ជំពូកទី៧
កិច្ចប្រជុំដែល«បំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ»
អស់ជាច្រើនសតវត្សរ៍មកហើយ រាស្ត្ររបស់ព្រះយេហូវ៉ាបានជួបជុំគ្នាដោយមានរបៀបរៀបរយ។ នៅអ៊ីស្រាអែលសម័យបុរាណ ពួកប្រុសៗទាំងឡាយបានធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីចូលរួមពិធីបុណ្យធំទាំងបី។ (ចោ. ១៦:១៦) នៅសតវត្សរ៍ទី១ ពួកគ្រិស្តសាសនិកបានជួបជុំគ្នាជាទៀងទាត់ ហើយច្រើនតែធ្វើដូច្នេះនៅក្នុងផ្ទះរបស់បុគ្គលណាម្នាក់។ (ភីលេ. ១, ២) សព្វថ្ងៃនេះ យើងរីករាយជួបជុំគ្នានៅឯកិច្ចប្រជុំ សន្និបាត និងមហាសន្និបាត។ ហេតុអ្វីអ្នកបម្រើព្រះជួបជុំគ្នា? មូលហេតុចម្បងគឺ នេះជាផ្នែកដ៏សំខាន់មួយនៃការគោរពប្រណិប័តន៍របស់យើង។—ទំនុក. ៩៥:៦; កូឡ. ៣:១៦
២ កិច្ចប្រជុំក៏ផ្ដល់ប្រយោជន៍ដល់ពួកអ្នកដែលចូលរួមដែរ។ ប្រាំពីរឆ្នាំម្ដង ក្នុងអំឡុងបុណ្យខ្ទម ជនជាតិអ៊ីស្រាអែលត្រូវធ្វើតាមបង្គាប់ដែលថា៖ «ត្រូវឲ្យប្រមូលបណ្ដាជនទាំងប្រុសទាំងស្រីនិងកូនក្មេង ហើយនឹងពួកអ្នកដទៃដែលនៅអស់ទាំងទីក្រុងរបស់ឯងមក ដើម្បីឲ្យគេស្ដាប់ ហើយបានរៀន ព្រមទាំងកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ទាំងប្រយ័តនឹងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រិត្យវិន័យនេះ»។ (ចោ. ៣១:១២) យើងឃើញច្បាស់ថា មូលហេតុសំខាន់មួយដែលយើងជួបជុំគ្នាគឺដើម្បីធ្វើជា«សិស្សរបស់ព្រះយេហូវ៉ា»។ (អេ. ៥៤:១៣) កិច្ចប្រជុំក៏ផ្ដល់ឱកាសឲ្យគ្រិស្តសាសនិកពិតស្គាល់គ្នាកាន់តែច្បាស់ លើកទឹកចិត្តគ្នាទៅវិញទៅមក ហើយទទួលកម្លាំងចិត្តពីការសំណេះសំណាលគ្នា។
កិច្ចប្រជុំក្រុមជំនុំ
៣ បន្ទាប់ពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. អ្នកកាន់តាមលោកយេស៊ូបានជួបជុំគ្នាដើម្បីប្រុងស្ដាប់សេចក្ដីបង្រៀនរបស់ពួកសាវ័ក។ ពួកគេ«បានជួបជុំគ្នានៅឯវិហារជារៀងរាល់ថ្ងៃ»។ (សកម្ម. ២:៤២, ៤៦) ក្រោយមក ពេលគ្រិស្តសាសនិកបានជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ ពួកគេបានអានពីបណ្ដាំរបស់ព្រះ ហើយនេះរួមបញ្ចូលសំបុត្រពីសាវ័កនិងអ្នកឯទៀតដែលជាអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។ (១កូ. ១:១, ២; កូឡ. ៤:១៦; ១ថែ. ១:១; យ៉ា. ១:១) ក្រុមជំនុំក៏បានអធិដ្ឋានជាមួយគ្នាដែរ។ (សកម្ម. ៤:២៤-២៩; ២០:៣៦) ជួនកាល សាសនទូតបានរៀបរាប់បទពិសោធន៍ផ្សេងៗឲ្យក្រុមជំនុំស្ដាប់។ (សកម្ម. ១១:៥-១៨; ១៤:២៧, ២៨) ពួកគាត់បានពិភាក្សាអំពីសេចក្ដីបង្រៀនដែលមានមូលដ្ឋានលើគម្ពីរ និងអំពីការសម្រេចនៃទំនាយដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ។ ពួកគាត់បានទទួលការណែនាំស្ដីអំពីការប្រព្រឹត្តដែលសមរម្យសម្រាប់គ្រិស្តសាសនិក និងរបៀបបង្ហាញភក្ដីភាពចំពោះព្រះ។ គ្រិស្តសាសនិកគ្រប់រូបបានត្រូវលើកទឹកចិត្តឲ្យធ្វើជាអ្នកប្រកាសដំណឹងល្អដោយចិត្តខ្នះខ្នែង។—រ៉ូម ១០:៩, ១០; ១កូ. ១១:២៣-២៦; ១៥:៥៨; អេភ. ៥:១-៣៣
ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ដ៏ពិបាកនេះ យើងពិតជាត្រូវការការលើកទឹកចិត្តដែលមកពីការចូលរួមកិច្ចប្រជុំជាទៀងទាត់
៤ នៅសម័យយើង កិច្ចប្រជុំរបស់គ្រិស្តសាសនិកពិតបានរៀបចំឡើងតាមគំរូពីសម័យពួកសាវ័ក។ យើងធ្វើតាមការដាស់តឿននៅហេប្រឺ ១០:២៤, ២៥ ដែលថា៖ «ចូរយើងគិតអំពីគ្នាទៅវិញទៅមក . . . មិនមែនដោយគេចវេះពីការប្រជុំគ្នា ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ ប៉ុន្តែដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលអ្នករាល់គ្នាឃើញថ្ងៃនោះកាន់តែខិតចូលមកដល់»។ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ដ៏ពិបាកនេះ យើងពិតជាត្រូវការការលើកទឹកចិត្តដែលមកពីការចូលរួមកិច្ចប្រជុំជាទៀងទាត់ ដើម្បីយើងអាចរក្សាជំនឿមាំមួននិងចិត្តស្មោះឥតងាករេជាគ្រិស្តសាសនិកពិត។ (រ៉ូម ១:១១, ១២) ក្នុងនាមជាគ្រិស្តសាសនិក យើងរស់នៅក្នុងចំណោមជំនាន់មនុស្សខូចនិងវៀចវេរ។ យើងបានបដិសេធអ្វីៗទាំងអស់ដែលខុសពីបំណងប្រាថ្នារបស់ព្រះ និងសេចក្ដីប៉ងប្រាថ្នារបស់ពិភពលោកនេះ។ (ភី. ២:១៥, ១៦; ទីត. ២:១២-១៤) យើងពិតជាចង់នៅក្នុងចំណោមរាស្ត្រព្រះយេហូវ៉ា ជាជាងនៅកន្លែងណាផ្សេងទៀត មែនទេ? (ទំនុក. ៨៤:១០) បន្ថែមទៅទៀត គ្មានអ្វីដែលផ្ដល់ប្រយោជន៍ច្រើនជាងការសិក្សានិងការពិភាក្សាអំពីបណ្ដាំរបស់ព្រះឡើយ។ សូមពិចារណាអំពីកិច្ចប្រជុំផ្សេងៗដែលបានត្រូវរៀបចំឡើងដើម្បីជាប្រយោជន៍ដល់យើងគ្រប់គ្នា។
កិច្ចប្រជុំសម្រាប់សុន្ទរកថាសាធារណៈនិងការសិក្សាទស្សនាវដ្ដីប៉មយាម
៥ ផ្នែកដំបូងនៃកិច្ចប្រជុំសម្រាប់សុន្ទរកថាសាធារណៈនិងការសិក្សាទស្សនាវដ្ដីប៉មយាម ជាសុន្ទរកថាដែលមានមូលដ្ឋានលើគម្ពីរ។ សុន្ទរកថានេះបានត្រូវរៀបចំឡើងជាពិសេសសម្រាប់មនុស្សទូទៅ រួមបញ្ចូលអ្នកខ្លះដែលចូលរួមកិច្ចប្រជុំជាលើកទី១។ សុន្ទរកថាសាធារណៈមានតួនាទីដ៏សំខាន់ក្នុងការពង្រឹងជំនឿរបស់អ្នកចាប់អារម្មណ៍ថ្មី និងអ្នកផ្សាយក្នុងក្រុមជំនុំ។—សកម្ម. ១៨:៤; ១៩:៩, ១០
៦ កិច្ចប្រជុំសាធារណៈរបស់ក្រុមជំនុំសាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃនេះ គឺស្រដៀងគ្នានឹងកិច្ចប្រជុំដែលគ្រិស្តយេស៊ូ ពួកសាវ័ក និងអ្នកកាន់តាមលោកយេស៊ូបានធ្វើ។ គ្មានអ្នកណាដែលចេះថ្លែងសុន្ទរកថាដូចលោកយេស៊ូទេ! មនុស្សធ្លាប់និយាយអំពីលោកថា៖ «មិនដែលមានអ្នកណានិយាយដូចអ្នកនោះទេ»។ (យ៉ូន. ៧:៤៦) លោកយេស៊ូបានបង្រៀនក្នុងនាមជាអ្នកដែលមានអំណាចពីព្រះ ហើយនោះបានធ្វើឲ្យអ្នកស្ដាប់កោតស្ងើចក្រៃលែង។ (ម៉ាថ. ៧:២៨, ២៩) មនុស្សដែលធ្វើតាមប្រសាសន៍របស់លោកបានទទួលផលប្រយោជន៍ជាច្រើន។ (ម៉ាថ. ១៣:១៦, ១៧) ពួកសាវ័កបានធ្វើតាមគំរូរបស់លោក។ នៅសកម្មភាព ២:១៤-៣៦ យើងអាចអានសុន្ទរកថាដ៏ល្អដែលពេត្រុសបានថ្លែងនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ សុន្ទរកថានោះបានជំរុញចិត្តអ្នកស្ដាប់រាប់ពាន់នាក់ឲ្យធ្វើតាមអ្វីដែលពួកគេបានឮនៅពេលនោះ។ ក្រោយមកនៅក្រុងអាថែន មនុស្សមួយចំនួនបានទៅជាអ្នកជឿក្រោយពីបានស្ដាប់សុន្ទរកថារបស់សាវ័កប៉ូល។—សកម្ម. ១៧:២២-៣៤
៧ ស្រដៀងគ្នាដែរ នៅសម័យយើងនេះ មនុស្សរាប់លាននាក់បានទទួលប្រយោជន៍ពីសុន្ទរកថាសាធារណៈប្រចាំសប្ដាហ៍ក្នុងក្រុមជំនុំ ព្រមទាំងសុន្ទរកថាសាធារណៈនៅសន្និបាតនិងមហាសន្និបាត។ សុន្ទរកថាបែបនេះជួយឲ្យយើងយកចិត្តទុកដាក់ជានិច្ចចំពោះសេចក្ដីបង្រៀននៃគ្រិស្តសាសនិកពិត ហើយជួយយើងបន្តបំពេញកិច្ចបម្រើរាជាណាចក្រយ៉ាងស្មោះត្រង់។ ដោយអញ្ជើញអ្នកចាប់អារម្មណ៍និងមនុស្សទូទៅឲ្យចូលរួមកិច្ចប្រជុំ យើងអាចជួយមនុស្សជាច្រើនទទួលសេចក្ដីបង្រៀនបឋមក្នុងគម្ពីរ។
៨ សុន្ទរកថាសាធារណៈមានប្រធានបទផ្សេងៗ ដូចជាសេចក្ដីបង្រៀនពីគម្ពីរនិងទំនាយ គោលការណ៍ឬឱវាទពីគម្ពីរស្ដីអំពីជីវិតក្រុមគ្រួសារនិងអាពាហ៍ពិពាហ៍ បញ្ហាដែលយុវវ័យជួបប្រទះ និងខ្នាតតម្រាសីលធម៌របស់គ្រិស្តសាសនិកពិត។ សុន្ទរកថាខ្លះផ្ដោតទៅលើអ្វីៗដ៏អស្ចារ្យដែលព្រះយេហូវ៉ាបានបង្កើត។ សុន្ទរកថាឯទៀតលើកបញ្ជាក់អំពីគំរូដ៏ល្អប្រសើររបស់មនុស្សផ្សេងៗក្នុងគម្ពីរដែលបានបង្ហាញជំនឿ ចិត្តក្លាហាន និងចិត្តស្មោះឥតងាករេ ព្រមទាំងរបៀបដែលយើងអាចធ្វើតាមពួកគាត់នៅសម័យនេះ។
៩ ដើម្បីទទួលប្រយោជន៍ពេញលេញពីសុន្ទរកថាសាធារណៈ ជាការចាំបាច់ដែលយើងយកចិត្តទុកដាក់ស្ដាប់ បើកមើលបទគម្ពីរតាមអ្នកថ្លែង ហើយផ្ទៀងតាមពេលគាត់អាននិងពន្យល់បទគម្ពីរនីមួយៗ។ (លូក. ៨:១៨) ដោយធ្វើដូច្នេះ យើងនឹងយល់ច្បាស់ពីអ្វីៗដែលបានត្រូវបកស្រាយ ហើយយើងនឹងតាំងចិត្តកាន់ខ្ជាប់និងធ្វើតាមអ្វីដែលយើងបានរៀន។—១ថែ. ៥:២១
១០ ប្រសិនបើមានអ្នកថ្លែងគ្រប់គ្រាន់ ក្រុមជំនុំនឹងមានសុន្ទរកថាសាធារណៈរាល់សប្ដាហ៍។ តាមធម្មតា ក្រុមជំនុំអាចធ្វើដូច្នេះដោយអញ្ជើញអ្នកថ្លែងពីក្រុមជំនុំឯទៀតដែលនៅជិតៗ។ បើខ្វះអ្នកថ្លែង ក្រុមជំនុំគួរមានសុន្ទរកថាសាធារណៈឲ្យបានញឹកញាប់បំផុត តាមដែលអាចធ្វើបាន។
១១ ផ្នែកទី២នៃកិច្ចប្រជុំនេះជាការសិក្សាទស្សនាវដ្ដីប៉មយាម។ នេះជាការពិគ្រោះតាមរយៈសំណួរនិងចម្លើយពីអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម សម្រាប់សិក្សា។ តាមរយៈទស្សនាវដ្ដីប៉មយាម ព្រះយេហូវ៉ាផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារតាមត្រូវពេល។
១២ អត្ថបទសម្រាប់សិក្សាច្រើនតែទាក់ទងនឹងរបៀបអនុវត្តគោលការណ៍គម្ពីរក្នុងជីវិតប្រចាំថ្ងៃ។ ព័ត៌មានទាំងនោះក៏ជួយគ្រិស្តសាសនិកឲ្យតយុទ្ធនឹង«ចិត្តគំនិតរបស់ពិភពលោកនេះ»និងអំពើស្មោកគ្រោក។ (១កូ. ២:១២) តាមរយៈទស្សនាវដ្ដីប៉មយាម យើងយល់កាន់តែច្បាស់អំពីសេចក្ដីបង្រៀនក្នុងគម្ពីរនិងទំនាយផ្សេងៗ ហើយនេះជួយឲ្យយើងគ្រប់គ្នាទទួលបានការយល់ដឹងថ្មីៗអំពីសេចក្ដីពិត ព្រមទាំងបន្តដើរក្នុងផ្លូវរបស់មនុស្សសុចរិត។ (ទំនុក. ៩៧:១១; សុភ. ៤:១៨) ការចូលរួមការសិក្សាទស្សនាវដ្ដីប៉មយាម ហើយលើកដៃឆ្លើយ អាចជួយយើងឲ្យត្រេកអរដោយសារសេចក្ដីសង្ឃឹមរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា ដែលនឹងពោរពេញទៅដោយសេចក្ដីសុចរិត។ (រ៉ូម ១២:១២; ២ពេ. ៣:១៣) ការសេពគប់បងប្អូនគ្រិស្តសាសនិកជួយយើងបណ្ដុះឲ្យមានផលដែលបង្កើតដោយសកម្មពលរបស់ព្រះ ហើយនាំឲ្យយើងកាន់តែមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ (កាឡ. ៥:២២, ២៣) យើងទទួលបានកម្លាំងចិត្តដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ ហើយចាក់«គ្រឹះដ៏ល្អមួយសម្រាប់អនាគតខ្លួន» ដើម្បីយើងអាច«ចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ»។—១ធី. ៦:១៩; ១ពេ. ១:៦, ៧
១៣ តើតាមរបៀបណាយើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីការរៀបចំនេះ ដែលផ្ដល់សេចក្ដីបង្រៀនប្រៀបដូចជាអាហារ? យើងគួររៀបចំមេរៀននីមួយៗទុកជាមុន ទោះជារៀបចំជាមួយក្រុមគ្រួសារឬម្នាក់ឯងក្ដី។ ពេលរៀបចំ យើងបើកមើលបទគម្ពីរផ្សេងៗដែលមានក្នុងព័ត៌មានសិក្សា រួចក្នុងអំឡុងកិច្ចប្រជុំ យើងលើកដៃឆ្លើយចេញពីចិត្ត។ នេះនឹងធ្វើឲ្យសេចក្ដីពិតជ្រាបចូលក្នុងចិត្តយើង ហើយអ្នកឯទៀតនឹងទទួលប្រយោជន៍កាលដែលពួកគាត់ស្ដាប់ចម្លើយដែលបង្ហាញនូវជំនឿរបស់យើង។ ពេលយើងស្ដាប់ចម្លើយរបស់បងប្អូនឯទៀតដោយយកចិត្តទុកដាក់ យើងនឹងទទួលប្រយោជន៍ពីអត្ថបទសម្រាប់សិក្សារាល់សប្ដាហ៍។
កិច្ចប្រជុំសម្រាប់កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក
១៤ រៀងរាល់សប្ដាហ៍ក្រុមជំនុំជួបជុំគ្នានៅសាលប្រជុំសម្រាប់កិច្ចប្រជុំដែលហៅថា កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក។ កិច្ចប្រជុំនេះមានបីផ្នែក ដែលបានត្រូវរៀបចំឡើងដើម្បីជួយឲ្យយើងមាន«គុណសម្បត្តិគ្រប់គ្រាន់»ជាអ្នកបម្រើព្រះ។ (២កូ. ៣:៥, ៦) ជារៀងរាល់ខែ កម្មវិធីនិងព័ត៌មានសម្រាប់កិច្ចប្រជុំនឹងមានក្នុងកិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ។ ម្យ៉ាងទៀត កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំក៏មានការសន្ទនាគំរូសម្រាប់ប្រើក្នុងកិច្ចបម្រើផ្សាយដែរ។
១៥ ផ្នែកទី១នៃកិច្ចប្រជុំនេះហៅថា ចំណេះវិសេសពីបណ្ដាំរបស់ព្រះ។ ផ្នែកនេះនឹងជួយយើងឲ្យស្គាល់ព័ត៌មានកាន់តែច្រើនអំពីកំណត់ហេតុផ្សេងៗក្នុងគម្ពីរ ក៏នឹងជួយយើងទាញមេរៀនពីកំណត់ហេតុនោះផងដែរ។ កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ មានរូបភាពនិងលំហាត់ផ្សេងៗដែលជួយយើងឲ្យយល់ថែមទៀតអំពីកំណត់ហេតុទាំងនោះ។ ផ្នែកនេះរួមមានសុន្ទរកថាមួយ អំណានគម្ពីរមួយ និងការពិគ្រោះដែលមានមូលដ្ឋានលើអំណានគម្ពីរប្រចាំសប្ដាហ៍។ ការសិក្សាគម្ពីរយ៉ាងស៊ីជម្រៅដូចនេះ នាំឲ្យយើងទទួលផលប្រយោជន៍ក្នុងជីវិតប្រចាំថ្ងៃនិងក្នុងរបៀបដែលយើងបង្រៀន ដើម្បីយើងអាច«មានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈសព្វគ្រប់ដើម្បីធ្វើការល្អគ្រប់យ៉ាង»។—២ធី. ៣:១៦, ១៧
១៦ ផ្នែកទី២នៃកិច្ចប្រជុំនេះដែលហៅថា ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ បានត្រូវរៀបចំឡើងដើម្បីឲ្យបងប្អូនទាំងអស់គ្នាមានឱកាសហាត់សមសម្រាប់កិច្ចផ្សព្វផ្សាយ ហើយបង្កើនសមត្ថភាពផ្សព្វផ្សាយនិងបង្រៀន។ ផ្នែកនេះមានសុន្ទរកថារបស់សិស្ស និងវីដេអូអំពីការសន្ទនាគំរូ។ ហេតុនេះ យើងអាចមាន«វោហារ»និង«ចេះប្រើពាក្យសំដី នឹងជ្រោងមនុស្សគ្រាកចិត្តឡើង»ឬជួយសម្រាលទុក្ខមនុស្សឯទៀត។—អេ. ៥០:៤
១៧ ផ្នែកទី៣ដែលហៅថា របៀបរស់នៅជាគ្រិស្តសាសនិក ពន្យល់អំពីរបៀបអនុវត្តគោលការណ៍គម្ពីរក្នុងជីវិតប្រចាំថ្ងៃ។ (ទំនុក. ១១៩:១០៥) លក្ខណៈសំខាន់មួយនៃផ្នែកកិច្ចប្រជុំនេះគឺ ការសិក្សាគម្ពីរជាក្រុមជំនុំ។ ដូចការសិក្សាទស្សនាវដ្ដីប៉មយាម ការសិក្សាគម្ពីរជាក្រុមជំនុំក៏ជាការពិគ្រោះដោយសំណួរនិងចម្លើយដែរ។
១៨ ជារៀងរាល់ខែ ពេលទទួលកិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំថ្មី អ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំឬអ្នកចាស់ទុំម្នាក់ដែលជួយគាត់ នឹងវិភាគមើលកំណត់នេះយ៉ាងហ្មត់ចត់ ហើយរៀបចំកាលវិភាគ។ រាល់សប្ដាហ៍ អ្នកចាស់ទុំម្នាក់ដែលមានសមត្ថភាពបង្រៀននិងដែលមានការយល់ព្រមពីក្រុមអ្នកចាស់ទុំ នឹងធ្វើជាអធិការីសម្រាប់កិច្ចប្រជុំ។ អធិការីមានភារកិច្ចផ្សេងៗ ជាឧទាហរណ៍ គាត់ធ្វើឲ្យប្រាកដថាកិច្ចប្រជុំចាប់ផ្ដើមនិងបញ្ចប់តាមពេលកំណត់ ហើយគាត់ក៏ផ្ដល់ការសរសើរនិងឱវាទដល់សិស្សដែលថ្លែងសុន្ទរកថាដែរ។
១៩ បើយើងមានទម្លាប់រៀបចំព័ត៌មាន ហើយចូលរួមនិងលើកដៃឆ្លើយក្នុងកិច្ចប្រជុំកិច្ចបម្រើនិងជីវិត នោះយើងនឹងទទួលចំណេះអំពីបទគម្ពីរ យល់អំពីគោលការណ៍គម្ពីរ មានទំនុកចិត្តក្នុងការផ្សព្វផ្សាយដំណឹងល្អ ហើយមានភាពប៉ិនប្រសប់ក្នុងការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។ ពួកអ្នកដែលចូលរួមកិច្ចប្រជុំ តែមិនទាន់ទទួលការជ្រមុជទឹកជាសាក្សី ក៏ទទួលប្រយោជន៍ដែរពីការសំណេះសំណាលដ៏កក់ក្ដៅ និងពីសុន្ទរកថាផ្សេងៗដែលពង្រឹងជំនឿ។ ដើម្បីជួយយើងឲ្យរៀបចំសម្រាប់កិច្ចប្រជុំនេះ និងកិច្ចប្រជុំឯទៀត យើងអាចប្រើJWបណ្ណាល័យ បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម(បើមានជាភាសារបស់អ្នក) និងបណ្ណាល័យនៅសាលប្រជុំ។ បណ្ណាល័យនៅសាលប្រជុំមានសៀវភៅផ្សេងៗរបស់សាក្សីព្រះយេហូវ៉ា ក៏មានជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ា ឬលិបិក្រមសៀវភៅផ្សេងៗរបស់សាក្សីព្រះយេហូវ៉ា(Watch Tower Publications Index) ព្រមទាំងសេចក្ដីបកប្រែគម្ពីរផ្សេងៗ វចនានុក្រម និងឯកសារយោងឯទៀត។ បងប្អូនអាចប្រើបណ្ណាល័យនេះនៅមុនឬក្រោយកិច្ចប្រជុំ។
កិច្ចប្រជុំផ្សព្វផ្សាយ
២០ នៅពេលផ្សេងៗក្នុងអំឡុងមួយសប្ដាហ៍ អ្នកផ្សាយនឹងជួបជុំគ្នាមួយភ្លែតនៅកិច្ចប្រជុំផ្សព្វផ្សាយ។ តាមធម្មតា កិច្ចប្រជុំទាំងនេះធ្វើឡើងនៅឯផ្ទះណាមួយ ឬនៅកន្លែងផ្សេងទៀតដែលសមរម្យ។ អ្នកផ្សាយក៏អាចប្រើសាលប្រជុំសម្រាប់កិច្ចប្រជុំនេះដែរ។ ប្រសិនបើមានក្រុមតូចៗជួបជុំគ្នានៅកន្លែងផ្សេងៗក្នុងតំបន់ផ្សាយ នោះគឺស្រួលជាងសម្រាប់អ្នកផ្សាយធ្វើដំណើរទៅកិច្ចប្រជុំផ្សព្វផ្សាយ និងទៅតំបន់ផ្សាយ។ អ្នកដឹកនាំក្រុមក៏ស្រួលចាត់ចែងអ្នកផ្សាយដែរ ដូច្នេះពួកគេអាចចេញទៅតំបន់ផ្សាយដោយមិនបង្អែបង្អង់។ បន្ថែមទៀត អ្នកត្រួតពិនិត្យក្រុមអាចយកចិត្តទុកដាក់យ៉ាងដិតដល់ជាងចំពោះបងប្អូនក្នុងក្រុមរបស់គាត់។ ទោះបីមានប្រយោជន៍ច្រើនបើក្រុមផ្សព្វផ្សាយនីមួយៗជួបជុំគ្នានៅកន្លែងផ្សេងពីគ្នាក៏ដោយ ប៉ុន្តែកាលៈទេសៈអាចតម្រូវឲ្យក្រុមផ្សព្វផ្សាយពីរបីជួបជុំគ្នានៅកន្លែងតែមួយ។ ជាឧទាហរណ៍ បើមិនសូវមានអ្នកផ្សាយចេញទៅផ្សព្វផ្សាយក្នុងអំឡុងថ្ងៃចន្ទដល់ថ្ងៃសុក្រ ប្រហែលជាល្អជាងបើឲ្យក្រុមផ្សព្វផ្សាយខ្លះបញ្ចូលគ្នា ឬក៏ឲ្យបងប្អូនទាំងអស់ជួបជុំគ្នានៅសាលប្រជុំឬកន្លែងផ្សេងទៀតដែលសមរម្យ។ តាមរបៀបនេះ អ្នកផ្សាយនឹងមានដៃគូដើម្បីផ្សព្វផ្សាយ។ ក្រុមជំនុំប្រហែលជាយល់ថា ជាការល្អបើជួបជុំគ្នានៅសាលប្រជុំដើម្បីផ្សព្វផ្សាយនៅថ្ងៃបុណ្យរបស់មនុស្សក្នុងពិភពលោក។ ម្យ៉ាងទៀត ក្រុមផ្សព្វផ្សាយអាចរួមបញ្ចូលគ្នាសម្រាប់កិច្ចបម្រើផ្សាយបន្ទាប់ពីការសិក្សាទស្សនាវដ្ដីប៉មយាម។
២១ បើក្រុមនីមួយៗជួបជុំនៅកន្លែងផ្សេងពីគ្នា នោះអ្នកត្រួតពិនិត្យក្រុមគួរដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ។ ម្ដងម្កាល អ្នកត្រួតពិនិត្យក្រុមអាចសុំជំនួយការរបស់គាត់ ឬបងប្រុសម្នាក់ទៀតដែលមានគុណសម្បត្តិគ្រប់គ្រាន់ ឲ្យដឹកនាំកិច្ចប្រជុំបែបនោះ។ បងប្រុសដែលដឹកនាំគួររៀបចំដើម្បីពិភាក្សាអំពីអ្វីដែលមានប្រយោជន៍សម្រាប់កិច្ចបម្រើផ្សាយ។ ក្រោយពីធ្វើការរៀបចំរួចហើយ បងប្រុសម្នាក់នឹងអធិដ្ឋាន។ បន្ទាប់មក បងប្អូននឹងចេញទៅផ្សព្វផ្សាយភ្លាមៗ។ កិច្ចប្រជុំបែបនេះមានរយៈពេល៥ទៅ៧នាទី។ ប៉ុន្តែ បើធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមជំនុំ នោះគួរខ្លីជាង។ កិច្ចប្រជុំនេះគួរផ្ដល់ការលើកទឹកចិត្ត យោបល់ដែលមានប្រយោជន៍ និងការណែនាំសម្រាប់បងប្អូនដែលចេញទៅផ្សព្វផ្សាយ។ អ្នកផ្សាយថ្មីឬអ្នកផ្សាយផ្សេងទៀតដែលត្រូវការជំនួយ អាចទៅជាមួយអ្នកផ្សាយដែលមានបទពិសោធន៍ដើម្បីទទួលការបង្ហាត់បង្រៀន។
ការរៀបចំសម្រាប់កិច្ចប្រជុំក្នុងក្រុមជំនុំថ្មីឬក្រុមជំនុំតូច
២២ កាលដែលមនុស្សកាន់តែច្រើនក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ ចំនួនក្រុមជំនុំក៏កើនឡើងដែរ។ តាមធម្មតា អ្នកត្រួតពិនិត្យប្រចាំមណ្ឌលជាអ្នកផ្ញើពាក្យស្នើសុំដើម្បីបង្កើតក្រុមជំនុំថ្មី។ ក៏ប៉ុន្តែ ក្នុងករណីខ្លះ ក្រុមតូចៗប្រហែលជាទទួលប្រយោជន៍ច្រើនជាង ប្រសិនបើទទួលការគាំទ្រពីក្រុមជំនុំដែលជិតជាងគេ។
២៣ ជួនកាល ក្រុមជំនុំតូចប្រហែលជាមានសុទ្ធតែបងប្អូនស្រីប៉ុណ្ណោះ។ ក្នុងករណីនេះ បងស្រីម្នាក់ដែលអធិដ្ឋានតំណាងក្រុមជំនុំ ឬដឹកនាំកិច្ចប្រជុំ ត្រូវពាក់អ្វីមួយលើក្បាល សមស្របតាមការរៀបចំក្នុងគម្ពីរ។ (១កូ. ១១:៣-១៦) ក្នុងករណីភាគច្រើន គាត់អង្គុយបែរមុខទៅកាន់បងប្អូន។ បងប្អូនស្រីមិនថ្លែងសុន្ទរកថាជូនក្រុមជំនុំស្ដាប់ទេ។ ផ្ទុយទៅវិញ ពួកគាត់អានព័ត៌មានដែលបានត្រូវរៀបចំដោយអង្គការព្រះ ហើយលើកចំណុចផ្សេងៗអំពីព័ត៌មាននោះ ឬបើមិនចង់ប្រើរបៀបដដែលៗ ពួកគាត់អាចមានការសន្ទនាអំពីព័ត៌មាននោះ ឬធ្វើការសម្ដែងក៏បាន។ ការិយាល័យសាខានឹងសុំឲ្យបងស្រីម្នាក់មើលការខុសត្រូវលើកិច្ចប្រជុំ និងលើការផ្ញើនិងទទួលសំបុត្រពីការិយាល័យសាខា។ នៅអនាគត ពេលមានបងប្អូនប្រុសដែលមានគុណសម្បត្តិគ្រប់គ្រាន់ ពួកគាត់នឹងទទួលភារកិច្ចទាំងនោះវិញ។
សន្និបាតប្រចាំមណ្ឌល
២៤ ជារៀងរាល់ឆ្នាំ ក្រុមជំនុំផ្សេងៗដែលស្ថិតក្នុងមណ្ឌលជាមួយគ្នា ជួបជុំគ្នាពីរដងសម្រាប់សន្និបាតប្រចាំមណ្ឌលមួយថ្ងៃ។ ការជួបជុំដ៏សប្បាយរីករាយទាំងនេះផ្ដល់ឱកាសឲ្យបងប្អូនទាំងអស់គ្នា«បើកចិត្តឲ្យទូលាយ»ក្នុងការសេពគប់បងប្អូនគ្រិស្តសាសនិក។ (២កូ. ៦:១១-១៣) ដោយគិតអំពីតម្រូវការពិសេសនៃរាស្ត្ររបស់ព្រះ អង្គការព្រះយេហូវ៉ារៀបចំប្រធានបទដែលមានមូលដ្ឋានលើបទគម្ពីរ ថែមទាំងផ្នែកផ្សេងៗសម្រាប់កម្មវិធីទាំងនោះ។ ព័ត៌មាននោះនឹងត្រូវពន្យល់តាមរយៈសុន្ទរកថា ការសម្ដែង ការសម្ដែងដែលបង្ហាញពីបទពិសោធន៍ពិត ការនិយាយត្រិះរិះម្នាក់ឯង និងបទសម្ភាសន៍។ ការណែនាំដែលផ្ដល់តាមត្រូវពេលដូច្នេះ លើកទឹកចិត្តអស់អ្នកដែលចូលរួមសន្និបាត។ សន្និបាតប្រចាំមណ្ឌលទាំងនេះ ផ្ដល់ឱកាសឲ្យអ្នកកាន់តាមថ្មីរបស់លោកយេស៊ូទទួលការជ្រមុជទឹក ដើម្បីបង្ហាញថាពួកគេបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា។
មហាសន្និបាតតាមភូមិភាគ
២៥ មួយឆ្នាំម្ដង មានកិច្ចប្រជុំធំជាងដែលបានត្រូវរៀបចំឡើង។ ធម្មតាកិច្ចប្រជុំនេះគឺជាមហាសន្និបាតតាមភូមិភាគដែលមានរយៈពេលបីថ្ងៃ ហើយរួមបញ្ចូលក្រុមជំនុំពីមណ្ឌលផ្សេងៗ។ ប្រហែលជាការិយាល័យសាខាដែលមើលខុសត្រូវលើក្រុមជំនុំមួយចំនួនតិច នឹងឃើញថាមានប្រយោជន៍ជាង បើក្រុមជំនុំទាំងអស់នោះជួបជុំគ្នានៅកន្លែងតែមួយ។ នៅប្រទេសខ្លះ ប្រហែលជាមានការរៀបចំខុសៗគ្នាសម្រាប់កិច្ចប្រជុំទាំងនេះ ស្របតាមកាលៈទេសៈក្នុងតំបន់ ឬស្របតាមការណែនាំពីអង្គការរបស់ព្រះ។ ម្ដងម្កាល ប្រទេសខ្លះមានមហាសន្និបាតអន្តរជាតិ ឬមហាសន្និបាតពិសេស ហើយអាចមានសាក្សីព្រះយេហូវ៉ារាប់ម៉ឺននាក់ចូលរួមពីប្រទេសផ្សេងៗ។ ក្នុងអំឡុងជាច្រើនឆ្នាំកន្លងទៅ មនុស្សជាច្រើននាក់បានរៀនអំពីដំណឹងល្អនៃរាជាណាចក្រ ដោយសារការផ្សាយព័ត៌មានអំពីកិច្ចប្រជុំធំៗទាំងនេះរបស់សាក្សីព្រះយេហូវ៉ា។
២៦ ចំពោះរាស្ត្ររបស់ព្រះយេហូវ៉ាដែលបានប្រគល់ខ្លួនជូនលោក មហាសន្និបាតជាឱកាសដើម្បីគោរពប្រណិប័តន៍ព្រះដោយសាមគ្គីភាពនិងអំណរ។ ជាច្រើនដង ការយល់ដឹងថ្មីអំពីសេចក្ដីពិតបានត្រូវផ្ដល់ឲ្យនៅឯមហាសន្និបាត។ នៅមហាសន្និបាតខ្លះ មានចេញសៀវភៅថ្មី ដើម្បីសិក្សាផ្ទាល់ខ្លួននិងសិក្សាជាក្រុមជំនុំ ឬដើម្បីប្រើក្នុងកិច្ចបម្រើផ្សាយ។ មហាសន្និបាតក៏ជាឱកាសសម្រាប់ទទួលការជ្រមុជទឹកដែរ។ ជាពិសេស មហាសន្និបាតជួយពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ មហាសន្និបាតផ្ដល់ភ័ស្តុតាងដែលបញ្ជាក់ថា រាស្ត្ររបស់ព្រះយេហូវ៉ាទូទាំងពិភពលោកគឺពិតជាបងប្អូនរួមជំនឿមែន ដែលមានសញ្ញាសម្គាល់នៃពួកអ្នកកាន់តាមលោកយេស៊ូគ្រិស្ត។—យ៉ូន. ១៣:៣៥
២៧ ពេលយើងចូលរួមកិច្ចប្រជុំក្រុមជំនុំ ព្រមទាំងសន្និបាតនិងមហាសន្និបាតរបស់រាស្ត្រព្រះយេហូវ៉ា នេះជួយឲ្យយើងតាំងចិត្តថែមទៀតដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។ យើងក៏ទទួលការការពារពីឥទ្ធិពលរបស់ពិភពលោកនេះ ដែលអាចបំផ្លាញជំនឿរបស់យើង។ ការជួបជុំគ្នាបែបនេះនាំឲ្យព្រះយេហូវ៉ាទទួលការលើកតម្កើងនិងការសរសើរ។ (ទំនុក. ៣៥:១៨; សុភ. ១៤:២៨) យើងទាំងអស់គ្នាគួរដឹងគុណព្រះយេហូវ៉ា ដោយសារលោកបានរៀបចំឲ្យមានកម្មវិធីទាំងនេះ ដើម្បីពង្រឹងជំនឿរាស្ត្ររបស់លោកនៅគ្រាចុងបញ្ចប់នេះ។
ពិធីអាហារល្ងាចរបស់លោកម្ចាស់
២៨ មួយឆ្នាំម្ដង នៅចំថ្ងៃខែដែលលោកយេស៊ូគ្រិស្តទទួលមរណភាព ក្រុមជំនុំទាំងឡាយនៃសាក្សីព្រះយេហូវ៉ាទូទាំងផែនដី ធ្វើពិធីរំលឹកមរណភាពរបស់គ្រិស្ត ដែលអាចហៅថា ពិធីអាហារល្ងាចរបស់លោកម្ចាស់។ (១កូ. ១១:២០, ២៣, ២៤) នេះជាកិច្ចប្រជុំសំខាន់បំផុតប្រចាំឆ្នាំសម្រាប់រាស្ត្ររបស់ព្រះយេហូវ៉ា។ យើងបានត្រូវបង្គាប់យ៉ាងចំៗឲ្យធ្វើពិធីរំលឹកនេះ។—លូក. ២២:១៩
២៩ ថ្ងៃខែពិធីរំលឹក គឺចំនឹងថ្ងៃខែបុណ្យរំលងពីសម័យគម្ពីរ ហើយបទគម្ពីរបញ្ជាក់យ៉ាងច្បាស់អំពីថ្ងៃខែនោះ។ (និក្ខ. ១២:២, ៦; ម៉ាថ. ២៦:១៧, ២០, ២៦) បុណ្យរំលងនោះគឺជាបុណ្យប្រចាំឆ្នាំដែលរំលឹកអំពីពេលដែលជនជាតិអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបនៅឆ្នាំ១៥១៣ មុនគ.ស.។ នៅពេលនោះ ព្រះយេហូវ៉ាបានកំណត់ថ្ងៃទី១៤នៃខែដំបូង តាមប្រតិទិនចន្ទគតិរបស់ជនជាតិអ៊ីស្រាអែល ជាថ្ងៃដែលពួកគេត្រូវបរិភោគកូនចៀមបុណ្យរំលង ហើយចាកចេញពីស្រុកអេស៊ីប។ (និក្ខ. ១២:១-៥១) ថ្ងៃខែនោះអាចត្រូវសម្គាល់ដូចតទៅ៖ នៅរដូវស្លឹកឈើលាស់នៅក្រុងយេរូសាឡិម ចាំដល់ថ្ងៃដែលមានវេលាយប់១២ម៉ោងគត់ និងពន្លឺថ្ងៃ១២ម៉ោងគត់។ រួចមក ត្រូវសម្គាល់ថ្ងៃ១កើតដែលជិតបំផុតនឹងថ្ងៃដែលមានយប់និងថ្ងៃស្មើគ្នានោះ។ បន្ទាប់មក រាប់ចាប់ពីថ្ងៃ១កើតនោះទៅមុខ១៣ថ្ងៃទៀត។ តាមធម្មតា ពិធីរំលឹកគឺចំនឹងល្ងាចដែលមានព្រះចន្ទពេញបូណ៌មីលើកដំបូង គឺក្រោយពីថ្ងៃដែលមានយប់និងថ្ងៃស្មើគ្នានោះ។
៣០ នៅម៉ាថាយ ២៦:២៦-២៨ លោកយេស៊ូផ្ទាល់បានប្រាប់អំពីរបៀបធ្វើពិធីរំលឹក។ ពិធីនោះមិនមែនជាពិធីសាសនាដែលជាប់ទាក់ទងនឹងពួកវិញ្ញាណអាក្រក់ទេ តែជានិមិត្តរូបសម្រាប់ពួកអ្នកដែលព្រះបានរើសតាំងឲ្យទទួលមត៌កនៅរាជាណាចក្រស្ថានសួគ៌ជាមួយនឹងលោកយេស៊ូគ្រិស្ត។ (លូក. ២២:២៨-៣០) គ្រិស្តសាសនិកឯទៀតទាំងអស់ដែលបានប្រគល់ខ្លួនជូនព្រះ និងអស់អ្នកដែលចាប់អារម្មណ៍ បានត្រូវលើកទឹកចិត្តឲ្យចូលរួមមើលពិធីអាហារល្ងាចរបស់លោកម្ចាស់ដែរ។ យ៉ាងនេះ ពួកគេបង្ហាញចិត្តដឹងគុណចំពោះការរៀបចំដែលព្រះយេហូវ៉ាផ្ដល់ឲ្យជាប្រយោជន៍ដល់មនុស្សគ្រប់រូប តាមរយៈលោកយេស៊ូគ្រិស្តជាបុត្ររបស់លោក។ មុនថ្ងៃពិធីរំលឹក មានសុន្ទរកថាពិសេសដែលបានត្រូវរៀបចំ ដើម្បីនាំឲ្យយើងមានចិត្តរំភើបចំពោះពិធីរំលឹក និងដើម្បីលើកទឹកចិត្តអ្នកឯទៀតឲ្យកាន់តែចាប់អារម្មណ៍រៀនគម្ពីរ។
៣១ សាក្សីព្រះយេហូវ៉ារង់ចាំឱកាសជួបជុំគ្នានៅឯកិច្ចប្រជុំ ជាពេលដែលយើងអាច«គិតអំពីគ្នាទៅវិញទៅមក ដើម្បីបំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ»។ (ហេ. ១០:២៤) ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាធ្វើឲ្យប្រាកដថា កិច្ចប្រជុំផ្ដល់អ្វីដែលយើងត្រូវការដើម្បីពង្រឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ សូមឲ្យអ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ា ព្រមទាំងអ្នកចាប់អារម្មណ៍ ទទួលប្រយោជន៍ច្រើនបំផុតពីការចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់។ ការបង្ហាញចិត្តកតញ្ញូចំពោះអ្វីដែលព្រះយេហូវ៉ាផ្ដល់ឲ្យតាមរយៈអង្គការរបស់លោក ធ្វើឲ្យអ្នកបម្រើរបស់ព្រះមានសាមគ្គីភាព។ សំខាន់ជាងនេះទៅទៀត យើងសរសើរនិងលើកតម្កើងព្រះយេហូវ៉ា។—ទំនុក. ១១១:១