យើងប្រាប់អ្នកឯទៀតនូវសេចក្ដីសង្ឃឹម ពីរាជាណាចក្ររបស់ព្រះ
១ ក្នុងអំឡុងគ្រាជាន់ក្រោយបង្អស់នេះ មនុស្សជាច្រើនក្នុងពិភពលោកយើងគ្មានសេចក្ដីសង្ឃឹមឡើយ។ (អេភ. ២:១២) អ្នកឯទៀតខ្វះប្រាជ្ញាដោយទុកចិត្តលើទ្រព្យសម្បត្ដិ អ្នកកាន់អំណាច និងវិទ្យាសាស្ត្រជាដើម។ យើងមានសេចក្ដីសង្ឃឹមដ៏ពិតប្រាកដចំពោះអនាគត។ សេចក្ដីសង្ឃឹមនេះជា«យុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន» ហើយនេះធ្វើឲ្យយើងសប្បាយចិត្តណាស់!—ហេ. ៦:១៩
២ នៅក្រោមការគ្រប់គ្រងរបស់រាជាណាចក្រព្រះ ផែនដីនឹងក្លាយទៅជាសួនមនោរម។ មនុស្សជាទីស្រឡាញ់របស់យើងនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ (កិច្ច. ២៤:១៥) ភាពក្រីក្រ អយុត្ដិធម៌ ជំងឺ ភាពចាស់ជរា ព្រមទាំងសេចក្ដីស្លាប់នឹងលែងមានទៀត។ (ទំនុក. ៩:១៨; ម៉ាថ. ១២:២០, ២១; វិវរ. ២១:៣, ៤) នេះជាសេចក្ដីសន្យាខ្លះៗរបស់ព្រះយេហូវ៉ាដែលនឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះ។ តើអ្នកទន្ទឹងចាំសេចក្ដីសន្យាមួយណា?
៣ ចូរផ្សាយដំណឹងល្អ : យើងមិនត្រូវទុកសេចក្ដីសង្ឃឹមពីរាជាណាចក្ររបស់ព្រះសម្រាប់តែខ្លួនឯងទេ។ សេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាង ជំរុញយើងឲ្យយកតម្រាប់តាមព្រះយេស៊ូ ព្រមទាំង«ផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ . . . ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្សដែលត្រូវគេជិះជាន់ឲ្យរួច»។ (លូ. ៤:១៨) សាវ័កប៉ុលបានផ្សាយដំណឹងល្អនៅឯផ្សារ និងនៅកន្លែងណាដែលមានមនុស្ស។ គាត់បានជាប់រវល់ជានិច្ចក្នុងកិច្ចបម្រើផ្សាយ។ (កិច្ច. ១៨:៥) ដោយត្រាប់តាមគំរូរបស់សាវ័កប៉ុលក្នុងការចូលរួមយ៉ាងខ្នះខ្នែងនៅកិច្ចបម្រើផ្សាយ នោះនឹងបង្ការមិនឲ្យ«សេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ [និង]សេចក្ដីឆបោករបស់ទ្រព្យសម្បត្ដិ» ធ្វើឲ្យសេចក្ដីសង្ឃឹមគ្រិស្តសាសនិករបស់យើងទៅជាស្រអាប់ឡើយ។—ម៉ាក. ៤:១៩
៤ ពេលយើងជួបមនុស្សដែលមិនអើពើ មិនសូវគោរពសាររាជាណាចក្រព្រះ ឬប្រឆាំងយើងតែម្ដង នេះមិនធ្វើឲ្យសេចក្ដីសង្ឃឹមរបស់យើងលើរាជាណាចក្រព្រះចុះខ្សោយទៅៗឡើយ។ យើង«កាន់ខ្ជាប់តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ [ដោយ]ឥតរវើរវាយ»។ (ហេ. ១០:២៣) យើងគ្មាន«សេចក្ដីខ្មាសចំពោះដំណឹងល្អ»ទេ។ (រ៉ូម ១:១៦) ប្រហែលជំនឿរឹងមាំ ហើយការព្យាយាមរបស់យើងនឹងនាំឲ្យអ្នកឯទៀតស្ដាប់យើង។
៥ ទោះបីជាការសមរម្យឲ្យយើងជម្រាបអំពីស្ថានភាពពិភពលោកដែលកាន់តែអាក្រក់ទៅៗតាមទំនាយក្នុងគម្ពីរក្ដី យើងមិនមែនជាអ្នកផ្សាយអំពីសេចក្ដីហិនវិនាសឡើយ។ ផ្ទុយទៅវិញ កិច្ចបម្រើផ្សាយរបស់យើងផ្ចង់អារម្មណ៍ទៅលើដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ។ សូមឲ្យយើងផ្សាយដំណឹងល្អនេះដោយមានទំនុកចិត្តនិងចិត្តខ្នះខ្នែង ដើម្បី«ឲ្យបានសេចក្ដីជំនឿដ៏ពេញលេញរបស់សេចក្ដីសង្ឃឹមដរាបដល់ចុងបំផុត»។—ហេ. ៦:១១