ចូរ«ធ្វើឲ្យមានសន្ដិភាពជាមួយនឹង មនុស្សទាំងអស់»
១. ពេលយើងជួបម្ចាស់ផ្ទះដែលខឹង តើមានការណែនាំអ្វីក្នុងគម្ពីរដែលយើងគួរអនុវត្ត?
១ រាស្ត្ររបស់ព្រះយេហូវ៉ាស្រឡាញ់សន្ដិភាព ហើយផ្សព្វផ្សាយអំពីសន្ដិភាព។ (អេ. ៥២:៧) ប៉ុន្តែ ជួនកាលយើងជួបមនុស្សដែលខឹងដោយសារយើងបានផ្សាយនៅផ្ទះពួកគេ។ ក្នុងស្ថានភាពបែបនេះ តើអ្វីអាចជួយយើងធ្វើឲ្យមានសន្ដិភាពបាន?—រ៉ូម ១២:១៨
២. ហេតុអ្វីសំខាន់ដែលយើងត្រូវយល់ធ្លុះជ្រៅ?
២ ត្រូវយល់ធ្លុះជ្រៅ: មនុស្សខ្លះខឹងដោយសារពួកគេប្រឆាំងនឹងសេចក្ដីពិត រីឯមនុស្សខ្លះទៀតប្រហែលជាខឹងដោយសារមូលហេតុផ្សេងក្រៅពីកិច្ចផ្សព្វផ្សាយរបស់យើង។ ប្រហែលជាយើងជួបម្ចាស់ផ្ទះនៅពេលដែលមិនល្អឬដោយសារគាត់មានបញ្ហាផ្ទាល់ខ្លួន។ ទោះជាដំណឹងល្អជាហេតុដែលគាត់ខឹងក៏ដោយ ប៉ុន្តែយើងគួរចាំថា មូលហេតុគាត់ឆ្លើយដូច្នេះគឺដោយសារគាត់បានត្រូវគេបំភាន់។ (២កូ. ៤:៤) ការមានសតិបញ្ញាឬការយល់ធ្លុះជ្រៅនឹងជួយយើងឲ្យមានចិត្តស្ងប់ដោយដឹងថា គាត់ខឹងមិនមែនដោយសារយើងទេ។—សុភ. ១៩:១១
៣. តើយើងបង្ហាញការគោរពចំពោះម្ចាស់ផ្ទះយ៉ាងដូចម្ដេច?
៣ បង្ហាញការគោរព: មនុស្សជាច្រើននៅតំបន់ផ្សាយរបស់យើងមានជំនឿយ៉ាងខ្លាំង។ (២កូ. ១០:៤) ពួកគេមានសិទ្ធិសម្រេចចិត្តថា តើពួកគេស្ដាប់ឬមិនស្ដាប់? យើងមិនចង់មើលងាយជំនឿរបស់ម្ចាស់ផ្ទះឬធ្វើឲ្យគាត់មានអារម្មណ៍ថាយើងស្គាល់គម្ពីរច្រើនជាងគាត់ទេ។ បើគាត់ឲ្យយើងចេញទៅ យើងត្រូវធ្វើតាមដោយបង្ហាញការគោរព។
៤. តើការនិយាយយ៉ាងសប្បុរសមានន័យអ្វី?
៤ និយាយយ៉ាងសប្បុរស: ទោះបីជាគេនិយាយអាក្រក់ដល់យើងក៏ដោយ ការឆ្លើយតបរបស់យើងត្រូវស្លូតបូតនិងសប្បុរស។ (កូឡ. ៤:៦; ១ពេ. ២:២៣) ជាជាងឲ្យការសន្ទនាទៅជាជម្លោះ សូមខំរកចំណុចណាដែលយើងនិងម្ចាស់ផ្ទះយល់ស្របគ្នា។ ប្រហែលយើងអាចសួរម្ចាស់ផ្ទះដោយសប្បុរសអំពីមូលហេតុដែលគាត់មិនពេញចិត្ត។ ក៏ប៉ុន្តែ ដើម្បីចៀសវាងកុំឲ្យគាត់មានអារម្មណ៍ខឹងថែមទៀត ល្អបំផុតឲ្យយើងបញ្ឈប់ការសន្ទនានៅពេលនោះ។—សុភ. ៩:៧; ១៧:១៤
៥. តើការបង្ហាញសន្ដិភាពក្នុងកិច្ចបម្រើផ្សាយមានប្រយោជន៍អ្វី?
៥ បើយើងជាមនុស្សដែលធ្វើឲ្យមានសន្ដិភាព ម្ចាស់ផ្ទះប្រហែលនឹកចាំការប្រព្រឹត្តរបស់យើង ហើយថ្ងៃក្រោយបើមានអ្នកផ្សេងផ្សាយដល់គាត់ នោះគាត់ប្រហែលជាស្ដាប់។ (រ៉ូម ១២:២០, ២១) ទោះជាមើលទៅគាត់មិនឈប់ប្រឆាំងក៏ដោយ ប្រហែលថ្ងៃណាមួយគាត់នឹងក្លាយទៅជាបងប្អូនរបស់យើង។ (កាឡ. ១:១៣, ១៤) ថ្វីបើគាត់ចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍នឹងសេចក្ដីពិតក្ដី យើងនៅតែឲ្យកិត្ដិយសដល់ព្រះយេហូវ៉ា។ បើយើងរក្សាចិត្តស្ងប់និងបង្ហាញឲ្យមានសន្ដិភាព នោះធ្វើឲ្យសេចក្ដីបង្រៀនរបស់យើងមានលម្អ។—២កូ. ៦:៣