កុំចុះចាញ់នឹងអារម្មណ៍ថាខ្លួនខ្វះសមត្ថភាព
១. ហេតុអ្វីបានជាអ្នកខ្លះមិនហ៊ានស្នើសុំបង្រៀនគម្ពីរ?
១ តើអ្នកមិនហ៊ានស្នើសុំបង្រៀនគម្ពីរដោយគិតថាខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំការសិក្សាដោយមានប្រសិទ្ធភាពឬ? អ្នកបម្រើស្មោះត្រង់នៅសម័យមុន ដូចជាម៉ូសេនិងយេរេមាមានអារម្មណ៍ថា ពួកគេគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ (និក្ខ. ៣:១០, ១១; ៤:១០; យេ. ១:៤-៦) ដូច្នេះហើយ មនុស្សភាគច្រើនមានអារម្មណ៍បែបនេះ។ តើពួកគេអាចយកឈ្នះអារម្មណ៍បែបនេះយ៉ាងដូចម្ដេច?
២. ហេតុអ្វីយើងមិនគួរស្កប់ចិត្តត្រឹមតែកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ហើយទុកឲ្យអ្នកឯទៀតបង្រៀនគម្ពីរ?
២ យើងគួរចងចាំថាព្រះយេហូវ៉ាមិនដែលសុំឲ្យយើងធ្វើអ្វីមួយដែលហួសពីសមត្ថភាពរបស់យើងឡើយ។ (ទំនុក. ១០៣:១៤) ដូច្នេះ ភារកិច្ចរបស់យើងគឺ«បង្រៀនពួកគេ»ឲ្យ«ក្លាយទៅជាអ្នកកាន់តាម»លោកយេស៊ូ ដែលជាភារកិច្ចដែលយើងអាចបំពេញបាន។ (ម៉ាថ. ២៨:១៩, ២០) ភារកិច្ចនេះមិនមែនជាឯកសិទ្ធិដែលព្រះយេហូវ៉ាប្រគល់ទៅឲ្យតែអ្នកដែលមានបទពិសោធន៍ច្រើនជាងគេ ឬប៉ិនប្រសប់លើសគេនោះទេ។ (១កូ. ១:២៦, ២៧) ហេតុនេះហើយ យើងមិនគួរស្កប់ចិត្តត្រឹមតែកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ហើយទុកឲ្យអ្នកឯទៀតបង្រៀនគម្ពីរនោះឡើយ។
៣. តើព្រះយេហូវ៉ាជួយយើងឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់ក្នុងកិច្ចការបង្រៀនគម្ពីរយ៉ាងដូចម្ដេច?
៣ ព្រះយេហូវ៉ាជួយយើងឲ្យមានគុណសម្បត្ដិគ្រប់គ្រាន់: គុណសម្បត្ដិដែលយើងមានក្នុងការជួយអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ គឺមកពីព្រះយេហូវ៉ា។ (២កូ. ៣:៥) តាមរយៈអង្គការរបស់លោក លោកបានបង្រៀនយើងនូវសេចក្ដីពិតពីគម្ពីរដែលសូម្បីតែអ្នកដែលមានការអប់រំខ្ពស់ក៏មិនស្គាល់ដែរ។ (១កូ. ២:៧, ៨) លោកបានឲ្យគេសរសេរទុកនូវវិធីបង្រៀនរបស់លោកយេស៊ូដែលជាគ្រូបង្រៀនដ៏ឧត្តមដើម្បីឲ្យយើងធ្វើតាម ហើយលោកបន្តបង្ហាត់បង្រៀនយើងតាមរយៈក្រុមជំនុំ។ បន្ថែមទៀត ព្រះយេហូវ៉ាបានផ្ដល់សៀវភៅសិក្សាផ្សេងៗដើម្បីជួយយើងក្នុងការបង្រៀនគម្ពីរ។ លោកបានផ្ដល់ឧបករណ៍ផ្សេងៗដូចជាសៀវភៅព្រះគម្ពីរបង្រៀន សម្រាប់បង្រៀនសេចក្ដីពិតតាមរបៀបដែលស្រួលយល់ហើយច្បាស់។ ការបង្រៀនគម្ពីរប្រហែលមិនពិបាកដូចយើងគិតទេ។
៤. ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងជួយយើង?
៤ ម៉ូសេនិងយេរេមាអាចបំពេញភារកិច្ចរបស់ពួកគេបានដោយមានជំនួយពីព្រះយេហូវ៉ា។ (និក្ខ. ៤:១១, ១២; យេ. ១:៧, ៨) យើងក៏អាចសុំជំនួយពីព្រះយេហូវ៉ាដែរ។ យ៉ាងណាមិញ ពេលយើងដឹកនាំការសិក្សាគម្ពីរ បានន័យថាយើងកំពុងបង្រៀនសេចក្ដីពិតអំពីព្រះយេហូវ៉ាដល់នរណាម្នាក់ ហើយនេះធ្វើឲ្យលោកពេញចិត្ត។ (១យ៉ូន. ៣:២២) ដូច្នេះ សូមមានគោលដៅមានសិស្សគម្ពីរដែលជាលក្ខណៈមួយនៃកិច្ចបម្រើដែលធ្វើឲ្យយើងសប្បាយចិត្តបំផុត។