មេគ្រួសារទាំងឡាយអើយ! ចូររក្សាឲ្យមានទំលាប់ល្អខាងវិញ្ញាណ
១ ថ្វីបើដានីយ៉ែលរស់ច្រើនទសវត្សនៅក្នុងទីក្រុងបាប៊ីឡូនដែលពេញទៅដោយការថ្វាយបង្គំរូបព្រះនិងការពុករលួយក្ដី គាត់នៅតែមានឈ្មោះល្បីជាអ្នកបំរើព្រះយេហូវ៉ា «ជានិច្ច» ពោល រាល់ពេលរាល់វេលា។ (ដា. ៦:១៦, ២០) តើដានីយ៉ែលអាចរក្សាការពារភាពខាងវិញ្ញាណរបស់ខ្លួនបានយ៉ាងណា? កំណត់ហេតុក្នុងព្រះគម្ពីរបញ្ជាក់ថា ដានីយ៉ែលមានទំលាប់ដ៏ល្អដោយធ្វើអ្វីៗដែលទាក់ទងនឹងការថ្វាយបង្គំពិត។ ជាក់ស្តែងគឺ គាត់មានទំលាប់អធិស្ឋានបីដងរាល់តែថ្ងៃ នៅក្នុងបន្ទប់របស់គាត់លើដំបូលនោះ។ (ដា. ៦:១០) ដានីយ៉ែលក៏ច្បាស់ជាមានទំលាប់ធ្វើកិច្ចការឯទៀតខាងវិញ្ញាណដែរ ដូចជាការអានក្រិត្យវិន័យជាដើម។ ដូច្នេះ ពេលដានីយ៉ែលជួបប្រទះការល្បងលដែលអាចធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតនោះ គាត់នៅតែរក្សាចិត្តស្មោះភក្ដីចំពោះព្រះយេហូវ៉ាដដែល ហើយក្រោយមកគាត់បានត្រូវប្រោសឲ្យរួចរស់ដោយអព្ភូតហេតុ។—ដា. ៦:៤-២២
២ ស្រដៀងគ្នាសព្វថ្ងៃនេះដែរ យើងត្រូវខំ ‹ចាំយាមរាល់ពេលរាល់វេលា›។ (អេភេសូរ ៦:១៨) ពិភពលោកជុំវិញយើងនេះកំពុងតែ«ដេកនៅក្នុងឱវាទនៃមេកំណាច»។ (១យ៉ូន. ៥:១៩) ការប្រឆាំង និងការល្បួងផ្សេងៗ ដែលល្បងលជំនឿរបស់យើង អាចកើតមានភ្លាមមួយរំពេចបាន។ ក្នុងគ្រាវេទនាជាខ្លាំងខាងមុខនេះ កុកពីស្រុកម៉ាកុកនឹងពាធាពួកអ្នកបំរើព្រះយ៉ាងពេញទំហឹង ដែលមើលទៅហាក់ដូចជាគ្មានសង្ឃឹមនឹងអាចរួចរស់បានទេ។ ពេលនោះនឹងតម្រូវឲ្យយើងទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា។—អេសេ. ៣៨:១៤-១៦
៣ ឈុតសម្ដែងក្នុងកម្មវិធីមហាសន្និបាតតាមតំបន់នៅឆ្នាំ១៩៩៨ មានប្រធានថា៖ «ក្រុមគ្រួសារទាំងឡាយអើយ! ចូរឲ្យការអានព្រះគម្ពីរក្លាយជាផ្នែកនៃជីវភាពប្រចាំថ្ងៃរបស់គ្រួសារអ្នក»។ ពាក្យផ្ដើមនៃឈុតសម្ដែងនោះបានចែងដូចតទៅនេះថា៖ «កត្ដាចំបងមួយនៃជីវភាពប្រចាំថ្ងៃរបស់អ្នក គឺការអាននិងសិក្សាព្រះគម្ពីរជាក្រុមគ្រួសារដោយមានប្រសិទ្ធភាព»។ ពាក្យផ្ដើមនោះបានបន្តទៀតថា៖ «ពេលក្រុមគ្រួសារធ្វើតាមកាលវិភាគយ៉ាងទៀងទាត់ ហើយធ្វើឲ្យសាច់រឿងក្នុងព្រះគម្ពីរមានភាពរស់រវើក នោះទំលាប់អានព្រះគម្ពីរអាចមានអានុភាពខ្លាំងលើក្រុមគ្រួសារ។ កម្មវិធីបែបនេះនឹងចំរើនចំណេះដឹងរបស់យើង ហើយពង្រឹងជំនឿយើងផងដែរ។ កាលវិភាគដែលមានការអាន និងការសិក្សាព្រះគម្ពីរនឹងលើកបញ្ជាក់គំរូសំរាប់យើង គឺគំរូនៃបុរសនិងស្ត្រីពីបុរាណដែលមានភាពស្មោះត្រង់ដ៏អស្ចារ្យ ហើយក៏ជាគំរូជំរុញចិត្តយើងឲ្យចង់កាន់ជំហរមាំមួនខាងសេចក្ដីពិតដែរ»។ ពេលយើងពិនិត្យមើលទិដ្ឋភាពផ្សេងៗនៃទំលាប់ល្អៗខាងវិញ្ញាណ អ្នកដែលជាមេគ្រួសារគួរកត់សម្គាល់វិធីពីរបីដែលគាត់អាចធ្វើឲ្យកម្មវិធីខាងវិញ្ញាណរបស់ក្រុមគ្រួសារគាត់មានលក្ខណៈកាន់តែប្រសើរថែមទៀត។
៤ ចូរពិចារណាមើលព្រះបន្ទូលរបស់ព្រះរាល់តែថ្ងៃ: «នៅពេលដែលព្រះរាជាណាចក្រនៃព្រះគ្រប់គ្រងដោយគ្មានការជំទាស់ប្រឆាំង ហើយបំណងព្រះហឫទ័យរបស់ទ្រង់នឹងបានសម្រេចនៅលើផែនដី ដូចនៅស្ថានសួគ៌ដែរ នោះគ្មានមនុស្សដ៏កាចសាហាវណា ឬក៏សត្វណានឹងមក ‹ធ្វើទុក្ខ ឬបំផ្លាញគ្នា›ទេ។ (អេសាយ ១១:៩; ម៉ាថាយ ៦:៩, ១០)»។ ឃ្លាខាងលើទាំងនេះស្រង់ចេញពីកូនសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃ ឆ្នាំ២០០១ ដែលមានការពន្យល់បទគម្ពីរសំរាប់ថ្ងៃទី១១ ខែកញ្ញា។ ពាក្យរំឭកនេះពិតជាបានលើកទឹកចិត្តយើងណាស់! ជាមេគ្រួសារ តើអ្នកមានទំលាប់ពិនិត្យមើលបទគម្ពីរ និងការពន្យល់ជាមួយនឹងក្រុមគ្រួសារជារៀងរាល់ថ្ងៃឬទេ? ទង្វើដូចនេះពិតជាមានប្រយោជន៍មែន។ បើមិនស្រួលជួបគ្នានៅពេលព្រឹក អ្នកអាចជួបជុំគ្នាពេលថ្ងៃរសៀលក៏បាន។ បិតាម្នាក់មានប្រសាសន៍ថា៖ «ពេលទទួលទានអាហារពេលល្ងាចនោះ ហុចឱកាសដ៏ល្អឲ្យយើងពិភាក្សានូវបទគម្ពីរប្រចាំថ្ងៃ»។
៥ យើងសូមសរសើរបងប្អូនដែលមានទំលាប់ល្អហើយក្នុងការពិគ្រោះបទគម្ពីរប្រចាំថ្ងៃជាក្រុមគ្រួសារ។ អ្នកក៏អាចទទួលប្រយោជន៍ថែមទៀតបានដែរ ដោយអានមួយផ្នែកពីព្រះគម្ពីរដំណាលគ្នានឹងការពិគ្រោះបទគម្ពីរប្រចាំថ្ងៃ។ ក្រុមគ្រួសារខ្លះមានទំលាប់អានមួយជំពូកពីព្រះគម្ពីរ គឺជំពូកដែលមានបទគម្ពីរសំរាប់ថ្ងៃនោះ។ ក្រុមគ្រួសារឯទៀតអានមួយជំពូកៗតាមលំដាប់លំដោយក្នុងសៀវភៅមួយណាក៏បានក្នុងព្រះគម្ពីរ។ ការអានព្រះគម្ពីរប្រចាំថ្ងៃនឹងជួយក្រុមគ្រួសាររបស់អ្នកបណ្ដុះឲ្យមានចិត្តកោតក្រែងដោយខ្លាចធ្វើអ្វីដែលខុសព្រះហឫទ័យរបស់ព្រះយេហូវ៉ា ហើយក៏នឹងបណ្ដាលឲ្យពួកគេប្រាថ្នាធ្វើតាមព្រះហឫទ័យរបស់ទ្រង់កាន់តែច្រើនឡើងដែរ។—ចោទិ. ១៧:១៨-២០
៦ កម្មវិធីអានព្រះគម្ពីរនិងពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃរបស់ក្រុមគ្រួសារអ្នក ក៏អាចមានគុណប្រយោជន៍បន្ថែមទៀតបាន បើអ្នកឆ្លៀតពីរបីនាទីដើម្បីពិគ្រោះគ្នាអំពីរបៀបអនុវត្តតាមពត៌មាននោះ។ សៀវភៅសាលាកិច្ចបំរើ ទំព័រទី៦០ ជូនយោបល់មួយនេះថា៖ «អ្នកអាច . . . ជ្រើសរើសខខ្លះៗពីអំនានព្រះគម្ពីរដែលបានត្រូវកំណត់សំរាប់សប្ដាហ៍នោះ និងពិភាក្សាអំពីអត្ថន័យខទាំងនោះ ហើយក៏អាចសួរសំនួរដូចតទៅនេះថា: ‹តើខនេះផ្ដល់ការណែនាំយ៉ាងណាដល់យើង? តើយើងអាចប្រើខទាំងនេះយ៉ាងណាក្នុងកិច្ចបំរើផ្សាយរបស់យើង? តើខទាំងប៉ុន្មាននេះបង្ហាញអ្វីខ្លះអំពីព្រះយេហូវ៉ា និងអំពីរបៀបដែលទ្រង់សម្រេចការផ្សេងៗ? ហើយតើដូចម្ដេចបានជានេះជំរុញឲ្យយើងចង់ដឹងគុណទ្រង់កាន់តែខ្លាំងឡើងទៀត?›»។ ការពិគ្រោះគ្នាបែបនេះអំពីរឿងខាងវិញ្ញាណ នឹងជួយសមាជិកគ្រប់រូបក្នុងក្រុមគ្រួសាររបស់អ្នកឲ្យ‹ខំយល់បំណងព្រះហឫទ័យនៃព្រះយេហូវ៉ា›។—អេភ. ៥:១៧
៧ ការសិក្សាជាក្រុមគ្រួសារ: ពេលមេគ្រួសារដឹកនាំការសិក្សាក្នុងគ្រួសារប្រចាំសប្ដាហ៍នោះ នេះជាវិធីមួយដែលគាត់បង្ហាញដល់កូនគាត់ថា អ្វីៗខាងវិញ្ញាណត្រូវតែមានអាទិភាពជានិច្ច។ យុវជនម្នាក់នឹកចាំមិនភ្លេចថា៖ «ជួនកាលប៉ាខ្ញុំមកពីធ្វើការវិញនឿយហត់ខ្លាំងណាស់ ដល់ម្ល៉េះបានជាគាត់ចង់ចូលសម្រាន្តភ្លាមៗតែម្ដង ប៉ុន្តែគាត់នៅតែធ្វើតាមកម្មវិធីសិក្សាជាក្រុមគ្រួសារដដែល ហើយនេះបានជួយយើងទទួលស្គាល់ថា ការសិក្សាមានសារៈសំខាន់ណាស់»។ កូនដែលជាសមាជិកក៏អាចជួយគាំទ្រកម្មវិធីនេះផងដែរ។ ក្រុមគ្រួសារមួយដែលមានកូនប្រាំបួននាក់ បានភ្ញាក់ពីគេងពេលព្រលឹមម៉ោង៥ ដើម្បីសិក្សាជាក្រុមគ្រួសារ ពីព្រោះពួកគេគ្មានម៉ោងទំនេរនៅពេលផ្សេងទៀតទេ។
៨ ដើម្បីឲ្យមានការសិក្សាជាគ្រួសារដែលមានប្រសិទ្ធភាពនោះ មេគ្រួសារត្រូវ ‹យកចិត្តទុកដាក់នឹងសេចក្ដីបង្រៀនរបស់ខ្លួន›។ (១ធី. ៤:១៦, ព.ថ.) សៀវភៅសាលាកិច្ចបំរើ នៅទំព័រទី៣២ ចែងថា៖ «យើងអាចសន្និដ្ឋានថា បើយើងចង់ឲ្យកម្មវិធីសិក្សាក្នុងគ្រួសាររបស់យើងមានប្រសិទ្ធភាពនោះ យើងត្រូវដឹងពីលក្ខណៈរបស់សមាជិកម្នាក់ៗក្នុងក្រុមគ្រួសារជាមុនសិន។ តើសមាជិកគ្រួសារម្នាក់ៗមានភាពជឿនលឿនយ៉ាងណាខាងវិញ្ញាណ? . . . ពេលអ្នកធ្វើកិច្ចបំរើផ្សាយជាមួយកូនរបស់អ្នក តើគេស្ម័គ្រចិត្តសម្គាល់ខ្លួនជាស្មរបន្ទាល់ព្រះយេហូវ៉ា ដោយមិនទើសទាល់ពេលជួបពួកយុវវ័យឯទៀតដែលមានអាយុស្របាលនឹងគេទេ? តើកូនយើងចូលចិត្តកម្មវិធីអាននិងសិក្សាព្រះគម្ពីរជាក្រុមគ្រួសារទេ? តើកូនយើងពិតជាចង់រស់នៅស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាឬទេ? ការកត់សម្គាល់នូវលក្ខណៈរបស់កូនៗយ៉ាងហ្មត់ចត់នេះគឺជាអ្វីដែលអ្នកជាមេគ្រួសារត្រូវធ្វើ ដើម្បីបណ្ដុះក្នុងចិត្តសមាជិកគ្រួសារម្នាក់ៗនូវគុណសម្បត្ដិខាងវិញ្ញាណ ទាំងពង្រឹងចិត្តគំនិតបែបនេះផងដែរ»។
៩ កិច្ចប្រជុំក្រុមជំនុំ: ការរៀបចំសំរាប់កិច្ចប្រជុំក្រុមជំនុំ និងការចូលរួមកម្មវិធីទាំងនោះ គួរធ្វើជាផ្នែកសំខាន់នៃទម្លាប់ប្រចាំសប្ដាហ៍របស់អ្នក។ (ហេ. ១០:២៤, ២៥) ជួនកាលអ្នកអាចរៀបចំសំរាប់ប្រជុំជាមួយក្រុមគ្រួសារទាំងមូលតែម្ដង។ ជាជាងបង្អង់យូរ តើអ្នកអាចកំណត់ពេលរៀបចំទុកជាមុនបានទេ? ការបង្កើតទំលាប់ល្អបែបនេះនឹងជួយអ្នករៀបចំឲ្យបានកាន់តែល្អប្រសើរឡើង ថែមទាំងបង្កើននូវអត្ថប្រយោជន៍ដែលអ្នកនឹងទទួលពីកម្មវិធីប្រជុំទៀតផង។—សុ. ២១:៥
១០ ទំលាប់សិក្សាល្អខាងវិញ្ញាណមានលក្ខណៈពីរដ៏សំខាន់ គឺគុណភាពនិងភាពទៀងទាត់។ តែចុះយ៉ាងណាបើកាលៈទេសៈក្នុងជីវភាពអ្នកធ្វើឲ្យពិបាកនឹងរៀបចំសំរាប់កិច្ចប្រជុំទាំងឡាយ? សៀវភៅសាលាកិច្ចបំរើ ទំព័រទី៣១ ជូនយោបល់ថា៖ «ចូរជៀសវាងទំលាប់មិនល្អ ពោលគឺ ការមើលសាច់រឿងយ៉ាងប្រញាប់ប្រញាល់ពេកដើម្បីគ្រាន់តែមើលឲ្យអស់ប៉ុណ្ណោះ ឬមួយក៏ការមិនមើលអ្វីសោះពីព្រោះអ្នកគិតថាគ្មានពេលមើលទាំងអស់នោះទេ។ ផ្ទុយទៅវិញ សូមសម្រេចចិត្តថា បើអ្នកមានសមត្ថភាពសិក្សាប៉ុនណា ចូរសិក្សាតែប៉ុនហ្នឹងយ៉ាងហ្មត់ចត់ចុះ។ ចូរធ្វើដូច្នេះជារៀងរាល់សប្ដាហ៍។ យូរៗទៅ ចូរខំបន្ថែមពេលខ្លះទៀតដើម្បីរៀបចំសំរាប់កិច្ចប្រជុំឯទៀតដែរ»។
១១ បើក្រុមគ្រួសារអាចមកដល់សាលប្រជុំមុនម៉ោងចាប់ផ្ដើម នេះអាចជួយយើងឲ្យត្រៀមចិត្តគំនិតឲ្យបានល្អដើម្បីសរសើរព្រះយេហូវ៉ានិងទទួលប្រយោជន៍ពីការបង្វឹកបង្វឺនរបស់ទ្រង់។ តើក្រុមគ្រួសាររបស់អ្នកមានទំលាប់ធ្វើដូច្នេះទេ? នេះតម្រូវឲ្យគេរៀបចំគម្រោងដ៏ល្អជាមុន ហើយក៏តម្រូវឲ្យសមាជិកគ្រួសារគ្រប់រូបសហការគ្នា។ បើអ្នកសង្កេតឃើញថា ក្រុមគ្រួសាររបស់អ្នកច្រើនតែមានអារម្មណ៍តានតឹងដោយត្រូវប្រញាប់រៀបចំយ៉ាងបន្ទាន់ដើម្បីមកមុនប្រជុំ តើអ្នកអាចកែប្រែកាលវិភាគរបស់អ្នកបន្ដិចបន្តួចបានទេ? តើមានអ្វីខ្លះដែលអ្នកអាចរៀបចំទុកជាមុន? បើសមាជិកមួយរូបក្នុងក្រុមគ្រួសារមានបន្ទុកធ្ងន់ជាងគេនោះ តើសមាជិកឯទៀតក្នុងក្រុមគ្រួសារអាចជួយគាត់បានដែរឬទេ? តើការរៀបចំចេញដំណើរទៅសាលប្រជុំមុនម៉ោងបន្ដិច អាចបន្ធូរបន្ថយភាពតានតឹងក្នុងចិត្តបានទេ? ការមានរបៀបរៀបរយអាចជួយឲ្យយើងមានការប្រាស្រ័យទាក់ទងគ្នាបានល្អ ទាំងក្នុងក្រុមគ្រួសារ ទាំងក្នុងក្រុមជំនុំ។—១កូ. ១៤:៣៣, ៤០
១២ កិច្ចបំរើផ្សាយ: ការកំណត់ពេលឲ្យចូលរួមកិច្ចបំរើផ្សាយនោះ ជាផ្នែកមួយទៀតនៃទំលាប់សិក្សាល្អខាងវិញ្ញាណ។ យុវជនម្នាក់ឈ្មោះចេសុន គាត់នឹកចាំថា៖ «ក្រុមគ្រួសាររបស់ខ្ញុំបានទុកថ្ងៃសៅរ៍ពេលព្រឹកជាថ្ងៃផ្សព្វផ្សាយ។ ការកំណត់ថ្ងៃនេះគឺល្អណាស់សំរាប់ខ្ញុំ ពីព្រោះពេលខ្ញុំចូលរួមកិច្ចបំរើផ្សាយកាន់តែច្រើននោះ ខ្ញុំក៏យល់ឃើញថែមទៀតថា កិច្ចបំរើនេះបង្កើតផលល្អ ហើយនេះក៏ជួយខ្ញុំមានអំណរថែមទៀតដែរ»។ បងប្អូនភាគច្រើនដែលបានត្រូវចិញ្ចឹមអប់រំក្នុងក្រុមគ្រួសារដែលជាស្មរបន្ទាល់នោះ ក៏ធ្លាប់មានអារម្មណ៍ដូច្នោះដែរដោយថា ការកំណត់ថ្ងៃសំរាប់កិច្ចបំរើផ្សាយប្រចាំសប្ដាហ៍ បានជួយពួកគេរីកចំរើនជាអ្នកបំរើគ្រីស្ទាន។
១៣ ទំលាប់ល្អក៏អាចជួយឲ្យក្រុមគ្រួសាររបស់អ្នកមានអំណរច្រើនជាង និងបង្កើតផលបានច្រើនជាងចំពោះការចំណាយពេលក្នុងកិច្ចបំរើផ្សាយ។ តើដោយដូចម្ដេច? ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៩៩ ទំព័រទី១៩, ២០ បានជូនយោបល់ដូចតទៅនេះថា៖ «យូរៗម្ដង តើអ្នកប្រើពេលវេលានៃការសិក្សាជាគ្រួសារ ដើម្បីជួយសមាជិករបស់អ្នកឲ្យរៀបចំសំរាប់កិច្ចបំរើផ្សាយប្រចាំសប្ដាហ៍ឬទេ? ការធ្វើអ៊ីចឹងអាចមានប្រយោជន៍ច្រើន។ (ធីម៉ូថេទី២ ២:១៥) នេះអាចជួយឲ្យកិច្ចបំរើរបស់គេមានអត្ថន័យហើយទទួលផលផង។ យូរៗម្ដង អ្នកប្រហែលជាអាចទុកពេលវេលាដែលសិក្សាទាំងអស់ សំរាប់ការរៀបចំបែបនេះ។ ជារឿយៗ ប្រហែលជានៅឯទីបញ្ចប់នៃការសិក្សាក្នុងគ្រួសារ ឬនៅពេលណាទៀតក្នុងកំឡុងសប្ដាហ៍ អ្នកអាចពិគ្រោះយ៉ាងខ្លី អំពីផ្នែកផ្សេងនៃកិច្ចបំរើ»។ តើក្រុមគ្រួសាររបស់អ្នកធ្លាប់សាកធ្វើដូចនេះទេ?
១៤ ចូរជឿនទៅមុខជានិច្ច: ដោយយើងបានពិគ្រោះចំណុចទាំងប៉ុន្មាននេះ តើអ្នកបានកត់សម្គាល់ទិដ្ឋភាពណាដែលក្រុមគ្រួសាររបស់អ្នកកំពុងតែធ្វើល្អហើយឬ? បើដូច្នេះ ចូរសរសើរពួកគេចុះ! និងខំជួយឲ្យពួកគេរីកចំរើនបន្ថែមទៅទៀតដែរ។ បើអ្នកទទួលស្គាល់លក្ខណៈខ្លះៗដែលគួរនឹងធ្វើឲ្យបានប្រសើរជាង សូមជ្រើសរើសលក្ខណៈតែមួយឬពីរសិន ដើម្បីខំធ្វើតាមលក្ខណៈទាំងនោះ។ ពេលលក្ខណៈទាំងនោះរួមជាផ្នែកនៃទំលាប់ល្អខាងវិញ្ញាណរបស់អ្នកហើយ សូមខំធ្វើតាមលក្ខណៈមួយឬពីរទៀត។ សូមចេះប្រមាណខ្លួនហើយមានចិត្តគំនិតសុទិដ្ឋិនិយម។ (ភី. ៤:៤, ៥) ការបង្កើតឲ្យក្រុមគ្រួសាររបស់អ្នកមានទំលាប់ល្អខាងវិញ្ញាណ នឹងតម្រូវឲ្យអ្នកខំព្យាយាម ប៉ុន្តែនឹងមានគុណប្រយោជន៍មែន ត្បិតព្រះយេហូវ៉ាធានាយើងថា៖ «អញនឹងសំដែងសេចក្ដីសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់»។—ទំនុក. ៥០:២៣