ការចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់ មានអាទិភាព
១ ក្រុមគ្រួសារគ្រីស្ទានទាំងឡាយចាត់ទុកការចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់ជាអ្វីដែលមានអាទិភាពក្នុងជីវិត។ ប៉ុន្តែ មុខនាទីនិងភារកិច្ចផ្សេងៗរបស់យើងសព្វថ្ងៃនេះ ក៏បង្កើតឲ្យមានការពិបាកផងដែរ។ តើកិច្ចការផ្ទះ ការប្រកបរបរចិញ្ចឹមជីវិត ឬក៏លំហាត់ពីសាលា ចាប់ផ្ដើមស៊ីពេលវេលាដែលយើងបានទុកសំរាប់ការថ្វាយបង្គំព្រះយេហូវ៉ាឬទេ? បើយើងមានទស្សនៈដូចព្រះយេហូវ៉ា នេះនឹងជួយយើងរក្សាឲ្យមានអាទិភាពក្នុងជីវិត។
២ បុរសជនជាតិអ៊ីស្រាអែលម្នាក់បានធ្វើការរើសឧសនៅថ្ងៃឈប់សំរាក ដូច្នេះគាត់បានបង្ហាញដោយចេតនាមិនព្រមគិតតាមទស្សនៈរបស់ព្រះយេហូវ៉ាទេ។ គាត់ប្រហែលជាបានវែកញែកថា គាត់កំពុងតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួន ឬថា កិច្ចការនោះជារឿងតូចតាចធម្មតា។ ប៉ុន្តែ តាមរយៈការវិនិច្ឆ័យទោសនោះ ព្រះយេហូវ៉ាបានបង្ហាញឲ្យដឹងថា ការខំប្រឹងធ្វើកិច្ចការធម្មតាក្នុងពេលដែលត្រូវទុកសំរាប់ការថ្វាយបង្គំ គឺជារឿងដ៏ធ្ងន់ធ្ងរមួយ។—ជន. ១៥:៣២-៣៦
៣ ការដោះស្រាយនូវកាលៈទេសៈដ៏ពិបាកនេះ: មនុស្សជាច្រើនត្រូវខំប្រឹងពុះពារដើម្បីរក្សាកុំឲ្យការប្រកបរបរចិញ្ចឹមជីវិតរំខានដល់កម្មវិធីចូលរួមកិច្ចប្រជុំ។ អ្នកខ្លះបានដោះស្រាយនូវកាលៈទេសៈដ៏ពិបាកបែបនេះ ដោយនិយាយពន្យល់ដល់និយោជកខ្លួន ឬដោយប្ដូរវេនធ្វើការជាមួយនឹងអ្នកធ្វើការជាមួយគ្នា ដោយរកការងារផ្សេងទៀតដែលមិនរារាំងការចូលរួមប្រជុំ ឬដោយធ្វើឲ្យជីវិតរស់នៅទៅជាសាមញ្ញជាង។ យ៉ាងច្បាស់ណាស់ ការធ្វើពលិកម្មបែបនេះដើម្បីការថ្វាយបង្គំពិតនោះ គឺពិតជាផ្គាប់ព្រះហឫទ័យព្រះណាស់។—ហេ. ១៣:១៦
៤ លំហាត់ពីសាលាក៏អាចបង្កើតកាលៈទេសៈដ៏ពិបាកដែរ។ យុវនារីម្នាក់បានពោលថា៖ «មុននឹងខ្ញុំទៅឯកិច្ចប្រជុំ ខ្ញុំធ្វើលំហាត់ខ្លះពីសាលា ហើយពេលដែលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំក៏ធ្វើលំហាត់ទាំងប៉ុន្មានទៀតដែលនៅសល់»។ ប្រសិនបើកូនពុំអាចបង្ហើយលំហាត់ទាំងអស់ពីសាលាដែលគ្រូដាក់ឲ្យធ្វើចំនឹងថ្ងៃត្រូវទៅប្រជុំនោះ មាតាបិតាខ្លះបានពន្យល់ប្រាប់គ្រូថា ការរួមចំណែកនៅឯកិច្ចប្រជុំគ្រីស្ទានគឺជាអ្វីដែលមានអាទិភាពចំពោះគ្រួសារគាត់។
៥ សហការគ្នានិងការគ្រោងទុកដោយយកចិត្តទុកដាក់ គឺជាកត្ដាសំខាន់ក្នុងការបង្ហើយកិច្ចការផ្សេងៗក្នុងផ្ទះ ដើម្បីឲ្យក្រុមគ្រួសាររៀបចំទៅឯកិច្ចប្រជុំបានទាន់ពេល។ (សុ. ២០:១៨) យើងក៏អាចបង្រៀនកូនតូចៗដែរ ឲ្យចេះស្លៀកពាក់និងត្រៀមខ្លួនដើម្បីចេញដំណើរទៅឯកិច្ចប្រជុំនៅម៉ោងដែលបានកំណត់។ គំរូរបស់មាតាបិតាអាចផ្ដិតជាប់ក្នុងគំនិតកូននូវសារៈសំខាន់នៃកិច្ចប្រជុំទាំងឡាយ។—សុ. ២០:៧
៦ កាលណារបបលោកីយ៍នេះគាបសង្កត់លើយើងកាន់តែច្រើនឡើងៗ គឺសំខាន់ណាស់ដែលយើងចូលរួមកិច្ចប្រជុំតាមក្រុមជំនុំឲ្យបានទៀងទាត់។ ចូរឲ្យយើងបន្តមានទស្សនៈដូចព្រះយេហូវ៉ា និងចាត់ទុកការចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់នោះ មានអាទិភាពក្នុងជីវិត។—ហេ. ១០:២៤, ២៥