ្នា យើង​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​ភាព​គួរ​ជា​ទី​ចូល​ចិត្ត​និង​ការ​ទប់​ខ្លួន។—យ៉ាកុប ១:១៩, ២០; ៣:៥

១៣. ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ម្ល៉េះ ដែល​យើង​ត្រូវ​តែ​ទទួល​យក‹ព្រះ​បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​យើង​នោះ›?

១៣ យ៉ាកុប​បាន​សរសេរ​ថា​៖ «ចូរ​ទទួល​ព្រះ​បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ចិត្ត​សុភាព​ចុះ ទាំង​លះ​ចោល​អស់​ទាំង​សេចក្ដី​ស្មោកគ្រោក​ចេញ នឹង​សេចក្ដី​គំរក់​ដ៏​មាន​ច្រើន​ម្ល៉េះ​ចេញ​ផង ដ្បិត​ព្រះ​បន្ទូល​នោះ​អាច​នឹង​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា​បាន»។ (យ៉ាកុប ១:២១) លោកីយ៍​ដ៏​ល្មោភ​នេះ ដែល​ពោរពេញ​ទៅ​ដោយ​ដំណើរ​ការ​រស់​នៅ​អាត្មា​និយម ហើយ​ការ​ឱន​ថយ​ខាង​សីលធម៌ គឺ​ជិត​នឹង​កន្លង​ផុត​ទៅ​ហើយ។ «តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ»។ (យ៉ូហានទី១ ២:១៥​-​១៧) ដូច្នេះ ជា​ការ​សំខាន់​ណាស់ ដែល​យើង​ត្រូវ​ទទួល‹ព្រះ​បន្ទូល​ដែល​បាន​ដាំ​ក្នុង​យើង​រាល់​គ្នា›! ប្រាជ្ញា​ដែល​បាន​ផ្ដល់​មក​តាម​រយៈ​បន្ទូល​របស់​ព្រះ គឺ​ឃើញ​យ៉ាង​ច្បាស់ ខុស​ស្រឡះ​ពី​ភាព​អាក្រក់​នៃ​លោកីយ៍​ដែល​កំពុង​តែ​ហិន​ហោច​ទៅ​នេះ។ យើង​មិន​ចង់​បាន​ការ​អាក្រក់​ទាំង​នោះ​ទេ។ (ពេត្រុសទី១ ២:១, ២) យើង​ត្រូវ​តែ​មាន​សេចក្ដី​ស្រឡាញ់​នៃ​សេចក្ដី​ពិត​និង​ជំនឿ​មុត​មាំ ដែល​បាន​ដាំ​ក្នុង​ចិត្ត​របស់​យើង ដើម្បី​ឲ្យ​យើង​មិន​ត្រូវ​បែរ​ចេញ​ពី​ផ្លូវ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ប៉ុន្តែ តើ​ការ​ឮ​បន្ទូល​របស់​ព្រះ​គ្រប់គ្រាន់​ទេ?

ចូរ​ឲ្យ​ទៅ​ជា​«អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល»​ចុះ

១៤. តើ​យើង​អាច​ទៅ​ជា​«អ្នក​ឮ» ហើយ‹អ្នក​ប្រព្រឹត្ត›តាម​ព្រះ​បន្ទូល​យ៉ាង​ដូច​ម្ដេច​បាន?

១៤ នៅ​យ៉ាកុប ១:២២ យើង​អាន​ថា​៖ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្ដាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ»។ «ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ទៅ»! ចំណង​ជើង​នេះ​គឺ​ច្បាស់​ជា​បញ្ជាក់​ក្នុង​សំបុត្រ​របស់​យ៉ាកុប​មែន។ យើង​ត្រូវ​តែ​ស្ដាប់ រួច​មក ធ្វើ​តាម​យ៉ាង​«ដូច្នោះ»! (លោកុប្បត្តិ ៦:២២) នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​អះអាង​ថា ការ​ស្ដាប់​ធម្មទាន​ឬ​ការ​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ម្ដង​មួយ​កាល​ឲ្យ​គ្រាន់​តែ​បង្គ្រប់​កិច្ច​នោះ ជា​ការ​គ្រប់គ្រាន់​ហើយ ហើយ​ពួក​គេ​មិន​ធ្វើ​អ្វី​ទៀត​ទេ។ ពួក​គេ​ប្រហែល​ជា​គិត​ថា ឲ្យ​តែ​ពួក​គេ‹ប្រកប​ជីវិត​ល្អ›យោង​ទៅ​តាម​បមាណីយ​របស់​គេ​ទៅ នោះ​គឺ​គ្រប់គ្រាន់​ហើយ។ ប៉ុន្តែ​ព្រះ​យេស៊ូ​គ្រីស្ទ​ថ្លែង​ថា​៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ»។ (ម៉ាថាយ ១៦:២៤) អ្វី​ដែល​តម្រូវ​ពី​ជន​គ្រីស្ទាន​ពិត នោះ​គឺ​ការ​ប្រព្រឹត្ត​ដោយ​បូជា​ខ្លួន​ហើយ​អត់​ទ្រាំ​ក្នុង​ការ​កាន់​តាម​គំរូ​របស់​ព្រះ​គ្រីស្ទ នៃ​ការ​ធ្វើតាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ ចំពោះ​ពួក​គេ បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ គឺ​មាន​ដូច​នៅ​សតវត្ស​ទី​មួយ​ដែរ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ បាន​មាន​បង្គាប់​ថា​៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។ (ម៉ាថាយ ២៨:១៩) តើ​អ្នក​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ដែរ​ចំពោះ​រឿង​នេះ?

១៥. (ក) តើ​ឧទាហរណ៍​អ្វី​ដែល​យ៉ាកុប​ផ្ដល់​ឲ្យ ក្នុង​ការ​បង្ហាញ​នូវ​របៀប​ដែល​យើង​អាច​សប្បាយ​ជា​«អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល»? (ខ) ហេតុ​អ្វី​ក៏​ការ​ថ្វាយ​បង្គំ​ឲ្យ​តែ​បង្គ្រប់​កិច្ច​ជា​ការ​មិន​គ្រប់គ្រាន់?

១៥ បើសិន​ជា​យើង​ខំ​ពិនិត្យ​បន្ទូល​របស់​ព្រះ នេះ​អាច​ប្រៀប​ទៅ​នឹង​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ ដែល​ជះ​ឲ្យ​យើង​ឃើញ​ថា​តើ​យើង​ជា​មនុស្ស​ប្រភេទ​ណា។ យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា​៖ «អ្នក​ណា​ដែល​ពិនិត្យ​មើល​ក្នុង​ក្រិត្យ​វិន័យ​ដ៏​គ្រប់​ល​ក្ខណ៍ គឺ​ជា​ក្រិត្យ​វិន័យ​ខាង​ឯ​សេរីភាព ហើយ​ក៏​ជាប់​ចិត្ត​ចំពោះ ឥត​បាន​ភ្លេច​សេចក្ដី​ដែល​ស្ដាប់​នោះ​ឡើយ គឺ​បាន​ប្រព្រឹត្ត​តាម​វិញ អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន»។ (យ៉ាកុប ១:២៣​-​២៥) ត្រូវ​ហើយ គាត់​នឹង​មាន​ចិត្ត​ដ៏​រីករាយ​ក្នុង​ការ‹ធ្វើ​តាម​ព្រះ​បន្ទូល›។ ម្យ៉ាង​វិញ​ទៀត ជា​ការ​សំខាន់​ណាស់ ដែល​យើង​ចង់​ឲ្យ​បាន​ទៅ​ជា‹អ្នក​ប្រព្រឹត្ត›ក្នុង​គ្រប់​សកម្មភាព​នៃ​ជីវភាព​ជន​គ្រីស្ទាន។ យើង​មិន​គួរ​បញ្ឆោត​ខ្លួន​យើង ថា​គ្រាន់​តែ​ថ្វាយ​បង្គំ​ឲ្យ​បង្គ្រប់​កិច្ច ជា​ការ​គ្រប់គ្រាន់​នោះ​ឡើយ។ យ៉ាកុប​ទូន្មាន​យើង​ឲ្យ​កាន់​តាម​ទិដ្ឋភាព​ខ្លះ​នៃ​ការ​ថ្វាយ​បង្គំ​ពិត ដែល​សូម្បីតែ​ជន​គ្រីស្ទាន​ខ្នះខ្នែង​ខ្លះ​មិន​បាន​អើពើ​ផង។ គាត់​សរសេរ​ថា​៖ «ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា ហើយ​ឲ្យ​រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ»។—យ៉ាកុប ១:២៧

១៦. តាម​របៀប​ណា​ដែល​លោក​អ័ប្រាហាំ​បាន​ក្លាយ​ទៅ​ជា​«សំឡាញ់​របស់​ព្រះ​យេហូវ៉ា» ហើយ​តើ​យើង​អាច​ទៅ​ជា​មិត្ត​របស់​ទ្រង់​យ៉ាង​ណា​បាន?

១៦ មិន​ជា​ការ​គ្រប់គ្រាន់​ទេ ដោយ​និយាយ​ថា​៖ ‹ខ្ញុំ​ជឿ​ព្រះ› ហើយ​មិន​ធ្វើ​អ្វី​ទៀត​នោះ។ នៅ​យ៉ាកុប ២:១៩ បាន​កត់​សម្គាល់​ថា​៖ «អ្នក​ជឿ​ថា មាន​ព្រះ​តែ​១ នោះ​ត្រូវ​ហើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ជឿ​ដូច្នោះ ព្រម​ទាំង​ព្រឺ​ខ្លាច​ដែរ»។ យ៉ាកុប​បញ្ជាក់​ថា «ឯ​សេចក្ដី​ជំនឿ​ក៏​បែប​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង»។ ហើយ​គាត់​បាន​សំដៅ​ទៅ​លោក​អ័ប្រាហាំ ដោយ​និយាយ​ថា​៖ «សេចក្ដី​ជំនឿ​បាន​រួម​ជា​មួយ​នឹង​ការ​ដែល​លោក​ប្រព្រឹត្ត ហើយ​សេចក្ដី​ជំនឿ​បាន​គ្រប់​ល​ក្ខណ៍ ដោយសារ​ការ​នោះ​ឯង»។ (យ៉ាកុប ២:១៧, ២០​-​២២) កិច្ចការ​របស់​លោក​អ័ប្រាហាំ គឺ​រួម​បញ្ចូល​ទាំង​ការ​ផ្ដល់​នូវ​ការ​ធូរ​ស្បើយ​ដល់​ញាតិ​សន្ដាន​របស់​លោក ការ​សម្ដែង​ការ​រាក់ទាក់ ប្រុង​នឹង​បូជា​អ៊ីសាក ហើយ​ការ‹ប្រកាស​តាម​សាធារណៈ›ដោយ​មាន​ជំនឿ​យ៉ាង​មាំមួន​អំពី​សេចក្ដី​សន្យា​របស់​ព្រះ នៃ‹ទី​ក្រុង​ដែល​មាន​គ្រឹះ​ពិត› គឺ​ព្រះ​រាជាណាចក្រ​នៃ​ព្រះមេស្ស៊ី​នៅ​អនាគត។ (លោកុប្បត្តិ ១៤:១៦; ១៨:១​-​៥; ២២:១​-​១៨; ហេព្រើរ ១១:៨​-​១០, ១៣, ១៤; ១៣:២) យ៉ាង​សម​ហេតុ​ផល លោក​អ័ប្រាហាំ​«ព្រះ​ក៏​ហៅ​លោក​ជា‹សំឡាញ់​របស់[ព្រះ​យេហូវ៉ា]ដែរ› »។ (យ៉ាកុប ២:២៣) យើង​ក៏​អាច​ទៅ​ជា‹មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា​បាន​ដែរ› កាល​ដែល​យើង​ប្រកាស​ដោយ​សកម្ម អំពី​ជំនឿ​និង​សេចក្ដី​សង្ឃឹម​នូវ​ព្រះ​រាជាណាចក្រ​នៃ​សេចក្ដី​សុចរិត​របស់​ទ្រង់​ដែល​ត្រូវ​មក​ខាង​មុខ​នេះ។

១៧. (ក) ហេតុ​អ្វី​ក៏​នាង​រ៉ាហាប​«បាន​រាប់​ជា​សុចរិត» ហើយ​តើ​នាង​បាន​ទទួល​រង្វាន់​យ៉ាង​ណា? (ខ) តើ​មាន​បញ្ជី​ដ៏​វែង​ណា​ដែល​ព្រះ​គម្ពីរ​ផ្ដល់​មក​ឲ្យ​ចំពោះ​អស់​អ្នក​ដែល​‹បាន​ក្លាយ​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល›នោះ? (គ) តើ​យ៉ូប​បាន​ទទួល​រង្វាន់​យ៉ាង​ណា ហើយ​ហេតុ​អ្វី?

១៧ ពួក​អ្នក​ដែល​បាន​ទៅ​ជា​អ្នក​«ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល» គឺ​ប្រាកដ​ជា​«បាន​រាប់​ជា​សុចរិត មិន​មែន​ដោយសារ​តែ​សេចក្ដី​ជំនឿ​ប៉ុណ្ណោះ​ទេ គឺ​ដោយសារ​ការ​ប្រព្រឹត្ត​ដែរ»។ (យ៉ាកុប ២:២៤) នាង​រ៉ាហាប​ជា​បុគ្គល​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​កិច្ចការ​ទៅ​លើ​ជំនឿ​របស់​នាង​តាម​«ព្រះ​បន្ទូល» ដែល​នាង​បាន​ឮ​អំពី​ការ​ប្រព្រឹត្ត​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា។ នាង​បាន​លាក់​ពួក​ឈ្លប​ជនជាតិ​អ៊ីស្រាអែល ហើយ​បាន​ជួយ​ពួក​គេ​ឲ្យ​គេច​ផុត ហើយ​រួច​មក​នាង​បាន​ប្រមូល​គ្រួសារ​របស់​ឪពុក​នាង ដើម្បី​ឲ្យ​បាន​សង្គ្រោះ។ នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ នាង​ច្បាស់​ជា​សប្បាយ​រីករាយ​ណាស់ ដោយ​ដឹង​ថា ជំនឿ​របស់​នាង ដែល​បាន​គាំទ្រ​ដោយ​កិច្ចការ បាន​នាំ​ឲ្យ​នាង​ក្លាយ​ទៅ​ជា​ជីដូន​របស់​ព្រះមេស្ស៊ី! (យ៉ូស្វេ ២:១១; ៦:២៥; ម៉ាថាយ ១:៥) ហេព្រើរ​ជំពូក ១១ ផ្ដល់​នូវ​បញ្ជី​យ៉ាង​វែង​នៃ​អ្នក​ដទៃ​ទៀត​ដែល​‹បាន​ក្លាយ​ទៅ​ជា​អ្នក​ប្រព្រឹត្ត› ក្នុង​ការ​សម្ដែង​ជំនឿ​របស់​គេ ហើយ​ពួក​គេ​បាន​ទទួល​រង្វាន់​យ៉ាង​បរិបូរ។ ហើយ​យើង​ក៏​មិន​ត្រូវ​ភ្លេច​អំពី​លោក​យ៉ូប​ដែរ ថ្វី​បើ​នៅ​ក្រោម​សេចក្ដី​ទុក្ខ​លំបាក​ដ៏​ធ្ងន់​ក្ដី លោក​បាន​មាន​ប្រសាសន៍​ថា​៖ «សូម​ឲ្យ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បាន​ព្រះ​ពរ​ចុះ»។ ដូច​ជា​យើង​បាន​ឃើញ​មក​ហើយ លោក​បាន​ទទួល​រង្វាន់​ដ៏​ធំ​អស្ចារ្យ​មែន ដោយ​ជំនឿ​និង​កិច្ចការ​របស់​លោក។ (យ៉ូប ១:២១; ៣១:៦; ៤២:១០; យ៉ាកុប ៥:១១) យ៉ាង​ដូច្នេះ​ដែរ ការ​អត់​ទ្រាំ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ ជា‹ពួក​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល› នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ជា​មិនខាន។

១៨, ១៩. តើ​បងប្អូន​ដែល​ត្រូវ​គេ​ជិះជាន់​ជា​យូរ​មក​ហើយ «បាន​ក្លាយ​ទៅ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល»​យ៉ាង​ណា ហើយ​តើ​សកម្មភាព​របស់​គេ​បាន​ទទួល​ព្រះ​ពរ​យ៉ាង​ណា​ដែរ?

១៨ បងប្អូន​របស់​យើង​ដែល​រស់​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត គឺ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​អត់​ទ្រាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ឥឡូវ​នេះ ដោយ​ការ​បម្រាម​ជា​ច្រើន​ត្រូវ​បាន​ដក​ចេញ​ហើយ​នោះ ពួក​ទាំង​នេះ​គឺ​ពិត​ជា‹ពួក​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល›មែន​នៅ​ក្នុង​ស្ថានការណ៍​ថ្មី​នេះ។ ពួក​សាសនទូត​និង​ពួក​អ្នក​ត្រួសត្រាយ​ពេញ​ពេល ដែល​នៅ​ប្រទេស​ជិតៗ​នោះ បាន​មក​ជួយ​ក្នុង​ការ​បង្រៀន​និង​ការ​រៀប​ចំ។ សាខា​នៅ​ប្រទេស​ហ្វង់ឡង់​និង​សាខា​នៃ​សមាគម​ខាង​ប៉មយាម​ផ្សេងៗ​ទៀត​ដែល​នៅ​ជិត​ប្រទេស​នោះ បាន​បញ្ជូន​ពួក​អ្នក​សង់​ដ៏​ជំនាញៗ ហើយ​បងប្អូន​អន្តរជាតិ​ទូទាំង​ពិភពលោក​ជួយ​ខាង​ប្រាក់កាស​ដើម្បី​នឹង​សង់​ការិយាល័យ​សាខា​ថ្មីៗ ហើយ​និង​សាលព្រះរាជាណាចក្រ។—ប្រៀបធៀប កូរិនថូសទី២ ៨:១៤, ១៥

១៩ បងប្អូន​ដែល​គេ​ត្រូវ​បាន​ជិះជាន់​ជា​យូរ​មក​ហើយ​នេះ បាន​តប​ឆ្លើយ​យ៉ាង​ខ្នះខ្នែង​មែន​ក្នុង​ការ​ផ្សាយ! ពួក​គេ‹ខំ​ប្រឹង​ធ្វើ​ការ​ហើយ​មាន​ចិត្ត​ខ្នះខ្នែង› ដើម្បី​នឹង​សង បើ​និយាយ​ជា​អត្ថបដិរូប ទៅ​លើ​ឱកាស​ដែល​ពួក​គេ​ពុំ​មាន​ក្នុង​កំឡុង‹ពេល​ដ៏​មិន​ល្អ›។ (ធីម៉ូថេទី១ ៤:១០; ធីម៉ូថេ​ទី​២ ៤:២) ជា​ឧទាហរណ៍ ក្នុង​ប្រទេស​អាល់បានី ក្នុង​ខែ​មេសា​កន្លង​ទៅ​នេះ ដែល​ត្រូវ​បាន​គេ​ជិះជាន់​យ៉ាង​ធ្ងន់​នោះ ចំនួន​ប្រកាសនវត្ថុ​ទាំង​មូល​នៃ​ដំណឹង​ព្រះរាជាណាចក្រ ដែល​មាន​ចំណង​ជើង​ថា​៖ «ហេតុ​អ្វី​ក៏​ជីវិត​ពោរពេញ​ទៅ​ដោយ​បញ្ហា​ច្រើន​ម្ល៉េះ» ត្រូវ​បាន​ចែក​ចាយ​ក្នុង​រយៈ​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ។ នេះ​គឺ​ជា​អ្វី​ដ៏​អស្ចារ្យ​មែន ចំពោះ​ចំនួន​ដែល​បាន​មក​ឯ​ពិធី​បុណ្យ​រំឭក​មរណៈ​ភាព​របស់​ព្រះ​យេស៊ូ គឺ​មាន៣.៤៩១នាក់​បាន​មក—គឺ​មាន​ច្រើន​ដង​ជាង​ពួក​អ្នក​ផ្សាយ​ដ៏​សកម្ម​ដែល​មាន​តែ​៥៣៨នាក់​នោះ។

២០. តើ​ចំនួន​ប្រជុំ​ជន​ដែល​មក​ពិធី​បុណ្យ​រំឭក​ថ្មីៗ​នេះ​បញ្ជាក់​អំពី​អ្វី ហើយ​តើ​យើង​អាច​ជួយ​មនុស្ស​ជា​ច្រើន​យ៉ាង​ណា​បាន?

២០ នៅ​ប្រទេស​ផ្សេងៗ​ក៏​បាន​ផ្ដល់​នូវ​ចំនួនប្រជុំ​ជន​ដែល​មក​ពិធី​បុណ្យ​រំឭក​យ៉ាង​ច្រើន​ដែរ ដែល​បាន​កើន​ឡើង​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ​ទៅ​ជាង​១០.០០០.០០០។ នៅ​កន្លែង​ជា​ច្រើន ពួក​ថ្មីៗ​បាន​ពង្រឹង​ជំនឿ​របស់​គេ ដោយ​បាន​មក​ប្រជុំ​និង​ពិនិត្យ​មើល​ពិធី​បុណ្យ​រំឭក គឺ​កំពុងតែ‹ក្លាយ​ទៅ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល›។ តើ​យើង​អាច​លើក​ទឹក​ចិត្ត​ពួក​អ្នក​ចូល​រួម​ថ្មី​ទាំង​នេះ​ឲ្យ​មាន​សមត្ថភាព​នឹង​ឯក​សិទ្ធិ​ទៀត​បាន​ទេ?

២១. ក្នុង​ការ​ស្រប​នឹង​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង តើ​យើង​ត្រូវ​ស្វែង​រក​អ្វី ហើយ​មាន​គោល​បំណង​យ៉ាង​ណា?

២១ ដូច​ពួក​ជន​គ្រីស្ទាន​ដែល​មាន​ចិត្ត​ដ៏​ខ្នះខ្នែង​នៅ​ក្នុង​សតវត្ស​ទី​មួយ ហើយ​ពួក​អ្នក​ផ្សេងៗ​ទៀត​តាំង​ពី​នោះ​មក សូម​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​ផង​ដែរ ឲ្យ​ខំ​ខ្នះខ្នែង​ខ្លួន​យើង​ក្នុង​ការ​«រត់​ដំរង់​ទៅ​ឯ​ទី»​នៃ​ជីវិត​អស់កល្ប​ជានិច្ច មិន​ថា​នៅ​ខាង​ព្រះ​រាជាណាចក្រ​សួគ៌ា ឬ​នៅ​ក្នុង​វិស័យ​លើ​ផែនដី​នេះ។ (ភីលីព ៣:១២​-​១៤) គ្រប់​ទាំង​ការ​ខំ​ប្រឹង​របស់​យើង គឺ​មាន​ប្រយោជន៍​ណាស់ ក្នុង​ការ​ទទួល​នូវ​រង្វាន់​នោះ។ នេះ​មិន​មែន​ជា​ពេល​ដែល​យើង​ត្រូវ​ធ្លាក់​ថយ​ក្រោយ​ដែល​គ្រាន់​តែ​ធ្វើ​ជា​អ្នក​ស្ដាប់ ប៉ុន្តែ​នេះ​ជា​គ្រា​ដែល​យើង‹ត្រូវ​តែ​ឲ្យ​បាន​ខ្លាំង​ក្លា​ហើយ​ធ្វើ​ការ›។ (ហាកាយ ២:៤; ហេព្រើរ ៦:១១, ១២) ដោយ​បាន‹ទទួល​យក​ព្រះ​បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​ហើយ​នោះ› សូម​ឲ្យ​យើង‹ក្លាយ​ទៅ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​ដ៏​រីករាយ› នៅ​ឥឡូវ​នេះ ហើយ​ជា​រៀង​ដរាប​ត​ទៅ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

◻ តើ​យើង​អាច​អត់​ទ្រាំ​ដោយ​អំណរ​យ៉ាង​ណា?

◻ តើ​«ប្រាជ្ញា​ពី​ស្ថាន​លើ»​ជា​អ្វី ហើយ​តើ​យើង​អាច​ស្វែង​រក​បាន​យ៉ាង​ណា?

◻ ហេតុ​អ្វី​ក៏​យើង​ត្រូវ​តែ​«ក្លាយ​ទៅ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល មិន​មែន​គ្រាន់​តែ​ជា​អ្នក​ស្ដាប់​នោះ»?

◻ តើ​របាយ​ការណ៍​អ្វី​ដែល​គួរ​តែ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទៅ​ជា​«អ្នក​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល»?

[រូបភាព​នៅ​ទំព័រ​២៥]

សូម​ឲ្យ​យើង​បើក​ចិត្ត​របស់​យើង​ទៅ​នឹង​ការ​បង្រៀន​របស់​ព្រះដែរចុះ

[រូបភាព​នៅ​ទំព័រ​២៦]

ដោយ​ចិត្ត​ស្មោះគ្រប់ល័ក្ខណ៍​របស់​លោកយ៉ូប គាត់​ត្រូវ​បាន​ទទួល​រង្វាន់​ដោយ​មាន​ជីវិត​ដ៏​សប្បាយ​ពេញលេញ​ឡើង​វិញ​ជា​មួយ​បុគ្គល​ជា​ទីស្រឡាញ់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក