កាលវិភាគក្រុមគ្រួសារសម្រាប់កិច្ចប្រជុំក្រុមជំនុំ
១ បើអ្នកជាមាតាបិតាគ្រីស្ទាន អ្នកពិតជាចង់ឲ្យកូនអ្នកធំពេញវ័យឡើងឲ្យស្រឡាញ់និងបំរើព្រះយេហូវ៉ា ហើយនៅទីបំផុតទទួលបានជីវិតអស់កល្បជានិច្ចនៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យា។ តើអ្នកអាចជួយពួកគេឲ្យចាត់ទុកការថ្វាយបង្គំព្រះយេហូវ៉ាជាអាទិភាពក្នុងជីវិតបានយ៉ាងណា? របៀបដ៏សំខាន់មួយគឺដោយសារគំរូរបស់អ្នក។ (សុ. ២០:៧) ដោយចងចាំនូវគំរូរបស់ម្ដាយដែលជាស្មរបន្ទាល់នោះ បងស្រីម្នាក់បានមានប្រសាសន៍ថា៖«គ្មានការសង្ស័យសោះឡើយដែលថាតើយើងនឹងទៅកិច្ចប្រជុំឬក៏អត់»។ នេះបានដក់ជាប់ជានិច្ចក្នុងចិត្តគំនិតរបស់គាត់។
២ តើគ្រួសារអ្នកដឹងច្បាស់អំពីគោលបំណងនៃកិច្ចប្រជុំក្រុមជំនុំឬទេ? ការណែនាំដែលយើងទទួលនៅឯកិច្ចប្រជុំទាំងនេះពង្រឹងកម្លាំងយើងដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ ម្យ៉ាងទៀតមិត្តភាពដែលយើងមានជាមួយនឹងបងប្អូនយើងជាប្រភពមួយនៃការលើកទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន។ (អេសា. ៥៤:១៣; រ៉ូម ១:១១, ១២) យ៉ាងណាក៏ដោយ គោលបំណងចំបងនៃកិច្ចប្រជុំបែបនេះគឺដើម្បីលើកសរសើរព្រះយេហូវ៉ា«នៅក្នុងពួកជំនុំទាំងប៉ុន្មាន»។ (ទំនុក. ២៦:១២) កិច្ចប្រជុំគ្រីស្ទានបើកឱកាសឲ្យយើងបង្ហាញឲ្យឃើញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងដើម្បីថ្វាយបង្គំទ្រង់។
៣ «ត្រូវប្រយ័តដោយមធ្យ័ត»: ការអបអរចំពោះគោលបំណងដ៏ពិសិដ្ឋនៃកិច្ចប្រជុំរបស់យើង នឹងជំរុញយើងឲ្យ«ប្រយ័តដោយមធ្យ័ត»ដើម្បីកុំឲ្យយើងបណ្ដុះបណ្ដាលនូវទម្លាប់អាក់ខានមកកិច្ចប្រជុំបន្ដិចម្ដងៗ ហើយបែរជាយកចិត្តទុកដាក់រឿងដែលមិនសូវសំខាន់នោះទៅវិញ។ (អេភ. ៥:១៥, ១៦; ហេ. ១០:២៤, ២៥) ពេលរៀបចំកាលវិភាគសម្រាប់គ្រួសារអ្នក អ្នកអាចចាប់ផ្ដើមគ្រោងទុកពេលវេលាសម្រាប់កិច្ចប្រជុំផ្សេងៗ។ បន្ទាប់មកសូមប្រយ័ត្នប្រយែងកុំឲ្យសកម្មភាពផ្សេងណាទៀតធ្វើឲ្យរំខានដល់កាលវិភាគនេះបានឡើយ។ សូមធ្វើឲ្យប្រាកដថាការចូលរួមកិច្ចប្រជុំគឺជាអាទិភាពរបស់គ្រួសារអ្នក។
៤ តើយើងមិនរំភើបចិត្តទេឬ កាលណាយើងអានអំពីបងប្អូនយើងដែលពុះពារនឹងឧបសគ្គដើម្បីចូលរួមកិច្ចប្រជុំ សន្និបាតនិងមហាសន្និបាតនោះ? ថ្វីបើស្ថានភាពរបស់អ្នកមិនសូវដុនដាបក៏ដោយ អ្នកក៏ទំនងជាប្រឈមមុខនឹងការពិបាកខ្លះៗដែរ។ សាតាំងកំពុងតែធ្វើឲ្យរាស្ត្ររបស់ព្រះមានការពិបាកកាន់តែខ្លាំងឡើងក្នុងការថ្វាយបង្គំព្រះយេហូវ៉ា។ ប៉ុន្តែ អ្នកអាចជឿជាក់ថាកូនៗរបស់អ្នកនឹងកត់សំគាល់នូវការព្យាយាមដ៏មោះមុតរបស់ក្រុមគ្រួសារអ្នកដើម្បីចូលរួមកិច្ចប្រជុំផ្សេងៗនៃក្រុមជំនុំ។ ប្រាកដហើយ ដោយធ្វើយ៉ាងនេះ អ្នកប្រហែលជាផ្ដល់ឲ្យពួកគេនូវអំណោយខាងវិញ្ញាណដែលនឹងមិនត្រូវបានបំភ្លេចឡើយ។