ចូរថ្វាយព្រះយេហូវ៉ានូវរបស់ដ៏ល្អបំផុតរបស់យើង
១ ច្បាប់របស់ព្រះយេហូវ៉ាសំរាប់សាសន៍អ៊ីស្រាអែលបានចែងយ៉ាងជាក់លាក់ថា សត្វដែលត្រូវថ្វាយទ្រង់ជាយញ្ញបូជា នោះត្រូវជាសត្វ«ឥតខ្ចោះ»។ សត្វណាដែលពិការ នោះទ្រង់មិនសព្វព្រះហឫទ័យឡើយ។ (លេវី. ២២:១៨-២០; ម៉ាឡ. ១:៦-៩) ម្យ៉ាងវិញទៀត ពេលថ្វាយសត្វជាយញ្ញបូជា នោះខ្លាញ់ទាំងអស់ដែលជាអ្វីដ៏ល្អបំផុតត្រូវជារបស់ព្រះយេហូវ៉ា។ (លេវី. ៣:១៤-១៦) ព្រះយេហូវ៉ាសមទទួលនូវរបស់ដ៏ល្អបំផុត ពីព្រោះទ្រង់ជាព្រះវរបិតានិងជាចៅហ្វាយដ៏ឧត្តមរបស់សាសន៍អ៊ីស្រាអែល។
២ សព្វថ្ងៃនេះ ព្រះក៏យកព្រះទ័យទុកដាក់នឹងគុណភាពនៃដង្វាយរបស់យើង ដូចនៅពីសម័យបុរាណនោះដែរ។ កិច្ចបំរើរបស់យើងគួរបង្ហាញនូវការគោរពដ៏ត្រឹមត្រូវចំពោះព្រះយេហូវ៉ា។ ពិតហើយ មនុស្សម្នាក់ៗមានកាលៈទេសៈផ្សេងៗគ្នា។ ក៏ប៉ុន្តែ យើងមានមូលហេតុល្អក្នុងការពិចារណាមើលខ្លួន ដើម្បីធ្វើឲ្យប្រាកដថា យើងកំពុងតែបំរើទ្រង់អស់ពីសមត្ថភាពរបស់យើង។—អេភ. ៥:១០
៣ កិច្ចបំរើអស់ពីដួងចិត្ត: ដើម្បីឲ្យកិច្ចបំរើផ្សាយរបស់យើងលើកកិត្ដិយសព្រះយេហូវ៉ា និងមានអានុភាពលើចិត្តរបស់អ្នកស្ដាប់ នោះកិច្ចបំរើរបស់យើងមិនអាចធ្វើឡើងឲ្យគ្រាន់តែបង្គ្រប់កិច្ចនោះឡើយ។ ពាក្យសំដីរបស់យើងអំពីព្រះនិងគោលបំណងដ៏អស្ចារ្យរបស់ទ្រង់ គួរចេញពីដួងចិត្តដែលពោរពេញទៅដោយការដឹងគុណ។ (ទំនុក. ១៤៥:៧) នេះបញ្ជាក់នូវសារៈសំខាន់នៃការរក្សាឲ្យមានកម្មវិធីដ៏ល្អចំពោះការអានព្រះគម្ពីរនិងការសិក្សាផ្ទាល់ខ្លួន។—សុ. ១៥:២៨
៤ ការខំប្រឹងបំរើព្រះយេហូវ៉ាអស់ពីសមត្ថភាពយើង ក៏រួមបញ្ចូលការយកតម្រាប់តាមសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សដែរ។ (អេភ. ៥:១, ២) ការស្រឡាញ់មនុស្សនឹងជំរុញចិត្តយើងឲ្យខំរកជួបមនុស្សកាន់តែច្រើននាក់ទៀត ឲ្យគេទទួលស្ដាប់សារពីព្រះគម្ពីរដែលប្រទានឲ្យជីវិត។ (ម៉ាក. ៦:៣៤) ការស្រឡាញ់មនុស្សជំរុញចិត្តយើងឲ្យបង្ហាញចំណាប់អារម្មណ៍ទៅលើអស់អ្នកដែលយើងនិយាយជាមួយនោះ។ នេះនឹងធ្វើឲ្យយើងគិតអំពីគេក្រោយពីបានជួបដំបូង ក៏ជំរុញឲ្យយើងត្រឡប់ទៅជួបបុគ្គលនោះម្ដងទៀតដែរ។ នេះនឹងជំរុញចិត្តយើងឲ្យខំប្រឹងអស់ពីសមត្ថភាព ដើម្បីជួយគេឲ្យរីកចំរើនខាងវិញ្ញាណ។—កិច្ច. ២០:២៤; ២៦:២៨, ២៩
៥ «ថ្វាយពាក្យសរសើរ . . . ទុកជាគ្រឿងបូជា»: វិធីមួយទៀតដែលយើងថ្វាយព្រះយេហូវ៉ានូវរបស់ដ៏ល្អបំផុតរបស់យើង គឺដោយការព្យាយាមក្នុងកិច្ចបំរើផ្សាយ។ នៅពេលដែលយើងរៀបចំបានយ៉ាងល្អនិងប្រមូលអារម្មណ៍លើកិច្ចបំរើផ្សាយ នោះយើងអាចសម្រេចបានប្រយោជន៍យ៉ាងល្អបំផុតក្នុងពេលវេលាដែលនៅសល់នោះ។ (១ធី. ៤:១០) ការរៀបចំបានយ៉ាងល្អជួយយើងឲ្យនិយាយបានយ៉ាងច្បាស់និងដោយមានទំនុកចិត្ត ហេតុនេះហើយនឹងបង្កើននូវការតបឆ្លើយដ៏វិជ្ជមានពីអ្នកស្ដាប់ផងដែរ។ (សុ. ១៦:២១) កាលដែលយើងចែកប្រាប់នូវដំណឹងល្អដល់អ្នកដទៃ នោះពាក្យសំដីដែលចេញពីដួងចិត្តអាចហៅយ៉ាងត្រឹមត្រូវថាជាការ«ថ្វាយពាក្យសរសើរ . . . ទុកជាគ្រឿងបូជា»។—ហេ. ១៣:១៥