ចូរមានអានុភាពទៅលើចិត្តរបស់សិស្សអ្នក
១ មុនដែលព្រះយេស៊ូបានឡើងទៅស្ថានសួគ៌វិញនោះ ទ្រង់មានបន្ទូលប្រាប់សិស្សរបស់ទ្រង់ឲ្យបង្រៀនអ្នកឯទៀតឲ្យ«កាន់តាម»គ្រប់ទាំងសេចក្ដីដែលទ្រង់បានបង្គាប់។ (ម៉ាថាយ ២៨:១៩, ២០) ដើម្បីឲ្យមនុស្សម្នាក់«កាន់តាម»សេចក្ដីបង្គាប់របស់ព្រះគ្រីស្ទ នោះពត៌មានទាំងនោះត្រូវតែមានអានុភាពទៅលើចិត្តរបស់គាត់។ (ទំនុកដំកើង ១១៩:១១២) តើអ្នកអាចមានអានុភាពទៅលើចិត្តរបស់អ្នកដែលរៀនព្រះគម្ពីរជាមួយអ្នកយ៉ាងដូចម្ដេច?
២ អធិស្ឋានសុំការណែនាំពីព្រះយេហូវ៉ា: កិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស គឺជាកិច្ចការរបស់ព្រះ។ ប្រសិទ្ធិពរពីព្រះគឺចាំបាច់ដើម្បីទទួលនូវការជោគជ័យ មិនមែនសមត្ថភាពរបស់យើងផ្ទាល់នោះទេ។ (កិច្ចការ ១៦:១៤; កូរិនថូសទី១ ៣:៧) ដូច្នេះ ការអធិស្ឋានសុំជំនួយពីព្រះយេហូវ៉ា គឺចាំបាច់ក្នុងការបង្រៀនសេចក្ដីពិតដល់អ្នកឯទៀត។—នេហេមា ២:៤; អេសាយ ៥០:៤
៣ ស្វែងយល់អំពីជំនឿរបស់សិស្សនោះ: បើសិនជាយើងយល់ដឹងអំពីជំនឿរបស់មនុស្ស និងមូលហេតុដែលគេជឿដូច្នោះ នោះយើងអាចជ្រាបដឹងអំពីអ្វីដែលយើងត្រូវនិយាយ ដើម្បីមានអានុភាពទៅលើចិត្តរបស់គេ។ ហេតុអ្វីបានជាសិស្សម្នាក់និយមសេចក្ដីបង្រៀនណាមួយម្ល៉េះ? តើអ្វីដែលបាននាំឲ្យគាត់ជឿជាក់ថា គួរឲ្យជឿសេចក្ដីបង្រៀននោះមែន? តំរិះបែបនេះអាចជួយយើងនិយាយប្រកបទៅដោយការវិនិច្ឆ័យ។—កិច្ចការ ១៧:២២, ២៣
៤ ចូរស្ថាបនាទីសំអាងមួយដ៏សមហេតុសមផល និងដែលមានមូលដ្ឋានទៅលើបទគម្ពីរ: សិស្សនោះត្រូវតែយល់ថា សេចក្ដីពិតគឺសមហេតុសមផល។ (កិច្ចការ ១៧:២៤-៣១) យើងត្រូវតែផ្ដល់ឲ្យទីសំអាងដ៏មាំមួនចំពោះសេចក្ដីសង្ឃឹមរបស់យើង។ (ពេត្រុសទី១ ៣:១៥) ក៏ប៉ុន្តែ ពេលដែលធ្វើដូច្នេះ ចូរប្រព្រឹត្តដោយរបៀបសប្បុរសនិងអត់ធ្មត់។
៥ ចូរបញ្ជាក់សេចក្ដីបង្រៀននោះដោយប្រើពាក្យប្រៀបប្រដូច: ពាក្យប្រៀបប្រដូចមិនគ្រាន់តែជួយសិស្សរបស់យើងយល់ស្រួលជាង ប៉ុន្តែ ក៏ប៉ះពាល់ដល់អារម្មណ៍របស់គេ។ ពាក្យប្រៀបប្រដូចមានអានុភាពទៅលើចិត្តនិងគំនិតផងដែរ។ ព្រះយេស៊ូបានប្រើពាក្យប្រៀបប្រដូចជាញឹកញាប់។ (ម៉ាកុស ៤:៣៣, ៣៤) គឺជាក់ស្តែងហើយដែលថា ដើម្បីឲ្យពាក្យប្រៀបប្រដូចមានប្រសិទ្ធភាពនោះ គឺត្រូវតែសមនឹងចំណុចដែលកំពុងតែត្រូវពិគ្រោះនោះ និងត្រូវតែទាក់ទងនឹងជីវិតរបស់សិស្សនោះតែម្ដង។
៦ បង្ហាញនូវប្រយោជន៍ដែលមកពីការអនុវត្តន៍តាមសេចក្ដីពិត: មនុស្សចង់ដឹងអំពីប្រយោជន៍ដែលមកពីការអនុវត្តន៍តាមអ្វីដែលគេរៀន។ ចូរជួយសិស្សរបស់អ្នកឲ្យយល់ដឹងថា ពាក្យរបស់ប៉ុលនៅធីម៉ូថេទី២ ៣:១៤-១៧ គឺប្រកបទៅដោយប្រាជ្ញា។
៧ កុំធ្លាក់ទឹកចិត្តបើសិនជាមនុស្សខ្លះមិនប្រព្រឹត្តតបតាមការបង្រៀនរបស់អ្នក។ មិនមែនចិត្តរបស់មនុស្សទាំងអស់ដែលនឹងទទួលតាមឡើយ។ (ម៉ាថាយ ១៣:១៥; យ៉ូហាន ១២:៤០) ក៏ប៉ុន្តែ មានអ្នកខ្លះក្លាយជាអ្នកជឿមែន។ (កិច្ចការ ១៧:៣២-៣៤) សូមឲ្យការខិតខំរបស់អ្នក ដើម្បីឲ្យដំណឹងល្អមានអានុភាពទៅលើចិត្តគេ នាំមនុស្សជាច្រើនទៀតឲ្យទទួល ព្រមទាំង«កាន់តាម»សេចក្ដីបង្គាប់របស់ព្រះយេស៊ូ។