ជំពូកទី៨
អ្នកបម្រើព្រះប្រកាសដំណឹងល្អ
ព្រះយេហូវ៉ាបានចាត់លោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោកឲ្យមកផែនដី ហើយលោកយេស៊ូទុកគំរូល្អឥតខ្ចោះសម្រាប់យើង។ (១ពេ. ២:២១) ពេលបុគ្គលម្នាក់ក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ បុគ្គលនោះផ្សព្វផ្សាយដំណឹងល្អក្នុងនាមជាអ្នកបម្រើព្រះ។ លោកយេស៊ូបានបញ្ជាក់ថា ការធ្វើដូច្នេះនឹងធ្វើឲ្យយើងមានកម្លាំងចិត្តឡើងវិញ ដោយមានប្រសាសន៍ថា៖ «អស់អ្នកដែលធ្វើការនឿយហត់ហើយមានបន្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំចុះ ហើយខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ ពីព្រោះខ្ញុំស្លូត ក៏មានចិត្តរាបទាបផង នោះអ្នករាល់គ្នានឹងមានកម្លាំងចិត្តឡើងវិញ»។ (ម៉ាថ. ១១:២៨, ២៩) អស់អ្នកដែលធ្វើតាមសេចក្ដីអញ្ជើញរបស់លោកយេស៊ូឃើញថា លោកបានធ្វើតាមសេចក្ដីសន្យាមែន!
២ ក្នុងនាមជាអ្នកបម្រើសំខាន់បំផុតរបស់ព្រះ លោកយេស៊ូបានអញ្ជើញមនុស្សខ្លះឲ្យធ្វើជាអ្នកកាន់តាមលោក។ (ម៉ាថ. ៩:៩; យ៉ូន. ១:៤៣) លោកបានបង្ហាត់បង្រៀនពួកគាត់អំពីរបៀបបំពេញកិច្ចបម្រើផ្សាយដែលលោកកំពុងធ្វើ ហើយបានចាត់ពួកគាត់ឲ្យទៅធ្វើកិច្ចការនោះ។ (ម៉ាថ. ១០:១–១១:១; ២០:២៨; លូក. ៤:៤៣) ក្រោយមក លោកយេស៊ូក៏បានចាត់៧០នាក់ទៀតឲ្យទៅប្រកាសផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះដែរ។ (លូក. ១០:១, ៨-១១) ពេលលោកយេស៊ូចាត់អ្នកកាន់តាមទាំងនេះឲ្យទៅ លោកមានប្រសាសន៍ទៅកាន់ពួកគាត់ថា៖ «អ្នកណាដែលស្ដាប់អ្នករាល់គ្នាក៏ដូចជាស្ដាប់ខ្ញុំដែរ ហើយអ្នកណាដែលមិនព្រមស្ដាប់អ្នករាល់គ្នា ក៏ដូចជាមិនព្រមស្ដាប់ខ្ញុំដែរ។ ម្យ៉ាងទៀត អ្នកដែលមិនស្ដាប់ខ្ញុំ ក៏ដូចជាមិនស្ដាប់លោកដែលចាត់ឲ្យខ្ញុំមក»។ (លូក. ១០:១៦) ដោយមានប្រសាសន៍បែបនេះ លោកយេស៊ូបញ្ជាក់ថាអ្នកកាន់តាមទាំងនោះមានភារកិច្ចដ៏សំខាន់ ពោលគឺពួកគាត់ត្រូវធ្វើជាតំណាងលោកយេស៊ូនិងព្រះដ៏ខ្ពង់ខ្ពស់បំផុត! គឺដូចគ្នាដែរនៅសព្វថ្ងៃនេះ ចំពោះអស់អ្នកដែលទទួលយកសេចក្ដីអញ្ជើញរបស់លោកយេស៊ូដែលថា៖ «ចូរមកតាមខ្ញុំ»។ (លូក. ១៨:២២; ២កូ. ២:១៧) ព្រះបានបង្គាប់អស់អ្នកដែលទទួលយកសេចក្ដីអញ្ជើញនេះឲ្យផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់លោក ហើយបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០
៣ ដោយសារយើងបានទទួលយកសេចក្ដីអញ្ជើញរបស់លោកយេស៊ូឲ្យកាន់តាមលោក នោះយើងមានឯកសិទ្ធិ«ស្គាល់»ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត។ (យ៉ូន. ១៧:៣) យើងបានត្រូវអប់រំក្នុងផ្លូវរបស់ព្រះយេហូវ៉ា។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងបានផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់យើង បានបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី ថែមទាំងមានការប្រព្រឹត្តសមស្របតាមខ្នាតតម្រាដ៏សុចរិតរបស់លោក។ (រ៉ូម ១២:១, ២; អេភ. ៤:២២-២៤; កូឡ. ៣:៩, ១០) ចិត្តកតញ្ញូបានជំរុញយើងឲ្យប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយបង្ហាញការប្រគល់ខ្លួននោះដោយទទួលការជ្រមុជទឹក។ យើងបានត្រូវតែងតាំងជាអ្នកបម្រើពេញសិទ្ធិរបស់ព្រះយេហូវ៉ា នៅថ្ងៃដែលយើងទទួលការជ្រមុជទឹក។
៤ សូមចាំជានិច្ចថា ការបម្រើព្រះតម្រូវឲ្យយើងមានដៃស្អាត(ឬការប្រព្រឹត្តល្អ) ហើយក៏តម្រូវឲ្យមានចិត្តបរិសុទ្ធដែរ។ (ទំនុក. ២៤:៣, ៤; អេ. ៥២:១១; ២កូ. ៦:១៤–៧:១) ដោយសារយើងមានជំនឿលើលោកយេស៊ូគ្រិស្ត នោះយើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ (ហេ. ១០:១៩-២៣, ៣៥, ៣៦; បប. ៧:៩, ១០, ១៤) សាវ័កប៉ូលបានដាស់តឿនគ្រិស្តសាសនិកឲ្យធ្វើអ្វីៗទាំងអស់ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង ហើយជាលទ្ធផល ពួកគេនឹងមិនធ្វើឲ្យអ្នកណាម្នាក់ជំពប់ដួលឡើយ។ ម្យ៉ាងវិញទៀត សាវ័កពេត្រុសបានបញ្ជាក់ថា ការប្រព្រឹត្តដ៏ល្អប្រសើរអាចជួយទាញនាំអ្នកមិនជឿមកឯសេចក្ដីពិត។ (១កូ. ១០:៣១, ៣៣; ១ពេ. ៣:១) តើតាមរបៀបណាអ្នកអាចជួយមនុស្សឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទៅជាអ្នកប្រកាសផ្សាយដំណឹងល្អជាមួយនឹងយើង?
អ្នកផ្សព្វផ្សាយថ្មី
៥ តាំងពីពេលដែលអ្នកចាប់ផ្ដើមបង្រៀនគម្ពីរដល់អ្នកចាប់អារម្មណ៍ ចូរលើកទឹកចិត្តគាត់ឲ្យប្រាប់អ្នកឯទៀតអំពីអ្វីដែលគាត់កំពុងរៀនពីគម្ពីរ។ គាត់អាចផ្សព្វផ្សាយដល់ញាតិសន្ដាន មិត្តភក្ដិ អ្នកធ្វើការជាមួយ និងមនុស្សឯទៀតនៅពេលណាដែលគាត់ឃើញថាមានឱកាសល្អ។ នេះជាដំណាក់កាលសំខាន់មួយ ក្នុងការបង្រៀនអ្នកថ្មីឲ្យទៅជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត ដោយធ្វើជាអ្នកប្រកាសផ្សាយដំណឹងល្អ។ (ម៉ាថ. ៩:៩; លូក. ៦:៤០) កាលដែលអ្នកថ្មីនោះរីកចម្រើនក្នុងសេចក្ដីពិត ហើយមានសមត្ថភាពកាន់តែច្រើនក្នុងការផ្សព្វផ្សាយក្រៅផ្លូវការ គាត់ច្បាស់ជានឹងចង់ចូលរួមកិច្ចផ្សព្វផ្សាយជាមួយនឹងក្រុមជំនុំ។
របៀបបំពេញតម្រូវការ
៦ មុននឹងអញ្ជើញអ្នកថ្មីណាម្នាក់ឲ្យចូលរួមកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាមួយអ្នកជាលើកដំបូង អ្នកគួរប្រាកដថាអ្នកនោះបានបំពេញតម្រូវការមួយចំនួនរួចហើយ។ បុគ្គលណាដែលទៅផ្សព្វផ្សាយជាមួយយើងបង្ហាញជាសាធារណៈថា គាត់ចូលរួមជាមួយសាក្សីព្រះយេហូវ៉ា។ នេះបញ្ជាក់ថាគាត់បានកែប្រែជីវិតឲ្យសមស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា ហើយអាចធ្វើជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។
៧ កាលដែលអ្នកបង្រៀនបុគ្គលណាម្នាក់ ហើយពិភាក្សាជាមួយគាត់អំពីគោលការណ៍គម្ពីរ អ្នកទំនងជាបានស្គាល់ស្ថានភាពរបស់គាត់។ អ្នកប្រហែលជាបានសង្កេតឃើញថា គាត់មានរបៀបរស់នៅសមស្របតាមអ្វីដែលគាត់បានរៀនពីគម្ពីរ។ ប៉ុន្តែ មានរឿងខ្លះដែលអ្នកចាស់ទុំនឹងចង់ពិភាក្សាជាមួយអ្នកនិងសិស្សគម្ពីររបស់អ្នក។
៨ អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំនឹងរៀបចំឲ្យអ្នកចាស់ទុំពីរនាក់ (ដែលក្នុងនោះមានម្នាក់ជាសមាជិកគណៈកម្មាធិការកិច្ចបម្រើ)ពិភាក្សារឿងនេះជាមួយអ្នកនិងសិស្សគម្ពីររបស់អ្នក។ ក្នុងក្រុមជំនុំដែលមានអ្នកចាស់ទុំតិចពេក នោះអ្នកចាស់ទុំម្នាក់និងជំនួយការខាងកិច្ចបម្រើម្នាក់ដែលមានសមត្ថភាពអាចពិភាក្សារឿងនេះបាន។ បងប្រុសដែលមានភារកិច្ចនេះមិនគួរបង្អែបង្អង់ទេ។ ជាឧទាហរណ៍ បើនៅកិច្ចប្រជុំក្រុមជំនុំ ពួកអ្នកចាស់ទុំបានដឹងថាសិស្សគម្ពីររបស់អ្នកចង់ធ្វើជាអ្នកផ្សព្វផ្សាយ នោះពួកគាត់អាចជួបជាមួយអ្នកនិងសិស្សគម្ពីររបស់អ្នកក្រោយពីកិច្ចប្រជុំចប់។ អ្នកចាស់ទុំគួរធ្វើឲ្យមានបរិយាកាសល្អ។ មុនសិស្សគម្ពីរអាចទៅជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក គាត់ត្រូវធ្វើតាមចំណុចដូចតទៅនេះ៖
(១) គាត់ជឿថាគម្ពីរជាបណ្ដាំរបស់ព្រះដែលបានសរសេរក្រោមការដឹកនាំរបស់លោក។—២ធី. ៣:១៦
(២) គាត់ស្គាល់ហើយជឿសេចក្ដីបង្រៀនសំខាន់ៗក្នុងគម្ពីរ ដើម្បីអាចឆ្លើយស្របតាមគម្ពីរពេលដែលមនុស្សឯទៀតសួរសំណួរ ជាជាងឆ្លើយតាមសេចក្ដីបង្រៀនរបស់សាសនាមិនពិតឬតាមយោបល់របស់គាត់ផ្ទាល់។—ម៉ាថ. ៧:២១-២៣; ២ធី. ២:១៥
(៣) គាត់កំពុងធ្វើតាមបង្គាប់ក្នុងគម្ពីរ ដែលឲ្យចូលរួមកិច្ចប្រជុំក្រុមជំនុំជាមួយនឹងរាស្ត្រព្រះយេហូវ៉ា ប្រសិនបើគាត់អាចធ្វើបាន។—ទំនុក. ១២២:១; ហេ. ១០:២៤, ២៥
(៤) គាត់ស្គាល់អ្វីដែលគម្ពីរបង្រៀនអំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទដូចជា ការផិតក្បត់ ការមានប្រពន្ធឬប្ដីច្រើនជាងមួយ និងការស្រឡាញ់មនុស្សភេទដូចគ្នាជាដើម។ ម្យ៉ាងទៀត គាត់មានរបៀបរស់នៅស្របតាមសេចក្ដីបង្រៀនទាំងនេះ។ ប្រសិនបើគាត់កំពុងរស់នៅជាមួយបុគ្គលម្នាក់ភេទផ្ទុយដែលមិនមែនជាសាច់ញាតិទេ នោះពួកគាត់ត្រូវតែបានរៀបការត្រឹមត្រូវតាមផ្លូវច្បាប់រួចហើយ។—ម៉ាថ. ១៩:៩; ១កូ. ៦:៩, ១០; ១ធី. ៣:២, ១២; ហេ. ១៣:៤
(៥) គាត់គោរពច្បាប់គម្ពីរដែលហាមផឹកស្រាស្រវឹង។ គាត់ជៀសវាងពីការប្រើសារធាតុសព្វបែបយ៉ាងដែលធ្វើឲ្យញៀនឬដែលធ្វើឲ្យសតិប្រែប្រួល បើគ្មានការត្រួតពិនិត្យពីគ្រូពេទ្យទេ។—២កូ. ៧:១; អេភ. ៥:១៨; ១ពេ. ៤:៣, ៤
(៦) គាត់យល់សារៈសំខាន់នៃការជៀសវាងពីការសេពគប់អាក្រក់។—១កូ. ១៥:៣៣
(៧) គាត់ប្រាកដជាបានឈប់ធ្វើជាសមាជិកនៃអង្គការសាសនាមិនពិតទាំងអស់ ដែលគាត់ធ្លាប់ទាក់ទងពីមុន។ គាត់ឈប់ទៅប្រជុំរបស់សាសនាទាំងនោះ ក៏លែងគាំទ្រឬចូលរួមសកម្មភាពរបស់ពួកគេហើយ។—២កូ. ៦:១៤-១៨; បប. ១៨:៤
(៨) គាត់គ្មានសកម្មភាពអ្វីសោះដែលពាក់ព័ន្ធរឿងនយោបាយរបស់ពិភពលោកនេះ។—យ៉ូន. ៦:១៥; ១៥:១៩; យ៉ា. ១:២៧
(៩) គាត់ជឿហើយប្រព្រឹត្តសមស្របតាមអ្វីដែលសរសេរក្នុងអេសាយ ២:៤ ស្ដីអំពីការកាន់ជំហរអព្យាក្រឹតនិងការមិនគាំទ្រខាងយោធាឬខាងសង្គ្រាម។
(១០) គាត់ពិតជាចង់ធ្វើជាសាក្សីព្រះយេហូវ៉ា។—ទំនុក. ១១០:៣
៩ ប្រសិនបើអ្នកចាស់ទុំមិនយល់ច្បាស់អំពីទស្សនៈរបស់សិស្សចំពោះចំណុចណាមួយ ពួកគាត់គួរសួរសិស្សអំពីទស្សនៈរបស់គាត់។ ពេលធ្វើដូច្នេះ ពួកគាត់អាចប្រើខគម្ពីរដែលមាននៅក្នុងចំណុចនោះ។ គឺជាការសំខាន់ដែលសិស្សយល់ថា ពួកអ្នកដែលចូលរួមជាមួយសាក្សីព្រះយេហូវ៉ាក្នុងកិច្ចផ្សព្វផ្សាយ ត្រូវតែមានរបៀបរស់នៅដែលស្របតាមខ្នាតតម្រាទាំងនេះក្នុងគម្ពីរ។ អ្វីដែលគាត់និយាយនឹងជួយឲ្យអ្នកចាស់ទុំដឹងថា តើគាត់ស្គាល់តម្រូវការដែលគាត់ត្រូវបំពេញឬមិនស្គាល់ ហើយថាតើគាត់មានលក្ខណៈល្មមគ្រប់គ្រាន់ដើម្បីចូលរួមកិច្ចផ្សព្វផ្សាយឬមិនមាន?
១០ ទោះជាគាត់មានឬមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមកិច្ចបម្រើផ្សាយក្ដី អ្នកចាស់ទុំគួរប្រាប់គាត់ដោយមិនបង្អែបង្អង់។ ក្នុងករណីភាគច្រើន អ្នកចាស់ទុំអាចប្រាប់គាត់ក្រោយពីការពិភាក្សានោះចប់។ បើគាត់មានលក្ខណៈគ្រប់គ្រាន់ អ្នកចាស់ទុំអាចប្រាប់គាត់យ៉ាងកក់ក្ដៅថា គាត់អាចក្លាយទៅជាអ្នកផ្សព្វផ្សាយបាន។ (រ៉ូម ១៥:៧) អ្នកចាស់ទុំគួរលើកទឹកចិត្តគាត់ឲ្យចូលរួមកិច្ចផ្សព្វផ្សាយឲ្យបានឆាប់បំផុត ហើយជូនសេចក្ដីរាយការណ៍អំពីកិច្ចផ្សព្វផ្សាយនៅដំណាច់ខែ។ អ្នកចាស់ទុំអាចប្រាប់ដែរថា ក្រោយពីសិស្សគម្ពីរម្នាក់មានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក ហើយបានជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយជាលើកដំបូងរួចហើយ នោះអ្នកចាស់ទុំម្នាក់នឹងបំពេញកាតរបាយការណ៍សកម្មភាពផ្សព្វផ្សាយមួយដាក់ឈ្មោះគាត់ ហើយទុកជាមួយឯកសារក្រុមជំនុំ។ ពួកអ្នកចាស់ទុំយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផ្សាយ ដើម្បីអ្នកផ្សាយអាចចូលរួមសកម្មភាពផ្សេងៗដែលក្រុមជំនុំបានរៀបចំ និងដើម្បីគាត់អាចទទួលការលើកទឹកចិត្តនិងការណែនាំពីពួកអ្នកចាស់ទុំ។ បន្ថែមទៅទៀត អ្នកចាស់ទុំអាចរំលឹកអ្នកផ្សាយថ្មីថា អ្នកចាស់ទុំនឹងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ស្របតាម«គោលការណ៍រក្សាការពារព័ត៌មានផ្ទាល់ខ្លួន»របស់សាក្សីព្រះយេហូវ៉ា ដែលមានក្នុងគេហទំព័រjw.org។
១១ បើយើងព្យាយាមស្គាល់អ្នកផ្សាយថ្មីនោះឲ្យបានច្បាស់ជាង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍យ៉ាងស្មោះចំពោះការរីកចម្រើនរបស់គាត់ នោះអាចលើកទឹកចិត្តគាត់ច្រើនណាស់ ហើយអាចជំរុញគាត់ឲ្យជូនសេចក្ដីរាយការណ៍រាល់ខែ ថែមទាំងអាចជួយគាត់ឲ្យព្យាយាមច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។—ភី. ២:៤; ហេ. ១៣:២
១២ ក្រោយពីអ្នកចាស់ទុំបានសម្រេចចិត្តថា សិស្សគម្ពីរនោះមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមកិច្ចផ្សព្វផ្សាយ នោះគាត់អាចទទួលសៀវភៅអង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា។ បន្ទាប់ពីគាត់ជូនសេចក្ដីរាយការណ៍ជាលើកដំបូង អ្នកចាស់ទុំនឹងប្រកាសសេចក្ដីជូនដំណឹងយ៉ាងខ្លីដល់ក្រុមជំនុំថា គាត់ជាអ្នកផ្សព្វផ្សាយថ្មីដែលមិនទាន់ទទួលការជ្រមុជទឹក។
របៀបជួយមនុស្សវ័យក្មេង
១៣ កូនក្មេងក៏អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកផ្សាយដំណឹងល្អដែរ។ លោកយេស៊ូបានទទួលកូនក្មេងមកឯលោក ហើយឲ្យពរពួកគេ។ (ម៉ាថ. ១៩:១៣-១៥; ២១:១៥, ១៦) ទោះជាឪពុកម្ដាយមានភារកិច្ចចម្បងដើម្បីជួយកូនក្ដី តែអ្នកឯទៀតក្នុងក្រុមជំនុំក៏អាចជួយកូនក្មេងដែលមានបំណងចិត្តចូលរួមកិច្ចបម្រើផ្សាយអំពីរាជាណាចក្រព្រះដែរ។ ប្រសិនបើអ្នកជាឪពុកម្ដាយ គំរូល្អរបស់អ្នកក្នុងកិច្ចផ្សព្វផ្សាយនឹងលើកទឹកចិត្តកូនយ៉ាងខ្លាំងឲ្យខំខ្នះខ្នែងក្នុងការបម្រើព្រះ។ ពេលកូនក្មេងម្នាក់មានការប្រព្រឹត្តល្អប្រសើរ ហើយមានចិត្តចង់ប្រាប់អំពីជំនឿរបស់ខ្លួនដល់អ្នកឯទៀត តើយើងអាចជួយគាត់យ៉ាងដូចម្ដេច?
១៤ ជាការសមរម្យបើឪពុកឬម្ដាយជួបអ្នកចាស់ទុំម្នាក់ដែលជាសមាជិកគណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំ ហើយសុំឲ្យមានការពិភាក្សាជាមួយកូនគាត់ ដើម្បីដឹងថាកូនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទៅជាអ្នកផ្សាយឬមិនមាន។ អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំនឹងរៀបចំឲ្យអ្នកចាស់ទុំពីរនាក់ (ម្នាក់ត្រូវជាសមាជិកគណៈកម្មាធិការកិច្ចបម្រើ) ជួបជាមួយកូននោះនិងឪពុកម្ដាយដែលជាអ្នកជឿ ឬអាណាព្យាបាលដែលជាអ្នកជឿ។ ប្រសិនបើកូននោះមានចំណេះបឋមអំពីសេចក្ដីពិតក្នុងគម្ពីរ ហើយបង្ហាញថាគាត់ពិតជាចង់ចូលរួមកិច្ចបម្រើផ្សាយ នេះបញ្ជាក់ថាគាត់បានរីកចម្រើនយ៉ាងល្អ។ ក្រោយពីបានពិចារណារឿងទាំងនេះ និងតម្រូវការផ្សេងទៀតដែលស្រដៀងនឹងតម្រូវការសម្រាប់មនុស្សពេញវ័យដែរ អ្នកចាស់ទុំពីរនាក់នោះអាចសម្រេចថា កូនក្មេងនោះអាចធ្វើជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹកឬមិនអាច។ (លូក. ៦:៤៥; រ៉ូម ១០:១០) នៅពេលជួបជាមួយកូនក្មេង អ្នកចាស់ទុំមិនចាំបាច់ពិភាក្សាចំណុចណាដែលមិនទាក់ទងនឹងកូនក្មេងឡើយ។
១៥ ក្នុងអំឡុងពេលពិភាក្សាគ្នា អ្នកចាស់ទុំគួរសរសើរក្មេងនោះចំពោះការរីកចម្រើនរបស់គាត់ ហើយលើកទឹកចិត្តគាត់ឲ្យមានគោលដៅទទួលការជ្រមុជទឹក។ អ្នកចាស់ទុំក៏គួរសរសើរឪពុកម្ដាយផងដែរ ដោយសារពួកគាត់បានខំព្យាយាមបង្រៀនកូនអំពីសេចក្ដីពិត។ ដើម្បីផ្ដល់ជំនួយដល់ឪពុកម្ដាយក្នុងការជួយកូនឲ្យរីកចម្រើនថែមទៀត អ្នកចាស់ទុំគួរណែនាំពួកគាត់ឲ្យមើលអត្ថបទដែលមានចំណងជើងថា«ដំណឹងជូនចំពោះឪពុកម្ដាយដែលជាគ្រិស្តសាសនិក» នៅទំព័រ១៧៩-១៨១ក្នុងសៀវភៅនេះ។
ការប្រគល់ខ្លួននិងការជ្រមុជទឹក
១៦ ប្រសិនបើអ្នកបានកែប្រែជីវិតឲ្យសមស្របតាមខ្នាតតម្រារបស់ព្រះ ក៏បានចូលរួមក្នុងកិច្ចផ្សព្វផ្សាយដែរ ហើយជាលទ្ធផលបានស្គាល់និងស្រឡាញ់ព្រះយេហូវ៉ា នោះអ្នកត្រូវតែពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងលោក។ តើតាមរបៀបណា? គឺដោយប្រគល់ខ្លួនជូនលោក ហើយទទួលការជ្រមុជទឹក។—ម៉ាថ. ២៨:១៩, ២០
១៧ ការប្រគល់ខ្លួនជូនព្រះបង្ហាញថា យើងរក្សាខ្លួនឲ្យស្អាតស្អំដើម្បីបម្រើព្រះ។ ការប្រគល់ខ្លួនជូនព្រះមានន័យថា អ្នកបានសន្យាដោយស្មោះអស់ពីចិត្តក្នុងសេចក្ដីអធិដ្ឋានថា អ្នកនឹងប្រើជីវិតរបស់អ្នកដើម្បីបម្រើលោក ក៏នឹងដើរតាមផ្លូវរបស់លោកជានិច្ចដែរ។ នេះមានន័យថា អ្នកនឹងបង្ហាញភក្ដីភាពផ្ដាច់មុខចំពោះលោកជារៀងរហូត។ (ចោ. ៥:៩) នេះជារឿងផ្ទាល់ខ្លួនរវាងអ្នកនិងព្រះ។ គ្មានអ្នកណាអាចប្រគល់ខ្លួនជូនព្រះជំនួសអ្នកបានឡើយ។
១៨ ក៏ប៉ុន្តែ គឺមិនទាន់គ្រប់គ្រាន់ទេ បើអ្នកគ្រាន់តែប្រាប់ព្រះយេហូវ៉ាពេលនៅម្នាក់ឯងថា អ្នកប្រគល់ខ្លួនជូនលោក។ អ្នកត្រូវបង្ហាញជាសាធារណៈថា អ្នកបានប្រគល់ខ្លួនជូនព្រះ ដោយទទួលការជ្រមុជទឹកតាមគំរូលោកយេស៊ូ។ (១ពេ. ២:២១; ៣:២១) បើអ្នកបានសម្រេចចិត្តបម្រើព្រះយេហូវ៉ាហើយចង់ទទួលការជ្រមុជទឹក តើអ្នកគួរធ្វើយ៉ាងណា? អ្នកគួរជម្រាបអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ។ គាត់នឹងចាត់ចែងឲ្យអ្នកចាស់ទុំមួយចំនួនពិភាក្សាជាមួយអ្នក ដើម្បីប្រាកដថាអ្នកមានលក្ខណៈគ្រប់គ្រាន់តាមខ្នាតតម្រារបស់ព្រះដើម្បីទទួលការជ្រមុជទឹក។ ដើម្បីទទួលព័ត៌មានថែមទៀត សូមមើលអត្ថបទចំណងជើងថា«ដំណឹងជូនចំពោះអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក» នៅទំព័រ១៨២-១៨៤ និង«សំណួរសម្រាប់ពួកអ្នកដែលចង់ទទួលការជ្រមុជទឹក» នៅទំព័រ១៨៥-២០៧ក្នុងសៀវភៅនេះ។
សេចក្ដីរាយការណ៍អំពីការរីកចម្រើននៃកិច្ចបម្រើផ្សាយ
១៩ អស់ជាច្រើនឆ្នាំមកហើយ សេចក្ដីរាយការណ៍ដែលបញ្ជាក់អំពីការរីកចម្រើននៃការគោរពប្រណិប័តន៍ពិតទូទាំងផែនដី បានលើកទឹកចិត្តរាស្ត្រព្រះយេហូវ៉ា។ លោកយេស៊ូគ្រិស្តបានមានប្រសាសន៍ប្រាប់អ្នកកាន់តាមលោកថា ដំណឹងល្អនឹងត្រូវប្រកាសប្រាប់ទូទាំងផែនដី។ ចាប់តាំងពីពេលនោះ គ្រិស្តសាសនិកពិតទាំងឡាយពិតជាចង់ដឹងថា តើកិច្ចការនេះនឹងត្រូវសម្រេចយ៉ាងដូចម្ដេច?—ម៉ាថ. ២៨:១៩, ២០; ម៉ាក. ១៣:១០; សកម្ម. ១:៨
២០ នៅសម័យដើម អ្នកកាន់តាមលោកយេស៊ូបានរីករាយស្ដាប់សេចក្ដីរាយការណ៍អំពីការរីកចម្រើននៃកិច្ចផ្សព្វផ្សាយ។ (ម៉ាក. ៦:៣០) សៀវភៅសកម្មភាពបានចែងថា នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. សកម្មពលបរិសុទ្ធបានត្រូវចាក់លើពួកអ្នកកាន់តាមប្រហែល១២០នាក់។ មិនយូរក្រោយនោះ ចំនួនអ្នកកាន់តាមលោកយេស៊ូបានកើនឡើងដល់ប្រហែល៣.០០០នាក់ ហើយក្រោយមកមានប្រហែល៥.០០០នាក់។ សេចក្ដីរាយការណ៍នោះបានចែងថា៖ «ជារៀងរាល់ថ្ងៃ . . . ព្រះយេហូវ៉ាបានបន្តនាំអស់អ្នកដែលកំពុងត្រូវសង្គ្រោះឲ្យមកចូលរួមជាមួយនឹងពួកគេ»ហើយ«សង្ឃមួយក្រុមធំបានទៅជាអ្នកជឿ»។ (សកម្ម. ១:១៥; ២:៥-១១, ៤១, ៤៧; ៤:៤; ៦:៧) ដំណឹងអំពីការរីកចម្រើនដ៏ល្អនេះ ច្បាស់ជាបានលើកទឹកចិត្តពួកអ្នកកាន់តាមលោកយេស៊ូខ្លាំងណាស់! ដំណឹងដ៏គួរឲ្យរំភើបចិត្តនេះច្បាស់ជាបានជំរុញចិត្តពួកគាត់ឲ្យជឿនទៅមុខក្នុងកិច្ចការដែលព្រះបានប្រគល់ឲ្យ ទោះបីជាមានការបៀតបៀនយ៉ាងខ្លាំងពីអ្នកដឹកនាំសាសនាយូដានិងពីអ្នកឯទៀតក៏ដោយ!
២១ នៅប្រហែលឆ្នាំ៦០ឬឆ្នាំ៦១ គ.ស. ប៉ូលបានសរសេរសំបុត្រមួយទៅកាន់គ្រិស្តសាសនិកនៅក្រុងកូឡុស។ គាត់បានរាយការណ៍ថាដំណឹងល្អបាន«ដុះដាលបង្កើតផលពេញពិភពលោក» ហើយ«បានត្រូវប្រកាសក្នុងចំណោមមនុស្សទាំងអស់នៅក្រោមមេឃ»។ (កូឡ. ១:៥, ៦, ២៣) គ្រិស្តសាសនិកនៅសម័យដើមបានធ្វើតាមបណ្ដាំរបស់ព្រះ ហើយសកម្មពលបរិសុទ្ធបានផ្ដល់កម្លាំងឲ្យពួកគាត់ផ្សព្វផ្សាយដល់មនុស្សជាច្រើន មុនទីបញ្ចប់នៃរបៀបរបបជនជាតិយូដានៅឆ្នាំ៧០ គ.ស.។ គ្រិស្តសាសនិកដ៏ស្មោះត្រង់នៅពេលនោះ ច្បាស់ជាបានទទួលការលើកទឹកចិត្តខ្លាំងណាស់ ពេលឮសេចក្ដីរាយការណ៍អំពីអ្វីដែលបានត្រូវសម្រេចក្នុងកិច្ចផ្សព្វផ្សាយ!
តើអ្នកចង់ចូលរួមអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយសព្វគ្រប់មុនទីបញ្ចប់មកដល់ឬទេ?
២២ ស្រដៀងគ្នាដែរ អង្គការរបស់ព្រះយេហូវ៉ានៅសម័យនេះរក្សាទុករបាយការណ៍អំពីកិច្ចការដែលកំពុងសម្រេចស្របតាមម៉ាថាយ ២៤:១៤ ដែលចែងថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ ក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ យើងមានកិច្ចការដែលត្រូវធ្វើជាបន្ទាន់។ យើងម្នាក់ៗគួរចូលរួមអស់ពីសមត្ថភាព ដើម្បីផ្សព្វផ្សាយសព្វគ្រប់មុនទីបញ្ចប់មកដល់។ ព្រះយេហូវ៉ានឹងធ្វើឲ្យប្រាកដថាកិច្ចការនេះបានសម្រេចរួចរាល់ ហើយបើយើងរួមចំណែក យើងនឹងទទួលការពេញចិត្តពីលោក។—អេស. ៣:១៨-២១
សេចក្ដីរាយការណ៍អំពីកិច្ចផ្សព្វផ្សាយរបស់អ្នក
២៣ តើយើងត្រូវរាយការណ៍អំពីអ្វី? យើងត្រូវរាយការណ៍អំពីអ្វីដែលបានត្រូវបញ្ជាក់ក្នុងក្រដាសសេចក្ដីរាយការណ៍ពីកិច្ចបម្រើផ្សាយ ដែលអង្គការព្រះយេហូវ៉ារៀបចំឲ្យ។ ក៏ប៉ុន្តែ ប្រហែលជាការពន្យល់តទៅនេះអាចជួយអ្នកបាន។
២៤ ក្នុងជួរដេកដែលមានពាក្យថា«ស្នើផ្ដល់(ឯកសារបោះពុម្ពនិងឯកសារអេឡិចត្រូនិក)» សូមសរសេរចំនួនសរុបនៃសៀវភៅផ្សេងៗ ទោះបីជាឯកសារបោះពុម្ពឬជាឯកសារអេឡិចត្រូនិកក្ដី ដែលអ្នកបានជូនដល់មនុស្សដែលមិនទាន់ទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ ក្នុងជួរដេកដែលមានពាក្យថា «ការបង្ហាញវីដេអូ» សូមកត់ចំនួនដងដែលអ្នកបានបង្ហាញវីដេអូណាមួយរបស់យើង។
២៥ ពេលរាយការណ៍អំពី«ការត្រឡប់ទៅជួប» សូមកត់ចំនួនដងដែលអ្នកបានទាក់ទងអ្នកចាប់អារម្មណ៍ដែលមិនទាន់ទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា ដើម្បីបង្កើនចំណាប់អារម្មណ៍របស់គាត់។ អ្នកអាចធ្វើការត្រឡប់ទៅជួបដោយទៅជួបបុគ្គលដូចនេះផ្ទាល់ ឬដោយផ្ញើសំបុត្រ និយាយតាមទូរស័ព្ទ ផ្ញើសារតាមទូរស័ព្ទឬតាមអ៊ីមែល ឬដោយទៅជូនសៀវភៅណាមួយ។ រាល់ដងដែលអ្នកបង្រៀនសិស្សគម្ពីរណាម្នាក់ អ្នកក៏អាចរាប់ការត្រឡប់ទៅជួបមួយដែរ។ ឪពុកឬម្ដាយអាចរាប់ការត្រឡប់ទៅជួបមួយជារៀងរាល់សប្ដាហ៍ ប្រសិនបើគាត់ដឹកនាំការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ហើយបើមានវត្តមានរបស់កូនដែលមិនទាន់ទទួលការជ្រមុជទឹក។
២៦ តាមធម្មតា យើងបង្រៀនសិស្សគម្ពីររាល់សប្ដាហ៍ ប៉ុន្តែ ក្នុងសិស្សគម្ពីរម្នាក់យើងត្រូវរាប់ជាការសិក្សាតែមួយប៉ុណ្ណោះក្នុងខែនីមួយៗ។ អ្នកផ្សាយគួរកត់សរសេរចំនួនសិស្សគម្ពីរផ្សេងៗដែលគាត់បានដឹកនាំក្នុងអំឡុងខែនីមួយៗ។ ពេលអ្នកសិក្សាគម្ពីរជាមួយបុគ្គលដែលមិនទាន់ទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា អ្នកអាចរាប់បុគ្គលនោះជាសិស្សគម្ពីរ។ បន្ថែមទៀត អ្នកអាចរាប់បុគ្គលម្នាក់ជាសិស្សគម្ពីរមួយ ពេលសមាជិកគណៈកម្មាធិការកិច្ចបម្រើបានសុំឲ្យអ្នកបង្រៀនគម្ពីរដល់អ្នកដែលអសកម្ម ឬដល់អ្នកដែលទើបតែទទួលការជ្រមុជទឹកដែលមិនទាន់រៀនចប់សៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? និងសៀវភៅ«ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»។
២៧ ជាការសំខាន់ដែលអ្នករាយការណ៍យ៉ាងត្រឹមត្រូវអំពីចំនួន«ម៉ោងផ្សាយ»។ នេះជាម៉ោងដែលអ្នកចំណាយដើម្បីផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ធ្វើការត្រឡប់ទៅជួប បង្រៀនសិស្សគម្ពីរ ផ្សព្វផ្សាយជាផ្លូវការផ្សេងទៀត ឬផ្សព្វផ្សាយក្រៅផ្លូវការ ដល់មនុស្សដែលមិនទាន់ប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ ប្រសិនបើអ្នកផ្សាយពីរនាក់ផ្សព្វផ្សាយជាមួយគ្នា ពួកគាត់ទាំងពីរនាក់អាចរាប់ម៉ោងបាន ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះដែលអាចរាប់ការត្រឡប់ទៅជួបឬសិស្សគម្ពីរ។ ឪពុកនិងម្ដាយដែលបង្រៀនកូនជាមួយគ្នាពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ពួកគាត់ម្នាក់ៗអាចរាប់មិនលើសពីមួយម៉ោងក្នុងមួយសប្ដាហ៍។ បងប្អូនប្រុសអាចរាប់ពេលវេលាដែលចំណាយដើម្បីថ្លែងសុន្ទរកថាសាធារណៈជាម៉ោងផ្សាយ។ អ្នកបកប្រែសុន្ទរកថាសាធារណៈក៏អាចរាប់ពេលនោះជាម៉ោងផ្សាយដែរ។ យើងត្រូវចំណាយពេលវេលាទៅលើកិច្ចការចាំបាច់ខ្លះ តែម៉ោងនោះយើងមិនរាប់ទេ ដូចជាពេលយើងកំពុងរៀបចំសម្រាប់កិច្ចផ្សព្វផ្សាយ ពេលយើងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងពេលយើងធ្វើអ្វីផ្សេងៗទៀតក្នុងម៉ោងផ្សាយ។
២៨ អ្នកផ្សាយម្នាក់ៗត្រូវធ្វើតាមសមត្ថភាពវិនិច្ឆ័យដែលបានត្រូវអប់រំតាមគម្ពីរ ទាំងអធិដ្ឋានមុនសម្រេចចិត្តអំពីពេលវេលាដែលគាត់នឹងរាប់ជាម៉ោងផ្សាយ។ អ្នកផ្សាយខ្លះផ្សព្វផ្សាយនៅតំបន់ដែលមានមនុស្សច្រើន រីឯអ្នកផ្សាយខ្លះទៀតផ្សព្វផ្សាយនៅតំបន់ដែលមិនសូវមានមនុស្សហើយត្រូវធ្វើដំណើរឆ្ងាយ។ តំបន់ផ្សាយគឺខុសៗគ្នា ហើយអ្នកផ្សាយម្នាក់ៗមានទស្សនៈខុសៗគ្នាស្ដីអំពីរបៀបរាប់ម៉ោងផ្សព្វផ្សាយ។ ស្ដីអំពីរបៀបដែលយើងរាប់ចំនួនម៉ោងផ្សាយ គណៈអភិបាលមិនបានឲ្យក្រុមជំនុំទូទាំងពិភពលោកធ្វើតាមសមត្ថភាពវិនិច្ឆ័យរបស់ពួកគាត់ឡើយ។ ម្យ៉ាងទៀត គ្មានអ្នកណាម្នាក់បានត្រូវតែងតាំងឲ្យវិនិច្ឆ័យរឿងនេះទេ។—ម៉ាថ. ៦:១; ៧:១; ១ធី. ១:៥
២៩ យើងគួររាយការណ៍អំពីពេលវេលាក្នុងកិច្ចផ្សព្វផ្សាយ ជាម៉ោងពេញប៉ុណ្ណោះ។ ក៏ប៉ុន្តែ មានករណីលើកលែងពេលអ្នកផ្សាយម្នាក់មានការលំបាកខ្លាំងដោយសារជរាភាព មិនអាចចេញពីផ្ទះ ត្រូវនៅក្នុងមណ្ឌលថែទាំសុខភាព ឬដោយសារមានបញ្ហាផ្សេងទៀត។ អ្នកផ្សព្វផ្សាយក្នុងស្ថានភាពបែបនេះអាចរាយការណ៍ពីកិច្ចផ្សព្វផ្សាយជា១៥នាទី ៣០នាទី ឬ៤៥នាទី។ ទោះជាគាត់ផ្សព្វផ្សាយតែ១៥នាទីប៉ុណ្ណោះក្នុងមួយខែក៏ដោយ គាត់គួររាយការណ៍អំពីការផ្សព្វផ្សាយនោះ។ យ៉ាងនេះ គាត់នឹងត្រូវរាប់ជាអ្នកដែលផ្សព្វផ្សាយរាល់ខែ។ ការរៀបចំនេះក៏មានប្រយោជន៍សម្រាប់អ្នកផ្សាយដែលមិនអាចចេញទៅផ្សព្វផ្សាយអស់មួយឬពីរខែ ដោយសារមានជំងឺឬរបួសធ្ងន់។ ក៏ប៉ុន្តែ ការរៀបចំនេះគឺសម្រាប់តែពួកអ្នកដែលពិតជាមិនអាចចូលរួមកិច្ចផ្សព្វផ្សាយបាន។ គណៈកម្មាធិការកិច្ចបម្រើនឹងសម្រេចថា តើអ្នកផ្សាយម្នាក់អាចទទួលប្រយោជន៍ពីការរៀបចំនេះឬយ៉ាងណា។
កាតរបាយការណ៍សកម្មភាពផ្សព្វផ្សាយ
៣០ ព័ត៌មានពីសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយដែលអ្នកជូនរាល់ខែ នឹងត្រូវកត់ក្នុងកាតរបាយការណ៍សកម្មភាពផ្សព្វផ្សាយមួយ ដែលជាឯកសាររបស់ក្រុមជំនុំ។ ប្រសិនបើអ្នកនឹងរើទៅក្រុមជំនុំផ្សេង សូមកុំភ្លេចជម្រាបអ្នកចាស់ទុំ។ លេខាធិការនៃក្រុមជំនុំនឹងផ្ញើព័ត៌មានអំពីអ្នកទៅក្រុមជំនុំថ្មីរបស់អ្នក។ តាមរបៀបនេះ ពួកអ្នកចាស់ទុំនៅក្រុមជំនុំថ្មីអាចទទួលស្វាគមន៍អ្នក ហើយជួយឲ្យអ្នករីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ។ បើអ្នកនៅឆ្ងាយពីក្រុមជំនុំរបស់អ្នកតិចជាងបីខែ សូមបន្តផ្ញើសេចក្ដីរាយការណ៍ទៅក្រុមជំនុំរបស់អ្នក។
មូលហេតុដែលយើងរាយការណ៍អំពីកិច្ចផ្សព្វផ្សាយ
៣១ តើអ្នកធ្លាប់ភ្លេចជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយឬទេ? យើងទាំងអស់គ្នាច្បាស់ជាត្រូវការនូវការរំលឹកម្ដងម្កាល។ ក៏ប៉ុន្តែ បើយើងមានទស្សនៈត្រឹមត្រូវចំពោះការរាយការណ៍អំពីកិច្ចផ្សព្វផ្សាយ ហើយបើយើងយល់មូលហេតុដែលការរាយការណ៍គឺសំខាន់ នោះប្រហែលជាយើងកាន់តែងាយចាំថាយើងត្រូវជូនសេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយ។
៣២ អ្នកខ្លះធ្លាប់សួរថា៖ «ព្រះយេហូវ៉ាជ្រាបហើយអំពីអ្វីដែលខ្ញុំធ្វើក្នុងកិច្ចផ្សព្វផ្សាយ ដូច្នេះហេតុអ្វីខ្ញុំចាំបាច់សរសេរសេចក្ដីរាយការណ៍ឲ្យក្រុមជំនុំដឹង?»។ ត្រូវហើយ ព្រះយេហូវ៉ាជ្រាបអំពីកិច្ចផ្សព្វផ្សាយរបស់យើងមែន ហើយលោកក៏ជ្រាបដែរថាកិច្ចបម្រើរបស់យើងគឺអស់ពីចិត្ត ឬមិនអស់ពីចិត្ត។ ក៏ប៉ុន្តែ សូមចាំថា ព្រះយេហូវ៉ាបានបណ្ដាលឲ្យមនុស្សកត់ចំនួនថ្ងៃដែលណូអេនៅក្នុងទូកធំ និងចំនួនឆ្នាំដែលជនជាតិអ៊ីស្រាអែលបានដើរក្នុងតំបន់ស្ងាត់ជ្រងំ។ ព្រះក៏បានរាប់ចំនួនអ្នកដែលបានស្មោះត្រង់ និងចំនួនអ្នកដែលមិនបានស្ដាប់បង្គាប់ដែរ។ លោកថែមទាំងបានបណ្ដាលឲ្យមនុស្សសរសេរសេចក្ដីរាយការណ៍អំពីការដណ្ដើមយកស្រុកកាណានបន្តិចម្ដងៗ និងសមិទ្ធផលរបស់ចៅក្រមស្មោះត្រង់ទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែលទៀតផង។ មែនហើយ ព្រះយេហូវ៉ាបានដឹកនាំមនុស្សឲ្យកត់ទុកព័ត៌មានល្អិតល្អន់ជាច្រើនស្ដីអំពីសកម្មភាពរបស់អ្នកបម្រើលោក។ លោកបានដឹកនាំមនុស្សឲ្យសរសេរអំពីអ្វីដែលបានកើតឡើង ហើយនេះបញ្ជាក់ថាលោកចាត់ទុកការកត់ទុកព័ត៌មានត្រឹមត្រូវជាអ្វីដែលសំខាន់។
៣៣ ព្រឹត្តិការណ៍ក្នុងប្រវត្ដិសាស្ត្រដែលបានត្រូវកត់ទុកក្នុងគម្ពីរបង្ហាញថា រាស្ត្ររបស់ព្រះយេហូវ៉ាតែងតែកត់ទុកព័ត៌មានល្អិតល្អន់ ហើយធ្វើសេចក្ដីរាយការណ៍ត្រឹមត្រូវ។ ក្នុងករណីជាច្រើន យើងមិនអាចយល់អត្ថន័យពេញលេញនៃកំណត់ហេតុគម្ពីរទេ លុះត្រាតែមានលេខជាក់លាក់ក្នុងកំណត់ហេតុនោះ។ សូមពិចារណាឧទាហរណ៍ដូចតទៅនេះ៖ លោកុប្បត្តិ ៤៦:២៧; និក្ខមនំ ១២:៣៧; ពួកចៅហ្វាយ ៧:៧; ពង្សាវតារក្សត្រទី២ ១៩:៣៥; របាក្សត្រទី២ ១៤:៩-១៣; យ៉ូហាន ៦:១០; ២១:១១; សកម្មភាព ២:៤១; ១៩:១៩។
៣៤ ពិតមែនតែសេចក្ដីរាយការណ៍របស់យើងមិនរួមបញ្ចូលអ្វីៗទាំងអស់ដែលយើងធ្វើក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាឡើយ ប៉ុន្តែសេចក្ដីរាយការណ៍នោះមានប្រយោជន៍ក្នុងអង្គការរបស់ព្រះយេហូវ៉ា។ នៅសតវត្សរ៍ទី១ ពេលពួកសាវ័កត្រឡប់មកពីផ្សព្វផ្សាយវិញ ពួកគាត់បានរាយការណ៍ប្រាប់លោកយេស៊ូ«ពីអ្វីៗទាំងអស់ដែលពួកគាត់បានធ្វើនិងបង្រៀន»។ (ម៉ាក. ៦:៣០) ជួនកាលសេចក្ដីរាយការណ៍អាចឲ្យយើងដឹងថា មានផ្នែកណាមួយនៃកិច្ចបម្រើផ្សាយដែលយើងត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនជាង។ សេចក្ដីរាយការណ៍នោះប្រហែលជាបង្ហាញថា កិច្ចការខ្លះមានការរីកចម្រើន តែកិច្ចការឯទៀតមិនសូវរីកចម្រើនទេ ដូចជាចំនួនអ្នកផ្សព្វផ្សាយជាដើម។ ដូច្នេះ អ្នកផ្សព្វផ្សាយប្រហែលជាត្រូវការការលើកទឹកចិត្ត ឬមានបញ្ហាខ្លះដែលត្រូវដោះស្រាយ។ អ្នកត្រួតពិនិត្យផ្សេងៗដែលទទួលខុសត្រូវក្នុងអង្គការព្រះ នឹងពិចារណាសេចក្ដីរាយការណ៍ ហើយព្យាយាមជួយដោះស្រាយបញ្ហាណាដែលប្រហែលជារារាំងការរីកចម្រើនរបស់អ្នកផ្សាយណាម្នាក់ឬក្រុមជំនុំទាំងមូល។
៣៥ ម្យ៉ាងទៀត សេចក្ដីរាយការណ៍ក៏មានប្រយោជន៍ដែរ ដើម្បីជួយអង្គការរបស់ព្រះដឹងអំពីកន្លែងណាដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ តើកន្លែងណាបានទទួលលទ្ធផលល្អជាង? តើកន្លែងណាមិនសូវមានការរីកចម្រើន? តើត្រូវការសៀវភៅបែបណាខ្លះដើម្បីជួយមនុស្សរៀនសេចក្ដីពិត? សេចក្ដីរាយការណ៍ជួយឲ្យអង្គការរបស់ព្រះប្រមាណទុកជាមុនអំពីសៀវភៅដែលអ្នកផ្សាយត្រូវការនៅកន្លែងផ្សេងៗទូទាំងផែនដី។ រួចមក អង្គការព្រះអាចរៀបចំនិងផ្ដល់សៀវភៅទាំងនោះ។
៣៦ សេចក្ដីរាយការណ៍បែបនេះផ្ដល់ការលើកទឹកចិត្ត។ ពេលដែលយើងឮអំពីអ្វីៗដែលបងប្អូនយើងកំពុងធ្វើដើម្បីផ្សព្វផ្សាយដំណឹងល្អនៅទូទាំងផែនដី យើងពិតជារំភើបចិត្តណាស់ មែនទេ? សេចក្ដីរាយការណ៍អំពីការរីកចម្រើន ជួយឲ្យយើងយល់អំពីការជឿនទៅមុខនៃអង្គការព្រះយេហូវ៉ាទាំងមូល។ បទពិសោធន៍របស់អ្នកផ្សាយផ្សេងៗលើកទឹកចិត្តយើង ហើយធ្វើឲ្យយើងកាន់តែខ្នះខ្នែង ព្រមទាំងជំរុញចិត្តយើងឲ្យរួមចំណែកកាន់តែច្រើនក្នុងកិច្ចបម្រើផ្សាយ។ (សកម្ម. ១៥:៣) ម្ល៉ោះហើយ ជាការសំខាន់ដែលយើងសហការគ្នាជូនសេចក្ដីរាយការណ៍ពីកិច្ចបម្រើផ្សាយ ព្រោះនេះបង្ហាញថាយើងយកចិត្តទុកដាក់ចំពោះបងប្អូនរបស់យើងទូទាំងពិភពលោក។ ដោយចុះចូលក្នុងរឿងតូចតាចនេះ យើងបង្ហាញថាយើងចង់ធ្វើតាមការរៀបចំនៃអង្គការព្រះយេហូវ៉ា។—លូក. ១៦:១០; ហេ. ១៣:១៧
ចូរមានគោលដៅផ្ទាល់ខ្លួន
៣៧ គ្មានហេតុដែលនាំឲ្យយើងប្រៀបធៀបកិច្ចបម្រើផ្សាយរបស់យើងជាមួយនឹងកិច្ចបម្រើផ្សាយរបស់អ្នកឯទៀតឡើយ។ (កាឡ. ៥:២៦; ៦:៤) ស្ថានភាពរបស់យើងម្នាក់ៗគឺខុសគ្នា។ ក៏ប៉ុន្តែ បើយើងមានគោលដៅផ្ទាល់ខ្លួនដែលសមហេតុសមផល នោះមានប្រយោជន៍យ៉ាងច្រើន ពីព្រោះគោលដៅបែបនេះអាចជួយឲ្យយើងស្ទង់ការរីកចម្រើនរបស់យើងក្នុងកិច្ចបម្រើផ្សាយ។ ម្យ៉ាងទៀត យើងពេញចិត្តពេលយើងសម្រេចគោលដៅទាំងនោះ។
៣៨ យើងអាចឃើញច្បាស់ថា ព្រះយេហូវ៉ាកំពុងបញ្ជឿនការប្រមូលមនុស្សដែលលោកនឹងការពារឲ្យរួចជីវិតពី«គ្រាទុក្ខវេទនាដ៏ខ្លាំង»។ ទំនាយរបស់អេសាយកំពុងសម្រេចនៅសម័យយើង។ ទំនាយនោះថា៖ «អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។ (បប. ៧:៩, ១៤; អេ. ៦០:២២) ពិតជាឯកសិទ្ធិមែន ដែលយើងអាចចូលរួមប្រកាសដំណឹងល្អក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ!—ម៉ាថ. ២៤:១៤