ចូរមានគម្រោងពីឥឡូវដើម្បីបង្កើនកិច្ចបម្រើផ្សាយរបស់អ្នក
១. តើខែមីនា មេសា និងឧសភា មានសារៈសំខាន់យ៉ាងដូចម្ដេច? ហើយតើតាមរបៀបណាដែលយើងអាចរៀបចំគម្រោងសម្រាប់ខែទាំងនេះ?
១ រាល់ឆ្នាំ ខែមីនា មេសា និងឧសភា ផ្ដល់ឲ្យយើងនូវឱកាសថ្មីដើម្បី«អរព្រះគុណដល់ ព្រះយេហូវ៉ាយ៉ាងក្រៃលែង»។ (ទំនុក. ១០៩:៣០) ដើម្បីបង្ហាញចិត្តកតញ្ញូចំពោះព្រះដែលជាអ្នកផ្ដល់ថ្លៃលោះ តើអ្នកនឹងបង្កើនកិច្ចបម្រើផ្សាយរបស់អ្នកក្នុងអំឡុងខែមីនាឬទេ? ឥឡូវគឺជាពេលដែលអ្នកគួរចាប់ផ្ដើមរៀបចំគម្រោង។—សុភ. ២១:៥
២. តើអ្នកនិងបងប្អូនផ្សេងទៀតមានអារម្មណ៍យ៉ាងណាចំពោះការរៀបចំកាត់បន្ថយម៉ោងត្រួសត្រាយជំនួយកាលពីខែមេសាឆ្នាំមុន?
២ ធ្វើជាអ្នកត្រួសត្រាយជំនួយ: ឆ្នាំមុនបងប្អូននៅក្នុងក្រុមជំនុំមានចិត្តរំភើបយ៉ាងខ្លាំង ពេលដែលពួកគាត់ដឹងថា ពួកគាត់អាចធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងខែមេសា ដោយសារក្នុងខែនោះម៉ោងត្រួសត្រាយជំនួយបានត្រូវកាត់បន្ថយ។ ប្អូនប្រុសម្នាក់បានសរសេរថា៖ «ខ្ញុំរៀនវិទ្យាល័យនៅឡើយ ហើយខ្ញុំមិនអាចធ្វើជាអ្នកត្រួសត្រាយពេញពេលឥឡូវនេះបានទេ។ តែខ្ញុំនឹងបំពេញក្រដាសដើម្បីផ្សព្វផ្សាយឲ្យបាន៣០ម៉ោងក្នុងខែមេសា ហើយខំប្រឹងធ្វើឲ្យបាន៥០ម៉ោង»។ បងស្រីម្នាក់ដែលធ្វើការពេញពេលបានសរសេរថា៖ «៣០ម៉ោង នោះខ្ញុំអាចធ្វើបាន!»។ ពេលដែលប្រកាសអំពីការរៀបចំនេះ បងស្រីម្នាក់ឥឡូវអាយុ៨០ឆ្នាំដែលធ្លាប់ធ្វើជាអ្នកត្រួសត្រាយពីមុន បាននិយាយថា៖ «នេះគឺជាឱកាសដែលខ្ញុំបានរង់ចាំ! ព្រះយេហូវ៉ាបានដឹងថាពេលខ្ញុំបានបម្រើជាអ្នកត្រួសត្រាយ គឺជាពេលដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ!»។ បងប្អូនផ្សេងទៀតដែលមិនអាចធ្វើជាអ្នកត្រួសត្រាយជំនួយ បានកំណត់គោលដៅដើម្បីផ្សព្វផ្សាយឲ្យបានច្រើនជាង។
៣. តើមានមូលហេតុអ្វីខ្លះដើម្បីពិចារណាធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងអំឡុងខែមីនា មេសា និងឧសភា?
៣ ខែមីនាជាខែដ៏ល្អណាស់ដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយ ព្រោះមានតែខែមីនានោះប៉ុណ្ណោះដែលអ្នកផ្សាយអាចមានជម្រើសធ្វើជាអ្នកត្រួសត្រាយជំនួយ៣០ម៉ោងឬ៥០ម៉ោង។ ម្យ៉ាងទៀត ចាប់ពីថ្ងៃសៅរ៍ ទី១៧ ខែមីនា យើងនឹងមានសកម្មភាពពិសេសដើម្បីអញ្ជើញមនុស្សឯទៀតឲ្យចូលរួមពិធីរំលឹកជាមួយនឹងយើងនៅថ្ងៃទី៥ ខែមេសា។ បងប្អូនជាច្រើននឹងរីករាយខ្លាំងណាស់ក្នុងកិច្ចបម្រើផ្សាយដែលពួកគាត់បានបង្កើន ហើយនេះនឹងធ្វើឲ្យពួកគាត់ចង់ត្រួសត្រាយជំនួយក្នុងខែមេសា និងឧសភាដែរ ដោយបំពេញម៉ោងផ្សព្វផ្សាយ៥០ម៉ោង។
៤. តើយើងអាចបង្កើនកិច្ចបម្រើផ្សាយរបស់យើងយ៉ាងដូចម្ដេច? ហើយតើនាំឲ្យមានលទ្ធផលអ្វីខ្លះ?
៤ នៅសប្ដាហ៍បន្ទាប់ ក្នុងអំឡុងពេលល្ងាចដែលមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ សូមពិភាក្សារបៀបដែលសមាជិកម្នាក់ៗនៃក្រុមគ្រួសារអាចបង្កើនកិច្ចបម្រើផ្សាយក្នុងខែមីនា មេសា និងឧសភា។ (សុភ. ១៥:២២) អធិដ្ឋានសុំព្រះយេហូវ៉ាផ្ដល់ពរលើការខំព្យាយាមរបស់អ្នក។ (១យ៉ូន. ៣:២២) កាលដែលអ្នកបង្កើនកិច្ចបម្រើផ្សាយ នោះអ្នកមិនគ្រាន់តែផ្ដល់ការសរសើរថែមទៀតចំពោះព្រះយេហូវ៉ាប៉ុណ្ណោះទេ តែអ្នកក៏នឹងបន្ថែមនូវអំណររបស់អ្នកដែរ។—២កូ. ៩:៦