កាលវិភាគក្រុមគ្រួសារសម្រាប់ការសិក្សាជាគ្រួសារ
១ អំណោយដ៏សំខាន់បំផុតដែលអ្នកជាមាតាបិតាគ្រីស្ទានអាចឲ្យកូនអ្នកនោះគឺបណ្ដុះសេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះព្រះយេហូវ៉ានៅក្នុងចិត្តពួកគេ។ របៀបសំខាន់មួយដើម្បីអាចធ្វើយ៉ាងនេះ គឺ«ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះ»សិក្សាព្រះគម្ពីរជាក្រុមគ្រួសាររាល់សប្ដាហ៍។ (ចោទិ. ៦:៥-៧) ទោះជាអ្នកមានគូដែលជាអ្នកជឿ ឬក៏រស់នៅក្នុងគ្រួសារដែលមានជំនឿសាសនាខុសៗគ្នា ឬមួយក៏ជាបិតាឬមាតាដែលគ្មានគូក៏ដោយ អ្នកអាចជួយកូនអ្នកឲ្យចូលទៅជិតអ្នកនិងព្រះយេហូវ៉ាបាន ដោយមានការសិក្សាក្នុងគ្រួសារជាទៀងទាត់។
២ របៀបចាប់ផ្ដើមការសិក្សាក្នុងគ្រួសារ: ជំហានទីមួយគឺបង្កើតឲ្យមានទម្លាប់សិក្សាជាក្រុមគ្រួសារ។ បើអ្នកមិនប្រាកដថាតើធ្វើការសិក្សានៅពេលណានោះ សូមពិភាក្សារឿងនេះជាមួយក្រុមគ្រួសារអ្នកចុះ! (សុ. ១៥:២២) បើអ្នកមានកូនដែលមានវ័យក្មេងនោះ អ្នកប្រហែលជាអាចសិក្សាបីបួនដងតែរយៈពេលខ្លីពេញមួយអាទិត្យ។ សូមសំរេចថាតើកាលវិភាគណាដែលត្រូវនឹងគ្រួសារអ្នក។ សូមកំណត់ពេលសម្រាប់ការសិក្សានៅលើកាលវិភាគគ្រួសារអ្នក ហើយតាំងចិត្តធ្វើតាមកាលវិភាគនោះឲ្យបានខ្ជាប់ខ្ជួន។
៣ តើអ្នកអាចសិក្សាអ្វី? អ្នកខ្លះរៀបចំមេរៀនដែលនឹងត្រូវពិនិត្យពិចារណានៅឯការសិក្សាសៀវភៅតាមក្រុមជំនុំ ឬក៏ការសិក្សាទស្សនាវដ្ដីប៉មយាម។ អ្នកខ្លះទៀតសិក្សាសៀវភៅដែលរៀបចំសម្រាប់ពួកយុវវ័យ។ ឪពុករបស់ក្មេងប្រុសនិងស្រីវ័យក្មេងម្នាក់បាននិយាយថា៖ «សកម្មភាពដែលកូនៗចូលចិត្តជាងគេក្នុងសប្ដាហ៍នីមួយៗគឺពេលដែលយើងដើរតួតាមសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ ជម្រៅនៃចំណេះនិងការយល់ដឹងដែលការដើរតួបង្កើតឲ្យមាននោះ គឺសំខាន់ជាងចំនួនវគ្គដែលយើងរៀនទៅទៀត»។
៤ ចូរសិក្សារាល់សប្ដាហ៍: ការសិក្សាជាក្រុមគ្រួសារត្រូវតែធ្វើឡើងឲ្យបានទៀងទាត់ ហើយត្រូវជាអ្វីដែលសមាជិកគ្រប់រូបក្នុងគ្រួសាររង់ចាំដោយចិត្តសប្បាយ។ អាចផ្លាស់ប្ដូរថ្ងៃនិងពេលវេលាសិក្សាប្រសិនបើមានអ្វីកើតឡើងដែលមិនបានរំពឹងទុកជាមុន។ ជួនកាលប្រហែលជាត្រូវផ្លាស់ប្ដូរព័ត៌មានដែលត្រូវសិក្សាដែរ។ ប៉ុន្តែការផ្លាស់ប្ដូរណាមួយដែលចាំបាច់នោះ មិនគួរអូសបន្លាយបណ្ដាលឲ្យមានការផ្អាកកាលវិភាគដែលបានរៀបចំហើយសម្រាប់ការសិក្សាជាក្រុមគ្រួសារនោះឡើយ។ នៅក្នុងគ្រួសារមួយ កូនស្រីប្រាប់ថា៖ «បើពេលវេលានៃការសិក្សាយើងត្រូវកែប្រែនោះ ប៉ាគាត់តែងតែសរសេរពេលវេលាថ្មីលើក្រដាស ហើយបិទនៅទ្វារទូទឹកកក ដើម្បីយើងទាំងអស់គ្នាអាចដឹងពីពេលដែលត្រូវសិក្សា»។ ការព្យាយាមបែបនេះដើម្បីរក្សាឲ្យមានការសិក្សាក្នុងគ្រួសារជាទៀងទាត់នោះ ពិតជាគួរឲ្យសរសើរមែន! កាលដែលអ្នកបន្តអប់រំកូនអ្នកទៅតាម«ដំបូន្មាននឹងសេចក្ដីដាស់តឿន»របស់ព្រះយេហូវ៉ានោះ អ្នកបង្ហាញឲ្យឃើញនូវសេចក្ដីស្រឡាញ់របស់អ្នកមិនត្រឹមតែចំពោះពួកគេប៉ុណ្ណោះទេ ប៉ុន្តែចំពោះព្រះវរបិតាសួគ៌ារបស់យើងផងដែរ។—អេភ. ៦:៤