កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល
១ ព្រះអម្ចាស់យើងបានទាយថា សិស្សរបស់ទ្រង់នឹងមានសេចក្ដីវេទនា។ (ម៉ាថ. ២៤:៩) តើយើងគួរមានទស្សនៈយ៉ាងណាចំពោះសេចក្ដីទុក្ខលំបាក? តើអ្វីទៅដែលអាចជួយយើងឲ្យស៊ូទ្រាំនឹងសេចក្ដីវេទនា? កម្មវិធីសន្និបាតតាមមណ្ឌលសំរាប់ឆ្នាំកិច្ចបំរើ២០០៤ នឹងឆ្លើយសំនួរទាំងនេះ។ សន្និបាតនេះមានប្រធានថា៖ ‹ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរស៊ូទ្រាំក្នុងសេចក្ដីទុក្ខលំបាក›។—រ៉ូម ១២:១២
២ សុន្ទរកថាពីរដែលចែកជាផ្នែកៗ: សុន្ទរកថាចែកជាផ្នែកៗដំបូងមានចំណងជើងថា«បង្កើតផលដោយសេចក្ដីស៊ូទ្រាំ» នឹងបង្ហាញនូវរបៀបដែលយើងអាចបង្កើតផលបាន។ អ្នកផ្សាយបីឬបួននាក់នឹងត្រូវសម្ភាស ពីរបៀបដែលគេផ្សព្វផ្សាយនិងបង្រៀនដោយភាពបន្ទាន់។ ជាពិសេស យកល្អឲ្យមាតាបិតាប្រុងស្ដាប់ផ្នែកមួយដែលមានចំណងជើងថា«ពេលព្រះយេហូវ៉ាទូន្មានប្រដៅយើង» និងពិគ្រោះនូវរបៀបដែលមាតាបិតាអាចវែកញែកជាមួយនឹងកូន។ អ្នកថ្លែងផ្នែកចុងក្រោយនៃសុន្ទរកថាចែកជាផ្នែកៗ នឹងលើកឡើងនូវអ្វីដែលយើងត្រូវធ្វើដើម្បីបង្ការកុំឲ្យលោកីយ៍មានអានុភាពមិនល្អទៅលើយើង ដែលបណ្ដាលឲ្យយើងលែងបង្កើតផល។—ម៉ាក. ៤:១៩
៣ «រត់ក្នុងទីប្រណាំងដោយការស៊ូទ្រាំ» គឺប្រធាននៃសុន្ទរកថាទីពីរដែលចែកជាផ្នែកៗ។ សុន្ទរកថាទាំងនោះនឹងបង្ហាញពីមូលហេតុដែលជីវភាពរស់នៅរបស់យើងគឺប្រៀបដូចជាការប្រណាំងមួយ។ ហេតុអ្វីបានជាយើងត្រូវរត់ក្នុងទីប្រណាំងឲ្យត្រឹមត្រូវតាមច្បាប់នោះ? តើយ៉ាងដូចម្ដេចដែលយើងអាចចោលអស់ទាំងបន្ទុក ហើយមិនរសាយចិត្តក្នុងការប្រណាំងនៃជីវិតនោះ? ឱវាទយ៉ាងបន្ទាន់ដែលផ្ដល់មក នឹងជួយយើងទាំងអស់គ្នាឲ្យរត់ដោយចេះស៊ូទ្រាំ។
៤ ការស៊ូទ្រាំនាំឲ្យយើងផ្គាប់ព្រះហឫទ័យព្រះ: សុន្ទរកថាដែលត្រូវថ្លែងដោយអ្នកធ្វើដំណើរត្រួតពិនិត្យ នឹងពង្រឹងជំនឿអស់អ្នកដែលស្ដាប់ហើយអនុវត្តតាមឱវាទនោះ។ សុន្ទរកថាមួយរបស់អ្នកត្រួតពិនិត្យតំបន់ មានចំណងជើងថា «ការស៊ូទ្រាំនាំទៅដល់ការផ្គាប់ព្រះហឫទ័យព្រះ»។ សុន្ទរកថាសាធារណៈនឹងឆ្លើយសំនួរដូចជា: តើសាសន៍ទាំងឡាយគួរសង្ឃឹមទៅលើព្រះនាមរបស់អ្នកណា? ហើយ តើការសង្ឃឹមនេះមានន័យអ្វី? សុន្ទរកថាចុងក្រោយ ដែលមានចំណងជើងថា«អ្នករាល់គ្នានឹងបានជីវិតគង់នៅវិញ ដោយមានចិត្តស៊ូទ្រាំ» នឹងពិចារណានូវរបៀបដែលព្រះយេស៊ូបានស៊ូទ្រាំភាពអយុត្ដិធម៌ដោយមិនចងកំហឹងក្នុងព្រះទ័យ។
៥ សូមកុំភ្លេចយកទស្សនាវដ្ដី ប៉មយាម ផ្ទាល់ខ្លួនដែលនឹងត្រូវសិក្សាសប្ដាហ៍នោះ។ ចូរកត់កំណត់ខ្លីៗដែលអាចជួយអ្នកប្រមូលអារម្មណ៍ ព្រមទាំងជួយអ្នកនឹកចាំពីចំណុចសំខាន់ៗនៅពេលក្រោយៗទៀត។ ការសើរើនូវគោលសំខាន់ៗពីកម្មវិធី នឹងធ្វើឡើងនៅពេលក្រោយតាមក្រុមជំនុំ។
៦ ព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់បានរៀបចំការជប់លៀងសំរាប់អាហារខាងវិញ្ញាណ។ សូមអញ្ជើញ! ពិសាចុះ! យើងនឹងច្រៀងដោយចិត្តអំណរ បើយើងមានវត្តមានឲ្យបានប្រយោជន៍ពីកម្មវិធីទាំងមូល។—អេសា. ៦៥:១៤