ការអបអរនឹងការប្រជុំគ្រីស្ទាន
«ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា»។—ហេព្រើរ ១០:២៤, ២៥
១, ២. (ក) ហេតុអ្វីបានជាការចូលកិច្ចប្រជុំគ្រីស្ទានពិត ជាឯកសិទ្ធិមួយ? (ខ) ក្នុងន័យអ្វីដែលព្រះយេស៊ូមានវត្តមាននៅកន្លែងប្រជុំជាមួយពួកកាន់តាមទ្រង់?
ជាឯកសិទ្ធិដ៏ល្អមែន ក្នុងការទៅប្រជុំគ្រីស្ទាន មិនថាមានមនុស្សតិចជាងដប់នាក់ឬមានអ្នកថ្វាយបង្គំព្រះយេហូវ៉ាបីបួនពាន់នាក់ក៏ដោយ ដ្បិតព្រះយេស៊ូមានបន្ទូលថា៖ «កន្លែងណាដែលមាន២ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្ដាលចំណោមអ្នកទាំងនោះដែរ»! (ម៉ាថាយ ១៨:២០) ពិតមែន នៅពេលដែលធ្វើសេចក្ដីសន្យានោះ ព្រះយេស៊ូបានពិគ្រោះអំពីរឿងខាងការវិនិច្ឆ័យ ដែលត្រូវការដោះស្រាយឲ្យបានត្រឹមត្រូវ ដោយអស់អ្នកដែលនាំមុខក្នុងក្រុមជំនុំ។ (ម៉ាថាយ ១៨:១៥-១៩) ប៉ុន្តែ តើបន្ទូលរបស់ព្រះយេស៊ូអាចយកមកប្រើជាគោលការណ៍ ក្នុងការប្រជុំគ្រីស្ទានទាំងអស់ ដែលបើកនិងបិទកម្មវិធីដោយសេចក្ដីអធិស្ឋានក្នុងព្រះនាមទ្រង់ឬទេ? ត្រូវហើយ។ សូមចាំថា នៅពេលដែលព្រះយេស៊ូចាត់ពួកកាន់តាមទ្រង់ឲ្យទៅបង្កើតឲ្យមានសិស្ស នោះទ្រង់បានសន្យាថា៖ «ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។—ម៉ាថាយ ២៨:២០
២ គឺគ្មានសង្ស័យទេ ដែលមេនៃក្រុមជំនុំគ្រីស្ទាន ព្រះអម្ចាស់ព្រះយេស៊ូគ្រីស្ទ គឺមានការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងលើគ្រប់ការប្រជុំទាំងអស់ នៃពួកអ្នកកាន់តាមទ្រង់ដ៏ស្មោះត្រង់។ ម្យ៉ាងវិញទៀត យើងអាចដឹងប្រាកដថា ទ្រង់មានវត្តមានជាមួយពួកគេ តាមរយៈវិញ្ញាណបរិសុទ្ធរបស់ព្រះ។ (កិច្ចការ ២:៣៣; វិវរណៈ ៥:៦) ព្រះយេហូវ៉ាក៏មានព្រះទ័យទុកដាក់នឹងកិច្ចប្រជុំរបស់យើងដែរ។ គោលបំណងសំខាន់នៃកិច្ចប្រជុំបែបនេះ គឺដើម្បីលើកសរសើរដល់ព្រះ«នៅក្នុងពួកជំនុំទាំងប៉ុន្មាន»។ (ទំនុកដំកើង ២៦:១២) ការទៅកិច្ចប្រជុំ ជាទីសំអាងនៃសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់។
៣. ចំពោះមូលហេតុដ៏សំខាន់អ្វី ដែលយើងបង្ហាញការអបអរចំពោះកិច្ចប្រជុំគ្រីស្ទាន?
៣ គឺមានមូលហេតុល្អឯទៀត ដែលយើងអបអរកិច្ចប្រជុំគ្រីស្ទាន។ មុននឹងទ្រង់ចាកចេញពីផែនដី ព្រះយេស៊ូគ្រីស្ទបានតែងតាំងពួកសិស្សចាក់ប្រេងតាំងរបស់ទ្រង់ ឲ្យធ្វើជា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ក្នុងការផ្ដល់អាហារខាងវិញ្ញាណតាមត្រូវពេលដល់ពួកមានជំនឿ។ (ម៉ាថាយ ២៤:៤៥) ផ្លូវសំខាន់ដើម្បីបំពេញការបំប៉នខាងវិញ្ញាណបែបនេះ គឺតាមរយៈការប្រជុំនៃក្រុមជំនុំគ្រីស្ទាន ព្រមទាំងការប្រជុំធំៗ—ជាសន្និបាត និងមហាសន្និបាត។ ព្រះអម្ចាស់ព្រះយេស៊ូគ្រីស្ទដឹកនាំអ្នកបំរើស្មោះត្រង់នេះ ឲ្យផ្ដល់ពត៌មាននៅឯកន្លែងប្រជុំបែបនេះ ដល់អស់អ្នកទាំងឡាយដែលចង់រួចរស់ជីវិតពីរបបដ៏អាក្រក់នេះ ហើយឲ្យទទួលជីវិតនៅក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ។
៤. តើ«ទម្លាប់»ដ៏មានគ្រោះថ្នាក់អ្វី ដែលបានរៀបរាប់ក្នុងព្រះគម្ពីរ ហើយតើអ្វីនឹងជួយយើងឲ្យជៀសវាងពីទម្លាប់នេះបាន?
៤ ដូច្នេះ គ្រីស្ទានម្នាក់មិនត្រូវបណ្ដុះទម្លាប់ដ៏មានគ្រោះថ្នាក់ ដូចបានកត់ទុកដោយសាវ័កប៉ុល ដែលបានសរសេរថា៖ «ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។ (ហេព្រើរ ១០:២៤, ២៥) ការសញ្ជឹងគិតលើឯកសិទ្ធិនិងផលប្រយោជន៍ពីការទៅប្រជុំគ្រីស្ទាន នឹងជួយយើងឲ្យគាំទ្រការប្រជុំបែបនេះដោយស្មោះត្រង់ហើយដោយអស់ពីចិត្ត។
កិច្ចប្រជុំដែលស្អាងចិត្ត
៥. (ក) តើពាក្យសំដីរបស់យើងនៅឯកិច្ចប្រជុំត្រូវមានឥទ្ធិពលយ៉ាងណា? (ខ) ហេតុអ្វីក៏យើងមិនត្រូវពន្យារពេលក្នុងការអញ្ជើញអ្នកចាប់អារម្មណ៍មកឯកិច្ចប្រជុំ?
៥ ដោយព្រោះពួកគ្រីស្ទានអធិស្ឋានសុំវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា ឲ្យមានសកម្មភាពក្នុងកិច្ចប្រជុំគ្រីស្ទាន បុគ្គលម្នាក់ៗដែលទៅនោះត្រូវធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យស្របតាមវិញ្ញាណ ហើយ«កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ»។ (អេភេសូរ ៤:៣០) នៅពេលដែលសាវ័កប៉ុលបានសរសេរពាក្យទាំងនោះ លោកកំពុងតែពិគ្រោះការប្រើពាក្យសំដីដ៏ត្រឹមត្រូវ។ អ្វីដែលយើងនិយាយ ត្រូវតែ«សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្ដល់ព្រះគុណដល់អស់អ្នកដែលស្ដាប់»។ (អេភេសូរ ៤:២៩) ជាពិសេសនេះគឺសំខាន់ណាស់នៅឯកិច្ចប្រជុំគ្រីស្ទាន។ ក្នុងសំបុត្ររបស់គាត់ជូនពួកកូរិនថូស ប៉ុលបានដៅបញ្ជាក់ថា កិច្ចប្រជុំត្រូវតែស្អាងចិត្ត នាំឲ្យចេះដឹង និងដែលលើកទឹកចិត្ត។ (កូរិនថូសទី១ ១៤:៥, ១២, ១៩, ២៦, ៣១) អ្នកដែលមកប្រជុំទទួលផលប្រយោជន៍ពីកិច្ចប្រជុំបែបនេះ រួមបញ្ចូលអ្នកមកថ្មី ដែលអាចសន្និដ្ឋានថា៖ «ព្រះទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នាមែន»។ (កូរិនថូសទី១ ១៤:២៥) ចំពោះមូលហេតុនេះ យើងមិនត្រូវពន្យារពេលក្នុងការអញ្ជើញអ្នកចាប់អារម្មណ៍ថ្មី ឲ្យមកប្រជុំជាមួយយើងឡើយ ដ្បិតបើធ្វើបែបនេះ នោះនឹងធ្វើឲ្យមានការលូតលាស់ខាងវិញ្ញាណយ៉ាងលឿន។
៦. តើមានកត្ដាណាខ្លះដែលជួយឲ្យកិច្ចប្រជុំបានលើកទឹកចិត្ត?
៦ អស់អ្នកដែលបានចាត់ឲ្យឡើងអធិប្បាយ ធ្វើសម្ភាសន៍ ឬការសម្ដែងឲ្យយល់ នៅឯកិច្ចប្រជុំគ្រីស្ទាន ត្រូវធ្វើយ៉ាងណាឲ្យបានប្រាកដថា ពាក្យសំដីរបស់គេគឺឲ្យបានលើកទឹកចិត្ត ហើយឲ្យស្របតាមបន្ទូលរបស់ព្រះ គឺជាព្រះគម្ពីរ។ បន្ថែមពីលើការប្រើពាក្យសំដីឲ្យបានត្រឹមត្រូវ យើងត្រូវសម្ដែងអារម្មណ៍និងទឹកចិត្ត ដែលស្របតាមបុគ្គលិកលក្ខណៈដ៏ស្រឡាញ់របស់ព្រះនិងព្រះគ្រីស្ទ។ ប្រសិនបើគ្រប់គ្នាសម្រេចចំណែកការរបស់គេ ក្នុងកម្មវិធីប្រជុំ យកចិត្តទុកដាក់លើការសម្ដែងឲ្យឃើញ‹ផលផ្លែនៃវិញ្ញាណរបស់ព្រះ› ដូចជាអំណរ ការអត់ធ្មត់ និងជំនឿ នោះពួកអ្នកដែលមកប្រជុំទាំងអស់គ្នានឹងប្រាកដជាបានស្អាងចិត្តឡើងមែន។—កាឡាទី ៥:២២, ២៣
៧. តើតាមរបៀបណាដែលពួកមកប្រជុំអាចបណ្ដាលឲ្យកិច្ចប្រជុំបានលើកទឹកចិត្ត?
៧ ថ្វីបើមានតែបីបួននាក់អាចមានចំណែកក្នុងកម្មវិធីនៅឯកិច្ចប្រជុំគ្រីស្ទានក៏ដោយ មនុស្សទាំងអស់គ្នាអាចធ្វើឲ្យការប្រជុំជាអ្វីដ៏លើកទឹកចិត្តមួយ។ គឺមានឱកាសជារឿយៗសំរាប់ឲ្យអ្នកស្ដាប់ឆ្លើយសំនួរ។ នេះជាគ្រាដើម្បីប្រកាសជាសាធារណៈនូវជំនឿរបស់យើង។ (រ៉ូម ១០:៩) យើងមិនគួរប្រើឱកាសនេះដើម្បីផ្សាយគំនិតផ្ទាល់ខ្លួនរបស់យើង ដើម្បីអួតពីការសម្រេចដ៏ផ្ទាល់ខ្លួនរបស់យើងឡើយ ឬដើម្បីរិះគន់អ្នកជឿគ្នាឯង។ តើនេះនឹងពិតជាធ្វើទុក្ខដល់វិញ្ញាណរបស់ព្រះទេឬ? ការទាស់គំនិតគ្នារវាងអ្នកជឿគ្នាឯង គឺអាចដោះស្រាយបានប្រសើរនៅកន្លែងសម្ងាត់ ហើយដោយគំនិតនៃសេចក្ដីស្រឡាញ់។ ព្រះគម្ពីរចែងថា៖ «ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្ដោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ»។ (អេភេសូរ ៤:៣២) ការប្រជុំគ្រីស្ទានផ្ដល់ឱកាសដ៏ល្អមែន ដើម្បីឲ្យយើងអនុវត្តឱវាទដ៏នេះ! ដើម្បីសម្រេចបំណងនេះ មនុស្សជាច្រើនមកកិច្ចប្រជុំមុនម៉ោង ហើយនៅយូរបន្ដិចក្រោយពីកិច្ចប្រជុំចប់។ នេះក៏ជួយពួកចាប់អារម្មណ៍ថ្មី ជាពិសេសត្រូវដឹងថា គេទទួលស្វាគមន៍ខ្លួន។ ដូច្នេះ ពួកគ្រីស្ទានដែលថ្វាយខ្លួន មានមុខនាទីក្នុងការធ្វើឲ្យកិច្ចប្រជុំជារបៀបលើកទឹកចិត្ត ដោយ‹ពិចារណាមើលគ្នាទៅវិញទៅមក ហើយបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់និងឲ្យធ្វើការល្អ›។
រៀបចំឲ្យបានល្អសំរាប់កិច្ចប្រជុំ
៨. (ក) តើការលះបង់ដ៏សរសើរអ្វី ដែលមនុស្សខ្លះត្រូវធ្វើដើម្បីមកកិច្ចប្រជុំ? (ខ) តើព្រះយេហូវ៉ាទុកគំរូអ្វីជាអ្នកគង្វាលមួយអង្គ?
៨ ថ្វីបើប្រហែលជាស្រួលចំពោះអ្នកខ្លះដើម្បីទៅឯកិច្ចប្រជុំ តែចំពោះអ្នកផ្សេងទៀតគឺត្រូវការបូជាលះបង់ជានិច្ច។ ជាឧទាហរណ៍ ម្ដាយគ្រីស្ទានម្នាក់ដែលត្រូវតែរកស៊ី ដើម្បីចិញ្ចឹមគ្រួសាររបស់នាង ធម្មតាចេញពីធ្វើការទៅផ្ទះដោយអស់កម្លាំងណាស់។ នាងប្រហែលជាត្រូវរៀបចំអាហារ ហើយជួយកូនរបស់ខ្លួនឲ្យបានរួចស្រេចសំរាប់ទៅកិច្ចប្រជុំ។ គ្រីស្ទានផ្សេងទៀត ប្រហែលជាធ្វើដំណើរយ៉ាងឆ្ងាយដើម្បីទៅកិច្ចប្រជុំ ឬក៏គេប្រហែលមានកំរិតដោយភាពពិការឬអាយុចាស់។ ប្រាកដហើយ ព្រះយេហូវ៉ាយល់ស្ថានការណ៍នៃអ្នកដែលមកប្រជុំដ៏ស្មោះត្រង់ម្នាក់ៗ ដូចជាអ្នកគង្វាលដ៏ស្រឡាញ់យល់សេចក្ដីត្រូវការដ៏ពិសេស នៃចៀមនិមួយៗក្នុងក្រោលរបស់គាត់។ ព្រះគម្ពីរចែងថា «[ព្រះយេហូវ៉ា]ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម»។—អេសាយ ៤០:១១
៩, ១០. តើយើងអាចទទួលផលប្រយោជន៍ច្រើនពីកិច្ចប្រជុំយ៉ាងដូចម្ដេច?
៩ អស់អ្នកដែលត្រូវធ្វើការបូជាលះបង់ដ៏ធំ ដើម្បីមកប្រជុំជារឿយៗនោះ ប្រហែលជាមានពេលតិចតួច ដើម្បីរៀបចំរៀនសូត្រពត៌មាន ដែលនឹងត្រូវយកមកពិចារណានោះ។ ការធ្វើតាមតារាងនៃការអានព្រះគម្ពីរប្រចាំសប្ដាហ៍នាំឲ្យមានចូលរួមសាលាកិច្ចបំរើព្រះធិបតេយ្យមានផលល្អ។ ស្រដៀងគ្នាដែរ ការរៀបចំទុកជាមុនសំរាប់កិច្ចប្រជុំផ្សេងទៀត ដូចជាការសិក្សាប៉មយាម និងការសិក្សាតាមក្រុមជំនុំ នឹងធ្វើឲ្យបានទទួលប្រយោជន៍ច្រើនទៀត។ ដោយអានពត៌មានទុកជាមុន ហើយដោយពិចារណាមើលបទគម្ពីរដែលបានស្រង់យកហើយ នោះពួកអ្នកដែលមានភារៈគ្រួសារដែលនាំឲ្យរវល់ នឹងមានផ្នែកដ៏ខ្លឹមសារ ក្នុងការពិគ្រោះព្រះគម្ពីរដ៏សំខាន់ទាំងនេះ។
១០ ពួកអ្នកផ្សេងៗទៀត ដែលមានកាលៈទេសៈអនុញ្ញាតឲ្យគេមានពេលទំនេរ អាចចំណាយពេលច្រើនក្នុងការរៀបចំកិច្ចប្រជុំ។ ជាឧទាហរណ៍ គេអាចធ្វើការស្រាវជ្រាវអានបទគម្ពីរ ដែលមាននៅទីនោះ តែដែលឥតបានស្រង់។ ដូច្នេះ យើងគ្រប់គ្នាអាចរៀបចំ ដើម្បីឲ្យទទួលបានប្រយោជន៍ច្រើនពីកិច្ចប្រជុំ ហើយមានផ្នែកដ៏ល្អដើម្បីលើកទឹកចិត្តក្រុមជំនុំ ដោយការអធិប្បាយនិងការឆ្លើយរបស់គេ។ ដោយបានរៀបចំល្អ ពួកអ្នកចាស់ទុំនិងអ្នកងារជំនួយ នឹងទុកគំរូល្អ ក្នុងការផ្ដល់ចម្លើយដែលខ្លីហើយចំៗ។ ដោយមានការគោរពដល់សំវិធានការរបស់ព្រះយេហូវ៉ា អស់អ្នកដែលមកប្រជុំនឹងជៀសវាងការប្រព្រឹត្តដ៏រំខាន កាលដែលកំពុងមានប្រជុំ។—ពេត្រុសទី១ ៥:៣
១១. ហេតុអ្វីក៏ត្រូវការការអប់រំខ្លួន ដើម្បីរៀបចំសំរាប់កិច្ចប្រជុំ?
១១ សកម្មភាពនិងការលេងកំសាន្ត ដែលមិនសូវសំខាន់សំរាប់សុខភាពខាងវិញ្ញាណរបស់យើង អាចយកពេលវេលាជាច្រើនពីយើង។ បើដូច្នេះមែន យើងត្រូវការពិនិត្យមើលខ្លួនយើង ហើយ«កុំឲ្យខ្លៅល្ងង់ឡើយ» ដែលស្តីអំពីការប្រើពេលវេលារបស់យើង។ (អេភេសូរ ៥:១៧) គោលបំណងរបស់យើង គឺត្រូវ‹ឆ្លៀតយកពេល›ពីរឿងដែលមិនសូវសំខាន់ ដើម្បីឲ្យយើងអាចចំណាយពេលក្នុងការសិក្សាព្រះគម្ពីរ និងការរៀបចំសំរាប់កិច្ចប្រជុំ ព្រមទាំងការបំរើខាងព្រះរាជាណាចក្រ។ (អេភេសូរ ៥:១៦) ជាសារភាព នេះមិនមែនជាការស្រួលទេ ហើយត្រូវការការអប់រំខ្លួន។ ក្មេងៗដែលយកចិត្តទុកដាក់នឹងពេលវេលារបស់គេ គឺចាក់គ្រឹះដ៏ល្អសំរាប់ការលូតលាស់នៅអនាគត។ ប៉ុលបានសរសេរទៅគូកនក្មេងរបស់គាត់ ធីម៉ូថេថា៖ «ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្ដីទាំងនោះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្ដីជំនឿនរបស់អ្នក»។—ធីម៉ូថេទី១ ៤:១៥
គំរូពីបន្ទូលរបស់ព្រះ
១២. តើគំរូដ៏អស្ចារ្យអ្វីដែលគ្រួសារសាំយូអែលបានទុកនោះ?
១២ សូមពិចារណាមើលនូវគំរូដ៏ល្អ ដែលគ្រួសារសាំយូអែលបានទុក ដែលបានរួមចំណែកជារឿយៗនឹងការរៀបចំ ចំពោះប្រជុំជាមួយអ្នកថ្វាយបង្គំគ្នីគ្នា នៅពេលរោងឧបោសថរបស់ព្រះនៅឯស៊ីឡូរ។ មានតែប្រុសៗទេដែលអនុញ្ញាតឲ្យទៅធ្វើពិធីបុណ្យប្រចាំឆ្នាំ។ ប៉ុន្តែឪពុករបស់សាំយូអែល អែលកាណា បានយកគ្រួសារទាំងមូល កាលដែល«រាល់តែឆ្នាំគាត់តែងឡើងពីក្រុងខ្លួនទៅឯស៊ីឡូរ ដើម្បីនឹងថ្វាយបង្គំ ហើយថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ»។ (សាំយូអែលទី១ ១:៣-៥) ភូមិរបស់សាំយូអែល ឈ្មោះរ៉ាម៉ាថែម-សូភិម ប្រហែលជានៅជិតឆ្នេរសមុទ្រ ដែលនៅសម័យនេះហៅថា រ៉ានថិស នៅជើងភ្នំនៃ«ស្រុកភ្នំអេប្រាអិម»។ (សាំយូអែលទី១ ១:១) ដូច្នេះ ការធ្វើដំណើរទៅស៊ីឡូរ គឺមានចម្ងាយ៣០គីឡូម៉ែត្រ ជាការធ្វើដំណើរដ៏នឿយហត់នៅសម័យនោះ។ នេះជាអ្វីដែលគ្រួសារអែលកាណាបានធ្វើ«រាល់តែឆ្នាំ . . . ធ្វើដំណើរឡើងទៅឯដំណាក់នៃព្រះយេហូវ៉ា»។—សាំយូអែលទី១ ១:៧
១៣. តើគំរូអ្វីដែលពួកយូដាស្មោះត្រង់បានទុក ក្នុងកំឡុងសម័យដែលព្រះយេស៊ូនៅលើផែនដី?
១៣ ព្រះយេស៊ូក៏បានធំឡើងក្នុងគ្រួសារដ៏ធំមួយដែរ។ រៀងរាល់ឆ្នាំ គ្រួសារនេះបានធ្វើដំណើរពីណាសារ៉ែតប្រហែល១០០គីឡូម៉ែត្រ ឆ្ពោះទៅឆៀងខាងត្បូង ដើម្បីទៅធ្វើពិធីបុណ្យរំលងនៅក្រុងយេរូសាឡិម។ គឺមានផ្លូវពីរដែលគេអាចធ្វើដំណើរតាម។ ផ្លូវដ៏ស្រួលជាងគឺត្រូវធ្វើដំណើរចុះជើងភ្នំមេគីដោ ហើយរួចមក ក៏ឡើងប្រហែលជា៦០០ម៉ែត្រ កាត់តាមតំបន់សាម៉ារី ហើយឆ្ពោះទៅក្រុងយេរូសាឡិម។ ផ្លូវដែលគេនិយមប្រើមួយទៀត គឺជាផ្លូវដែលព្រះយេស៊ូបានដើរក្នុងការធ្វើដំណើរជាទីចុងក្រោយ ទៅក្រុងយេរូសាឡិមនៅឆ្នាំ៣៣ ស.យ.។ នេះគឺត្រូវធ្វើដំណើរចុះទៅតាមជើងភ្នំយ័រដាន់ទៅក្រោមផ្ទៃសមុទ្រ រហូតដល់ទ្រង់បានមកដល់«ព្រំដែនស្រុកយូដា នៅខាងនាយទន្លេយ័រដាន់»។ (ម៉ាកុស ១០:១) ចាប់ផ្ដើមពីកន្លែងនេះ «ផ្លូវឡើងទៅឯក្រុងយេរូសាឡិម» គឺមានចម្ងាយ៣០គីឡូម៉ែត្រ ដែលត្រូវឡើងជាង១.១០០ម៉ែត្រ។ (ម៉ាកុស ១០:៣២) ជារឿយៗ ពួកបណ្ដាជនដ៏ស្មោះត្រង់ដែលធ្វើបុណ្យ បានធ្វើដំណើរដ៏ពិបាកចេញពីស្រុកកាលីឡេទៅក្រុងយេរូសាឡិម។ (លូកា ២:៤៤) នេះជាគំរូដ៏ល្អមែនចំពោះអ្នកបំរើព្រះយេហូវ៉ានៅស្រុក ដែលសំបូរទ្រព្យធនសព្វថ្ងៃនេះ ដែលអាចទៅប្រជុំគ្រីស្ទានយ៉ាងស្រួល ដោយសារមានយានសំរាប់ដឹកនាំនៅសម័យទំនើបនេះ!
១៤, ១៥. (ក) តើអាណបានទុកគំរូយ៉ាងណា? (ខ) តើអ្វីដែលយើងរៀនពីអាកប្បកិរិយាដ៏ល្អដែលបានបង្ហាញ ដោយពួកអ្នកថ្មីដែលមកប្រជុំ?
១៤ ឧទាហរណ៍មួយទៀត គឺអំពីស្ត្រីមេម៉ាយម្នាក់ដែលមានអាយុ៨៤ឆ្នាំ ឈ្មោះអាណ។ ព្រះគម្ពីរចែងថា គាត់«នៅតែក្នុងព្រះវិហារ មិនដែលចេញឡើយ»។ (លូកា ២:៣៧) ថែមទៀតនោះ អាណបានបង្ហាញការយកចិត្តទុកដាក់ដ៏ស្រឡាញ់ដល់អ្នកដទៃ។ ក្រោយពីឃើញទារក ដែលជាយេស៊ូ ហើយដឹងថា ទ្រង់នឹងទៅជាព្រះមេស្ស៊ីដែលបានសន្យាមកនោះ តើគាត់បានធ្វើអ្វី? គាត់បានអរព្រះគុណដល់ព្រះ ហើយចាប់ផ្ដើម«ប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្ដីប្រោសលោះនៅក្រុងយេរូសាឡិម»។ (លូកា ២:៣៨) នេះជាអាកប្បកិរិយាដ៏ល្អមែន ជាគំរូចំពោះគ្រីស្ទានសព្វថ្ងៃនេះ!
១៥ ត្រូវហើយ ការមកប្រជុំនិងការរួមចំណែកនៅកិច្ចប្រជុំរបស់យើង ត្រូវជាអ្វីដែលរីករាយ ដូចអាណ យើងមិនចង់ខានមកប្រជុំឡើយ។ មនុស្សចាប់អារម្មណ៍ថ្មីជាច្រើនមានការអបអរបែបនេះចំពោះកិច្ចប្រជុំ។ ដោយបានចាកចេញពីភាពងងឹតចូលទៅក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះ គេចង់រៀនឲ្យបានច្រើនដែលអាចធ្វើទៅបាន ហើយមនុស្សជាច្រើនបង្ហាញសេចក្ដីសាទរយ៉ាងខ្លាំងចំពោះកិច្ចប្រជុំគ្រីស្ទាន។ ម្យ៉ាងទៀត អ្នកដែលបានស្គាល់សេចក្ដីពិតជាយូរមកហើយ ត្រូវតែជៀសវាងពី‹ការចាកចេញពីសេចក្ដីស្រឡាញ់ ដែលគេមានពីមុន›។ (វិវរណៈ ២:៤) បញ្ហាខាងសុខភាពយ៉ាងខ្លាំងឬកត្ដាផ្សេងទៀតដែលគេមិនអាចទប់បាន នៅពេលខ្លះ អាចដាក់កំរិតលើការមកកិច្ចប្រជុំ។ ប៉ុន្តែ យើងមិនត្រូវអនុញ្ញាតឲ្យវត្ថុនិយម ល្បែងកំសាន្ត ឬការឥតចាប់អារម្មណ៍មកបណ្ដាលឲ្យយើងមិនបានរៀបចំ ឬមាននិន្ទ្រាលុភាព ឬជាអ្នកមកប្រជុំឥតទៀងទាត់នោះឡើយ។—លូកា ៨:១៤
គំរូដ៏ល្អជាងគេ
១៦, ១៧. (ក) តើអ្វីជាអាកប្បកិរិយារបស់ព្រះយេស៊ូចំពោះការប្រជុំខាងវិញ្ញាណ? (ខ) តើទម្លាប់ល្អអ្វីដែលគ្រីស្ទានទាំងអស់ត្រូវខំធ្វើតាម?
១៦ ព្រះយេស៊ូបានទុកគំរូដ៏អស្ចារ្យ ក្នុងការបង្ហាញការអបអរចំពោះប្រជុំខាងវិញ្ញាណ។ កាលមានអាយុ១២ឆ្នាំ ទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះដំណាក់របស់ព្រះនៅក្រុងយេរូសាឡិម។ ឪពុកម្ដាយរបស់ទ្រង់ មិនអាចរកទ្រង់ឃើញ ប៉ុន្តែនៅក្រោយមក បានរកឃើញទ្រង់កំពុងពិគ្រោះបន្ទូលរបស់ព្រះជាមួយគ្រូក្នុងព្រះវិហារ។ ក្នុងសេចក្ដីតបឆ្លើយអំពីការខ្វល់ខ្វាយរបស់ឪពុកម្ដាយ ព្រះយេស៊ូបានសួរដោយគោរពថា៖ «តើមិនជ្រាបថា គួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី»? (លូកា ២:៤៩) ដោយរាបទាប យេស៊ូដ៏ក្មេងនេះបានត្រឡប់ទៅណាសារ៉ែតជាមួយឪពុកម្ដាយវិញ។ នៅទីនោះទ្រង់បានបន្ត ក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះកិច្ចប្រជុំថ្វាយបង្គំ ដោយមកឯសាលាប្រជុំយ៉ាងទៀងទាត់។ ដូច្នេះ នៅពេលដែលទ្រង់ចាប់ផ្ដើមកិច្ចបំរើរបស់ទ្រង់ នោះព្រះគម្ពីររាយការណ៍ថា៖ «រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ហើយឈរឡើង ដើម្បីអានមើលគម្ពីរ»។ ក្រោយពីព្រះយេស៊ូបានអានហើយពន្យល់អេសាយ ៦១:១, ២ «ក៏អស្ចារ្យក្នុងចិត្តពីព្រះបន្ទូលដ៏ផ្អែមពីរោះ ដែលចេញពីព្រះឱស្ឋទ្រង់មក»។—លូកា ៤:១៦, ២២
១៧ កិច្ចប្រជុំគ្រីស្ទានសព្វថ្ងៃនេះមានគំរូស្រដៀងគ្នាដែរ។ ក្រោយពីកិច្ចប្រជុំបើកកម្មវិធីដោយច្រៀងសរសើរនិងសេចក្ដីអធិស្ឋាន នោះខពីព្រះគម្ពីរ (ឬខដែលបានស្រង់ក្នុងពត៌មាននៃការសិក្សាព្រះគម្ពីរ) បានត្រូវអានហើយបានត្រូវពន្យល់។ គ្រីស្ទានពិតគឺតម្រូវឲ្យធ្វើតាមគំរូដ៏ល្អរបស់ព្រះយេស៊ូគ្រីស្ទ។ គេមានចិត្តរីករាយក្នុងការមកប្រជុំគ្រីស្ទានយ៉ាងទៀងទាត់ ឲ្យតែកាលៈទេសៈរបស់គេអនុញ្ញាតឲ្យគេធ្វើទៅបាន។
គំរូសម័យថ្មីនេះ
១៨, ១៩. តើគំរូដ៏អស្ចារ្យដែលបងប្អូនខ្លះដែលនៅប្រទេសក្រ មានសំរាប់កិច្ចប្រជុំ សន្និបាត និងមហាសន្និបាត?
១៨ ក្នុងភូមិភាគដែលឥតសំបូរទ្រព្យធននៅលើផែនដីនេះ នោះគឺមានបងប្អូនប្រុសស្រីរបស់យើងជាច្រើន ដែលទុកគំរូដ៏ល្អក្នុងការអបអរចំពោះកិច្ចប្រជុំគ្រីស្ទាន។ នៅប្រទេសម៉ូសាប៊ិក អ្នកត្រួតពិនិត្យតំបន់ឈ្មោះ អូឡានដូ និងប្រពន្ធរបស់គាត់ឈ្មោះ អាមីលា បានដើរអស់៤៥ម៉ោង ដែលមានចម្ងាយ៩០គីឡូម៉ែត្រឡើងភ្នំខ្ពស់ៗ ដើម្បីទៅបំរើនៅឯសន្និបាតមួយ។ រួចមកគេក៏ធ្វើដំណើរមកវិញ ដើម្បីទៅបំរើសន្និបាតមួយទៀត។ អូឡានដូបានរាយការណ៍យ៉ាងរាបទាបថា៖ «យើងគិតថា យើងមិនបានធ្វើអ្វីដ៏ពិបាកនោះទេ បើប្រៀបធៀបនឹងបងប្អូនពីក្រុមជំនុំបាវ៉ា។ ដើម្បីមកឯសន្និបាតហើយត្រឡប់ទៅផ្ទះរបស់គេវិញ នោះត្រូវដើរប្រាំមួយថ្ងៃ ដែលមានចម្ងាយ៤០០គីឡូម៉ែត្រ ហើយមានបងប្រុសម្នាក់ដែលមានអាយុ៦០ឆ្នាំក្នុងចំណោមពួកគេ»!
១៩ ចុះយ៉ាងណាវិញចំពោះការអបអរនឹងកិច្ចប្រជុំប្រចាំសប្ដាហ៍? កាឆ្វាឆ្វា អិនចាមបា ជាបងស្រីដ៏ទន់ខ្សោយម្នាក់ ដែលមានអាយុជាង៧០ឆ្នាំ។ គាត់រស់នៅកាសូសូស៊ី ជាភូមិដ៏តូចមួយដែលមានចម្ងាយ៥គីឡូម៉ែត្រពីសាលព្រះរាជាណាចក្រនៅរ៉ុនឌូ ប្រទេសណាមីប៊ា។ ដើម្បីទៅប្រជុំ គាត់ដើរទៅវិញទៅមកមានចម្ងាយ១០គីឡូម៉ែត្រកាត់តាមព្រៃ។ អ្នកផ្សេងទៀតត្រូវបានគេវាយប្លន់តាមផ្លូវនេះ ប៉ុន្តែ កាឆ្វាឆ្វាបន្តមកប្រជុំជារឿយៗ។ កម្មវិធីប្រជុំភាគច្រើនបានអធិប្បាយក្នុងភាសាដែលគាត់មិនយល់សោះ។ ដូច្នេះ តើគាត់បានទទួលប្រយោជន៍យ៉ាងណាពីកិច្ចប្រជុំ? គាត់និយាយថា «ដោយមើលតាមព្រះគម្ពីរ ខ្ញុំខំគិតថាតើការអធិប្បាយនិយាយអំពីអ្វី»។ ប៉ុន្តែ គាត់មិនចេះអានអក្សរទេ ដូច្នេះ តើគាត់មើលតាមបទគម្ពីរយ៉ាងដូចម្ដេច? គាត់ឆ្លើយថា «ខ្ញុំរង់ចាំស្ដាប់បទគម្ពីរដែលខ្ញុំដឹងហើយ»។ ហើយជាយូរឆ្នាំក្រោយមក គាត់បានកត់ទុកបទគម្ពីរមួយចំនួនក្នុងខួរក្បាល។ ដើម្បីធ្វើឲ្យប្រសើរឡើងសមត្ថភាពរបស់គាត់ក្នុងការប្រើព្រះគម្ពីរ គាត់ទៅសាលារៀន ដែលបានរៀបចំដោយក្រុមជំនុំ។ គាត់និយាយថា៖ «ខ្ញុំចូលចិត្តទៅប្រជុំណាស់។ គឺតែងតែមានអ្វីថ្មីដើម្បីនឹងរៀន។ ខ្ញុំចូលចិត្តចូលរួមរាប់អានជាមួយបងប្អូនប្រុសស្រី។ ទោះជាខ្ញុំមិនអាចនិយាយដល់គេគ្រប់គ្នាក៏ដោយ គេក៏តែងមកគំនាប់ខ្ញុំជានិច្ច។ ហើយអ្វីដ៏សំខាន់ទៀត ខ្ញុំដឹងថាដោយមកកិច្ចប្រជុំ ខ្ញុំធ្វើឲ្យព្រះទ័យរបស់ព្រះយេហូវ៉ារីករាយ»។
២០. ហេតុអ្វីក៏យើងមិនត្រូវបោះបង់ចោលកិច្ចប្រជុំគ្រីស្ទានរបស់យើង?
២០ កាឆ្វាឆ្វា នោះអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ាជាច្រើនលាននាក់ទូទាំងពិភពលោក បង្ហាញការអបអរដ៏សរសើរចំពោះកិច្ចប្រជុំគ្រីស្ទាន។ កាលដែលលោកីយ៍របស់សាតាំងខិតទៅកាន់សេចក្ដីហិនវិនាស យើងមិនត្រូវបោះបង់ចោលការប្រជុំជាមួយគ្នានោះឡើយ។ ផ្ទុយទៅវិញ សូមឲ្យយើងរក្សាការប្រុងប្រយ័ត្នខាងវិញ្ញាណ ហើយបង្ហាញការអបអរយ៉ាងជ្រាលជ្រៅចំពោះកិច្ចប្រជុំ សន្និបាត និងមហាសន្និបាត។ នេះមិនគ្រាន់តែធ្វើឲ្យចិត្តរបស់ព្រះយេហូវ៉ារីករាយ ប៉ុន្តែយើងនឹងបានទទួលប្រយោជន៍យ៉ាងច្រើន កាលដែលយើងទទួលការបង្រៀនរបស់ព្រះ ដែលដឹកនាំទៅដល់ជីវិតអស់កល្បជានិច្ច។—សុភាសិត ២៧:១១; អេសាយ ៤៨:១៧, ១៨; ម៉ាកុស ១៣:៣៥-៣៧
សំនួរសាឡើងវិញ
◻ ហេតុអ្វីក៏ការចូលប្រជុំគ្រីស្ទានជាឯកសិទ្ធិ?
◻ តើដោយដូចម្ដេចដែលពួកមកប្រជុំបណ្ដាលឲ្យមានប្រជុំដ៏លើកទឹកចិត្ត?
◻ តើគំរូដ៏អស្ចារ្យអ្វីដែលព្រះយេស៊ូគ្រីស្ទបានទុក?
◻ តើមេរៀនអ្វីដែលអាចរៀនពីបងប្អូននៅប្រទេសដែលឥតសំបូរខាងទ្រព្យធន?
[ប្រអប់នៅទំព័រ១៩]
គេអបអរកិច្ចប្រជុំប្រចាំសប្ដាហ៍
មនុស្សរាប់លាននាក់រស់នៅទីក្រុងដែលមានភាពក្រីក្រ និងឧក្រិដ្ឋកម្ម។ ថ្វីបើមានកាលៈទេសៈបែបនេះក៏ដោយ គ្រីស្ទានពិតក្នុងចំណោមគេបង្ហាញនូវការអបអរដ៏សរសើរចំពោះកិច្ចប្រជុំគ្រីស្ទាន។ អ្នកចាស់ទុំម្នាក់ដែលបំរើនៅក្រុមជំនុំមួយនៅក្រុងសូវីតតូក្នុងខេត្ត ហ្គោតិង ប្រទេសអាហ្វ្រិកខាងត្បូង រាយការណ៍ថា៖ «ក្នុងក្រុមជំនុំដែលមានស្មរបន្ទាល់និងអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹកចំនួន៦០នាក់ នោះយើងមានរវាង៧០ឬ៨០នាក់ ហើយពេលខ្លះច្រើនទៀត ដែលបានមកកិច្ចប្រជុំរបស់យើង។ ទោះជាបងប្អូនប្រុសស្រី មិនបានធ្វើដំណើរឆ្ងាយដើម្បីទៅប្រជុំក្ដី ស្ថានការណ៍ក្នុងភូមិភាគសូវីតតូគឺពិបាកបន្ដិច។ បងប្រុសម្នាក់បានត្រូវគេចាក់ កាលដែលដើរទៅប្រជុំ។ យ៉ាងតិចបំផុត មានបងស្រីពីរនាក់ដែលបានគេចាប់ ដើម្បីនឹងប្លន់។ ប៉ុន្តែ រឿងនេះមិនបញ្ឈប់គេពីការមកប្រជុំឡើយ។ នៅថ្ងៃអាទិត្យ យើងហាត់ច្រៀងចំរៀងមួយរយៈពេលខ្លី ក្រោយពីយើងបានបញ្ចប់កិច្ចប្រជុំដោយអធិស្ឋានហើយ។ យ៉ាងតិចបំផុត មាន៩៥ភាគរយនៅច្រៀងចំរៀងទាំងអស់ ដែលនឹងច្រៀងក្នុងសប្ដាហ៍ជាបន្ទាប់។ នេះជួយអ្នកចាប់អារម្មណ៍ថ្មីឲ្យរៀនចំរៀងហើយច្រៀងជាមួយយើងដែរ»។
ពួកអ្នករស់នៅតាមជនបទមានឧបសគ្គផ្សេងទៀត ដូចជាការធ្វើដំណើរយ៉ាងឆ្ងាយ ដើម្បីទៅកិច្ចប្រជុំបីដងក្នុងមួយសប្ដាហ៍។ ប្ដីប្រពន្ធមួយគូដែលចាប់អារម្មណ៍នឹងព្រះគម្ពីរ រស់នៅ១៥គីឡូម៉ែត្រពីសាលព្រះរាជាណាចក្រនៅឡូបាត ប្រទេសបុតស្វាណា។ នៅឆ្នាំដែលបានកន្លងទៅនេះ គេបានទៅប្រជុំយ៉ាងទៀងទាត់ ជាមួយកូនពីរនាក់របស់គេ។ ប្ដីជួសជុលស្បែកជើងដើម្បីចិញ្ចឹមគ្រួសារ។ ប្រពន្ធលក់របស់តិចតួច ដើម្បីជួយប្រាក់ចំណូល ដើម្បីឲ្យគេអាចបង់ថ្លៃឈ្នួលទៅនិងមកពីកិច្ចប្រជុំ។
នៅរាត្រីរដូវក្ដៅថ្មីនេះ ក្រោយពីជួបជាមួយនឹងអ្នកត្រួតពិនិត្យមណ្ឌល គ្រួសារនេះបានកឿងនៅឯបេនឡាននៅម៉ោង៩:០០ យប់។ ឡានឈ្នួលបានឈប់មុនម៉ោង ដោយព្រោះធាតុអាកាសមិនល្អ។ ប៉ូលិសម្នាក់បានបង្អង់ឡានរបស់គាត់ ហើយសួរថាតើគេកំពុងធ្វើអ្វី។ ពេលឮស្ថានការណ៍របស់គេ នោះគាត់មានចិត្តអាណិតដល់គេ ហើយក៏ដឹកគេ១៥គីឡូម៉ែត្រទៅផ្ទះវិញ។ ប្រពន្ធ ដែលជាអ្នកផ្សាយមិនទាន់ជ្រមុជទឹកនៅឡើយ និយាយទៅប្ដីនាងថា៖ «ឃើញទេ បើយើងចាត់ទុកកិច្ចប្រជុំជាការសំខាន់ នោះព្រះយេហូវ៉ានឹងប្រទានឲ្យជានិច្ច»។ ឥឡូវនេះ ប្ដីបានបង្ហាញចិត្តចង់ក្លាយទៅជាអ្នកផ្សាយដំណឹងល្អដែរ។
[រូបភាពនៅទំព័រ១៨]
ស្មរបន្ទាល់បែបនេះ ដូចនៅប្រទេសរូម៉ានី បានទុកគំរូដ៏ល្អក្នុងការអបអរកិច្ចប្រជុំគ្រីស្ទាន