កម្មវិធីថ្មីសំរាប់សន្និបាតតាមមណ្ឌល
ក្នុងកំឡុង«គ្រាលំបាក»នេះ យើងត្រូវការប្រាជ្ញាពីព្រះយេហូវ៉ាដើម្បីអាចសព្វព្រះហឫទ័យទ្រង់ជានិច្ច។ (២ធី. ៣:១) កម្មវិធីសន្និបាតតាមមណ្ឌលប្រចាំឆ្នាំកិច្ចបំរើ២០០៥ នឹងលើកទឹកចិត្តយើងថែមទាំងផ្ដល់ការណែនាំដែលមានប្រយោជន៍ ពេលដែលអ្នកថ្លែងទាំងប៉ុន្មានបញ្ជាក់ពីប្រធានថា «ចូរឲ្យ‹ប្រាជ្ញាពីស្ថានលើ›ដឹកនាំអ្នក»។—យ៉ា. ៣:១៧
សុន្ទរកថាទីមួយដែលចែកជាផ្នែកៗមានប្រធានថា «ការបង្ហាញ‹ប្រាជ្ញាពីស្ថានលើ›ក្នុងជីវិតរបស់យើង» ហើយសុន្ទរកថាទាំងប៉ុន្មាននោះនឹងជួយយើងឲ្យយល់ថាតើយើងត្រូវធ្វើអ្វីដើម្បីបង្ហាញនូវភាពបរិសុទ្ធ មេត្រីចិត្ត សេចក្ដីសំឡូតឬការចេះយោគយល់ និងមានចិត្តទន់ឬប្រុងប្រៀបស្ដាប់តាម។ បន្ទាប់មក អ្នកត្រួតពិនិត្យតាមមណ្ឌលនឹងបញ្ជាក់ពីលក្ខណៈបីយ៉ាងទៀតនៃប្រាជ្ញាពីស្ថានលើ។ អ្នកត្រួតពិនិត្យតាមតំបន់នឹងបញ្ចប់កម្មវិធីនៅថ្ងៃទីមួយដោយពន្យល់នូវមូលហេតុដែលជនគ្រីស្ទានមានគ្រប់លក្ខណៈដែលត្រូវការដើម្បីផ្សាយប្រាប់អំពីប្រាជ្ញារបស់ព្រះ ទោះជាមនុស្សខ្លះចាត់ទុកពួកគេជាអ្នកដែល«មិនសូវចេះជ្រៅជ្រះ ហើយឥតបានរៀនសូត្រប៉ុន្មាន»ក៏ដោយ។—កិច្ច. ៤:១៣
នៅថ្ងៃទីពីរ សុន្ទរកថាមួយទៀតដែលចែកជាផ្នែកៗមានប្រធានថា «ចូរដេញតាមអស់ទាំងសេចក្ដីដែលលើកទឹកចិត្ត» ហើយសុន្ទរកថាទាំងប៉ុន្មាននោះនឹងជួយឲ្យយើងចេះសម្គាល់និងចៀសវាងនូវអ្វីដែលអាចធ្វើឲ្យយើងខ្សោយខាងវិញ្ញាណ។ សុន្ទរកថាទាំងប៉ុន្មាននោះក៏នឹងពន្យល់នូវរបៀបដែលយើងអាចលើកទឹកចិត្តអ្នកឯទៀតនៅឯកិច្ចប្រជុំក្រុមជំនុំ ក្នុងកិច្ចផ្សព្វផ្សាយ និងក្នុងក្រុមគ្រួសារទៀតផង។ សុន្ទរកថាសាធារណៈដែលមានប្រធានថា «ផលប្រយោជន៍ដែលយើងទទួលពីប្រាជ្ញារបស់ព្រះ» នឹងជួយឲ្យយើងមានកតញ្ញូធម៌ដ៏ជ្រាលជ្រៅជាងដោយសារប្រយោជន៍ដែលយើងបានទទួលពីការប្រព្រឹត្តតាមគោលការណ៍របស់ព្រះក្នុងជីវិតរបស់យើង។ សុន្ទរកថាចុងបញ្ចប់ដែលមានប្រធានថា «ការអនុវត្តតាមប្រាជ្ញាពីព្រះរមែងការពារយើង» នឹងពង្រឹងការតាំងចិត្តរបស់យើងឲ្យពឹងពាក់ព្រះយេហូវ៉ាឲ្យបានប្រាជ្ញាក្នុងកំឡុងជាន់ក្រោយបង្អស់នេះ។
លក្ខណៈពិសេសមួយនៅគ្រប់សន្និបាតទាំងអស់គឺជាពិធីបុណ្យជ្រមុជទឹករបស់សិស្សថ្មី។ កម្មវិធីនោះក៏នឹងរួមមានសាលាកិច្ចបំរើព្រះធិបតេយ្យនិងការសិក្សាទស្សនាវដ្ដីប៉មយាម សំរាប់សប្ដាហ៍នោះ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យយើងគ្រប់គ្នាទទួលប្រយោជន៍ពីប្រាជ្ញាដែលទ្រង់ប្រទាន។ យើងនឹងទទួលប្រយោជន៍ជាច្រើនខាងវិញ្ញាណដោយសារឱវាទនិងការលើកទឹកចិត្តដែលត្រូវជូនយើងនៅឯសន្និបាតតាមមណ្ឌល។—សុ. ៣:១៣-១៨