ប្រអប់សំនួរ
▪ តើអ្នកផ្សាយគួររាប់ការសិក្សាជាមួយសមាជិកក្នុងក្រុមគ្រួសារលើសេចក្ដីរាយការណ៍ជូនក្រុមជំនុំឬទេ?
បើមាតាឬបិតាគ្រីស្ទានម្នាក់ដឹកនាំការសិក្សាព្រះគម្ពីរជាក្រុមគ្រួសារ ហើយមានកូនមិនទាន់ទទួលបុណ្យជ្រមុជទឹកចូលរួម នោះច្រើនបំផុតមាតាឬបិតាអាចរាយការណ៍ មួយម៉ោងក្នុងមួយសប្ដាហ៍ ការត្រឡប់ទៅជួបមួយក្នុងមួយសប្ដាហ៍ និងការសិក្សាមួយក្នុងមួយខែ។ គាត់ត្រូវរាប់ដូច្នេះ ទោះបើគាត់សិក្សាលើសមួយម៉ោង ឬសិក្សាច្រើនជាងមួយដងក្នុងមួយសប្ដាហ៍ ឬក៏បង្រៀនកូនម្នាក់ៗដោយឡែកពីគ្នាក៏ដោយ។—សូមមើលសៀវភៅកិច្ចបំរើរបស់យើង ទំព័រ១០៤ (ជាភាសាអង់គ្លេស)
បើសមាជិកគ្រប់រូបក្នុងក្រុមគ្រួសារជាស្មរបន្ទាល់ដែលបានទទួលបុណ្យជ្រមុជទឹកហើយ នោះមិនត្រូវសរសេរម៉ោងឬក៏រាប់ការសិក្សានោះលើសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយទេ (លើកលែងតែមានកូនម្នាក់ដែលបន្តសិក្សាសៀវភៅទីពីរបន្ទាប់ពីទទួលបុណ្យជ្រមុជទឹកហើយ)។ នេះគឺដោយសារបំណងសំខាន់បំផុតនៃសេចក្ដីរាយការណ៍របស់ក្រុមជំនុំស្តីអំពីកិច្ចផ្សព្វផ្សាយ គឺត្រូវបង្ហាញនូវសកម្មភាពក្នុងការផ្សាយដំណឹងល្អ និងការបង្រៀនសេចក្ដីពិតពីព្រះគម្ពីរដល់មនុស្សដែលមិនមែនជាអ្នកបំរើរបស់ព្រះយេហូវ៉ាដែលបានថ្វាយខ្លួននិងទទួលបុណ្យជ្រមុជទឹកនោះ។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) ក៏ប៉ុន្តែ នេះមិនមានន័យថាការសិក្សាជាក្រុមគ្រួសារគឺមិនសូវសំខាន់នោះទេ។
មាតាបិតាគ្រីស្ទានមានភារកិច្ចបង្រៀនកូនខ្លួន។ មាតាបិតាដែលត្រូវការជំនួយដើម្បីរៀបចំការសិក្សាជាក្រុមគ្រួសារឬបង្កើនគុណភាពនៃការសិក្សានោះអាចសុំជំនួយពីអ្នកចាស់ទុំបាន។ តាមកាលៈទេសៈ ប្រសិនជាការល្អជាងបើមានអ្នកផ្សាយម្នាក់ផ្សេងទៀតបង្រៀនកូនម្នាក់របស់ក្រុមគ្រួសារគ្រីស្ទានមួយដែលជាសមាជិកក្រុមជំនុំ ហើយកូននោះមិនទាន់ទទួលបុណ្យជ្រមុជទឹកទេ ក្នុងករណីនេះគួរពិភាក្សាជាមួយប្រធានត្រួតពិនិត្យឬអ្នកត្រួតពិនិត្យខាងកិច្ចបំរើជាមុនសិន។ បើពួកគាត់គិតថាការសិក្សាជាមួយកូននោះគឺជាការល្អ នោះអ្នកដឹកនាំការសិក្សាអាចរាយការណ៍ពីការសិក្សានោះដូចធម្មតា។
ការបង្ហាត់បង្រៀនកូនអំពីផ្លូវរបស់ព្រះយេហូវ៉ាទាមទារឲ្យព្យាយាមនិងចំណាយពេលឲ្យបានច្រើន មិនត្រឹមតែពេលដែលសរសេរលើសេចក្ដីរាយការណ៍ពីកិច្ចផ្សាយប៉ុណ្ណោះទេ។ (ចោទិ. ៦:៦-៩; សុ. ២២:៦) មាតាបិតាគ្រីស្ទានសមទទួលសេចក្ដីសរសើរដោយសារកំពុងតែបំពេញភារកិច្ចធ្ងន់ធ្ងរមួយ គឺជាការបង្រៀនកូនទៅតាម«ដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។—អេភ. ៦:៤