ការប្រជុំសម្រាប់កិច្ចបម្រើផ្សាយ
១. ហេតុអ្វីយើងយកចិត្តទុកដាក់ចេញទៅផ្សព្វផ្សាយតាមរបៀបដែលមានសណ្ដាប់ធ្នាប់?
១ លោកយេស៊ូទុកគំរូយ៉ាងល្អក្នុងការរៀបចំកិច្ចផ្សព្វផ្សាយរាជាណាចក្រ តាមរបៀបដែលមានសណ្ដាប់ធ្នាប់និងមានប្រសិទ្ធភាព។ សព្វថ្ងៃនេះ ពួកអ្នកដែលទទួលខុសត្រូវចំពោះកិច្ចការផ្សព្វផ្សាយរាជាណាចក្រទូទាំងពិភពលោក ក៏ពិតជាចង់ធ្វើតាមគំរូនេះដែរ។ ក្នុងគោលបំណងធ្វើតាមគំរូនេះ ក្រុមជំនុំទូទាំងពិភពលោកមានការប្រជុំផ្សព្វផ្សាយ ដើម្បីចាត់ចែងអ្នកផ្សាយជាក្រុមៗចេញទៅផ្សព្វផ្សាយ។—ម៉ាថ. ២៤:៤៥-៤៧; ២៥:២១; លូក. ១០:១-៧
២. តើការប្រជុំសម្រាប់ផ្សព្វផ្សាយត្រូវដឹកនាំយ៉ាងណា?
២ ការរៀបចំដ៏ល្អមួយ : ការប្រជុំសម្រាប់ផ្សព្វផ្សាយគឺដើម្បីលើកទឹកចិត្ត បង្ហាត់បង្រៀនអំពីរបៀបផ្សព្វផ្សាយ ហើយចាត់ចែងបងប្អូនដែលចេញទៅផ្សព្វផ្សាយ។ បទគម្ពីរប្រចាំថ្ងៃអាចលើកយកមកពិគ្រោះយ៉ាងសង្ខេប បើមានចំណុចទាក់ទងចំនឹងកិច្ចបម្រើផ្សាយ។ នៅពេលខ្លះ ការរំលឹកពីកិច្ចបម្រើព្រះ កូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ឬកូនសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀនអាចលើកមកពិគ្រោះ ដើម្បីជួយបងប្អូនដែលចេញទៅផ្សាយនៅថ្ងៃនោះ។ ការសម្ដែងយ៉ាងខ្លីស្តីអំពីសៀវភៅដែលត្រូវផ្សាយក៏អាចធ្វើឡើងដែរ។ មុននឹងអធិដ្ឋានបញ្ចប់ ទាំងអស់គ្នាគួរដឹងថាខ្លួននឹងទៅផ្សាយជាមួយអ្នកណា ហើយគួរដឹងថាតំបន់ផ្សាយនៅឯណា។ ការប្រជុំនេះមិនគួរលើស១៥នាទីទេ ហើយបន្ដិចក្រោយមកគ្រប់គ្នាគួរចេញដំណើរទៅកន្លែងផ្សព្វផ្សាយ។
៣. តើអ្នកណាដែលទទួលខុសត្រូវចំពោះការរៀបចំឲ្យមានការប្រជុំសម្រាប់ផ្សព្វផ្សាយ?
៣ តើត្រូវរៀបចំយ៉ាងណា? អ្នកត្រួតពិនិត្យកិច្ចបម្រើនាំមុខក្នុងការទទួលខុសត្រូវចំពោះការចាត់ចែងការប្រជុំសម្រាប់ផ្សព្វផ្សាយ។ បងប្រុសៗដែលជាអ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយ ឬអ្នកជួយគាត់ ទទួលខុសត្រូវក្នុងការចូលរួមផ្សព្វផ្សាយជាមួយនឹងក្រុមខ្លួននៅចុងសប្ដាហ៍។ អ្នកចាស់ទុំខ្លះឬជំនួយការខាងកិច្ចបម្រើ អាចចេញទៅផ្សព្វផ្សាយក្នុងអំឡុងសប្ដាហ៍។ បងប្រុសៗដែលជាអ្នកត្រួតពិនិត្យក្រុមផ្សព្វផ្សាយ សហការជាមួយនឹងអ្នកត្រួតពិនិត្យកិច្ចបម្រើ ដើម្បីធ្វើយ៉ាងណាឲ្យមានផែនទីផ្សាយគ្រប់គ្រាន់សម្រាប់ក្រុមខ្លួននៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ នៅក្នុងអំឡុងសប្ដាហ៍ អ្នកត្រួតពិនិត្យកិច្ចបម្រើនឹងចាត់ចែងឲ្យមានអ្នកដែលនឹងដឹកនាំប្រជុំសម្រាប់កិច្ចបម្រើផ្សាយ។
៤-៦. (ក) តើការប្រជុំសម្រាប់ផ្សព្វផ្សាយមានគោលដៅយ៉ាងណាចំពោះតំបន់ផ្សាយក្នុងក្រុមជំនុំ? (ខ) តើអាចពិចារណាអំពីអ្វីដើម្បីសម្រេចថាត្រូវមានការប្រជុំសម្រាប់ផ្សព្វផ្សាយ?
៤ តើការប្រជុំទាំងនេះត្រូវធ្វើនៅកន្លែងណា ហើយនៅពេលណា? ជាជាងឲ្យក្រុមជំនុំទាំងមូលជួបជុំគ្នានៅកន្លែងតែមួយ ជាធម្មតាអាចរៀបចំឲ្យមានប្រជុំសម្រាប់ផ្សព្វផ្សាយនៅតាមផ្ទះជិតតំបន់ផ្សាយដែលស្រួលចំពោះគ្រប់គ្នា នៅក្នុងតំបន់ផ្សាយ ដោយមានបំណងផ្សាយនៅតំបន់នោះឲ្យមានប្រសិទ្ធភាព។ ការប្រជុំសម្រាប់ផ្សព្វផ្សាយក៏អាចធ្វើនៅសាលប្រជុំដែរ។ ក្រុមជំនុំជាច្រើនប្រើសាលប្រជុំដើម្បីធ្វើការប្រជុំសម្រាប់ផ្សព្វផ្សាយ បន្ដិចក្រោយពីសុន្ទរកថាសាធារណៈនៅថ្ងៃអាទិត្យនិងការសិក្សាទស្សនាវដ្ដីប៉មយាមចប់។ យើងមិនគួរខាតពេលច្រើនក្នុងការធ្វើដំណើរទៅតំបន់ផ្សាយទេ។ ដូច្នេះ យូរៗម្ដងអាចពិនិត្យមើលសារឡើងវិញ ដើម្បីឲ្យប្រាកដថាកន្លែងប្រជុំផ្សព្វផ្សាយជាកន្លែងល្អដើម្បីឲ្យការផ្សាយក្នុងតំបន់នោះមានប្រសិទ្ធភាព ហើយបានសព្វគ្រប់។
៥ អាស្រ័យទៅលើតំបន់ផ្សាយ គឺម៉ោងប៉ុន្មានជាពេលដ៏ល្អបំផុតដើម្បីប្រជុំគ្នាផ្សព្វផ្សាយ ហើយត្រូវមានប៉ុន្មានដងក្នុងមួយសប្ដាហ៍។ សំណួរដូចតទៅអាចជាការណែនាំឲ្យកំណត់ថា កន្លែងណានិងពេលណាដែលល្អបំផុតសម្រាប់ការប្រជុំផ្សព្វផ្សាយ។
៦ តើតំបន់ផ្សាយណាដែលត្រូវយកចិត្តទុកដាក់ថែមទៀត? តើម៉ោងណាជាពេលល្អបំផុតឲ្យផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ? តើគួរកំណត់ពេលសម្រាប់ផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ឬត្រឡប់ទៅជួបនៅពេលល្ងាចឬទេ? ការរៀបចំសម្រាប់ការផ្សព្វផ្សាយទាំងអស់គួរដាក់លើក្ដារព័ត៌មានក្រុមជំនុំ។ អ្នកផ្សព្វផ្សាយសាររាជាណាចក្រទាំងអស់មានបំណងផ្សព្វផ្សាយឲ្យបានសព្វគ្រប់ដល់កម្រិតដែលយើងអាចនិយាយដូចសាវ័កប៉ូលថា៖ «គ្មានតំបន់ណានៅទីនេះដែលខ្ញុំមិនទាន់ផ្សព្វផ្សាយ»ទេ។—រ៉ូម ១៥:២៣
៧. តើបងប្អូនដែលដឹកនាំការប្រជុំសម្រាប់ផ្សព្វផ្សាយមានភារកិច្ចអ្វី?
៧ ការដឹកនាំការប្រជុំផ្សព្វផ្សាយ : បងប្រុសដែលត្រូវចាត់ឲ្យដឹកនាំការប្រជុំសម្រាប់ផ្សព្វផ្សាយបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះរបៀបរៀបចំរបស់ព្រះ ដោយរៀបចំបានល្អ។ ការប្រជុំទាំងនេះគួរចាប់ផ្ដើមទាន់ពេល គួរជាការបង្ហាត់បង្រៀនដែលមានប្រយោជន៍ ហើយខ្លី។ ការប្រជុំនេះត្រូវធ្វើឡើងរវាងតែ១០និង១៥នាទីប៉ុណ្ណោះ។ អ្នកដឹកនាំត្រូវមានផែនទីផ្សព្វផ្សាយមុនកិច្ចប្រជុំផ្សព្វផ្សាយចាប់ផ្ដើម។ ថ្វីបើមិនចាំបាច់រង់ចាំអ្នកមកយឺតក៏ដោយ ក្រោយពីការប្រជុំសម្រាប់ផ្សព្វផ្សាយចប់ គឺមានប្រយោជន៍បើទុកកំណត់មួយដែលបញ្ជាក់ថា តំបន់ផ្សព្វផ្សាយនៅកន្លែងណា។ បន្ដិចក្រោយពីការប្រជុំសម្រាប់ផ្សព្វផ្សាយចប់ នោះទាំងអស់គ្នាគួរធ្វើដំណើរទៅទីនោះ។ ការប្រជុំសម្រាប់ផ្សព្វផ្សាយដែលមានសណ្ដាប់ធ្នាប់និង ដែលជាការបង្ហាត់បង្រៀនដែលមានប្រយោជន៍ ច្បាស់ជាផ្ដល់ការណែនាំដល់បងប្អូនដែលមកប្រជុំផ្សព្វផ្សាយនៅថ្ងៃនោះដើម្បីបំពេញកិច្ចបម្រើរបស់ពួកគាត់។—សុភ. ១១:១៤
៨. តើតាមរបៀបណាដែលបងប្អូនដែលមកការប្រជុំសម្រាប់ផ្សព្វផ្សាយសហការជាមួយនឹងបងប្អូនដែលដឹកនាំនោះ?
៨ ការចូលរួមការប្រជុំសម្រាប់ផ្សព្វផ្សាយ : ការសហការគ្នាគឺចាំបាច់។ (ហេ. ១៣:១៧) ពេលអាចធ្វើទៅបាន បងប្អូនដែលរៀបចំក្រុមផ្សាយ ត្រូវជួយរកដៃគូផ្សព្វផ្សាយឲ្យបងប្អូនណាដែលត្រូវការ។ យកល្អឲ្យអ្នកផ្សាយដែលមានបទពិសោធន៍ចូលរួមក្រុមផ្សព្វផ្សាយ ដើម្បីជួយអ្នកថ្មីៗនិងអ្នកដែលពុំសូវមានបទពិសោធន៍។ ជួនកាលអស់អ្នកដែលស្ម័គ្រចិត្តឲ្យគេចាត់ទៅផ្សាយជាមួយនឹងបុគ្គលផ្សេងៗ នឹងអាចសម្រេចការបានច្រើន។ (សុភ. ២៧:១៧; រ៉ូម ១៥:១, ២) ទាំងអស់គ្នាត្រូវខំព្យាយាមមកឲ្យទាន់ពេល។ ការគោរពដល់ការរៀបចំរបស់ព្រះនិងដល់បងប្អូនប្រុសស្រីរបស់យើង នឹងជំរុញយើងឲ្យធ្វើការកែសម្រួលដែលចាំបាច់។—២កូ. ៦:៣, ៤; ភី. ២:៤
៩. តើពួកអ្នកត្រួសត្រាយអាចគាំទ្រការប្រជុំសម្រាប់ផ្សព្វផ្សាយដើម្បីឲ្យបងប្អូនទទួលប្រយោជន៍យ៉ាងដូចម្ដេច?
៩ ការគាំទ្រពីអ្នកត្រួសត្រាយពេញពេល : ការគាំទ្រពីអ្នកត្រួសត្រាយពេញពេលនៅឯការប្រជុំសម្រាប់ផ្សព្វផ្សាយ គឺមានតម្លៃនិងមានប្រយោជន៍ដល់ទាំងអស់គ្នា។ ពិតមែន អ្នកត្រួសត្រាយមានភារកិច្ចច្រើនណាស់។ ក្រៅពីដឹកនាំការសិក្សាក្នុងគម្ពីរនិងត្រឡប់ទៅជួប កាលវិភាគប្រចាំថ្ងៃរបស់ពួកគាត់ រួមបញ្ចូលការមើលថែរក្សាគ្រួសារ និងត្រូវធ្វើការដែរ។ ដូច្នេះ ពួកអ្នកត្រួសត្រាយពេញពេលមិនគួរមានអារម្មណ៍ថា ខ្លួនត្រូវគាំទ្រការប្រជុំសម្រាប់ផ្សព្វផ្សាយរាល់ដងទេ ជាពិសេសបើមានរៀងរាល់ថ្ងៃ។ ប៉ុន្តែ យ៉ាងហោចណាស់ពួកគាត់ប្រហែលជាអាចគាំទ្រការប្រជុំសម្រាប់ផ្សព្វផ្សាយខ្លះៗរៀងរាល់សប្ដាហ៍។ ការប្រជុំសម្រាប់ផ្សព្វផ្សាយជួយបង្ហាត់សមាជិកក្រុមជំនុំ ហើយអ្នកត្រួសត្រាយដែលមានចំណេះដឹងអំពីគម្ពីរនិងបទពិសោធន៍ក្នុងកិច្ចបម្រើផ្សាយ អាចជាជំនួយយ៉ាងខ្លាំងដល់អ្នកឯទៀតដែរ។ ដោយសារពួកគាត់ចូលរួមផ្សព្វផ្សាយទៀងទាត់ នោះពួកគាត់ក៏មានបទពិសោធន៍ក្នុងកិច្ចបម្រើផ្សាយដែរ ដែលអាចជួយអ្នកឯទៀត។ ដោយសារពួកគាត់ចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយ និងការប្រជុំសម្រាប់ផ្សព្វផ្សាយ នោះជាគំរូដ៏ល្អដែលយើងគួរយកតម្រាប់តាម។ ហើយបងប្អូនឯទៀតពិតជាដឹងគុណណាស់ ដែលពួកគាត់ចូលរួមក្នុងការប្រជុំសម្រាប់ផ្សព្វផ្សាយ។
១០. ហេតុអ្វីបានជាសមហេតុផល ដែលយើងគ្រប់គ្នាខំគាំទ្រការប្រជុំសម្រាប់ផ្សព្វផ្សាយអស់ពីចិត្ត?
១០ ដូចលោកយេស៊ូនិងពួកអ្នកកាន់តាមលោក នោះផ្នែកដ៏ធំនៃការផ្សព្វផ្សាយរបស់យើងអំពីរាជាណាចក្រ គឺត្រូវបានសម្រេចដោយផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ការប្រជុំសម្រាប់ផ្សព្វផ្សាយ គឺមានបំណងដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក និងឲ្យមានប្រសិទ្ធិភាពក្នុងកិច្ចផ្សព្វផ្សាយ។ អ្នកផ្សព្វផ្សាយទាំងអស់អំពីដំណឹងល្អគួរគាំទ្ររបៀបរៀបចំនេះរបស់ព្រះ តាមលទ្ធភាពរបស់ខ្លួន។ (សកម្ម. ៥:៤២; ២០:២០) ចូរឲ្យយើងគ្រប់គ្នាខំគាំទ្រការប្រជុំសម្រាប់ផ្សព្វផ្សាយ អស់ពីចិត្ត។ ដោយធ្វើដូច្នេះ យើងប្រាកដជានឹងបានពរជាបរិបូរពីព្រះយេហូវ៉ា ហើយធ្វើឲ្យលោកយេស៊ូគ្រិស្តដែលជាអ្នកនាំមុខយើងសប្បាយចិត្ត កាលដែលយើងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។—ម៉ាថ. ២៥:៣៤-៤០; ២៨:១៩, ២០