សំបុត្រពីគណៈអភិបាល
ពេលដែលយើងឈរនៅមាត់ទ្វារនៃរបបថ្មីដែលកំពុងឈានមកដល់នោះ ជាការបន្ទាន់ដែលយើងត្រូវរង់ចាំព្រះយេហូវ៉ា។ (សេផា. ៣:៨) ព្យាការីដានីយ៉ែលបានថ្លែងថា៖ «ព្រះ . . . ទ្រង់សំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង . . . ហើយទ្រង់បានសំដែងឲ្យ . . . ជ្រាបពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ»។ (ដា. ២:២៨) នេះជាឯកសិទ្ធិដ៏អស្ចារ្យមួយមែន ដោយអាចរស់នៅក្នុងគ្រាដែលត្រូវបានទាយទុក ហើយអាចយល់នូវអាថ៌កំបាំងដែលព្រះយេហូវ៉ាកំពុងសំដែងឲ្យបានដឹងនៅសម័យនេះ!
តាមរយ:‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ព្រះយេហូវ៉ាបានសំដែងឲ្យយល់បន្ដិចម្ដងៗនូវគោលបំណងទ្រង់ដើម្បីប្រមូល«មនុស្សមួយហ្វូងធំ»ជាលក្ខណៈអន្តរជាតិនៃអ្នកថ្វាយបង្គំក្នុងកំឡុងពេល«ជាន់ក្រោយបង្អស់»ដ៏សែនលំបាកនេះ។ (ម៉ាថ. ២៤:៤៥; វិវរ. ៧:៩; ២ធី. ៣:១) អេសាយ ២:២, ៣ ពណ៌នាអំពីសកម្មភាពនៅពេញផែនដីនេះថាកំពុងកើតមានឡើង«នៅជាន់ក្រោយបង្អស់»។ រៀងរាល់ឆ្នាំ ការប្រមូលនេះកំពុងបន្តនៅកណ្ដាលភាពច្របូកច្របល់និងអំពើឃោរឃៅដែលកំពុងរាលដាលពេញក្នុងលោកីយ៍។
ក្នុងកំឡុងឆ្នាំ២០០៤ យើងបានត្រូវប្រាប់ឲ្យដឹងអំពីសេចក្ដីត្រូវការក្នុងការស្ដាប់តាមបង្គាប់បន្ទូលព្រះយេស៊ូដែលថា៖ «[ចូរ]ចាំយាម . . . [ចូរ]ប្រុងប្រៀបខ្លួនជាស្រេច»។ (ម៉ាថ. ២៤:៤២, ៤៤) ពិតមែន អ្វីដែលកំពុងកើតមាននៅលើឆាករបស់លោកីយ៍នេះ មានខ្លឹមសារក្រៃលែងចំពោះបណ្ដាគ្រីស្ទានដែលយល់អំពី«ទីសំគាល់នៃសម័យនេះ»ហើយមានប្រតិកម្មត្រូវពេលស្របទៅតាមនោះ។ (ម៉ាថ. ១៦:១-៣) ដើម្បីធ្វើឲ្យព្រះបន្ទូលទ្រង់បានសំរេច ព្រះយេហូវ៉ានឹងបន្តគង់នៅជាមួយនឹងរាស្ត្រដែលទ្រង់រៀបចំជាអង្គការឡើង ថ្វីបើពួកគេប្រឈមមុខនឹងការប្រឆាំងណាមួយក៏ដោយ។
ទោះបីអ្នកខ្លះខិតខំរារាំងឬបញ្ឈប់ការប្រកាសពីព្រះរាជាណាចក្រក៏ដោយ បងប្អូនយើងនៅតែបន្តប្រាប់ពីសេចក្ដីពិតហើយរួមប្រជុំគ្នាតទៅទៀត។ (កិច្ច. ៥:១៩, ២០; ហេ. ១០:២៤, ២៥) នៅប្រទេសរុស្ស៊ី ក្នុងខែមិថុនាឆ្នាំ២០០៤ សាលាឧទ្ធរណ៍ក្រុងម៉ូស្គូបានគាំទ្រសាលាដំបូងដែលសំរេចដាក់បំរាមលើសកម្មភាពទាំងឡាយនៃស្មរបន្ទាល់ព្រះយេហូវ៉ាហើយបិទសាជីវកម្មតាមច្បាប់របស់ពួកគេក្នុងក្រុងនោះ។ ទោះបីយ៉ាងណាក្ដី ក៏បងប្អូនយើងមិនធ្លាក់ទឹកចិត្តដែរ ពីព្រោះពួកគាត់ដឹងអំពីអ្វីដែលព្រះតម្រូវពីពួកគាត់ ហើយពួកគាត់ស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស។ (កិច្ច. ៥:២៩) យើងមានទំនុកចិត្តថាព្រះយេហូវ៉ានឹងដឹកនាំអ្នកបំរើទ្រង់ក្នុងការប្រឈមមុខនឹងការប្ដឹងជំទាស់។
នៅសាធារណរដ្ឋហ្សកហ្សី ក្នុងកំឡុងពីរបីឆ្នាំនេះ បងប្អូនយើងបានបាត់បង់ទ្រព្យសម្បត្ដិ បានរងអំពើឃោរឃៅពីសំណាក់ហ្វូងមនុស្សអាក្រក់ ហើយបានឃើញគេដុតបំផ្លាញប្រកាសនវត្ថុរបស់ពួកគាត់ទៀត។ ក៏ប៉ុន្តែគ្មានគ្រឿងសស្ដ្រាវុធណាដែលបង្កើតឡើង អាចទាស់នឹងពួកគេបានឡើយ។ (អេសា. ៥៤:១៧) ក្នុងឆ្នាំកិច្ចបំរើ២០០៤ ស្មរបន្ទាល់ព្រះយេហូវ៉ាបានត្រូវទទួលស្គាល់តាមផ្លូវច្បាប់ជាថ្មីម្ដងទៀតនៅប្រទេសហ្សកហ្សី។ មហាសន្និបាតនានាបានប្រព្រឹត្តទៅដោយឥតមានការរំខាន ហើយប្រកាសនវត្ថុរបស់យើងហូរចូលទៅក្នុងប្រទេសដោយសេរី។ ការកើនឡើងដល់កំពូលនៃចំនួនអ្នកផ្សព្វផ្សាយនិងអ្នកចូលរួមបុណ្យរំឭកក៏បានត្រូវរាយការណ៍។
នៅប្រទេសអាមេនី អេរីទ្រី សាធារណរដ្ឋកូរ៉េ ប្រទេសរ្វ៉ាន់ដា និងប្រទេសទឺកមេននីស្ថាន បងប្អូនយើងត្រូវបានគេដាក់គុកដោយសារជំនឿរបស់ពួកគាត់។ ថ្វីបើត្រូវគេធ្វើទុក្ខទោស ពួកគាត់ដឹងអំពីដើមហេតុនៅក្នុងព្រះគម្ពីរនៃការល្បងលរបស់ពួកគាត់ ដែលជួយពួកគាត់ឲ្យរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ នៅពេលដែលពួកគាត់ទុកចិត្តលើព្រះយេហូវ៉ាថាអាចរំដោះឲ្យរួចពីទុក្ខលំបាក។—១ពេ. ១:៦; ២ពេ. ២:៩
របាយការណ៍កិច្ចបំរើប្រចាំឆ្នាំ២០០៤ ក្នុងទស្សនាវដ្ដីប៉មយាមភាសាអង់គ្លេស ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០៥ ធ្វើឲ្យយើងអរសប្បាយដោយសារភាពល្អរបស់ព្រះយេហូវ៉ា។ (ទំនុក. ៣១:១៩; ៦៥:១១) យើងសង្ឃឹមថារបាយការណ៍នេះនឹងលើកទឹកចិត្តបងប្អូនឲ្យបន្តដើរតាមផ្លូវដែលផ្គាប់ព្រះទ័យព្រះ។—១ថែ. ៤:១
យើងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឲ្យមនុស្សគ្រប់ប្រភេទអាចស្គាល់សេចក្ដីពិត។ ជាឧទាហរណ៍ កាសែតវីដេអូ ឌីវីឌី និងសំវិធានវត្ថុឯទៀតសំរាប់ភាសាគហើយនិងប្រកាសនវត្ថុជាអក្សរសំរាប់មនុស្សខ្វាក់ (ប្រេល) ត្រូវបានរៀបចំឡើងដើម្បីជួយខាងវិញ្ញាណដល់មនុស្សគថ្លង់ និងមនុស្សខ្វាក់។ អ្នកផ្សាយព្រះរាជាណាចក្រជាច្រើននាក់បានរៀនភាសារបស់ជនអន្ដោប្រវេសន៍ដែលរស់នៅក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំពួកគេ។
បន្ថែមទៅទៀត ក្រុមអ្នកផ្សាយដែលនៅដាច់ពីគេរាប់រយបានត្រូវបង្កើតឡើងនៅក្នុងតំបន់ផ្សាយដែលនៅដាច់ស្រយាល។ ការិយាល័យសាខាមួយមានជាង៣០០ក្រុមដែលនៅដាច់ពីគេដែលមានអ្នកផ្សាយជាង៧០០០នាក់។ នេះជាលទ្ធភាពដ៏ធំមួយសំរាប់បង្កើតក្រុមជំនុំថ្មីផ្សេងៗ! ម្យ៉ាងទៀត ក្នុងចំណោមមនុស្ស១៦.៧៦០.៦០៧នាក់ដែលបានចូលរួមបុណ្យរំឭកក្នុងឆ្នាំកិច្ចបំរើនេះមាន មនុស្សជាង១០លាននាក់មិនមែនជាស្មរបន្ទាល់ទេ។ នេះបញ្ជាក់យ៉ាងច្បាស់ថាចម្រូតទុំ មិនទាន់ច្រូតកាត់ហើយនៅឡើយ។
យើងថ្លែងអំណរគុណព្រះយេហូវ៉ាចំពោះប្រសិទ្ធពរដ៏សម្បូណ៌ និងរបៀបដែលទ្រង់ថែទាំយើងដោយសេចក្ដីស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃ។ (សុ. ១០:២២; ម៉ាឡ. ៣:១០; ១ពេ. ៥:៧) ពេលដែលយើងជឿនលឿនទៅមុខដោយសាមគ្គីភាពក្នុងគ្រាជាន់ក្រោយបង្អស់នោះ យើងទុកចិត្តហើយជឿជាក់លើព្រះយេហូវ៉ា។ ទោះជាយើងត្រូវប្រឈមមុខនឹងបញ្ហាណាក្ដី ចូរយើងយកចិត្តទុកដាក់ចំពោះបទគម្ពីរប្រចាំឆ្នាំសំរាប់ឆ្នាំ២០០៥ ដែលថា«សេចក្ដីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ»។ (ទំនុក. ១២១:២) សូមមានទំនុកចិត្តលើសេចក្ដីស្រឡាញ់នឹងការអធិស្ឋានរបស់យើងចំពោះបងប្អូនទាំងអស់។
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា)