ចូរសិក្សាបន្ទូលរបស់ព្រះជាក្រុមគ្រួសារជារឿយៗ
«មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។—ម៉ាថាយ ៤:៤
១. តើព្រះគម្ពីរចែងយ៉ាងណាអំពីភារកិច្ចនៃមេគ្រួសារ ក្នុងការបង្រៀនកូនៗតាមផ្លូវរបស់ព្រះយេហូវ៉ានោះ?
ព្រះយេហូវ៉ាបានប្រទានឲ្យមេគ្រួសារនូវការរំឭកជាញឹកញាប់ អំពីភារកិច្ចរបស់គាត់ ដើម្បីឲ្យបង្រៀនកូនៗ។ ការបង្ហាត់បង្រៀនបែបនេះនឹងប្រដាប់កូនៗសំរាប់ជីវិតឥឡូវ ហើយក៏អាចជួយគេឲ្យរៀបចំខ្លួនសំរាប់ជីវិតនៅខាងមុខដែរ។ ទេវតាមួយដែលតំណាងព្រះ បានចង្អុលប្រាប់អ័ប្រាហាំនូវភារកិច្ចរបស់គាត់ ក្នុងការបង្រៀនក្រុមគ្រួសារ ដើម្បីឲ្យគេ«កាន់ខ្ជាប់តាមផ្លូវនៃព្រះយេហូវ៉ា»។ (លោកុប្បត្តិ ១៨:១៩) ឪពុកម្ដាយជនជាតិអ៊ីស្រាអែលបានត្រូវប្រាប់ឲ្យពន្យល់ប្រាប់ទៅកូនៗ នូវរបៀបដែលព្រះបានរំដោះសាសន៍អ៊ីស្រាអែលពីប្រទេសអេស៊ីប ហើយនូវរបៀបដែលទ្រង់បានប្រទានដល់គេនូវក្រិត្យវិន័យនៅឯភ្នំស៊ីណាយ គឺត្រង់ភ្នំហូរែបនោះ។ (និក្ខមនំ ១៣:៨, ៩; ចោទិយកថា ៤:៩, ១០; ១១:១៨-២១) មេគ្រួសារជាគ្រីស្ទានបានត្រូវដាស់តឿនឲ្យចិញ្ចឹមកូនរបស់ខ្លួន«ទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។ (អេភេសូរ ៦:៤) ទោះជាមានតែឪពុកឬម្ដាយបំរើព្រះយេហូវ៉ាក៏ដោយ ម្នាក់នេះគួរតែខំប្រឹងបង្រៀនកូនៗតាមផ្លូវរបស់ព្រះយេហូវ៉ា។—ធីម៉ូថេទី២ ១:៥; ៣:១៤, ១៥
២. តើការសិក្សាក្នុងគ្រួសារត្រូវមានទេ បើឥតមានកូនចៅនៅក្នុងគ្រួសារនោះ? សូមពន្យល់។
២ នេះមិនមានសេចក្ដីថា ការសិក្សាបន្ទូលរបស់ព្រះក្នុងគ្រួសារ គឺសំរាប់តែគ្រួសារដែលមានកូនចៅនោះទេ។ នៅពេលដែលប្ដីប្រពន្ធមានការសិក្សាក្នុងគ្រួសារ ទោះជាឥតមានកូនៗនៅក្នុងគ្រួសារក៏ដោយ នេះបង្ហាញនូវការអបអរដ៏ល្អចំពោះរបស់ខាងវិញ្ញាណ។—អេភេសូរ ៥:២៥, ២៦
៣. ហេតុអ្វីក៏ការសិក្សាក្នុងគ្រួសារជារឿយៗគឺសំខាន់ម្ល៉េះ?
៣ ដើម្បីឲ្យសម្រេចបានផលល្អបំផុត នោះការបង្ហាត់បង្រៀនត្រូវតែធ្វើឡើងជារឿយៗ ឲ្យបានស្របតាមនឹងមេរៀន ដែលព្រះយេហូវ៉ាបានបង្រៀនពួកអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន គឺថា៖ «មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ»។ (ចោទិយកថា ៨:៣) ស្រេចតែនឹងស្ថានការណ៍ក្នុងគ្រួសារ នោះគ្រួសារខ្លះប្រហែលរៀបចំសិក្សាប្រចាំសប្ដាហ៍។ គ្រួសារឯទៀតប្រហែលជាមានពេលសិក្សាខ្លីៗ ដែលធ្វើឡើងជារៀងរាល់ថ្ងៃ។ ទោះជាអ្នកជ្រើសរើសការរៀបចំអ្វីក៏ដោយ កុំទុកឲ្យការសិក្សានោះសម្រេចឡើងដោយចៃដន្យឡើយ។ ចូរ«លៃយកឱកាស»សំរាប់ការសិក្សា។ ចំណាយណាដែលត្រូវការចាំបាច់សំរាប់ពេលវេលាបែបនេះ គឺជាចំណាយដែលនឹងបានផលដ៏ល្អណាស់។ នេះគឺទាក់ទងនឹងជីវិតនៃសមាជិកទាំងឡាយក្នុងគ្រួសាររបស់អ្នក។—អេភេសូរ ៥:១៥-១៧; ភីលីព ៣:១៦
គោលដៅខ្លះដើម្បីចងចាំទុក
៤, ៥. (ក) តាមរយៈលោកម៉ូសេ តើព្រះយេហូវ៉ាបានទុកអ្វីឲ្យឪពុកម្ដាយ ជាគោលដៅដ៏សំខាន់មួយក្នុងការបង្រៀនកូនៗរបស់ខ្លួន? (ខ) តើនេះទាក់ទងអ្វីខ្លះសព្វថ្ងៃនេះ?
៤ ពេលអ្នកនាំមុខក្នុងការសិក្សាជាគ្រួសារ នឹងសម្រេចបានផលល្អបំផុត បើអ្នកបានចងចាំទុកនូវគោលដៅច្បាស់លាស់។ ចូរពិនិត្យមើលនូវគោលដៅខ្លះៗ។
៥ នៅពេលសិក្សានិមួយៗ ចូរខំប្រឹងបង្កើនសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ កាលដែលសាសន៍អ៊ីស្រាអែលបានមកផ្ដុំគ្នានៅត្រង់វាលនៃស្រុកម៉ូអាប់ មុននឹងពួកគេចូលស្រុកដែលបានសន្យា នោះម៉ូសេបានផ្ដោតស្មារតីរបស់គេលើអ្វី ដែលក្រោយមកព្រះយេស៊ូគ្រីស្ទនឹងសម្គាល់ជា‹បញ្ញត្តយ៉ាងសំខាន់បំផុតនៅក្នុងក្រិត្យវិន័យ›។ តើអ្វីទៅជាបញ្ញត្តនោះ? «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង»។ (ម៉ាថាយ ២២:៣៦, ៣៧; ចោទិយកថា ៦:៥) លោកម៉ូសេបានដាស់តឿនពួកអ៊ីស្រាអែល ធ្វើឲ្យបញ្ញត្តនេះជាប់ក្នុងចិត្តរបស់គេផ្ទាល់ ហើយឲ្យបង្រៀនបញ្ញត្តនេះដល់កូនៗដែរ។ នេះគឺតម្រូវឲ្យមានការរំឭកសាឡើងវិញ គឺទាញស្មារតីដល់មូលហេតុចំពោះការស្រឡាញ់ព្រះយេហូវ៉ា ដោយវែកញែកអំពីអាកប្បកិរិយានិងចរិយា ដែលអាចបង្ការនូវការសម្ដែងសេចក្ដីស្រឡាញ់បែបនេះ ហើយការបង្ហាញនូវសេចក្ដីស្រឡាញ់ដល់ព្រះយេហូវ៉ានៅក្នុងជីវិតរបស់គេផ្ទាល់។ តើកូនរបស់យើងត្រូវការ ការបង្ហាត់បង្រៀនដូចនេះឬទេ? ប្រាកដហើយ! ហើយគេក៏ត្រូវការជំនួយដើម្បី‹កាត់ស្បែកចិត្តរបស់គេចេញ› គឺថាឲ្យដកចេញអ្វីក៏ដោយ ដែលនឹងបង្ការសេចក្ដីស្រឡាញ់របស់គេចំពោះព្រះ។ (ចោទិយកថា ១០:១២, ១៦; យេរេមា ៤:៤) ក្នុងចំណោមឧបសគ្គបែបនេះ ប្រហែលជាមានសេចក្ដីប្រាថ្នាចង់បានអ្វីមួយនៃលោកីយ៍នេះ និងឱកាសដើម្បីឲ្យបានត្រូវជក់ស្លុងនឹងការប្រព្រឹត្តទាំងឡាយក្នុងលោកីយ៍។ (យ៉ូហានទី១ ២:១៥, ១៦) សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ត្រូវតែមានសកម្មភាព និងសម្ដែងនូវមនោសញ្ចេតនា ដែលជំរុញយើងឲ្យធ្វើអ្វីដែលផ្គាប់ព្រះហឫទ័យនៃព្រះវរបិតានៅស្ថានសួគ៌។ (យ៉ូហានទី១ ៥:៣) ដើម្បីឲ្យការសិក្សាក្នុងគ្រួសាររបស់អ្នកមានផលប្រយោជន៍ជាយូរអង្វែង នោះរៀងរាល់ពេលសិក្សាគួរធ្វើឡើង តាមរបៀបដែលនឹងពង្រឹងសេចក្ដីស្រឡាញ់នេះ។
៦. (ក) តើត្រូវការអ្វីខ្លះដើម្បីផ្ដល់ឲ្យចំណេះត្រឹមត្រូវ? (ខ) តើតាមរបៀបណាដែលបទគម្ពីរ បញ្ជាក់នូវសារៈសំខាន់នៃចំណេះត្រឹមត្រូវ?
៦ ជូនឲ្យចំណេះត្រឹមត្រូវអំពីសេចក្ដីតម្រូវរបស់ព្រះ។ តើនេះទាក់ទងអ្វីខ្លះ នេះគឺទាក់ទងច្រើន មិនគ្រាន់តែការអានចម្លើយមួយចេញពីទស្សនាវដ្ដីឬសៀវភៅមួយនោះទេ។ ធម្មតាគឺតម្រូវឲ្យមានការពិគ្រោះ ដើម្បីធ្វើឲ្យប្រាកដថា ពាក្យសំខាន់ៗនិងគោលគំនិត គឺបានយល់យ៉ាងច្បាស់លាស់។ ចំណេះត្រឹមត្រូវគឺជាកត្ដាសំខាន់ក្នុងការបំពាក់បុគ្គលិកលក្ខណៈថ្មី ហើយក្នុងការប្រុងស្មារតីលើរបស់ដែលពិតជាសំខាន់ ពេលលៃលកដោះស្រាយបញ្ហាក្នុងជីវិត ហើយដូច្នេះគឺកំពុងតែធ្វើអ្វីដែលពិតជាផ្គាប់ព្រះហឫទ័យព្រះមែន។—ភីលីព ១:៩-១១; កូល៉ុស ១:៩, ១០; ៣:១០
៧. (ក) តើការប្រើសំនួរណាខ្លះ ដែលប្រហែលជាអាចជួយក្រុមគ្រួសារអនុវត្តឲ្យបានប្រយោជន៍ នូវពត៌មានដែលបានសិក្សានោះ? (ខ) តើបទគម្ពីរបញ្ជាក់នូវតម្លៃនៃគោលដៅបែបនេះយ៉ាងដូចម្ដេច?
៧ ជួយឲ្យចេះអនុវត្តបានជោគជ័យនូវអ្វីដែលបានរៀននោះ។ ដោយមានគោលដៅនេះ ក្នុងកំឡុងការសិក្សានិមួយៗជាគ្រួសារ សូមសួរថា៖ ‹តើពត៌មាននេះគួរមានឥទ្ធិពលយ៉ាងណាលើជីវិតរបស់យើង? តើនេះតម្រូវឲ្យមានការកែប្រែណាមួយ ពីអ្វីដែលយើងកំពុងធ្វើនៅឥឡូវឬទេ? ហេតុអ្វីក៏យើងគួរតែចង់ធ្វើការកែសម្រួលនេះ›? (សុភាសិត ២:១០-១៥; ៩:១០; អេសាយ ៤៨:១៧, ១៨) ការប្រុងស្មារតីគ្រប់គ្រាន់ខាងឯការអនុវត្តន៍ ដែលមានប្រយោជន៍នូវអ្វីដែលបានរៀន អាចជាកត្ដាដ៏សំខាន់ដែលនាំឲ្យមានការរីកចំរើនខាងវិញ្ញាណនៃសមាជិកគ្រួសារ។
ប្រើឧបករណ៍បង្រៀនដោយប្រាជ្ញា
៨. តើឧបករណ៍អ្វីខ្លះសំរាប់ការសិក្សាព្រះគម្ពីរ ដែលក្រុមអ្នកបំរើបានផ្ដល់ឲ្យនោះ?
៨ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› បានផ្ដល់ឲ្យឧបករណ៍ជាច្រើន ដែលអាចយកមកប្រើសំរាប់សិក្សា។ ទស្សនាវដ្ដីប៉មយាមដែលប្រើជាមួយនឹងព្រះគម្ពីរ គឺមាន១៣១ភាសា។ គឺមានសៀវភៅសំរាប់ការសិក្សាព្រះគម្ពីរ ដែលមាន១៥៣ភាសា សៀវភៅស្តើង២៨៤ភាសា កាសែតម៉ាញ៉េ៦១ភាសា កាសែតវីដេអូមាន៤១ភាសា ព្រមទាំងកុំព្យូទ័រប្រូក្រាមសំរាប់ស្រាវជ្រាវព្រះគម្ពីរមាន៩ភាសាផង!—ម៉ាថាយ ២៤:៤៥-៤៧
៩. តើតាមរបៀបណាដែលយើងប្រហែលជាអាចអនុវត្តឱវាទ ពីបទគម្ពីរក្នុងវគ្គនេះ ពេលមានការសិក្សាប៉មយាមជាគ្រួសារ?
៩ ក្រុមគ្រួសារជាច្រើនប្រើពេលនៃការសិក្សាជាគ្រួសារ ដើម្បីរៀបចំសំរាប់ការសិក្សាប៉មយាមតាមក្រុមជំនុំ។ នេះអាចមានប្រយោជន៍យ៉ាងណាទៅហ្ន៎! ទស្សនាវដ្ដីប៉មយាម មានអាហារខាងវិញ្ញាណដ៏សំខាន់បំផុត ដែលបានត្រូវផ្ដល់មក ដើម្បីពង្រឹងរាស្ត្ររបស់ព្រះយេហូវ៉ានៅទូទាំងពិភពលោក។ នៅពេលដែលអ្នកសិក្សាទស្សនាវដ្ដីប៉មយាមជាគ្រួសារ ចូរបន្ថែមលើការអានវគ្គនិងការឆ្លើយសំនួរដែលបានបោះពុម្ពនៅទីនោះ។ ចូរខំប្រឹងឲ្យបានយល់។ ចូរចំណាយពេលវេលាឆែកមើលបទគម្ពីរនៅក្នុងនោះ ដែលមិនបានដកស្រង់ចេញហើយ។ អញ្ជើញឲ្យសមាជិកគ្រួសារអធិប្បាយអំពីរបៀបដែលបទគម្ពីរទាំងនេះ បានទាក់ទងនូវអ្វីដែលបានចែងក្នុងវគ្គ ដែលកំពុងតែពិចារណាមើលនេះ។ ចូរធ្វើឲ្យបានជ្រួតជ្រាបដល់ចិត្ត។—សុភាសិត ៤:៧, ២៣; កិច្ចការ ១៧:១១
១០. តើអាចធ្វើអ្វីដើម្បីរួមបញ្ចូលកូនៗនៅក្នុងការសិក្សា ហើយធ្វើឲ្យនេះជាពេលដែលគួរឲ្យចូលចិត្តសំរាប់គេនោះ?
១០ បើមានកូនៗនៅក្នុងគ្រួសាររបស់អ្នក តើអ្នកអាចធ្វើអ្វី ដើម្បីឲ្យការសិក្សាជាពេលដ៏លើកទឹកចិត្ត គួរឲ្យចាប់អារម្មណ៍ និងដ៏សប្បាយ ជាជាងគ្រាន់តែតាមទំលាប់ក្នុងគ្រួសារនោះ? ចូរខំប្រឹងឲ្យរួមបញ្ចូលកូននិមួយៗតាមរបៀបសមរម្យ ដើម្បីឲ្យនៅប្រុងស្មារតីលើពត៌មានសិក្សានោះ។ ពេលធ្វើទៅបាន រៀបចំឲ្យកូននិមួយៗមានព្រះគម្ពីរនិងទស្សនាវដ្ដីសំរាប់សិក្សាផ្ទាល់ខ្លួនផង។ ក្នុងការធ្វើតម្រាប់តាមភាពកក់ក្ដៅដែលបានសម្ដែងដោយព្រះយេស៊ូ នោះឪពុកម្ដាយប្រហែលជាឲ្យកូនពៅអង្គុយជិតខ្លួន ប្រហែលជាឱបកូនតូចនេះផង។ (ប្រៀបមើល ម៉ាកុស ១០:១៣-១៦) មេគ្រួសារម្នាក់ប្រហែលជាឲ្យកូនពន្យល់នូវរូបភាពមួយ ដែលមាននៅក្នុងពត៌មានសិក្សានោះ។ ប្រហែលជាអាចចាត់កូនក្មេងម្នាក់ជាមុន ឲ្យអានបទគម្ពីរណាមួយ។ ប្រហែលជាអាចចាត់ឲ្យក្មេងធំជាងនោះ រៀបរាប់អំពីឱកាសនឹងអនុវត្តនូវពត៌មានសិក្សានេះឲ្យបានប្រយោជន៍។
១១. តើមានឧបករណ៍បង្រៀនណាទៀតដែលបានត្រូវផ្ដល់មក ហើយបើមានឧបករណ៍ទាំងនេះ តើតាមរបៀបណាដែលអាចប្រើដោយមានប្រយោជន៍ រួមបញ្ចូលនឹងការសិក្សាក្នុងគ្រួសារនោះ?
១១ ទោះជាអ្នកប្រហែលជាប្រើទស្សនាវដ្ដីប៉មយាមជាមូលដ្ឋាននៃការពិគ្រោះរបស់អ្នកក៏ដោយ កុំភ្លេចនូវឧបករណ៍សិក្សាឯទៀត ដែលមានជាច្រើនភាសា។ បើត្រូវការពត៌មានបន្ថែមឬការពន្យល់ខាងឯប្រយោគព្រះគម្ពីរ នោះសៀវភៅ ការយល់ធ្លុះជ្រៅនឹងបទគម្ពីរប្រហែលជាមានក្នុងនោះហើយ។ សំនួរឯទៀតអាចឆ្លើយបាន ដោយពិនិត្យមើលលិបិក្រមប្រកាសនវត្ថុប៉មយាម ឬដោយប្រើប្រូក្រាមស្រាវជ្រាវក្នុងកុំព្យូទ័រ ដែលបានផ្ដល់មកដោយសមាគម។ ការរៀនចេះប្រើឧបករណ៍ទាំងនេះ ក៏អាចជាផ្នែកដ៏មានតម្លៃនៃការសិក្សាក្នុងគ្រួសារ។ ដោយមានគោលដៅចង់ធ្វើឲ្យកូនក្មេងចាប់អារម្មណ៍ នោះអ្នកប្រហែលទុកពេលមួយចំណែកនៃការសិក្សារបស់អ្នក ដើម្បីមើលកាសែតវីដេអូដ៏បង្ហាត់បង្រៀនមួយរបស់សមាគម ឬដោយប្រើកាសែតម៉ាញ៉េស្ដាប់សម្លេងមួយភាគ ហើយរួចមកអាចពិគ្រោះពត៌មាននេះ។ ការប្រើយ៉ាងល្អនូវឧបករណ៍សិក្សាទាំងនេះ អាចជួយឲ្យការសិក្សាក្នុងគ្រួសាររបស់អ្នក ជាទីគួរឲ្យចាប់អារម្មណ៍ ហើយមានប្រយោជន៍ដល់គ្រួសារទាំងមូល។
ចេះប្រែប្រួលតាមតម្រូវការរបស់គ្រួសារអ្នក
១២. តើការសិក្សាក្នុងគ្រួសារអាចមានមុខនាទី ក្នុងការដោះស្រាយនឹងតម្រូវការគ្រួសារដែលសំខាន់ជាបន្ទាន់យ៉ាងដូចម្ដេច?
១២ ប្រហែលជាគ្រួសាររបស់អ្នកធម្មតាសិក្សាមេរៀនទស្សនាវដ្ដីប៉មយាមប្រចាំសប្ដាហ៍។ ប៉ុន្តែចូរឲ្យដឹងអំពីបញ្ហានិងមតិដ៏សំខាន់នៃគ្រួសាររបស់អ្នក។ នៅពេលដែលម្ដាយមិនត្រូវធ្វើការ នោះនាងប្រហែលជាចំណាយពេលជាមួយកូនរៀងរាល់ថ្ងៃ ពេលដែលគេត្រឡប់មកពីរៀនវិញ។ ស្ថានការណ៍ខ្លះអាចដោះស្រាយពេលនោះបាន តែបញ្ហាឯទៀតប្រហែលជាតម្រូវឲ្យយកមកគិតមើលថែមទៀត។ ពេលមានតម្រូវការក្នុងគ្រួសារដែលសំខាន់ដ៏បន្ទាន់ ចូរកុំធ្វើកន្តើយនឹងបញ្ហានោះឡើយ។ (សុភាសិត ២៧:១២) នេះប្រហែលជាមិនគ្រាន់តែទាក់ទងនឹងបញ្ហានៅឯសាលាប៉ុណ្ណោះ ក៏ប៉ុន្តែចំពោះស្ថានការណ៍ឯទៀតៗ។ ចូរជ្រើសរើសពត៌មានដែលសមស្របនឹងនោះ ហើយប្រាប់គ្រួសារទុកជាមុនអំពីអ្វីដែលនឹងត្រូវសិក្សា។
១៣. ហេតុអ្វីក៏ការពិគ្រោះក្នុងគ្រួសារឲ្យចេះពុះពារនឹងភាពក្រីក្រ ប្រហែលជាមានប្រយោជន៍នោះ?
១៣ ជាឧទាហរណ៍មួយ ភូមិភាគមួយចំនួនធំនៃផែនដីនេះ គឺកំពុងតែមានភាពក្រីក្រណាស់។ ដូច្នេះនៅកន្លែងជាច្រើន ប្រហែលជាការចាំបាច់ឲ្យពិគ្រោះនូវរបៀបពុះពារនឹងបញ្ហានេះ។ តើការសិក្សាក្នុងគ្រួសារដែលផ្ដោតលើស្ថានការណ៍មែនទែន ហើយអំពីគោលការណ៍ព្រះគម្ពីរ នឹងមានប្រយោជន៍ក្នុងគ្រួសាររបស់អ្នកឬ?—សុភាសិត ២១:៥; សាស្ដា ៩:១១; ហេព្រើរ ១៣:៥, ៦, ១៨
១៤. តើស្ថានការណ៍បែបណាដែលធ្វើឲ្យមានការពិគ្រោះជាគ្រួសារ អំពីទស្សនៈរបស់ព្រះយេហូវ៉ាខាងអំពើឃោរឃៅ សង្គ្រាម និងអព្យាក្រឹត្យភាពនោះតាមត្រូវពេល?
១៤ ប្រធានមួយទៀតដែលត្រូវពិគ្រោះគឺអំពើឃោរឃៅ។ យើងគ្រប់គ្នាត្រូវមានទស្សនៈរបស់ព្រះយេហូវ៉ា ឲ្យបានជាប់យ៉ាងមាំនៅក្នុងចិត្តគំនិតរបស់យើង។ (លោកុប្បត្តិ ៦:១៣; ទំនុកដំកើង ១១:៥) ការសិក្សាក្នុងគ្រួសារអំពីប្រធាននេះ អាចផ្ដល់ឲ្យមានកម្មវិធីសំរាប់ការពិគ្រោះ នូវរបៀបដែលត្រូវដោះស្រាយនឹងពួកចូលចិត្តតែសម្លុតគេនៅឯសាលា បើសិនជាគួរត្រូវរៀនក្បាច់គុនឬក៏អត់ ហើយរបៀបឲ្យចេះជ្រើសរើសគ្រឿងកំសាន្តដ៏សមរម្យ។ ការប្រយុទ្ធដ៏ឃោរឃៅគឺក្លាយជាធម្មតា សឹងតែប្រទេសទាំងអស់គឺមានសង្គ្រាមស៊ីវិល ការជំទាស់ខាងនយោបាយឬជំលោះរវាងជាតិសាសន៍ ឬសង្គ្រាមរវាងក្រុមមនុស្សខូច។ ជាលទ្ធផល គ្រួសាររបស់អ្នកប្រហែលជាត្រូវពិគ្រោះអំពីការរក្សាចរិយាគ្រីស្ទាន កាលដែលបានត្រូវឡោមព័ទ្ធដោយភាគីក្នុងសង្គ្រាម។—អេសាយ ២:២-៤; យ៉ូហាន ១៧:១៦
១៥. តើការបង្ហាត់បង្រៀនអំពីផ្លូវភេទនិងអាពាហ៍ពិពាហ៍ ត្រូវពន្យល់យ៉ាងណាដល់កូនក្មេង?
១៥ កាលដែលកូនៗធំឡើង ពួកគេក៏ត្រូវការនូវការបង្ហាត់បង្រៀនដែលសមរម្យនឹងអាយុរបស់គេ អំពីផ្លូវភេទនិងអាពាហ៍ពិពាហ៍ដែរ។ នៅក្នុងវប្បធម៌ខ្លះឪពុកម្ដាយភាគច្រើន មិនដែលនិយាយរឿងផ្លូវភេទជាមួយនឹងកូនរបស់គេឡើយ។ កូនក្មេងដែលមិនចេះដឹងប្រហែលទទួលទស្សនៈដ៏ខុសពីយុវជនឯទៀត ហើយគឺអាចមានលទ្ធផលខូចខាតយ៉ាងដំណំ។ តើជាការប្រសើរជាងទេឬក្នុងការត្រាប់តាមព្រះយេហូវ៉ា ដែលប្រទានឲ្យឱវាទចំៗ ប៉ុន្តែប្រកបដោយថ្លៃថ្នូរលើរឿងនេះនៅក្នុងព្រះគម្ពីរ? ឱវាទរបស់ព្រះនឹងជួយកូនរបស់យើងឲ្យរក្សាការគោរពខ្លួន ហើយឲ្យប្រព្រឹត្តនឹងពួកភេទផ្ទុយដោយថ្លៃថ្នូរ។ (សុភាសិត ៥:១៨-២០; កូល៉ុស ៣:៥; ថែស្សាឡូនីចទី១ ៤:៣-៨) ទោះជាអ្នកបានពិគ្រោះរឿងទាំងនេះរួចហើយក៏ដោយ ចូរកុំស្ទាក់ស្ទើរក្នុងការនិយាយម្ដងទៀត។ កាលដែលស្ថានការណ៍ថ្មីកើតឡើង នោះការរំឭកឡើងវិញគឺសំខាន់ណាស់។
១៦. (ក) នៅក្នុងក្រុមគ្រួសារផ្សេងៗ តើការសិក្សាជាគ្រួសារធ្វើឡើងនៅពេលណា? (ខ) តើតាមរបៀបណាដែលអ្នកបានដោះស្រាយនឹងឧបសគ្គ ដើម្បីឲ្យមានការសិក្សាក្នុងគ្រួសារជារឿយៗនោះ?
១៦ តើការសិក្សាក្នុងគ្រួសារអាចធ្វើឡើងនៅពេលណា? ក្នុងការយកតម្រាប់តាមក្រុមគ្រួសារបេតអែលជុំវិញផែនដី នោះគ្រួសារជាច្រើនគ្រោងពេលសិក្សាក្នុងគ្រួសាររបស់គេ នៅយប់ថ្ងៃច័ន្ទ។ ចំពោះគ្រួសារឯទៀត គឺគ្រោងពេលខុសគ្នាៗ។ នៅក្នុងប្រទេសអាហ្សង់ទីន ក្រុមគ្រួសារដែលមានសមាជិក១១នាក់ រួមបញ្ចូលកូន៩នាក់ ក្រោកពីដេកជារឿយៗនៅម៉ោងប្រាំព្រឹក ដើម្បីនឹងសិក្សាក្នុងគ្រួសារ។ ដោយព្រោះមានគម្រោងពេលធ្វើការខុសៗគ្នា នោះឥតមានពេលណាទៀតដែលអាចធ្វើបានទេ។ នេះគឺមិនជាស្រួលទេ ក៏ប៉ុន្តែនេះបានធ្វើឲ្យជាប់នៅលើចិត្តគំនិតរបស់កូនៗ នូវសារៈសំខាន់នៃការសិក្សាក្នុងគ្រួសារ។ នៅក្នុងប្រទេសហ្វីលីពីន អ្នកចាស់ទុំម្នាក់មានការសិក្សាក្នុងគ្រួសារជារឿយៗ ជាមួយនឹងប្រពន្ធនិងកូនបីនាក់របស់គាត់ តាំងពីតូចដល់ធំឡើង។ ក្នុងកំឡុងសប្ដាហ៍ឪពុកម្ដាយក៏មានការសិក្សាផ្ទាល់ខ្លួនជាមួយនឹងកូនម្នាក់ៗ ដើម្បីឲ្យកូនម្នាក់ៗអាចយកសេចក្ដីពិតទុកជារបស់ផងខ្លួន។ នៅសហរដ្ឋអាមេរិក បងស្រីម្នាក់ដែលប្ដីរបស់ខ្លួនមិនមែនជាអ្នកជឿ នាងក៏ដើរជាមួយកូនៗទៅឡានក្រុងសាលារៀងរាល់ព្រឹក។ ពេលដែលចាំឡានក្រុងសាលានេះ គេចំណាយប្រមាណដប់នាទីអាននិងពិគ្រោះពត៌មានសិក្សាក្នុងបទគម្ពីរនោះ ហើយរួចមក ម្ដាយនេះក៏អធិស្ឋានយ៉ាងខ្លីមួយ មុននឹងកូនៗឡើងជិះឡានក្រុងសាលា។ នៅក្នុងសាធារណរដ្ឋកុងហ្គោជាប្រជាធិបតេយ្យ នោះស្ត្រីម្នាក់ ដែលប្ដីដ៏មិនជឿព្រះបានរត់ចោលគ្រួសារ នាងត្រូវតែខំប្រឹងសិក្សា ពីព្រោះនាងមានការរៀនសូត្របានតែបន្ដិចបន្តួចនោះ។ កូនប្រុសដ៏ពេញវ័យរបស់នាងក៏ជួយ ដោយមកលេងគ្រួសាររៀងរាល់សប្ដាហ៍ ដើម្បីនាំមុខក្នុងការសិក្សា ដែលរួមបញ្ចូលម្ដាយនិងប្អូនៗប្រុសរបស់គាត់។ ម្ដាយនេះទុកគំរូដ៏ល្អ ដោយការរៀបចំដ៏យកចិត្តទុកដាក់របស់នាង។ តើមានស្ថានការណ៍ណាមួយក្នុងក្រុមគ្រួសាររបស់អ្នក ដែលធ្វើឲ្យពិបាកនឹងសិក្សាក្នុងគ្រួសារជារឿយៗឬទេ? ចូរកុំចុះចាញ់ឲ្យសោះ។ ចូរស្វែងរកប្រសិទ្ធិពរពីព្រះយេហូវ៉ាមកលើការខំប្រឹងរបស់អ្នក ដើម្បីឲ្យមានការសិក្សាព្រះគម្ពីរជារឿយៗ។—ម៉ាកុស ១១:២៣, ២៤
រង្វាន់ពីការខំព្យាយាម
១៧. (ក) ដើម្បីឲ្យមានការសិក្សាក្នុងគ្រួសារជារឿយៗ តើត្រូវការអ្វី? (ខ) តើបទពិសោធន៍អ្វីដែលបង្ហាញនូវតម្លៃ នៃការបង្ហាត់បង្រៀនគ្រួសារជារឿយៗតាមផ្លូវរបស់ព្រះយេហូវ៉ានោះ?
១៧ គ្រោងការណ៍គឺត្រូវការចាំបាច់។ ការខំព្យាយាមក៏ត្រូវការដែរ។ ប៉ុន្តែ ផលប្រយោជន៍ដែលមានពីការសិក្សាក្នុងគ្រួសារជារឿយៗ គឺសមនឹងធ្វើមែន។ (សុភាសិត ២២:៦; យ៉ូហានទី៣ ៤) ហ្វ្រេននិងហីលដាពីប្រទេសអាល្លឺម៉ង់ បានចិញ្ចឹមអប់រំកូន១១នាក់។ ជាច្រើនឆ្នាំក្រោយមក នោះកូនរបស់គាត់ ឈ្មោះ ម៉ាកដាឡេណា បាននិយាយថា៖ «អ្វីដែលខ្ញុំចាត់ទុកជាសំខាន់បំផុតសព្វថ្ងៃ គឺថា យើងបានទទួលការបង្ហាត់បង្រៀនខ្លះខាងវិញ្ញាណ មិនដែលខានមួយថ្ងៃឲ្យកន្លងទៅនោះឡើយ»។ នៅពេលដែលគំនិតនៃជាតិនិយមបានក្លាយជាខ្លាំងឡើងក្រោមអំណាចរបស់ អាដុល ហិត្លើ នោះឪពុករបស់ម៉ាកដាឡេណា បានប្រើព្រះគម្ពីរដើម្បីប្រុងប្រៀបគ្រួសាររបស់គាត់នឹងការសាកល្បង ដែលគាត់បានដឹងថានឹងមានឡើងនោះ។ ក្រោយមក សមាជិកក្មេងៗនៅក្នុងគ្រួសារនេះបានត្រូវគេចាប់ ហើយយកទៅសាលាធ្វើបដិរូបករ និងសមាជិកឯទៀតក្នុងគ្រួសារនេះ បានត្រូវចាប់ដាក់គុកនិងក្នុងបន្ទាយឃុំឃាំងមនុស្ស។ សមាជិកខ្លះបានត្រូវគេប្រហារជីវិត។ សេចក្ដីជំនឿរបស់គេទាំងអស់បាននៅមុតមាំ មិនគ្រាន់តែក្នុងកំឡុងការបៀតបៀនដ៏ខ្លាំងនោះទេ ប៉ុន្តែចំពោះអ្នករួចរស់ជីវិតនៅក្នុងប៉ុន្មានឆ្នាំក្រោយមកទៀតផង។
១៨. តើការខំប្រឹងរបស់ឪពុកឬម្ដាយដែលនៅតែឯង បានត្រូវទទួលរង្វាន់យ៉ាងដូចម្ដេច?
១៨ ឪពុកឬម្ដាយដែលនៅតែឯងជាច្រើន ព្រមទាំងគូដែលមិនមានជំនឿដូចគេ ក៏បានផ្ដល់ការបង្ហាត់បង្រៀនខាងព្រះគម្ពីរជារឿយៗឲ្យកូនរបស់គេដែរ។ ស្ត្រីមេម៉ាយម្នាក់ ដែលជាម្ដាយដែលនៅតែឯងនៅប្រទេសឥណ្ឌា បានខំប្រឹងដើម្បីបណ្ដុះបណ្ដាលសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា នៅក្នុងកូនពីរនាក់របស់នាង។ ក៏ប៉ុន្តែនាងបានខូចចិត្ត ពេលដែលកូនរបស់នាងបានឈប់ចូលរួមជាមួយនឹងរាស្ត្ររបស់ព្រះយេហូវ៉ា។ នាងបានអង្វរឲ្យព្រះយេហូវ៉ាអត់ឱនទោសឲ្យខ្លួននាង ចំពោះគុណវិបត្ដិដែលនាងមានក្នុងការអប់រំកូននោះ។ ប៉ុន្តែកូននោះមិនបានភ្លេចនូវអ្វីដែលគេបានរៀននោះទេ។ ជាងមួយទសវត្សមក នោះគាត់បានត្រឡប់មកវិញ បានមានការលូតលាស់ដ៏ល្អខាងវិញ្ញាណ ហើយក៏បានក្លាយទៅជាអ្នកចាស់ទុំនៅក្នុងក្រុមជំនុំ។ ឥឡូវនេះ គាត់និងប្រពន្ធរបស់គាត់បំរើជាអ្នកត្រួសត្រាយពេញពេល។ ឪពុកម្ដាយដែលបានធ្វើតាមឱវាទពីព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់ ឲ្យផ្ដល់ការបង្ហាត់បង្រៀនពីព្រះគម្ពីរជារឿយៗនៅក្នុងគ្រួសាររបស់គាត់ នោះពិតជាមានអំណរគុណយ៉ាងណាទៅហ្ន៎! តើអ្នកកំពុងតែអនុវត្តឱវាទនោះនៅក្នុងគ្រួសាររបស់អ្នកឬទេ?
តើអ្នកអាចពន្យល់បានទេ?
◻ ហេតុអ្វីក៏ការសិក្សាជារឿយៗក្នុងគ្រួសារសំខាន់ម្ល៉េះ?
◻ តើយើងគួរមានគោលដៅអ្វីក្នុងកំឡុងការសិក្សានិមួយៗជាគ្រួសារនោះ?
◻ តើឧបករណ៍ណាខ្លះសំរាប់បង្រៀន ដែលមានសំរាប់យើងនោះ?
◻ តើការសិក្សាអាចប្រែប្រួលទៅតាមសេចក្ដីត្រូវការ របស់គ្រួសារយ៉ាងដូចម្ដេចបាន?