ចូរដើរដូចជាមនុស្សដែលមានប្រាជ្ញា
១ ពេលព្រះយេស៊ូបានហៅអ្នកនេសាទត្រីបួននាក់ឲ្យមកតាមទ្រង់ ពួកគេមិនស្ទាក់ស្ទើរឡើយ ពួកគេបាន«ដើរតាមទ្រង់ជាមួយរំពេច»។ (ម៉ាថ. ៤:១៨-២២) ដូចគ្នាដែរ ក្រោយពីសុលពីទីក្រុងតើសុសត្រូវបានក្លាយទៅជាអ្នកជឿ ហើយភ្នែកអាចមើលឃើញវិញ គាត់ក៏«ប្រកាសប្រាប់ពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មាន»ភ្លាមៗ ជាជាងពន្យារពេល។ (កិច្ច. ៩:២០) ពេលវេលាតែងតែដើរទៅមុខ នេះបានសេចក្ដីថាពេលដែលកន្លងផុតទៅ មិនត្រឡប់មកវិញ គឺបាត់រហូត។ ហេតុនេះហើយបានជាសំខាន់ឲ្យយើង‹ដើរដូចជាមនុស្សដែលមានប្រាជ្ញា› ស្តីអំពីរបៀបប្រើពេលវេលារបស់យើង។—អេភ. ៥:១៥, ១៦
២ ព្រឹត្ដិការណ៍ដែលមិនដឹងទុកជាមុន : ឱកាសដែលយើងមានដើម្បីបម្រើព្រះយេហូវ៉ានៅថ្ងៃនេះ ប្រហែលលែងមាននៅថ្ងៃស្អែក។ (យ៉ា. ៤:១៤) គ្មាននរណាអាចគេចផុតពី «ព្រឹត្ដិការណ៍ដែលមិនដឹងទុកជាមុន»ឡើយ។ (សាស. ៩:១១, ព.ថ.) ម្យ៉ាងទៀត យើងទាំងអស់គ្នាគឺកាន់តែមានអាយុចម្រើនឡើង ហើយដោយសារយើងរស់ក្នុងពិភពលោកនេះ យើងមិនអាចជៀសវាងពី«ថ្ងៃអាក្រក់»ដែលយើងពិសោធន៍ពេលមានវ័យចំណាស់ទេ។ ថ្ងៃនោះក៏ដាក់កម្រិតលើសកម្មភាពរបស់យើងក្នុងកិច្ចបម្រើព្រះយេហូវ៉ាដែរ។ (សាស. ១២:១) ហេតុនេះហើយ បើស្ទាក់ស្ទើរក្នុងការឧទ្ទិសថ្វាយខ្លួនទៅព្រះ ឬចាំឲ្យមានកាលៈទេសៈល្អមុននឹងពង្រីកកិច្ចបម្រើផ្សាយឲ្យអស់ពីសមត្ថភាព នេះជាទង្វើដែលមិនប្រកបដោយប្រាជ្ញាឡើយ។ (លូ. ៩:៥៩-៦២) ពេលអ័ប្រាហាំមានវ័យកាន់តែចំណាស់ លោកមានភាពសុខសាន្ត ហើយបានស្លាប់ដោយ«ស្កប់ស្កល់នឹងអាយុរបស់ខ្លួន» ពីព្រោះអស់មួយជីវិតរបស់លោក លោកបានប្រើដោយប្រាជ្ញាក្នុងការថ្វាយបង្គំព្រះយេហូវ៉ា។—លោ. ២៥:៨
៣ ពេលវេលាចង្អៀតណាស់ : យើងក៏ចង់ចំណាយពេលវេលាដោយប្រាជ្ញា ពីព្រោះពេលវេលាដែលនៅសល់គឺ«ចង្អៀតណាស់»។ (១កូ. ៧:២៩-៣១) បន្ដិចទៀតរបបពិភពលោកនេះនឹងកន្លងផុតបាត់ទៅ។ ឱកាសដើម្បីចូលរួមក្នុងការប្រមូលដ៏ធំ ចំពោះមនុស្សដែលមានលក្ខណៈដូចចៀមក្នុងអំឡុង«វេលាត្រូវច្រូត» នឹងមានទីបញ្ចប់។ (វិវរ. ១៤:១៥) យើងត្រូវប្រយ័ត្នមិនឲ្យការខ្វល់ខ្វាយក្នុងជីវិត និងអ្វីៗដែលអាចបំបែរអារម្មណ៍យើង ស៊ីពេលពីកិច្ចបម្រើផ្សាយឡើយ ពីព្រោះការចំណាយពេលក្នុងកិច្ចការនេះមានប្រយោជន៍ជាង។ (លូ. ២១:៣៤, ៣៥) ពេលយើងគិតពីអតីតកាល ដោយដឹងថាយើងចូលរួមក្នុងចម្រូតយ៉ាងពេញលេញ នោះនឹងធ្វើឲ្យយើងស្កប់ចិត្តណាស់!
៤ យើងត្រូវប្រយ័ត្ននឹងការប្រព្រឹត្តជានិច្ច ទើបអាចទទួលឯកសិទ្ធិដ៏រីករាយនៅពេលអនាគត។ ចូរឲ្យយើងប្ដេជ្ញាចិត្តធ្វើអស់ពីសមត្ថភាពបម្រើព្រះយេហូវ៉ា«ក្នុងកាលដែលនៅតែហៅថា‹ថ្ងៃនេះ› »។ (ហេ. ៣:១៣) ដោយធ្វើដូចនេះ យើងនឹងបង្ហាញថាយើងពិតជាមានប្រាជ្ញា ពីព្រោះ«អ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។—១យ៉ូន. ២:១៧