ចិត្តកតញ្ញូធម៌ចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះ
១ មុនពេលដែលសាវ័កប៉ុលក្លាយជាគ្រីស្ទានម្នាក់ គាត់បានប្រឆាំងយ៉ាងឃោរឃៅចំពោះកិច្ចផ្សព្វផ្សាយរបស់សាសនាគ្រីស្ទាន។ ប៉ុន្តែ ដោយព្រោះប៉ុលបានប្រព្រឹត្តតាមភាពល្ងង់ខ្លៅនោះ ព្រះបានសម្ដែងសេចក្ដីមេត្ដាករុណាចំពោះគាត់។ ព្រះយេហូវ៉ាបានបង្ហាញព្រះគុណដែលប៉ុលគ្មានសិទ្ធិទទួល ហើយប្រគល់ឲ្យគាត់នូវកិច្ចការផ្សព្វផ្សាយ។ ប៉ុលចាត់ទុកកិច្ចការនោះជាអ្វីដែលមានតម្លៃវិសេស។ (កិច្ច. ២៦:៩-១៨; ១ធី. ១:១២-១៤) ចិត្តកតញ្ញូចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា បានជំរុញចិត្តប៉ុលឲ្យពលីខ្លួនក្នុងការបំពេញតាមកិច្ចបំរើរបស់គាត់។—២កូ. ១២:១៥
២ ដោយសារសេចក្ដីមេត្ដាករុណារបស់ព្រះ យើងក៏បានទទួលកិច្ចបំរើផងដែរ។ (២កូ. ៤:១) ដូចប៉ុល យើងអាចបង្ហាញនូវចិត្តកតញ្ញូចំពោះសេចក្ដីមេត្ដាករុណាដែលយើងបានទទួល ដោយខំប្រឹងជួយអ្នកឯទៀតឲ្យមានការរីកចំរើនខាងវិញ្ញាណ។ វិធីមួយដែលយើងអាចធ្វើដូច្នេះ គឺដោយចាប់ផ្ដើមដឹកនាំឲ្យមានការសិក្សាព្រះគម្ពីរ។
៣ ចាប់ផ្ដើមការសិក្សាព្រះគម្ពីរ: វិធីមួយដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ គឺដោយរៀបចំផ្ដល់ទស្សនាវដ្ដីឲ្យអ្នកចាប់អារម្មណ៍ដែលចង់ទទួលជាទៀងទាត់។ នៅពេលយើងជួបមនុស្សដែលទទួលទស្សនាវដ្ដីជារៀងរាល់ខែ នោះយើងអាចស្គាល់កាលៈទេសៈរបស់ពួកគេបានយ៉ាងច្បាស់ជាង។ ទីបំផុត ប្រហែលជាមានអត្ថបទមួយក្នុងទស្សនាវដ្ដីដែលបើកផ្លូវឲ្យគេចាប់ផ្ដើមសិក្សាព្រះគម្ពីរតាមរយៈសៀវភៅស្តើងតម្រូវ។ នៅពេលដែលយើងយកទស្សនាវដ្ដីទៅឲ្យម្ចាស់ផ្ទះលើកក្រោយទៀត ប្រហែលយើងអាចនិយាយជាបន្តអំពីសៀវភៅស្តើងតម្រូវនោះ។
៤ សេចក្ដីអធិស្ឋាននិងការខំប្រឹងគឺចាំបាច់: ការអធិស្ឋានថែមទាំងការខំប្រឹងដោយចិត្តខ្នះខ្នែង នឹងបង្កើនឡើងនូវកិច្ចបំរើផ្សាយរបស់យើង។ បងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយមានសិស្សព្រះគម្ពីរតែម្នាក់គត់។ គាត់អធិស្ឋានសូមព្រះយេហូវ៉ាប្រទានឲ្យគាត់មានការសិក្សាព្រះគម្ពីរច្រើនទៀត។ បងស្រីក៏បានប្រព្រឹត្តស្របតាមអ្វីដែលគាត់អធិស្ឋានដែរ។ បងស្រីបានគិតយ៉ាងដិតដល់អំពីកិច្ចបំរើផ្សាយរបស់គាត់ ដោយកត់សម្គាល់ថា ពេលដែលគាត់ត្រឡប់ទៅជួបម្ចាស់ផ្ទះ គាត់មិនដែលអញ្ជើញគេសិក្សាព្រះគម្ពីរទេ។ បន្ទាប់មកបងស្រីចាប់ផ្ដើមធ្វើដូច្នេះ ហើយមិនយូរប៉ុន្មាន គាត់ក៏មានសិស្សពីរនាក់ទៀត។
៥ យើងពិតជាមានឯកសិទ្ធិដ៏ប្រសើរមែន ដែលអាចចូលរួមក្នុងការប្រកាស«ដំណឹងល្អនៃព្រះគុណព្រះ»! (កិច្ច. ២០:២៤) ចូរឲ្យចិត្តកតញ្ញូចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះ ជំរុញចិត្តឲ្យយើងខំប្រឹងដោយចិត្តខ្នះខ្នែង ក្នុងការជួយមនុស្សឯទៀតទទួលប្រយោជន៍ពីព្រះគុណដែលគ្មានសិទ្ធិទទួល។