ក្រុមគ្រួសារ ចូរលើកសរសើរព្រះ ជាផ្នែកនៃក្រុមជំនុំរបស់ទ្រង់
«ទូលបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ា នៅក្នុងពួកជំនុំទាំងប៉ុន្មាន»។—ទំនុកដំកើង ២៦:១២
១. តើអ្វីជាផ្នែកដ៏សំខាន់មួយនៃការថ្វាយបង្គំពិត ដែលបន្ថែមពីលើការសិក្សានិងការអធិស្ឋាននៅឯផ្ទះនោះ?
ការថ្វាយបង្គំព្រះយេហូវ៉ា មិនគ្រាន់តែរួមបញ្ចូលការអធិស្ឋាន និងការសិក្សាព្រះគម្ពីរនៅឯផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលសកម្មភាព ជាផ្នែកនៃក្រុមជំនុំរបស់ព្រះដែរ។ អ៊ីស្រាអែលពីសម័យបុរាណបានត្រូវបង្គាប់ឲ្យ«ប្រមូលបណ្ដាជនទាំងប្រុសទាំងស្រីនឹងកូនក្មេង» ឲ្យមករៀនក្រិត្យវិន័យរបស់ព្រះ ដើម្បីឲ្យបានដើរតាមផ្លូវរបស់ទ្រង់។ (ចោទិយកថា ៣១:១២; យ៉ូស្វេ ៨:៣៥) ទាំងមនុស្សចាស់និង‹បុរសកំឡោះនិងស្រីក្រមុំ› បានត្រូវលើកទឹកចិត្តឲ្យចូលរួម ក្នុងការលើកសរសើរព្រះនាមរបស់ព្រះយេហូវ៉ា។ (ទំនុកដំកើង ១៤៨:១២, ១៣) របៀបរៀបចំស្រដៀងនេះក៏មាននៅក្នុងក្រុមជំនុំគ្រីស្ទានដែរ។ នៅក្នុងសាលព្រះរាជាណាចក្រទាំងឡាយទូទាំងផែនដី ពួកបុរស ពួកស្ត្រីនិងក្មេងៗ ចូលរួមដោយសេរីក្នុងកិច្ចប្រជុំដែលទាក់ទងនឹងអ្នកស្ដាប់ ហើយមនុស្សជាច្រើនមានចិត្តរីករាយណាស់ក្នុងការចូលរួមបែបនេះ។—ហេព្រើរ ១០:២៣-២៥
២. (ក) ហេតុអ្វីក៏ការរៀបចំជាកត្ដាដ៏សំខាន់ ក្នុងការជួយក្មេងៗឲ្យចូលចិត្តកិច្ចប្រជុំ? (ខ) តើគំរូរបស់អ្នកណាដែលសំខាន់?
២ ប្រាកដហើយ ការជួយក្មេងៗឲ្យមានទម្រង់ការត្រឹមត្រូវក្នុងសកម្មភាពក្រុមជំនុំ អាចជាការពិបាកមួយ។ បើសិនជាកូនខ្លះដែលមកប្រជុំជាមួយនឹងឪពុកម្ដាយរបស់គេ ហើយមើលទៅដូចជាមិនគាប់ចិត្តនឹងកិច្ចប្រជុំនោះ តើអ្វីដែលប្រហែលជាបញ្ហានោះ? ពិតហើយ កូនក្មេងភាគច្រើនមានរយៈពេលប្រុងស្មារតីដ៏ខ្លី ហើយឆាប់មានចិត្តធុញទ្រាន់ទៀតផង។ ការរៀបចំជាមុនអាចជួយឲ្យដោះស្រាយនឹងបញ្ហានេះ។ បើឥតមានការរៀបចំជាមុនទេ នោះកូនក្មេងមិនអាចចូលរួមនៅក្នុងកិច្ចប្រជុំតាមរបៀបដែលមានអត្ថន័យ។ (សុភាសិត ១៥:២៣) បើឥតមានការរៀបចំជាមុន នោះនឹងពិបាកឲ្យគេមានការរីកចំរើនខាងវិញ្ញាណ ដែលនាំឲ្យមានសេចក្ដីស្កប់ស្កល់នោះ។ (ធីម៉ូថេទី១ ៤:១២, ១៥) តើអាចធ្វើអ្វីបានទៅ? ដំបូង ឪពុកម្ដាយត្រូវសួរថាតើខ្លួនគាត់រៀបចំសំរាប់កិច្ចប្រជុំហើយឬនៅ។ គំរូរបស់គាត់ គឺជាឥទ្ធិពលយ៉ាងខ្លាំង។ (លូកា ៦:៤០) ដោយគ្រោងការណ៍យ៉ាងប្រយ័ត្នប្រយែងនឹងការសិក្សាក្នុងគ្រួសារ ក៏អាចជាកត្ដាដ៏សំខាន់មួយដែរ។
ការស្អាងចិត្ត
៣. ក្នុងកំឡុងការសិក្សាក្នុងគ្រួសារ ហេតុអ្វីក៏គួរមានការខំប្រឹងដ៏ពិសេសដើម្បីស្អាងចិត្តឡើង ហើយតើនេះតម្រូវអ្វី?
៣ ការសិក្សាក្នុងគ្រួសារគួរតែជាពេលដើម្បីស្អាងចិត្ត មិនគ្រាន់តែជាពេលដើម្បីក្រេបយកចំណេះនោះឡើយ។ នេះគឺតម្រូវឲ្យដឹងនូវបញ្ហាណាដែលប្រឈមមុខនឹងសមាជិកគ្រួសារ ហើយការយកចិត្តទុកដាក់ដ៏ជាទីស្រឡាញ់សំរាប់បុគ្គលម្នាក់ៗ។ ព្រះយេហូវ៉ាជាអ្នក«ស្ទង់មើលចិត្តមនុស្ស»។—របាក្សត្រទី១ ២៩:១៧, ព្រះគម្ពីរភាសាខ្មែរសម្រាយ
៤. (ក) តើ‹ការឥតមានយោបល់› មានន័យយ៉ាងណា? (ខ) តើអ្វីដែលទាក់ទងនឹង‹ការចេះគិតពិចារណា›?
៤ តើព្រះយេហូវ៉ារកឃើញអ្វី ពេលដែលទ្រង់ស្ទង់មើលចិត្តកូនៗរបស់យើង? ពួកគេភាគច្រើននឹងនិយាយថា គេស្រឡាញ់ព្រះ ហើយនេះជាទីគួរឲ្យសរសើរមែន។ ក៏ប៉ុន្តែ បុគ្គលក្មេងម្នាក់ឬក៏ទើបតែរៀនអំពីព្រះយេហូវ៉ា គឺមានបទពិសោធន៍តិចណាស់ក្នុងផ្លូវរបស់ព្រះយេហូវ៉ា។ ពីព្រោះគាត់ឥតមានបទពិសោធន៍ នោះគាត់ប្រហែលជា«ឥតមានយោបល់»ដូចព្រះគម្ពីរចែងមក។ ប្រហែលជាបំណងចិត្តទាំងអស់របស់គាត់គឺមិនអាក្រក់នោះទេ ប៉ុន្តែគឺត្រូវការពេលវេលា ដើម្បីនាំចិត្តរបស់ខ្លួនឲ្យមានក្នុងសភាព ដែលនឹងពិតជាផ្គាប់ព្រះហឫទ័យនៃព្រះ។ នេះគឺទាក់ទងការនាំយកគំនិត សេចក្ដីប្រាថ្នា មនោសញ្ចេតនា អារម្មណ៍ និងគោលដៅក្នុងជីវិតរបស់ខ្លួន ឲ្យសមស្របនឹងអ្វីដែលព្រះយល់ព្រម ដល់កំរិតដែលអាចធ្វើទៅបានជាមនុស្សឥតគ្រប់ល័ក្ខណ៍។ នៅពេលបុគ្គលម្នាក់ត្រូវបំពាក់បំប៉នលក្ខណៈក្នុងចិត្តបែបនេះតាមផ្លូវព្រះ នោះគាត់‹ចេះគិតពិចារណា›។—សុភាសិត ៩:៤; ១៩:៨
៥, ៦. តើតាមរបៀបណាដែលឪពុកម្ដាយអាចជួយកូនរបស់គេឲ្យ‹ចេះគិតពិចារណា›?
៥ តើឪពុកម្ដាយអាចជួយកូនរបស់គេឲ្យ‹ចេះគិតពិចារណា›នោះទេ? ពិតហើយ គ្មានមនុស្សណាម្នាក់ដែលអាចដាក់សភាពដ៏ល្អក្នុងចិត្តរបស់បុគ្គលម្នាក់ទៀតបាននោះឡើយ។ យើងម្នាក់ៗបានត្រូវប្រគល់ឲ្យមានចិត្តសេរី ហើយនេះគឺពឹងពាក់ច្រើនលើអ្វីដែលយើងអនុញ្ញាតឲ្យខ្លួនគិតអំពីនោះ។ ក៏ប៉ុន្តែ ដោយការវិនិច្ឆ័យ នោះឪពុកម្ដាយប្រហែលជាអាចធ្វើឲ្យកូនសម្ដែងយោបល់ ដើម្បីដឹងអំពីអ្វីដែលនៅក្នុងចិត្ត ហើយថាត្រូវការជំនួយយ៉ាងណា។ ដោយប្រើសំនួរ ដូចជា ‹តើកូនមានអារម្មណ៍យ៉ាងដូចម្ដេចដែរអំពីរឿងនេះ›? ហើយ‹តើកូនពិតជាចង់ធ្វើអ្វី›? រួចមក ចូរស្ដាប់ដោយអត់ធ្មត់។ សូមកុំតបឆ្លើយហួសទំនង។ (សុភាសិត ២០:៥) បរិយាកាសដែលមានសេចក្ដីសប្បុរស អធ្យាស្រ័យ និងសេចក្ដីស្រឡាញ់ នោះគឺសំខាន់បើអ្នកចង់មានឥទ្ធិពលលើចិត្តរបស់គេនោះ។
៦ ដើម្បីពង្រឹងនូវការទោរទន់ត្រឹមត្រូវ ចូរពិគ្រោះជាញឹកញាប់នូវផលផ្លែវិញ្ញាណ គឺចំណុចនិមួយៗ ហើយខំប្រឹងរួមដៃគ្នាជាគ្រួសារ ដើម្បីបណ្ដុះបណ្ដាលវា។ (កាឡាទី ៥:២២, ២៣) ចូរស្អាងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងចំពោះព្រះយេស៊ូគ្រីស្ទ មិនគ្រាន់តែដោយនិយាយថាយើងគួរតែស្រឡាញ់ទ្រង់ទាំងពីរអង្គ ប៉ុន្តែដោយពិគ្រោះនូវមូលហេតុ ដែលយើងស្រឡាញ់បុគ្គលទាំងពីរអង្គនោះ ហើយនូវរបៀបដែលយើងអាចសម្ដែង សេចក្ដីស្រឡាញ់នោះដែរ។ (កូរិនថូសទី២ ៥:១៤, ១៥) ចូរពង្រឹងនូវសេចក្ដីប្រាថ្នាចង់ធ្វើអ្វីដែលត្រឹមត្រូវ ដោយវែកញែកពីផលប្រយោជន៍ដែលនឹងមានជាលទ្ធផលនោះ។ ចូរស្អាងឡើងនូវសេចក្ដីប្រាថ្នាចង់ជៀសវាងពីគំនិត ពាក្យសំដី និងចរិយាដ៏ជាខុស ដោយពិគ្រោះនូវលទ្ធផលអាក្រក់នៃរបស់បែបនេះ។ (អេម៉ុស ៥:១៥; យ៉ូហានទី៣ ១១) ចូរបង្ហាញនូវរបៀបដែលគំនិត ពាក្យសំដី និងចរិយា មិនថាល្អឬអាក្រក់ អាចមានឥទ្ធិពលលើទំនាក់ទំនងរបស់ខ្លួនជាមួយនឹងព្រះយេហូវ៉ា។
៧. តើអាចធ្វើអ្វីដើម្បីជួយកូនចេះដោះស្រាយនឹងបញ្ហា ហើយឲ្យចេះសម្រេចចិត្តតាមរបៀបដែលនឹងរក្សាគេឲ្យជិតព្រះយេហូវ៉ានោះ?
៧ នៅពេលដែលកូនម្នាក់មានបញ្ហាមួយ ឬត្រូវសម្រេចចិត្តដ៏សំខាន់ណាមួយ យើងអាចសួរគេ៖ ‹តើកូនគិតថា ព្រះយេហូវ៉ាមានទស្សនៈអំពីរឿងនេះយ៉ាងណាដែរ? តើកូនដឹងអ្វីអំពីព្រះយេហូវ៉ា ដែលធ្វើឲ្យកូននិយាយអ៊ីចឹង? តើកូនបានអធិស្ឋានប្រាប់ព្រះអំពីរឿងនេះឬទេ›? ចាប់ផ្ដើមពីក្មេងបំផុត នោះជួយកូនរបស់អ្នកឲ្យស្អាងផ្លូវជីវិត ដែលត្រូវខំប្រឹងជាចាំបាច់ ដើម្បីឲ្យដឹងប្រាកដអំពីព្រះហឫទ័យរបស់ព្រះ ហើយរួចមកធ្វើតាមនោះ។ កាលដែលគេមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា នោះគេនឹងមានចិត្តរីករាយក្នុងការដើរតាមផ្លូវរបស់ទ្រង់។ (ទំនុកដំកើង ១១៩:៣៤, ៣៥) នេះនឹងស្អាងឲ្យគេមានចិត្តអបអរចំពោះឯកសិទ្ធិ នៃការចូលរួមជាមួយនឹងក្រុមជំនុំរបស់ព្រះដ៏ពិត។
ការរៀបចំសំរាប់កិច្ចប្រជុំក្រុមជំនុំ
៨. (ក) តើអ្វីដែលប្រហែលជាអាចជួយយើងឲ្យបញ្ចូលក្នុងការសិក្សាជាគ្រួសារ នូវរបស់ទាំងអស់ដែលត្រូវយកចិត្តទុកដាក់នោះ? (ខ) តើការសិក្សានេះគឺសំខាន់យ៉ាងណា?
៨ គឺមានរឿងជាច្រើនដែលត្រូវយកចិត្តទុកដាក់ ក្នុងកំឡុងការសិក្សាជាក្រុមគ្រួសារ។ តើអ្នកអាចពិគ្រោះទាំងអស់យ៉ាងដូចម្ដេចបាន? គឺមិនអាចធ្វើអ្វីទាំងអស់នៅពេលដំណាលគ្នានោះទេ។ ប៉ុន្តែ អ្នកប្រហែលជាឃើញថាមានប្រយោជន៍ បើកត់ត្រាទុកបញ្ជី។ (សុភាសិត ២១:៥) ម្ដងម្កាល ចូរពិនិត្យមើលឡើងវិញនូវបញ្ជីនោះ និងពិចារណាមើលអ្វីដែលត្រូវការយកចិត្តទុកដាក់ជាពិសេស។ ចូរយកចិត្តទុកដាក់នឹងការរីកចំរើននៃសមាជិកម្នាក់ៗក្នុងគ្រួសារ។ របៀបរៀបចំនេះសំរាប់ការសិក្សាក្នុងគ្រួសារ ជាផ្នែកដ៏សំខាន់មួយនៃការអប់រំគ្រីស្ទាន ដែលប្រដាប់យើងសំរាប់ជីវិតពីឥឡូវនេះ និងប្រុងប្រៀបយើងសំរាប់ជីវិតជាអនន្តនៅខាងមុខផងដែរ។—ធីម៉ូថេទី១ ៤:៨
៩. តើគោលដៅអ្វីស្តីអំពីការរៀបចំសំរាប់កិច្ចប្រជុំ ដែលយើងអាចខំប្រឹងធ្វើជាបណ្ដើរៗក្នុងកំឡុងសិក្សាជាគ្រួសាររបស់យើង?
៩ តើការសិក្សាក្នុងគ្រួសាររបស់អ្នក រួមបញ្ចូលការរៀបចំសំរាប់កិច្ចប្រជុំក្រុមជំនុំឬទេ? គឺមានគម្រោងមួយចំនួន ដែលអ្នកប្រហែលជាអាចសម្រេចជាបណ្ដើរ កាលដែលអ្នកសិក្សាជាមួយគ្នា។ គម្រោងទាំងនេះខ្លះប្រហែលជាត្រូវការជាច្រើនសប្ដាហ៍ ខែ ឬព្រមទាំងច្រើនឆ្នាំផងដើម្បីនឹងសម្រេចនោះ។ សូមអញ្ជើញយកមកពិចារណាមើលគោលដៅទាំងនេះ៖ (១) បុគ្គលម្នាក់ៗនៅក្នុងគ្រួសារប្រុងឆ្លើយនៅឯកិច្ចប្រជុំក្រុមជំនុំ (២) បុគ្គលម្នាក់ៗខំប្រឹងដើម្បីឆ្លើយតាមពាក្យសំដីរបស់ខ្លួនផ្ទាល់ (៣) រួមបញ្ចូលបទគម្ពីរក្នុងការឆ្លើយ ហើយ (៤) ពិនិត្យពិច័យពត៌មាននេះដោយមានបំណងអនុវត្តនឹងខ្លួនឯង។ គម្រោងទាំងអស់នេះអាចជួយបុគ្គលម្នាក់ ឲ្យយកសេចក្ដីពិតជារបស់ផងខ្លួន។—ទំនុកដំកើង ២៥:៤, ៥
១០. (ក) តើយើងអាចយកចិត្តទុកដាក់នឹងកិច្ចប្រជុំនិមួយៗយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីក៏នេះមានប្រយោជន៍?
១០ ទោះជាការសិក្សាក្នុងគ្រួសាររបស់អ្នក គឺធម្មតាមានមូលដ្ឋានលើមេរៀនទស្សនាវដ្ដីប៉មយាមប្រចាំសប្ដាហ៍ក្ដី កុំភ្លេចនូវសារៈសំខាន់នៃការរៀបចំផ្ទាល់ខ្លួន ឬជាគ្រួសារសំរាប់ការសិក្សាតាមក្រុមជំនុំ និងសាលាកិច្ចបំរើព្រះធិបតេយ្យ ហើយការប្រជុំអប់រំកិច្ចបំរើផងដែរ។ កិច្ចប្រជុំទាំងនេះក៏ជាផ្នែកសំខាន់នៃកម្មវិធី សំរាប់បង្រៀនយើងឲ្យដើរតាមផ្លូវរបស់ព្រះយេហូវ៉ា។ យូរៗម្ដង អ្នកប្រហែលជាអាចរៀបចំសំរាប់កិច្ចប្រជុំជាក្រុមគ្រួសារទាំងមូល។ ដោយអ្នករួមដៃគ្នា នោះជំនាញខាងការសិក្សានឹងបានប្រសើរឡើង។ ជាលទ្ធផល នោះនឹងមានផលបានល្អប្រសើរជាងពីកិច្ចប្រជុំទាំងនេះ។ ក្នុងចំណោមអ្វីទៀត ចូរពិគ្រោះនូវផលប្រយោជន៍ពីការរៀបចំសំរាប់កិច្ចប្រជុំទាំងនេះ និងនូវសារៈសំខាន់នៃការមានពេលវេលាជាក់លាក់ ទុកសំរាប់ការសិក្សានោះ។—អេភេសូរ ៥:១៥-១៧
១១, ១២. តើការរៀបចំសំរាប់ការច្រៀងក្នុងក្រុមជំនុំមានប្រយោជន៍ដល់យើងយ៉ាងណា ហើយតើនេះអាចសម្រេចបានយ៉ាងដូចម្ដេច?
១១ នៅឯមហាសន្និបាត «ផ្លូវរបស់ព្រះខាងឯជីវិត» នោះយើងបានត្រូវលើកទឹកចិត្តឲ្យរៀបចំនូវលក្ខណៈមួយទៀត នៃកិច្ចប្រជុំរបស់យើង នោះគឺការច្រៀង។ តើអ្នកបានធ្វើតាមឱវាទនោះហើយឬនៅ? ការធ្វើអ៊ីចឹង នោះអាចជួយឲ្យផ្ដិតសេចក្ដីពិតក្នុងព្រះគម្ពីរលើចិត្តគំនិតរបស់យើង ហើយនៅពេលដំណាលគ្នានេះ នឹងធ្វើឲ្យយើងចូលចិត្តនឹងកិច្ចប្រជុំក្រុមជំនុំច្រើនឡើងទៀត។
១២ ការរៀបចំនេះ ដែលរួមបញ្ចូលអាន និងពិគ្រោះន័យនៃពាក្យក្នុងចំរៀងដែលមាននៅក្នុងនោះ អាចជួយយើងឲ្យច្រៀងអស់ពីចិត្ត។ នៅក្នុងអ៊ីស្រាអែលពីសម័យបុរាណ គ្រឿងភ្លេងបានត្រូវប្រើយ៉ាងសំខាន់ក្នុងការថ្វាយបង្គំ។ (របាក្សត្រទី១ ២៥:១; ទំនុកដំកើង ២៨:៧) តើបុគ្គលណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកចេះលេងភ្លេងឬទេ? អញ្ជើញប្រើគ្រឿងភ្លេងនេះ ដើម្បីហាត់ច្រៀងចំរៀងមួយ ពីចំរៀងព្រះរាជាណាចក្រប្រចាំសប្ដាហ៍ទៅ ហើយរួចមក ច្រៀងចំរៀងនេះជាគ្រួសារ។ ម្យ៉ាងវិញទៀតនោះ គឺអាចប្រើចំរៀងដែលថតហើយ។ នៅក្នុងប្រទេសខ្លះៗ បងប្អូនរបស់យើងច្រៀងយ៉ាងពីរោះ ដោយឥតមានគ្រឿងភ្លេង។ កាលដែលគេដើរតាមផ្លូវឬក៏ទៅធ្វើស្រែ នោះគេតែងចូលចិត្តច្រៀងចំរៀង ដែលបានកត់សំរាប់កិច្ចប្រជុំក្រុមជំនុំនៅក្នុងសប្ដាហ៍នោះ។—អេភេសូរ ៥:១៩
ការរៀបចំជាគ្រួសារសំរាប់កិច្ចបំរើផ្សាយ
១៣, ១៤. ហេតុអ្វីក៏ការពិគ្រោះក្នុងគ្រួសារ ដែលប្រុងប្រៀបចិត្តរបស់យើងសំរាប់កិច្ចបំរើផ្សាយគឺមានតម្លៃនោះ?
១៣ ការធ្វើបន្ទាល់ដល់អ្នកដទៃអំពីព្រះយេហូវ៉ា និងអំពីគោលបំណងរបស់ទ្រង់ ជាផ្នែកដ៏សំខាន់មួយក្នុងជីវិតរបស់យើង។ (អេសាយ ៤៣:១០-១២; ម៉ាថាយ ២៤:១៤) មិនថាក្មេងឬចាស់ យើងគាប់ចិត្តនឹងសកម្មភាពនេះខ្លាំងទៀត ហើយនឹងបង្កើតផលបានល្អច្រើនជាង បើយើងបានរៀបចំជាមុន។ តើយើងអាចធ្វើនេះនៅក្នុងគ្រួសារយ៉ាងដូចម្ដេច?
១៤ ដូចនឹងអ្វីៗទាំងអស់ដែលទាក់ទងនឹងការថ្វាយបង្គំរបស់យើង នោះគឺសំខាន់ដែលយើងប្រុងប្រៀបចិត្តរបស់យើងសិន។ យើងត្រូវពិគ្រោះ មិនគ្រាន់តែអំពីអ្វីដែលយើងត្រូវធ្វើ ក៏ប៉ុន្តែអំពីមូលហេតុដែលយើងត្រូវធ្វើនោះផង។ នៅក្នុងសម័យនៃស្តេចយ៉ូសាផាត បណ្ដាជនបានត្រូវទទួលការបង្ហាត់បង្រៀនតាមក្រិត្យវិន័យរបស់ព្រះ ក៏ប៉ុន្តែព្រះគម្ពីរប្រាប់យើងថា ពួកគេ«មិនទាន់បានតាំងចិត្ត»។ នេះបានធ្វើឲ្យគេស្រួលជាប់នឹងការល្បួង ដែលអាចយកគេចេញពីការថ្វាយបង្គំពិត។ (របាក្សត្រទី២ ២០:៣៣; ២១:១១) គោលដៅរបស់យើងមិនគ្រាន់តែឲ្យបានរបាយការណ៍ពីម៉ោង ដែលបានចំណាយក្នុងកិច្ចផ្សាយបំរើនោះទេ ហើយក៏មិនគ្រាន់តែឲ្យបានចែកប្រកាសនវត្ថុនោះដែរ។ កិច្ចបំរើផ្សាយរបស់យើង គួរតែជាការសម្ដែងនូវសេចក្ដីស្រឡាញ់ដល់ព្រះយេហូវ៉ា និងសេចក្ដីស្រឡាញ់ដល់មនុស្ស ដែលត្រូវការឱកាសដើម្បីជ្រើសរើសជីវិត។ (ហេព្រើរ ១៣:១៥) នេះជាសកម្មភាព ដែលយើងរួមធ្វើជា«អ្នកធ្វើការជាមួយនឹងព្រះ»។ (កូរិនថូសទី១ ៣:៩) នេះជាឯកសិទ្ធិមែន! កាលដែលយើងចូលរួមក្នុងកិច្ចបំរើផ្សាយ នោះយើងសហប្រតិបត្ដិការជាមួយនឹងពួកទេវតាដ៏បរិសុទ្ធ។ (វិវរណៈ ១៤:៦, ៧) គឺគ្មានពេលណាដ៏ល្អជាង ដើម្បីស្អាងឡើងនូវការអបអរចំពោះរឿងនេះ ជាងការពិគ្រោះជាមួយនឹងគ្រួសារនោះ មិនថានៅឯការសិក្សាប្រចាំសប្ដាហ៍ ឬនៅពេលពិគ្រោះអត្ថបទពីកូនសៀវភៅ ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ!
១៥. តើនៅពេលណាដែលយើង ប្រហែលជាអាចរៀបចំសំរាប់កិច្ចផ្សព្វផ្សាយជាគ្រួសារ?
១៥ យូរៗម្ដង តើអ្នកប្រើពេលវេលានៃការសិក្សាជាគ្រួសារ ដើម្បីជួយសមាជិករបស់អ្នកឲ្យរៀបចំសំរាប់កិច្ចផ្សាយបំរើប្រចាំសប្ដាហ៍ឬទេ? ការធ្វើអ៊ីចឹងអាចមានប្រយោជន៍ច្រើន។ (ធីម៉ូថេទី២ ២:១៥) នេះអាចជួយឲ្យកិច្ចបំរើរបស់គេមានអត្ថន័យហើយមានផលផង។ យូរៗម្ដង អ្នកប្រហែលជាអាចទុកពេលវេលាសិក្សាទាំងអស់ សំរាប់ការរៀបចំបែបនេះ។ ជារឿយៗអ្នកប្រហែលជាអាចស្រាយប្រស្នាខាងឯកិច្ចបំរើផ្សាយ ដោយមានការពិគ្រោះដ៏ខ្លី នៅឯទីបញ្ចប់នៃការសិក្សាក្នុងគ្រួសារ ឬនៅពេលណាទៀតក្នុងកំឡុងសប្ដាហ៍។
១៦. សូមពិគ្រោះនូវតម្លៃនៃជំហាននិមួយៗដែលបានរៀបរាប់ក្នុងវគ្គ។
១៦ ពេលវេលាជាគ្រួសារ អាចផ្ដោតលើជំហានជាលំដាប់ ដូចមានតទៅនេះ៖ (១) រៀបចំសំដីដោយធ្វើការសម្ដែងមួយដែលបានហាត់យ៉ាងល្អទុកសំរាប់ការផ្សាយ ដែលរួមបញ្ចូលបទគម្ពីរមួយដែលអាចអានចេញពីព្រះគម្ពីរ បើឱកាសហុចឲ្យ។ (២) បើអាចធ្វើទៅបាន រៀបចំឲ្យបុគ្គលម្នាក់ៗមានកាតាបសម្រាប់កិច្ចផ្សាយបំរើ ព្រះគម្ពីរមួយ សៀវភៅកំណត់មួយ ប៊ិចឬក៏ខ្មៅដៃ ខិត្តប័ណ្ណ និងប្រកាសនវត្ថុឯទៀតដែលមានសភាពល្អ។ កាតាបសម្រាប់កិច្ចបំរើមិនចាំបាច់ថ្លៃនោះទេ ក៏ប៉ុន្តែគួរតែបានស្អាតបាត។ (៣) ពិគ្រោះអំពីកន្លែងណានិងតាមរបៀបណា ដែលអាចធ្វើបន្ទាល់ក្រៅផ្លូវការបាន។ ចូរធ្វើតាមលំដាប់និមួយៗនៃសេចក្ដីបង្គាប់នេះ ដោយកំណត់ពេលរួមកិច្ចផ្សាយបំរើជាមួយគ្នា។ ចូរផ្ដល់នូវយោបល់ដែលមានប្រយោជន៍ ក៏ប៉ុន្តែកុំឲ្យឱវាទច្រើនពេកលើចំណុចណាមួយ។
១៧, ១៨. (ក) ជាគ្រួសារ តើការរៀបចំបែបណា ដែលអាចជួយឲ្យកិច្ចបំរើផ្សាយបានផលផ្លែច្រើនជាង? (ខ) តើលក្ខណៈណាខ្លះនៃការរៀបចំនេះ ដែលអាចសម្រេចបានរៀងរាល់សប្ដាហ៍នោះ?
១៧ ផ្នែកដ៏ធំនៃកិច្ចការនេះ ដែលព្រះយេស៊ូគ្រីស្ទបានប្រគល់ឲ្យពួកអ្នកកាន់តាមទ្រង់ គឺការបង្កើតឲ្យមានសិស្ស។ (ម៉ាថាយ ២៨:១៩, ២០) ការបង្កើតឲ្យមានសិស្សទាក់ទងច្រើនជាងការផ្សព្វផ្សាយ។ គឺតម្រូវឲ្យបង្រៀន។ តើតាមរបៀបណាដែលការសិក្សាក្នុងគ្រួសាររបស់អ្នក អាចជួយអ្នកឲ្យមានប្រសិទ្ធិភាពពេលធ្វើនេះ?
១៨ ជាគ្រួសារមួយ ចូរពិគ្រោះអំពីអ្នកណាគេដែលសមល្អនឹងត្រឡប់ទៅជួបវិញ។ អ្នកខ្លះប្រហែលជាបានទទួលយកប្រកាសនវត្ថុណាមួយ អ្នកខ្លះប្រហែលជាគ្រាន់តែបានស្ដាប់ប៉ុណ្ណោះ។ ប្រហែលជាបានត្រូវជួបគេតាមការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ឬក៏តាមការធ្វើបន្ទាល់ក្រៅផ្លូវការនៅឯផ្សារឬនៅឯសាលារៀន។ សូមឲ្យបន្ទូលរបស់ព្រះដឹកនាំអ្នកចុះ។ (ទំនុកដំកើង ២៥:៩; អេសេគាល ៩:៤) ចូរសម្រេចថាតើអ្នកនិមួយៗនឹងត្រឡប់ទៅជួបអ្នកណាម្នាក់វិញនៅសប្ដាហ៍នោះ។ តើនឹងត្រូវនិយាយអំពីអ្វី? ការពិគ្រោះជាគ្រួសារ អាចជួយសមាជិកម្នាក់ៗឲ្យរៀបចំជាមុន។ ចូរកត់ទុកនូវបទគម្ពីរ ដែលចង់ចែកប្រាប់អ្នកចាប់អារម្មណ៍នោះ ព្រមទាំងកត់ទុកចំណុចសមត្រឹមត្រូវពីសៀវភៅស្តើង តើព្រះតម្រូវអ្វីពីយើង? ឬក៏សៀវភៅ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។ កុំប្រាប់ពត៌មានច្រើនពេកនៅលើកដំបូង។ សូមលាអ្នកម្ចាស់ផ្ទះដោយទុកសំនួរមួយ ដែលនឹងត្រូវឆ្លើយនៅពេលត្រឡប់ទៅជួបជាបន្ទាប់។ ចូរធ្វើឲ្យបានជាផ្នែកនៃទម្រង់ការគ្រួសារប្រចាំសប្ដាហ៍ នូវការគ្រោងទុកជាមុនថាត្រូវត្រឡប់ទៅជួបអ្នកណា ដែលបុគ្គលម្នាក់នឹងធ្វើ នៅពេលណាដែលគាត់នឹងទៅនោះ ហើយគាត់សង្ឃឹមចង់សម្រេចអ្វី។ ការធ្វើបែបនេះ អាចជួយធ្វើឲ្យកិច្ចបំរើផ្សាយនៃគ្រួសារទាំងមូលមានផលច្រើនទៀត។
ចូរបន្តបង្រៀនគេតាមផ្លូវរបស់ព្រះយេហូវ៉ា
១៩. បើចង់ឲ្យសមាជិកគ្រួសារបន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា តើគេត្រូវពិសោធន៍អ្វី ហើយតើអ្វីដែលសម្រេចការនេះ?
១៩ ជាមេគ្រួសារនៅក្នុងលោកីយ៍ដ៏អាក្រក់ជួជាតិនេះ គឺជាការពិបាកមួយ។ សាតាំងនិងពួកបិសាចរបស់វា ខំប្រឹងកំទេចភាពវិញ្ញាណនៃពួកអ្នកបំរើរបស់ព្រះយេហូវ៉ា។ (ពេត្រុសទី១ ៥:៨) ម្យ៉ាងវិញទៀត សព្វថ្ងៃគឺមានការបង្ខិតបង្ខំជាច្រើនលើអ្នកជាឪពុកម្ដាយ ជាពិសេសលើអ្នកជាឪពុកឬម្ដាយដែលនៅតែឯង។ គឺជាការពិបាករកពេលវេលា ដើម្បីធ្វើអ្វីទាំងអស់ ដែលអ្នកចង់ធ្វើនោះ។ ប៉ុន្តែគឺសមនឹងការខំប្រឹងមែន ទោះជាយើងអាចអនុវត្តចំណុចតែមួយនៅក្នុងពេលមួយក៏ដោយ ហើយនឹងធ្វើឲ្យកម្មវិធីសិក្សាក្នុងគ្រួសាររបស់អ្នកបានប្រសើរឡើងជាបណ្ដើរៗ។ ដោយឃើញអស់អ្នកដែលជិតស្និទ្ធនឹងអ្នក ដើរដោយស្មោះត្រង់តាមផ្លូវរបស់ព្រះយេហូវ៉ា គឺជាអំណោយដ៏កក់ក្ដៅណាស់។ ដើម្បីឲ្យដើរបានជោគជ័យតាមផ្លូវរបស់ព្រះយេហូវ៉ា នោះសមាជិកគ្រួសារត្រូវតែមានអំណរដោយនៅឯកិច្ចប្រជុំក្រុមជំនុំ និងការចូលរួមក្នុងកិច្ចបំរើផ្សាយ។ ដើម្បីឲ្យបានដូច្នេះមែន ការរៀបចំគឺត្រូវការចាំបាច់ នេះគឺជាការរៀបចំដែលស្អាងចិត្តឡើង ហើយដែលប្រដាប់យើងម្នាក់ៗ ឲ្យមានការចូលរួមដែលមានអត្ថន័យ។
២០. តើអ្វីដែលអាចជួយឪពុកម្ដាយច្រើនទៀត ឲ្យពិសោធន៍នូវអំណរដែលបានត្រូវសម្ដែងមកនៅក្នុង យ៉ូហានទី៣ ខ៤នោះ?
២០ ស្តីអំពីអស់អ្នកដែលលោកបានជួយខាងវិញ្ញាណ នោះសាវ័កយ៉ូហានបានសរសេរថា៖ «គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្ដីនេះទេ គឺដែលឮនិយាយថា ពួកកូនខ្ញុំកំពុងតែប្រព្រឹត្តតាមសេចក្ដីពិតនោះឯង»។ (យ៉ូហានទី៣ ៤) ការសិក្សាក្នុងគ្រួសារដែលបានដឹកនាំដោយមានគោលដៅជាក់ស្តែង ហើយមេគ្រួសារដែលប្រកបដោយសេចក្ដីសប្បុរស តាមរបៀបដ៏មានប្រយោជន៍តាមតម្រូវការនៃសមាជិកគ្រួសារ អាចធ្វើបានច្រើនដើម្បីឲ្យគ្រួសារមានអំណរបែបនេះ។ ដោយបណ្ដុះបណ្ដាលការអបអរនឹងផ្លូវរបស់ព្រះខាងជីវិត នោះឪពុកម្ដាយកំពុងតែជួយគ្រួសាររបស់ខ្លួន ឲ្យគាប់ចិត្តនឹងផ្លូវនៃជីវិតដ៏ប្រសើរបំផុត។—ទំនុកដំកើង ១៩:៧-១១
តើអ្នកអាចពន្យល់បានឬទេ?
◻ ហេតុអ្វីក៏ការរៀបចំសំរាប់កិច្ចប្រជុំគឺសំខាន់ម្ល៉េះសំរាប់កូនៗរបស់យើង?
◻ តើតាមរបៀបណាដែលឪពុកម្ដាយអាចជួយកូនរបស់ខ្លួនឲ្យ‹ចេះគិតពិចារណា›?
◻ តើតាមរបៀបណាដែលការសិក្សាក្នុងគ្រួសារ អាចជួយក្នុងការរៀបចំសំរាប់កិច្ចប្រជុំទាំងអស់?
◻ តើតាមរបៀបណា ដែលការរៀបចំសំរាប់កិច្ចបំរើផ្សាយជាគ្រួសារ អាចជួយយើងឲ្យមានប្រសិទ្ធិភាពថែមទៀត?