បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w21 តុលា ទំ. ៨-១៣
  • យើងបម្រើព្រះដែលមាន«សេចក្ដីមេត្តាករុណាដ៏បរិបូរ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យើងបម្រើព្រះដែលមាន«សេចក្ដីមេត្តាករុណាដ៏បរិបូរ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា
  • តើ​ការ​ប្រៀន​ប្រដៅ​យ៉ាង​ម៉ឺង​ម៉ាត់​អាច​បង្ហាញ​អំពី​សេចក្ដី​មេត្តា​ករុណា​ឬ​ទេ?
  • តើ​អ្វី​អាច​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា?
  • «ព្រះវរបិតានៃអ្នក ទ្រង់មានព្រះហឫទ័យមេត្ដាករុណា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • វិធីបង្ហាញចិត្ដមេត្ដា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • អស់អ្នកដែលមានចិត្តមេត្ដា មានសុភមង្គល!
    ចូរច្រៀងជូនព្រះយេហូវ៉ា
  • ការធ្វើតម្រាប់តាមសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
w21 តុលា ទំ. ៨-១៣

អត្ថបទ​សិក្សា ៤១

យើង​បម្រើ​ព្រះ​ដែល​មាន ​«​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​»​

​«​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ គ្រប់​ទាំង​ស្នា​ដៃ​របស់​លោក​ជា​ភ័ស្តុតាង​បញ្ជាក់​ថា​លោក​មាន សេចក្ដី​មេត្តា​ករុណា​»។—ចសព. ១៤៥:៩

ចម្រៀង​លេខ​៤៤ សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ទន់​ទាប

សេចក្ដី​សង្ខេបa

១. ពេល​យើង​គិត​អំពី​បុគ្គល​ម្នាក់​ដែល​មាន​សេចក្ដី​មេត្តា​ករុណា តើ​យើង​ប្រហែល​ជា​នឹក​ឃើញ​អ្វី?

ពេល​យើង​គិត​អំពី​បុគ្គល​ដែល​មាន​សេចក្ដី​មេត្តា​ករុណា យើង​ប្រហែល​ជា​នឹក​ឃើញ​អំពី​បុគ្គល​ម្នាក់​ដែល​មាន​ចិត្ត​ល្អ កក់​ក្ដៅ ចេះ​អាណិត​អាសូរ និង​សប្បុរស។ យើង​ក៏​ប្រហែល​ជា​នឹក​ឃើញ​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ជន​ជាតិ​សាម៉ារី​ដែល​ជា​អ្នក​ជិត​ខាង​ល្អ។ បុរស​ជន​ជាតិ​សាម៉ារី​នោះ​‹បាន​ប្រព្រឹត្ត​ដោយ​មេត្តា​ករុណា›​ចំពោះ​បុរស​ជន​ជាតិ​យូដា​ដែល​បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ។ ជន​ជាតិ​សាម៉ារី​នោះ​«​មាន​ចិត្ត​ក្ដួល​អាណិត​»​ចំពោះ​បុរស​ជន​ជាតិ​យូដា​ដែល​រង​របួស​នោះ ហើយ​បាន​មើល​ថែ​បុរស​នោះ​ដោយ​សេចក្ដី​ស្រឡាញ់។ (​លូក. ១០:២៩​-​៣៧​) ឧទាហរណ៍​នេះ​បញ្ជាក់​អំពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ​យើង ពោល​គឺ​សេចក្ដី​មេត្តា​ករុណា។ លោក​មាន​សេចក្ដី​មេត្តា​ករុណា ដោយ​សារ​លោក​ស្រឡាញ់​យើង ហើយ​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​យើង​តាម​របៀប​ជា​ច្រើន​ជា​រៀង​រាល់​ថ្ងៃ។

២. តើ​អ្វី​ជា​របៀប​មួយ​ទៀត​ដែល​បុគ្គល​ណា​ម្នាក់​អាច​បង្ហាញ​សេចក្ដី​មេត្តា​ករុណា?

២ មាន​របៀប​មួយ​ទៀត​ដែល​បុគ្គល​ណា​ម្នាក់​អាច​បង្ហាញ​សេចក្ដី​មេត្តា​ករុណា គឺ​គាត់​ប្រហែល​ជា​សម្រេច​ចិត្ត​មិន​ដាក់​ទោស​អ្នក​ណា​ម្នាក់​ដែល​សម​នឹង​ទទួល​ទោស​ឡើយ។ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​ពិត​ជា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​យើង។ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​និយាយ​ថា​៖ ​«​លោក​មិន​បាន​ដាក់​ទោស​យើង​ឲ្យ​សម​នឹង​អំពើ​ខុស​ឆ្គង​របស់​យើង​ទេ​»។ (​ចសព. ១០៣:១០​) ប៉ុន្តែ នៅ​ពេល​ផ្សេង​ទៀត ព្រះ​យេហូវ៉ា​ប្រហែល​ជា​ប្រៀន​ប្រដៅ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។

៣. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

៣ ក្នុង​អត្ថបទ​នេះ យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​បី​គឺ​៖ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា? តើ​ការ​ប្រៀន​ប្រដៅ​យ៉ាង​ម៉ឺង​ម៉ាត់​និង​សេចក្ដី​មេត្តា​ករុណា​ជាប់​ទាក់​ទង​គ្នា​ឬ​ទេ? តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា? សូម​យើង​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ក្នុង​បណ្ដាំ​របស់​ព្រះ។

មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា

៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា?

៤ សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា។ សាវ័ក​ប៉ូល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ថា​៖ ​«​ព្រះ​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​»។ ប៉ូល​កំពុង​ពន្យល់​ថា ព្រះ​មាន​សេចក្ដី​មេត្តា​ករុណា ដោយ​សារ​លោក​ផ្ដល់​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​នៅ​ស្ថាន​សួគ៌ ដល់​អ្នក​បម្រើ​មិន​ល្អ​ឥត​ខ្ចោះ​ដែល​លោក​បាន​រើស​តាំង។ (​អេភ. ២:៤​-​៧​) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​បម្រើ​ដែល​បាន​ត្រូវ​រើស​តាំង​ប៉ុណ្ណោះ​ទេ។ ដាវីឌ​ដែល​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​សរសេរ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ គ្រប់​ទាំង​ស្នា​ដៃ​របស់​លោក​ជា​ភ័ស្តុតាង​បញ្ជាក់​ថា​លោក​មាន​សេចក្ដី​មេត្តា​ករុណា​»។ (​ចសព. ១៤៥:៩​) ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​រាល់​ដង​ដែល​លោក​មាន​ហេតុ​ធ្វើ​ដូច្នេះ។

៥. ហេតុ​អ្វី​លោក​យេស៊ូ​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​មេត្តា​ករុណា?

៥ លោក​យេស៊ូ​ដឹង​ច្រើន​ជាង​អ្នក​ណា​ទាំង​អស់​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ចូល​ចិត្ត​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​យ៉ាង​ខ្លាំង។ ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​រស់​នៅ​ជា​មួយ​គ្នា​នៅ​ស្ថាន​សួគ៌​អស់​រយៈ​ពេល​ជា​យូរ មុន​លោក​យេស៊ូ​មក​ផែនដី។ (​សុភ. ៨:៣០, ៣១​) អស់​ជា​ច្រើន​ដង លោក​យេស៊ូ​បាន​ឃើញ​បិតា​របស់​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (​ចសព. ៧៨:៣៧​-​៤២​) លោក​យេស៊ូ​ច្រើន​តែ​លើក​បញ្ជាក់​អំពី​គុណ​សម្បត្តិ​ដ៏​ប្រសើរ​នេះ​របស់​បិតា​លោក ក្នុង​សេចក្ដី​បង្រៀន​របស់​លោក។

ឪពុក​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​មិន​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​គាត់​ដែល​វង្វេង​បាត់​អាម៉ាស់​មុខ​ទេ ប៉ុន្តែ​គាត់​ស្វាគមន៍​កូន​ដែល​ត្រឡប់​មក​ផ្ទះ​វិញ​នោះ (​សូម​មើល​វគ្គ​៦​)c

៦. តើ​លោក​យេស៊ូ​បាន​ជួយ​យើង​ឲ្យ​យល់​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​បិតា​លោក​យ៉ាង​ដូច​ម្ដេច?

៦ ដូច​បាន​ត្រូវ​រៀប​រាប់​ក្នុង​អត្ថបទ​មុន លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អំពី​កូន​ប្រុស​ដែល​វង្វេង​បាត់ ដើម្បី​ជួយ​យើង​ឲ្យ​ស្រមៃ​ឃើញ​ថា​ព្រះ​យេហូវ៉ា​ចូល​ចិត្ត​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ខ្លាំង​យ៉ាង​ណា។ កូន​ប្រុស​នោះ​បាន​ចាក​ចេញ​ពី​ផ្ទះ ហើយ​«​បង្ហិន​ទ្រព្យ​សម្បត្តិ​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​អបាយមុខ​»។ (​លូក. ១៥:១៣​) ក្រោយ​មក គាត់​បាន​ប្រែ​ចិត្ត​ពី​អំពើ​ប្រាស​ចាក​សីលធម៌ បន្ទាប​ខ្លួន និង​ត្រឡប់​ទៅ​ផ្ទះ​វិញ។ តើ​ឪពុក​របស់​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា? បុរស​វ័យ​ក្មេង​នោះ​មិន​ចាំ​បាច់​រង់​ចាំ​យូរ​ដើម្បី​ដឹង​អំពី​ប្រតិកម្ម​របស់​ឪពុក​គាត់​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​[​កូន​ប្រុស​]​នៅ​ឆ្ងាយ​នៅ​ឡើយ ឪពុក​គាត់​ក្រឡេក​ទៅ​ឃើញ ក៏​មាន​ចិត្ត​ក្ដួល​អាណិត រួច​រត់​ទៅ​ឱប​កូន ហើយ​ថើប​ដោយ​ក្ដី​ស្រឡាញ់​»។ ឪពុក​នោះ​មិន​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​គាត់​អាម៉ាស់​មុខ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​អភ័យ​ទោស​ឲ្យ​កូន​ដោយ​សេចក្ដី​មេត្តា​ករុណា ហើយ​ស្វាគមន៍​កូន​នោះ​ឲ្យ​ត្រឡប់​មក​ក្រុម​គ្រួសារ​វិញ។ ទោះ​ជា​កូន​ប្រុស​ដែល​វង្វេង​បាត់​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​ក្ដី ដោយ​សារ​គាត់​បាន​ប្រែ​ចិត្ត ឪពុក​បាន​អភ័យ​ទោស​ឲ្យ​គាត់។ ឪពុក​ដែល​មាន​ចិត្ត​មេត្តា​ករុណា​ក្នុង​ឧទាហរណ៍​នោះ​ជា​តំណាង​ព្រះ​យេហូវ៉ា។ តាម​រយៈ​ឧទាហរណ៍​ដ៏​កក់​ក្ដៅ​នេះ លោក​យេស៊ូ​បាន​បង្ហាញ​យើង​ថា​ព្រះ​យេហូវ៉ា​ចង់​អភ័យ​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។—លូក. ១៥:១៧​-​២៤

៧. តើ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា?

៧ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា ដោយ​សារ​លោក​មាន​ប្រាជ្ញា​ដ៏​ប្រៀប​ផ្ទឹម​ពុំ​បាន។ ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ផ្ដល់​ប្រយោជន៍​ដល់​បុគ្គល​ដែល​លោក​បាន​បង្កើត។ គម្ពីរ​ចែង​ថា​៖ ​«​ប្រាជ្ញា​ពី​ស្ថាន​លើ​»​ គឺ​«​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​និង​ផល​ល្អ​»។ (​យ៉ា. ៣:១៧​) ដូច​ឪពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​ដឹង​ថា​សេចក្ដី​មេត្តា​ករុណា​របស់​លោក​គឺ​ផ្ដល់​ប្រយោជន៍​ដល់​កូន​ៗ​លោក។ (​ចសព. ១០៣:​១៣; អេ. ៤៩:១៥​) សេចក្ដី​មេត្តា​ករុណា​របស់​លោក​នាំ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម ទោះ​ជា​ពួក​គេ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី។ ដូច្នេះ ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ដ៏​អស្ចារ្យ លោក​តែង​តែ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា ពេល​លោក​មាន​ហេតុ​ឲ្យ​ធ្វើ​ដូច្នេះ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ក៏​ដឹង​ថា ពេល​ណា​ដែល​លោក​មិន​ត្រូវ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដែរ។ ដោយ​ព្រោះ​លោក​មាន​ប្រាជ្ញា លោក​មិន​ដែល​បង្ហាញសេចក្ដី​មេត្តា​ករុណា​ខ្លាំង​ពេក​រហូត​ដល់​ទៅ​ជា​ការ​បណ្ដែត​បណ្ដោយ​ទេ។

៨. ជួន​កាល​តើ​ចាំ​បាច់​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

៨ ឧបមា​ថា អ្នក​បម្រើ​ម្នាក់​របស់​ព្រះ​សម្រេច​ចិត្ត​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌។ តើ​យើង​គួរ​ធ្វើ​អ្វី? ប៉ូល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ថា​៖ ​«​ឈប់​ទាក់​ទង​ជា​មួយ​នឹង​»​គាត់។ (​១កូ. ៥:១១​) បុគ្គល​ធ្វើ​ខុស​ដែល​មិន​ប្រែ​ចិត្ត​នឹង​ត្រូវ​បណ្ដាច់​មិត្តភាព​ចេញ​ពី​ក្រុម​ជំនុំ។ ការ​ធ្វើ​ដូច​នេះ​គឺ​សំខាន់​ចាំ​បាច់​ដើម្បី​ការ​ពារ​បង​ប្អូន​ដ៏​ស្មោះ​ត្រង់​របស់​យើង និង​ដើម្បី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​រាស្ត្រ​របស់​លោក​បរិសុទ្ធ។ ប៉ុន្តែ អ្នក​ខ្លះ​គិត​ថា​ពេល​បុគ្គល​ណា​ម្នាក់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ព្រះ​មិន​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​នោះ​ឡើយ។ តើ​នេះ​ជា​ការ​ពិត​ឬ​ទេ? សូម​យើង​ពិចារណា​អំពី​រឿង​នេះ។

តើ​ការ​ប្រៀន​ប្រដៅ​យ៉ាង​ម៉ឺង​ម៉ាត់​អាច​បង្ហាញ​អំពី​សេចក្ដី​មេត្តា​ករុណា​ឬ​ទេ?

គង្វាលមើលថែចៀមឈឺដែលបានត្រូវដាក់នៅដាច់ដោយឡែកពីហ្វូង។

ចៀម​ដែល​ឈឺ​បាន​ត្រូវ​ដាក់​នៅ​ដោយ​ឡែក ប៉ុន្តែ​វា​នៅ​តែ​ទទួល​ការ​ថែ​រក្សា​ពី​គង្វាល (​សូម​មើល​វគ្គ​៩​-​១១​)

៩​-​១០. ស្រប​ទៅ​តាម​ហេប្រឺ ១២:៥, ៦ ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ការ​បណ្ដាច់​មិត្តភាព​គឺ​ជា​ការ​រៀបចំ​មួយ​ដែល​បង្ហាញ​អំពី​សេចក្ដី​មេត្តា​ករុណា? សូម​លើក​ឧទាហរណ៍។

៩ ពេល​យើង​ឮ​ការ​ប្រកាស​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ថា​បុគ្គល​ដែល​យើង​ស្គាល់​និង​ស្រឡាញ់​«​លែង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ហើយ​»​ យើង​ពិបាក​ចិត្ត​ណាស់។ យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​ចាំ​បាច់​ឲ្យ​បណ្ដាច់​មិត្តភាព​បុគ្គល​ជា​ទី​ស្រឡាញ់​នោះ​ឬ​ទេ? តើ​ការ​បណ្ដាច់​មិត្តភាព​ពិត​ជា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ឬ? គឺ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​មែន! បើ​បុគ្គល​ណា​ត្រូវ​ទទួល​ការ​ប្រៀន​ប្រដៅ គឺ​ជា​ការ​ដែល​ប្រកប​ដោយ​ប្រាជ្ញា សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​ដើម្បី​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ។ (​សុភ. ១៣:២៤​) តើ​ការ​បណ្ដាច់​មិត្តភាព​អាច​ជួយ​អ្នក​ធ្វើ​ខុស​ដែល​មិន​ប្រែ​ចិត្ត​ឲ្យ​កែ​ខ្លួន​ឬ​ទេ? គឺ​អាច! បង​ប្អូន​ជា​ច្រើន​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​និយាយ​ថា ការ​បណ្ដាច់​មិត្តភាព​បាន​ជួយ​ពួក​គេ​ឲ្យ​ទទួល​ស្គាល់​ថា អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​គឺ​អាក្រក់​យ៉ាង​ណា ប្រែ​ចិត្ត ឈប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ និង​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។—សូម​អាន ហេប្រឺ ១២:៥, ៦

១០ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ គង្វាល​ម្នាក់​កត់​សម្គាល់​ឃើញ​ថា​ចៀម​មួយ​ក្បាល​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ។ គាត់​ដឹង​ថា​ដើម្បី​ព្យាបាល​ជំងឺ​នោះ​តម្រូវ​ឲ្យ​គាត់​ដាក់​វា​នៅ​ដោយ​ឡែក​ពី​ហ្វូង។ ប៉ុន្តែ តាម​ធម្មតា​ចៀម​ចង់​នៅ​ជា​មួយ​ហ្វូង ហើយ​វា​ប្រហែល​ជា​នៅ​មិន​សុខ​ពេល​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។ ដូច្នេះ តើ​នេះ​មាន​ន័យ​ថា​គង្វាល​គឺ​ឃោរ​ឃៅ​ឬ​ឥត​មេត្តា​ក្នុង​ការ​ជ្រើស​រើស​វិធី​ព្យាបាល​នេះ​ឬ​ទេ? មិន​មែន​ទេ! គាត់​ដឹង​ថា​បើ​គាត់​អនុញ្ញាត​ឲ្យ​ចៀម​ឈឺ​នោះ​នៅ​ជា​មួយ​ហ្វូង ជំងឺ​នឹង​ឆ្លង​រាល​ដាល។ ម្ល៉ោះ​ហើយ គាត់​ការ​ពារ​ហ្វូង​ទាំង​មូល ដោយ​ដាក់​ចៀម​ដែល​ឈឺ​នៅ​ដាច់​ដោយ​ឡែក។—សូម​ពិនិត្យ​បន្ថែម ច្បាប់​លេវី ១៣:៣, ៤

១១. (​ក​) តើ​បុគ្គល​ដែល​បាន​បណ្ដាច់​មិត្តភាព​អាច​ប្រដូច​ទៅ​នឹង​ចៀម​ដែល​ឈឺ​តាម​របៀប​ណា​ខ្លះ? (​ខ​) តើ​បុគ្គល​ដែល​បាន​បណ្ដាច់​មិត្តភាព​អាច​ធ្វើ​អ្វី​ខ្លះ ហើយ​តើ​ពួក​គេ​អាច​ទទួល​ជំនួយ​អ្វី?

១១ យើង​អាច​ប្រដូច​គ្រិស្ត​សាសនិក​ម្នាក់​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ទៅ​នឹង​ចៀម​ដែល​ឈឺ។ គាត់​ប្រៀប​ដូច​ជា​បុគ្គល​ម្នាក់​ដែល​ឈឺ ដោយ​សារ​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​ប្រេះ​ឆា។ (​យ៉ា. ៥:១៤​) ដូច​ជំងឺ​ប្រភេទ​ខ្លះ​អាច​ឆ្លង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត បុគ្គល​ដែល​បាន​បង្ខូច​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា អាច​មាន​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​អ្នក​ឯ​ទៀត។ ដូច្នេះ​ក្នុង​ករណី​ខ្លះ គឺ​ចាំ​បាច់​ឲ្យ​បណ្ដាច់​មិត្តភាព​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចេញ​ពី​ក្រុម​ជំនុំ។ ការ​ប្រៀន​ប្រដៅ​នេះ​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​បុគ្គល​ស្មោះ​ត្រង់​ក្នុង​ក្រុម​ជំនុំ ហើយ​ប្រហែល​ជា​ជួយ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ទទួល​ស្គាល់​ថា​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​គាត់​គឺ​អាក្រក់​យ៉ាង​ណា ព្រម​ទាំង​ជួយ​គាត់​ឲ្យ​ប្រែ​ចិត្ត។ ទោះ​ជា​គាត់​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ក្ដី គាត់​ប្រហែល​ជា​អាច​ចូល​រួម​កិច្ច​ប្រជុំ ជា​កន្លែង​ដែល​គាត់​អាច​ទទួល​ការ​ណែនាំ​ពី​គម្ពីរ ហើយ​ធ្វើ​ឲ្យ​ជំនឿ​របស់​គាត់​រឹង​មាំ​ម្ដង​ទៀត។ គាត់​អាច​ទទួល​សៀវភៅ​របស់​យើង​ដើម្បី​អាន​និង​សិក្សា ហើយ​គាត់​អាច​មើល​កម្ម​វិធី​JW​ទូរទស្សន៍។ ម្យ៉ាង​ទៀត ពេល​ពួក​អ្នក​ចាស់​ទុំ​ឃើញ​ថា​គាត់​កំពុង​កែ​ប្រែ យូរ​ៗ​ម្ដង​ពួក​គេ​ប្រហែល​ជា​ឲ្យ​យោបល់​ដល់​គាត់​ដើម្បី​ជួយ​គាត់​ឲ្យ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ប្រយោជន៍​ឲ្យ​គាត់​អាច​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​ជា​សាក្សី​ព្រះ​យេហូវ៉ា។b

១២. តើ​អ្វី​ជា​ការ​ប្រព្រឹត្ត​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្តា​ករុណា​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ធ្វើ​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត?

១២ គឺ​ជា​ការ​សំខាន់​ឲ្យ​ចាំ​ថា​មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត​ប៉ុណ្ណោះ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ ពួក​អ្នក​ចាស់​ទុំ​ដឹង​ថា ពួក​គេ​ត្រូវ​គិត​ឲ្យ​បាន​ដិត​ដល់​មុន​ពួក​គេ​សម្រេច​ចិត្ត​បណ្ដាច់​មិត្តភាព​បុគ្គល​ណា​ម្នាក់។ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​ប្រដៅ​តម្រង់​ដល់​«​កម្រិត​ត្រឹម​ត្រូវ​»។ (​យេ. ៣០:១១​) ពួក​គេ​ស្រឡាញ់​បង​ប្អូន ហើយ​មិន​ចង់​ធ្វើ​អ្វី​ដែល​នឹង​បង្ខូច​ចំណង​មិត្តភាព​របស់​បង​ប្អូន​ជា​មួយ​ព្រះ​យេហូវ៉ា​នោះ​ទេ។ ប៉ុន្តែ​ជួន​កាល ការ​ដក​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចេញ​ពី​ក្រុម​ជំនុំ​មួយ​រយៈ​ពេល គឺ​ជា​អ្វី​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្តា​ករុណា​ចំពោះ​បុគ្គល​នោះ។

១៣. ហេតុ​អ្វី​ក្រុម​ជំនុំ​ត្រូវ​បណ្ដាច់​មិត្តភាព​គ្រិស្ត​សាសនិក​ម្នាក់​នៅ​ក្រុង​កូរិនថូស?

១៣ សូម​គិត​អំពី​របៀប​ដែល​សាវ័ក​ប៉ូល​ប្រព្រឹត្ត​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត​នៅ​សតវត្សរ៍​ទី​១។ គ្រិស្ត​សាសនិក​ម្នាក់​នៅ​ក្រុង​កូរិនថូស​រស់​នៅ​ដោយ​ប្រាស​ចាក​សីលធម៌​ជា​មួយ​ប្រពន្ធ​របស់​ឪពុក​គាត់។ នេះ​គឺ​គួរ​ឲ្យ​ស្អប់​ខ្ពើម​មែន! ប៉ូល​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​ថា​៖ ​«​បើ​បុរស​ណា​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​ឪពុក​ខ្លួន បុរស​នោះ​ធ្វើ​ឲ្យ​ឪពុក​ខ្លួន​រង​សេចក្ដី​អាម៉ាស់​ហើយ។ បុរស​និង​ស្ត្រី​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ (​ចល. ២០:១១​) ប៉ូល​ច្បាស់​ជា​មិន​អាច​ប្រាប់​ក្រុម​ជំនុំ​ឲ្យ​ដាក់​ទោស​បុរស​នោះ​ថា​គាត់​ត្រូវ​ស្លាប់​នោះ​ទេ។ ប៉ុន្តែ ប៉ូល​បាន​ប្រាប់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ឲ្យ​បណ្ដាច់​មិត្តភាព​គាត់។ អំពើ​ប្រាស​ចាក​សីលធម៌​របស់​បុរស​នោះ​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ហើយ​ពួក​គេ​ខ្លះ​ថែម​ទាំង​គិត​ថា​ទង្វើ​នេះ​មិន​មែន​ជា​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ទៀត​ផង!—១កូ. ៥:១, ២, ១៣

១៤. តើ​ប៉ូល​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​យ៉ាង​ដូច​ម្ដេច​ចំពោះ​បុរស​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​នៅ​ក្រុង​កូរិនថូស ហើយ​ហេតុ​អ្វី? (​កូរិនថូស​ទី​២ ២:៥​-​៨, ១១​)

១៤ មួយ​រយៈ​ពេល​ក្រោយ​មក ប៉ូល​បាន​ដឹង​ថា​បុរស​នោះ​បាន​ធ្វើ​ការ​កែ​ប្រែ​ដ៏​ធំ។ អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​ពិត​ជា​ប្រែ​ចិត្ត​មែន! ទោះ​ជា​បុរស​នោះ​បាន​នាំ​ឲ្យ​ក្រុម​ជំនុំ​រង​សេចក្ដី​អាម៉ាស់​ក្ដី ប៉ូល​បាន​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​ថា​គាត់​មិន​ចង់​ប្រៀន​ប្រដៅ​អ្នក​នោះ​ខ្លាំង​ពេក​ទេ។ គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​គួរ​តែ​មេត្តា​អភ័យ​ទោសឲ្យបុរស​នោះ ហើយ​សម្រាល​ទុក្ខ​គាត់​»។ សូម​កត់​សម្គាល់​អំពី​មូលហេតុ​ដែល​ប៉ូល​បាន​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ គាត់​និយាយ​ថា​៖ ​«​ដើម្បី​កុំ​ឲ្យ​គាត់​ព្រួយ​ចិត្ត​ខ្លាំង​ហួស​ហេតុ​ពេក​»។ ប៉ូល​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​បុរស​ដែល​បាន​ប្រែ​ចិត្ត​នោះ។ គាត់​មិន​ចង់​ឃើញ​បុរស​នោះ​ព្រួយ​ចិត្ត​ខ្លាំង​ហួស​ហេតុ​ពេក​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ រហូត​ដល់​គាត់​ឈប់​ស្វែង​រក​ការ​អភ័យ​ទោស។—សូម​អាន កូរិនថូស​ទី​២ ២:៥​-​៨, ១១

១៥. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ប្រៀន​ប្រដៅ​យ៉ាង​ម៉ឺង​ម៉ាត់​ដោយ​នៅ​តែ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​យ៉ាង​ដូច​ម្ដេច?

១៥ ដូច​ព្រះ​យេហូវ៉ា ពួក​អ្នក​ចាស់​ទុំ​ពិត​ជា​ចង់​បង្ហាញ​សេចក្ដី​មេត្តា​ករុណា។ ពួក​គេ​នឹង​ប្រៀន​ប្រដៅ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​យ៉ាង​ម៉ឺង​ម៉ាត់​បើ​ជា​ការ​ចាំ​បាច់ ប៉ុន្តែ​ពួក​គេ​ក៏​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ ពុំ​នោះ​ទេ នោះ​មិន​មែន​ជា​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ឡើយ ប៉ុន្តែ​ជា​ការ​បណ្ដែត​បណ្ដោយ​ទៅ​វិញ។ តើ​មាន​តែ​ពួក​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​ដែល​ត្រូវ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ឬ?

តើ​អ្វី​អាច​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា?

១៦. តើ​សុភាសិត ២១:១៣​ចែង​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​ចំពោះ​ពួក​អ្នក​ដែល​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា?

១៦ គ្រិស្ត​សាសនិក​ទាំង​អស់​ព្យាយាម​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដូច​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? មូលហេតុ​មួយ​គឺ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ស្ដាប់​ពួក​អ្នក​ដែល​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ឯ​ទៀត​ឡើយ។ (​សូម​អាន សុភាសិត ២១:១៣​) គ្មាន​យើង​ណា​ម្នាក់​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ទេ។ ដូច្នេះ យើង​ជៀស​វាង​ពី​ការ​ធ្វើ​ជា​មនុស្ស​ដែល​គ្មាន​សេចក្ដី​មេត្តា​ករុណា។ ជា​ជាង​មិន​ព្រម​ស្ដាប់​បង​ប្អូន​ដែល​កំពុង​ជួប​ទុក្ខ​លំបាក យើង​ត្រូវ​ប្រុង​ប្រៀប​ជា​និច្ច​ស្ដាប់​ការ​«​អង្វរករ​»​របស់​ពួក​គេ។ ស្រដៀង​គ្នា​ដែរ យើង​ខំ​អស់​ពី​សមត្ថភាព​ធ្វើ​តាម​មេ​រៀន​ពី​ខ​គម្ពីរ​នេះ​ដែល​ថា​៖ ​«​អ្នក​ណា​ដែល​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា អ្នក​នោះ​ក៏​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​គ្មាន​សេចក្ដី​មេត្តា​ករុណា​ដែរ​»។ (​យ៉ា. ២:១៣​) បើ​យើង​មាន​ចិត្ត​រាប​ទាប ហើយ​នឹក​ចាំ​ថា​យើង​ត្រូវ​ការ​សេចក្ដី​មេត្តា​ករុណា​ខ្លាំង​យ៉ាង​ណា យើង​ទំនង​ជា​នឹង​កាន់​តែ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ខ្លាំង​ដែរ។ ជា​ពិសេស យើង​ចង់​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ពេល​បុគ្គល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត​ត្រឡប់​មក​ក្រុម​ជំនុំ​វិញ។

១៧. តើ​ស្ដេច​ដាវីឌ​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​អស់​ពី​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៧ គំរូ​ក្នុង​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា ហើយ​ជៀស​វាង​ពី​ការ​ធ្វើ​ជា​មនុស្ស​ដែល​គ្មាន​មេត្តា។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ស្ដេច​ដាវីឌ។ គាត់​ច្រើន​តែ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​យ៉ាង​អស់​ពី​ចិត្ត។ ទោះ​ជា​ស្ដេច​សូល​ចង់​សម្លាប់​គាត់​ក្ដី ដាវីឌ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ស្ដេច​ដែល​ព្រះ​បាន​រើស​តាំង​នោះ។ គាត់​មិន​ដែល​ព្យាយាម​សង​សឹក ឬ​ធ្វើ​បាប​សូល​ទេ។—១សាំ. ២៤:៩​-​១២, ១៨, ១៩

១៨​-​១៩. តើ​ដាវីឌ​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​អស់​ពីរ​ដង​នៅ​ពេល​ណា​ខ្លះ?

១៨ ប៉ុន្តែ ដាវីឌ​មិន​តែង​តែ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ទេ។ ជា​ឧទាហរណ៍ ពេល​ណាបាល​ដែល​ជា​បុរស​គ្មាន​មេត្តា​និយាយ​ដោយ​ឥត​គោរព និង​មិន​ព្រម​ផ្ដល់​អាហារ​ដល់​ដាវីឌ​និង​ពួក​បុរស​របស់​គាត់ នោះ​ដាវីឌ​បាន​ខឹង​សម្បា ហើយ​សម្រេច​ចិត្ត​សម្លាប់​ណាបាល​និង​ពួក​បុរស​ទាំង​អស់​របស់​គាត់។ ប៉ុន្តែ អាប៊ីកែល​ដែល​ជា​ប្រពន្ធ​របស់​ណាបាល​មាន​ចិត្ត​សប្បុរស​និង​ចិត្ត​អត់​ធ្មត់។ ភ្លាម​ៗ​គាត់​បាន​រៀបចំ​ផ្ដល់​អាហារ​ដល់​ដាវីឌ។ ហេតុ​នេះ ដាវីឌ​មិន​បាន​សម្លាប់​ណាបាល​និង​ពួក​បុរស​របស់​គាត់​ទេ។—១សាំ. ២៥:៩​-​២២, ៣២​-​៣៥

១៩ នៅ​ពេល​មួយ​ទៀត ណាថាន់​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​ដាវីឌ​អំពី​បុរស​អ្នក​មាន​ម្នាក់​ដែល​ចាប់​យក​ចៀម​ជា​ទី​ស្រឡាញ់​របស់​បុរស​អ្នក​ក្រ​ម្នាក់។ ដាវីឌ​បាន​តប​ឆ្លើយ​ទាំង​ក្ដៅ​ចិត្ត​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថា បុរស​នោះ​សម​តែ​ស្លាប់!​»។ (​២សាំ. ១២:១​-​៦​) ដាវីឌ​ស្គាល់​ច្បាប់​ម៉ូសេ។ តាម​ច្បាប់​នោះ ចោរ​ដែល​លួច​ចៀម​ត្រូវ​សង​ចៀម​បួន​ជំនួស​ចៀម​មួយ​ដល់​បុរស​ដែល​ជា​ជន​រង​គ្រោះ។ (​ដច. ២២:១​) ការ​និយាយ​ថា​ចោរ​នោះ​សម​តែ​ស្លាប់ គឺ​ជា​ការ​វិនិច្ឆ័យ​ដោយ​គ្មាន​មេត្តា។ តាម​ពិត ណាថាន់​កំពុង​ប្រាប់​រឿង​មួយ​ដើម្បី​ជួយ​ដាវីឌ​ឲ្យ​យល់​ថា អំពើ​ឧក្រិដ្ឋកម្ម​ដែល​គាត់​បាន​ប្រព្រឹត្ត​គឺ​អាក្រក់​ជាង​នោះ​ឆ្ងាយ​ណាស់។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​យ៉ាង​ខ្លាំង​ចំពោះ​ដាវីឌ ខុស​ពី​ទស្សនៈ​របស់​ដាវីឌ​ចំពោះ​ចោរ​ដែល​លួច​ចៀម​ក្នុង​ឧទាហរណ៍​របស់​ណាថាន់។—២សាំ. ១២:៧​-​១៣

ស្ដេច​ដាវីឌ​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​បុរស​ក្នុង​ឧទាហរណ៍​របស់​ណាថាន់​ទេ (​សូម​មើល​វគ្គ​១៩​-​២០​)d

២០. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ដាវីឌ?

២០ សូម​កត់​សម្គាល់​ថា​ពេល​ដាវីឌ​ខឹង គាត់​បាន​វិនិច្ឆ័យ​ណាបាល​និង​ពួក​បុរស​ទាំង​អស់​របស់​គាត់​ថា​សម​តែ​ស្លាប់។ ម្យ៉ាង​ទៀត ក្រោយ​មក​ដាវីឌ​បាន​និយាយ​ថា​បុរស​អ្នក​មាន​ក្នុង​ឧទាហរណ៍​របស់​ណាថាន់​សម​តែ​ស្លាប់ ដោយ​សារ​អ្វី​ដែល​គាត់​បាន​ធ្វើ។ នៅ​លើក​ទី​២​នេះ យើង​ប្រហែល​ជា​ឆ្ងល់​ថា​ហេតុ​អ្វី​ដាវីឌ​ដែល​តាម​ធម្មតា​ជា​បុគ្គល​កក់​ក្ដៅ​កាត់​ក្ដី​យ៉ាង​ព្រៃ​ផ្សៃ​បែប​នេះ? សូម​គិត​អំពី​អារម្មណ៍​របស់​ដាវីឌ។ នៅ​ពេល​នោះ ដាវីឌ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​ផ្ដន្ទា​ទោស​គាត់។ តាម​ធម្មតា បុគ្គល​ណា​ដែល​កាត់​ក្ដី​អ្នក​ឯ​ទៀត​ដោយ​គ្មាន​មេត្តា​បង្ហាញ​ថា​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​មិន​រឹង​មាំ​ទេ។ លោក​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ដើម្បី​កុំ​ឲ្យ​អ្នក​ទទួល​ការ​វិនិច្ឆ័យ ព្រោះ​អ្នក​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​យ៉ាង​ណា អ្នក​នឹង​ទទួល​ការ​វិនិច្ឆ័យ​យ៉ាង​នោះ​ដែរ​»។ (​ម៉ាថ. ៧:១, ២​) ដូច្នេះ យើង​គួរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជៀស​វាង​ធ្វើ​ជា​មនុស្ស​ដែល​គ្មាន​មេត្តា តែ​យើង​គួរ​មាន​«​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​»​ដូច​ព្រះ​របស់​យើង។

២១​-​២២. តើ​យើង​អាច​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​តាម​របៀប​ណា​ខ្លះ?

២១ សេចក្ដី​មេត្តា​ករុណា​មិន​គ្រាន់​តែ​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ តែ​បុគ្គល​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ យ៉ាង​នេះ យើង​គ្រប់​រូប​អាច​រក​មើល​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ក្នុង​ក្រុម​គ្រួសារ ក្រុម​ជំនុំ និង​សហគមន៍​របស់​យើង។ យើង​នឹង​ឃើញ​ឱកាស​ជា​ច្រើន​ដើម្បី​បង្ហាញ​សេចក្ដី​មេត្តា​ករុណា។ តើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ឬ​ទេ? តើ​យើង​អាច​ស្នើ​ផ្ដល់​ជំនួយ​ដល់​គាត់ ប្រហែល​ជា​ដោយ​ផ្ដល់​ម្ហូប​អាហារ​ខ្លះ ឬ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​គាត់​ឬ​ទេ? តើ​គ្រិស្ត​សាសនិក​ដែល​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​ប្រហែល​ជា​ត្រូវ​ការ​មិត្ត​ភក្ដិ​ល្អ​ដែល​នឹង​លើក​ទឹក​ចិត្ត​គាត់​ឬ​ទេ? តើ​យើង​អាច​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ​ដែល​សម្រាល​ទុក្ខ​ឬ​ទេ? នេះ​ជា​របៀប​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​មនុស្ស​គ្រប់​រូប​ដែល​យើង​ជួប។—យ៉ូប ២៩:១២, ១៣; រ៉ូម ១០:​១៤, ១៥; យ៉ា. ១:២៧

២២ បើ​យើង​ដឹង​ថា​អ្នក​ខ្លះ​មាន​សេចក្ដី​ត្រូវ​ការ​បែប​នេះ យើង​នឹង​ឃើញ​ថា​មាន​ឱកាស​ជា​ច្រើន​ដើម្បី​បង្ហាញ​សេចក្ដី​មេត្តា​ករុណា។ ពេល​យើង​បង្ហាញ​គុណ​សម្បត្តិ​នេះ យើង​ធ្វើ​ឲ្យ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ដែល​ជា​ព្រះ​មាន​«​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​»​អរ​សប្បាយ!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា?

  • ហេតុ​អ្វី​ការ​បណ្ដាច់​មិត្តភាព​បុគ្គល​ណា​ម្នាក់​គឺ​ជា​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា?

  • តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា?

ចម្រៀង​លេខ​៤៣ សេចក្ដី​អធិដ្ឋាន​ថ្លែង​អំណរ​គុណ

a សេចក្ដី​មេត្តា​ករុណា​គឺ​ជា​គុណ​សម្បត្តិ​ដ៏​ល្អ​ប្រសើរ​មួយ​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​ជា​គុណ​សម្បត្តិ​មួយ​ដែល​យើង​ម្នាក់​ៗ​ត្រូវ​បណ្ដុះ​ឲ្យ​មាន។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា មូលហេតុ​ដែល​យើង​អាច​និយាយ​ថា​ការ​ប្រៀន​ប្រដៅ​ពី​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា និង​របៀប​ដែល​យើង​អាច​បង្ហាញ​គុណ​សម្បត្តិ​នេះ។

b ដើម្បី​ដឹង​អំពី​របៀប​ដែល​បុគ្គល​ដែល​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ​អាច​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ និង​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​ពួក​គេ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ការ​ធ្វើ​ឲ្យ​មាន​ចំណង​មិត្តភាព​ឡើង​វិញ​ជា​មួយ​ព្រះ​យេហូវ៉ា​»​ក្នុង​លេខ​នេះ។

c ការ​ពណ៌នា​អំពី​រូប​ភាព: ពី​លើ​ដំបូល​ផ្ទះ ឪពុក​ឃើញ​កូន​ប្រុស​របស់​គាត់​ដែល​វង្វេង​បាត់​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​គាត់​ប្រញាប់​រត់​ទៅ​ឱប​កូន​ប្រុស​នោះ។

d ការ​ពណ៌នា​អំពី​រូប​ភាព: ដោយ​សារ​មាន​ការ​តាន​តឹង​ចិត្ត​ពី​ការ​បន្ទោស​ខ្លួន ស្ដេច​ដាវីឌ​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ពេក​ចំពោះ​ឧទាហរណ៍​របស់​ណាថាន់ ហើយ​និយាយ​ទាំង​ខឹង​ថា​បុរស​អ្នក​មាន​នោះ​សម​តែ​ស្លាប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក