ចូរធ្វើតាមគោលដៅនៃកិច្ចប្រជុំផ្សព្វផ្សាយ
១. តើកិច្ចប្រជុំផ្សព្វផ្សាយមានគោលដៅអ្វីខ្លះ?
១ នៅពេលមួយ លោកយេស៊ូបានជួបជាមួយនឹងអ្នកកាន់តាមលោក៧០នាក់ មុនពួកគេចេញទៅផ្សព្វផ្សាយ។ (លូក. ១០:១-១១) លោកបានលើកទឹកចិត្តពួកគេដោយរំលឹកថា ពួកគេមិនមែនទៅផ្សព្វផ្សាយដោយគ្មានជំនួយនោះទេ ពីព្រោះព្រះយេហូវ៉ាដែលជា«ម្ចាស់នៃកិច្ចការប្រមូលផលដំណាំ»កំពុងដឹកនាំពួកគេ។ លោកក៏បានបង្ហាត់បង្រៀនពួកគេឲ្យត្រៀមខ្លួនសម្រាប់កិច្ចបម្រើផ្សាយដែរ ហើយលោកបានចាត់ពួកគេឲ្យទៅ«ជាគូៗ»។ ស្រដៀងគ្នាដែរ សព្វថ្ងៃនេះ កិច្ចប្រជុំផ្សព្វផ្សាយមានគោលដៅផ្ដល់ការលើកទឹកចិត្ត ការបង្ហាត់បង្រៀន និងការណែនាំដល់យើង។
២. តើកិច្ចប្រជុំផ្សព្វផ្សាយគួរមានរយៈពេលប៉ុន្មាន?
២ រហូតមកដល់ឥឡូវនេះ កិច្ចប្រជុំផ្សព្វផ្សាយមានរយៈពេល១០ទៅ១៥នាទី ដោយធ្វើការរៀបចំក្រុម ចាត់ចែងតំបន់ផ្សាយ និងសេចក្ដីអធិដ្ឋាន។ ឥឡូវ ការរៀបចំនេះបានត្រូវកែសម្រួល។ ចាប់ពីខែមេសា កិច្ចប្រជុំផ្សព្វផ្សាយនឹងមានរយៈពេលពី៥ទៅ៧នាទី។ ប៉ុន្តែ បើកិច្ចប្រជុំនោះត្រូវធ្វើឡើងក្រោយកិច្ចប្រជុំក្រុមជំនុំ គួរតែខ្លីជាងពីព្រោះអ្នកផ្សាយទើបតែមានការពិគ្រោះពីគម្ពីរ។ បើកិច្ចប្រជុំផ្សព្វផ្សាយមានរយៈពេលខ្លី នោះអ្នកផ្សាយនឹងមានពេលច្រើនជាងសម្រាប់កិច្ចបម្រើផ្សាយ។ បន្ថែមទៅទៀត មុនកិច្ចប្រជុំផ្សព្វផ្សាយ បើអ្នកត្រួសត្រាយនិងអ្នកផ្សាយចាប់ផ្ដើមកិច្ចបម្រើផ្សាយរួចហើយ នោះពួកគាត់មិនចាំបាច់ផ្អាកកិច្ចបម្រើផ្សាយយូរពេកនោះទេ។
៣. ដើម្បីផ្ដល់ប្រយោជន៍ច្រើនបំផុតដល់អ្នកផ្សាយ តើកិច្ចប្រជុំផ្សព្វផ្សាយគួរត្រូវរៀបចំឡើងយ៉ាងដូចម្ដេច?
៣ កិច្ចប្រជុំផ្សព្វផ្សាយគួរត្រូវរៀបចំឲ្យបានល្អ ដើម្បីផ្ដល់ប្រយោជន៍ច្រើនបំផុតដល់អ្នកផ្សាយ។ ក្រុមជំនុំជាច្រើនគិតថា អ្នកផ្សាយនឹងទទួលប្រយោជន៍ច្រើនជាង បើពួកគេចូលរួមកិច្ចប្រជុំផ្សព្វផ្សាយជាក្រុមតូចៗ ជាជាងជាក្រុមធំនៅកន្លែងតែមួយ។ ដូច្នេះ អ្នកផ្សាយស្រួលធ្វើដំណើរទៅក្រុមផ្សព្វផ្សាយដែលនៅជិតតំបន់របស់ពួកគេ ហើយចេញទៅតំបន់ផ្សាយលឿនជាង។ ម្យ៉ាងទៀត ប្រហែលជាស្រួលជាងឲ្យអ្នកត្រួតពិនិត្យក្រុមយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះអ្នកផ្សាយ។ ក្រុមអ្នកចាស់ទុំអាចគិតពិចារណាអំពីកាលៈទេសៈក្នុងតំបន់ ហើយសម្រេចចិត្តថាការរៀបចំមួយណាល្អបំផុត។ មុនអ្នកត្រួតពិនិត្យក្រុមបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយដោយសេចក្ដីអធិដ្ឋាន អ្នកផ្សាយទាំងអស់គួរដឹងថាខ្លួនទៅតំបន់ណា ហើយផ្សព្វផ្សាយជាមួយនឹងអ្នកណា។
៤. ហេតុអ្វីកិច្ចប្រជុំផ្សព្វផ្សាយគឺសំខាន់ដូចកិច្ចប្រជុំឯទៀតដែរ?
៤ កិច្ចប្រជុំផ្សព្វផ្សាយគឺសំខាន់ដូចកិច្ចប្រជុំឯទៀត: ដោយសារកិច្ចប្រជុំផ្សព្វផ្សាយបានត្រូវរៀបចំឡើងដើម្បីផ្ដល់ប្រយោជន៍ដល់បងប្អូនដែលចេញទៅផ្សព្វផ្សាយ នោះបងប្អូនទាំងអស់ក្នុងក្រុមជំនុំប្រហែលជាមិនចូលរួមនោះទេ។ ប៉ុន្តែ នេះមិនមានន័យថា កិច្ចប្រជុំផ្សព្វផ្សាយមិនសូវសំខាន់ដូចកិច្ចប្រជុំឯទៀតឡើយ។ ដូចកិច្ចប្រជុំឯទៀតដែរ កិច្ចប្រជុំផ្សព្វផ្សាយគឺជាការរៀបចំរបស់ព្រះយេហូវ៉ា ដែលជួយយើងបំផុសទឹកចិត្តគ្នាឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ។ (ហេ. ១០:២៤, ២៥) ដូច្នេះ អ្នកដឹកនាំគួររៀបចំឲ្យបានល្អ ដើម្បីធ្វើឲ្យការពិគ្រោះអំពីកិច្ចផ្សព្វផ្សាយនោះផ្ដល់កិត្ដិយសដល់ព្រះយេហូវ៉ា និងផ្ដល់ប្រយោជន៍ដល់អ្នកផ្សាយ។ បើអាចធ្វើទៅបាន អ្នកផ្សាយគួរព្យាយាមចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ។
៥. (ក) តើអ្នកត្រួតពិនិត្យកិច្ចបម្រើមានតួនាទីអ្វីក្នុងការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ? (ខ) តើបងស្រីគួរដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយយ៉ាងដូចម្ដេច?
៥ អ្នកដឹកនាំគួររៀបចំឲ្យបានល្អ: ដើម្បីបងប្រុសម្នាក់អាចរៀបចំសុន្ទរកថារបស់គាត់ឲ្យបានល្អ គាត់ត្រូវដឹងអំពីសុន្ទរកថានោះទុកជាមុន។ គោលការណ៍នេះក៏ទាក់ទងនឹងកិច្ចប្រជុំផ្សព្វផ្សាយដែរ។ ពិតមែនថា ពេលក្រុមផ្សព្វផ្សាយនីមួយៗជួបជុំគ្នានៅកន្លែងផ្សេងៗ អ្នកត្រួតពិនិត្យក្រុមឬអ្នកជំនួយក្រុមដឹកនាំប្រជុំសម្រាប់ក្រុមរបស់ពួកគាត់។ ប៉ុន្តែ ពេលក្រុមជំនុំទាំងមូលចូលរួមកិច្ចប្រជុំផ្សព្វផ្សាយជាមួយគ្នា នោះអ្នកត្រួតពិនិត្យកិច្ចបម្រើនឹងចាត់បងប្រុសម្នាក់ឲ្យដឹកនាំ។ អ្នកត្រួតពិនិត្យកិច្ចបម្រើខ្លះធ្វើកាលវិភាគ ហើយឲ្យទៅបងប្រុសទាំងអស់ដែលដឹកនាំក្រុមផ្សព្វផ្សាយ ព្រមទាំងបិទកាលវិភាគនោះនៅលើក្ដារព័ត៌មានផងដែរ។ ពេលអ្នកត្រួតពិនិត្យកិច្ចបម្រើចាត់ចែងបងប្រុសផ្សេងៗឲ្យដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ គាត់គួរពិចារណាអំពីសមត្ថភាពរបស់បងប្រុសទាំងនោះក្នុងការបង្រៀននិងការរៀបចំឲ្យបានល្អ ដើម្បីឲ្យកិច្ចប្រជុំនេះផ្ដល់ប្រយោជន៍ដល់អ្នកផ្សាយ។ បើគ្មានអ្នកចាស់ទុំ ជំនួយការខាងកិច្ចបម្រើ ឬបងប្រុសដែលមានគុណសម្បត្ដិគ្រប់គ្រាន់នោះទេ អ្នកត្រួតពិនិត្យកិច្ចបម្រើគួរចាត់បងស្រីដែលបានទទួលការជ្រមុជទឹកនិងមានសមត្ថភាពគ្រប់គ្រាន់ ឲ្យដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ (សូមមើលអត្ថបទ«ពេលបងស្រីត្រូវដឹកនាំ»)។
៦. ហេតុអ្វីសំខាន់ដែលអ្នកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរៀបចំឲ្យបានល្អ?
៦ ពេលយើងមានសុន្ទរកថាក្នុងសាលាកិច្ចបម្រើផ្សាយ ឬក្នុងការប្រជុំអប់រំកិច្ចបម្រើ យើងត្រូវរៀបចំឲ្យបានល្អនិងដោយយកចិត្តទុកដាក់។ យើងភាគច្រើនប្រហែលជាមិនចាំរហូតដល់ពេលធ្វើដំណើរទៅកិច្ចប្រជុំ ទើបគិតអំពីសុន្ទរកថារបស់យើងនោះទេ។ ដូច្នេះ អ្នកដឹកនាំក្រុមគួរធ្វើដូច្នោះដែរចំពោះកិច្ចប្រជុំផ្សព្វផ្សាយ។ ឥឡូវ ដោយសារកិច្ចប្រជុំផ្សព្វផ្សាយនឹងមានរយៈពេលខ្លីជាង នោះជាការសំខាន់ឲ្យអ្នកដឹកនាំរៀបចំឲ្យបានល្អ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកផ្សាយ និងបញ្ចប់កិច្ចប្រជុំនោះតាមពេលកំណត់។ បន្ថែមទៀត ការរៀបចំល្អក៏រួមបញ្ចូលការត្រៀមទុកជាមុននូវផែនទីផ្សាយដែរ។
៧. តើអ្នកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអាចពិគ្រោះអំពីអ្វីខ្លះ?
៧ អ្វីដែលត្រូវពិគ្រោះ: ដោយសារតំបន់ផ្សាយនីមួយៗមានកាលៈទេសៈខុសៗគ្នា ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាមិនបានប្រាប់អំពីអ្វីៗទាំងអស់ដែលនឹងត្រូវពិគ្រោះក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះទេ។ ប្រអប់ដែលមានចំណងជើង«ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អ្នកអាចគិតអំពី» ផ្ដល់យោបល់ខ្លះៗអំពីអ្វីដែលនឹងត្រូវពិគ្រោះ។ តាមធម្មតា កិច្ចប្រជុំនោះនឹងត្រូវធ្វើឡើងដូចជាការពិគ្រោះ។ ជួនកាល កិច្ចប្រជុំនោះអាចមានការសម្ដែង ឬបង្ហាញវីដេអូណាមួយដែលសមរម្យសម្រាប់កិច្ចបម្រើផ្សាយពីjw.org។ ពេលអ្នកដឹកនាំរៀបចំសម្រាប់កិច្ចប្រជុំផ្សព្វផ្សាយ គាត់គួរគិតអំពីអ្វីដែលនឹងលើកទឹកចិត្ត ហើយបង្ហាត់បង្រៀនអ្នកផ្សាយដែលចេញទៅផ្សព្វផ្សាយនៅថ្ងៃនោះ។
៨. ដើម្បីឲ្យអ្នកផ្សាយទទួលប្រយោជន៍យ៉ាងច្រើនបំផុតនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ តើអ្នកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគួរលើកឡើងអំពីអ្វីខ្លះ?
៨ ជាឧទាហរណ៍ នៅរាល់ថ្ងៃសៅរ៍ អ្នកផ្សាយភាគច្រើនស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម។ អ្នកផ្សាយជាច្រើនដែលចូលរួមក្នុងកិច្ចបម្រើផ្សាយនៅថ្ងៃសៅរ៍ មិនទៅផ្សព្វផ្សាយក្នុងអំឡុងសប្ដាហ៍នោះទេ។ ទោះជាពួកគាត់បានហាត់ពាក្យផ្សាយក្នុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារហើយក៏ដោយ ក៏ប្រហែលជាពួកគាត់មិនចាំនូវពាក្យផ្សាយនោះដែរ។ ហេតុនេះ ជាការល្អឲ្យអ្នកដឹកនាំក្រុមរំលឹកឡើងវិញនូវពាក្យផ្សាយគំរូមួយនៅខាងខ្នងកិច្ចបម្រើព្រះ។ បន្ថែមទៅទៀត អ្នកដឹកនាំក្រុមអាចពិគ្រោះអំពីរបៀបប្រើព័ត៌មានក្នុងតំបន់ ដូចជាអំពីព្រឹត្ដិការណ៍ណាមួយ និងថ្ងៃបុណ្យផ្សេងៗជាដើម ដើម្បីចាប់ផ្ដើមការសន្ទនានិងស្នើផ្ដល់ទស្សនាវដ្ដី ឬក៏ពិគ្រោះអំពីអ្វីដែលយើងត្រូវនិយាយដើម្បីរៀបចំសម្រាប់ការត្រឡប់ទៅជួប ក្រោយពីម្ចាស់ផ្ទះទទួលទស្សនាវដ្ដី។ បើអ្នកផ្សាយខ្លះបានចាប់ផ្ដើមប្រើទស្សនាវដ្ដីសម្រាប់ខែនោះហើយ អ្នកដឹកនាំអាចសុំពួកគាត់ឲ្យយោបល់ខ្លះៗយ៉ាងខ្លី និងរៀបរាប់បទពិសោធន៍ដែលគួរឲ្យលើកទឹកចិត្ត។ នៅថ្ងៃអាទិត្យ អ្នកដឹកនាំក៏អាចធ្វើការពិគ្រោះដូចថ្ងៃសៅរ៍ដែរ ដោយប្រើការស្នើផ្ដល់សម្រាប់ខែនោះ។ ប៉ុន្តែ ចំពោះសៀវភៅជំនួយសម្រាប់បង្រៀនគម្ពីរដូចជា សៀវភៅស្តើងដំណឹងល្អ និងចូរស្ដាប់ព្រះ ព្រមទាំងសៀវភៅព្រះគម្ពីរបង្រៀន យើងអាចស្នើផ្ដល់នៅថ្ងៃណាក៏បាន។ ដូច្នេះ អ្នកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអាចពិគ្រោះយ៉ាងខ្លីអំពីរបៀបស្នើផ្ដល់សៀវភៅទាំងនោះ។
៩. ពេលយើងចូលរួមក្នុងសកម្មភាពពិសេសនៅចុងសប្ដាហ៍ តើអ្នកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអាចពិភាក្សាអំពីអ្វីខ្លះ?
៩ បើក្រុមជំនុំមានសកម្មភាពពិសេសនៅចុងសប្ដាហ៍ អ្នកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអាចពិភាក្សាអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដីលេខថ្មីជាមួយនឹងលិខិតអញ្ជើញឬខិត្តប័ណ្ណ ឬក៏អាចពិគ្រោះអំពីអ្វីដែលយើងគួរធ្វើ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍។ បន្ថែមទៀត អ្នកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយក៏អាចសុំបងប្អូនឲ្យប្រាប់បទពិសោធន៍ល្អៗដែលបង្ហាញថាសកម្មភាពទាំងនោះគឺសំខាន់។
១០, ១១. ដើម្បីឲ្យកិច្ចប្រជុំផ្សព្វផ្សាយមានដំណើរការល្អ ហេតុអ្វីជាការសំខាន់ដែលអ្នកផ្សាយត្រូវរៀបចំឲ្យបានល្អ?
១០ អ្នកផ្សាយគួររៀបចំឲ្យបានល្អ: អ្នកផ្សាយក៏មានចំណែកក្នុងការធ្វើឲ្យកិច្ចប្រជុំនោះមានដំណើរការល្អដែរ។ ម្យ៉ាងទៀត អ្នកផ្សាយអាចរៀបចំទុកជាមុនសម្រាប់កិច្ចបម្រើផ្សាយក្នុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ដូច្នេះពួកគេអាចប្រាប់អ្វីដែលពួកគេបានរៀនដល់បងប្អូនឯទៀត។ អ្នកផ្សាយក៏គួរមានទស្សនាវដ្ដីនិងសៀវភៅផ្សេងៗមុនចូលរួមកិច្ចប្រជុំផ្សព្វផ្សាយដែរ ដើម្បីពេលចប់កិច្ចប្រជុំនោះ ពួកគាត់ទាំងអស់គ្នាអាចចេញទៅតំបន់ផ្សាយដោយមិនចាំបាច់ពន្យារពេល។
១១ បន្ថែមទៅទៀត ជាការសំខាន់ឲ្យយើងទៅដល់ប៉ុន្មាននាទីមុនកិច្ចប្រជុំផ្សព្វផ្សាយចាប់ផ្ដើម។ ពិតណាស់ យើងព្យាយាមទៅកិច្ចប្រជុំទាំងអស់ឲ្យទាន់ពេល។ ប៉ុន្តែ បើយើងទៅដល់កិច្ចប្រជុំផ្សព្វផ្សាយយឺត នោះអាចរំខានដល់ការរៀបចំសម្រាប់កិច្ចផ្សព្វផ្សាយ។ តើតាមរបៀបណា? អ្នកដឹកនាំគិតអំពីចំណុចជាច្រើនមុននឹងរៀបចំក្រុម។ បើមានអ្នកផ្សាយតែប៉ុន្មាននាក់ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ អ្នកដឹកនាំក្រុមអាចចាត់ពួកគាត់ឲ្យទៅតំបន់ផ្សាយដែលបានផ្សព្វផ្សាយខ្លះហើយ។ បើអ្នកផ្សាយខ្លះគ្មានយានជំនិះទេ ហើយតំបន់ផ្សាយនៅឆ្ងាយ អ្នកដឹកនាំក្រុមអាចចាត់ពួកគាត់ឲ្យទៅជាមួយនឹងអ្នកផ្សាយដែលមានឡានឬម៉ូតូ។ បើតំបន់ផ្សាយមិនសូវមានសុវត្ថិភាព អ្នកដឹកនាំក្រុមអាចចាត់បងប្អូនប្រុសឲ្យទៅផ្សព្វផ្សាយជាមួយនឹងក្រុមបងប្អូនស្រី ឬក៏ផ្សព្វផ្សាយមិនឆ្ងាយពីពួកគាត់។ ម្យ៉ាងទៀត គាត់អាចចាត់អ្នកផ្សាយដែលមានវ័យចាស់ឲ្យទៅផ្សព្វផ្សាយនៅផ្លូវរាបស្មើ ឬនៅផ្ទះជាន់ក្រោម។ អ្នកដឹកនាំក្រុមអាចចាត់អ្នកផ្សាយថ្មីឲ្យទៅផ្សព្វផ្សាយជាមួយអ្នកផ្សាយដែលមានបទពិសោធន៍។ ប៉ុន្តែ បើអ្នកផ្សាយមកដល់កិច្ចប្រជុំផ្សព្វផ្សាយយឺត ការរៀបចំទាំងនេះនឹងត្រូវធ្វើឡើងវិញដើម្បីរួមបញ្ចូលអ្នកផ្សាយដែលទើបនឹងមកដល់។ ម្ដងម្កាល យើងទំនងជាទៅក្រុមផ្សព្វផ្សាយយឺតដោយមានមូលហេតុត្រឹមត្រូវ។ ប៉ុន្តែ បើយើងមានទម្លាប់ទៅយឺត យើងអាចសួរខ្លួនថា តើខ្ញុំឲ្យតម្លៃកិច្ចប្រជុំផ្សព្វផ្សាយឬទេ? តើមកពីខ្ញុំមិនបានរៀបចំកិច្ចការប្រចាំថ្ងៃឲ្យបានល្អទុកជាមុនឬ?
១២. បើអ្នកតែងតែមានការរៀបចំដោយខ្លួនឯងសម្រាប់កិច្ចបម្រើផ្សាយ តើអ្នកអាចគិតពិចារណាអំពីអ្វីខ្លះ?
១២ អ្នកផ្សាយដែលចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអាចណាត់ដៃគូផ្សាយជាមុន ឬក៏អ្នកដឹកនាំក្រុមអាចរៀបចំឲ្យគាត់ទៅជាមួយនឹងអ្នកផ្សាយណាម្នាក់។ បើអ្នកតែងតែណាត់ដៃគូផ្សាយ តើអ្នកអាច«បើកចិត្តឲ្យទូលាយ»ដោយផ្សព្វផ្សាយជាមួយនឹងអ្នកផ្សាយឯទៀត ជាជាងជាមួយនឹងមិត្តជិតស្និទ្ធដដែលៗរាល់ដងឬទេ? (២កូ. ៦:១១-១៣) ម្ដងម្កាល ដើម្បីជួយអ្នកផ្សាយថ្មីឲ្យបង្កើនភាពប៉ិនប្រសប់ក្នុងការបង្រៀន តើអ្នកអាចទៅផ្សព្វផ្សាយជាមួយនឹងគាត់ឬទេ? (១កូ. ១០:២៤; ១ធី. ៤:១៣, ១៥) សូមស្ដាប់ការណែនាំពីអ្នកដឹកនាំក្រុមដោយយកចិត្តទុកដាក់ រួមទាំងអំពីកន្លែងដែលអ្នកនឹងត្រូវទៅផ្សព្វផ្សាយដែរ។ ក្រោយពីកិច្ចប្រជុំផ្សព្វផ្សាយចប់ សូមកុំផ្លាស់ប្ដូរការរៀបចំរបស់អ្នកដឹកនាំក្រុម ហើយចេញទៅតំបន់ផ្សាយដោយមិនបង្អែបង្អង់។
១៣. បើយើងទាំងអស់គ្នារៀបចំឲ្យបានល្អ តើកិច្ចប្រជុំផ្សព្វផ្សាយនឹងផ្ដល់ប្រយោជន៍អ្វីខ្លះដល់យើង?
១៣ ចំណែកឯអ្នកផ្សាយ៧០នាក់ដែលលោកយេស៊ូបានចាត់ឲ្យទៅ ក្រោយពីផ្សព្វផ្សាយចប់ ពួកគាត់«បានវិលត្រឡប់មកវិញទាំងមានអំណរ»។ (លូក. ១០:១៧) ពិតណាស់ ពួកគេបានទទួលលទ្ធផលល្អបែបនោះ ដោយសារលោកយេស៊ូបានរៀបចំនិងបង្ហាត់បង្រៀនពួកគេមុនចេញទៅផ្សព្វផ្សាយ។ សព្វថ្ងៃនេះ កិច្ចប្រជុំផ្សព្វផ្សាយក៏អាចមានលទ្ធផលល្អដូចគ្នាដែរ។ បើយើងទាំងអស់រៀបចំឲ្យបានល្អ នោះយើងនឹងទទួលការលើកទឹកចិត្ត ការបង្ហាត់បង្រៀន និងការណែនាំ ដែលជួយយើងបំពេញភារកិច្ចក្នុងការផ្សព្វផ្សាយ«ឲ្យប្រជាជាតិទាំងឡាយបានឮ»។—ម៉ាថ. ២៤:១៤
[រូបភាពនៅទំព័រ៤]
កិច្ចប្រជុំផ្សព្វផ្សាយ គឺសំខាន់ដូចកិច្ចប្រជុំ ឯទៀតដែរ
[រូបភាពនៅទំព័រ៥]
ពេលអ្នកដឹកនាំរៀបចំសម្រាប់កិច្ចប្រជុំផ្សព្វផ្សាយ គាត់គួរគិតអំពីអ្វីដែលនឹងលើកទឹកចិត្ត ហើយបង្ហាត់បង្រៀនអ្នកផ្សាយដែលចេញទៅផ្សព្វផ្សាយនៅថ្ងៃនោះ
[រូបភាពនៅទំព័រ៦]
ពេលបងស្រីត្រូវដឹកនាំ
បងស្រីគួរពាក់អ្វីនៅលើក្បាល ហើយធម្មតាត្រូវអង្គុយពេលដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ។ ប្រធានបទដែលគាត់ជ្រើសរើសដើម្បីពិគ្រោះគឺស្រដៀងគ្នានឹងអ្វីដែលបងប្រុសនឹងជ្រើសរើស។ ទោះជាគាត់មិនគួរបង្រៀនអ្នកផ្សាយដែលចូលរួមក៏ដោយ តែគាត់អាចចាប់ផ្ដើមការពិគ្រោះជាក្រុម។ បើគាត់អញ្ជើញបងស្រីម្នាក់ទៀតដែលបានទទួលការជ្រមុជទឹកឲ្យអធិដ្ឋាន បងស្រីនោះក៏ត្រូវពាក់អ្វីមួយនៅលើក្បាលដែរ។ បើបងស្រីកំពុងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ហើយក្រោយមកបងប្រុសដែលបានទទួលការជ្រមុជទឹកបានមក នោះបងប្រុសត្រូវដឹកនាំជំនួសវិញ។ អ្នកត្រួតពិនិត្យកិច្ចបម្រើគួរគិតទុកជាមុនអំពីស្ថានភាពផ្សេងៗដែលអាចកើតឡើងពេលបងស្រីដឹកនាំ ហើយឲ្យការណែនាំដែលត្រឹមត្រូវដើម្បីជៀសវាងធ្វើឲ្យបងប្អូនទើសចិត្ត។ ជាឧទាហរណ៍ បងស្រីម្នាក់បានត្រូវចាត់ឲ្យដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ហើយមានប្អូនប្រុសមិនទាន់ពេញវ័យដែលបានទទួលការជ្រមុជទឹកចូលរួមកិច្ចប្រជុំនោះ តែអ្នកចាស់ទុំគិតថាគាត់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនៅឡើយ។ ក្នុងករណីបែបនេះ អ្នកត្រួតពិនិត្យកិច្ចបម្រើអាចប្រាប់បងប្អូនដែលចូលរួមកិច្ចបម្រើផ្សាយទុកជាមុនថា ក្រុមអ្នកចាស់ទុំបានចាត់ឲ្យបងស្រីនោះដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ប៉ុន្តែក្រុមអ្នកចាស់ទុំអាចសុំប្អូនប្រុសនោះឲ្យអធិដ្ឋាន បើពួកគាត់គិតថាប្អូនប្រុសនោះមានគុណសម្បត្ដិគ្រប់គ្រាន់។ ម្យ៉ាងទៀត បើមានបងប្រុសពេញវ័យដែលបានទទួលការជ្រមុជទឹកចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ តែប្រហែលជាគាត់មិនអាចដឹកនាំកិច្ចប្រជុំឬអធិដ្ឋានសម្រាប់ក្រុមជំនុំ ដោយសារមូលហេតុណាមួយ ហើយមូលហេតុនោះមានតែអ្នកចាស់ទុំទេទើបដឹង។ ក្នុងករណីបែបនោះ ដោយមិនចាំបាច់ប្រាប់អំពីមូលហេតុ ក្រុមអ្នកចាស់ទុំអាចប្រាប់បងស្រីៗដែលដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយថា ពួកគាត់គួរដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ហើយអធិដ្ឋានសូម្បីតែបងប្រុសនោះចូលរួមក្ដី។ ក្រុមអ្នកចាស់ទុំក៏អាចប្រាប់បងប្រុសនោះអំពីថ្ងៃណាដែលបងស្រីៗជាអ្នកដឹកនាំក្រុមផ្សព្វផ្សាយដែរ។
[រូបភាពនៅទំព័រ៦]
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អ្នកអាចគិតអំពី:
• ពាក្យផ្សាយគំរូពីកិច្ចបម្រើព្រះ។
• វីដេអូណាមួយអំពីកិច្ចបម្រើផ្សាយពីjw.org។
• ពាក្យផ្ដើមដែលមានប្រសិទ្ធភាព និងការរៀបចំដើម្បីត្រឡប់ទៅជួប ឬការប្រាប់អំពីវិភាគទាននៅពេលម្ចាស់ផ្ទះទទួលសៀវភៅរបស់យើង។
• ខគម្ពីរដែលផ្ដល់ការលើកទឹកចិត្ត ឬផ្ដល់ការណែនាំដែលទាក់ទងនឹងកិច្ចបម្រើផ្សាយ។
• បទពិសោធន៍ណាមួយអំពីកិច្ចផ្សព្វផ្សាយក្នុងតំបន់ឬក្នុងសៀវភៅរបស់អង្គការយើង។
• អត្ថបទមួយពីកិច្ចបម្រើព្រះ។
• ព័ត៌មានពីផ្នែកណាមួយនៃការប្រជុំអប់រំកិច្ចបម្រើដែលមាននាពេលថ្មីៗនេះ។
• ព័ត៌មានដែលទាក់ទងនឹងកិច្ចបម្រើផ្សាយពីទស្សនាវដ្ដីប៉មយាម។
• ព័ត៌មានដែលទាក់ទងនឹងកិច្ចបម្រើផ្សាយពីកូនសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀន។
• ព័ត៌មានណាមួយពីjw.org ដែលអាចប្រើក្នុងកិច្ចបម្រើផ្សាយ។
• ព័ត៌មានណាមួយដែលអាចប្រើក្នុងកិច្ចបម្រើផ្សាយពីកូនសៀវភៅតើយើងអាចរៀនអ្វីពីបណ្ដាំរបស់ព្រះ?
• របៀបចាប់ផ្ដើមការសន្ទនាជាមួយនឹងមនុស្សក្នុងតំបន់ផ្សាយដែលប្រហែលជា អ្នកមិនជឿថាមានព្រះ អ្នកជឿទៅលើទ្រឹស្តីវិវត្តន៍ អ្នកកាន់សាសនាហិណ្ឌូ និងអ្នកកាន់ពុទ្ធសាសនា។
• របៀបតបឆ្លើយនឹងសម្ដីដែលអាចរារាំងការសន្ទនា។
• របៀបជួយដៃគូផ្សាយឲ្យមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចបម្រើផ្សាយ។
• របៀបតបឆ្លើយនៅពេលជួបអ្នកណាម្នាក់ដែលនិយាយភាសាផ្សេង។
• របៀបចូលរួមផ្នែកផ្សេងៗក្នុងកិច្ចបម្រើផ្សាយ ដូចជាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ផ្សព្វផ្សាយតាមទូរស័ព្ទ ផ្សព្វផ្សាយជាសាធារណៈ ត្រឡប់ទៅជួប ឬបង្រៀនគម្ពីរជាដើម។
• ការរំលឹកអំពីសុវត្ថិភាព ការចេះកែសម្រួលពាក្យផ្សាយ ការមានសុជីវធម៌ ការមានទស្សនៈត្រឹមត្រូវ ឬអ្វីផ្សេងទៀតដែលស្រដៀងនឹងនោះ។