វិធីបង្ហាញចិត្តមេត្ដា
«[ចូរ]ធ្វើល្អដល់មនុស្សទាំងអស់ [«ជាពិសេស»]ដល់ពួកអ្នកជឿជាដើម»។—កាឡាទី ៦:១០; ខ.ស.
១, ២. តើរឿងប្រៀបប្រដូចអំពីបុរសជនជាតិសាម៉ារីដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃ បង្រៀនអ្វីខ្លះអំពីចិត្តមេត្ដា?
ពេលអ្នកប្រាជ្ញច្បាប់ម្នាក់បាននិយាយជាមួយព្រះយេស៊ូ គាត់សួរថា៖ «តើអ្នកណាជាអ្នកជិតខាងខ្ញុំ?»។ ព្រះយេស៊ូឆ្លើយតបដោយរៀបរាប់រឿងប្រៀបប្រដូច ដូចតទៅនេះថា៖ «មានមនុស្សម្នាក់កំពុងតែធ្វើដំណើរពីក្រុងយេរូសាឡិមចុះទៅឯក្រុងយេរីខូរ ក៏ធ្លាក់ខ្លួនទៅក្នុងកណ្ដាប់ដៃនៃពួកចោរ។ វាប្លន់គាត់ ព្រមទាំងវាយឲ្យត្រូវរបួស រួចចេញបាត់ទៅចោលគាត់ឲ្យទ្រមនៅ។ ចួនជាមានសង្ឃ១អង្គចុះមកតាមផ្លូវនោះ កាលបានឃើញគាត់ នោះក៏វាងតាមម្ខាងហួសទៅ។ ហើយមានពួកលេវីម្នាក់មកដល់កន្លែងនោះដែរ កាលបានឃើញ ក៏វាងតាមម្ខាងហួសទៅទៀត។ តែមានសាសន៍សាម៉ារីម្នាក់ដើរដំណើរមកដល់ កាលបានឃើញហើយ នោះក៏មានចិត្តក្ដួលអាណិតដល់គាត់ ទើបចូលទៅរុំរបួសឲ្យ ព្រមទាំងយកប្រេងនឹងស្រាចាក់លាប រួចលើកដាក់លើសត្វជាជំនិះរបស់ខ្លួន ដឹកនាំទៅឯផ្ទះសំណាក់ថែទាំរក្សាគាត់។ ស្អែកឡើង កាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់៤កាក់ហុចដល់ម្ចាស់ផ្ទះនោះដោយប្រាប់ថា៖ ‹ចូរថែរក្សាអ្នកនេះផង បើចួនជាអ្នកចាយលើសពីនេះទៅ នោះដល់ខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក›»។ រួចមក ព្រះយេស៊ូសួរអ្នកប្រាជ្ញច្បាប់ថា៖ «ក្នុង៣នាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្សដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកចោរនោះ?»។ គាត់ឆ្លើយថា៖ «គឺអ្នកដែលមានចិត្តមេត្ដាករុណាចំពោះគាត់»។—លូកា ១០:២៥, ២៩-៣៧ក; ខ.ស.
២ របៀបដែលបុរសជនជាតិសាម៉ារីបានប្រព្រឹត្តទៅលើជនរងគ្រោះនោះ បង្ហាញយ៉ាងច្បាស់ពីលក្ខណៈពិតនៃចិត្តមេត្ដា! ជនជាតិសាម៉ារីម្នាក់នោះមានចិត្តក្ដួលអាណិត ដែលជំរុញឲ្យគាត់ជួយសម្រាលទុក្ខជនរងគ្រោះ។ ម្យ៉ាងទៀត ជនរងគ្រោះនោះមិនដែលស្គាល់បុរសជនជាតិសាម៉ារីទេ។ ដូច្នេះ មិនថាមនុស្សមានជនជាតិខុសគ្នា កាន់សាសនាផ្សេងពីគ្នា ឬមានទំនៀមទម្លាប់ខុសប្លែកពីគ្នាក៏ដោយ យើងនៅតែអាចបង្ហាញចិត្តមេត្ដាចំពោះគ្នាបាន។ ក្រោយព្រះយេស៊ូបានរៀបរាប់រឿងប្រៀបប្រដូចអំពីបុរសជនជាតិសាម៉ារីដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃ ទ្រង់ក៏ជូនយោបល់ឲ្យអ្នកប្រាជ្ញច្បាប់ថា៖ «ទៅចុះ! ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ»។ (លូកា ១០:៣៧ខ) គួរគប្បីឲ្យយើងធ្វើតាមដំបូន្មាននោះ ដោយខំបង្ហាញចិត្តមេត្ដាចំពោះមនុស្សដទៃ។ តើយើងអាចបង្ហាញចិត្តមេត្ដាដោយវិធីណាខ្លះ? តើយើងអាចមានមេត្ដាក្នុងជីវិតប្រចាំថ្ងៃយ៉ាងដូចម្ដេច?
‹បើមានបងប្អូនណានៅអាក្រាត›
៣, ៤. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងមានមេត្ដា ជាពិសេសចំពោះបងប្អូនក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក?
៣ សាវ័កប៉ុលមានប្រសាសន៍ថា៖ «កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ [«ជាពិសេស»]ដល់ពួកអ្នកជឿជាដើម»។ (កាឡាទី ៦:១០; ខ.ស.) បើដូច្នេះ សូមឲ្យយើងពិភាក្សាជាមុនសិនអំពីរបៀបដែលយើងអាចបង្ហាញចិត្តមេត្ដាយ៉ាងច្រើនចំពោះបងប្អូនរួមជំនឿ។
៤ លោកយ៉ាកុបបានដាស់តឿនគ្រិស្តសាសនិកពិតឲ្យមានមេត្ដាចំពោះគ្នាទៅវិញទៅមក។ គាត់សរសេរថា៖ «អ្នកណាដែលប្រព្រឹត្តដោយឥតមេត្ដា នោះនឹងត្រូវទោសឥតគេមេត្ដាដែរ»។ (យ៉ាកុប ២:១៣) ខគម្ពីរមុននិងបន្ទាប់ពីខនេះ ដែលព្រះយេហូវ៉ាបណ្ដាលឲ្យយ៉ាកុបសរសេរនោះ បង្ហាញអំពីរបៀបផ្សេងៗដែលយើងអាចមានមេត្ដា។ ជាឧទាហរណ៍ យើងអានថា៖ «ឯសាសនាដែលបរិសុទ្ធហើយឥតសៅហ្មងនៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរ[«សុខទុក្ខ»]ពួកកំព្រានឹងពួកមេម៉ាយក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយឲ្យរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ»។ (យ៉ាកុប ១:២៧; ខ.ស.) សៀវភៅយ៉ាកុប ២:១៥, ១៦ ក៏ចែងថា៖ «ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់តែថ្ងៃ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា៖ ‹អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្ដៅហើយឆ្អែតចុះ!› តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី?»។
៥, ៦. ក្នុងក្រុមជំនុំរបស់យើង តើយើងអាចបង្ហាញឲ្យបានច្រើននូវចិត្តមេត្ដាដោយវិធីណាខ្លះ?
៥ ការថែរក្សានិងផ្ដល់ជំនួយដល់អ្នកដែលត្រូវការនោះ ជាទង្វើដែលសម្គាល់អ្នកកាន់សាសនាពិត។ ក្នុងការថ្វាយបង្គំរបស់យើង យើងមិនគ្រាន់តែសួរសុខទុក្ខអ្នកដទៃឲ្យតែរួចពីមាត់ទេ។ ផ្ទុយទៅវិញ ចិត្តក្ដួលអាណិតជំរុញយើងឲ្យចាត់វិធានការដើម្បីជួយអ្នកដែលត្រូវការជំនួយជាបន្ទាន់។ (យ៉ូហានទី១ ៣:១៧, ១៨) ត្រូវមែន ពេលដែលយើងធ្វើម្ហូបឲ្យអ្នកឈឺ ជួយរត់ការឲ្យអ្នកវ័យចំណាស់ ជូនដំណើរអ្នកដែលអត់មានអ្វីជិះទៅឯកិច្ចប្រជុំរបស់យើងជាគ្រិស្តសាសនិក និងបង្ហាញចិត្តសទ្ធាចំពោះអស់អ្នកដែលគួរទទួលនោះ នេះជាវិធីបង្ហាញចិត្តមេត្ដាដែលយើងគួរតែធ្វើឲ្យបានច្រើន។—ចោទិយកថា ១៥:៧-១០
៦ ក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិកដែលចេះតែរីកកាន់តែធំឡើងៗជានិច្ច អ្វីដែលសំខាន់ជាងទង្វើទាំងនោះ គឺជាការផ្ដល់ជំនួយចំពោះគ្នាដើម្បីឲ្យមានជំនឿរឹងមាំនិងទំនាក់ទំនងជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ គម្ពីរដាស់តឿនថា៖ «[ចូរ]ជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ»។ (ថែស្សាឡូនីចទី១ ៥:១៤) គម្ពីរក៏លើកទឹកចិត្តឲ្យ«ពួកស្ត្រីចាស់ៗ . . . ខំបង្រៀនសេចក្ដីត្រឹមត្រូវ»។ (ទីតុស ២:៣) ស្តីអំពីគ្រិស្តសាសនិកដែលជាអ្នកចាស់ទុំ គម្ពីរចែងថា ពួកគាត់គួរមានលក្ខណៈប្រៀបដូចជា«ទីបាំងឲ្យរួចពីខ្យល់ នឹងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា»។—អេសាយ ៣២:២
៧. តើយើងរៀនអ្វីខ្លះពីគំរូរបស់ពួកគ្រិស្តសាសនិកនៅទីក្រុងអានទីយ៉ូក ស្តីអំពីរបៀបបង្ហាញចិត្តមេត្ដា?
៧ ក្រៅពីការលើកទឹកចិត្តនិងផ្ដល់ជំនួយឲ្យកូនកំព្រា ស្ត្រីមេម៉ាយនិងបងប្អូនឯទៀតដែលត្រូវការជំនួយនាតំបន់ខ្លួន ជួនកាលក្រុមជំនុំនានានៅសតវត្សរ៍ទីមួយបានរៀបផ្ញើជំនួយដល់បងប្អូនរួមជំនឿនៅកន្លែងផ្សេង ពេលពួកគេរងគ្រោះថ្នាក់ដោយសារមហន្តរាយធម្មជាតិ។ ជាឧទាហរណ៍ ពេលលោកអ័ក្កាបុសដែលជាអ្នកប្រកាសទំនាយបានទាយថា «នឹងមានអំណត់អត់ជាខ្លាំងនៅគ្រប់លើផែនដី» នោះគ្រិស្តសាសនិកនៅទីក្រុងអានទីយ៉ូកនាស្រុកស៊ីរីបាន«គិតសំរេចនឹងផ្ញើទៅជួយដល់ពួកបងប្អូនដែលនៅស្រុកយូដា តាមកំឡាំងរៀងខ្លួន»។ វិភាគទានទាំងនោះបានផ្ញើចំពោះពួកអ្នកចាស់ទុំនៅតំបន់នោះ «ដោយសារបាណាបាសនឹងសុល»។ (កិច្ចការ ១១:២៨-៣០) ចុះយ៉ាងណានៅសព្វថ្ងៃនេះ? ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ក៏បានរៀបចំឲ្យមានគណៈកម្មាធិការផ្សេងៗដើម្បីរៀបចាត់ចែងឲ្យផ្ដល់ជំនួយដល់បងប្អូនរួមជំនឿដែលរងគ្រោះថ្នាក់ដោយសារមហន្តរាយធម្មជាតិ ដូចជាព្យុះសង្ឃរា រញ្ជួយផែនដីនិងរលកយក្សជាដើម។ (ម៉ាថាយ ២៤:៤៥) ពេលដែលយើងស្ម័គ្រចិត្តជួយដោយចំណាយពេល កម្លាំងនិងធនធានក្នុងការគាំទ្រកិច្ចការទាំងនោះ នេះជាវិធីបង្ហាញចិត្តមេត្ដាយ៉ាងល្អហើយ។
«បើអ្នករាល់គ្នារើសមុខ»
៨. តើការរើសមុខបង្អាក់ដល់ចិត្តមេត្ដាយ៉ាងណា?
៨ យ៉ាកុបបានសរសេរអំពីលក្ខណៈមួយដែលរារាំងការបង្ហាញចិត្តមេត្ដា និងការធ្វើតាម«ក្រិត្យវិន័យដ៏ប្រសើរ»ដែលបង្គាប់ឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់។ គាត់សរសេរថា៖ «បើអ្នករាល់គ្នារើសមុខគេ នោះមានបាបវិញ ហើយក្រិត្យវិន័យក៏កាត់ទោសអ្នកទុកដូចជាបានប្រព្រឹត្តរំលងដែរ»។ (យ៉ាកុប ២:៨, ៩) បើយើងមានចិត្តល្អៀងចំពោះអ្នកមាននិងអ្នកដែលមានមុខមានមាត់ នេះអាចនាំឲ្យយើងលែងយកចិត្តទុកដាក់ចំពោះ«ពាក្យអំពាវនាវរបស់មនុស្សទាល់ក្រ»ទៅវិញ។ (សុភាសិត ២១:១៣) ការរើសមុខនិងចិត្តល្អៀងរមែងបង្អាក់ដល់ចិត្តមេត្ដា។ យើងពិតជាមានមេត្ដាមែន ពេលដែលយើងប្រព្រឹត្តចំពោះគ្នាដោយឥតរើសមុខ។
៩. ហេតុអ្វីក៏មិនខុសឲ្យយើងយកចិត្តទុកដាក់ចំពោះបងប្អូនដែលគួរនឹងទទួលកិត្ដិយស?
៩ បើយើងចង់ជៀសវាងពីការរើសមុខ តើនេះមានន័យថា យើងមិនគួរយកចិត្តទុកដាក់ចំពោះនរណាជាងនរណាឲ្យសោះឬ? មិនមែនទេ។ ពេលសរសេរទៅកាន់ពួកគ្រិស្តសាសនិកនៅទីក្រុងភីលីព សាវ័កប៉ុលបាននិយាយអំពីលោកអេប៉ាប្រូឌីតថា៖ «[ចូរ]រាប់អានមនុស្សយ៉ាងនោះចុះ!»។ ហេតុអ្វី? គឺដោយសារ«គាត់ស្ទើរតែនឹងស្លាប់ . . . ដោយព្រោះតែការរបស់ព្រះគ្រីស្ទទេ។ គាត់បានប្រថុយជីវិតដើម្បីនឹងបំពេញសេចក្ដីណាដែលអ្នករាល់គ្នាត្រូវជួយដល់ខ្ញុំ»។ (ភីលីព ២:២៥, ២៩, ៣០) នៅគ្រានោះ គួរគប្បីឲ្យបងប្អូនទាំងឡាយយកចិត្តទុកដាក់ចំពោះអេប៉ាប្រូឌីត ដោយព្រោះគាត់បានបំពេញភារកិច្ចរបស់ខ្លួនដោយចិត្តស្មោះ។ ម្យ៉ាងទៀត ក្នុងសៀវភៅធីម៉ូថេទី១ ៥:១៧ យើងអានថា៖ «អ្នកចាស់ទុំណាដែលជាអ្នកនាំមុខយ៉ាងល្អ នោះត្រូវរាប់ជាគួរនឹងគោរពប្រតិបត្ដិជាទ្វេគុណឡើង គឺមានពួកដែលខំផ្សាយព្រះបន្ទូល ហើយនឹងពួកដែលបង្រៀនជាដើម»។ គួរគប្បីដែរ ឲ្យយើងយកចិត្តទុកដាក់ចំពោះបងប្អូនណាដែលមានលក្ខណៈសម្បត្ដិល្អក្នុងកិច្ចបម្រើព្រះ។ នេះមិនមែនជាការរើសមុខទេ។
«ប្រាជ្ញាដែលមកពីស្ថានលើ . . . ពេញដោយសេចក្ដីមេត្ដាករុណា»
១០. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងចេះទប់អណ្ដាត?
១០ ស្តីអំពីអណ្ដាត យ៉ាកុបមានប្រសាសន៍ថា៖ «[វា]ជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិសដែលនាំឲ្យស្លាប់។ ដោយសារអណ្ដាត នោះយើងសរសើរដំកើងដល់ព្រះអម្ចាស់ដ៏ជាព្រះវរបិតាផង ហើយដាក់បណ្ដាសាដល់មនុស្សដែលកើតមក‹តាមរូបអង្គព្រះ›ផង។ មានទាំងពាក្យសរសើរនឹងពាក្យប្រទេចផ្ដាសាចេញមកពីមាត់តែ១នោះឯង»។ ពេលកំពុងនិយាយអំពីពាក្យសម្ដី យ៉ាកុបមានប្រសាសន៍ទៀតថា៖ «បើមានសេចក្ដីច្រណែនដ៏ជូរល្វីងនឹងសេចក្ដីគំនុំក្នុងចិត្ត នោះកុំឲ្យអួតខ្លួនឬកុហកទទឹងនឹងសេចក្ដីពិតឡើយ។ ប្រាជ្ញាយ៉ាងនោះមិនមែនមកពីស្ថានលើទេ គឺជារបស់ផងលោកីយនេះ ហើយក៏ខាងសាច់ឈាមនឹងខាងអារក្សវិញទេតើ។ ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែននឹងសេចក្ដីគំនុំ នោះក៏មានវឹកវរនឹងសេចក្ដីអាក្រក់គ្រប់យ៉ាងដែរ។ តែប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្ដីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្ដីមេត្ដាករុណានឹងផលល្អ ឥតរើសមុខហើយឥតពុតមាយាផង»។—យ៉ាកុប ៣:៨-១០ក, ១៤-១៧
១១. តើយើងអាចបង្ហាញចិត្តមេត្ដាក្នុងការនិយាយស្តីយ៉ាងដូចម្ដេច?
១១ អាស្រ័យហេតុនេះ ពាក្យសម្ដីរបស់យើងអាចបង្ហាញថាយើងមានប្រាជ្ញាដែល«ពេញដោយសេចក្ដីមេត្ដាករុណា»ឬមិនមាន។ ចុះយ៉ាងណាបើយើងអួតខ្លួន ភូតកុហកនិងនិយាយដើមគេ ដោយព្រោះតែយើងមានចិត្តច្រណែនឬចងគំនុំ? បទទំនុកដំកើង ៩៤:៤ រៀបរាប់ថា៖ «អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេរមែងអួតខ្លួន»។ ហើយការនិយាយដើមអ្នកដែលគ្មានកំហុសនោះ អាចបង្ខូចកេរ្ដិ៍ឈ្មោះពួកគេភ្លាម! (ទំនុកដំកើង ៦៤:២-៤) ណាមួយទៀត សូមគិតអំពីផលវិបាកដែលមកពី‹ពាក្យភូតភរដែលសាក្សីក្លែងក្លាយពោល›នោះ។ (សុភាសិត ១៤:៥; ពង្សាវតារក្សត្រទី១ ២១:៧-១៣) ក្រោយយ៉ាកុបបានរៀបរាប់អំពីអណ្ដាតឬការនិយាយស្តីមិនល្អនោះ គាត់មានប្រសាសន៍ទៀតថា៖ «បងប្អូនអើយ! មិនគួរគប្បីឲ្យ[បងប្អូននិយាយ]ដូច្នោះឡើយ»។ (យ៉ាកុប ៣:១០ខ) បើយើងមានមេត្ដាពិត យើងត្រូវតែនិយាយដោយរបៀបបរិសុទ្ធឬស្អាតស្អំ ដែលនាំឲ្យមានមេត្រីភាព ទាំងបញ្ជាក់ថាយើងស្លូតផង។ ព្រះយេស៊ូក៏មានប្រសាសន៍ថា៖«ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះនោះ មនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ដែលគេបាននិយាយ»។ (ម៉ាថាយ ១២:៣៦) គឺច្បាស់ហើយថា និយាយស្តីដោយមានមេត្ដា នោះជាការចាំបាច់ណាស់!
‹ចូរអត់ទោសឲ្យមនុស្សចុះ!›
១២, ១៣. (ក) តើយើងអាចទាញយកមេរៀនអ្វីពីរឿងប្រៀបប្រដូចអំពីបាវបម្រើដែលជំពាក់ប្រាក់ច្រើន? (ខ) តើការអត់ទោសឲ្យបងប្អូន«ដល់៧ ចិតសិបដង»មានន័យអ្វី?
១២ រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ អំពីបាវបម្រើដែលជំពាក់ប្រាក់២០លាន ក៏បង្ហាញពីវិធីមួយទៀតដែលយើងអាចមានមេត្ដា។ ដោយសារបាវបម្រើនោះគ្មានសមត្ថភាពសងបំណុល គាត់អង្វរសូមឲ្យចៅហ្វាយជួយមេត្ដាដល់គាត់។ ជាលទ្ធផល ចៅហ្វាយរបស់បាវបម្រើនោះ មានចិត្ត«ក្ដួលអាណិត» ហើយលែងទារបំណុលវិញ។ ប៉ុន្តែ ពេលចេញទៅ បាវបម្រើនោះបានរកគូកនដែលជំពាក់តែ២០រៀលប៉ុណ្ណោះ ហើយនាំគាត់ទៅដាក់គុកដោយឥតមេត្ដា។ ពេលចៅហ្វាយឮដំណឹងនោះ គាត់ហៅបាវបម្រើមក ដែលគាត់បានលែងទារបំណុលនោះ ហើយនិយាយទៅកាន់គាត់ថា៖ «នែអាបំរើអាក្រក់! អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ។ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្ដាដល់គូកនឯង ដូចជាអញបានអាណិតមេត្ដាដល់ឯងដែរទេឬអី?»។ រួចមក ចៅហ្វាយបញ្ជូនគាត់ទៅឯមេគុក។ ក្នុងសេចក្ដីបញ្ចប់នៃរឿងប្រៀបប្រដូចនោះ ព្រះយេស៊ូមានប្រសាសន៍ថា៖ «យ៉ាងនោះ បើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់បងប្អូនដោយស្ម័គ្រពីចិត្តទេ នោះព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរ»។—ម៉ាថាយ ១៨:២៣-៣៥
១៣ រឿងប្រៀបប្រដូចនោះបញ្ជាក់យ៉ាងច្បាស់ថា ការបង្ហាញចិត្តមេត្ដាក៏រួមបញ្ចូលការសុខចិត្តអត់ទោសឲ្យអ្នកដទៃ! ព្រះយេហូវ៉ាបានអត់ទោសឲ្យយើងយ៉ាងច្រើន ហាក់ដូចជាយើងមានបំណុលដោយព្រោះមានបាប តែទ្រង់លែងទារបំណុលនោះវិញ។ បើដូច្នេះ គួរគប្បីឲ្យយើង‹អត់ទោសឲ្យមនុស្ស›ដទៃដែរ មែនទេ? (ម៉ាថាយ ៦:១៤, ១៥) មុនព្រះយេស៊ូបានរៀបរាប់រឿងប្រៀបប្រដូចអំពីបាវបម្រើដែលគ្មានមេត្ដានោះ ពេត្រុសបានសួរទ្រង់ថា៖ «ព្រះអម្ចាស់អើយ! បើបងឬប្អូនធ្វើបាបនឹងខ្ញុំ នោះត្រូវឲ្យខ្ញុំអត់ទោសឲ្យគេដល់ប៉ុន្មានដង? តើដល់៧ដងឬអី?»។ ព្រះយេស៊ូឆ្លើយតបថា៖ «ខ្ញុំមិនថាឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ ចិតសិបដងទៅទៀត»។ (ម៉ាថាយ ១៨:២១, ២២) ត្រូវមែន! មនុស្សដែលមានចិត្តមេត្ដានឹងសុខចិត្តអត់ទោសឲ្យអ្នកដទៃ«ដល់៧ ចិតសិបដង» ពោលគឺ មិនកំណត់ចំនួនឡើយ។
១៤. យោងទៅតាមម៉ាថាយ ៧:១-៤ តើយើងអាចបង្ហាញចិត្តមេត្ដាជារៀងរាល់ថ្ងៃដោយវិធីណា?
១៤ ព្រះយេស៊ូក៏បានពន្យល់អំពីវិធីមួយទៀតដែលយើងអាចបង្ហាញចិត្តមេត្ដា។ ពេលថ្លែងធម្មទាននៅលើភ្នំ ទ្រង់មានប្រសាសន៍ថា៖ «កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ។ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ . . . ហេតុអ្វីបានជាអ្នកមើលឃើញកំទេចដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹមដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ? ឬធ្វើដូចម្ដេចឲ្យអ្នកនិយាយនឹងបងប្អូនថា៖ ‹ចូរឲ្យអញយកកំទេចពីភ្នែកឯងចេញ› តែមើល! មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ?»។ (ម៉ាថាយ ៧:១-៤) ស្របទៅតាមការបង្រៀននោះ រៀងរាល់ថ្ងៃយើងអាចបង្ហាញចិត្តមេត្ដាដោយមិនរិះគន់ចំពោះបងប្អូនយើង ហើយមិនវិនិច្ឆ័យទោសអ្នកដទៃឡើយ។
ចូរ«ធ្វើល្អដល់មនុស្សទាំងអស់»
១៥. ហេតុអ្វីក៏យើងគួរមានមេត្ដាចំពោះមនុស្សទាំងអស់ មិនគ្រាន់តែអ្នករួមជំនឿប៉ុណ្ណោះ?
១៥ ទោះបើសៀវភៅយ៉ាកុបសំដៅទៅលើការបង្ហាញចិត្តមេត្ដាចំពោះអ្នកជឿគ្នីគ្នាក្ដី នេះមិនបានសេចក្ដីថា មិនចាំបាច់ឲ្យយើងមានមេត្ដាចំពោះមនុស្សដែលមិនជាគ្រិស្តសាសនិកទេ។ បទទំនុកដំកើងមួយចែងថា៖ «ព្រះយេហូវ៉ាទ្រង់ល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យ[«មេត្ដាករុណា»]របស់ទ្រង់ ក៏គ្របលើកិច្ចការរបស់ទ្រង់ទាំងប៉ុន្មាន»។ (ទំនុកដំកើង ១៤៥:៩; ព.ថ.) គម្ពីរក៏ដាស់តឿនថា យើងគួរ«ត្រាប់តាមព្រះ»និង«ធ្វើល្អដល់មនុស្សទាំងអស់»ផង។ (អេភេសូរ ៥:១; កាឡាទី ៦:១០) យើងមិនស្រឡាញ់«លោកីយឬរបស់អ្វីដែលនៅក្នុងលោកីយ»ក៏ពិតមែន តែយើងមិនមែនជាមនុស្សឥតមេត្ដាទេ ពេលដែលអ្នកមិនជឿទៅលើព្រះយេហូវ៉ាត្រូវការជំនួយ។—យ៉ូហានទី១ ២:១៥
១៦. តើការបង្ហាញចិត្តមេត្ដាអាចផ្អែកទៅលើកាលៈទេសៈអ្វីខ្លះ?
១៦ ក្នុងនាមជាគ្រិស្តសាសនិក យើងសុខចិត្តជួយភ្លាមពេលឃើញមនុស្សរងទុក្ខលំបាក ឬពេលមាន«ឱកាស»ដោយសារគ្រាអាសន្ន។ (សាស្ដា ៩:១១) តាមពិត ការផ្ដល់ជំនួយច្រើនឬតិចនោះ ស្រេចទៅតាមកាលៈទេសៈក្នុងជីវិតយើងដែរ។ (សុភាសិត ៣:២៧) ពេលយើងចង់ធ្វើល្អដោយជួយផ្ដល់សម្ភារៈនិងថវិកាដល់អ្នកដទៃ គប្បីឲ្យយើងដឹងច្បាស់ថា អ្នកនោះមិនរង់ចាំទទួលជំនួយដោយព្រោះតែខ្ជិលជួយខ្លួនឯងឡើយ។ (សុភាសិត ២០:១, ៤; ថែស្សាឡូនីចទី២ ៣:១០-១២) យ៉ាងនេះយើងឃើញថា ការបង្ហាញចិត្តមេត្ដាពិត តម្រូវឲ្យយើងមានចិត្តអាណិតអាសូរមែន ហើយឲ្យយើងគិតពិចារណាពីកាលៈទេសៈផងដែរ។
១៧. ចំពោះមនុស្សដែលមិនមែនជាគ្រិស្តសាសនិកពិត តើអ្វីជាវិធីបង្ហាញចិត្តមេត្ដាដែលមានសារៈប្រយោជន៍ច្រើនបំផុត?
១៧ វិធីល្អបំផុតដែលយើងអាចបង្ហាញចិត្តមេត្ដាចំពោះពួកអ្នកដែលមិនរួមជំនឿជាមួយយើងជាគ្រិស្តសាសនិកពិត គឺដោយប្រាប់ពួកគេអំពីសេចក្ដីពិតក្នុងគម្ពីរ។ ម្ដេចក៏នេះមានប្រយោជន៍ច្រើនបំផុត? គឺពីព្រោះមនុស្សភាគច្រើននៅសព្វថ្ងៃនេះ មិនសូវយល់ច្រើនប៉ុន្មានអំពីព្រះយេហូវ៉ានឹងគោលបំណងរបស់ទ្រង់ ប្រៀបដូចជាពួកគេស្ថិតនៅក្នុងភាពងងឹត។ ដោយសារមនុស្សភាគច្រើនមិនដឹងថា ពួកគេត្រូវធ្វើយ៉ាងណាពេលជួបប្រទះបញ្ហាផ្សេងៗ ហើយពួកគេក៏គ្មានសេចក្ដីសង្ឃឹមពិតចំពោះពេលអនាគត នោះពួកគេ«ល្វើយហើយខ្ចាត់ខ្ចាយដូចហ្វូងចៀមដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦) សារក្នុងគម្ពីរដែលជាបណ្ដាំរបស់ព្រះយេហូវ៉ាប្រៀបដូចជា«ចង្កៀងដល់ជើង» ដោយព្រោះអាចជួយពួកគេឲ្យរកវិធីស៊ូទ្រាំនឹងបញ្ហាក្នុងជីវិត។ សារនោះក៏ប្រៀបដូចជា«ពន្លឺបំភ្លឺផ្លូវ» ដោយសារគម្ពីររៀបរាប់អំពីគោលបំណងរបស់ព្រះយេហូវ៉ាចំពោះពេលអនាគត ហើយនេះផ្ដល់ហេតុឲ្យពួកគេមានសេចក្ដីសង្ឃឹមពិត។ (ទំនុកដំកើង ១១៩:១០៥) ការប្រកាសសារដ៏អស្ចារ្យនៃសេចក្ដីពិតនេះ ចំពោះមនុស្សដែលត្រូវការសេចក្ដីសង្ឃឹមនោះ ពិតជាឯកសិទ្ធិពិសេសណាស់! ដោយដឹងថាគ្រា«វេទនាជាខ្លាំង»គឺជិតដល់ហើយ នោះគួរគប្បីឲ្យយើងមានចិត្តឧស្សាហ៍ក្នុងកិច្ចការផ្សព្វផ្សាយសាររាជាណាចក្ររបស់ព្រះ និងការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថាយ ២៤:៣-៨, ២១, ២២, ៣៦-៤១; ២៨:១៩, ២០) នេះហើយជាវិធីបង្ហាញចិត្តមេត្ដាដែលមានសារៈប្រយោជន៍ច្រើនបំផុត។
ចូរឲ្យ«ទានពីរបស់ដែលនៅខាងក្នុង»
១៨, ១៩. ហេតុអ្វីក៏គួរគប្បីឲ្យយើងខំព្យាយាមបង្ហាញចិត្តមេត្ដាឲ្យបានកាន់តែច្រើនក្នុងជីវិត?
១៨ ព្រះយេស៊ូមានប្រសាសន៍ថា ពេលយើង«ឲ្យទាន»ដល់អ្នកដទៃដោយព្រោះអាណិតមេត្ដាដល់ពួកគេ អ្វីដែលយើងឲ្យនោះត្រូវមកពី«របស់ដែលនៅខាងក្នុងវិញ»។ (លូកា ១១:៤១) នេះមានន័យថា ទង្វើល្អដែលពិតជាប្រព្រឹត្តដោយមេត្ដាករុណាហើយធៀបដូចជាអំណោយទាននោះ ត្រូវតែផុសចេញពីចិត្តស្មោះស្ម័គ្រ ហើយពេញទៅដោយសេចក្ដីស្រឡាញ់។ (កូរិនថូសទី២ ៩:៧) យើងរស់នៅក្នុងពិភពលោកដែលសម្បូរទៅដោយមនុស្សកាចសាហាវ ដែលរកតែប្រយោជន៍ខ្លួនឯង ហើយមិនយកចិត្តទុកដាក់សោះចំពោះមនុស្សដែលមានបញ្ហានិងទុក្ខលំបាក។ ដូច្នេះ ពេលយើងឃើញមនុស្សបង្ហាញចិត្តមេត្ដា នេះពិតជានាំឲ្យយើងមានចិត្តធូរស្រាលឡើងមែន!
១៩ ដូច្នេះ ចូរឲ្យយើងខំព្យាយាមបង្ហាញចិត្តមេត្ដាឲ្យបានកាន់តែច្រើនក្នុងជីវិតយើងចុះ! ពេលដែលយើងមានមេត្ដាកាន់តែច្រើន នោះយើងក៏មានលក្ខណៈកាន់តែដូចបេះបិទនឹងព្រះយេហូវ៉ាដែរ។ ជាលទ្ធផល យើងនឹងមានជីវិតដែលពិតជាមានខ្លឹមសារហើយគាប់ចិត្តផង។—ម៉ាថាយ ៥:៧
តើអ្នកបានរៀនអ្វីខ្លះ?
• ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងមានមេត្ដា ជាពិសេសចំពោះបងប្អូនរួមជំនឿ?
• ក្នុងក្រុមជំនុំរបស់យើង តើយើងអាចបង្ហាញចិត្តមេត្ដាដោយវិធីណាខ្លះ?
• តើយើងអាចធ្វើល្អដល់មនុស្សដែលមិនមែនជាគ្រិស្តសាសនិកពិតដោយរបៀបណាខ្លះ?