ចូរធ្វើបន្ទាល់ដោយធ្វើជាអ្នកជិតខាងដ៏ល្អ
១ ព្រះយេស៊ូបានមានបន្ទូលថា៖ «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ (ម៉ាថាយ ២២:៣៩) អ្នកច្បាស់ជាកំពុងតែ«ធ្វើល្អ»ចំពោះមនុស្សដែលជាអ្នកជឿដូចគ្នា ក៏ប៉ុន្តែ តើអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់ច្រើនជាងចំពោះមនុស្សដែលនៅក្បែរៗអ្នកឬទេ? (កាឡាទី ៦:១០) តើអ្នកអាចធ្វើដូច្នេះតាមរបៀបណា?
២ ដោយនាំឲ្យគេស្គាល់អ្នក: តើអ្នកជិតខាងរបស់អ្នកដឹងថា អ្នកជាស្មរបន្ទាល់ឬទេ? បើសិនជាគេមិនដឹងទេ នោះសូមអញ្ជើញទៅលេងគេ ពេលអ្នកកំពុងតែផ្សព្វផ្សាយ។ នោះប្រហែលជានឹងមានលទ្ធផលដែលអ្នកនឹកស្មានមិនដល់ទេ។ ឬក៏ ចូរខិតខំផ្សព្វផ្សាយក្រៅផ្លូវការ បើសិនជានោះគឺស្រួលជាងសំរាប់អ្នក។ ប្រហែលជាអ្នកឃើញគេធ្វើការនៅមុខផ្ទះរបស់គេ ពេលអ្នកនៅខាងក្រៅឬក៏ឃើញគេដើរកាត់មុខផ្ទះអ្នក។ អ្នកអាចផ្ដើមទាក់ទងគេដោយញញឹមយ៉ាងរាក់ទាក់។ ចូរខិតខំប្រាប់គេអំពីជំនឿរបស់អ្នក នៅទីកន្លែងនៃសាលព្រះរាជាណាចក្រ អ្វីដែលយើងធ្វើនៅទីនោះ ថែមទាំងប្រាប់គេអំពីអ្នកឯទៀតក្នុងសហគមន៍របស់អ្នកដែលចូលរួមដែរ។ អញ្ជើញគេមកឯកិច្ចប្រជុំផងដែរ។ ចូរប្ដេជ្ញាចិត្តធ្វើបន្ទាល់អំពីដំណឹងល្អឲ្យមនុស្សទាំងអស់ដែលអ្នកស្គាល់មានឱកាសស្ដាប់។—កិច្ចការ ១០:៤២; ២៨:២៣
៣ ដោយមានការប្រព្រឹត្តដ៏ល្អ: ការប្រព្រឹត្តដ៏រាក់ទាក់ក៏សឲ្យឃើញនូវអ្វីជាច្រើនអំពីលក្ខណៈរបស់អ្នកផ្ទាល់ ថែមទាំងអាចបើកផ្លូវឲ្យអ្នកធ្វើបន្ទាល់។ ការប្រព្រឹត្តបែបនោះក៏«តាក់តែងសេចក្ដីបង្រៀនរបស់ព្រះ»។ (ទីតុស ២:៧, ១០) ចូរបង្ហាញចំណាប់អារម្មណ៍ដ៏ស្មោះស្ម័គ្រពីចិត្តទៅលើអ្នកជិតខាងរបស់អ្នក។ ចូរសម្ដែងភាពរាក់ទាក់នឹងការយោគយល់។ ចូរគោរពសិទ្ធិរបស់អ្នកជិតខាងដោយមិនជ្រៀតជ្រែកក្នុងរឿងរបស់គេ និងដោយជួយរក្សាឲ្យមានស្ថានភាពដ៏ស្ងប់ស្ងាត់។ បើសិនជាគេឈឺ ចូរបង្ហាញការយកចិត្តទុកដាក់ដោយសុំជួយគេ។ បើសិនជាមានគ្រួសារថ្មីផ្លាស់ទីលំនៅចូលក្នុងសហគមន៍របស់អ្នក នោះចូរទៅស្វាគមន៍គេចុះ។ ការប្រព្រឹត្តដ៏សប្បុរសបែបនេះមានឥទ្ធិពលល្អទៅលើចិត្តគំនិតរបស់គេនិងក៏បំពេញព្រះហឫទ័យព្រះយេហូវ៉ា។—ហេព្រើរ ១៣:១៦
៤ ដោយភាពស្អាតស្អំនៃផ្ទះរបស់យើង: បើសិនជាយើងនឹងធ្វើជាអ្នកជិតខាងដ៏ល្អ នោះយើងក៏ត្រូវតែថែរក្សាផ្ទះរបស់យើងឲ្យស្អាតស្អំដែរ។ ផ្ទះនិងទីធ្លាមួយដ៏ស្អាតស្អំនិងដ៏គាប់ដល់ភ្នែកក៏ធ្វើបន្ទាល់ផងដែរ។ ក៏ប៉ុន្តែ ផ្ទះមួយដ៏មិនស្អាតនិងមានវត្ថុរាយស្កះពេញពាស ទំនងជានឹងធ្វើឲ្យមនុស្សមិនចាប់អារម្មណ៍ទៅលើសារព្រះរាជាណាចក្រវិញ។ ដូច្នេះ គឺជាការសំខាន់ណាស់ ដែលអ្នកថែទាំផ្ទះ ទីធ្លា និងយានជំនិះរបស់អ្នកទុកឲ្យស្អាតនិងមានភាពល្អ។
៥ យើងសម្ដែងនូវសេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងរបស់យើង ពេលយើងបង្ហាញការយកចិត្តទុកដាក់ទៅលើអ្នកក្រៅក្រុមជំនុំគ្រីស្ទាន។ តើអាចមានលទ្ធផលយ៉ាងណា? ប្រហែលជា«ដោយគេឃើញការល្អរបស់អ្នក» នោះអ្នកខ្លះនឹង«សរសើរដល់ព្រះ»។—ពេត្រុសទី១ ២:១២