អ្នកអាចធ្វើជាគ្រូបង្រៀនបាន!
១ ផ្នែកមួយក្នុងកិច្ចបម្រើផ្សាយដែលនាំឲ្យយើងសប្បាយរីករាយបំផុតគឺ បង្រៀនអ្នកឯទៀតអំពីសេចក្ដីពិត។ ពេលឃើញបុគ្គលម្នាក់ប្រព្រឹត្តតាមសាររាជាណាចក្រព្រះ និងជួយគាត់ឲ្យចូលទៅជិតព្រះដ៏ខ្ពស់បំផុតលើសកលលោកទាំងមូល នឹងនាំឲ្យយើងមានអំណរជាខ្លាំង។ (យ៉ា. ៤:៨) ការបង្រៀនបុគ្គលម្នាក់ដែលមានសេចក្ដីស្រេកឃ្លាននូវសេចក្ដីពិត ហើយឃើញគេចាប់ផ្ដើមកែប្រែបុគ្គលិកលក្ខណៈ ទស្សនៈ និងកិរិយាប្រព្រឹត្តរបស់ខ្លួន នេះគួរជាគោលដៅរបស់អ្នកផ្សាយសាររាជាណាចក្រព្រះម្នាក់ៗ។—ម៉ាថ. ២៨:១៩, ២០
២ ទុកចិត្តព្រះយេហូវ៉ា : អ្នកបម្រើស្មោះត្រង់កាលពីសម័យបុរាណ មានអារម្មណ៍ថាខ្លួនមិនអាចបំពេញកិច្ចការដែលព្រះយេហូវ៉ាផ្ដល់ឲ្យបានទេ។ ដោយទុកចិត្តទៅលើទ្រង់បានជួយម៉ូសេ យេរេមា អេម៉ុស និងមនុស្សសាមញ្ញឯទៀតឲ្យឈប់សង្ស័យឬខ្វះទំនុកចិត្តចំពោះខ្លួន ហើយបំពេញកិច្ចការដ៏សំខាន់នេះ។ (និក្ខ. ៤:១០-១២; យេ. ១:៦, ៧; អេម. ៧:១៤, ១៥) សាវ័កប៉ុលក៏«មានចិត្តក្លាហាន»ដូច្នេះដែរ។ តើយ៉ាងដូចម្ដេច? គាត់បានពន្យល់ថា គឺ «ដោយសារព្រះនៃយើងខ្ញុំ»។ (១ថែ. ២:២) ពិតប្រាកដហើយ យើងទាំងអស់គ្នាអាចទុកចិត្តថាព្រះយេហូវ៉ានឹងផ្ដល់ជំនួយដល់យើង ឲ្យមានប្រាជ្ញានិងកម្លាំងដែលយើងត្រូវការ ដើម្បីដឹកនាំបង្រៀនគម្ពីរដែលបង្កើតផល។—អេសា. ៤១:១០; ១កូ. ១:២៦, ២៧; ១ពេ. ៤:១១
៣ ទទួលការបង្ហាត់បង្រៀន : ព្រះយេហូវ៉ាជាអ្នកបង្រៀនដ៏ឧត្តមបំផុត។ ទ្រង់បង្ហាត់បង្រៀនយើងតាមរយៈកម្មវិធីអប់រំជាទៀងទាត់ ដែលមានមូលដ្ឋានពីសៀវភៅគម្ពីរ ដែលជួយឲ្យយើងមានសមត្ថភាពគ្រប់គ្រាន់ធ្វើជាអ្នកបង្រៀន។ (អេសា. ៥៤:១៣; ២ធី. ៣:១៦, ១៧) ចូរទទួលការបង្ហាត់បង្រៀននេះ ដោយធ្វើអ្វីៗទាំងអស់ណាដែលយើងអាចធ្វើបាន ពេលដែលយើងមានឱកាសបង្កើនការយល់ដឹងទៅលើបទគម្ពីរ និងការបង្កើនសមត្ថភាពខាងការបង្រៀនសេចក្ដីពិតពីគម្ពីរ។ ទោះបីការប្រជុំសាលាកិច្ចបម្រើផ្សាយនិងការប្រជុំអប់រំកិច្ចបម្រើមានគោលបំណងសំខាន់ដើម្បីបង្រៀនក្ដី តែកម្មវិធីប្រជុំទាំងអស់ គឺអប់រំយើងឲ្យបង្រៀនតាមបណ្ដាំរបស់ព្រះ។
៤ ចូរខំបង្រៀនតាមបែបស្រួលយល់ ទោះបីនោះជាចំណុចដ៏ជ្រាលជ្រៅក្នុងគម្ពីរក៏ដោយ។ អ្នកត្រូវយល់សាច់រឿងឲ្យបានច្បាស់ជាមុនសិន មុននឹងបង្រៀនឲ្យអ្នកឯទៀតយល់។ ការផ្ដល់ចម្លើយនៅឯកិច្ចប្រជុំ ជួយយើងឲ្យចាំនូវចំណុចសំខាន់ៗដែលនឹងប្រើនៅថ្ងៃក្រោយ។ ដូច្នេះចូររៀបចំឲ្យបានល្អ នោះអ្នកនឹងមានទំនុកចិត្តកាន់តែច្រើនឡើងៗទៅលើសមត្ថភាពខ្លួនក្នុងការបង្រៀន។
៥ គ្រិស្តសាសនិកនៅសម័យដើមរៀនពីគ្នាទៅវិញទៅមក ពេលធ្វើកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្សជាមួយគ្នា។ (លូ. ១០:១) ប្រសិនបើអាចធ្វើបាន សូមអញ្ជើញអ្នកផ្សាយដែលមានពិសោធន៍ដូចជា អ្នកត្រួសត្រាយពេញពេល អ្នកចាស់ទុំ អ្នកធ្វើដំណើរត្រួតពិនិត្យ ឲ្យមកចូលរួមបង្រៀនគម្ពីរជាមួយយើង។ សូមកត់សម្គាល់ពីរបៀបដែលពួកគាត់ប្រើរូបភាពពីសៀវភៅអង្គការយើង ឧទាហរណ៍ដែលស្រួលយល់ និងឧបករណ៍ឯទៀតដើម្បីពន្យល់បទគម្ពីរដល់សិស្ស។ សូមសួរយោបល់ពីពួកគាត់នូវរបៀបដែលអាចជួយយើងឲ្យធ្វើជាអ្នកបង្រៀនដែលប្រសើរជាង។ (សុ. ១:៥; ២៧:១៧) ចូរមានការដឹងគុណចំពោះព្រះដែលផ្ដល់ជាជំនួយសម្រាប់យើងតាមរយៈការបង្ហាត់បង្រៀនពីបងប្អូនប្រុសស្រីរបស់យើង។—២កូ. ៣:៥
៦ ចូរទុកចិត្តព្រះយេហូវ៉ា និងទទួលប្រយោជន៍ពីការបង្ហាត់បង្រៀនដែលទ្រង់ផ្ដល់ឲ្យ។ ចូរអធិដ្ឋានអំពីរឿងនេះ។ (ទំនុក. ២៥:៤, ៥) អ្នកក៏អាចពិសោធន៍នូវអំណរផងដែរ ក្នុងការជួយអ្នកឯទៀតឲ្យបានដូចជាអ្នកក្នុងការបង្រៀនបណ្ដាំរបស់ព្រះ!
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើឱកាសដ៏ពិសេសអ្វីដែលអ្នកផ្សាយសាររាជាណាចក្រម្នាក់ៗមាន?
២. ហេតុអ្វីអ្នកខ្លះមានចិត្តស្ទាក់ស្ទើរដើម្បីដឹកនាំបង្រៀនគម្ពីរ? តើអ្វីបានជួយពួកគេឲ្យយកឈ្នះនឹងបញ្ហានេះ?
៣, ៤. តើការបង្ហាត់បង្រៀនអ្វីដែលយើងមាន ដើម្បីជួយយើងឲ្យបង្រៀនពីបណ្ដាំរបស់ព្រះ?
៥. តើការបង្ហាត់បង្រៀនបន្ថែមណាដែលមានក្នុងក្រុមជំនុំ ដើម្បីជួយយើងឲ្យរីកចម្រើនខាងការបង្រៀន?
៦. តើត្រូវការអ្វីជាចាំបាច់ដើម្បីធ្វើជាគ្រូបង្រៀនបណ្ដាំរបស់ព្រះ?