បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១០ ទំ. ១០-១៤
  • «ព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្ដាករុណា»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្ដាករុណា»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​បង្ហាញ​ចិត្ត​មេត្ដា​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ
  • ការ​បង្ហាញ​ចិត្ត​មេត្ដា​ចំពោះ​អស់​អ្នក​ដែល​ធ្វើ​ខុស
  • ព្រះ​ដែល​មាន​មេត្ដា​និង​យុត្ដិធម៌
  • ម្ដេច​ក៏​គួរ​បង្ហាញ​ចិត្ត​មេត្ដា?
  • ​«មាន​ពរ​ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា»
  • យើងបម្រើព្រះដែលមាន«សេចក្ដីមេត្តាករុណាដ៏បរិបូរ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • វិធីបង្ហាញចិត្ដមេត្ដា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • អស់អ្នកដែលមានចិត្តមេត្ដា មានសុភមង្គល!
    ចូរច្រៀងជូនព្រះយេហូវ៉ា
  • ចូរបង្ហាញសេចក្ដីមេត្ដាករុណានិងយុត្ដិធម៌ដូចព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១០ ទំ. ១០-១៤

​«ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដាករុណា»

​«ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្ដាករុណា ដូច​ជា​ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដាករុណា​ដែរ»។—លូកា ៦:៣៦

១, ២​. តើ​ពាក្យ​របស់​ព្រះ​យេស៊ូ​ទៅ​កាន់​ពួក​អាចារ្យ ពួក​ផារិស៊ី​និង​អ្នក​ដែល​កាន់​តាម​ទ្រង់ បង្ហាញ​យ៉ាង​ណា​ថា​គួរ​គប្បី​ឲ្យ​យើង​មាន​មេត្ដា?

ក្រឹត្យ​វិន័យ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​តាម​រយៈ​លោក​ម៉ូសេ មាន​តម្រូវ​ការ​និង​ច្បាប់​ប្រហែល​ជា​៦០០​មាត្រា។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​បណ្ដាជន​អ៊ីស្រាអែល​ធ្វើ​តាម​ក្រឹត្យ​វិន័យ​ទាំង​នោះ​មែន តែ​ការ​បង្ហាញ​ចិត្ត​មេត្ដា​ក៏​ជា​តម្រូវ​ការ​ដ៏​សំខាន់​មួយ​ដែរ។ សូម​គិត​អំពី​ពាក្យ​ដែល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ផារិស៊ី​ដែល​មាន​ទំនោរ​ចិត្ត​មិន​ចង់​បង្ហាញ​ចិត្ត​មេត្ដា​សោះ។ ព្រះ​យេស៊ូ​បាន​បន្ទោស​ពួក​គេ​ពីរ​ដង ដោយ​បញ្ជាក់​ពី​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖ «អញ​ចង់​បាន​សេចក្ដី​មេត្ដាករុណា មិន​មែន​យញ្ញបូជា​ទេ»។ (ម៉ាថាយ ៩:១០​-​១៣; ១២:១​-​៧; ហូសេ ៦:៦) នៅ​ជិត​ដំណាច់​កិច្ច​បម្រើ​ផ្សាយ​របស់​ព្រះ​យេស៊ូ ទ្រង់​មាន​ប្រសាសន៍​ថា​៖ «វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ​នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ​អង្កាម ជីរ​លីងលាក់​នឹង​ល្ង​ផង តែ​បាន​ចោល​សេចក្ដី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រិត្យ​វិន័យ​វិញ ដូច​ជា​សេចក្ដី​យុត្ដិធម៌ សេចក្ដី​មេត្ដាករុណា​នឹង​សេចក្ដី​ជំនឿ»។—ម៉ាថាយ ២៣:២៣

២ គឺ​ច្បាស់​ហើយ​ថា ព្រះ​យេស៊ូ​ចាត់​ទុក​ចិត្ត​មេត្ដា​ជា​លក្ខណៈ​សម្បត្ដិ​ដ៏​សំខាន់​មួយ។ ព្រះ​យេស៊ូ​បង្គាប់​ដល់​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្ដាករុណា ដូច​ជា​ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដាករុណា​ដែរ»។ (លូកា ៦:៣៦) ដូច្នេះ បើ​យើង​ចង់​«ត្រាប់​តាម​ព្រះ»​ក្នុង​ការ​បង្ហាញ​ចិត្ត​មេត្ដា យើង​ក៏​ត្រូវ​ដឹង​ជា​មុន​សិន​ថា តើ​អ្វី​ជា​លក្ខណៈ​ពិត​នៃ​ចិត្ត​មេត្ដា? (អេភេសូរ ៥:១) ម្យ៉ាង​ទៀត ពេល​យើង​យល់​កាន់​តែ​ច្បាស់​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​បង្ហាញ​ចិត្ត​មេត្ដា នេះ​ក៏​នឹង​ជំរុញ​យើង​ឲ្យ​មាន​មេត្ដា​កាន់​តែ​ច្រើន​ក្នុង​ជីវិត​យើង​ដែរ។

ការ​បង្ហាញ​ចិត្ត​មេត្ដា​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ

៣​. បើ​យើង​ចង់​រៀន​អំពី​លក្ខណៈ​ពិត​នៃ​ចិត្ត​មេត្ដា ហេតុ​អ្វី​ក៏​មាន​ប្រយោជន៍​ឲ្យ​យើង​មើល​គំរូ​របស់​ព្រះ​យេហូវ៉ា?

៣ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្ដាករុណា​នឹង​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​សប្បុរស​ដ៏​ធំ​ទូលាយ។ ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ​ហឫទ័យ​ទន់​សន្ដោស​របស់​ទ្រង់ ក៏​គ្រប​លើ​កិច្ចការ​របស់​ទ្រង់​ទាំង​ប៉ុន្មាន»។ (ទំនុកដំកើង ១៤៥:៨, ៩) ព្រះ​យេហូវ៉ា​ជា​«ព្រះ​វរបិតា​ដ៏​មាន​សេចក្ដី​មេត្ដាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក»។ (កូរិនថូស​ទី២ ១:៣) យើង​បង្ហាញ​ចិត្ត​មេត្ដា​ពេល​ដែល​យើង​ប្រព្រឹត្ត​ដោយ​អាណិតអាសូរ​ចំពោះ​អ្នក​ដទៃ។ ចិត្ត​មេត្ដា​ជា​លក្ខណៈ​សំខាន់​មួយ​ក្នុង​ចំណោម​គុណសម្បត្ដិ​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា។ គំរូ​របស់​ព្រះ​យេហូវ៉ា​និង​អ្វី​ដែល​ទ្រង់​បង្គាប់ អាច​ស​ឲ្យ​ឃើញ​ច្បាស់​នូវ​លក្ខណៈ​ពិត​នៃ​ចិត្ត​មេត្ដា។

៤​. តើ​បទ​គម្ពីរ​នៅ​សៀវភៅ​អេសាយ ៤៩:១៥ បង្រៀន​អ្វី​ខ្លះ​អំពី​ចិត្ត​មេត្ដា?

៤ នៅ​សៀវភៅ​អេសាយ ៤៩:១៥ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ «តើ​ស្ត្រី​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ?»។ ពាក្យ​ភាសា​ហេព្រើរ​ដែល​បកប្រែ​ថា «អាណិត» ក្នុង​ខ​នេះ អាច​ទាក់ទង​នឹង​ចិត្ត​មេត្ដា​ដែរ ហើយ​មាន​ក្នុង​សៀវភៅ​ទំនុកដំកើង ១៤៥:៨, ៩ ដែល​បាន​ដក​ស្រង់​នៅ​ខាង​លើ។ អារម្មណ៍​ដែល​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​មាន​មេត្ដា គឺ​ប្រហាក់​ប្រហែល​នឹង​អារម្មណ៍​ទន់​សន្ដោស​ដែល​ម្ដាយ​មាន​ចំពោះ​កូន​ដែល​កំពុង​បៅ​ដោះ។ កូន​តូច​នោះ​ប្រហែល​ជា​ឃ្លាន​ទឹក​ដោះ ឬ​ក៏​ត្រូវ​ការ​ជំនួយ ហើយ​អារម្មណ៍​ក្ដួល​អាណិត​ជំរុញ​ម្ដាយ​ឲ្យ​បំពេញ​សេចក្ដី​ត្រូវ​ការ​នោះ។ ពេល​ព្រះ​យេហូវ៉ា​មាន​មេត្ដា​ចំពោះ​មនុស្ស ទ្រង់​ក៏​មាន​អារម្មណ៍​សន្ដោស​ប្រណី​ចំពោះ​យើង ដូច​ម្ដាយ​មាន​ចំពោះ​កូន។

៥​. ចំពោះ​បណ្ដាជន​អ៊ីស្រាអែល តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា ថា​ទ្រង់​«មាន​សេចក្ដី​មេត្ដាករុណា​ដ៏​លើស​លប់»?

៥ បើ​យើង​មាន​ចិត្ត​អាណិតអាសូរ​ចំពោះ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ នោះ​ជា​ការ​ល្អ​ហើយ។ ប៉ុន្តែ​ការ​អនុគ្រោះ​ដោយ​ចាត់​វិធានការ​វិញ ជា​ការ​ដ៏​ប្រសើរ​ជាង​ទៅ​ទៀត។ សូម​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ផង ពេល​ដែល​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់​ជា​ខ្ញុំ​កញ្ជះ​នៅ​ស្រុក​អេស៊ីប ប្រមាណ​៣.៥០០​ឆ្នាំ​មុន​សម័យ​យើង។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា​៖ «អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​អញ​ដែល​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ក៏​បាន​ឮ​ពាក្យ​គេ​អំពាវនាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់​សង្កិន​ដែរ ពីព្រោះ​អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។ ដូច្នេះ អញ​បាន​ចុះ​មក​ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ អញ​នឹង​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ​ទៅ​ឯ​ស្រុក​យ៉ាង​ល្អ​ដ៏​ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​នឹង​ទឹក​ឃ្មុំ​ហូរ​ហៀរ​វិញ»។ (និក្ខមនំ ៣:៧, ៨) ប្រមាណ​៥០០​ឆ្នាំ​ក្រោយ​ព្រះ​យេហូវ៉ា​បាន​រំដោះ​ជនជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប ទ្រង់​រំលឹក​ពួក​គេ​ថា​៖ «អញ​បាន​នាំ​ពួក​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​បាន​ជួយ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​សាសន៍​អេស៊ីព្ទ ហើយ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​នគរ​ទាំង​ប៉ុន្មាន​ដែល​សង្កត់​សង្កិន​ឯង»។ (សាំយូអែល​ទី១ ១០:​១៨) ដោយសារ​បណ្ដាជន​អ៊ីស្រាអែល​ចេះ​តែ​បែរ​ចេញ​ពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ដែល​តម្រូវ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ ពួក​គេ​បាន​រង​ទុក្ខ​លំបាក​ជា​ញឹកញយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​នៅ​តែ​មាន​ចិត្ត​អាណិត​មេត្ដា​ដល់​ពួក​គេ ហើយ​បាន​ជួយ​សង្គ្រោះ​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត។ (ពួក​ចៅហ្វាយ ២:១១​-​១៦; របាក្សត្រទី២ ៣៦:​១៥) ទង្វើ​នោះ​បង្ហាញ​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ តែង​តែ​ប្រព្រឹត្ត​ចំពោះ​អស់​អ្នក​ដែល​រងគ្រោះថ្នាក់ ឬ​មាន​ទុក្ខ​លំបាក​និង​ត្រូវ​ការ​ជំនួយ។ ព្រះ​យេហូវ៉ា​ពិត​ជា​«មាន​សេចក្ដី​មេត្ដាករុណា​ដ៏​លើស​លប់»​មែន!—អេភេសូរ ២:៤

៦​. តើ​ព្រះ​យេស៊ូ​គ្រិស្ត​ធ្វើ​តាម​គំរូ​របស់​បិតា​ទ្រង់​យ៉ាង​ណា ក្នុង​ការ​បង្ហាញ​ចិត្ត​មេត្ដាករុណា?

៦ ពេល​ព្រះ​យេស៊ូ​គ្រិស្ត​រស់​នៅ​ផែនដី ទ្រង់​បាន​ធ្វើ​តាម​គំរូ​របស់​បិតា​ទ្រង់​យ៉ាង​ពេញលេញ ក្នុង​ការ​បង្ហាញ​ចិត្ត​មេត្ដាករុណា។ ពេល​មនុស្ស​ខ្វាក់​ពីរ​នាក់​សូម​ឲ្យ​ព្រះ​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មើល​ឃើញ​ម្ដង​ទៀត ពួក​គេ​អង្វរ​ទ្រង់​ថា​៖ «ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្ដា​ដល់​យើង​ខ្ញុំ​ផង»។ តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​យ៉ាង​ណា? ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ឲ្យ​ពួក​គេ​មែន ព្រម​ទាំង​មាន​ចិត្ត​ចង់​ផង ពីព្រោះ​គម្ពីរ​រៀប​រាប់​ថា​៖ «ទ្រង់​មាន​សេចក្ដី​ក្ដួល​ក្នុង​ព្រះ​ហឫទ័យ ក៏​ពាល់​ភ្នែក​គេ ស្រាប់​តែ​ភ្នែក​បាន​ភ្លឺ​ឡើង»។ (ម៉ាថាយ ២០:​៣០​-​៣៤) ចិត្ត​ក្ដួល​អាណិត​បាន​ជំរុញ​ព្រះ​យេស៊ូ​ឲ្យ​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន ដើម្បី​ជួយ​មនុស្ស​ខ្វាក់ អ្នក​ដែល​មាន​វិញ្ញាណ​កំណាច​ចូល មនុស្ស​ដែល​មាន​ជំងឺ​ឃ្លង់ និង​មាតា​បិតា​ដែល​នាំ​កូន​មក​ដោយសារ​មាន​ទុក្ខ​ធុរៈ​ផ្សេងៗ។—ម៉ាថាយ ៩:២៧; ១៥:២២; ១៧:១៥; ម៉ាកុស ៥:​១៨, ១៩; លូកា ១៧:១២, ១៣

៧​. តើ​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​បុត្រ​ទ្រង់​បង្រៀន​យ៉ាង​ណា អំពី​ចិត្ត​មេត្ដា?

៧ គំរូ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រិស្ត​បង្ហាញ​ថា ចិត្ត​មេត្ដា​រួម​បញ្ចូល​លក្ខណៈ​ពីរ​យ៉ាង ពោល​គឺ អារម្មណ៍​អាណិតអាសូរ​ចំពោះ​មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ និង​ការ​ប្រព្រឹត្ត​ដែល​ជួយ​សម្រាល​ទុក្ខ​ពួក​គេ​ផង។ យ៉ាង​នេះ អារម្មណ៍​ក្នុង​ចិត្ត​និង​ការ​ប្រព្រឹត្ត​ជា​ចាំបាច់​ដើម្បី​បង្ហាញ​ចិត្ត​មេត្ដា។ ពេល​គម្ពីរ​រៀប​រាប់​ពី​អ្នក​ដែល​មាន​មេត្ដា នេះ​ច្រើន​តែ​សំដៅ​ទៅ​លើ​សប្បុរស​ជន​ដែល​ប្រោស​ប្រណី​ដល់​មនុស្ស​ដែល​ត្រូវ​ការ​ជំនួយ។ ប៉ុន្តែ ក្នុង​រឿង​ក្ដី​វិញ តើ​គួរ​ឲ្យ​បង្ហាញ​ចិត្ត​មេត្ដា​យ៉ាង​ដូច​ម្ដេច? តើ​ការ​បង្ហាញ​ចិត្ត​មេត្ដា​ក្នុង​រឿង​ក្ដី ដោយ​លើក​លែង​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​ខុស អាច​មើល​ទៅ​ដូច​ជា​បណ្ដោយ​ពេក​ទេ?

ការ​បង្ហាញ​ចិត្ត​មេត្ដា​ចំពោះ​អស់​អ្នក​ដែល​ធ្វើ​ខុស

៨, ៩​. ក្រោយ​ដាវីឌ​បាន​ធ្វើ​អំពើ​បាប​ជា​មួយ​បាតសេបា តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​មេត្ដា​ដោយ​ធ្វើ​អ្វី?

៨ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្រោយ​លោក​ណាថាន់ ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ បាន​ទៅ​ដាក់​ទោស​ស្តេច​ដាវីឌ​របស់​ជនជាតិ​អ៊ីស្រាអែល​ពី​បុរាណ ដែល​បាន​ធ្វើ​អំពើ​សហាយ​ស្មន់​ជា​មួយ​នាង​បាតសេបា។ ដាវីឌ​បាន​ប្រែ​ចិត្ត​ហើយ​អធិស្ឋាន​ថា​៖ «ឱ​ព្រះ​អង្គ​អើយ! សូម​អាណិត​មេត្ដា​ដល់​ទូល​បង្គំ​តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​សូម​លុប​សេចក្ដី​រំលង​របស់​ទូល​បង្គំ​ចេញ​ដោយ​សេចក្ដី​មេត្ដាករុណា​ដ៏​បរិបូរ​របស់​ទ្រង់។ សូម​លាង​ទូល​បង្គំ​ឲ្យ​យ៉ាង​ស្អាត​ពី​អំពើ​ទុច្ចរិត​របស់​ទូល​បង្គំ សូម​សំអាត​អំពើ​បាប​របស់​ទូល​បង្គំ​ផង។ ដ្បិត​ទូល​បង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូល​បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល​បង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូល​បង្គំ​ជានិច្ច។ ទូល​បង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ​១​ព្រះ​អង្គ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ​នេត្រ​ទ្រង់​ផង»។—ទំនុកដំកើង ៥១:១​-​៤

៩ ដាវីឌ​មាន​ចិត្ត​សោក​ស្ដាយ​ជា​ខ្លាំង។ ពេល​ព្រះ​យេហូវ៉ា​ជំនុំ​ជម្រះ​ដាវីឌ​និង​បាតសេបា ទ្រង់​មិន​ប្រកាន់​ទោស​ស្រប​តាម​ច្បាប់​ទេ តែ​បាន​អត់​ទោស​ឲ្យ​ពួក​គាត់​វិញ។ តាម​ពិត ដាវីឌ​និង​បាតសេបា​គួរ​ស្លាប់ ពីព្រោះ​ក្រឹត្យ​វិន័យ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​តាម​លោក​ម៉ូសេ តម្រូវ​ឲ្យ​ប្រហារ​ជីវិត​អ្នក​ដែល​ធ្វើ​អំពើ​សហាយ​ស្មន់។ (ចោទិយកថា ២២:២២) ដាវីឌ​និង​បាតសេបា​មិន​រួច​ខ្លួន​ទាំង​ស្រុង​ពី​លទ្ធផល​អាក្រក់​ដែល​មក​ពី​បាប​ដែល​ពួក​គាត់​បាន​ប្រព្រឹត្ត ប៉ុន្តែ​ពួក​គាត់​បាន​រួច​ជីវិត​វិញ។ (សាំយូអែលទី២ ១២:​១៣) វិធី​មួយ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​មេត្ដា គឺ​ដោយ​អត់​ទោស​ឲ្យ​អ្នក​ដែល​ធ្វើ​ខុស។ ក៏​ប៉ុន្តែ ទ្រង់​ក៏​ដាក់​ទោស​អស់​អ្នក​ដែល​គួរ​ទទួល​ទោស​ដែរ។

១០​. ទោះ​បើ​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​មេត្ដា​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី ម្ដេច​ក៏​នេះ​មិន​ផ្ដល់​ហេតុ​ឲ្យ​យើង​ធ្វើ​ខុស​ដោយ​ចេតនា?

១០ «បាប​បាន​ចូល​មក​ក្នុង​លោកីយ​ដោយសារ​មនុស្ស​តែ​ម្នាក់» គឺ​អ័ដាម ហើយ​«ឈ្នួល​របស់​អំពើ​បាប​នោះ​ជា​សេចក្ដី​ស្លាប់» ដូច្នេះ​នេះ​មាន​ន័យ​ថា គ្រប់​មនុស្ស​ទាំង​អស់​គួរ​នឹង​ស្លាប់​មែន។ (រ៉ូម ៥:១២; ៦:២៣) ប៉ុន្តែ យើង​មាន​ហេតុ​ត្រេកអរ​ណាស់! ដោយសារ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​មេត្ដា​ក្នុង​ការ​ជំនុំ​ជម្រះ​យើង។ យ៉ាង​ណា​ក៏​ដោយ ចិត្ត​មេត្ដា​របស់​ទ្រង់​មិន​ផ្ដល់​ហេតុ​ឲ្យ​យើង​ធ្វើ​ខុស​ដោយ​ចេតនា ទាំង​សង្ឃឹម​ថា​ទ្រង់​នឹង​អត់​ទោស​ឲ្យ​យើង​ជានិច្ច​នោះ​ឡើយ។ សៀវភៅ​ចោទិយកថា ៣២:៤ ចែង​ថា​៖ «អស់​ទាំង​ផ្លូវ​[របស់​ព្រះ​យេហូវ៉ា] សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌»។ ទោះ​បើ​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​មេត្ដា​ក្ដី ទ្រង់​ក៏​មិន​បំពាន​ខ្នាត​តម្រា​ល្អ​ឥតខ្ចោះ​របស់​ទ្រង់​ឡើយ។

១១​. ពេល​ជំនុំ​ជម្រះ​ដាវីឌ​ដែល​បាន​ធ្វើ​អំពើ​បាប​ជា​មួយ​បាតសេបា តើ​ការ​សម្រេច​ចិត្ត​របស់​ព្រះ​យេហូវ៉ា​នៅ​តែ​យុត្ដិធម៌​យ៉ាង​ដូច​ម្ដេច?

១១ ក្នុង​ករណី​ដាវីឌ​និង​បាតសេបា មុន​ពេល​ដែល​ព្រះ​យេហូវ៉ា​អាច​បន្ធូរបន្ថយ​ការ​ជំនុំ​ជម្រះ ដែល​តម្រូវ​ឲ្យ​ប្រហារ​ជីវិត​អ្នក​ដែល​ធ្វើ​អំពើ​សហាយ​ស្មន់ ទ្រង់​ត្រូវ​តែ​អត់​ទោស​ឲ្យ​ពួក​គាត់​ទាំង​ពីរ​នាក់​សិន។ ពួក​ចៅក្រម​នៅ​ស្រុក​អ៊ីស្រាអែល​គ្មាន​សិទ្ធិ​អត់​ទោស​ឲ្យ​មនុស្ស​ដែល​ធ្វើ​បាប​ឡើយ។ ដូច្នេះ បើ​ពួក​ចៅក្រម​ត្រូវ​កាត់​ក្ដី​ឲ្យ​ដាវីឌ​និង​បាតសេបា នោះ​គ្មាន​ករណី​លើក​លែង​ទេ។ ពួក​គាត់​ត្រូវ​តែ​ប្រហារ​ជីវិត​ដាវីឌ​និង​បាតសេបា ពីព្រោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ។ ប៉ុន្តែ ដោយ​នឹក​ដល់​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេហូវ៉ា​បាន​តាំង​ជា​មួយ​ដាវីឌ ទ្រង់​ចង់​ឃើញ​ថា តើ​មាន​ហេតុ​ឲ្យ​ទ្រង់​អត់​ទោស​ឲ្យ​ដាវីឌ​ឬ​យ៉ាង​ណា? (សាំយូអែលទី២ ៧:​១២​-​១៦) អាស្រ័យ​ហេតុ​នេះ ព្រះ​យេហូវ៉ា​ដែល​ជា​«ចៅក្រម​នៃ​ផែនដី​ទាំង​មូល» ដែល​«ស្ទង់​មើល​ចិត្ត​មនុស្ស» បាន​សម្រេច​ចិត្ត​កាត់​ក្ដី​ឲ្យ​ដាវីឌ​និង​បាតសេបា​ដោយ​អង្គ​ទ្រង់​ផ្ទាល់។ (លោកុប្បត្តិ ១៨:២៥; របាក្សត្រទី១ ២៩:​១៧, ខ.ស.) ព្រះ​យេហូវ៉ា​អាច​ជ្រាប​យ៉ាង​ច្បាស់​ពី​ជម្រៅ​ចិត្ត​របស់​ដាវីឌ ហើយ​ទ្រង់​ក៏​អាច​ពិនិត្យ​មើល​ថា តើ​ដាវីឌ​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ឬ​យ៉ាង​ណា? នៅ​ទីបំផុត ទ្រង់​ក៏​មាន​សិទ្ធិ​លើក​លែង​ទោស​ឲ្យ​ផង​ដែរ។

១២​. តើ​មនុស្ស​ដែល​មាន​បាប​ឆ្លង​ពី​អ័ដាម​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​មេត្ដា​ចំពោះ​ពួក​គេ?

១២ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​មេត្ដា​ដោយ​ផ្ដល់​ហេតុ​លើក​លែង​ទោស​ឲ្យ​មនុស្ស​ដែល​ទទួល​បាប​ជា​មត៌ក​ពី​អ័ដាម។ ទង្វើ​នោះ​គឺ​សម​ស្រប​នឹង​ភាព​យុត្ដិធម៌​របស់​ទ្រង់​ដែរ។ ព្រះ​យេហូវ៉ា​មិន​ប្រាស​ចាក​ភាព​យុត្ដិធម៌​ដោយ​អត់​ទោស​ឲ្យ​យើង​ទេ ពីព្រោះ​ទ្រង់​បាន​ចាត់​ព្រះ​យេស៊ូ​គ្រិស្ត​ជា​បុត្រ​ទ្រង់​ឲ្យ​មក​បូជា​ជីវិត​ទុក​ជា​តម្លៃ​លោះ។ នេះ​ហើយ​ជា​ទង្វើ​ដ៏​អស្ចារ្យ​បំផុត ក្នុង​ការ​បង្ហាញ​ចិត្ត​មេត្ដាករុណា។ (ម៉ាថាយ ២០:​២៨; រ៉ូម ៦:២២, ២៣) បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​មេត្ដា​ចំពោះ​យើង ដែល​មាន​ន័យ​ថា​យើង​នឹង​មិន​ទទួល​ទោស​ចំពោះ​បាប​ដែល​ឆ្លង​មក​ពី​អ័ដាម នោះ​យើង​ត្រូវ​តែ​បង្ហាញ​ថា​យើង‹ជឿ​ទៅ​លើ​រាជ​បុត្រ›ទ្រង់​សិន។—យ៉ូហាន ៣:១៦, ៣៦

ព្រះ​ដែល​មាន​មេត្ដា​និង​យុត្ដិធម៌

១៣, ១៤​. ពេល​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​មេត្ដា តើ​នេះ​បន្ធូរបន្ថយ​ភាព​យុត្ដិធម៌​របស់​ទ្រង់​ឬ? សូម​ពន្យល់។

១៣ ទោះ​ជា​ចិត្ត​មេត្ដា​របស់​ព្រះ​យេហូវ៉ា​មិន​ប្រាស​ចាក​ភាព​យុត្ដិធម៌​របស់​ទ្រង់​ក៏​ដោយ តើ​ការ​អាណិត​មេត្ដា​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ភាពយុត្ដិធម៌​នោះ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ប្រែប្រួល​ទេ? តើ​ការ​បង្ហាញ​ចិត្ត​មេត្ដា​បន្ធូរបន្ថយ​ភាព​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ឬ? មិន​មែន​ទេ។

១៤ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ៊ីស្រាអែល​តាម​រយៈ​លោក​ហូសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ «អញ​នឹង​ដណ្ដឹង​នាង​សំរាប់​អញ​ទុក​ជា​ដរាប​ត​ទៅ អើ អញ​នឹង​ដណ្ដឹង​នាង​សំរាប់​អញ​ដោយ​សេចក្ដី​សុចរិត សេចក្ដី​យុត្ដិធម៌ សេចក្ដី​សប្បុរស​នឹង​សេចក្ដី​មេត្ដាករុណា»។ (ហូសេ ២:​១៩) ពាក្យ​ទាំង​នេះ​បង្ហាញ​ច្បាស់​ថា ពេល​ព្រះ​យេហូវ៉ា​មាន​មេត្ដា នេះ​តែង​តែ​ស៊ី​គ្នា​នឹង​គុណសម្បត្ដិ​ឯ​ទៀត​របស់​ទ្រង់ ដូច​ជា​ភាព​យុត្ដិធម៌​ជា​ដើម។ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​«មាន​ព្រះ​ហឫទ័យ​មេត្ដាករុណា ហើយ​ទន់​សន្ដោស . . . ក៏​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត សេចក្ដី​រំលង​នឹង​អំពើ​បាប។ ប៉ុន្តែ ទ្រង់​មិន​រាប់​មនុស្ស​មាន​ទោស​ទុក​ជា​ឥត​ទោស​ឡើយ»។ (និក្ខមនំ ៣៤:៦, ៧) ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ចិត្ត​មេត្ដា​និង​យុត្ដិធម៌​ផង។ គម្ពីរ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​៖ «ទ្រង់​ជា​ថ្មដា ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​ល័ក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់​សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌»។ (ចោទិយកថា ៣២:៤) ភាព​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ល្អ​ឥតខ្ចោះ ហើយ​ចិត្ត​មេត្ដា​របស់​ទ្រង់​ក៏​ល្អ​ឥតខ្ចោះ​ជានិច្ច​ដែរ។ យើង​មិន​អាច​និយាយ​ថា ភាព​យុត្ដិធម៌​សំខាន់​ជាង​ចិត្ត​មេត្ដា ឬ​ចិត្ត​មេត្ដា​សំខាន់​ជាង​យុត្ដិធម៌​ឡើយ។ ណា​មួយ​ទៀត ការ​បង្ហាញ​ចិត្ត​មេត្ដា​មិន​បន្ធូរបន្ថយ​ភាព​យុត្ដិធម៌ ហើយ​ពេល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​នោះ នេះ​ក៏​មិន​បាន​ន័យ​ថា​ទ្រង់​គ្មាន​ចិត្ត​មេត្ដា​ទេ។ ផ្ទុយ​ទៅ​វិញ យុត្ដិធម៌​និង​ចិត្ត​មេត្ដា​តែង​តែ​ដើរ​ទន្ទឹម​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ។

១៥, ១៦​. (ក) ទោះ​ជា​ព្រះ​យេហូវ៉ា​យុត្ដិធម៌​ក៏​ដោយ តើ​អ្វី​បង្ហាញ​ថា​ទ្រង់​មិន​ប្រកាន់​ហួស​ហេតុ​ពេក​ដោយ​ឥត​ប្រណី? (ខ) តើ​ពួក​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​មាន​ទំនុក​ចិត្ត​យ៉ាង​ណា ស្តី​អំពី​គ្រា​ដែល​ទ្រង់​នឹង​កាត់​ទោស​ពិភព​លោក​អាក្រក់​នា​សម័យ​នេះ?

១៥ ទោះ​បើ​ព្រះ​យេហូវ៉ា​យុត្ដិធម៌​ក៏​ដោយ ទ្រង់​មិន​ប្រកាន់​ហួស​ហេតុ​ពេក​ដោយ​ឥត​ប្រណី​ឡើយ។ តាម​ធម្មតា ភាព​យុត្ដិធម៌​ទាក់ទង​នឹង​ច្បាប់ ដូច្នេះ​ការ​ជំនុំ​ជម្រះ​តម្រូវ​ឲ្យ​ដាក់​ទោស​អ្នក​ដែល​ធ្វើ​ខុស។ ប៉ុន្តែ ភាព​យុត្ដិធម៌​របស់​ព្រះ​យេហូវ៉ា​ក៏​អាច​នាំ​ឲ្យ​មនុស្ស​ល្អ​ទទួល​សេចក្ដី​សង្គ្រោះ​ដែរ។ ជា​ឧទាហរណ៍ ពេល​ព្រះ​យេហូវ៉ា​បំផ្លាញ​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា​ចោល ដោយសារ​ក្រុង​ទាំង​នោះ​ពេញ​ទៅ​ដោយ​មនុស្ស​អាក្រក់ ទ្រង់​ក៏​បាន​សង្គ្រោះ​លោក​ឡុត​និង​កូន​ស្រី​ពីរ​នាក់​របស់​គាត់​ដែរ។—លោកុប្បត្តិ ១៩:​១២​-​២៦

១៦ យើង​ក៏​អាច​ទុក​ចិត្ត​ថា ពេល​ព្រះ​យេហូវ៉ា​កាត់​ទោស​ពិភព​លោក​អាក្រក់​នា​សម័យ​នេះ ទ្រង់​នឹង​សង្គ្រោះ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​កំពុង​ថ្វាយ​បង្គំ​ទ្រង់ ជា​ពួក​អ្នក​ដែល​«បាន​បោក​អាវ ហើយ​ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម»។ ជា​លទ្ធផល ពួក​គេ​នឹង​«ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ»​ហើយ​រួច​រស់​ជីវិត​ផង។—វិវរណៈ ៧:៩​-​១៤

ម្ដេច​ក៏​គួរ​បង្ហាញ​ចិត្ត​មេត្ដា?

១៧​. តើ​អ្វី​ជា​មូលហេតុ​សំខាន់​មួយ​ដែល​យើង​គួរ​តែ​មាន​មេត្ដា?

១៧ គំរូ​របស់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រិស្ត​បង្រៀន​អំពី​លក្ខណៈ​ពិត​នៃ​ចិត្ត​មេត្ដា។ សៀវភៅ​សុភាសិត ១៩:១៧ ក៏​ផ្ដល់​មូលហេតុ​សំខាន់​មួយ​ទៀត​ឲ្យ​យើង​មាន​មេត្ដា​ដែរ។ បទ​គម្ពីរ​នោះ​ចែង​ថា​៖ «អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត​ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី [ហើយ]​ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ»។ ព្រះ​យេហូវ៉ា​រីករាយ​ណាស់ ពេល​ដែល​យើង​ធ្វើ​តាម​គំរូ​របស់​ទ្រង់​និង​បុត្រ​ទ្រង់​ផង ដោយ​បង្ហាញ​ចិត្ត​មេត្ដា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (កូរិនថូសទី១ ១១:១) ទង្វើ​បែប​នេះ​ក៏​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​មាន​មេត្ដា​ដែរ ពីព្រោះ​ពេល​ដែល​យើង​បង្ហាញ​ចិត្ត​មេត្ដា អ្នក​ដទៃ​ក៏​នឹង​មាន​មេត្ដា​ចំពោះ​យើង​វិញ។—លូកា ៦:៣៨

១៨​. ហេតុ​អ្វី​ក៏​គួរ​គប្បី​ឲ្យ​យើង​ខំ​បង្ហាញ​ចិត្ត​មេត្ដា?

១៨ ចិត្ត​មេត្ដា​រួម​បញ្ចូល​លក្ខណៈ​សម្បត្ដិ​ល្អៗ​ជា​ច្រើន ដូច​ជា​សេចក្ដី​ស្រឡាញ់ ចិត្ត​សប្បុរស សន្ដោស​ប្រណី​និង​ការ​អនុគ្រោះ​ផង។ ចិត្ត​អាណិតអាសូរ​ក៏​ជំរុញ​ឲ្យ​មាន​មេត្ដា​ដែរ។ ទោះ​បើ​ចិត្ត​មេត្ដា​របស់​ព្រះ​យេហូវ៉ា​មិន​បន្ធូរបន្ថយ​ភាព​យុត្ដិធម៌​ក្ដី ទ្រង់​នៅ​តែ​មិន​ឆាប់​ខឹង ហើយ​មាន​ចិត្ត​អត់ធ្មត់​ដោយ​ទុក​ពេល​ឲ្យ​មនុស្ស​ដែល​ធ្វើ​ខុស​មាន​ឱកាស​ប្រែ​ចិត្ត​វិញ។ (ពេត្រុសទី២ ៣:៩, ១០) ដូច្នេះ ចិត្ត​មេត្ដា​ក៏​ទាក់ទង​នឹង​ចិត្ត​អត់ធ្មត់​និង​ការ​អត់ធន់។ ដោយសារ​ការ​បង្ហាញ​ចិត្ត​មេត្ដា​ជាប់​ទាក់ទង​នឹង​លក្ខណៈ​ល្អៗ​ជា​ច្រើន រួម​ទាំង​ផលផ្លែ​ឬ​គុណសម្បត្ដិ​ដែល​សកម្ម​ពល​របស់​ព្រះ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន នេះ​បង្ហាញ​ថា​ពេល​យើង​មាន​ចិត្ត​មេត្ដា យើង​មាន​ឱកាស​បង្ហាញ​លក្ខណៈ​សម្បត្ដិ​ឯ​ទៀត​ទាំង​នេះ​កាន់​តែ​ច្រើន​ដែរ។ (កាឡាទី ៥:២២, ២៣) អាស្រ័យ​ហេតុ​នេះ​ហើយ គឺ​ចាំបាច់​ណាស់​ឲ្យ​យើង​ខំ​បង្ហាញ​ចិត្ត​មេត្ដា!

​«មាន​ពរ​ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា»

១៩, ២០​. តើ​ចិត្ត​មេត្ដា​អាច​ឈ្នះ​សេចក្ដី​ជំនុំ​ជម្រះ​ក្នុង​ន័យ​អ្វី?

១៩ លោក​យ៉ាកុប​ពន្យល់​អំពី​មូលហេតុ​មួយ​ដែល​យើង​ត្រូវ​តែ​មាន​មេត្ដា។ គាត់​សរសេរ​ថា​៖ «សេចក្ដី​មេត្ដា . . . រមែង​ឈ្នះ​សេចក្ដី​ជំនុំជំរះ»។ (យ៉ាកុប ២:១៣​ខ) ក្នុង​ខ​នោះ យ៉ាកុប​សំដៅ​ទៅ​លើ​ចិត្ត​មេត្ដា​ដែល​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​បង្ហាញ​ដល់​អ្នក​ដទៃ។ ចិត្ត​មេត្ដា​អាច​ឈ្នះ​សេចក្ដី​ជំនុំ​ជម្រះ​ក្នុង​ន័យ​ថា ពេល​ដែល​យើង​«រាប់​រៀប​ទូល​ថ្វាយ​ព្រះ​ពី​ដំណើរ​របស់​ខ្លួន​យើង» នោះ​ព្រះ​យេហូវ៉ា​នឹង​នឹក​ចាំ​ពេល​ដែល​យើង​បាន​បង្ហាញ​ចិត្ត​មេត្ដា​ដល់​អ្នក​ដទៃ ដូច្នេះ​ទ្រង់​នឹង​អត់​ទោស​ឲ្យ​យើង​ដោយ​ផ្អែក​ទៅ​លើ​ការ​បូជា​លោះ​នៃ​បុត្រ​ទ្រង់។ (រ៉ូម ១៤:១២) គ្មាន​ហេតុ​សង្ស័យ​អ្វី​ឡើយ​ថា ក្រោយ​ដាវីឌ​បាន​ធ្វើ​អំពើ​បាប​ជា​មួយ​បាតសេបា​នោះ មូលហេតុ​មួយ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​មេត្ដា​ចំពោះ​គាត់ គឺ​ដោយសារ​គាត់​ធ្លាប់​បង្ហាញ​ចិត្ត​មេត្ដា​ដល់​អ្នក​ដទៃ​ដែរ។ (សាំយូអែល​ទី១ ២៤:៤​-​៧) ផ្ទុយ​ទៅ​វិញ «អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្ដា នោះ​នឹង​ត្រូវ​ទោស​ឥត​គេ​មេត្ដា​ដែរ»។ (យ៉ាកុប ២:១៣​ក) ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ ដែល​គម្ពីរ​រៀប​រាប់​អំពី​មនុស្ស​ដែល​«ឥត​មាន​សេចក្ដី​មេត្ដាករុណា» ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា «គួរ​នឹង​ស្លាប់​ហើយ»!—រ៉ូម ១:៣១, ៣២

២០ ពេល​ព្រះ​យេស៊ូ​បាន​ថ្លែង​ធម្មទាន​នៅ​លើ​ភ្នំ ទ្រង់​មាន​ប្រសាសន៍​ថា​៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដាករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​មេត្ដាករុណា​វិញ»។ (ម៉ាថាយ ៥:៧) ពាក្យ​ទាំង​នោះ​បញ្ជាក់​ច្បាស់​ថា បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​មេត្ដា​ចំពោះ​យើង នោះ​យើង​ក៏​ត្រូវ​មាន​មេត្ដា​ផង​ដែរ! អត្ថបទ​បន្ទាប់​នឹង​ពិភាក្សា​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ចិត្ត​មេត្ដា​ក្នុង​ជីវិត​យើង។

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ?

• តើ​អ្វី​ជា​លក្ខណៈ​ពិត​នៃ​ចិត្ត​មេត្ដា?

• តើ​យើង​អាច​បង្ហាញ​ចិត្ត​មេត្ដា​ដោយ​របៀប​ណា​ខ្លះ?

• តើ​ព្រះ​យេហូវ៉ា​អាច​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ថែម​ទាំង​មាន​មេត្ដា​យ៉ាង​ដូច​ម្ដេច?

• ហេតុ​អ្វី​ក៏​គួរ​គប្បី​ឲ្យ​យើង​បង្ហាញ​ចិត្ត​មេត្ដា?

[រូបភាព​នៅ​ទំព័រ​១៣]

តើ​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ​បង្រៀន​អ្វី​ខ្លះ​អំពី​ចិត្ត​មេត្ដា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក