កុំស្ទាក់ស្ទើរឲ្យសោះ!
១ ពេលយើងរៀបចំផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ប្រហែលជាឧបសគ្គធំបំផុតដែលយើងអាចជួបប្រទះ មកពីខ្លួនយើងតែម្ដង។ គំនិតថាខ្លួនខ្វះខាតនូវសមត្ថភាព ប្រហែលជាអាចនាំឲ្យយើងស្ទាក់ស្ទើរមិនចង់ចេញទៅផ្សព្វផ្សាយអំពីសេចក្ដីពិតដល់«មនុស្សទាំងអស់»។ (ធីម៉ូថេទី១ ២:៤) ក៏ប៉ុន្តែ យើងមិនគួរមានចិត្តរួញរាចំពោះការផ្សព្វផ្សាយដំណឹងល្អឡើយ។ ហេតុអ្វី?
២ សារនោះគឺជាសាររបស់ព្រះយេហូវ៉ា: ព្រះយេហូវ៉ាបានមានបន្ទូលមកតាមរយៈព្រះគម្ពីរ។ ពេលយើងប្រាប់អ្នកឯទៀតអំពីសារនោះ យើងកំពុងតែប្រាប់ពីគំនិតរបស់ព្រះ មិនមែនគំនិតរបស់យើងទេ។ (រ៉ូម ១០:១៣-១៥) ពេលមនុស្សបដិសេធមិនព្រមស្ដាប់សារព្រះរាជាណាចក្រ នោះតាមពិតពួកគេកំពុងតែបដិសេធព្រះយេហូវ៉ាទេ។ ក៏ប៉ុន្តែ យើងមិនធ្លាក់ទឹកចិត្តទេ។ យើងជឿជាក់ថា សារនេះនឹងបណ្ដាលឲ្យមានការប្រព្រឹត្តតប ពីអ្នកដែលចង់ឃើញស្ថានភាពពិភពលោកក្លាយទៅជាល្អវិញ និងអស់អ្នកដែលយកចិត្តទុកដាក់នឹងសេចក្ដីត្រូវការខាងវិញ្ញាណរបស់គេ។—អេសេគាល ៩:៤; ម៉ាថាយ ៥:៣, ៦
៣ ព្រះយេហូវ៉ាទាញនាំមនុស្សមក: មនុស្សម្នាក់ដែលមិនព្រមស្ដាប់យើងពីមុន ប្រហែលជាឥឡូវចង់ស្ដាប់យើងវិញ ពីព្រោះកាលៈទេសៈរបស់គាត់បានប្រែប្រួល និងដោយសារគាត់មានគំនិតខុសគ្នាពីកាលមុន។ ឥឡូវ ព្រះយេហូវ៉ាអាចបង្ហាញថា ទ្រង់ពេញព្រះហឫទ័យ ដោយ‹ទាញនាំគាត់មក›។ (យ៉ូហាន ៦:៤៤, ៦៥) ពេលនេះជាពេលដ៏ល្អ ដែលយើងចង់ប្រុងប្រៀបឲ្យព្រះយេហូវ៉ាប្រើយើង និងអនុលោមតាមការណែនាំពីពួកទេវតាក្នុងការរកមនុស្សបែបនោះ។—វិវរណៈ ១៤:៦
៤ ព្រះប្រទានព្រះវិញ្ញាណរបស់ទ្រង់ដល់យើង: ព្រះវិញ្ញាណបរិសុទ្ធជួយយើងមានសមត្ថភាពនិយាយ«យ៉ាងក្លៀវក្លាដោយ[អំណាចរបស់ព្រះយេហូវ៉ា]»។ (កិច្ចការ ១៤:១-៣) បើសិនជាយើងនឹកចាំថា យើងមានការគាំទ្រដ៏ខ្លាំងបែបនេះក្នុងកិច្ចបំរើរបស់យើង នោះយើងនឹងមិនញញើតញញើមនឹងការនិយាយអំពីសេចក្ដីពិតជាមួយអ្នកជិតខាង សហសេវិក មិត្តរួមថ្នាក់ សាច់ញាតិ មនុស្សដែលមានការអប់រំខ្ពស់ ឬមនុស្សអ្នកមាននោះទេ។
៥ ព្រះយេស៊ូបានបង្ហាញយើងពីវិធីនេះ: ព្រះយេស៊ូបានប្រើសំនួរត្រិះរិះ រឿងប្រៀបប្រដូចដ៏ស្រួលយល់ ការវែកញែកពីបទគម្ពីរ។ ទ្រង់បានពន្យល់ចេញពីដួងព្រះទ័យទ្រង់ អំពីសេចក្ដីពិតតាមរបៀបដ៏ស្រួលយល់ ទាំងចាប់អារម្មណ៍ទៀតផង។ វិធីនេះក៏ជាមធ្យោបាយល្អបំផុតសំរាប់ថ្ងៃនេះដែរ។ (កូរិនថូសទី១ ៤:១៧) ទោះជាយើងផ្សព្វផ្សាយនៅក្រោមកាលៈទេសៈផ្សេងៗក៏ដោយ តែសារដ៏ខ្លាំងពូកែស្តីពីព្រះរាជាណាចក្រនោះ គឺនៅដដែល។
៦ យើងមានឯកសិទ្ធិមែន ដែលព្រះយេហូវ៉ាប្រើយើងដើម្បីជួយមនុស្ស តាមរបៀបមួយដ៏ពិសេសនិងសំខាន់។ កុំបីឲ្យយើងស្ទាក់ស្ទើរឲ្យសោះ! ចូរឲ្យយើងមានចិត្តក្លាហាននិងឲ្យព្រះយេហូវ៉ា«បើកទ្វារឲ្យយើងខ្ញុំផ្សាយ»ដំណឹងល្អដល់អ្នកឯទៀត។—កូល៉ុស ៤:២-៤