តើអ្នកកំពុងតែទទួលប្រយោជន៍ផ្ទាល់ខ្លួនឬទេ?
១ សព្វថ្ងៃនេះ មនុស្សរាប់លាននាក់ចង់ចេះដោះស្រាយបញ្ហាឲ្យបានជីវិតមួយដ៏ប្រកបដោយសុភមង្គល។ ពួកគេជក់ស្លុងនឹងសៀវភៅណែនាំឲ្យខ្លួនរីកចំរើនលូតលាស់បាន ឬគេក៏បែរទៅរកក្រុមនិងអង្គការផ្សេងៗឲ្យបានយោបល់ពីរបៀបធ្វើឲ្យជីវិតខ្លួនទៅជាប្រសើរឡើងៗ។ ប្រហែលជាអ្នកខ្លះអាចចង្អុលបញ្ជាក់ពីប្រយោជន៍មួយចំនួនដែលគេបានទទួល។ ក៏ប៉ុន្តែ ដោយពិនិត្យមើលគុណភាពនៃជីវិតសព្វថ្ងៃនេះ តើមនុស្សជាទូទៅបានរៀនតាមកម្មវិធីណែនាំរបស់មនុស្ស ឲ្យបានជីវិតដែលសុខសាន្ត និងធ្វើឲ្យស្កប់ស្កល់ចិត្តឬ? មិនមែនទេ!—កូរិនថូសទី១ ៣:១៨-២០
២ ផ្ទុយទៅវិញ ព្រះអាទិទេពរបស់យើងក៏ប្រទានឲ្យអស់អ្នកណាដែលព្រមស្ដាប់នោះ នូវសេចក្ដីណែនាំជាជំនួយដ៏ល្អជាទីបំផុតដោយឥតគិតថ្លៃ។ ព្រះយេហូវ៉ាមានព្រះហឫទ័យចង់ឲ្យមនុស្សទាំងអស់ទទួលប្រយោជន៍ពីការបង្រៀនរបស់ទ្រង់។ ទ្រង់បានប្រទានដោយសទ្ធានូវព្រះបន្ទូលដែលទ្រង់បានបណ្ដាលឲ្យតែង ដើម្បីដឹកនាំមនុស្សលោកតាមសេចក្ដីទៀងត្រង់ ហើយទ្រង់ក៏បានបណ្ដាលឲ្យគេប្រកាសផ្សាយនូវដំណឹងល្អពីព្រះរាជាណាចក្ររបស់ទ្រង់ពាសពេញផែនដីដែរ។ (ទំនុកដំកើង ១៩:៧, ៨; ម៉ាថាយ ២៤:១៤; ធីម៉ូថេទី២ ៣:១៦) ជីវិតមួយដែលមានសុភមង្គលពិតប្រាកដ គឺជាប់ទាក់ទងទៅនឹងការប្រុងស្មារតីនឹងអ្វីដែលព្រះយេហូវ៉ាបង្គាប់មកនោះ។—អេសាយ ៤៨:១៧, ១៨
៣ សេចក្ដីណែនាំពីព្រះយេហូវ៉ាគឺប្រសើរជាងឆ្ងាយណាស់ពីសៀវភៅសំរាប់ជួយខ្លួនឯង ឬកម្មវិធីជួយខ្លួនឲ្យរីកចំរើនលូតលាស់ ដែលផ្ដល់មកដោយលោកីយ៍នេះ។ យើងអាចទទួលជំនួយពិត និងប្រយោជន៍ជាស្ថាពរបាន បើសិនជាយើងឆ្លៀតយកប្រយោជន៍យ៉ាងពេញលេញពីសំវិធានការរបស់ព្រះយេហូវ៉ា ដូចបានរៀបរាប់ក្នុងបន្ទូលរបស់ទ្រង់ ហើយដែលត្រូវបង្រៀនដោយអង្គការរបស់ទ្រង់ដែរ។—ពេត្រុសទី១ ៣:១០-១២
៤ ចូរទទួលប្រយោជន៍នៅឯកិច្ចប្រជុំតាមក្រុមជំនុំ: សព្វថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់យកព្រះទ័យទុកដាក់យ៉ាងពិតប្រាកដក្នុងការបង្រៀនយើងនូវផ្លូវរបស់ទ្រង់ ហើយយើងក៏ទទួលប្រយោជន៍ដោយប្រុងស្មារតីនឹងសេចក្ដីណែនាំពីទ្រង់។ កិច្ចប្រជុំទាំងប្រាំដែលយើងមានជាប្រចាំសប្ដាហ៍ ក៏បង្ហាញពីទីសំអាងនៃការយកព្រះទ័យទុកដាក់ដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ ពេលដែលយើងទៅឯកិច្ចប្រជុំក្រុមជំនុំ ចំណេះរបស់យើងអំពីព្រះក៏កើនកាន់តែច្រើនឡើង។ យើងរៀននូវរបៀបការពារខ្លួនពីអ្វីដែលអាក្រក់ ដោយចូលទៅជិតព្រះយេហូវ៉ា។ តាមរបៀបនេះ យើងក៏ត្រូវបានទទួលការលើកទឹកចិត្តផងដែរ។
៥ ព្រមជាមួយគ្នានេះ ក៏នៅមានអ្វីថែមទៀតដែរ។ នៅឯកិច្ចប្រជុំតាមក្រុមជំនុំ យើងក៏អាច«បើកចិត្តឲ្យទូលាយឡើង»។ (កូរិនថូសទី២ ៦:១៣) នេះក៏រួមបញ្ចូលការខំឲ្យស្គាល់អ្នកឯទៀតក្នុងក្រុមជំនុំ។ យើងទទួលប្រយោជន៍ពីការលើកទឹកចិត្តគ្នាទៅវិញទៅមក ដូចជាសាវ័កប៉ុលបានសរសេរក្នុងសំបុត្ររបស់គាត់ទៅដល់ពួករ៉ូម។ (រ៉ូម ១:១១, ១២) កាលដែលគាត់បានសរសេរទៅកាន់ពួកហេព្រើរ នោះគាត់បានដាស់តឿនយ៉ាងខ្លាំងដល់អស់អ្នកដែលប្រហែលជាបានចាប់ផ្ដើមមានទំលាប់លែងប្រជុំគ្នាជាពួកគ្រីស្ទាន។—ហេព្រើរ ១០:២៤, ២៥
៦ ការអរសប្បាយនិងការពេញចិត្តនឹងជីវិត ក៏ជាប់ទាក់ទងនឹងការយកចិត្តទុកដាក់ដល់អ្នកដទៃផងដែរ។ យើងត្រូវបានលើកទឹកចិត្តឲ្យស្វែងរកគ្រប់វិធីដើម្បីធ្វើឲ្យអ្នកដទៃមានសុភមង្គល។ ដូច្នេះហើយបានជាកិច្ចប្រជុំគ្រីស្ទានរបស់យើង គឺពិតជាមានប្រយោជន៍ដល់យើងណាស់ ព្រមទាំងមានប្រយោជន៍ដល់អស់អ្នកដែលយើងបង្កើតមិត្តភាពដ៏ល្អជាមួយនោះដែរ។ អ្វីដែលបានតម្រូវពីយើង គឺជាការរួមចំណែកដោយអស់ពីដួងចិត្ត។
៧ សាវ័កប៉ុលក៏បានមានប្រសាសន៍ស្រដៀងគ្នាដែរ ក្នុងដំបូន្មានរបស់គាត់ជូនធីម៉ូថេ កាលដែលគាត់បានសរសេរថា៖ «ចូរបង្ហាត់ខ្លួនខាងឯសេចក្ដីគោរពប្រតិបត្ដិដល់ព្រះវិញ»។ (ធីម៉ូថេទី១ ៤:៧) យើងអាចសួរខ្លួនឯងថា៖ ‹តើខ្ញុំកំពុងតែបង្ហាត់ខ្លួនឬទេ? តើខ្ញុំកំពុងតែរៀនទទួលប្រយោជន៍ពីអ្វីដែលខ្ញុំស្ដាប់ឮនៅឯកិច្ចប្រជុំក្រុមជំនុំឬទេ?›។ យើងនឹងឆ្លើយថា៖ មែនហើយ បើសិនជាយើងប្រុងស្មារតីនឹងអ្វីដែលយើងស្ដាប់ឮនៅឯកិច្ចប្រជុំ ហើយខំអនុវត្តតាមអ្វីដែលយើងរៀន។ យើងត្រូវតែចេះគិតពីបងប្អូនប្រុសៗដែលធ្វើការបង្រៀននោះ ដោយមើលឃើញព្រះយេហូវ៉ាតាមរយៈចិត្តរបស់យើង ថាទ្រង់ជាលោកគ្រូដ៏ឧត្តមនៃរាស្ត្ររបស់ទ្រង់។—អេសាយ ៣០:២០
៨ សាលាកិច្ចបំរើព្រះធិបតេយ្យ និងការប្រជុំអប់រំកិច្ចបំរើ: កិច្ចប្រជុំទាំងពីរនេះបានត្រូវរៀបចំឡើង ដើម្បីជួយយើងឲ្យមានប្រសិទ្ធិភាពក្នុងកិច្ចបំរើគ្រីស្ទាន។ សាលាកិច្ចបំរើព្រះធិបតេយ្យគឺសំរាប់ការណ៍នោះឯង គឺជាសាលាដែលមានសិស្សដែលទទួលការណែនាំនិងដំបូន្មានជាទៀងទាត់។ អ្នកមានឱកាសបង្ហាញនូវការលូតលាស់របស់ខ្លួនជាអ្នកថ្លែងសុន្ទរកថាជាសាធារណៈ និងជាអ្នកបង្រៀនព្រះបន្ទូលរបស់ព្រះដែរ។ ប៉ុន្តែ ដើម្បីទទួលប្រយោជន៍ច្រើនបំផុតពីសាលានោះ អ្នកត្រូវតែចុះឈ្មោះ ទាំងទៅប្រជុំ ក៏ចូលរួមយ៉ាងទៀងទាត់ ហើយរៀបចំចំណែករបស់ខ្លួនយ៉ាងអស់ពីចិត្ត។ ការព្រមទទួល និងការអនុវត្តន៍តាមឱវាទដែលគេប្រទានឲ្យអ្នក នឹងជួយអ្នកឲ្យមានការរីកចំរើនទៅមុខ។
៩ ការប្រជុំអប់រំកិច្ចបំរើក៏បង្រៀនយើងពីសារៈសំខាន់នៃកិច្ចបំរើគ្រីស្ទាន ហើយបង្ហាញនូវរបៀបដែលយើងអាចរួមចំណែកនឹងកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ តើអ្នកនិងគ្រួសាររបស់អ្នកកំពុងតែទទួលប្រយោជន៍យ៉ាងពេញលេញពីអ្វីដែលគេជូនឲ្យនៅឯកិច្ចប្រជុំទាំងពីរនេះឬទេ? គូស្វាមីភរិយាគ្រីស្ទានមួយគូក៏មានប្រសាសន៍ថា៖ «នៅឯការប្រជុំអប់រំកិច្ចបំរើមួយ យើងបានឮថា យើងគួរតែពិនិត្យមើលនូវខបទគម្ពីរប្រចាំថ្ងៃជាក្រុមគ្រួសារ។ យើងមិនធ្លាប់ធ្វើអ៊ីចឹងឡើយ ប៉ុន្តែឥឡូវយើងធ្វើអ៊ីចឹងមែន»។ តើពួកគេបានទទួលប្រយោជន៍អ្វីខ្លះ? ពួកគេសារភាពថា៖ «យើងកត់សម្គាល់ថា ការពិគ្រោះរបស់យើងក្នុងពេលដែលទទួលទានអាហារ នោះសប្បាយជាង។ ឥឡូវលែងមានជម្លោះនៅពេលញ៉ាំបាយទៀតហើយ»។ តើកូនតូចៗរបស់គាត់ទទួលប្រយោជន៍ពីកិច្ចប្រជុំដែរឬទេ? មែនហើយ។ ម្ដាយនេះនិយាយថា៖ «គឺអាចឃើញយ៉ាងជាក់ច្បាស់ ថាកូនៗបានត្រូវជំរុញយ៉ាងខ្លាំងដោយកិច្ចប្រជុំនានា។ មួយសប្ដាហ៍នោះ យើងបានដឹងថា កូនប្រុសរបស់យើងម្នាក់អាយុប្រាំមួយឆ្នាំបានភូតភរកុហកខ្លះៗ។ តែក្នុងកំឡុងសប្ដាហ៍នោះឯងនៅឯកិច្ចប្រជុំ មានសុន្ទរកថាបង្ហាត់បង្ហាញអំពីការភូតភរ។ ដោយសម្ដែងទឹកមុខជាអ្នកមានទោសយ៉ាងខ្លាំង កូនយើងនោះបានមើលមុខឪពុក ហើយបានអង្គុយឈ្ងោកមុខដោយមានអាការអៀនខ្មាស។ កូនយើងបានយល់ហើយ ក្រោយមកយើងក៏បានលែងមានបញ្ហានោះទៀត»។
១០ បងស្រីជាអ្នកត្រួសត្រាយម្នាក់ប្រាប់ថា គាត់សប្បាយចិត្តណាស់ ដែលគេឲ្យយោបល់នៅឯការប្រជុំអប់រំកិច្ចបំរើ ដើម្បីលូតលាស់ក្នុងកិច្ចបំរើផ្សាយរបស់យើង។ តើហេតុអ្វី? គាត់ពន្យល់ថា៖ «ខ្ញុំទៅជាជាប់មានទំលាប់។ ជួនកាលខ្ញុំគិតថា អ្វីដែលបានជូនជាយោបល់ក្នុងឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង នឹងមិនមានប្រសិទ្ធិភាពទេ។ ប៉ុន្តែ នៅឯការប្រជុំអប់រំកិច្ចបំរើ ពេលដែលខ្ញុំឮថា យើងគួរតែសាកប្រើយោបល់នោះ ខ្ញុំក៏បានត្រូវជំរុញទឹកចិត្តឲ្យអនុវត្តតាមយោបល់ទាំងប៉ុន្មាននោះ។ នេះក៏ធ្វើឲ្យកិច្ចបំរើទៅជាការរំភើបចិត្តមែន!»។ ប៉ុន្មានសប្ដាហ៍ក្រោយពីបានអនុវត្តតាមយោបល់ឲ្យសាកចាប់ផ្ដើមនូវការសិក្សាព្រះគម្ពីរនៅពេលជួបគេដំបូងនោះ គាត់បានផ្ដើមនូវការសិក្សាពេលដែលបានជួបជាដំបូងនឹងនារីម្នាក់ដែលបានអធិស្ឋានសូមជំនួយ។
១១ នៅពេលដែលអ្នកស្ដាប់សុន្ទរកថាមួយដែលរួមបញ្ចូលឱវាទពីព្រះគម្ពីរ អំពីការសម្រេចចិត្តដែលអ្នកធ្វើផ្ទាល់ខ្លួននោះ តើអ្នកមានអារម្មណ៍ថា ព្រះយេហូវ៉ាកំពុងតែមានបន្ទូលចំពោះអ្នកផ្ទាល់តែម្ដងឬទេ? បងប្រុសម្នាក់បានមានអារម្មណ៍អ៊ីចឹង។ គាត់និយាយថា៖ «នៅឯកិច្ចប្រជុំមួយ ពេលថ្មីៗនេះ មានសុន្ទរកថាមួយដែលអ្នកថ្លែងនោះបានពិគ្រោះអំពីការកំសាន្តបែបណាដែលគួរសម ហើយបែបណាខ្លះដែលមិនគួរសមសំរាប់ពួកគ្រីស្ទាន។ ខ្ញុំធ្លាប់ចូលចិត្តមើលកីឡាប្រដាល់តាមទូរទស្សន៍។ ក៏ប៉ុន្តែ ក្រោយពីកិច្ចប្រជុំមួយនេះ ខ្ញុំបានសម្រេចចិត្តថា កីឡាបែបនេះក៏រួមចំណែកការកំសាន្តបែបដែលមិនគួរសមសំរាប់ពួកគ្រីស្ទានដែរ។ អ៊ីចឹងហើយ ខ្ញុំក៏លែងមើលកីឡានោះទៀតទៅ»។ មែនហើយ ទោះជាបុរសនេះបានមានចិត្តស្រឡាញ់របស់ដែលឃោរឃៅក៏ដោយ គាត់បានប្រព្រឹត្តតបដោយចិត្តរាបទាប សមស្របនឹងការណែនាំពីព្រះយេហូវ៉ា។—ទំនុកដំកើង ១១:៥
១២ កិច្ចប្រជុំសាធារណៈ ការសិក្សាទស្សនាវដ្ដីប៉មយាម និងការសិក្សាសៀវភៅតាមក្រុមជំនុំ: សុន្ទរកថាសាធារណៈដែលយើងស្ដាប់ជារៀងរាល់សប្ដាហ៍ ក៏រៀបរាប់តាមប្រធានផ្សេងៗខាងព្រះគម្ពីរដែរ។ តើអ្នកកំពុងតែទទួលអ្វីខ្លះពីសុន្ទរកថាទាំងនេះ? ស្វាមីគ្រីស្ទានម្នាក់បានអធិប្បាយអំពីប្រយោជន៍ដែលគាត់បានទទួល៖ «សុន្ទរកថាសាធារណៈមួយបានបញ្ជាក់ពីផលផ្លែទាំងប៉ុន្មាននៃវិញ្ញាណបរិសុទ្ធ។ អ្នកថ្លែងសុន្ទរកថានោះបាននិយាយស្តីអំពីខ្លួនគាត់ផ្ទាល់ថា ដើម្បីខំបណ្ដុះផលផ្លែទាំងនេះ គាត់ក៏ជ្រើសរើសគុណសម្បត្ដិមួយ ហើយខំបណ្ដុះឲ្យមានគុណសម្បត្ដិនោះក្នុងកំឡុងមួយអាទិត្យ។ មកដល់ចុងសប្ដាហ៍នោះ គាត់ពិនិត្យមើលឡើងវិញថា តើខ្លួនបានបង្ហាញផលផ្លែនោះយ៉ាងណាដែរក្នុងការដែលគាត់ប្រព្រឹត្តប្រចាំថ្ងៃ។ រួចមក គាត់ខំបណ្ដុះនូវគុណសម្បត្ដិមួយទៀតក្នុងកំឡុងមួយអាទិត្យក្រោយនោះ។ ខ្ញុំក៏ចូលចិត្តនឹងគំនិតនោះ ហើយបានចាប់ផ្ដើមធ្វើអ៊ីចឹងដែរ»។ នេះហើយជាការអនុវត្តន៍យ៉ាងល្អណាស់ហ្ន៎! តាមអ្វីដែលគាត់បានរៀន។
១៣ ការសិក្សាទស្សនាវដ្ដីប៉មយាម ក៏បង្រៀនយើងអនុវត្តនូវគោលការណ៍ព្រះគម្ពីរតាមកាលៈទេសៈផ្សេងៗក្នុងជីវិត។ នេះក៏ជួយយើងរក្សាចិត្តគំនិតឲ្យស្ងប់ ទោះជាជីវិតមានកង្វល់យ៉ាងណាក៏ដោយ។ ការសិក្សាទស្សនាវដ្ដីប៉មយាម ក៏ជួយយើងយល់ត្រឹមត្រូវទាន់ពេលនឹងសេចក្ដីពិតដែលកំពុងតែជឿនទៅមុខ។ ជាឧទាហរណ៍ យើងបានទទួលប្រយោជន៍មែន ពីអត្ថបទសិក្សាក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៩ ដែលមានប្រធាន៖ «ការទាំងនោះត្រូវតែមកដល់» និង‹ចូរពួកអ្នកអានប្រើការវិនិច្ឆ័យ› ហើយ«ចូរប្រុងប្រយ័ត្ននិងខំព្យាយាម!»។ តើការសិក្សាទាំងនេះបានមានឥទ្ធិពលទៅលើអ្នកផ្ទាល់យ៉ាងណា? តើអ្នកបង្ហាញដោយការប្រព្រឹត្តរបស់ខ្លួនថា អ្នកយកចិត្តទុកដាក់នឹងការព្រមានរបស់ព្រះយេស៊ូស្តីអំពីអនាគតឬទេ? តើអ្នកកំពុងតែរៀបចំខ្លួនសំរាប់ការល្បងលដែលនឹងមាននៅពេលខាងមុខឬ កាលដែលយើងឃើញនូវ«សេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ»? តើគោលដៅនិងផ្លូវជីវិតរបស់អ្នកបង្ហាញថា ការលើកព្រះនាមព្រះយេហូវ៉ាឲ្យបានបរិសុទ្ធ ជាអ្វីដ៏សំខាន់បំផុតចំពោះអ្នក មិនមែនជាការប្រមូលវត្ថុទ្រព្យឬទេ? (ម៉ាថាយ ២៤:១៥-២២) នៅឯការសិក្សាទស្សនាវដ្ដីប៉មយាម តើយើងកំពុងតែរៀនឲ្យបានទទួលប្រយោជន៍ផ្ទាល់នៅពេលឥឡូវនេះឬទេ?
១៤ សូមនឹកគិតពីអ្វីជាច្រើនដែលយើងរៀននៅឯការសិក្សាសៀវភៅតាមក្រុមជំនុំប្រចាំសប្ដាហ៍។ បើសិនជាយើងទៅឯការសិក្សាសៀវភៅតាមក្រុមជំនុំ ហើយចូលរួមជាទៀងទាត់ តើយើងបានឃើញជំនឿរបស់យើងកើនកាន់តែច្រើនឡើងៗជារៀងរាល់សប្ដាហ៍ឬទេ? ត្រូវហើយ ដោយធ្វើដូច្នេះ យើងក៏ពង្រឹងជំនឿរបស់យើងដើម្បីស៊ូទ្រាំដែរ។
១៥ ព្រះយេហូវ៉ាទ្រង់បង្រៀនយើងឲ្យរស់នៅដោយអំណរ: យើងអាចជៀសផុតពីការឈឺចិត្តជាច្រើន កាលដែលយើងប្រុងស្មារតីនឹងបញ្ជាដែលមកពីព្រះ។ ម្យ៉ាងវិញទៀត យើងក៏ពិសោធថា ការរស់នៅដោយអំណររួមបញ្ចូលអ្វីខ្លះ។ ដោយធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា យើងទៅជាអ្នកចូលរួមកិច្ចការជាមួយទ្រង់ មិនគ្រាន់តែធ្វើជាទស្សនិកជនប៉ុណ្ណោះទេ។ អស់អ្នកដែលកំពុងតែធ្វើការរបស់ព្រះ ក៏ជាមនុស្សសប្បាយដែរ។—កូរិនថូសទី១ ៣:៩; យ៉ាកុប ១:២៥
១៦ នៅឯកិច្ចប្រជុំតាមក្រុមជំនុំ ចូរគិតយ៉ាងសកម្មពីរបៀបដែលអ្នកនឹងអនុវត្តតាមអ្វីដែលអ្នកទទួលស្ដាប់។ (យ៉ូហាន ១៣:១៧) ចូរបំរើព្រះដោយចិត្តរំភើប ហើយដោយអស់ពីដួងចិត្តចុះ។ អំណរអររបស់អ្នកនឹងមានជាបរិបូរ។ ជីវិតរបស់អ្នកនឹងមានខ្លឹមសារច្រើនជាង ហើយមានន័យកាន់តែច្រើនឡើង។ មែនហើយ អ្នកនឹងទទួលប្រយោជន៍ផ្ទាល់ខ្លួន។