បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៣ ទំ. ៣-៦
  • ចូរខ្នះខ្នែងប្រព្រឹត្ដអំពើល្អ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរខ្នះខ្នែងប្រព្រឹត្ដអំពើល្អ!
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • «ផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះឲ្យបានពេញលេញ»
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរ«ធ្វើបន្ទាល់សព្វគ្រប់ពីដំណឹងល្អ»
    ២០០៨ កិច្ចបម្រើព្រះ
  • ចូរបន្ដប្រកាសគ្រប់ទាំងការអស្ចារ្យរបស់ព្រះយេហូវ៉ា
    ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ខែមេសាជាពេលដែល‹ឲ្យយើងធ្វើការនឿយហត់ ព្រមទាំងខំប្រឹងប្រែងផង›
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/០៣ ទំ. ៣-៦

ចូរ​ខ្នះខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ!

១ កាល​ដែល​យើង​ឈាន​ចូល​ទៅ​ដល់​ពេល​បុណ្យ​រំឭក​ប្រចាំ​ឆ្នាំ​២០០៣ យើង​មាន​មូលហេតុ​ជា​បរិបូណ៍​ដែល​បណ្ដាល​ឲ្យ​យើង​«​ខ្នះខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ​»។ (​១​ពេ​. ៣:១៣, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) មូលហេតុ​សំខាន់​បំផុត​គឺ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។ (​ម៉ាថ​. ២០:២៨; យ៉ូន​. ៣:១៦​) សាវ័ក​ពេត្រុស​បាន​សរសេរ​អំពី​យញ្ញបូជា​នេះ​ថា​៖ ​«​ទ្រង់​បាន​លោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ . . . មិន​មែន​ដោយ​របស់​ពុក​រលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ គឺ​បាន​លោះ​ដោយសារ​ព្រះ​លោហិត​ដ៏​វិសេស​របស់​ព្រះ​គ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥតខ្ចោះ ឥត​ស្លាក​ស្នាម​»។ (​១​ពេ​. ១:១៨, ១៩​) បើ​យើង​មាន​កតញ្ញូ​ដោយសារ​បាន​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ប្រសើរ​លើស​លប់​នេះ កតញ្ញូ​នោះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ​យ៉ាង​សកម្ម ដោយ​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូ​«​បាន​បូជា​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ផ្ទាល់ សំរាប់​យើង ដើម្បី​លោះ​យើង​អោយ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង ជំរះ​ប្រជា​រាស្ត្រ​មួយ​ទុក​សំរាប់​ព្រះ​អង្គ​ផ្ទាល់ ជា​ប្រជា​រាស្ត្រ​ដែល​ខ្នះ​ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ​»។—ទី​ត​. ២:១៤, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; ២​កូ​. ៥:១៤, ១៥

២ ពេល​យើង​ធ្វើ​អ្វី​ដែល​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ យើង​ក៏​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​នឹង​ទ្រង់ ហើយ​ទ្រង់​ថែរក្សា​ការពារ​យើង​ដោយ​សេចក្ដី​ស្រឡាញ់។ ពេត្រុស​បាន​មាន​ប្រសាសន៍​ត​ទៅ​ទៀត​ថា​៖​«​អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ស្រឡាញ់​ជីវិត​ ហើយ​ចង់​ឃើញ​គ្រា​ដ៏​ល្អ . . . ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ប្រយោជន៍​ឲ្យ​បាន​ធ្វើ​ការ​ល្អ​វិញ ត្រូវ​ស្វែង​រក ហើយ​ដេញ​តាម​សេចក្ដី​មេត្រីភាព ពីព្រោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ​កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្ដាប់​ពាក្យ​ទូល​អង្វរ​របស់​គេ​»។ (​១​ពេ​. ៣:១០​-​១២​) នៅ​សម័យ​នេះ​ដែល​ពោរពេញ​ទៅ​ដោយ​គ្រោះថ្នាក់ យើង​ពិត​ជា​មាន​ពរ​មែន ព្រោះ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​កំពុង​តែ​ទត​ឃ្លាំ​មើល​ហើយ​ការពារ​យើង និង​ប្រុង​ប្រៀប​ចាត់​វិធានការ​ដើម្បី​«​រក្សា[​យើង​] ទុក​ដូច​ជា​ប្រស្រី​ព្រះ​នេត្រ​របស់​ទ្រង់​»។—ចោទិ. ៣២:១០; ២​រ​បា​. ១៦:៩

៣ ទោះ​ជា​គ្រីស្ទាន​សម័យ​ដើម​ដែល​ពេត្រុស​ផ្ញើ​សំបុត្រ​ជូន​នោះ​កំពុង​ប្រឈម​មុខ​ការ​ល្បងល​ក៏​ដោយ​ ពួក​គេ​នៅ​តែ​មាន​ចិត្ត​ខ្នះខ្នែង​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​ត្រគោល​ដែល​ពន្លត់​ពុំ​បាន ហើយ​ពួក​គេ​ប្រកាស​ដំណឹង​ល្អ​ឲ្យ​ឮ​សុសសាយ​ពាស​ពេញ។ (​១​ពេ​. ១:៦; ៤:១២​) រាស្ត្រ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ ទោះ​ជា​យើង​រស់​នៅ​«​គ្រា​លំបាក​ណាស់​»​ក៏​ដោយ​ តែ​ការ​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​សារ​ភាព​ល្អ​របស់​ទ្រង់​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ខ្នះខ្នែង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់។ (​២​ធី​. ៣:១; ទំនុក. ១៤៥:៧​) សូម​យើង​ពិចារណា​ការ​ល្អ​ខ្លះ​ៗ​ដែល​យើង​នឹង​ចូល​រួម​ធ្វើ​យ៉ាង​សកម្ម​ក្នុង​ពេល​នេះ​រហូត​ទៅ​ដល់​ថ្ងៃ​បុណ្យ​រំឭក។

៤ ចូរ​អញ្ជើញ​អ្នក​ដទៃ​មក​បុណ្យ​រំឭក : វិធី​មួយ​ដែល​យើង​អាច​ដឹង​គុណ​សំរាប់​តម្លៃ​លោះ​ដែល​ជា​អំណោយ​យ៉ាង​ប្រសើរ​ឯក​នោះ គឺ​ដោយ​មាន​វត្តមាន​នៅ​ពិធី​ដែល​ប្រព្រឹត្ត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដែល​រំឭកពីការ​សោយទិវង្គត​របស់​ព្រះ​យេស៊ូ ដែល​នឹង​ធ្វើឡើង​នៅថ្ងៃ​ពុធ ទី១៦ ខែ​មេសា ឆ្នាំ​នេះ​ក្រោយ​ថ្ងៃ​លិច។ (​លូ. ២២:១៩, ២០​) សរុប​ទៅ ឆ្នាំ​មុន​យើង​បាន​មាន​១៥.៥៩៧.៧៤៦​នាក់​ចូល​រួម យោង​ទៅ​តាម​សេចក្ដីរាយការណ៍​នៃ​៩៤​.​៦០០​ក្រុម​ជំនុំ​ទូទាំង​ពិភពលោក! ចំនួន​នេះ​គឺ​ច្រើន​ជាង​ឆ្នាំ​មុន​ជាង​២២០.០០០​នាក់។

៥ តើ​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ចូល​រួម​នៅ​ឆ្នាំ​នេះ? នេះ​ច្រើន​តែ​អាស្រ័យ​ទៅ​លើ​ការ​ព្យាយាម​របស់​យើង​ក្នុង​ការ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​ចូល​រួម​ជា​មួយ​យើង។ ចូរ​ចាប់​ផ្ដើម​ដោយ​កត់​សរសេរ​បញ្ជី​មួយ​មាន​ឈ្មោះ​មនុស្ស​ណា​ដែល​អ្នក​ចង់​អញ្ជើញ។ មុន​បង្អស់ គួរ​សរសេរ​ឈ្មោះ​សមាជិក​គ្រួសារ​នៅ​ក្នុង​ផ្ទះ​ជា​មួយ​អ្នក។ បើ​ប្ដី​ឬ​ប្រពន្ធ​អ្នក​មិន​មែន​ជា​អ្នក​ជឿ នោះ​ចូរ​ប្រាប់​គាត់​ពី​ទឹក​ចិត្ត​របស់​អ្នក​ថា អ្នក​ចង់​ឲ្យ​គាត់​ចូល​រួម​ជា​មួយ​ដែរ។ ប្ដី​ម្នាក់​ដែល​មិន​ជា​អ្នក​ជឿ​បាន​ប្រាប់​ថា គាត់​បាន​ចូល​រួម​ពិធី​បុណ្យ​រំឭក​ឆ្នាំ​មុន ដោយសារ​យល់​ឃើញ​ថា ប្រពន្ធ​គាត់​ពិត​ជា​នឹង​រីករាយ​ណាស់​បើ​គាត់​ចូល​រួម​ជា​មួយ​នាង។ បន្ទាប់​មក អ្នក​អាច​កត់​ឈ្មោះ​បងប្អូន​ញាតិ​សន្ដាន អ្នកជិតខាង អ្នក​ធ្វើ​ការ​ជា​មួយ ឬ​សិស្ស​រួម​ថ្នាក់។ កុំ​ភ្លេច​អញ្ជើញ​សិស្ស​ព្រះ​គម្ពីរ​របស់​អ្នក។

៦ ក្រោយ​កត់​ឈ្មោះ​អស់​ហើយ ចូរ​ឆ្លៀត​ពេល​ទៅ​អញ្ជើញ​ពួក​គេ​ដោយ​ផ្ទាល់។ ចូរ​ប្រើ​លិខិត​អញ្ជើញ​សំរាប់​បុណ្យ​រំឭក។ ដើម្បី​ជួយ​មនុស្ស​ឲ្យ​ចាំ​ម៉ោង​និង​ទី​កន្លែង​នៃ​បុណ្យ​រំឭក ចូរ​សរសេរ​ម៉ោង​និង​ទី​កន្លែង​យ៉ាង​ច្បាស់​លើ​លិខិត​អញ្ជើញ​នៅ​រឹម​ខាង​ក្រោម។ ពេល​ថ្ងៃ​ទី១៦ ខែ​មេសា​កាន់​តែ​ជិត​មក​ដល់​ ចូរ​រំឭក​មនុស្ស​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​អ្នក ដោយ​ជួប​ផ្ទាល់​ឬ​តាម​ទូរស័ព្ទ។ ចូរ​យើង​ជួយ​មនុស្ស​ច្រើន​បំផុត​ឲ្យ​មាន​វត្តមាន​នៅ​ឱកាស​ដ៏​ពិសិដ្ឋ​បំផុត​នេះ។

៧ ជួយ​អ្នក​ដែល​ចូល​រួម​ពិធី​បុណ្យ​រំឭក : យប់​នៃ​ពិធី​បុណ្យ​រំឭក​តែង​តែ​ជា​ពេល​ដែល​បណ្ដាល​ឲ្យ​រំភើប​ចិត្ត​ណាស់។ យើង​មាន​ឱកាស​ស្វាគមន៍​មនុស្ស​ដែល​តាម​ធម្មតា​មិន​ចូល​រួម​កិច្ច​ប្រជុំ​របស់យើង​ទេ។ ពេល​ដែល​សម​ស្រប​តាម​កាលៈទេសៈ​របស់​អ្នក ចូរ​រៀប​ចំ​មក​មុន​ម៉ោង​និង​នៅ​បន្ត​ក្រោយ​ចប់​ពិធី។ ចូរ​ផ្ដើម​សំណេះ​សំ​ណា​ល​ជា​មួយ​អ្នក​ថ្មី​ដែល​មក។ ចូរ​បង្ហាញ​ភាព​កក់ក្ដៅ​និង​ភាព​រាក់ទាក់។—រ៉ូម ១២:១៣

៨ ដោយ​មាន​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ តើ​មនុស្ស​ខ្លះ​ដែល​ចូល​រួម​ពិធី​បុណ្យ​រំឭក​អាច​ត្រូវ​ជួយ​ឲ្យ​រីក​ចំរើន​ខាង​វិញ្ញាណ​ត​ទៅ​ទៀត​បាន​ឬ​ទេ? ចូរ​ខំ​កត់​ឈ្មោះ​និង​អាស័យដ្ឋាន​របស់​អ្នក​ចូល​រួម​ដែល​មិន​ទាន់​មាន​អ្នក​ណា​ទៅ​ជួប​ ដើម្បី​អ្នក​អាច​ជួយ​គាត់​បាន។ មនុស្ស​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​នេះ​ប្រហែល​ជា​អាច​រីក​ចំរើន​រហូត​ដល់​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វផ្សាយ​មុន​ពិធី​បុណ្យ​រំឭក​ឆ្នាំ​ក្រោយ បើ​ពួក​គេ​ទទួល​ជំនួយ​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ ពេល​អ្នក​ទៅ​ជួប​មនុស្ស​ដែល​បាន​ចូល​រួម​បុណ្យ​រំឭក ចូរ​អញ្ជើញ​ពួក​គេ​មក​ស្ដាប់​សុន្ទរកថា​ពិសេស​នៅ​ថ្ងៃ​ទី២៧ ខែ​មេសា​ដែរ។

៩ តើ​អ្នក​អាច​ត្រួសត្រាយ​ជំនួយ​ក្នុង​ពេល​មុន​បុណ្យ​រំឭក​បាន​ទេ?: រាល់​ឆ្នាំ​ ដោយសារ​យើង​មាន​ចំណង់​ខ្លាំង​ចំពោះ​ការ​បំរើ​ព្រះ​យេហូវ៉ា ចំណង់​នេះ​ជំរុញ​ឲ្យ​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បំរើ​នៅ​កំឡុង​ខែ​ដែល​មាន​សកម្មភាព​ពិសេស​នេះ។ បើ​ក្រុម​ជំនុំ​ទាំង​មូល​ព្យាយាម​រួម​កម្លាំង​ខ្នះខ្នែង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ក្នុង​កំឡុង​ខែ​ឈាន​ចូល​ទៅ​ដល់​ពេល​បុណ្យ​រំឭក​នោះ ការ​ព្យាយាម​នេះ​អាច​បង្កើត​លទ្ធផល​ល្អ​ប្រសើរ។។

១០ ក្រុមជំនុំ​មួយ​ដែល​មាន​អ្នក​ផ្សាយ​១០៧​នាក់​និង​មាន​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​៩​នាក់​បាន​រាយ​ការណ៍​ថា ខែ​មេសា​ឆ្នាំ​មុន​ជា​ខែ​«​អស្ចារ្យ​គួរ​ឲ្យ​កត់​សម្គាល់​ណាស់​»​សំរាប់​ក្រុមជំនុំ​ពួក​គេ ដោយ​មាន​អ្នក​ត្រួស​ត្រាយ​ជំនួយ​៥៣​នាក់ រួម​ទាំង​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ទាំង​ឡាយ។ តើ​អ្នក​ចាស់​ទុំ​បាន​បំ​ផុស​ឲ្យ​បងប្អូន​មាន​ការ​រំភើប​ចិត្ត​ចង់​ត្រួសត្រាយ​ជំនួយ​នៅ​ខែ​នោះ​យ៉ាង​ដូច​ម្ដេច? ពួក​គាត់​បាន​ចាប់​ផ្ដើម​មុន​ខែ​នោះ ដោយ​លើក​ទឹក​ចិត្ត​បងប្អូន​ច្រើន​បំផុត​ឲ្យ​ចុះ​ឈ្មោះ។ កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ត្រូវ​រៀប​ចំ​នៅ​ម៉ោង​ផ្សេង​ៗ​ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​បងប្អូន​ទាំង​ឡាយ​ក្នុង​ក្រុមជំនុំ។ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​ការ​ផ្សាយ​តាម​ទូរស័ព្ទ ពិសេស​សំរាប់​បងប្អូន​ដែល​គ្មាន​សុខភាព​មាំទាំ។

១១ បង​ស្រី​ម្នាក់​អាយុ​៨៦​ឆ្នាំ​ ដែល​ដើរ​មិន​បាន​ដោយសារ​បញ្ហា​សុខភាព គាត់​បាន​ចុះ​ឈ្មោះ​ត្រួសត្រាយ​ជំនួយ។ គាត់​ចាប់ផ្ដើម​ពេល​ព្រឹក ដោយ​អង្គុយ​នៅ​តុ​ក្នុង​ផ្ទះបាយ ហើយ​ផ្សាយ​តាម​ទូរស័ព្ទ​ប្រហែល​ជា​ពីរ​ម៉ោង រួច​សំរាក​ពីរបី​ម៉ោង ហើយ​មក​វិញ​ធ្វើ​ទៀត។ មនុស្ស​ម្នាក់​ដែល​គាត់​និយាយ​ជា​មួយ​បាន​បាត់បង់​ប្ដី​និង​កូន​ប្រុស​ជំទង់​ពីរ​នាក់​ក្នុង​កំឡុង​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ ហើយ​គាត់​មិន​អាច​យល់​ថា​តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​រឿង​អាក្រក់​ដូច្នេះ​កើត​ឡើង។ បង​ស្រី​បាន​ធ្វើ​បន្ទាល់​យ៉ាង​ក្បោះក្បាយ​និង​ការ​សិក្សា​ព្រះ​គម្ពីរ​ក៏​បាន​ចាប់​ផ្ដើម​ឡើង។ ការ​ផ្សាយ​តាម​ទូរស័ព្ទ​នៅ​ពេល​ល្ងាច​ឬ​នៅ​ពេល​ផ្សេង​ទៀត​មាន​ប្រសិទ្ធ​ភាព​ណាស់​សំរាប់​ជួប​មនុស្ស​ដែល​រស់​នៅ​ក្នុង​អាគារ​ឬ​តំបន់​ដែល​យើង​ចូល​មិន​បាន។ ការ​ផ្សាយ​តាម​ទូរស័ព្ទ​ក៏​ជួយ​អ្នក​ផ្សាយ​ជួប​មនុស្ស​ដែល​មិន​នៅ​ផ្ទះ​ពេល​ថ្ងៃ​ដែរ។

១២ អ្នក​ចាស់​ទុំ​នៃ​ក្រុមជំនុំ​នោះ​បាន​បញ្ចប់​សេចក្ដី​រាយ​ការណ៍​ដោយ​សរសេរ​ថា​៖​«​យើង​បាន​រីករាយ​ណាស់ ហើយ​មាន​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​ដោយសារ​ឯក​សិទ្ធិ​និង​ពរ​ដែល​ទ្រង់​ផ្ដល់​មក​យើង​ម្នាក់​ៗ​»។ បើ​រៀប​ចំ​ឲ្យ​បាន​ត្រឹម​ត្រូវ ក្រុមជំនុំ​របស់​អ្នក​ក៏​អាច​មាន​ពរ​ដូច​នេះ​ដែរ។

១៣ ចូរ​ព្យាយាម​ឲ្យ​មាន​អ្នក​ផ្សាយ​១០០​ភាគ​រយ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ : សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​និង​អ្នកជិតខាង​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​ឆ្លៀត​យក​ពេល​រៀង​រាល់​ខែ​ដើម្បី​ប្រាប់​អ្នក​ដទៃ​អំពី​ដំណឹង​ល្អ។ (​ម៉ាថ​. ២២:៣៧​-​៣៩​) ពួក​អ្នក​ត្រួត​ពិនិត្យ​ការ​សិក្សា​សៀវភៅ​តាម​ក្រុមជំនុំ​និង​អ្នក​ជំនួយ​របស់​ពួក​គាត់​គួរ​ខំ​ជួយ​អ្នក​ក្នុង​ក្រុម​ខ្លួន​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ផ្សាយ​ជា​រៀង​រាល់​ខែ។ វិធី​ដ៏​ល្អ​មួយ​ដែល​ពួក​គាត់​អាច​ធ្វើ​ដូច្នេះ គឺ​ដោយ​រៀប​ចំ​ទុក​ជា​មុន​ដើម្បី​ផ្សព្វផ្សាយ​ជា​មួយ​បងប្អូន​ម្នាក់​ៗ​ក្នុង​ក្រុម​គាត់។ ជាជាង​ចាំ​ទាល់តែ​ដាច់​ខែ​ទើប​រៀប​ចំ នោះ​អ្នក​ត្រួត​ពិនិត្យ​ចាប់​ផ្ដើម​មុន​ខែ​នោះ​វិញ។ នេះ​នឹង​ផ្ដល់​ឱកាស​ច្រើន​ជាង​ដើម្បី​ផ្ដល់​ជំនួយ​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។

១៤ ក្នុង​ក្រុម​សិក្សា​សៀវភៅ​របស់​អ្នក តើ​មាន​អ្នក​ផ្សាយ​ណា​ដែល​គ្មាន​សុខភាព​មាំទាំ​និង​មាន​ការ​ពិបាក​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ​ទេ? បើ​ពួក​គេ​រស់​នៅ​ក្នុង​មន្ទីរ​ថែទាំ​សុខភាព​ឬ​ក៏​មិន​អាច​ចេញ​ពី​ផ្ទះ​បាន យើង​យល់​ថា​ពួក​គេ​មិន​សូវ​មាន​ឱកាស​ដើម្បី​ធ្វើ​បន្ទាល់​នោះ​ទេ។ ប៉ុន្តែ បើ​ពួក​គេ​ឆ្លៀត​យក​ឱកាស​ឲ្យ​ពន្លឺ​ខ្លួន​ភ្លឺ​នោះ ទោះ​ជា​មាន​ឱកាស​តិច​តួច​ក៏​ដោយ​ នោះ​អ្នក​ផ្សាយ​ទាំង​នេះ​ប្រហែល​ជា​អាច​បណ្ដាល​ឲ្យ​អ្នក​ឯ​ទៀត​មាន​ចំណាប់​អារម្មណ៍​ពិត​ប្រាកដ​ទៅ​លើ​សេចក្ដី​ពិត ដោយ​បាន​ឃើញ​ការ​ល្អ​ដែល​អ្នក​ផ្សាយ​ធ្វើ។ (​ម៉ាថ​. ៥:១៦​) អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​សៀវភៅ​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ប្រាកដ​ថា អ្នក​ផ្សាយ​ទាំង​នេះ​ដឹង​ច្បាស់​ថា ពួក​គេ​អាច​រាយ​ការណ៍​ពី​ម៉ោង​ផ្សព្វផ្សាយ​សូម្បីតែ​១៥​នាទី​ក៏​ដោយ។ ដោយសារ​អ្នក​ផ្សាយ​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​អាច​រាយ​ការណ៍​ពេល​ដែល​ចំណាយ​ក្នុង​កិច្ច​ផ្សាយ នោះ​លើក​ទឹក​ចិត្ត​ពួក​គេ ហើយ​ក៏​នាំ​ឲ្យ​ពួក​គេ​មាន​ចិត្ត​សប្បាយ​រីករាយ​ដែរ។ នេះ​ក៏​ជួយ​ធានា​ថា សេចក្ដី​រាយ​ការណ៍​អំពី​កិច្ច​ផ្សាយ​របស់​រាស្ត្រ​ព្រះ​ទូទាំង​ពិភពលោក​គឺ​ត្រឹម​ត្រូវ។

១៥ យុវជន​ដែល​រវល់​ធ្វើ​ការ​ល្អ! : យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ឃើញ​យុវជន​គ្រីស្ទាន​ប្រើ​កម្លាំង​និង​ថាមពល​ខ្លួន​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា! (​សុ. ២០:២៩​) បើ​អ្នក​នៅ​ក្មេង តើ​អ្នក​អាច​បង្ហាញ​ចិត្ត​ខ្នះខ្នែង​សំរាប់​ព្រះ​យេហូវ៉ា​ក្នុង​កំឡុង​ខែ​ដែល​មាន​សកម្មភាព​ពិសេស​ទាំង​នេះ​បាន​ឬ​ទេ?

១៦ បើ​អ្នក​មិន​ទាន់​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ក្រុមជំនុំ តើ​អ្នក​អាច​ព្យាយាម​បំពេញ​លក្ខណៈ​ដើម្បី​ទទួល​ឯក​សិទ្ធិ​នេះ​បាន​ទេ? សូម​សួរ​ខ្លួន​ឯង​នូវ​សំនួរ​ដូច​ត​ទៅ​នេះ​ថា​៖ ‹តើ​ខ្ញុំ​មាន​ចំណេះ​បឋម​អំពី​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ទេ? តើ​ខ្ញុំ​ចង់​ចូល​រួម​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​ទេ? តើ​ចរិយា​របស់​ខ្ញុំ​ជា​គំរូ​ល្អ​ឬ​ទេ? តើ​ខ្ញុំ​ផ្ទាល់​អាច​ថ្លែង​ប្រាប់​ពី​ជំនឿ​របស់​ខ្លួន ដោយ​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ​បាន​ទេ? តើ​ចិត្ត​ខ្ញុំ​ជំរុញ​ឲ្យ​ធ្វើ​ដូច្នេះ​ទេ›? បើ​អ្នក​អាច​ឆ្លើយ​ថា​‹មែន›ចំពោះ​សំនួរ​ទាំង​នេះ នោះ​សូម​និយាយ​ជា​មួយ​មាតា​បិតា​របស់​អ្នក​ថា​អ្នក​ចង់​ធ្វើ​ជា​អ្នក​ផ្សាយ។ មាតា​បិតា​របស់​អ្នក​អាច​និយាយ​ជា​មួយ​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​រួម​ក្នុង​គណៈ​កម្មាធិការ​ខាង​កិច្ច​បំរើ។

១៧ បើ​អ្នក​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​រួច​ហើយ តើ​អ្នក​អាច​ឆ្លៀត​យក​ប្រយោជន៍​ពី​វិស្សមកាល​នៅ​សាលា​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ផ្សាយ​ឲ្យ​បាន​ច្រើន​ជាង​បាន​ទេ? ដោយ​មាន​កាល​វិភាគ​ល្អ​និង​ជំនួយ​ពី​មាតា​បិតា​និង​អ្នក​ឯ​ទៀត​នោះ យុវជន​ជា​ច្រើន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ​បាន​មាន​សមត្ថភាព​ចុះ​ឈ្មោះ​ត្រួសត្រាយ​ជំនួយ។ បើ​អ្នក​គ្មាន​លទ្ធភាព​ទេ នោះ​ចូរ​តាំង​ចិត្ត​បង្កើន​កិច្ច​ផ្សាយ​របស់​អ្នក​ឲ្យ​បាន​ច្រើន​ជាង។ ចូរ​រៀប​ចំ​គោល​ដៅ​សំរាប់​ខ្លួន។ ព្រម​ជា​មួយ​នឹង​គោល​ដៅ​ថា​អ្នក​នឹង​ផ្សាយ​ប៉ុន្មាន​ម៉ោង​នោះ ចូរ​រៀប​ចំ​គោល​ដៅ​មួយ​ទៀត គឺ​ធ្វើ​ឲ្យ​វិធី​ផ្សព្វផ្សាយ​របស់​អ្នក​បាន​ប្រសើរ​ឡើង​ថែម​ទៀត។ ប្រហែល​ជា​អ្នក​អាច​ព្យាយាម​អាន​បទ​គម្ពីរ​ជូន​ម្ចាស់​ផ្ទះ​និមួយ​ៗ​ ឬ​បង្កើន​ប្រសិទ្ធ​ភាព​របស់​អ្នក​ក្នុង​ការ​ត្រឡប់​ទៅ​ជួប​គេ ឬ​ក៏​ចាប់​ផ្ដើម​ការ​សិក្សា ឬ​មួយ​ក៏​ពង្រីក​កិច្ច​ផ្សាយ​របស់​អ្នក​ដោយ​ផ្សាយ​តាម​ទូរស័ព្ទ​ឬ​ចូល​រួម​ផ្នែក​មួយ​ផ្សេង​ទៀត​នៃ​កិច្ច​ផ្សាយ។ ចុះ​យ៉ាង​ណា​គោល​ដៅ​អញ្ជើញ​អ្នកជិតខាង មិត្ត​រួម​ថ្នាក់​ឬ​ញាតិ​មិត្ត​មក​ចូល​រួម​ពិធី​បុណ្យ​រំឭក​ជា​មួយ​អ្នក​ឆ្នាំ​នេះ? ការ​ចូល​រួម​យ៉ាង​ពេញលេញ​ក្នុង​សកម្មភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​និង​ពិត​ជា​នឹង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ក្នុង​ក្រុមជំនុំ។—១​ថែ​. ៥:១១

១៨ ចូរ​ជួយ​អ្នក​ថ្មី​រីក​ចំរើន : នៅ​ប្រទេស​កម្ពុជា រាល់​ខែ​ក្នុង​កំឡុង​ឆ្នាំ​កិច្ច​បំរើ​កន្លង​ទៅ​នេះ មាន​អ្នក​សិក្សា​មធ្យម​៣៤៣,៧​នាក់។ ក្រោយ​មក សិស្ស​ព្រះ​គម្ពីរ​ជា​ច្រើន​ក្នុង​ចំណោម​អ្នក​ទាំង​នេះ​បាន​រីក​ចំរើន​ទៅ​ដល់​ការ​ថ្វាយ​ខ្លួន​និង​បុណ្យ​ជ្រមុជ​ទឹក។ ប៉ុន្តែ មុន​ដែល​ពួក​គេ​អាច​សម្រេច​គោល​ដៅ​នេះ យើង​ត្រូវ​តែ​ជួយ​ពួក​គេ​បំពេញ​តម្រូវ​ការ​ដើម្បី​ទៅ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ។ នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​បង្រៀន​អ្នក​ថ្មី​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ។ (​ម៉ាថ​. ៩:៩; លូ​. ៦:៤០​) តើ​អ្នក​មាន​សិស្ស​ព្រះ​គម្ពីរ​ម្នាក់​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​តាម​ជំហាន​នេះ​ដែល​ឬ​ទេ?

១៩ បើ​អ្នក​មិន​ច្បាស់​ថា​សិស្ស​របស់​អ្នក​កំពុង​តែ​រីក​ចំរើន​ឬ​យ៉ាង​ណា នោះ​ចូរ​សូម​ជំនួយ​ពី​អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​សៀវភៅ​របស់​អ្នក​ឬ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ។ ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​គាត់​ចូល​រួមការ​សិក្សា​នោះ​ជា​មួយ​អ្នក។ បង​ប្រុស​ទាំង​នេះ​មាន​បទ​ពិសោធន៍​ច្រើន ដែល​អាច​ជួយ​យើង​ឲ្យ​ដឹង​អំពី​ការ​រីក​ចំរើន​របស់​សិស្ស​យើង។ ពួក​គាត់​ប្រហែល​ជា​មាន​យោបល់​ដែល​នឹង​ជួយ​សិស្ស​នោះ​បន្ត​រីក​ចំរើន​ខាង​វិញ្ញាណ។

២០ ពេល​សិស្ស​របស់​អ្នក​ប្រាប់​ពី​ចំណង់​ក្នុង​ការ​ចង់​ធ្វើ​ជា​អ្នក​ផ្សាយ​មិន​ទាន់​ជ្រមុជ​ទឹក ហើយ​អ្នក​គិត​ថា​គាត់​មាន​លក្ខណៈ​គ្រប់គ្រាន់ នោះ​សូម​និយាយ​ជា​មួយ​ប្រធាន​ត្រួត​ពិនិត្យ។ គាត់​នឹង​រៀប​ចំ​ឲ្យ​មាន​អ្នក​ចាស់​ទុំ​ពីរ​នាក់​ជួប​ជា​មួយ​អ្នក​និង​សិស្ស​របស់​អ្នក ដើម្បី​ពិចារណា​ថា​តើ​គាត់​មាន​លក្ខណៈ​គ្រប់គ្រាន់​ឬ​យ៉ាង​ណា ដោយ​ផ្អែក​លើ​ពត៌មាន​ក្នុង​សន្លឹក​បន្ថែម​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង នៅ​ទំព័រ​ទី៦ ខែ​កក្កដា ឆ្នាំ​២០០២។ (​សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៨៨ ទំព័រ​១៧ ជា​ភាសា​អង់គ្លេស​)។ បើ​សិស្ស​នោះ​បាន​ទទួល​ការ​យល់​ព្រម​ឲ្យ​ទៅ​ផ្សព្វផ្សាយ​នោះ អ្នក​គួរ​ចាប់​ផ្ដើម​បង្ហាត់​គាត់​ភ្លាម​ៗ។ នៅ​ពេល​គាត់​ជូន​សេចក្ដី​រាយ​ការណ៍​កិច្ច​ផ្សាយ​លើក​ដំបូង នោះ​ក្រុមជំនុំ​នឹង​ត្រូវ​ជំរាប​ថា គាត់​ជា​អ្នក​ផ្សាយ​មិន​ទាន់​ជ្រមុជ​ទឹក។ យើង​សង្ឃឹម​ថា​នឹង​មាន​អ្នក​ផ្សាយ​ថ្មី​រាប់​ពាន់​នាក់​ទាំង​ចាស់​ទាំង​ក្មេង ដែល​អាច​ឈាន​ទៅ​ដល់​ជំហាន​ដ៏​សំខាន់​នេះ​ក្នុង​កំឡុង​ពីរ​ខែ​ដែល​មាន​សកម្មភាព​ពិសេស​នេះ។

២១ ការ​រៀប​ចំ​ជា​មុន​ជួយ​យើង​សម្រេច​ការ​ល្អ​ឲ្យ​បាន​ច្រើន​បំផុត: ការ​រៀប​ចំ​ជា​មុន​នឹង​ជួយ​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​សកម្មភាព​របស់​យើង​ក្នុង​កំឡុង​ពេល​ឈាន​ទៅ​ដល់​ថ្ងៃ​បុណ្យ​រំឭក។ (​សុ. ២១:៥​) មាន​រឿង​ជា​ច្រើន​ដែល​អ្នក​ចាស់​ទុំ​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

២២ ដើម្បី​ជួយ​ក្រុមជំនុំ​សម្រេច​ការ​ឲ្យ​បាន​ច្រើន​បំផុត​ក្នុង​កិច្ច​ផ្សាយ អ្នក​ចាស់​ទុំ​គួរ​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​ផ្សព្វផ្សាយ​រាល់​ថ្ងៃ។ ប្រធាន​ត្រួត​ពិនិត្យ​គួរ​នាំ​មុខ​ចាត់​ចែង​ការ​រៀបចំ​នេះ។ តើ​អាច​បន្ថែម​ការ​ប្រជុំ​សំរាប់​ពេល​ព្រលឹម ល្ងាច ឬ​ក្បាល​ព្រលប់​បាន​ឬ​ទេ? ត្រូវ​ជំរាប​ក្រុមជំនុំ​អំពី​ការ​រៀប​ចំ​ទាំង​នោះ។ ប្រហែល​ជា​មាន​ប្រយោជន៍​បើ​បិទ​កម្មវិធី​លើ​ក្ដារ​ពត៌មាន។

២៣ អ្នក​ចាស់​ទុំ​គួរ​ធ្វើ​ការ​ចាត់​ចែង​សំរាប់​បុណ្យ​រំឭក តាំង​ពី​យូរ​មុន​ថ្ងៃ​ទី១៦​ខែ​មេសា។ នេះ​រួម​បញ្ចូល​ការ​ចាត់​ចែង​ស​ម្រប​សម្រួល​ជា​មួយ​ក្រុមជំនុំ​ឯ​ទៀត​ដែល​ប្រហែល​ជា​ជួប​ជុំ​គ្នា​នៅ​ទី​នោះ​សំរាប់​ការ​ប្រើ​សាល​ព្រះរាជាណាចក្រ ព្រម​ទាំង​ការ​សំអាត​សាល ការ​ជ្រើសរើស​ឆ្មាំ​និង​អ្នក​ជូន​វត្ថុ​តំណាង ហើយ​ការ​ទិញ​វត្ថុ​តំណាង។ ក្រុមជំនុំ​គួរ​ទទួល​ដំណឹង​អំពី​ម៉ោង​និង​ទី​កន្លែង​នៃ​បុណ្យ​រំឭក ហើយ​បើ​កម្មវិធី​ប្រជុំ​សំរាប់​សប្ដាហ៍​នោះ​កែ​ប្រែ។ ការ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ៗ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ពិធី​នេះ​មាន​ដំណើរ​ការ​«​តាម​បែប​គួរ​សម ហើយ​ដោយ​លំដាប់​លំដោយ​ផង​»។—១​កូ​. ១៤:៤០

២៤ បណ្ដា​មេ​គ្រួសារ​ប្រហែល​ជា​អាច​ឆ្លៀត​ពេល​ក្នុង​កំឡុង​ការ​សិក្សា​ជា​ក្រុម​គ្រួសារ​ដើម្បី​ពិគ្រោះ​របៀប​ក្រុម​គ្រួសារ​អាច​ចូល​រួម​កិច្ច​ផ្សាយ​ឲ្យ​បាន​ច្រើន​ជាង​ក្នុង​ពេល​ឈាន​ទៅ​ដល់​ថ្ងៃ​បុណ្យ​រំឭក។ តើ​ក្រុម​គ្រួសារ​ទាំង​មូល​របស់​អ្នក​អាច​ត្រួសត្រាយ​ជំនួយ​បាន​ទេ? ឬ​ក៏​តើ​ក្រុម​គ្រួសារ​អាច​គាំទ្រ​សមាជិក​ម្នាក់​ឬ​ពីរ​នាក់​ឲ្យ​គេ​អាច​ត្រួសត្រាយ​ជំនួយ​បាន​ឬ​ទេ? បើ​មិន​បាន​ទេ ចូរ​រៀប​ចំ​គោល​ដៅ​ជាក់លាក់​ជា​ក្រុម​គ្រួសារ​ដើម្បី​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ តើ​មាន​អ្នក​នៅ​ក្មេង​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​អាច​បំពេញ​លក្ខណៈ​ធ្វើ​ជា​អ្នក​ផ្សាយ​មិន​ទាន់​ជ្រមុជ​ទឹក​បាន​បើ​អ្នក​ជួយ​ឬ​លើក​ទឹក​ចិត្ត​គាត់​បន្ដិច​បន្តួច ឬ​ទេ? តើ​ក្រុម​គ្រួសារ​របស់​អ្នក​អាច​អញ្ជើញ​មនុស្ស​បាន​ប៉ុន្មាន​នាក់​មក​បុណ្យ​រំឭក​ឆ្នាំ​នេះ? ការ​រៀប​ចំ​ឲ្យ​បាន​ល្អ​នឹង​នាំ​មក​នូវ​ពរ​ជា​ច្រើន​និង​អំណរ​ចំពោះ​ក្រុម​គ្រួសារ​របស់​អ្នក។

២៥ ចូរ​ឆ្លៀត​យក​ប្រយោជន៍​ឲ្យ​បាន​ពេញលេញ​ពី​ពេល​វេលា​ដែល​នៅ​សល់ : ពេល​សាវ័ក​ពេត្រុស​ផ្ញើ​សំបុត្រ​ជូន​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ គាត់​រំឭក​ពួកគេ​អំពី​ភាព​បន្ទាន់​នៅ​សម័យ​នោះ​ដោយ​ព្រោះ​ទីបញ្ចប់​នៃ​របប​យូដា​ជិត​មក​ដល់​ហើយ។ (​១​ពេ​. ៤:៧​) សព្វ​ថ្ងៃ​នេះ ភស្តុតាង​បញ្ជាក់​ឲ្យ​ឃើញ​ថា​ទីបញ្ចប់​នៃ​របប​លោកីយ៍​ទាំង​មូល​នេះ​ក៏​ជិត​មក​ដល់​ដែរ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វិថី​ជីវិត​របស់​យើង​គួរ​បញ្ជាក់​ថា​យើង​ជា​អ្នក​មាន​ជំនឿ​ថា​នោះ​ជា​ពិត។ ក្នុង​នាម​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​ខ្នះខ្នែង យើង​គួរ​ផ្ចង់​ចិត្ត​ទៅ​លើ​ការ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់។—ទី​ត​. ២:១៣, ១៤

២៦ គ្រា​ឥឡូវ​នេះ​ជា​ពេល​ដែល​ត្រូវ​មាន​ចិត្ត​ខ្នះខ្នែង​និង​មាន​សកម្មភាព! ចូរ​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ដើម្បី​អ្នក ក្រុម​គ្រួសារ​អ្នក និង​ក្រុមជំនុំ។ ទោះ​ជា​យើង​គ្មាន​សមត្ថភាព​តប​ស្នង​សង​គុណ​ព្រះ​យេហូវ៉ា​ឲ្យ​សម​នឹង​អ្វី​ៗ​ដែល​ទ្រង់​ធ្វើ​សំរាប់​ឲ្យ​យើង​ទទួល​ប្រយោជន៍​ក៏​ដោយ​ តែ​យើង​អាច​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​អស់​ពី​ព្រលឹង​បាន។ (​ទំនុក. ១១៦:១២​-​១៤​) ការ​ព្យាយាម​របស់​យើង​នឹង​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។ (​សុ. ១០:២២​) ចូរ​យើង​ទាំង​អស់​គ្នា​«​ខ្នះខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ​»​ក្នុង​កំឡុង​ពេល​មាន​សកម្មភាព​ពិសេស​នេះ ​«​ដើម្បី​ឲ្យ​ព្រះ​បាន​ថ្កើង​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់​ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ​»។—១​ពេ​. ៣:១៣, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ; ១​ពេ​. ៤:១១

[Box on page 3]

ចំនួន​អ្នក​ចូល​រួម​ បុណ្យ​រំឭក​ ទូទាំង​ពិភពលោក

១៩៩៩ ១៤​.​០៨៨​.​៧៥១

២០០០ ១៤​.​៨៧២​.​០៨៦

២០០១ ១៥​.​៣៧៤​.​៩៨៦

២០០២ ១៥​.​៥៩៧​.​៧៤៦

[Box on page 4]

តើ​អ្នក​នឹង​អញ្ជើញ​ អ្នក​ណា​ខ្លះ​ មក​បុណ្យ​រំឭក?

□ សមាជិក​ក្រុម​គ្រួសារ​និង​ញាតិ​មិត្ត

□ អ្នកជិតខាង​និង​មនុស្ស​ដែល​អ្នក​ស្គាល់

□ អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​ឬ​សិស្ស​រួម​ថ្នាក់

□ ការ​ត្រឡប់​ទៅ​ជួប​និង​សិស្ស​ព្រះ​គម្ពីរ

[Box on page 5]

ចូរ​ជួយ​អ្នក​ដែល​មក​បុណ្យ​រំឭក

□ អញ្ជើញ​យ៉ាង​កក់ក្ដៅ

□ ទៅ​ជួប​ពួក​គេ​ដើម្បី​បណ្ដុះ​បណ្ដាល​ចំណាប់​អារម្មណ៍

□ សុំ​បង្រៀន​ពួក​គេ​នូវ​ព្រះ​គម្ពីរ

□ អញ្ជើញ​ពួក​គេ​ឲ្យ​មក​ស្ដាប់​សុន្ទរកថា​ពិសេស

[Box on page 6]

តើ​អ្នក​មាន​គោល​ដៅ​អ្វី​ខ្លះ​សំរាប់​ពេល​ដែល​ឈាន​ទៅ​ដល់​បុណ្យ​រំឭក?

□ ចង់​មាន​មនុស្ស​ម្នាក់​មក​បុណ្យ​រំឭក​តាម​ការ​អញ្ជើញ​របស់​អ្នក

□ បំពេញ​លក្ខណៈ​ទៅ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ

□ ចំណាយ​ម៉ោង​មួយ​ចំនួន​ជាក់លាក់​ក្នុង​កិច្ច​ផ្សាយ

□ ធ្វើ​ឲ្យ​ផ្នែក​ណា​មួយ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​របស់​យើង​ប្រសើរ​ឡើង​ថែម​ទៀត

□ បំរើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក