កិច្ចការដែលសំខាន់បំផុត
១. តើការអបអរយ៉ាងជ្រាលជ្រៅនឹងកិច្ចបម្រើផ្សាយនឹងជំរុញយើងឲ្យលះបង់អ្វីខ្លះ?
១ ហេតុអ្វីយើងទទួលការលើកទឹកចិត្តជារឿយៗឲ្យចំណាយពេល កម្លាំងនិងធនធានក្នុងកិច្ចបម្រើផ្សាយ? គឺពីព្រោះគ្មានកិច្ចការណាដែលសំខាន់ជាងឡើយ! បើយើងសញ្ជឹងគិតអំពីឥទ្ធិពលដ៏ល្អដែលកិច្ចការនេះមានពេញពិភពលោក នោះនឹងបង្កើនឲ្យយើងមានចិត្តប្រាថ្នាចង់ចូលរួមក្នុងកិច្ចការនេះដែលនឹងមិនមានទៀតក្នុងប្រវត្ដិសាស្ត្រ។—សកម្ម. ២០:២៤
២. តើការផ្សព្វផ្សាយជួយញែកនាមរបស់ព្រះយេហូវ៉ាជាបរិសុទ្ធយ៉ាងដូចម្ដេច?
២ កិច្ចផ្សព្វផ្សាយញែកនាមរបស់ព្រះយេហូវ៉ាជាបរិសុទ្ធ: កិច្ចការផ្សព្វផ្សាយបញ្ជាក់ថារាជាណាចក្ររបស់ព្រះយេហូវ៉ាដែលមានគ្រិស្តយេស៊ូដឹកនាំនឹងគ្រប់គ្រងជំនួសរដ្ឋាភិបាលមនុស្សទាំងអស់ ហើយនឹងដោះស្រាយបញ្ហាទាំងឡាយរបស់មនុស្សជាតិ។ (ម៉ាថ. ៦:៩, ១០) ព្រះយេហូវ៉ានឹងត្រូវបានលើកតម្កើងជាព្រះតែមួយគត់ដែលអាចសង្គ្រោះយើងពីជំងឺនិងសេចក្ដីស្លាប់។ (អេ. ២៥:៨; ៣៣:២៤) ដោយសារយើងតំណាងនាមរបស់លោក នោះអ្នកដទៃដែលឃើញការប្រព្រឹត្តល្អនិងចិត្តខ្នះខ្នែងរបស់យើងក៏ប្រហែលជាសរសើរព្រះដែរ។ (១ពេ. ២:១២) យើងពិតជាសប្បាយចិត្តណាស់ក្នុងការធ្វើឲ្យមនុស្សបានដឹងនាមរបស់ព្រះយេហូវ៉ានៅទូទាំងផែនដី!—ទំនុក. ៨៣:១៨
៣. តើមនុស្សដែលធ្វើតាមដំណឹងអំពីរាជាណាចក្ររបស់ព្រះ បានពរអ្វីខ្លះ?
៣ កិច្ចផ្សព្វផ្សាយសង្គ្រោះជីវិត: ព្រះយេហូវ៉ា«មិនចង់ឲ្យអ្នកណាត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។ (២ពេ. ៣:៩) ប៉ុន្តែ ប្រសិនបើគ្មានអ្នកណាបង្រៀនពួកគេ តើពួកគេនឹងរៀនយ៉ាងដូចម្ដេចនូវអ្វីដែលព្រះយេហូវ៉ាចាត់ទុកថាការប្រព្រឹត្តល្អឬមិនល្អនោះ? (យ៉ូណ. ៤:១១; រ៉ូម ១០:១៣-១៥) ពេលដែលមនុស្សផ្សេងៗធ្វើតាមដំណឹងល្អ នោះជីវិតរបស់ពួកគេបានប្រសើរឡើងពីព្រោះពួកគេបោះបង់ចោលការប្រព្រឹត្តដែលមានគ្រោះថ្នាក់។ (មីកា ៤:១-៤) ម្យ៉ាងទៀត ពួកគេមានសេចក្ដីសង្ឃឹមដ៏គួរឲ្យសប្បាយណាស់ ពោលគឺការរស់នៅដែលគ្មានទីបញ្ចប់។ ដោយសារយើងផ្សព្វផ្សាយនិងបង្រៀនយ៉ាងសកម្ម យើងនឹងសង្គ្រោះទាំងខ្លួនយើងទាំងពួកអ្នកដែលស្ដាប់យើងដែរ។ (១ធី. ៤:១៦) យើងមានតួនាទីដ៏ថ្លៃថ្នូរមែនក្នុងកិច្ចការដ៏សំខាន់នេះ!
៤. ហេតុអ្វីយើងគួរខំប្រឹងអស់ពីសមត្ថភាពក្នុងកិច្ចការផ្សព្វផ្សាយនិងការបង្រៀនមនុស្សឲ្យក្លាយជាអ្នកគោរពប្រណិប័តន៍ព្រះ?
៤ បន្ដិចទៀត របៀបរបបពិភពលោកដ៏អាក្រក់នេះនឹងមកដល់ទីបញ្ចប់ដោយមានគ្រាទុក្ខវេទនាជាខ្លាំង។ អស់អ្នកដែលគាំទ្រខាងព្រះយេហូវ៉ានឹងរួចជីវិត។ ហេតុដូច្នេះហើយ ការផ្សព្វផ្សាយនិងការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូជាកិច្ចការដែលត្រូវធ្វើជាបន្ទាន់បំផុត ក៏ជាកិច្ចការដ៏សំខាន់និងមានប្រយោជន៍បំផុតនៅសព្វថ្ងៃនេះ។ សូមឲ្យយើងរាល់គ្នាចាត់ទុកកិច្ចការនេះជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង!—ម៉ាថ. ៦:៣៣