បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/១០ ទំ. ៣-៤
  • សំបុត្រពីគណៈអភិបាល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំបុត្រពីគណៈអភិបាល
  • ២០១០ កិច្ចបម្រើព្រះ
២០១០ កិច្ចបម្រើព្រះ
km ៣/១០ ទំ. ៣-៤

​សំបុត្រ​ពី​គណៈ​អភិបាល

ជូន​ចំពោះ​បង​ប្អូន​សាក្សី​ព្រះ​យេហូវ៉ា​ជា​ទី​ស្រឡាញ:

យើង​ពិត​ជា​មនុស្ស​ដែល​មាន​ឯកសិទ្ធិ​ប្រសើរ​មែន ដោយ​សារ​អាច​ធ្វើ​ជា​តំណាង​នាម​ព្រះ​យេហូវ៉ា​ដែល​ជា​មហាក្សត្រ​សកលលោក! នាម​នោះ​គឺ​នៅ​ជាប់​ជា​និច្ច មិន​អាច​រលត់​សាប​សូន្យ ហើយ​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​ធ្វើ​ជា​តំណាង​នាម​លោក ហើយ​ជា​ពិសេស​តាំង​ពី​ឆ្នាំ​១៩៣១ យើង​បាន​ត្រូវ​ហៅ​តាម​នាម​ដ៏​វិសេស​វិសាល​នោះ។ (​អេ. ៤៣:១០​) យើង​មាន​មោទនភាព​ក្នុង​ការ​បញ្ជាក់​ថា​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា។

មេកំណាច​ខំ​ព្យាយាម​ឥត​ឈប់​ឈរ​ដើម្បី​បំបាត់​នាម​របស់​ព្រះ។ ក្រោម​ការ​គ្រប់​គ្រង​របស់​វា សាសន៍​ទាំង​ឡាយ​បដិសេធ​នាម​របស់​ព្រះ​យេហូវ៉ា។ បាប៊ីឡូន​ដ៏​ខ្លាំងក្លា​ដែល​ជា​សាសនា​មិន​ពិត​ទូទៅ ស្អប់​នាម​របស់​ព្រះ ហើយ​ក៏​បាន​ដក​នាម​នោះ​ចេញ​ពី​សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ច្រើន។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បាន​លើក​តម្កើង​នាម​របស់​បិតា​លោក ហើយ​ទុក​នាម​នោះ​ជា​អ្វី​សំខាន់​បំផុត​ក្នុង​សេចក្ដី​អធិដ្ឋាន​ជា​គំរូ ដែល​លោក​បាន​បង្រៀន​ដល់​ពួក​អ្នក​កាន់​តាម​របស់​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​អធិដ្ឋាន​តាម​របៀប​នេះ​វិញ​៖ ‹ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​›​»។ (​ម៉ាថ. ៦:៩​) នៅ​គ្រា​មួយ​ផ្សេង​ទៀត លោក​បាន​អធិដ្ឋាន​អស់ពី​ចិត្ត​ទៅ​បិតា​លោក​ថា​៖ ​«​ខ្ញុំ​បាន​សម្ដែង​នាម​របស់​លោក​ឲ្យ​ពួក​បុរស​ដែល​លោក​បាន​យក​ចេញ​ពី​ពិភព​លោក​រួច​ប្រគល់​ឲ្យ​ខ្ញុំ​»។ (​យ៉ូន. ១៧:៦​) ដោយ​សារ​យើង​ចង់​យក​តម្រាប់​តាម​លោក​យេស៊ូ យើង​មាន​ចិត្ត​ប្ដេជ្ញា​ជាង​មុន​ៗ​ទៅ​ទៀត​ដើម្បី​ខ្នះខ្នែង​ប្រកាស​នាម​របស់​ព្រះ​យេហូវ៉ា​ពេញ​ពិភព​លោក។

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​២០០៩ ចូរ​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ពី​ដំណឹង​ល្អ​»​បាន​ជំរុញ​ចិត្ត​យើង​ឲ្យ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ឲ្យ​បាន​សព្វ​គ្រប់។ (​សកម្ម. ២០:២៤​) ព្រះ​យេហូវ៉ា​ប្រាកដជា​បាន​ឲ្យ​ពរ​យើង​យ៉ាង​វិសេស​ក្នុង​អំឡុង​ឆ្នាំ​កិច្ច​បម្រើ​កន្លង​ទៅ​នេះ។ ឆ្នាំ​មុន​នេះ​យើង​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ច្រើន​ទូ​ទាំង​ពិភព​លោក ដើម្បី​សរសើរ​សិរី​រុងរឿង ហើយ​ផ្ដល់​កិត្ដិយស​ដល់​នាម​របស់​ព្រះ​យេហូវ៉ា។ ចំនួន​អ្នក​ផ្សាយ​បាន​ឡើង​ដល់​កំពូល​ថ្មី គឺ​៧.៣១៣.១៧៣​នាក់​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ និង​បង្រៀន​ដល់​មនុស្ស​ទាំង​ឡាយ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ដែល​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ជា​ច្រើន​ដែល​គេ​ប្រឈម​មុខ​រៀង​រាល់​ថ្ងៃ។ ចំនួន​អ្នក​ដែល​បាន​មក​ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត​គឺ​មាន​១៨.១៦៨.៣២៣​នាក់ ហើយ​នេះ​បង្ហាញ​ថា​នៅ​មាន​រាប់​លាន​នាក់​ទៀត​ដែល​ប្រហែលជា​នឹង​ហៅ​រក​នាម​របស់​ព្រះ​យេហូវ៉ា​មុន​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់។

ដរាប​ណា​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ផ្សព្វ​ផ្សាយ នោះ​យើង​នឹង​បន្ត​ខ្នះខ្នែង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ដោយ​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ផ្សាយ​ដល់​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង។ (​ម៉ាថ. ២៤:​១៤; ម៉ាក. ១៣:១០​) មិន​ថា​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តាម​ផ្លូវ តាម​រយៈ​សំបុត្រ តាម​ទូរស័ព្ទ ឬ​ក្រៅ​ផ្លូវ​ការ​ក៏​ដោយ សូម​ឲ្យ​យើង​ខំ​ព្យាយាម​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​និង​បំណង​ប្រាថ្នា​របស់​លោក​បាន​ល្បី​ដល់​មនុស្ស​ជា​ច្រើន។

យើង​មាន​ហេតុ​ល្អ​ឲ្យ​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​បន្ដិច​ទៀត​ដើម្បី​ញែក​នាម​របស់​លោក​ជា​បរិសុទ្ធ។ (​អេស. ៣៦:​២៣​) គ្រា​ដែល​ត្រូវ​បំផ្លាញ​ចោល​មនុស្ស​ដែល​បង្អាប់​នាម​ព្រះ កំពុង​ឆ្ពោះ​មក​កាន់​តែ​លឿន។ ថ្ងៃ​នោះ នឹង​ទៅ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​ណាស់! ចំពោះ​អស់​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ភក្ដី ហើយ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​ឮ​សុសសាយ និង​បាន​គាំទ្រ​លោក​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង​សកលលោក​ទាំង​មូល!

យើង​ឃើញ​ជាក់​ស្តែង​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​របស់​លោក​នៅ​ឯ​មហាសន្និបាត​ប្រចាំ​តំបន់​និង​មហា​សន្និបាត​អន្តរជាតិ​ដែល​មាន​ប្រធាន​ថា​«​ចូរ​ចាំ​យាម!​»​នៅ​ឆ្នាំ​២០០៩។ មហាសន្និបាត​ប្រចាំ​តំបន់​ទាំង​នោះ​ពិត​ជា​ព្រឹត្ដិការណ៍​ដ៏​សំខាន់​ក្នុង​ប្រវត្ដិសាស្ត្រ​នៃ​រាស្ត្រ​របស់​ព្រះ ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ចាំ​យាម​សម្រាប់​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា។—ម៉ាក. ១៣:៣៧; ១ថែ. ៥:១, ២, ៤

ព្រះ​យេហូវ៉ា​ពិត​ជា​ធ្វើ​ល្អ​ចំពោះ​យើង​ណាស់។ លោក​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​អរ​សប្បាយ។ លោក​ឲ្យ​យើង​ដេក​សម្រាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី ហើយ​នាំ​យើង​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿន​ៗ។—ទំនុក. ២៣:១, ២; ១០០:២, ៥

អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក​ជា​និច្ច កាល​ដែល​អ្នក​ជាប់​រវល់​ក្នុង​ការ​បម្រើ​លោក​ក្នុង​ឆ្នាំ​២០១០​នេះ។

យើង​សូម​ផ្ញើ​សេចក្ដី​ស្រឡាញ់​យ៉ាង​កក់​ក្ដៅ​និង​សេចក្ដី​រាប់​អាន ជូន​ចំពោះ​បង​ប្អូន​ទូ​ទាំង​ពិភព​លោក។

ពី​បង​ប្អូន​របស់​អ្នក

Governing Body of Jehovah’s Witnesses

​(​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក