ច្រូតផលទៅតាមការខំប្រឹងផ្ទាល់ខ្លួន
១ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ដល់មនុស្សជាតិតាមរបៀបច្រើនយ៉ាង។ ព្រះយេស៊ូបានលើកបញ្ជាក់ពីសេចក្ដីស្រឡាញ់ដ៏លើសលប់របស់ព្រះទៅហ្វូងមនុស្សដោយមានបន្ទូលថា៖ «[ព្រះ]ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ»។ (ម៉ាថ. ៥:៤៣-៤៨) នៅគ្រាមួយទៀត ព្រះយេស៊ូបានសម្គាល់របៀបម្យ៉ាងដែលលេចធ្លោជាងគេក្នុងការសម្ដែងសេចក្ដីស្រឡាញ់របស់ព្រះវរបិតាទ្រង់ គឺដោយព្រះវរបិតាបានប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមកដើម្បីសង្គ្រោះយើង។ (យ៉ូន. ៣:១៦) ព្រះយេស៊ូទូន្មានអ្នកស្ដាប់របស់ទ្រង់ឲ្យសម្ដែងចិត្តកតញ្ញូចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ តើយើងខំប្រឹងខ្នះខ្នែងធ្វើដូច្នោះទេ?
២ យើងត្រូវតែរៀនឲ្យបានស្គាល់ដល់ព្រះយេហូវ៉ា ដើម្បីសម្ដែងចិត្តកតញ្ញូឲ្យបានពេញលេញ និងដើម្បីទទួលប្រយោជន៍ដែលនៅស្ថិតស្ថេរពីសេចក្ដីស្រឡាញ់របស់ទ្រង់។ (យ៉ូន. ១៧:៣) យើងត្រូវការការដាស់តឿននិងការដឹកនាំពីទ្រង់ដើម្បីយើងអាចបម្រើតាមរបៀបដែលទ្រង់សព្វព្រះហឫទ័យ។ ព្រះយេហូវ៉ាបានបង្ហាញព្រះទ័យទុកដាក់ចំពោះយើងដោយប្រទានព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ទ្រង់។ ទ្រង់បានបង្កើតអង្គការដ៏អស្ចារ្យរបស់ទ្រង់ ហើយតាមរយៈអង្គការនោះយើងទទួលការណែនាំនិងការអប់រំពីទ្រង់។ (ម៉ាថ. ២៤:៤៥-៤៧; ២ធី. ៣:១៦, ១៧) ជារាស្ត្រដែលបានថ្វាយខ្លួនរបស់ព្រះយេហូវ៉ា យើងបានទទួលការអប់រំតាមផ្លូវរបស់ទ្រង់។ ក៏ប៉ុន្តែ តើយើងបង្ហាញដោយការខំប្រឹងផ្ទាល់ខ្លួន ថាយើងជាអ្នកមានចិត្តកតញ្ញូចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាទេ? ដើម្បីផ្គាប់ព្រះហឫទ័យព្រះ និងដើម្បីទទួលប្រយោជន៍ តើយើងធ្វើតាមឱវាទរបស់ព្រះទេ? (អេសា. ៤៨:១៧; យ៉ា. ១:២២) សាវ័កប៉ុលបានសរសេរនៅសៀវភៅកូរិនថូសទី១ ៣:៨ថា៖ «ឯអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះដូចគ្នាទេ ហើយក្នុងអ្នកនីមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ»។—កំណែជាអក្សរទ្រេត
៣ យើងត្រូវតែខំប្រឹងធ្វើអ្វីដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យយើងធ្វើ។ យើងម្នាក់ៗមានការរីកចម្រើនខាងវិញ្ញាណមិនដូចគ្នាទេ។ មានកត្ដាច្រើនដែលនាំឲ្យយើងមានការរីកចម្រើន ហើយមិនប្រកបដោយប្រាជ្ញទេ បើយើងប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃដែលនាំឲ្យយើងធ្លាក់ទឹកចិត្តនោះ។ យ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុតគឺការខំប្រឹងរបស់យើងផ្ទាល់ខ្លួន។ តើយើងអាចធ្វើយ៉ាងណាដើម្បីចូលឲ្យកាន់តែជិតនឹងអង្គការរបស់ព្រះ? តើមានចំណុចណាខ្លះដែលយើងត្រូវកែប្រែដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនជាគ្រិស្តសាសនិកទេ? តើយើងនឹងខំប្រឹងធ្វើអ្វីខ្លះដើម្បីជួយគាំទ្រកិច្ចការក្រុមជំនុំឲ្យបានល្អប្រសើរជាង? តើមានចំណុចណាខ្លះក្នុងការណែនាំរបស់អង្គការយើងដែលយើងត្រូវអនុវត្តតាម?—១ធី. ៤:១៦
៤ ចូរយកតម្រាប់តាមបងប្អូនដែលមានចិត្តស្មោះភក្ដី: ដំណឹងល្អនៃព្រះរាជាណាចក្របានត្រូវផ្សព្វផ្សាយអស់រាប់សិបឆ្នាំមកហើយដោយបងប្អូនប្រុសស្រីដែលមានចិត្តស្មោះភក្ដី។ បងប្អូនស្មោះភក្ដីទាំងនោះ មានប៉ុលជាដើមដែលគួរឲ្យយើងយកតម្រាប់តាមមែន។ (១កូ. ១១:១) ពួកគាត់បានឆ្លើយតបទៅនឹងសេចក្ដីស្រឡាញ់របស់ព្រះ ហើយច្រូតបានផលជាច្រើន ពីព្រោះពួកគាត់បានធ្វើការយ៉ាងនឿយហត់ និងដោយការខំប្រឹងផ្ទាល់ខ្លួនក្នុងការធ្វើតាមឱវាទដែលមាននៅក្នុងព្រះគម្ពីរ។ ពួកគាត់ជាស្នូលដ៏រឹងមាំ ជាអ្នកធ្វើការយ៉ាងសកម្មនៅក្នុងក្រុមជំនុំ ដោយមិនដែលខានបំពេញកាតព្វកិច្ចរបស់ខ្លួនឡើយ។ យើងអាចឃើញផលផ្លែដែលមកពីការខំប្រឹងខ្នះខ្នែងរបស់ពួកគាត់ម្នាក់ៗ។—រ៉ូម ១:១៣; ២កូ. ៣:១-៣
៥ បច្ចុប្បន្ននេះ ក្នុងមួយឆ្នាំៗមានបងប្អូនថ្មីចំនួនរាប់ម៉ឺននាក់ចូលមករួមជាក្រុមតែមួយក្នុងអង្គការរបស់ព្រះ។ (អេសា. ៦០:៨) ពួកគាត់ក៏ខំប្រឹងខ្នះខ្នែងដោយស្មោះដើម្បីក្លាយជាមនុស្សពេញវ័យខាងវិញ្ញាណដែរ ហើយសេចក្ដីខ្នះខ្នែងរបស់ពួកគាត់គួរឲ្យយើងសរសើរមែន! ពួកគាត់បានទទួលប្រយោជន៍ដោយយល់ពីរបៀបដែលព្រះយេហូវ៉ាប្រទានពរ ដល់អស់អ្នកដែលខំព្យាយាមក្នុងកិច្ចបម្រើទ្រង់។ គំរូរបស់បងប្រុសនិងបងស្រីដែលមានភាពចាស់ទុំខាងវិញ្ញាណ ជួយអ្នកថ្មីឲ្យយល់ថា ពេលនេះមិនមែនជាពេលដែលគួរបន្ធូរដៃ ឬបណ្ដែតបណ្ដោយក្នុងកិច្ចបម្រើព្រះឡើយ។ ទោះបីយើងធ្លាប់មានពិសោធន៍ហើយ ឬក៏ជាអ្នកផ្សព្វផ្សាយថ្មីក្ដី តើយើងនូវតែបន្តខំប្រឹងឲ្យមានការរីកចម្រើនខាងវិញ្ញាណ ដោយបំពេញករណីយកិច្ចរបស់ខ្លួនជាគ្រិស្តសាសនិក និងខំប្រឹងដើម្បីទទួលប្រយោជន៍ពីការរៀបចំទាំងអស់របស់ព្រះទេ?
៦ ចូរប្រព្រឹត្តតាមអ្វីដែលបានរៀន: ជាច្រើនឆ្នាំមកហើយ យ៉ាកុបបានសរសេរថាយើងគួរតែជា‹អ្នកប្រព្រឹត្តតាម› និងម៉ូសេក៏មានប្រសាសន៍ទៅសាសន៍យូដាដែរថា៖ «ត្រូវឲ្យ[ឯង]រក្សាអស់ទាំងពាក្យអញទាំងនេះ»។ (យ៉ា. ១:២៥; ចោទិ. ១១:១៨) ដូច្នេះមានតែចំណេះប៉ុណ្ណោះមិនគ្រប់គ្រាន់ទេ។ សាសន៍យូដាត្រូវតែប្រព្រឹត្តតាមពាក្យដែលមានក្នុងក្រឹត្យវិន័យ ដើម្បីបង្ហាញថាពួកគេស្ដាប់តាមព្រះយេហូវ៉ា។ គោលការណ៍ដែលមានជាមូលដ្ឋាននេះឥតប្រែប្រួលទេ។ ព្រះយេស៊ូដែលជារាជបុត្រារបស់ព្រះ ទ្រង់ពិតជាបានជ្រាបច្បាស់អំពីសារៈសំខាន់នៃការស្ដាប់តាម។ (យ៉ូន. ៨:២៨) ទ្រង់មានបន្ទូលនៅម៉ាថាយ ៧:២៤ថា៖ «អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត[ឬ«ឈ្លាសវៃ», ខ.ស.]»។
៧ តើយើងបានប្រព្រឹត្តតាមអ្វីដែលយើងបានរៀននៅឯសន្និបាតតាមមណ្ឌលទេ? តើយើងយល់ថាហេតុអ្វីពេលនេះជាពេលសំខាន់ម្ល៉េះដែលយើងត្រូវតែចាំយាមនិងដឹងខ្លួនជានិច្ច? តើយើងប្រុងស្មារតីដោយប្រយ័ត្ននឹងអន្ទាក់ព្រមទាំងល្បិចកលអូសទាញយ៉ាងប៉ិនប្រសប់របស់មេកំណាចទេ? តើយើងអបអរចំពោះឱវាទ និងសេចក្ដីព្រមានដែលអង្គការផ្ដល់ឲ្យម្ដងហើយម្ដងទៀត ស្តីអំពីភាពស្អាតស្អំខាងសីលធម៌និងខាងវិញ្ញាណក្នុងក្រុមជំនុំទេ? តើយើងម្នាក់ៗខិតខំប្រព្រឹត្តតាមអ្វីដែលយើងបានឮនៅឯសន្និបាតទេ?—យ៉ា. ១:២៣-២៥
៨ ព្រះយេហូវ៉ាបរិសុទ្ធ ទ្រង់ចង់ឲ្យយើងបានបរិសុទ្ធដែរ។ (១ពេ. ១:១៤-១៦) ភាពបរិសុទ្ធមានន័យថា ស្អាតស្អំខាងសាសនា ឬសុទ្ធ ហើយពិសិដ្ឋ។ នេះបង្ហាញឲ្យដឹងពីកម្រិតដែលយើងត្រូវចាត់ទុកដោយឡែកសម្រាប់កិច្ចបម្រើព្រះ។ ព្រះបានផ្ទុកផ្ដាក់កិច្ចផ្សព្វផ្សាយដំណឹងល្អដល់យើង។ ដូច្នេះហើយ យើងត្រូវតែស្អាតស្អំខាងវិញ្ញាណ សីលធម៌ ហើយខាងរូបកាយ ទើបសមនឹងទទួលភារកិច្ចផ្សព្វផ្សាយព្រះបន្ទូលបរិសុទ្ធដែលជាសេចក្ដីពិត។ នេះតម្រូវឲ្យយើងប្រុងប្រយ័ត្នខ្លួនលើសទៅទៀត។ (ហេ. ២:១) បើធ្វើដូច្នេះយើងនឹងច្រូតផលបាន ទៅតាមការខំប្រឹងខ្នះខ្នែងផ្ទាល់ខ្លួន។
៩ ប្រយោជន៍ដែលបានមកពីការសិក្សាដោយខ្លួនឯង: ការសិក្សាដោយខ្លួនឯងជួយពង្រឹងជំនឿរបស់យើងឲ្យកាន់តែរឹងមាំ និងបង្កើនចិត្តកតញ្ញូចំពោះសេចក្ដីពិតរឹតតតែខ្លាំងក្លាថែមទៀត។ ការសិក្សាដោយខ្លួនឯងផ្ដល់ទំនុកចិត្ត ព្រមទាំងជួយយើងឲ្យមានសមត្ថភាពនិយាយដោយមានមូលដ្ឋានត្រឹមត្រូវ។ ការសិក្សាដោយខ្លួនឯងផ្ដល់ឲ្យយើងនូវការយល់ធ្លុះ សមត្ថភាពវែកញែក និងជួយយើងឲ្យប្រដាប់ខ្លួនដោយបុគ្គលិកលក្ខណៈនៃមនុស្សថ្មី។ (កូល. ១:៩-១១) យ៉ាងណាក៏ដោយ ការសិក្សាដែលនាំឲ្យទទួលប្រយោជន៍ត្រូវចំណាយពេលនិងការខំប្រឹងខ្នះខ្នែង ហើយគ្មានផ្លូវកាត់ណាឲ្យបានចំណេះពិត និងឲ្យមានការយល់ជ្រាលជ្រៅខាងវិញ្ញាណទេ។ ចំណាយពេលប៉ុណ្ណាទៅលើការសិក្សាដោយខ្លួនឯង យើងនឹងច្រូតបានផលប៉ុណ្ណោះ។—២កូ. ៩:៦, ៧; កា. ៦:៧
១០ ក្នុងសប្ដាហ៍នីមួយៗ តើយើងទុកពេលគ្រប់គ្រាន់ដើម្បីសិក្សាស្រាវជ្រាវសម្រាប់ប្រជុំទេ? នេះជាវិធីមួយដែលយើងអាចបង្ហាញចិត្តកតញ្ញូចំពោះម្ហូបអាហារខាងវិញ្ញាណ ដែលព្រះយេហូវ៉ាផ្គត់ផ្គង់ឲ្យយើងតាមរយៈអ្នកបម្រើស្មោះត្រង់និងមានវិនិច្ឆ័យល្អ។ ការរៀបចំប្រជុំដោយត្រឹមត្រូវ ជួយយើងឲ្យធ្វើតាមកាលវិភាគយ៉ាងហ្មត់ចត់ក្នុងការអាននិងសិក្សាព្រះបន្ទូលរបស់ព្រះ។ ក្នុងសប្ដាហ៍នីមួយៗ តើយើងទុកពេលដើម្បីធ្វើអំណានព្រះគម្ពីរដែលបានកំណត់ទុកក្នុងកម្មវិធីសាលាកិច្ចបម្រើផ្សាយទេ? ក្នុងមួយថ្ងៃយើងចំណាយពេលតែពីរឬបីនាទីប៉ុណ្ណោះដើម្បីអាននិងរំពឹងគិតទៅលើព័ត៌មាននោះ។ ប្រជុំអប់រំកិច្ចបម្រើជួយយើងឲ្យប្រុងប្រៀបរៀបចំពីរបៀបដែលអាចធ្វើឲ្យកិច្ចបម្រើផ្សាយជាសាធារណៈរបស់យើងបង្កើតផលបាន។ ពេលសិក្សាស្រាវជ្រាវ តើយើងខំប្រឹងគិតពីរបៀបដែលយើងអាចយកព័ត៌មាននោះមកប្រើក្នុងកិច្ចបម្រើផ្សាយទេ? ហើយតើយើងខិតខំយកទៅអនុវត្តតាមភ្លាមៗទេ? យើងគួរកំណត់ពេលដើម្បីរៀបចំស្រាវជ្រាវសម្រាប់ការសិក្សាទស្សនាវដ្ដីប៉មយាមនិងការសិក្សាសៀវភៅតាមក្រុមជំនុំ។ តើយើងកំពុងតែធ្វើដូច្នេះទេ?
១១ ចូរចូលរួមកិច្ចប្រជុំដោយឆ្លើយចម្លើយ: យើងអាចទទួលប្រយោជន៍ជាច្រើនពីកិច្ចប្រជុំបើយើងចូលរួមដោយឆ្លើយចម្លើយ។ ការសិក្សាស្រាវជ្រាវសម្រាប់ប្រជុំនិងការខំប្រឹងចូលរួមដោយឆ្លើយចម្លើយ នោះនឹងជួយយើងឲ្យប្រុងស្ដាប់ និងជាការងាយស្រួលឲ្យយើងទទួលប្រយោជន៍ពីចម្លើយរបស់អ្នកដទៃ។ បងប្អូនជាច្រើននាក់នឹកចាំពីការពិបាករបស់គាត់នៅឡើយ ពេលដែលពួកគាត់ខំប្រឹងឆ្លើយជាលើកទីមួយនៅកិច្ចប្រជុំ ឬក៏ពេលដែលថ្លែងសុន្ទរកថាជាលើកដំបូងនៅសាលាកិច្ចបម្រើផ្សាយ។ ទោះបីជាការភ័យខ្លាចប្រហែលជារសាយបាត់ ហើយយើងមានអារម្មណ៍ស្រួលជាងក៏ពិតមែន តើយើងនៅតែខំប្រឹងប្រែង ដើម្បីឲ្យទាំងអស់គ្នាឃើញសេចក្ដីជំនឿនខាងវិញ្ញាណរបស់យើងទេ? (១ធី. ៤:១៥) អ្នកឯទៀតបានទទួលប្រយោជន៍និងត្រូវបានលើកទឹកចិត្តដោយសារចម្លើយរបស់យើង។ បើយើងរៀបចំស្រាវជ្រាវបានល្អ បានសិក្សាពីព័ត៌មានដែលនឹងពិចារណានៅកិច្ចប្រជុំ នោះការចូលរួមរបស់យើងនឹងនាំឲ្យបងប្អូនបានទទួលប្រយោជន៍យ៉ាងពេញលេញ ដែលបណ្ដាលឲ្យពួកគាត់មានសេចក្ដីស្រឡាញ់ហើយឲ្យប្រព្រឹត្តការល្អផង។—ហេ. ១០:២៣-២៥
១២ ចម្លើយរបស់យើងមិនគួរវែងនិងស្មុគស្មាញទេ។ ធម្មតាជាការល្អបើឲ្យចម្លើយខ្លីហើយចំៗ ឬជួយពន្យល់បទគម្ពីរដែលមានទាក់ទងនឹងព័ត៌មាននោះ។ បើយើងសិក្សាស្រាវជ្រាវបានល្អ យើងអាចឆ្លើយដោយមិនចាំបាច់អានតាមព័ ត៌មាននោះឡើយ។ ពេលយើងធ្វើដូច្នេះ ខ្លួនយើងផ្ទាល់ព្រមទាំងអ្នកឯទៀតពិតជានឹងទទួលប្រយោជន៍ច្រើនជាង។ ហេតុអ្វី? ពីព្រោះយើងត្រូវគិតពីអ្វីដែលយើងនឹងនិយាយ ព្រមទាំងពន្យល់តាមអ្វីដែលយើងយល់។ ធ្វើដូច្នេះអាចជួយអ្នកឯទៀតឲ្យងាយយល់នូវព័ត៌មានដែលយើងកំពុងតែសិក្សា។ នេះក៏នឹងជួយយើងឲ្យនឹកចាំពីព័ត៌មាននោះដើម្បីប្រើនៅពេលក្រោយទៀតដែរ។
១៣ ចូរព្រោះពូជដោយសទ្ធានៅតំបន់ផ្សាយ: កិច្ចបម្រើផ្សាយរបស់យើងដែលជាគ្រិស្តសាសនិកគឺជាទ្រព្យសម្បត្ដិមកពីព្រះ។ (២កូ. ៤:៧) តើអ្នកគិតដូច្នេះទេ? តាមរយៈកិច្ចបម្រើផ្សាយ យើងមានឯកសិទ្ធិប្រាប់ពីជំនឿរបស់យើងដល់អ្នកដទៃ។ ព្រះយេស៊ូមានបន្ទូលថាមាត់គេពោលបញ្ចេញសេចក្ដីបរិបូរ ដែលនៅក្នុងចិត្តជានិច្ច។ (លូ. ៦:៤៥) សេចក្ដីខំប្រឹងផ្ទាល់ខ្លួនដែលយើងបានចំណាយដើម្បីចូលរួមយ៉ាងពេញលេញក្នុងកិច្ចបម្រើផ្សាយ អនុញ្ញាតឲ្យយើងច្រូតផលបានច្រើន។ ការយល់ដឹងរបស់យើងអំពីសេចក្ដីពិតកាន់តែប្រសើរឡើង និងធ្វើឲ្យយើងលូតលាស់ច្រើនជាងក្នុងការប្រើព្រះគម្ពីរដោយប៉ិនប្រសប់។ យើងមានអំណរដោយយើងកំពុងតែពាំនាំសេចក្ដីពិតទៅជូនអ្នកឯទៀត ហើយក៏ជួយពួកគាត់ឲ្យស្គាល់ព្រះដែលជាអ្នកបង្កើតដ៏ឧត្តមរបស់ខ្លួនដែរ។ យើងធ្វើជាស្មរបន្ទាល់អំពីភាពត្រឹមត្រូវនៃការគ្រប់គ្រងនិងព្រះអធិបតេយ្យរបស់ព្រះ។ យើងរីករាយណាស់ពីព្រោះយើងដឹងថាព្រះយេហូវ៉ាសព្វព្រះហឫទ័យ ដោយយើងក៏កំពុងតែត្រូវកែជាថ្មីឲ្យមានភាពដូចទ្រង់ព្រមទាំងធ្វើតាមព្រះហឫទ័យរបស់ទ្រង់។—ម៉ាថ. ៥:៤៨
១៤ បើយើងនៅតែបន្តពិនិត្យពិច័យពីការខំប្រឹងខ្នះខ្នែងផ្ទាល់ខ្លួន នោះការថ្វាយបង្គំរបស់យើងចំពោះព្រះយេហូវ៉ា នឹងមិនក្លាយជាកិច្ចបម្រើដែលគ្រាន់តែបង្គ្រប់កិច្ចនោះទេ។ តើនោះមានន័យយ៉ាងណា? នេះក៏មានន័យថាយើងនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះ មិនធ្វើកិច្ចបម្រើថ្វាយទ្រង់តែសម្បកក្រៅប៉ុណ្ណោះ ឬក៏ធ្វើតែបន្ដិចបន្តួចមិនមែនដោយចិត្តស្មោះភក្ដី និងមិនមានការខំប្រឹងខ្នះខ្នែងដោយសុទ្ធចិត្ត។ កិច្ចបម្រើរបស់យើងចំពោះព្រះយេហូវ៉ាត្រូវតែធ្វើឲ្យអស់ពីចិត្ត។ កាតព្វកិច្ចរបស់យើងឲ្យថ្វាយអ្វីៗទាំងអស់ចំពោះទ្រង់មានមូលដ្ឋានលើព្រះគម្ពីរ។ (កូល. ៣:២៣, ២៤) ពិតមែន យើងម្នាក់ៗមានកាលៈទេសៈខុសៗគ្នា ហើយព្រះយេហូវ៉ាមិនតម្រូវឲ្យយើងធ្វើលើសពីសមត្ថភាពរបស់យើងទេ។ យ៉ាងណាក៏ដោយអ្វីដែលយើងអាចធ្វើបាន នោះហើយជាអ្វីដែលព្រះតម្រូវពីយើង! (ម៉ាថ. ២២:៣៧) ដោយហេតុថាមនុស្សមានបាប មាននិន្នាការចង់យកតែរួចខ្លួន។ ហេតុនេះហើយ ជាការល្អបើយើងពិនិត្យមើលខ្លួនឯងម្ដងម្កាល ថាតើមានចំណុចណាខ្លះដែលយើងអាចកែលម្អក្នុងកិច្ចបម្រើព្រះ។ តើយើងមានទម្លាប់ធ្វើបែបនោះទេ?
១៥ បើយើងមិនចង់ធ្វើតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយមិនចង់ឲ្យការនោះរារាំងយើងក្នុងកិច្ចបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព នោះយើងត្រូវតែហ្វឹកហ្វឺនខ្លួនឲ្យចេះចាំយាម។ ការសប្បាយ ការកម្សាន្ត និងកម្មវិធីផ្សេងៗដើម្បីកម្សាន្តសប្បាយមិនត្រូវចាត់ទុកជាសំខាន់ជាងគេឡើយ។ យើងក៏ត្រូវតែប្រុងប្រយ័ត្នកុំចូលរួមនឹងកិច្ចការខាងលោកិយហួសហេតុពេក។ បើយើងស្ដាប់តាមឱវាទរបស់ព្រះយេស៊ូដែលមាននៅម៉ាថាយ ៦:២២, ២៣ យើងច្បាស់ជាអាចខំប្រឹងថែមទៀតក្នុងការស្វែងរកប្រយោជន៍ខាងវិញ្ញាណ ហើយយើងនឹងច្រូតផលបានធួនទៅតាមអ្វីដែលខ្លួនបានព្រោះ។
១៦ បើយើងនៅតែបន្តធ្វើការយ៉ាងនឿយហត់ដើម្បីប្រដាប់ខ្លួននូវបុគ្គលិកលក្ខណៈនៃមនុស្សថ្មី នោះយើងនឹងបំពេញករណីយកិច្ចក្នុងការធ្វើតាមឱវាទនិងយោបល់ដែលយើងទទួលបាននៅកិច្ចប្រជុំក្រុមជំនុំ សន្និបាត មហាសន្និបាត និងតាមរយៈសៀវភៅផ្សេងៗរបស់អង្គការយើង។ សូមឲ្យយើងម្នាក់ៗសិក្សាដោយហ្មត់ចត់ ចូលរួមកិច្ចប្រជុំដោយឆ្លើយចម្លើយយ៉ាងសកម្ម និងរួមចំណែកក្នុងកិច្ចការដ៏សំខាន់ គឺកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្សទៅតាមកាលៈទេសៈរបស់យើងផ្ទាល់ខ្លួន។ ដោយចិត្តកតញ្ញូចំពោះសេចក្ដីស្រឡាញ់របស់ព្រះ យើងអាចជឿជាក់ថាយើងនឹងច្រូតកាត់បានផលខាងវិញ្ញាណយ៉ាងក្រាសក្រែលឥឡូវនេះ និងរក្សាទុកសេចក្ដីសង្ឃឹមយ៉ាងរឹងមាំគឺជីវិតជារៀងរហូតនៅក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា។